បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/១១ ទំ. ១៨-២២
  • តើអ្នកនឹងបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកនឹងបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • របៀប​គ្រីស្ទាន​ពិត​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ
  • គ្មាន​អ្នក​ណា​អាច​បំបិទ​មាត់​រាស្ត្រ​របស់​ព្រះ​ឡើយ
  • យើង​អាច​តស៊ូ​ដោយសារ​ជំនួយ​ពី​ព្រះយេហូវ៉ា
  • កិច្ចការ​ដែល​សាង​អនុស្សាវរីយ៍​ពុំ​អាច​បំភ្លេច​បាន
  • តើអ្នកកំពុងឆ្លុះបញ្ចាំងសិរីរុងរឿងរបស់ព្រះយេហូវ៉ាឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • គ្រីស្ទានពិតបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចូរកុំឲ្យអ្វីរារាំងអ្នកមិនឲ្យទទួលកិត្ដិយស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • មហាសន្និបាតនិងសន្និបាតអន្ដរជាតិ ជំរុញចិត្ដយើងឲ្យលើកតម្កើងសិរីរុងរឿងរបស់ព្រះ!
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/១១ ទំ. ១៨-២២

តើ​អ្នក​នឹង​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ​ទេ?

«យើង​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​ដូច​កញ្ចក់​ឆ្លុះ​មុខ»។—កូរិនថូសទី២ ៣:១៨, ព.ថ.

១​. តើ​ម៉ូសេ​ឃើញ​អ្វី? តើ​អ្វី​បាន​កើត​ឡើង​បន្ទាប់​ពី​នោះ?

ម៉ូសេ​បាន​ឃើញ​ចក្ខុនិមិត្ត​មួយ​ដែល​គួរ​ឲ្យ​កោត​ស្ញប់ស្ញែង​បំផុត ពេល​គាត់​នៅ​ម្នាក់​ឯង​លើ​ភ្នំ​ស៊ីណាយ។ ទី​នោះ​ព្រះ​សព្វព្រះទ័យ​ធ្វើ​តាម​សំណូមពរ​ចម្លែក​មួយ​របស់​ម៉ូសេ។ ម៉ូសេ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ឃើញ​អ្វី​មួយ​ដែល​មនុស្ស​ជាតិ​ពុំ​ធ្លាប់​ឃើញ​ឡើយ ពោល​គឺ​សិរីរុងរឿង​របស់​ព្រះ​យេហូវ៉ា។ ម៉ូសេ​មិន​បាន​ឃើញ​ព្រះ​យេហូវ៉ា​ដោយ​ផ្ទាល់​ឡើយ។ ព្រះ​គឺ​រុងរឿង​ដល់​ម្ល៉េះ​ដែល​មនុស្ស​នឹង​ស្លាប់​បើ​ឃើញ​ទ្រង់។ ក៏​ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​បាំង​ម៉ូសេ​ដោយ«ដៃ»ទ្រង់ ដើម្បី​ការពារ​គាត់​ទាល់តែ​ទ្រង់​យាង​កាត់​ផុត។ តាម​មើល​ទៅ​ព្រះ​បាន​ត្រូវ​តំណាង​ដោយ​ទេវតា​មួយ​រូប។ រួច​មក​ព្រះយេហូវ៉ា​អនុញ្ញាត​ឲ្យ​ម៉ូសេ​ឃើញ​ពន្លឺ​សន្ធៅ​ពី​សិរីរុងរឿង​របស់​ទ្រង់។ ព្រះយេហូវ៉ា​ក៏​បាន​មាន​បន្ទូល​នឹង​ម៉ូសេ​តាមរយៈ​ទេវតា​ទៀត​ផង។ ព្រះគម្ពីរ​រៀបរាប់​ពី​អ្វី​ដែល​កើត​ឡើង​ក្រោយ​នោះ​ថា៖ «កាល​ម៉ូសេ​បាន​ចុះ​ពី​លើ​ភ្នំ​ស៊ីណាយ​មក​វិញ . . . ស្បែក​មុខ​លោក​ភ្លឺ ដោយ​បាន​ទូល​នឹង[ព្រះយេហូវ៉ា]»។—និក្ខមនំ ៣៣:១៨​–​៣៤:៧, ២៩

២​. តើ​សាវ័ក​ប៉ុល​បាន​សរសេរ​អ្វី​ស្តី​អំពី​សិរីរុងរឿង​ដែល​គ្រីស្ទាន​ពិត​បំប្លាត​ឲ្យ​ឃើញ​នោះ?

២ សូម​គិត​ក្នុង​ចិត្ត​ថា អ្នក​កំពុង​តែ​នៅ​លើ​ភ្នំ​ស៊ីណាយ​ជា​មួយ​នឹង​ម៉ូសេ។ អ្នក​ច្បាស់​ជា​នឹង​រំភើប​ញាប់ញ័រ​ក្នុង​ចិត្ត​ណាស់​ពេល​ឃើញ​សិរីរុងរឿង​របស់​ព្រះ​ដែល​មាន​គ្រប់​ព្រះចេស្ដា ហើយ​ស្ដាប់​ទ្រង់​មាន​បន្ទូល​នោះ! ពិត​ជា​ឯកសិទ្ធិ​ខ្ពង់ខ្ពស់​ណាស់! ពេល​ចុះ​ពី​លើ​ភ្នំ​ស៊ីណាយ​ជា​មួយ​នឹង​ម៉ូសេ​ដែល​ជា​អ្នក​កណ្ដាល​សំរាប់​កិច្ចព្រមព្រៀង​ខាង​ក្រឹត្យវិន័យ។ ក៏​ប៉ុន្តែ តើ​អ្នក​បាន​ដឹង​ទេ​ថា គ្រីស្ទាន​ពិត​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ​តាមរបៀប​ប្រសើរ​ជាង​ម៉ូសេ​ទៅ​ទៀត​នោះ? ចំណុច​ដ៏​ជ្រាលជ្រៅ​នេះ​ត្រូវ​បញ្ជាក់​ក្នុង​សំបុត្រ​មួយ​សរសេរ​ដោយ​សាវ័ក​ប៉ុល។ គាត់​បាន​សរសេរ​ថា​បណ្ដា​គ្រីស្ទាន​ចាក់ប្រេងតាំង«បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ​យេហូវ៉ា​ដូច​កញ្ចក់​ឆ្លុះ​មុខ»។ (កូរិនថូសទី២ ៣:៧, ៨, ១៨, ព.ថ.) យើង​ក៏​អាច​និយាយ​ថា បណ្ដា​គ្រីស្ទាន​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​លើ​ផែនដី​ក៏​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ​ដែរ។

របៀប​គ្រីស្ទាន​ពិត​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ

៣​. ហេតុ​អ្វី​យើង​មាន​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​ដែល​ម៉ូសេ​មិន​ធ្លាប់​មាន?

៣ តើ​យើង​អាច​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? យើង​មិន​មែន​ដូច​ម៉ូសេ​ទេ ដ្បិត​យើង​ពុំ​ធ្លាប់​ឃើញ​ព្រះយេហូវ៉ា ក៏​មិន​ធ្លាប់​ឮ​ទ្រង់​មាន​បន្ទូល​ដែរ។ ក៏​ប៉ុន្តែ យើង​មាន​ចំណេះ​អំពី​ព្រះយេហូវ៉ា​ដែល​ម៉ូសេ​មិន​ធ្លាប់​មាន​ទេ។ ព្រះយេស៊ូ​មិន​បាន​ក្លាយ​ជា​ព្រះមេស្ស៊ី​ទាល់តែ​ជិត​១.៥០០​ឆ្នាំ​ក្រោយ​ម៉ូសេ​បាន​ទទួល​មរណភាព​នោះ។ ហេតុ​នេះ ម៉ូសេ​មិន​បាន​ដឹង​ពី​របៀប​ព្រះយេស៊ូ​នឹង​សម្រេច​គោលបំណង​នៃ​ក្រិត្យវិន័យ ដោយ​សោយទិវង្គត​ដើម្បី​លោះ​មនុស្ស​ជាតិ​ពី​បាប​និង​សេចក្ដី​ស្លាប់​ដែល​បាន​នាំ​ឲ្យ​មនុស្ស​វេទនា។ (រ៉ូម ៥:២០, ២១; កាឡាទី ៣:១៩) ម្យ៉ាង​ទៀត ម៉ូសេ​មិន​បាន​យល់​ទាំង​ស្រុង​អំពី​រាជបំណង​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះ​យេហូវ៉ា ដែល​ជាប់​ទាក់ទង​នឹង​ព្រះរាជាណាចក្រ​របស់​ព្រះមេស្ស៊ី ហើយ​ផែនដី​មនោរម្យ​ដែល​ព្រះ​រាជាណាចក្រ​នេះ​នឹង​បង្កើត​ឲ្យ​មាន​នោះ។ ហេតុ​ដូច្នេះ​ហើយ យើង​ឃើញ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​តាមរយៈ​ជំនឿ​ដែល​មាន​មូលដ្ឋាន​លើ​សេចក្ដី​បង្រៀន​ក្នុង​ព្រះគម្ពីរ មិន​មែន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នោះ​ទេ។ បន្ថែម​ទៅ​ទៀត យើង​ធ្លាប់​ឮ​ព្រះ​សូរសៀង​របស់​ព្រះ​យេហូវ៉ា មិន​មែន​តាមរយៈ​ទេវតា​មួយ​រូប​ទេ ប៉ុន្តែ​តាមរយៈ​ព្រះគម្ពីរ​វិញ ជា​ពិសេស​សៀវភៅ​ដំណឹងល្អ ដែល​រៀបរាប់​យ៉ាង​ពីរោះ​ស្ដាប់​អំពី​សេចក្ដី​បង្រៀន​និង​កិច្ចបំរើ​របស់​ព្រះយេស៊ូ។

៤​. (ក) តើ​គ្រីស្ទាន​ចាក់ប្រេងតាំង​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​អាច​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ​តាម​វិធី​ណា​ខ្លះ?

៤ ទោះ​ជា​គ្រីស្ទាន​ពិត​មិន​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ផ្ទៃមុខ​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ​ក៏​ពិត​មែន តែ​ពួក​គេ​មាន​ភ្នែក​ភ្លឺថ្លា​និង​ទឹកមុខ​ស្រស់បស់ ពេល​ដែល​ប្រាប់​អ្នក​ឯ​ទៀត​អំពី​បុគ្គលិកលក្ខណៈ និង​គោលបំណង​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះយេហូវ៉ា។ ស្តី​អំពី​សម័យ​យើង​នេះ ព្យាការី​អេសាយ​បាន​ទាយ​ថា​រាស្ត្រ​របស់​ព្រះ«នឹង​ប្រកាស​ប្រាប់​ពី​សិរីល្អ​របស់[ព្រះយេហូវ៉ា]នៅ​កណ្ដាល​សាសន៍​ទាំង​ប៉ុន្មាន»។ (អេសាយ ៦៦:១៩) ម្យ៉ាង​ទៀត កូរិនថូសទី២ ៤:១, ២​ប្រាប់​ថា៖ «ដូច្នេះ​ដែល​មាន​ការងារ​នេះ . . . យើង​ខ្ញុំ​លះចោល​អស់​ទាំង​ការ​លាក់កំបាំង​ដែល​គួរ​ខ្មាស ឥត​ប្រព្រឹត្ត​ដោយ​ឧបាយកល ឬ​បំប្លែង​ព្រះបន្ទូល​ឡើយ គឺ​យើង​ខ្ញុំ​ផ្ទុកផ្ដាក់​ខ្លួន នឹង​បញ្ញា​ចិត្ត​របស់​មនុស្ស​ទាំង​អស់​នៅ​ចំពោះ​ព្រះ»។ ក្នុង​ខ​នោះ​ប៉ុល​សំដៅ​លើ​គ្រីស្ទាន​ចាក់ប្រេងតាំង​ដែល​ជា«អ្នក​បំរើ​នៃ​សញ្ញា​ថ្មី»។ (កូរិនថូសទី២ ៣:៦) ប៉ុន្តែ​កិច្ចបំរើ​របស់​ពួក​គេ​មាន​ឥទ្ធិពល​លើ​មនុស្ស​ជា​ច្រើន ដែល​ឥឡូវ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀងរហូត​នៅ​ផែនដី។ កិច្ចបំរើ​របស់​ក្រុម​ទាំង​ពីរ​បញ្ចូល​ការ​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​ដោយ​ការ​ប្រព្រឹត្ត មិន​គ្រាន់​តែ​ដោយ​ការ​បង្រៀន​ប៉ុណ្ណោះ។ យើង​មាន​ភារកិច្ច​ហើយ​ក៏​មាន​ឯកសិទ្ធិ​ក្នុង​ការ​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត!

៥​. តើ​ភាព​រីកចំរើន​ខាង​វិញ្ញាណ​របស់​យើង​ជា​ភស្តុតាង​ដែល​បញ្ជាក់​ពី​អ្វី?

៥ សព្វ​ថ្ងៃ​នេះ ដំណឹងល្អ​អំពី​ព្រះរាជាណាចក្រ​ដ៏​រុងរឿង​របស់​ព្រះ​កំពុង​តែ​ត្រូវ​ផ្សព្វផ្សាយ​ទូទាំង​ផែនដី ដូច​ព្រះយេស៊ូ​បាន​ទាយ។ (ម៉ាថាយ ២៤:១៤) មនុស្ស​គ្រប់​សាសន៍​និង​គ្រប់​ភាសា​បាន​ប្រព្រឹត្ត​តាម​ដំណឹងល្អ​ដោយ​ចិត្ត​រំភើប ហើយ​បាន​កែប្រែ​របៀប​រស់​នៅ​របស់​ពួក​គេ​ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះ។ (រ៉ូម ១២:២; វិវរណៈ ៧:៩) ដូច​គ្រីស្ទាន​នៅ​សម័យ​ដើម ពួក​គេ​មិន​អាច​ឈប់​និយាយ​អំពី​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​ហើយ​បាន​ឮ​នោះ​ទេ។ (កិច្ចការ ៤:២០) សព្វថ្ងៃ​នេះ​អ្នក​ដែល​កំពុង​តែ​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ​មាន​ច្រើន​ជាង​មុនៗ​ទៅ​ទៀត គឺ​ជាង​ប្រាំ​មួយលាន​នាក់។ តើ​រូប​អ្នក​នៅ​ក្នុង​ចំណោម​ពួក​គេ​ទេ? ការ​រីកចំរើន​ខាង​វិញ្ញាណ​របស់​រាស្ត្រ​ព្រះយេហូវ៉ា​ជា​ភស្តុតាង​ដែល​បញ្ជាក់​ថា ទ្រង់​កំពុង​តែ​ការពារ​ហើយ​ប្រទាន​ពរ​ពួក​គេ។ យើង​មាន​សត្រូវ​ខ្លាំងក្លា​ដែល​កំពុង​តែ​ប្រឆាំង​យើង ប៉ុន្តែ​នេះ​នាំ​ឲ្យ​ឃើញ​រឹតតែ​ច្បាស់​ថា វិញ្ញាណ​របស់​ព្រះយេហូវ៉ា​សណ្ឋិត​លើ​យើង។ សូម​មើល​មូលហេតុ​ដែល​យើង​អាច​និយាយ​ដូច្នេះ​បាន។

គ្មាន​អ្នក​ណា​អាច​បំបិទ​មាត់​រាស្ត្រ​របស់​ព្រះ​ឡើយ

៦​. ហេតុ​អ្វី​ត្រូវ​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន​ដើម្បី​គាំទ្រ​ខាង​ព្រះយេហូវ៉ា?

៦ ឧបមា​ថា​អ្នក​ត្រូវ​ធ្វើ​ជា​សាក្សី​ប្រឆាំង​ឧក្រិដ្ឋជន​ដ៏​ឃោរឃៅ​គ្មាន​មេត្ដា​ម្នាក់។ អ្នក​ដឹង​ថា​ឧក្រិដ្ឋជន​នោះ​ជា​មេ​អង្គការ​មួយ​ដែល​មាន​អំណាច​យ៉ាង​ខ្លាំង ហើយ​គេ​នឹង​ប្រើ​គ្រប់​វិធី​ដើម្បី​រារាំង​កុំ​ឲ្យ​អ្នក​លាតត្រដាង​ពី​សកម្មភាព​របស់​គេ។ បើ​អ្នក​នឹង​ធ្វើ​ជា​សាក្សី​ប្រឆាំង​ឧក្រិដ្ឋជន​នោះ អ្នក​ត្រូវ​តែ​មាន​ចិត្ត​ក្លាហាន ហើយ​ត្រូវតែ​ទុកចិត្ត​ពួក​អាជ្ញាធរ​ថា​គេ​អាច​ធានា​សុវត្ថិភាព​របស់​អ្នក។ កាលៈទេសៈ​របស់​យើង​គឺ​ស្រដៀង​នឹង​ឧទាហរណ៍​នោះ។ ពេល​ដែល​ធ្វើ​បន្ទាល់​ពី​ព្រះយេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់ យើង​ធ្វើ​ជា​សាក្សី​ប្រឆាំង​សាតាំង​ដោយ​បង្ហាញ​ឲ្យ​ឃើញ​ថា វា​ជា​អ្នក​ភូតភរ​និង​ជា​អ្នក​សម្លាប់​គេ ព្រម​ទាំង​កំពុង​តែ​នាំ​លោកីយ៍​ទាំង​មូល​ឲ្យ​វង្វេង​ទៀត​ផង។ (យ៉ូហាន ៨:៤៤; វិវរណៈ ១២:៩) ការ​គាំទ្រ​ខាង​ព្រះយេហូវ៉ា​ហើយ​ប្រឆាំង​អារក្ស តម្រូវ​ឲ្យ​យើង​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន។

៧​. តើ​ឥទ្ធិពល​របស់​សាតាំង​គឺ​ខ្លាំង​ប៉ុនណា? តើ​វា​ខំ​ធ្វើ​អ្វី?

៧ ព្រះយេហូវ៉ា​គឺ​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។ ទ្រង់​មាន​អំណាច​តេជះ​ខ្លាំង​ជាង​សាតាំង​ឆ្ងាយ​ណាស់។ យើង​អាច​ជឿជាក់​ថា​ព្រះយេហូវ៉ា​មិន​ត្រឹម​តែ​អាច​ការពារ​យើង​កាល​ដែល​យើង​បំរើ​ទ្រង់​នោះ តែ​ទ្រង់​ក៏​មាន​ព្រះ​ហឫទ័យ​ចង់​ការពារ​យើង​ទៀត​ផង។ (របាក្សត្រទី២ ១៦:៩) យ៉ាង​ណា​ក៏​ដោយ សាតាំង​គ្រប់គ្រង​ទាំង​ពួក​បិសាច​ទាំង​លោកីយ៍​នេះ​ដែល​ឃ្លាត​ចេញ​ពី​ព្រះ។ (ម៉ាថាយ ១២:២៤, ២៦; យ៉ូហាន ១៤:៣០) ដោយសារ​សាតាំង​បាន​ត្រូវ​ទម្លាក់​មក​ផែនដី ហើយ​ក៏​មាន«សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង» នោះ​វា​ប្រឆាំង​អ្នក​បំរើ​ព្រះយេហូវ៉ា​យ៉ាង​ស្វិតស្វាញ ហើយ​វា​ប្រើ​លោកីយ៍​ដែល​វា​គ្រប់គ្រង ដើម្បី​ខំ​បំបិទ​មាត់​អស់​អ្នក​ដែល​ផ្សាយ​ដំណឹង​ល្អ។ (វិវរណៈ ១២:៧​-​៩, ១២, ១៧) តើ​វា​ខំ​បំបិទ​មាត់​អ្នក​បំរើ​ព្រះ​យ៉ាង​ដូច​ម្ដេច? យ៉ាង​ហោច​ណាស់​មាន​វិធី​បី​យ៉ាង។

៨, ៩​. តើ​សាតាំង​ចង់​ទាញ​អារម្មណ៍​យើង​ឲ្យ​ស្រឡាញ់​អ្វី? ហេតុ​អ្វី​យើង​គួរ​ជ្រើសរើស​មិត្តភក្ដិ​ដោយ​ប្រុងប្រយ័ត្ន?

៨ វិធី​មួយ​ដែល​សាតាំង​ខំ​ទាញ​បំបែរ​អារម្មណ៍​យើង គឺ​តាមរយៈ​កង្វល់កង្វាយ​ពី​ជីវភាព។ នៅ​ជាន់​ក្រោយ​បង្អស់​នេះ មនុស្ស​ស្រឡាញ់​ប្រាក់ ស្រឡាញ់​ខ្លួន​ឯង ហើយ​ស្រឡាញ់​ការ​សប្បាយ។ ពួក​គេ​មិន​ស្រឡាញ់​ព្រះ​ទេ។ (ធីម៉ូថេទី២ ៣:១​-​៤) ដោយសារ​ពួក​គេ​វក់​តែ​នឹង​កិច្ចការ​ជីវិត​ប្រចាំ​ថ្ងៃ​នោះ គេ‹មិន​ចាប់​អារម្មណ៍​សោះ›ចំពោះ​ដំណឹង​ល្អ​ដែល​យើង​ប្រាប់​ពួក​គេ​ឬ​ចំពោះ​ការ​រៀន​ព្រះ​គម្ពីរ។ (ម៉ាថាយ ២៤:៣៧​-​៣៩, ខ.ស.) ចិត្ត​គំនិត​បែប​នេះ​អាច​ឆ្លង​ដល់​យើង ធ្វើ​ឲ្យ​យើង​ងោកងុយ​ហើយ​ដេកលក់​ខាង​វិញ្ញាណ។ ប្រសិន​បើ​យើង​បណ្ដោយ​ខ្លួន​ឲ្យ​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ​និង​ការ​សប្បាយ នោះ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​នឹង​រសាយ​អស់​ទៅ។—ម៉ាថាយ ២៤:១២

៩ ហេតុ​នេះ​ហើយ​បាន​ជា​គ្រីស្ទាន​ទាំង​ឡាយ​ជ្រើសរើស​មិត្តភក្ដិ​ដោយ​ប្រុងប្រយ័ត្ន។ ស្តេច​សាឡូម៉ូន​បាន​សរសេរ​ថា៖ «អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់ប្រសព្វ​នឹង​មនុស្ស​ល្ងីល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ»។ (សុភាសិត ១៣:២០) ចូរ​យើង«ដើរ»ជា​មួយ​នឹង​អ្នក​ដែល​បំប្លាត​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះ។ ការ​សេពគប់​អ្នក​ទាំង​នោះ​ពិត​ជា​សប្បាយ​ណាស់! ពេល​ដែល​យើង​ជួប​ជុំ​គ្នា​ជា​មួយ​នឹង​បងប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​នៅ​ឯ​កិច្ចប្រជុំ ឬ​នៅ​គ្រា​ផ្សេង​ទៀត​នោះ សេចក្ដី​ស្រឡាញ់ ជំនឿ អំណរ និង​ប្រាជ្ញា​របស់​ពួក​គេ​លើក​ទឹក​ចិត្ត​យើង។ ការ​សេពគប់​បែប​នេះ​ពង្រឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ឲ្យ​តស៊ូ​ក្នុង​កិច្ចបំរើ។

១០​. តើ​សាតាំង​ខំ​បំបិទ​មាត់​អ្នក​ដែល​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ​ដោយ​ចំអក​ថា​អ្វី​ខ្លះ?

១០ វិធី​ទីពីរ​ដែល​សាតាំង​ខំ​រារាំង​គ្រីស្ទាន​ពិត​ពី​ការ​បំប្លាត​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះ​គឺ​ដោយ​ចំអក​ឲ្យ​ឈឺចិត្ត។ ប៉ុន្តែ​នេះ​មិន​គួរ​ជា​អ្វី​ចម្លែក​ទេ ដ្បិត​ក្នុង​កំឡុង​កិច្ចបំរើ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​នៅ​ផែនដី ទ្រង់​ត្រូវ​គេ​សើច​ចំអក​មើលងាយ បង្អាប់​បង្អោន ហើយ​ស្ដោះ​ទឹក​មាត់​ដាក់​ទ្រង់​ទៀត។ (ម៉ាកុស ៥:៤០; លូកា ១៦:១៤; ១៨:៣២) បណ្ដា​គ្រីស្ទាន​នៅ​សម័យ​ដើម​ក៏​ធ្លាប់​ត្រូវ​គេ​ចំអក​ឲ្យ​ដែរ។ (កិច្ចការ ២:១៣; ១៧:៣២) សព្វ​ថ្ងៃ​នេះ​មនុស្ស​ប្រព្រឹត្ត​ដូច​គ្នា​ទៅ​លើ​អ្នក​បំរើ​ព្រះយេហូវ៉ា។ យោង​ទៅ​តាម​សាវ័ក​ពេត្រុស អ្នក​បំរើ​ព្រះ​នឹង​ត្រូវ​ចាត់ទុក​ដូច​ជា​ព្យាការី​ក្លែងក្លាយ។ ពេត្រុស​បាន​ទាយ​ថា៖ «នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក ដែល​គេ​ដើរ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​គេ ទាំង​ចំអក​ឡកឡឺយ​ថា ‹តើ​សេចក្ដី​សន្យា​ពី​ព្រះ​អង្គ​យាង​មក​នៅ​ឯ​ណា? ដ្បិត . . . គ្រប់​ទាំង​អស់​នៅ​តែ​ដដែល ដូច​ជា​ពី​កំណើត​លោកីយ​រៀង​មក​ដែរ›»។ (ពេត្រុសទី២ ៣:៣, ៤) មនុស្ស​ចំអក​ឲ្យ​រាស្ត្រ​ព្រះ​ថា ពួក​គេ​មិន​មែន​ជា​មនុស្ស​ប្រាកដ​និយម​ទេ។ មនុស្ស​ចាត់ទុក​គោលការណ៍​សីលធម៌​ក្នុង​ព្រះគម្ពីរ​ជា​អ្វី​ហួស​សម័យ​ហើយ។ ម្យ៉ាង​ទៀត​មនុស្ស​ជា​ច្រើន​ចាត់ទុក​សារ​ដែល​យើង​ផ្សាយ​ប្រកាស​ជា​សេចក្ដី​ចំកួត។ (កូរិនថូសទី១ ១:១៨, ១៩) ប្រហែល​ជា​មាន​គេ​ចំអក​ឲ្យ​គ្រីស្ទាន​ពិត​នៅ​ឯ​សាលារៀន នៅ​ឯ​កន្លែង​ធ្វើការ ហើយ​ជួនកាល​នៅ​ក្នុង​ក្រុម​គ្រួសារ​ទៀត​ផង។ ក៏​ប៉ុន្តែ​យើង​បន្ត​បំប្លាត​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ដោយ​មិន​រាថយ​សោះ​ឡើយ ទាំង​មាន​ជំនឿ​ដូច​ព្រះយេស៊ូ​ថា​ព្រះបន្ទូល​របស់​ព្រះ​គឺ​ជា​សេចក្ដីពិត។—យ៉ូហាន ១៧:១៧

១១​. តើ​សាតាំង​ប្រើ​ការ​បៀតបៀន​យ៉ាង​ដូច​ម្ដេច​ដើម្បី​ខំ​បំបិទ​មាត់​គ្រីស្ទាន​ពិត?

១១ វិធី​ទី​បី​ដែល​អារក្ស​ខំ​បំបិទ​មាត់​យើង​គឺ​តាមរយៈ​ការ​ប្រឆាំង​និង​ការ​បៀតបៀន។ ព្រះយេស៊ូ​មាន​បន្ទូល​ប្រាប់​អ្នក​កាន់​តាម​ទ្រង់​ថា៖ «គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​សំឡាប់​អ្នក​រាល់​គ្នា ហើយ​គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ»។ (ម៉ាថាយ ២៤:៩) ពិត​មែន នៅ​ប្រទេស​ជា​ច្រើន​យើង​ធ្លាប់​ទទួល​រង​ការ​បៀតបៀន​យ៉ាង​សាហាវ​ព្រៃផ្សៃ​ក្នុង​នាម​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ទាយ​តាំង​ពី​យូរ​មក​ហើយ​ថា នឹង​មាន​សេចក្ដី​ស្អប់ ឬ​សេចក្ដី​ខ្មាំង​រវាង​អ្នក​ដែល​បំរើ​ព្រះ​និង​អ្នក​ដែល​បំរើ​អារក្ស​សាតាំង។ (លោកុប្បត្តិ ៣:១៥) យើង​ក៏​ដឹង​ដែរ​ថា យើង​បញ្ជាក់​ភាព​ត្រឹមត្រូវ​នៃ​អធិបតេយ្យ​សកលលោក​របស់​ព្រះ​យេហូវ៉ា ដោយ​រក្សា​ចិត្ត​គ្រប់ល័ក្ខណ៍​នៅ​ចំពោះ​មុខ​ការ​ល្បងល។ ការ​ចង​ចាំ​ចំណុច​នេះ​អាច​ជួយ​ពង្រឹង​កម្លាំង​យើង​ឲ្យ​មាំមួន សូម្បី​តែ​ក្នុង​កាលៈទេសៈ​ពិបាក​បំផុត​ក៏​ដោយ។ គ្មាន​ការ​បៀតបៀន​ណា​ដែល​អាច​បំបិទ​មាត់​យើង​រហូត​បាន ប្រសិន​បើ​យើង​រក្សា​ការ​ប្ដេជ្ញា​ថា យើង​នឹង​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ។

១២​. ហេតុ​អ្វី​យើង​គួរ​អរសប្បាយ​កាល​ដែល​រក្សា​ភាព​ស្មោះត្រង់​នៅ​ចំពោះ​មុខ​ការ​ប្រឆាំង​ពី​សាតាំង?

១២ តើ​អ្នក​ទប់​ចិត្ត​មិន​បណ្ដោយ​ខ្លួន​តាម​ការ​អូស​ទាញ​របស់​លោកីយ៍​នេះ ហើយ​បង្ហាញ​ភាព​ស្មោះត្រង់​ទោះ​ជា​មាន​ការ​ចំអក​និង​ការ​ប្រឆាំង​ឬ​ទេ? បើ​កំពុង​តែ​ធ្វើ​ដូច្នេះ អ្នក​មាន​ហេតុ​អរ​សប្បាយ​មែន។ ព្រះយេស៊ូ​ធ្លាប់​មាន​បន្ទូល​ប្រាប់​អ្នក​កាន់​តាម​ទ្រង់​ថា ពួក​គេ​ពិត​ជា​នឹង«មាន​ពរ​ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់​ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ។ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌ ពីព្រោះ​គេ​ក៏​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ហោរា ដែល​នៅ​មុន​អ្នក​រាល់​គ្នា បែប​ដូច្នោះ​ដែរ»។ (ម៉ាថាយ ៥:១១, ១២) ពេល​ដែល​អ្នក​ស៊ូទ្រាំ នោះ​ជា​ភស្តុតាង​ថា​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​កំពុង​តែ​សណ្ឋិត​លើ​អ្នក ដោយ​ពង្រឹង​កម្លាំង​អ្នក​ដើម្បី​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ទ្រង់​ពិត​មែន។—កូរិនថូសទី២ ១២:៩

យើង​អាច​តស៊ូ​ដោយសារ​ជំនួយ​ពី​ព្រះយេហូវ៉ា

១៣​. តើ​អ្វី​ជា​មូលហេតុ​សំខាន់​មួយ​ដែល​យើង​តស៊ូ​ក្នុង​កិច្ចបំរើ​គ្រីស្ទាន?

១៣ មូលហេតុ​សំខាន់​មួយ​ដែល​យើង​តស៊ូ​ក្នុង​កិច្ចបំរើ គឺ​ដោយសារ​យើង​ស្រឡាញ់​ព្រះយេហូវ៉ា ហើយ​មាន​ចិត្ត​រីករាយ​ក្នុង​ការ​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ទ្រង់។ មនុស្ស​ច្រើន​តែ​យក​តម្រាប់​តាម​អ្នក​ណា​ដែល​គេ​ស្រឡាញ់​និង​គោរព។ គ្មាន​អ្នក​ណា​ដែល​គួរ​នឹង​យក​តម្រាប់​តាម​ជាង​ព្រះយេហូវ៉ា​ឡើយ។ ដោយសារ​ទ្រង់​ស្រឡាញ់​យើង​ក្រៃលែង​នោះ ទ្រង់​បាន​ចាត់​ព្រះ​រាជបុត្រា​របស់​ទ្រង់​ឲ្យ​មក​ផែនដី​ដើម្បី​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត ហើយ​លោះ​មនុស្ស​ដែល​ស្ដាប់បង្គាប់​ទ្រង់។ (យ៉ូហាន ៣:១៦; ១៨:៣៧) យើង​ក៏​ដូច​ព្រះ​ដែរ ដ្បិត​យើង​ចង់​ឲ្យ​មនុស្ស​ពី​គ្រប់​សាសន៍​គ្រប់​មជ្ឈដ្ឋាន​ប្រែ​ចិត្ត ហើយ​ទទួល​សេចក្ដី​សង្គ្រោះ។ នេះ​ជា​មូលហេតុ​ដែល​យើង​ផ្សព្វផ្សាយ។ (ពេត្រុសទី២ ៣:៩) ចំណង់​ចិត្ត​ដើម្បី​ជួយ​មនុស្ស គួបផ្សំ​នឹង​ការ​តាំងចិត្ត​យក​តម្រាប់​តាម​ព្រះ ជា​អ្វី​ដែល​ជំរុញ​យើង​ឲ្យ​តស៊ូ​ក្នុង​ការ​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ទ្រង់​តាមរយៈ​កិច្ចបំរើ​របស់​យើង។

១៤​. តើ​ព្រះយេហូវ៉ា​ពង្រឹង​កម្លាំង​យើង​ដើម្បី​តស៊ូ​ក្នុង​កិច្ចបំរើ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១៤ ក៏​ប៉ុន្តែ ព្រះយេហូវ៉ា​ជា​ប្រភព​ដើម​នៃ​កម្លាំង​តស៊ូ​របស់​យើង​ក្នុង​កិច្ចបំរើ​គ្រីស្ទាន។ ព្រះ​ទ្រទ្រង់​យើង ហើយ​ពង្រឹង​កម្លាំង​យើង​តាមរយៈ​វិញ្ញាណ​ទ្រង់ អង្គការ​ទ្រង់ និង​ព្រះគម្ពីរ​ដែល​ជា​ព្រះបន្ទូល​ទ្រង់។ អ្នក​ដែល​សុខចិត្ត​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ​យេហូវ៉ា ទ្រង់«ជួយ​អោយ​ចេះ​ស៊ូទ្រាំ»។ ទ្រង់​តប​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង ហើយ​ប្រទាន​ប្រាជ្ញា​ដើម្បី​ចេះ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក។ (រ៉ូម ១៥:៥, ខ.ស.; យ៉ាកុប ១:៥) បន្ថែម​ទៅ​ទៀត ព្រះយេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​យើង​ជួប​នឹង​ការ​ល្បងល​ណា​ដែល​យើង​ពុំ​អាច​ស៊ូទ្រាំ​បាន​ឡើយ។ ប្រសិន​បើ​យើង​ទុកចិត្ត​ព្រះយេហូវ៉ា ទ្រង់​នឹង​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​យើង​អាច​បន្ត​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ទ្រង់។—កូរិនថូសទី១ ១០:១៣

១៥​. តើ​អ្វី​ជួយ​យើង​ឲ្យ​ខំ​តស៊ូ?

១៥ ការ​តស៊ូ​ក្នុង​កិច្ចបំរើ​ជា​ភស្តុតាង​ដែល​បញ្ជាក់​ថា វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​លើ​យើង។ ជា​ឧទាហរណ៍ មាន​មនុស្ស​ម្នាក់​សុំ​អ្នក​ចែក​នំប៉័ង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដោយ​មិន​គិត​ថ្លៃ​ទេ។ អ្នក​ត្រូវ​ចេញ​សោហ៊ុយ​ខ្លួន​ឯង ហើយ​ក៏​ត្រូវ​ចំណាយ​ពេល​ទំនេរ​របស់​អ្នក​ដើម្បី​ចែក​នំប៉័ង​នោះ។ ម្យ៉ាង​ទៀត អ្នក​ឃើញ​ថា​មាន​មនុស្ស​តិច​ទេ​ដែល​ចង់​បាន​នំប៉័ង​របស់​អ្នក ហើយ​មនុស្ស​ខ្លះ​រហូត​ដល់​ជំទាស់​នឹង​អ្នក ដោយសារ​អ្នក​ខំ​ចែក​នំប៉័ង​ឲ្យ។ តើ​អ្នក​នឹង​សុខចិត្ត​ធ្វើ​ការងារ​នោះ​យូរ​ខែ​ឬ​យូរ​ឆ្នាំ​ទេ? អ្នក​ប្រហែល​ជា​មិន​សុខ​ចិត្ត​ទេ។ ក៏​ប៉ុន្តែ​បើ​គិត​ពី​កិច្ច​ផ្សព្វផ្សាយ​វិញ អ្នក​ប្រហែល​បាន​ចំណាយ​ពេល​ព្យាយាម​ផ្សាយ​ដំណឹងល្អ​ដោយ​ចេញ​សោហ៊ុយ​ខ្លួន​ឯង​អស់​រាប់ឆ្នាំ ឬ​រហូត​ដល់​រាប់​ទសវត្សរ៍។ តើ​ហេតុ​អ្វី? ពីព្រោះ​អ្នក​ស្រឡាញ់​ព្រះយេហូវ៉ា ហើយ​តាមរយៈ​វិញ្ញាណ​របស់​ទ្រង់ ទ្រង់​បាន​ប្រទាន​ពរ​ចំពោះ​ការ​ព្យាយាម​របស់​អ្នក​ដោយ​ជួយ​ឲ្យ​អ្នក​តស៊ូ មែនទេ? ប្រាកដ​ហើយ!

កិច្ចការ​ដែល​សាង​អនុស្សាវរីយ៍​ពុំ​អាច​បំភ្លេច​បាន

១៦​. បើ​យើង​តស៊ូ​ក្នុង​កិច្ចបំរើ តើ​យើង​និង​អ្នក​ដែល​ស្ដាប់​យើង​នឹង​ទទួល​អ្វី?

១៦ កិច្ចបំរើ​នៃ​កិច្ចព្រមព្រៀង​ថ្មី​ជា​អំណោយ​វិសេស​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន។ (កូរិនថូសទី២ ៤:៧) ស្រដៀង​គ្នា​ដែរ កិច្ចបំរើ​របស់​ចៀម​ឯ​ទៀត​ទូទាំង​ពិភពលោក​ក៏​ជា​ទ្រព្យ​សម្បត្ដិ​កាត់​ថ្លៃ​ពុំ​បាន​ដែរ។ កាល​ដែល​អ្នក​តស៊ូ​ក្នុង​កិច្ចបំរើ អ្នក​អាច​«សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​ផង» ដូច​ប៉ុល​បាន​សរសេរ​ទៅ​កាន់​ធីម៉ូថេ​នោះ។ (ធីម៉ូថេទី១ ៤:១៦) សូម​គិត​អំពី​អត្ថន័យ​ពាក្យ​នោះ។ ដំណឹង​ល្អ​ដែល​អ្នក​ផ្សាយ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ឯ​ទៀត​បាន​ជីវិត​ជា​រៀងរហូត។ អ្នក​អាច​បណ្ដុះ​មិត្តភាព​ជិតស្និទ្ធ​ជា​មួយ​នឹង​បុគ្គល​ដែល​អ្នក​បាន​ជួយ​ខាង​វិញ្ញាណ។ សូម​គិត​អំពី​អំណរ​ដែល​អ្នក​នឹង​មាន​ពេល​រស់​ជា​រៀងរហូត​ក្នុង​សួន​មនោរម្យ​ជា​មួយ​នឹង​បុគ្គល​ដែល​អ្នក​បាន​ជួយ​បង្រៀន​អំពី​ព្រះ! ពួក​គេ​ប្រាកដ​ជា​នឹង​មិន​ភ្លេច​ការ​ព្យាយាម​របស់​អ្នក​ដើម្បី​ជួយ​ពួក​គេ​ទេ។ នោះ​ពិត​ជា​នឹង​ធ្វើ​ឲ្យ​យើង​សប្បាយ​ណាស់!

១៧​. ហេតុ​អ្វី​គ្រា​នេះ​ខុស​ប្លែក​ពី​គ្រា​ឯ​ទៀត​ក្នុង​ប្រវត្ដិសាស្ត្រ?

១៧ អ្នក​កំពុង​តែ​រស់​នៅ​គ្រា​មួយ​ដែល​ខុសប្លែក​ពី​គ្រា​ឯ​ទៀត​ក្នុង​ប្រវត្ដិសាស្ត្រ។ ដ្បិត​គ្មាន​គ្រា​ណា​ផ្សេង​ទៀត​ដែល​ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សាយ​ក្នុង​ចំណោម​លោកីយ៍​ដែល​ឃ្លាត​ចេញ​ពី​ព្រះ។ ណូអេ​បាន​រស់​ក្នុង​លោកីយ៍​មួយ​ដែល​ឃ្លាត​ចេញ​ពី​ព្រះ​ដែរ ហើយ​គាត់​ឃើញ​លោកីយ៍​នោះ​វិនាស​សាបសូន្យ​ទៅ។ ណូអេ​ច្បាស់​ជា​បាន​ត្រេកអរ​ណាស់ ពេល​ដឹង​ថា​គាត់​បាន​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះ​យ៉ាង​ស្មោះត្រង់​ដោយ​សង់​ទូក​ធំ​នោះ ដែល​បាន​នាំ​ឲ្យ​គាត់​និង​ក្រុមគ្រួសារ​របស់​គាត់​ទទួល​បាន​សេចក្ដី​សង្គ្រោះ! (ហេព្រើរ ១១:៧) អ្នក​ក៏​អាច​មាន​អំណរ​ដូច​គាត់​ដែរ។ សូម​គិត​អំពី​អារម្មណ៍​ដែល​អ្នក​នឹង​មាន ពេល​ដែល​នៅ​ក្នុង​ពិភពលោក​ថ្មី ហើយ​គិត​ដល់​កិច្ចបំរើ​ដែល​ធ្លាប់​បំពេញ​នៅ​ជាន់ក្រោយ​បង្អស់​នេះ ដោយ​ដឹង​ថា​អ្នក​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​គាំទ្រ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

១៨​. តើ​ព្រះយេហូវ៉ា​សន្យា​អ្វី​នឹង​អ្នកបំរើ​ទ្រង់?

១៨ ហេតុ​នេះ ចូរ​យើង​បន្ត​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ។ ធ្វើ​ដូច្នេះ យើង​នឹង​មាន​អនុស្សាវរីយ៍​ចងចាំ​ក្នុង​ចិត្ត​ឥត​ភ្លេច។ ព្រះយេហូវ៉ា​ក៏​ចងចាំ​កិច្ចការ​របស់​យើង​ដែរ។ ព្រះគម្ពីរ​លើក​ទឹក​ចិត្ត​យើង​ថា៖ «ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមិលគុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះនាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ ហើយ​ក៏​នៅ​តែ​បំរើ​ទៀត​នោះ​ទេ តែ​យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និមួយៗ បាន​សំដែង​ចេញ​ជា​ចិត្ត​ឧស្សាហ៍​ដូច​គ្នា​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​ជំនឿ​ដ៏​ពេញលេញ​របស់​សេចក្ដី​សង្ឃឹម ដរាប​ដល់​ចុង​បំផុត ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ​កន្តើយ​ឡើយ គឺ​ឲ្យ​ត្រាប់តាម​ពួក​អ្នក​ដែល​គ្រង​បាន​សេចក្ដី​សន្យា​ទុក​ជា​មរដក ដោយ​ចិត្ត​ជឿ ហើយ​អត់ធន់​វិញ»។—ហេព្រើរ ៦:១០​-​១២

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

• តើ​គ្រីស្ទាន​ពិត​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

• តើ​សាតាំង​ខំ​បំបិទ​មាត់​រាស្ត្រ​របស់​ព្រះ​ដោយ​វិធី​ណា​ខ្លះ?

• តើ​មាន​ភស្តុតាង​អ្វី​ដែល​បញ្ជាក់​ថា​វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​លើ​យើង?

[រូបភាព​នៅ​ទំព័រ​១៩]

ផ្ទៃមុខ​របស់​ម៉ូសេ​បាន​ភ្លឺ​ដោយ​សិរីរុងរឿង​របស់​ព្រះ

[រូបភាព​នៅ​ទំព័រ​២០]

យើង​បំប្លាត​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះ តាមរយៈ​កិច្ចបំរើ​របស់​យើង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក