ស្អាងចិត្តគ្នាទៅវិញទៅមក ដោយឆ្លើយនៅឯកិច្ចប្រជុំ
១ យើងបានត្រូវដាស់តឿននៅឯហេព្រើរ ១០:២៤ ឲ្យ‹ពិចារណាមើលគ្នាទៅវិញទៅមក ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង›។ នេះគឺរួមបញ្ចូលការស្អាងចិត្តគ្នាទៅវិញទៅមក ដោយឆ្លើយនៅឯកិច្ចប្រជុំក្នុងក្រុមជំនុំ ជារបៀបដ៏មានអត្ថន័យ។ ហេតុអ្វីក៏យើងត្រូវលើកដៃឆ្លើយ? តើតាមរបៀបណាដែលយើងអាចធ្វើការនេះបាន? តើអ្នកណានឹងទទួលប្រយោជន៍នោះទេ?
២ ចូរគិតនូវពេលជាច្រើនលើកច្រើនសា ដែលអ្នកបានទទួលប្រយោជន៍ពីការឮអ្នកឯទៀតបញ្ចេញវាចាដ៏ស្រួលបួល ហើយច្បាស់ទៀត ដែលធ្វើឲ្យអ្នកយល់បានច្បាស់លាស់ និងពង្រឹងអ្នកខាងវិញ្ញាណនោះ។ អ្នកក៏មានឯកសិទ្ធិក្នុងការធ្វើបែបនេះដល់គេវិញដែរ។ នៅពេលដែលអ្នកចូលរួមឆ្លើយ នោះអ្នកបង្ហាញនូវសេចក្ដីប្រាថ្នារបស់អ្នក ចង់«ចែកអំណោយទានណាមួយខាងវិញ្ញាណ» ក្នុងការលើកទឹកចិត្តមនុស្សគ្រប់គ្នាដែលនៅក្នុងក្រុមជំនុំនោះ។—រ៉ូម ១:១១, ១២
៣ របៀបដែលយើងអាចឆ្លើយបានល្អ: ចូរកុំឆ្លើយវែងពេក ដែលរួមបញ្ចូលពត៌មានទាំងអស់ក្នុងវគ្គនោះ។ ចម្លើយដ៏វែង ធម្មតាគឺឥតបានបញ្ជាក់នូវចម្លើយជាក់ស្តែងទេ ហើយប្រហែលជាធ្វើមនុស្សឯទៀតមិនហ៊ានឆ្លើយផង។ ចម្លើយដំបូងនឹងវគ្គណាមួយ ត្រូវធ្វើឡើងយ៉ាងខ្លី ជាចម្លើយដែលចំៗនឹងសំនួរដែលបានបោះពុម្ពនោះតែម្ដង។ អស់អ្នកដែលចង់ឆ្លើយបន្ថែមទៀត អាចបង្ហាញនូវរបៀបអនុវត្តពត៌មាននេះឲ្យបានប្រយោជន៍ ឬក៏បង្ហាញនូវរបៀបដែលបទគម្ពីរនេះបានទាក់ទងអ្វីមួយនោះ។ សូមមើល School Guidebook, ទំព័រ ៩០-៩២
៤ ប្រសិនបើគ្រាន់តែការគិតលើកដៃឆ្លើយធ្វើឲ្យអ្នកមានការព្រួយបារម្ភ នោះចូររៀបចំចម្លើយដ៏ខ្លីទុកជាមុន ហើយសុំឲ្យអ្នកដឹកនាំការសិក្សាហៅអ្នកឲ្យឆ្លើយចំពោះវគ្គនោះ។ ក្រោយពីអ្នកបានធ្វើបែបនេះមួយរយៈនៅឯកិច្ចប្រជុំ នោះការចូលរួមឆ្លើយនឹងបានកាន់តែស្រួលជាមិនខាន។ អ្នកនៅចាំទេ សូម្បីតែម៉ូសេនិងយេរេមា ក៏សម្ដែងនូវការឥតទុកចិត្តនឹងសមត្ថភាពរបស់គេ ក្នុងការនិយាយជាសាធារណៈដែរ។ (និក្ខមនំ ៤:១០; យេរេមា ១:៦) ប៉ុន្តែ ព្រះយេហូវ៉ាបានជួយពួកគេឲ្យនិយាយជំនួសទ្រង់ ហើយទ្រង់ក៏នឹងជួយអ្នកដែរ។
៥ តើអ្នកណានឹងទទួលប្រយោជន៍ពីចម្លើយរបស់អ្នក? ខ្លួនអ្នកនឹងទទួលប្រយោជន៍ ពីព្រោះចម្លើយរបស់អ្នក នោះធ្វើឲ្យសេចក្ដីពិតបានចាំជាប់ក្នុងចិត្តគំនិតរបស់អ្នក ដែលក្រោយមក នឹងធ្វើឲ្យអ្នកអាចនឹកឡើងវិញបានយ៉ាងស្រួលនូវពត៌មានទាំងនេះ។ ម្យ៉ាងទៀតនោះ អ្នកឯទៀតក៏ទទួលប្រយោជន៍ពីការឮនូវវាចាដ៏លើកទឹកចិត្តរបស់អ្នកនោះដែរ។ យើងបានត្រូវលើកទឹកចិត្ត នៅពេលមនុស្សគ្រប់រូប មិនថាជនមានពិសោធន៍ ក្មេង អ្នកអៀន ឬអ្នកចាប់អារម្មណ៍ថ្មី ខំប្រឹងសម្ដែងសេចក្ដីជំនឿរបស់គេនៅឯកិច្ចប្រជុំក្នុងក្រុមជំនុំនោះ។
៦ យើងនឹងប្រាកដក្នុងចិត្តក្នុងការរកឃើញថា ‹ពាក្យសំដីដែលពោលត្រូវពេល នោះល្អណាស់ហ្ន៎› នៅពេលដែលប្រើដើម្បីស្អាងចិត្តគ្នាទៅវិញទៅមកនៅឯកិច្ចប្រជុំ!—សុភាសិត ១៥:២៣