គ្រីស្ទានពិតបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ា
«ភ្នែកអ្នកមានពរហើយ ដ្បិតមើលឃើញ ត្រចៀកអ្នកក៏ដែរ ដ្បិតស្ដាប់ឮ»។—ម៉ាថាយ ១៣:១៦
១. តើរបៀបអ៊ីស្រាអែលប្រព្រឹត្តពេលដែលម៉ូសេចុះពីលើភ្នំស៊ីណាយ ធ្វើឲ្យយើងសួរសំនួរអ្វី?
ប្រជាជនអ៊ីស្រាអែលដែលបានប្រមូលគ្នានៅឯភ្នំស៊ីណាយ មានមូលហេតុត្រឹមត្រូវឲ្យចូលទៅជិតព្រះយេហូវ៉ា។ យ៉ាងណាមិញ ព្រះយេហូវ៉ាបានសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃសាសន៍អេស៊ីបដោយឫទ្ធិតេជះរបស់ទ្រង់។ ទ្រង់បានទំនុកបម្រុងពួកគេ ដោយប្រទានអាហារនិងទឹកក្នុងទីរហោស្ថាន។ បន្ទាប់មក ទ្រង់បានជួយពួកគេដណ្ដើមយកជ័យជំនះពីសាសន៍អាម៉ាលេក។ (និក្ខមនំ ១៤:២៦-៣១; ១៦:២–១៧:១៣) ពេលដែលពួកគេបោះជំរំនៅទីរហោស្ថាននៅជិតមុខភ្នំស៊ីណាយនោះ ពួកគេបានរន្ធត់ញាប់ញ័រពេលឮផ្គរលាន់និងឃើញផ្លេកបន្ទោរលើភ្នំ។ ក្រោយមក ពេលដែលម៉ូសេចុះពីលើភ្នំស៊ីណាយ ប្រជាជនអ៊ីស្រាអែលឃើញថាផ្ទៃមុខរបស់គាត់កំពុងតែភ្លឺដោយសិរីរុងរឿងរបស់ព្រះយេហូវ៉ា។ ក៏ប៉ុន្តែ ជាជាងសម្លឹងមើលដោយកោតស្ញប់ស្ញែងចំពោះសិរីរុងរឿងរបស់ព្រះនោះ ពួកគេ«ខ្លាចមិនហ៊ានទៅជិត[ម៉ូសេ]ឡើយ»។ (និក្ខមនំ ១៩:១០-១៩; ៣៤:៣០) ហេតុអ្វីបានជាពួកគេខ្លាចមិនហ៊ានមើលសិរីរុងរឿងរបស់ព្រះយេហូវ៉ា ក្រោយពីទ្រង់បានជួយពួកគេច្រើនយ៉ាងនេះ?
២. តើប្រហែលដោយសារមូលហេតុអ្វីបានជាជនជាតិអ៊ីស្រាអែលខ្លាចពេលដែលឃើញសិរីរុងរឿងរបស់ព្រះភ្លឺចេញពីផ្ទៃមុខរបស់ម៉ូសេ?
២ នៅគ្រានោះ ប្រជាជនអ៊ីស្រាអែលទំនងជាខ្លាចដោយសារអ្វីដែលបានកើតឡើងពីមុន។ ព្រះយេហូវ៉ាបានដាក់ទោសប្រដៅប្រជាជនអ៊ីស្រាអែល ពេលដែលពួកគេមិនព្រមស្ដាប់បង្គាប់ ហើយបានបែរជាធ្វើរូបកូនគោមាសវិញ។ (និក្ខមនំ ៣២:៤, ៣៥) តើពួកគេបានទាញមេរៀនពីការប្រដៅរបស់ព្រះយេហូវ៉ាហើយមានកតញ្ញូធម៌ទេ? ពួកគេភាគច្រើនមិនបានទាញយកមេរៀនទេ។ ពេលដែលជិតដល់មរណកាលរបស់ម៉ូសេ គាត់បានរំឭកប្រជាជនអ៊ីស្រាអែលអំពីគ្រាផ្សេងៗដែលពួកគេមិនបានស្ដាប់បង្គាប់ ដូចជានៅពេលដែលធ្វើរូបកូនគោមាសជាដើម។ ម៉ូសេបានប្រាប់ប្រជាជនថា៖«[ឯង]បានបះបោរនឹងបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះនៃឯងទៀត ឯងរាល់គ្នាមិនបានជឿ ក៏មិនបានស្ដាប់តាមព្រះបន្ទូលទ្រង់សោះ គឺចេះតែមានចិត្តរឹងចចេសចំពោះព្រះយេហូវ៉ាជានិច្ច តាំងតែពីថ្ងៃដែលអញទើបនឹងស្គាល់ឯងរាល់គ្នាមក»។—ចោទិយកថា ៩:១៥-២៤
៣. តើម៉ូសេបានយកស្បៃមកបាំងមុខពេលណា? តើគាត់បកស្បៃនោះចេញពេលណា?
៣ សូមពិចារណាអ្វីដែលម៉ូសេបានធ្វើ ពេលដែលឃើញថាប្រជាជនអ៊ីស្រាអែលភ័យខ្លាចនោះ។ កំណត់ហេតុព្រះគម្ពីរចែងថា៖ «លោកបានយកស្បៃមកបាំងមុខដរាបដល់ឈប់និយាយនឹងគេ តែកាលណាម៉ូសេចូលទៅចំពោះព្រះយេហូវ៉ា[ក្នុងរោងឧបោសថ] ដើម្បីទូលនឹងទ្រង់ នោះលោកបកស្បៃចេញវិញ ដរាបដល់ចេញមក។ លុះចេញមកវិញហើយ នោះក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល តាមអស់ទាំងសេចក្ដីដែលទ្រង់បង្គាប់មក ឯពួកកូនចៅអ៊ីស្រាអែល គេបានមើលមុខម៉ូសេ ឃើញស្បែកមុខលោកភ្លឺ បានជាលោកយកស្បៃមកបាំងមុខទៀត ទាល់តែចូលទៅទូលនឹងទ្រង់វិញ»។ (និក្ខមនំ ៣៤:៣៣-៣៥) ហេតុអ្វីជួនកាលម៉ូសេយកស្បៃមកបាំងមុខ? តើនេះបង្កប់អត្ថន័យអ្វីខ្លះ? ចម្លើយចំពោះសំនួរទាំងពីរនោះ ក៏អាចជួយយើងត្រិះរិះពិចារណាអំពីទំនាក់ទំនងរបស់យើងជាមួយនឹងព្រះយេហូវ៉ាដែរ។
ពួកគេបានខាតបង់ឱកាសដ៏ល្អប្រពៃ
៤. តាមការពន្យល់របស់សាវ័កប៉ុល តើមានន័យអ្វីពេលដែលម៉ូសេពាក់ស្បៃមុខ?
៤ សាវ័កប៉ុលពន្យល់ថា ម៉ូសេពាក់ស្បៃមុខដោយសារចិត្តគំនិតរបស់ប្រជាជនអ៊ីស្រាអែល។ ប៉ុលបានសរសេរថា៖ «ជនជាតិអ៊ីស្រាអែល មិនអាចនឹងសំឡឹងមើលមុខលោកម៉ូសេបានទេ ដោយព្រោះសិរីល្អនៃមុខលោក។ . . . ចិត្តគេបានរឹងទទឹងវិញ»។ (កូរិនថូសទី២ ៣:៧, ១៤) នេះពិតជាគួរឲ្យស្ដាយណាស់! ជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ព្រះយេហូវ៉ា ហើយទ្រង់ចង់ឲ្យពួកគេចូលមកជិតទ្រង់។ (និក្ខមនំ ១៩:៤-៦) ក៏ប៉ុន្តែ ពួកគេមិនហ៊ានសម្លឹងមើលសិរីរុងរឿងរបស់ព្រះឡើយ។ ជាជាងបង្ហាញភក្ដីភាពនិងសេចក្ដីស្រឡាញ់ដោយនឹកគិតក្នុងចិត្តដល់ព្រះយេហូវ៉ានោះ ការប្រព្រឹត្តរបស់ប្រជាជនអ៊ីស្រាអែល បង្ហាញថាពួកគេបានចាប់ផ្ដើមបែរចេញពីទ្រង់វិញ។
៥, ៦. (ក) តើជនជាតិយូដានៅសតវត្សរ៍ទីមួយគឺស្រដៀងនឹងប្រជាជនអ៊ីស្រាអែលនៅសម័យម៉ូសេយ៉ាងណា? (ខ) តើអ្នកដែលបានស្ដាប់ព្រះយេស៊ូហើយអ្នកដែលមិនព្រមស្ដាប់ទ្រង់គឺខុសគ្នាយ៉ាងណា?
៥ នេះគឺដូចអ្វីដែលបានកើតឡើងនៅសតវត្សរ៍ទីមួយគ.ស.។ មុនដែលប៉ុលប្ដូរសាសនាទៅកាន់គ្រីស្ទសាសនាវិញនោះ កិច្ចព្រមព្រៀងខាងក្រឹត្យវិន័យបានត្រូវជំនួសដោយកិច្ចព្រមព្រៀងថ្មី។ ព្រះយេស៊ូគ្រីស្ទដែលជាម៉ូសេដ៏ឧត្តមជាង ទ្រង់ជាអ្នកកណ្ដាលក្នុងកិច្ចព្រមព្រៀងថ្មីនោះ។ ព្រះយេស៊ូបានបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយ៉ាងល្អឥតខ្ចោះដោយបន្ទូលនិងការប្រព្រឹត្តរបស់ទ្រង់។ ប៉ុលបានសរសេរអំពីព្រះយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញថា៖ «ទ្រង់ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់»។ (ហេព្រើរ ១:៣) ជនជាតិយូដានៅសម័យព្រះយេស៊ូមានឱកាសដ៏ល្អប្រពៃណាស់! ពួកគេអាចស្ដាប់ព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ចពីព្រះរាជបុត្រារបស់ព្រះតែម្ដង! គួរឲ្យស្ដាយណាស់ ជនជាតិយូដាភាគច្រើនមិនព្រមស្ដាប់អ្វីដែលព្រះយេស៊ូប្រកាស។ ស្តីអំពីអ្នកទាំងនោះ ព្រះយេស៊ូបានដកស្រង់ពាក្យពីទំនាយមួយរបស់ព្រះយេហូវ៉ា ដែលបានត្រូវរៀបរាប់ដោយអេសាយថា៖ «ចិត្តរបស់ជនជាតិនេះបានត្រឡប់ជាស្ពឹកវិញ គេឮដោយត្រចៀកធ្ងន់ ហើយធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀកហើយយល់ក្នុងចិត្ត រួចគេប្រែចិត្ត ហើយអញប្រោសឲ្យគេបានជា»។—ម៉ាថាយ ១៣:១៥; អេសាយ ៦:៩, ១០
៦ ជនជាតិយូដាទូទៅនិងសិស្សរបស់ព្រះយេស៊ូមានចិត្តគំនិតខុសគ្នាស្រឡះ។ ព្រះយេស៊ូធ្លាប់មានបន្ទូលអំពីសិស្សទ្រង់ថា៖ «ភ្នែកអ្នកមានពរហើយ ដ្បិតមើលឃើញ ត្រចៀកអ្នកក៏ដែរ ដ្បិតស្ដាប់ឮ»។ (ម៉ាថាយ ១៣:១៦) គ្រីស្ទានពិតចង់ស្គាល់និងបំរើព្រះយេហូវ៉ាខ្លាំងណាស់។ ពួកគេពេញចិត្តធ្វើតាមព្រះហឫទ័យរបស់ទ្រង់ដែលត្រូវរៀបរាប់ក្នុងព្រះគម្ពីរ។ ជាលទ្ធផលគ្រីស្ទានចាក់ប្រេងតាំងបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាតាមរយៈកិច្ចបំរើនៃកិច្ចព្រមព្រៀងថ្មី ហើយចៀមឯទៀតបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះតាមវិធីស្រដៀងនោះដែរ។—កូរិនថូសទី២ ៣:៦, ១៨
មូលហេតុដែលដំណឹងល្អត្រូវគ្របបាំងដូចមានស្បៃគ្របដណ្ដប់
៧. ហេតុអ្វីយើងមិនភ្ញាក់ផ្អើលពេលដែលមនុស្សភាគច្រើនមិនព្រមស្ដាប់ដំណឹងល្អ?
៧ ដូចដែលយើងបានរៀនហើយនោះ ជនជាតិអ៊ីស្រាអែលភាគច្រើននៅសម័យព្រះយេស៊ូហើយនៅសម័យម៉ូសេ មិនព្រមឆ្លៀតយកឱកាសល្អប្រពៃដែលមាននៅចំពោះមុខពួកគេទេ។ នៅសម័យយើងនេះក៏មានស្ថានភាពស្រដៀងនឹងសម័យនោះដែរ។ មនុស្សភាគច្រើនមិនព្រមស្ដាប់ដំណឹងល្អដែលយើងប្រកាសឡើយ។ ប៉ុន្តែយើងមិនភ្ញាក់ផ្អើលទេ ដ្បិតប៉ុលបានសរសេរថា៖ «បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នកដែលកំពុងវិនាសទេ ជាពួកអ្នកដែលព្រះរបស់លោកីយនេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ»។ (កូរិនថូសទី២ ៤:៣, ៤) ក្រៅពីការខំប្រឹងរបស់សាតាំងដើម្បីលាក់បាំងដំណឹងល្អនោះ មនុស្សជាច្រើនហាក់ដូចជាយកស្បៃបាំងមុខខ្លួនពីព្រោះពួកគេមិនចង់ឃើញសិរីរុងរឿងរបស់ព្រះដែលសម្ដែងតាមរយៈដំណឹងល្អ។
៨. តើភាពល្ងង់ខ្លៅធ្វើឲ្យមនុស្សងងឹតភ្នែកខាងវិញ្ញាណយ៉ាងដូចម្ដេច? តើយើងអាចការពារកុំឲ្យប្រព្រឹត្តដូចពួកគេយ៉ាងដូចម្ដេច?
៨ អ្វីមួយដែលធ្វើឲ្យមនុស្សជាច្រើនងងឹតភ្នែកខាងវិញ្ញាណ គឺជាភាពខ្លៅល្ងង់។ ព្រះគម្ពីរពណ៌នាអំពីសាសន៍ទាំងឡាយថា«គំនិតគេត្រូវបង្អាប់ ហើយគេដាច់ចេញពីព្រះជន្មព្រះ ដោយសារសេចក្ដីខ្លៅល្ងង់ក្នុងខ្លួនគេ»។ (អេភេសូរ ៤:១៨) ប៉ុលធ្លាប់ស្គាល់ក្រឹត្យវិន័យម៉ូសេយ៉ាងច្បាស់ ប៉ុន្តែមុនដែលគាត់ក្លាយជាគ្រីស្ទាន គាត់ធ្លាប់ងងឹតល្ងង់ដល់ម្ល៉េះ ដែលគាត់រហូតដល់បៀតបៀនក្រុមជំនុំរបស់ព្រះទៀត។ (កូរិនថូសទី១ ១៥:៩) ក៏ប៉ុន្តែ ព្រះយេហូវ៉ាបានលាតត្រដាងសេចក្ដីពិតឲ្យប៉ុលស្គាល់។ ប៉ុលពន្យល់ថា៖ «ដោយហេតុនោះបានជាទ្រង់អាណិតមេត្ដាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទបានសំដែងចេញ គ្រប់ទាំងសេចក្ដីអត់ធន់របស់ទ្រង់ក្នុងខ្លួនខ្ញុំ ដែលជាអ្នកលេខ១នោះ ឲ្យខ្ញុំបានធ្វើជាក្បួនដល់ពួកអ្នកដែលនឹងជឿដល់ទ្រង់ ប្រយោជន៍ឲ្យគេបានជីវិតអស់កល្បជានិច្ច»។ (ធីម៉ូថេទី១ ១:១៦) ដូចប៉ុលដែរ មនុស្សជាច្រើនដែលធ្លាប់ប្រឆាំងសេចក្ដីពិតរបស់ព្រះ ឥឡូវនេះកំពុងតែបំរើទ្រង់វិញ។ នេះជាហេតុមួយដែលយើងត្រូវបន្តធ្វើបន្ទាល់ សូម្បីតែដល់អ្នកដែលប្រឆាំងយើងក៏ដោយ។ ទន្ទឹមគ្នានឹងនេះ បើយើងសិក្សាព្រះបន្ទូលរបស់ព្រះជាទៀងទាត់ដោយខំយល់អត្ថន័យនោះ អាចការពារយើងកុំឲ្យធ្វើអំពើខុសឆ្គងដោយសារភាពខ្លៅល្ងង់ ដែលនាំឲ្យព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យ។
៩, ១០. (ក) តើអ្វីបង្ហាញថាជនជាតិយូដានៅសតវត្សរ៍ទីមួយមិនព្រមរៀនឬកែប្រែទស្សនៈរបស់ខ្លួន? (ខ) សព្វថ្ងៃនេះ តើមនុស្សក្នុងពិភពគ្រីស្ទសាសនាមានលក្ខណៈស្រដៀងនឹងជនជាតិយូដាទាំងនោះទេ? សូមពន្យល់។
៩ មនុស្សច្រើនឯទៀតពុំអាចយល់ច្បាស់ពីរឿងខាងវិញ្ញាណ ដោយសារពួកគេមិនព្រមរៀនឬកែប្រែទស្សនៈរបស់ខ្លួនឡើយ។ នៅសម័យព្រះយេស៊ូ ជនជាតិយូដាជាច្រើននាក់មិនព្រមជឿទ្រង់ឬសេចក្ដីបង្រៀនរបស់ទ្រង់ ដោយសារពួកគេប្រកាន់ក្រឹត្យវិន័យលោកម៉ូសេយ៉ាងម៉ឺងម៉ាត់។ ប៉ុន្តែមនុស្សខ្លះមិនដូច្នេះទេ។ ជាឧទាហរណ៍ ក្រោយព្រះយេស៊ូត្រូវប្រោសឲ្យរស់ឡើងវិញនោះ ‹ពួកសង្ឃសន្ធឹកចុះចូលជឿដែរ›។ (កិច្ចការ ៦:៧) យ៉ាងណាក៏ដោយ ប៉ុលបានសរសេរអំពីជនជាតិយូដាភាគច្រើនថា៖ «ដរាបដល់ថ្ងៃនេះ កាលណាគេមើលគម្ពីរលោកម៉ូសេ នោះក៏គង់តែនៅមានស្បៃបាំងចិត្តគេនៅឡើយ»។ (កូរិនថូសទី២ ៣:១៥) ប៉ុលទំនងជាដឹងនូវអ្វីដែលព្រះយេស៊ូធ្លាប់មានបន្ទូលនឹងអ្នកដឹកនាំសាសនាយូដាថា៖ «អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ»។ (យ៉ូហាន ៥:៣៩) បទគម្ពីរដែលពួកគេបានពិនិត្យពិច័យនោះ គួរតែបំភ្លឺភ្នែកពួកគេឲ្យយល់ថាព្រះយេស៊ូជាព្រះមេស្ស៊ី។ ប៉ុន្តែពួកគេប្រកាន់តាមមតិខ្លួនឯង ហើយសូម្បីតែព្រះរាជបុត្រារបស់ព្រះដែលបានធ្វើអព្ភូតហេតុចំពោះមុខគេ ក៏មិនអាចបញ្ចុះបញ្ចូលពួកគេឲ្យជឿផ្សេងដែរ។
១០ សព្វថ្ងៃនេះ មនុស្សជាច្រើនក្នុងពិភពគ្រីស្ទានសាសនាក៏ដូច្នោះដែរ។ ពួកគេគឺដូចជនជាតិយូដានៅសតវត្សរ៍ទីមួយដែល«មានសេចក្ដីឧស្សាហ៍ដល់ព្រះ ប៉ុន្តែមិនមែនដោយប្រាជ្ញាទេ»។ (រ៉ូម ១០:២) ទោះជាពួកគេខ្លះសិក្សាព្រះគម្ពីរក៏ពិតមែន តែពួកគេមិនចង់ជឿអ្វីដែលព្រះគម្ពីរចែងនោះទេ។ ពួកគេមិនព្រមទទួលស្គាល់ការពិតថា ព្រះយេហូវ៉ាបង្រៀនរាស្ត្រទ្រង់តាមរយៈអ្នកចាក់ប្រេងតាំង ជាអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ។ (ម៉ាថាយ ២៤:៤៥) ចំណែកយើងវិញ យើងយល់ថាព្រះយេហូវ៉ាកំពុងតែបង្រៀនរាស្ត្រទ្រង់ ហើយក៏បំភ្លឺភ្នែកយើងឲ្យយល់សេចក្ដីពិតរបស់ទ្រង់បន្ដិចម្ដងៗ។ (សុភាសិត ៤:១៨) ដោយសារយើងអនុញ្ញាតឲ្យព្រះយេហូវ៉ាបង្រៀន នោះទ្រង់ប្រទានពរឲ្យយើងមានចំណេះអំពីគោលបំណងនិងព្រះហឫទ័យរបស់ទ្រង់។
១១. តើការចង់ជឿអ្វីដែលមិនមែនជាការពិតបានធ្វើឲ្យមនុស្សងងឹតភ្នែកខាងវិញ្ញាណ ពុំអាចយល់សេចក្ដីពិតយ៉ាងដូចម្ដេច?
១១ អ្នកឯទៀតងងឹតភ្នែកខាងវិញ្ញាណ ដោយសារពួកគេចង់តែជឿអ្វីដែលមិនមែនជាការពិត។ មានទំនាយដែលថា មនុស្សខ្លះនឹងចំអកឲ្យរាស្ត្រព្រះនិងសារដែលពួកគេប្រកាសស្តីអំពីវត្តមានរបស់ព្រះយេស៊ូ។ សាវ័កពេត្រុសបានសរសេរថា អ្នកទាំងនោះ«ចង់បំភ្លេចថា»ព្រះបានធ្វើឲ្យមានទឹកជំនន់ពេញផែនដីមួយ ដែលបំផ្លាញចោលលោកីយ៍នៅសម័យណូអេ។ (ពេត្រុសទី២ ៣:៣-៦) ស្រដៀងគ្នាដែរ មនុស្សជាច្រើនដែលអះអាងថាពួកគេជាគ្រីស្ទាន ក៏ទទួលស្គាល់ថាព្រះយេហូវ៉ាប្រកបដោយសេចក្ដីមេត្ដាករុណា សេចក្ដីសប្បុរស ហើយក៏អត់ឱនទោសមនុស្សដែរ។ ក៏ប៉ុន្តែ ពួកគេមិនចង់ទទួលស្គាល់ឬអើពើចំពោះការពិតថា ព្រះមិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ។ (និក្ខមនំ ៣៤:៦, ៧) ចំណែកគ្រីស្ទានពិតវិញ ពួកគេព្យាយាមយល់អ្វីដែលព្រះគម្ពីរពិតជាបង្រៀន។
១២. តើទំនៀមទម្លាប់សាសនាបានធ្វើឲ្យមនុស្សងងឹតភ្នែកខាងវិញ្ញាណយ៉ាងដូចម្ដេច?
១២ មនុស្សជាច្រើនដែលទៅព្រះវិហារ គឺងងឹតភ្នែកខាងវិញ្ញាណដោយសារទំនៀមទម្លាប់។ ព្រះយេស៊ូធ្លាប់មានបន្ទូលនឹងអ្នកដឹកនាំសាសនានៅសម័យទ្រង់ថា៖ «អ្នករាល់គ្នាលើកបញ្ញត្តនៃព្រះចោលហើយ ដោយសារទំនៀមទំលាប់ពីបុរាណរបស់អ្នករាល់គ្នា»។ (ម៉ាថាយ ១៥:៦) ជនជាតិយូដាដែលមានចិត្តខ្នះខ្នែងបានស្ថាបនាការថ្វាយបង្គំពិតឡើងវិញ ក្រោយពួកគេបានត្រឡប់មកពីនិរទេសនៅទីក្រុងបាប៊ីឡូន។ ក៏ប៉ុន្តែ ពួកសង្ឃបានទៅជាអួតអាងក្រអឺតក្រទមរាប់ខ្លួនថាជាមនុស្សសុចរិតជាងគេ។ ពួកគេធ្វើពិធីបុណ្យសាសនាដើម្បីតែបង្គ្រប់កិច្ចប៉ុណ្ណោះ ហើយក៏ធ្វើពិធីនោះតាមរបៀបដែលមិនបង្ហាញការគោរពចំពោះព្រះសោះឡើយ។ (ម៉ាឡាគី ១:៦-៨) លុះដល់សម័យព្រះយេស៊ូ ពួកអាចារ្យនិងពួកផារិស៊ីបានបន្ថែមទំនៀមទម្លាប់ច្រើនឥតគណនាពីលើក្រឹត្យវិន័យម៉ូសេ។ ព្រះយេស៊ូមានបន្ទូលថា ពួកគេជាមនុស្សមានពុត ពីព្រោះពួកគេលែងទទួលស្គាល់គោលការណ៍សុចរិតដែលជាមូលដ្ឋាននៃក្រឹត្យវិន័យ។ (ម៉ាថាយ ២៣:២៣, ២៤) គ្រីស្ទានពិតត្រូវប្រុងប្រយ័ត្ន កុំឲ្យទំនៀមទម្លាប់សាសនាដែលមនុស្សបង្កើតទាញបំបែរអារម្មណ៍ពួកគេចេញពីការថ្វាយបង្គំពិត។
ការ«ឃើញព្រះដ៏មើលមិនឃើញ»
១៣. តើម៉ូសេបានមើលឃើញសិរីរុងរឿងរបស់ព្រះតាមវិធីពីរយ៉ាងអ្វី?
១៣ នៅលើភ្នំស៊ីណាយ ម៉ូសេបានសុំមើលសិរីរុងរឿងរបស់ព្រះ ហើយគាត់បានឃើញពន្លឺសន្ធៅដែលមកពីសិរីរុងរឿងរបស់ព្រះយេហូវ៉ាមែន។ ពេលដែលគាត់ចូលក្នុងរោងឧបោសថ គាត់មិនបានពាក់ស្បៃមុខទេ។ ម៉ូសេមានជំនឿរឹងមាំហើយចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះ។ ទោះជាគាត់មានឯកសិទ្ធិមើលឃើញពន្លឺខ្លះដែលមកពីសិរីរុងរឿងរបស់ព្រះតាមរយៈចក្ខុនិមិត្តក៏ពិតមែន តែយើងក៏អាចនិយាយថាម៉ូសេធ្លាប់ឃើញព្រះពីមុនហើយ តាមរយៈជំនឿរបស់គាត់។ ព្រះគម្ពីរចែងថាម៉ូសេ«បានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញ»។ (ហេព្រើរ ១១:២៧; និក្ខមនំ ៣៤:៥-៧) ហើយគាត់មិនគ្រាន់តែបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះដោយពន្លឺដែលភ្លឺចេញពីផ្ទៃមុខរបស់គាត់ប៉ុណ្ណោះទេ តែតាមរយៈការព្យាយាមជួយអ៊ីស្រាអែលឲ្យស្គាល់និងបំរើព្រះយេហូវ៉ានោះ គាត់ក៏បំប្លាតឲ្យឃើញសិរីរុងរឿងរបស់ទ្រង់ដែរ។
១៤. តើព្រះយេស៊ូធ្លាប់ទតឃើញសិរីរុងរឿងរបស់ព្រះយ៉ាងដូចម្ដេច? តើទ្រង់បានរីករាយនឹងអ្វី?
១៤ អស់កាលយូរលង់នៅស្ថានសួគ៌ ព្រះយេស៊ូបានទតឃើញសិរីរុងរឿងរបស់ព្រះផ្ទាល់នឹងភ្នែក សូម្បីតែមុនសកលលោកបានត្រូវបង្កើតទៅទៀត។ (សុភាសិត ៨:២២, ៣០) ក្នុងរយៈពេលនោះ ចំណងមិត្តភាពប្រកបដោយសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅនិងភាពស្និទ្ធស្នាលចាប់ផ្ដើមមានឡើងរវាងព្រះយេស៊ូនិងព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅនិងជ្រាលជ្រៅបំផុតចំពោះព្រះរាជបុត្រាទ្រង់ ដែលជាបងច្បងនៃគ្រប់អ្វីៗទាំងអស់ដែលព្រះបានបង្កើតមក។ ព្រះយេស៊ូក៏បានបញ្ជាក់សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅតបទៅវិញចំពោះព្រះដែលបានបង្កើតទ្រង់ដែរ។ (យ៉ូហាន ១៤:៣១; ១៧:២៤) នោះគឺជាសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរវាងវរបិតានិងរាជបុត្រា។ ព្រះយេស៊ូក៏ដូចជាម៉ូសេដែរ ដ្បិតទ្រង់រីករាយក្នុងការបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាតាមរយៈអ្វីដែលទ្រង់បង្រៀន។
១៥. តើគ្រីស្ទានពិចារណាមើលសិរីរុងរឿងរបស់ព្រះតាមវិធីណា?
១៥ ដូចម៉ូសេនិងព្រះយេស៊ូ ស្មរបន្ទាល់របស់ព្រះយេហូវ៉ានៅសម័យនេះក៏រំភើបចិត្តដោយពិចារណាមើលសិរីរុងរឿងរបស់ព្រះយេហូវ៉ា។ ពួកគេមិនបានបែរចិត្តគំនិតចេញពីដំណឹងល្អរុងរឿងនោះទេ។ សាវ័កប៉ុលបានសរសេរថា៖ «តែកាលគេបានងាកបែរមកឯព្រះអម្ចាស់វិញ[ដើម្បីធ្វើតាមព្រះហឫទ័យរបស់ទ្រង់] នោះទើបស្បៃនឹងបានដោះចោលចេញ»។ (កូរិនថូសទី២ ៣:១៦) យើងសិក្សាបទគម្ពីរពីព្រោះយើងចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះ។ យើងកោតសរសើរចំពោះសិរីរុងរឿងដែលសម្ដែងដោយព្រះយេស៊ូគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះយេហូវ៉ា និងជាស្តេចដែលទ្រង់បានចាក់ប្រេងតាំង។ យើងក៏ធ្វើតាមគំរូរបស់ទ្រង់ដែរ។ ដូចម៉ូសេនិងព្រះយេស៊ូដែរ យើងក៏បានទទួលកិច្ចការ គឺជាកិច្ចបង្រៀនអ្នកឯទៀតអំពីព្រះដ៏រុងរឿងដែលយើងថ្វាយបង្គំ។
១៦. តើយើងទទួលប្រយោជន៍អ្វីដោយសារស្គាល់សេចក្ដីពិត?
១៦ ព្រះយេស៊ូបានអធិស្ឋានថា៖ «ឱព្រះវរបិតា! . . . ទូលបង្គំសរសើរដល់ទ្រង់ ដោយព្រោះទ្រង់លាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ»។ (ម៉ាថាយ ១១:២៥) ព្រះយេហូវ៉ាបំភ្លឺភ្នែកអ្នកដែលមានចិត្តស្មោះនិងរាបទាបឲ្យយល់នូវគោលបំណងរបស់ទ្រង់និងបុគ្គលិកលក្ខណៈរបស់ទ្រង់។ (កូរិនថូសទី១ ១:២៦-២៨) ទ្រង់ការពារ ហើយបង្រៀនយើងឲ្យទទួលប្រយោជន៍ល្អបំផុតពីជីវិត។ ចូរយើងឆ្លៀតគ្រប់ឱកាសដើម្បីចូលទៅជិតព្រះយេហូវ៉ា ដោយយល់តម្លៃនៃសំវិធានការជាច្រើនដែលទ្រង់ផ្គត់ផ្គង់ដើម្បីជួយយើងស្គាល់ទ្រង់កាន់តែច្បាស់ជាង។
១៧. តើយើងស្គាល់គុណសម្បត្ដិរបស់ព្រះយេហូវ៉ាច្បាស់ជាងតាមវិធីណា?
១៧ ប៉ុលបានសរសេរទៅកាន់គ្រីស្ទានចាក់ប្រេងតាំងថា៖ «យើងបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាដូចកញ្ចក់ឆ្លុះមុខ [ហើយ]យើងកំពុងតែផ្លាស់ប្រែ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីរុងរឿងទៅសិរីរុងរឿង»។ (កូរិនថូសទី២ ៣:១៨, ព.ថ.) មិនថាយើងមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ឬរស់នៅផែនដីក៏ដោយ កាលដែលយើងស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់ ដោយយល់នូវបុគ្គលិកលក្ខណៈរបស់ទ្រង់ដូចត្រូវបើកសម្ដែងក្នុងព្រះគម្ពីរ កាលនោះឯងយើងមានលក្ខណៈដូចទ្រង់កាន់តែច្រើន។ បើចិត្តកតញ្ញូជំរុញឲ្យយើងរំពឹងគិតអំពីព្រះជន្ម កិច្ចបំរើ និងសេចក្ដីបង្រៀនរបស់ព្រះយេស៊ូគ្រីស្ទ នោះយើងនឹងមានគុណសម្បត្ដិកាន់តែដូចគុណសម្បត្ដិរបស់ព្រះយេហូវ៉ា។ យើងពិតជាសប្បាយមែន! ដោយដឹងថាយើងនាំឲ្យព្រះរបស់យើងទទួលសេចក្ដីសរសើរ ពេលដែលយើងព្យាយាមបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ទ្រង់!
តើអ្នកចាំទេ?
• ហេតុអ្វីបានជាជនជាតិអ៊ីស្រាអែលខ្លាចមិនហ៊ានមើលពន្លឺពីសិរីរុងរឿងរបស់ព្រះដែលភ្លឺចេញពីផ្ទៃមុខរបស់ម៉ូសេ?
• តើដំណឹងល្អត្រូវបាន«គ្របបាំង»នៅសតវត្សរ៍ទីមួយយ៉ាងដូចម្ដេច? ចុះនៅសម័យយើង?
• តើយើងបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ២៣]
ជនជាតិអ៊ីស្រាអែលមិនអាចមើលមុខរបស់ម៉ូសេឡើយ
[រូបភាពនៅទំព័រ២៥]
ដូចប៉ុល មនុស្សជាច្រើនដែលធ្លាប់ប្រឆាំងសេចក្ដីពិតរបស់ព្រះ ឥឡូវនេះកំពុងតែបំរើទ្រង់វិញ
[រូបភាពនៅទំព័រ២៦]
អ្នកបំរើរបស់ព្រះយេហូវ៉ារីករាយនឹងការបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះ