បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w06 ១/៩ ទំ. ២២-២៧
  • របៀបចូលទៅជិត«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបចូលទៅជិត«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តម្រូវ​ការ​សម្រាប់​ចូល​ទៅ​ជិត​ព្រះ​ដោយ​អធិស្ឋាន
  • នៅ​សម័យ​មាន​កិច្ច​ព្រម​ព្រៀង​ខាង​ក្រឹត្យ​វិន័យ
  • របៀប​ចូល​ទៅ​ជិត​ព្រះ​តាម​រយៈ​ព្រះ​គ្រិស្ត
  • តើ​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​បែប​ណា?
  • តើសេចក្ដីអធិស្ឋានរបស់អ្នក«បានផ្សាយឡើងដូចជាគ្រឿងក្រអូប»ឬទេ?
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចូរចូលទៅជិតព្រះតាមរយៈការអធិស្ឋាន
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • របៀបដែលអ្នកអាចចូលទៅជិតព្រះ
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចូរឲ្យតម្លៃចំពោះឯកសិទ្ធិអធិដ្ឋាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
w06 ១/៩ ទំ. ២២-២៧

របៀប​ចូល​ទៅ​ជិត​«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន»

​«ឱ​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​អើយ! អស់​ទាំង​មនុស្ស​នឹង​មូល​មក​ឯ​ទ្រង់»។—ទំនុកដំកើង ៦៥:២

១​. តើ​មនុស្ស​ជាតិ​មាន​លក្ខណៈ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ប្លែក​ពី​ភាវរស់​ឯ​ទៀត​លើ​ផែនដី? តើ​នោះ​ផ្ដល់​លទ្ធភាព​ឲ្យ​មាន​អ្វី?

នៅ​លើ​ផែនដី​មាន​ភាវរស់ រាប់​សិប​ពាន់​ប្រភេទ។ ក៏​ប៉ុន្តែ​មាន​តែ​មនុស្ស​ជាតិ​ប៉ុណ្ណោះ ដែល​មាន​សមត្ថភាព​អាច​ថ្វាយ​បង្គំ​ព្រះ​ជា​អ្នក​បង្កើត។ មាន​តែ​មនុស្ស​ជាតិ​ប៉ុណ្ណោះ​ដែល​ទទួល​ស្គាល់​ថា ខ្លួន​មាន​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ ហើយ​មាន​តែ​មនុស្ស​ជាតិ​ដែល​មាន​ចិត្ត​ប្រាថ្នា​ឲ្យ​បំពេញ​សេចក្ដី​ត្រូវ​ការ​នោះ។ នេះ​ផ្ដល់​លទ្ធភាព​ដ៏​អស្ចារ្យ​មួយ គឺ​យើង​អាច​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌។

២​. តើ​បាប​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ចំណង​មិត្តភាព​រវាង​មនុស្ស​និង​ព្រះ​ជា​អ្នក​បង្កើត?

២ ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​សមត្ថភាព​ទូល​ថ្វាយ​ទ្រង់។ ពេល​ដែល​អ័ដាម​និង​អេវ៉ា​ត្រូវ​បង្កើត ពួក​គាត់​គ្មាន​បាប​ឡើយ។ ហេតុ​នេះ​ហើយ ពួក​គាត់​អាច​ទូល​ថ្វាយ​ព្រះ​ដោយ​សេរី ដូច​ជា​កូន​និយាយ​ជា​មួយ​ឪពុក​ខ្លួន។ ក៏​ប៉ុន្តែ អ័ដាម​និង​អេវ៉ា​បាន​បាត់បង់​ឯកសិទ្ធិ​អស្ចារ្យ​នោះ ក្រោយ​ដែល​ពួក​គាត់​ធ្វើ​បាប។ អ័ដាម​និង​អេវ៉ា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ ហើយ​ជា​លទ្ធផល​ពួក​គាត់​បាត់បង់​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ទ្រង់។ (លោកុប្បត្តិ ៣:៨​-​១៣, ១៧​-​២៤) តើ​នោះ​មាន​ន័យ​ថា កូន​ចៅ​ឥត​គ្រប់​លក្ខណ៍​របស់​អ័ដាម​ក៏​មិន​អាច​ទូល​ថ្វាយ​ព្រះ​ដែរ​ឬ​ទេ? មិន​មាន​ន័យ​ដូច្នេះ​ទេ។ ព្រះ​យេហូវ៉ា​នៅ​តែ​អនុញ្ញាត​ឲ្យ​ពួក​គេ​ទូល​ថ្វាយ​ទ្រង់ ឲ្យ​តែ​ពួក​គេ​បំពេញ​តម្រូវ​ការ​ខ្លះៗ​មុន​សិន។ តើ​តម្រូវ​ការ​នោះ​ជា​អ្វី?

តម្រូវ​ការ​សម្រាប់​ចូល​ទៅ​ជិត​ព្រះ​ដោយ​អធិស្ឋាន

៣​. តើ​មនុស្ស​ឥត​គ្រប់​លក្ខណ៍​គួរ​ចូល​ទៅ​ជិត​ព្រះ​ដោយ​ដូច​ម្ដេច? តើ​ឧទាហរណ៍​អ្វី​បញ្ជាក់​ចំណុច​នេះ?

៣ ហេតុ​ការណ៍​ដែល​ទាក់ទង​នឹង​កូន​ប្រុស​ពីរ​នាក់​របស់​អ័ដាម ជួយ​ឲ្យ​យើង​យល់​អ្វី​ដែល​ព្រះ​តម្រូវ​អំពី​មនុស្ស​ឥត​គ្រប់​លក្ខណ៍​ណា​ដែល​ចង់​ចូល​ទៅ​ជិត​ទ្រង់។ ទាំង​កាអ៊ីន​ទាំង​អេបិល​បាន​ថ្វាយ​តង្វាយ ដើម្បី​ខំ​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​សណ្ដាប់​នូវ​ការ​ទូល​សុំ​របស់​ពួក​គាត់។ ព្រះ​បាន​សព្វ​ព្រះ​ហឫទ័យ​នឹង​តង្វាយ​របស់​អេបិល តែ​មិន​បាន​សព្វ​ព្រះ​ហឫទ័យ​នឹង​តង្វាយ​របស់​កាអ៊ីន​ទេ។ (លោកុប្បត្តិ ៤:៣​-​៥) តើ​ហេតុ​អ្វី? ហេព្រើរ ១១:៤​សរសេរ​ថា​៖ «ដោយសារ​សេចក្ដី​ជំនឿ នោះ​អេបិល​បាន​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​ដង្វាយ​របស់​កាអ៊ីន ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​គាត់ ដោយ​ព្រោះ​យញ្ញបូជា​នោះ​ថា​គាត់​សុចរិត»។ កំណត់​ហេតុ​នេះ​បញ្ជាក់​តម្រូវ​ការ​មួយ​យ៉ាង​ច្បាស់ គឺ​យើង​ត្រូវ​តែ​មាន​ជំនឿ​ទើប​ព្រះ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទ្រង់​ដោយ​អធិស្ឋាន។ តម្រូវ​ការ​មួយ​ទៀត​គឺ​ស​ឲ្យ​ឃើញ​ដោយ​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ចំពោះ​កាអ៊ីន​ដែល​ថា​៖ «បើ​ឯង​ធ្វើ​ល្អ តើ​មិន​បាន​ទឹក​មុខ​រីករាយ​វិញ​ទេ​ឬ​អី?»។ ដូច្នេះ​ព្រះ​នឹង​ព្រម​ឲ្យ​កាអ៊ីន​ចូល​ទៅ​ជិត​ទ្រង់ ប្រសិន​បើ​គាត់​ចាប់​ផ្ដើម​ធ្វើ​ល្អ​វិញ។ ក៏​ប៉ុន្តែ កាអ៊ីន​មិន​បាន​ធ្វើ​តាម​ការ​ទូន្មាន​របស់​ព្រះ​ឡើយ។ គាត់​បាន​សម្លាប់​អេបិល​វិញ ហើយ​នៅ​ទីបំផុត​គាត់​បាន​ត្រូវ​បំបរបង់​ចោល។ (លោកុប្បត្តិ ៤:៧​-​១២) ដូច្នេះ​មិន​យូរ​ក្រោយ​ដើម​កំណើត​មនុស្ស​ជាតិ យើង​ឃើញ​ថា​ការ​ចូល​ទៅ​ជិត​ព្រះ​ដោយ​មាន​ជំនឿ​និង​ការ​ប្រព្រឹត្ត​ដ៏​ល្អ​បាន​ត្រូវ​បញ្ជាក់​ជា​អ្វី​ដ៏​សំខាន់​ណាស់។

៤​. តើ​យើង​គួរ​ទទួល​ស្គាល់​អ្វី​ស្តី​អំពី​ការ​ចូល​ទៅ​ជិត​ព្រះ​ដោយ​អធិស្ឋាន?

៤ ដើម្បី​ចូល​ទៅ​ជិត​ព្រះ​ដោយ​អធិស្ឋាន យើង​ចាំបាច់​ត្រូវ​ទទួល​ស្គាល់​ថា​យើង​មាន​បាប។ មនុស្ស​ទាំង​អស់​មាន​បាប ហើយ​បាប​ជា​ឧបសគ្គ​មួយ​ចំពោះ​ការ​ទូល​ថ្វាយ​ព្រះ។ យេរេមា​បាន​សរសេរ​អំពី​សាសន៍​អ៊ីស្រាអែល​ថា​៖ «យើង​ខ្ញុំ​បាន​រំលង . . . ទ្រង់​បាំង​អង្គ​ដោយ​ពពក ដើម្បី​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​ណា​ចូល​ទៅ​ដល់​បាន​ឡើយ»។ (បរិទេវ ៣:៤២, ៤៤) ទោះ​ជា​យ៉ាង​នោះ​ក្ដី ព្រះ​បាន​បង្ហាញ​ជា​យូរ​យារ​មក​ហើយ​ថា ទ្រង់​សព្វ​ព្រះ​ហឫទ័យ​សណ្ដាប់​នូវ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ដែល​ទូល​ថ្វាយ​ទ្រង់​ដោយ​មាន​ជំនឿ​និង​ចិត្ត​គំនិត​ត្រឹម​ត្រូវ ថែម​ទាំង​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​ទ្រង់។ (ទំនុកដំកើង ១១៩:១៤៥) តើ​មាន​អ្នក​ណា​ខ្លះ​ដែល​ទ្រង់​ធ្លាប់​សណ្ដាប់​នោះ? ហើយ​តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​សេចក្ដី​អធិស្ឋាន​របស់​ពួក​គេ?

៥, ៦​. តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​អ័ប្រាហាំ​បាន​ទូល​ថ្វាយ​ព្រះ?

៥ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​អ័ប្រាហាំ។ យើង​ដឹង​ថា​ព្រះ​បាន​អនុញ្ញាត​ឲ្យ​អ័ប្រាហាំ​ចូល​ទៅ​ជិត​ទ្រង់ ដ្បិត​ទ្រង់​មាន​បន្ទូល​ហៅ​គាត់​«សំឡាញ់​របស់​អញ»។ (អេសាយ ៤១:៨) តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​អ័ប្រាហាំ​បាន​ទូល​ថ្វាយ​ព្រះ? បុរស​ស្មោះ​ត្រង់​នេះ​ដែល​ជា​បុព្វ​បុរស​របស់​សាសន៍​អ៊ីស្រាអែល បាន​ទូល​សួរ​ព្រះ​យេហូវ៉ា​អំពី​អ្នក​ដែល​ត្រូវ​បន្ត​វង្ស​ត្រកូល​របស់​គាត់ ដោយ​សួរ​ថា​៖ «តើ​ទ្រង់​នឹង​ប្រទាន​អ្វី​មក​ទូល​បង្គំ ដែល​ទូល​បង្គំ​ចេះ​តែ​នៅ​ដោយ​ឥត​មាន​កូន​ដូច្នេះ?»។ (លោកុប្បត្តិ ១៥:២, ៣; ១៧:១៨) នៅ​គ្រា​មួយ​ផ្សេង​ទៀត អ័ប្រាហាំ​បាន​ទូល​ប្រាប់​ពី​ការ​ព្រួយ​បារម្ភ​របស់​គាត់ ស្តី​អំពី​អ្នក​ដែល​នឹង​ត្រូវ​សង្គ្រោះ​នៅ​ពេល​ព្រះ​អនុវត្ត​ការ​ជំនុំ​ជម្រះ​ទៅ​លើ​ទី​ក្រុង​សូដុំម​និង​កូម៉ូរ៉ា​ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​ទុច្ចរិត។ (លោកុប្បត្តិ ១៨:២៣​-​៣៣) អ័ប្រាហាំ​ក៏​ធ្លាប់​ទូល​អង្វរ​ព្រះ​ដើម្បី​អ្នក​ឯ​ទៀត​ដែរ។ (លោកុប្បត្តិ ២០:៧, ១៧) ហើយ​ដូច​អេបិល ជួន​កាល​អ័ប្រាហាំ​បាន​ថ្វាយ​តង្វាយ​ពេល​ដែល​ចង់​ចូល​ទៅ​ជិត​ព្រះ។—លោកុប្បត្តិ ២២:៩​-​១៤

៦ នៅ​គ្រា​ទាំង​អស់​នោះ អ័ប្រាហាំ​មាន​អារម្មណ៍​ថា គាត់​អាច​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ដោយ​សេរី។ ប៉ុន្តែ​សេរីភាព​ក្នុង​ការ​ទូល​ថ្វាយ​ព្រះ ក៏​បាន​គួប​ផ្សំ​នឹង​ចិត្ត​រាប​ទាប​ដោយ​ទទួល​ស្គាល់​ថា​ខ្លួន​តូច​ទាប​ណាស់​បើ​ប្រៀបធៀប​ជា​មួយ​នឹង​ព្រះ​ជា​អ្នក​បង្កើត។ សូម​កត់​សម្គាល់​សម្ដី​កោត​គោរព​របស់​គាត់​នៅ​លោកុប្បត្តិ ១៨:២៧​ដែល​ថា​៖ «មើល! ឥឡូវ​ទូល​បង្គំ​បាន​ផ្ដើម​ទូល​នឹង​ព្រះ​អម្ចាស់ ដែល​ទូល​បង្គំ​ជា​ធូលីដី ហើយ​ជា​ផែះ​ទទេ»។ ចិត្ត​គំនិត​របស់​គាត់​ជា​គំរូ​ល្អ​ណាស់​សម្រាប់​យើង!

៧​. តើ​បុព្វ​បុរស​របស់​សាសន៍​អ៊ីស្រាអែល​ធ្លាប់​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​អំពី​រឿង​អ្វី​ខ្លះ?

៧ បណ្ដា​បុព្វ​បុរស​របស់​សាសន៍​អ៊ីស្រាអែល​ធ្លាប់​អធិស្ឋាន​អំពី​រឿង​ផ្សេងៗ ហើយ​ព្រះ​យេហូវ៉ា​បាន​សព្វ​ព្រះ​ហឫទ័យ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​ពួក​គេ។ យ៉ាកុប​ធ្លាប់​អធិស្ឋាន​សន្យា​នឹង​ព្រះ។ ក្រោយ​អធិស្ឋាន​សុំ​ការ​គាំទ្រ​ពី​ព្រះ គាត់​បាន​សន្យា​ថា​៖ «ទូល​បង្គំ​នឹង​ថ្វាយ​ទ្រង់​១​ភាគ​ក្នុង​១០ ពី​គ្រប់​ទាំង​របស់​ដែល​ទ្រង់​ប្រទាន​មក​ទូល​បង្គំ​ដែរ»។ (លោកុប្បត្តិ ២៨:២០​-​២២) នៅ​ពេល​គាត់​ជិត​ជួប​បង​ប្រុស​របស់​គាត់ យ៉ាកុប​បាន​អធិស្ឋាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ការពារ​គាត់ ដោយ​ទូល​ថា «សូម​ទ្រង់​ប្រោស​ឲ្យ​ទូល​បង្គំ​រួច​ពី​កណ្ដាប់​ដៃ​នៃ​អេសាវ​ជា​បង ដ្បិត​ទូល​បង្គំ​ខ្លាច»។ (លោកុប្បត្តិ ៣២:៩​-​១២) យ៉ូប​បាន​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ដើម្បី​ក្រុម​គ្រួសារ​របស់​គាត់ ថែម​ទាំង​បាន​ថ្វាយ​តង្វាយ​សម្រាប់​ពួក​គេ​ទៀត​ផង។ ក្រោយ​មក ពេល​ដែល​មិត្ត​បី​នាក់​របស់​គាត់​បាន​ធ្វើ​បាប​ដោយ​ពាក្យ​សម្ដី​របស់​ពួក​គេ នោះ​យ៉ូប​បាន​អធិស្ឋាន​ដើម្បី​ពួក​គេ ហើយ​«ព្រះ​យេហូវ៉ា . . . ទ្រង់​ក៏​ទទួល​ព្រម​តាម​យ៉ូប»។ (យ៉ូប ១:៥; ៤២:៧​-​៩) កំណត់​ហេតុ​ទាំង​នេះ​ជួយ​ឲ្យ​ដឹង​អំពី​រឿង​អ្វី​ខ្លះ​ដែល​យើង​អាច​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​បាន។ យើង​ក៏​ឃើញ​ដែរ​ថា ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​សណ្ដាប់​នូវ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ដែល​ទូល​ថ្វាយ​ទ្រង់​តាម​របៀប​ត្រឹម​ត្រូវ។

នៅ​សម័យ​មាន​កិច្ច​ព្រម​ព្រៀង​ខាង​ក្រឹត្យ​វិន័យ

៨​. នៅ​សម័យ​ដែល​កិច្ច​ព្រម​ព្រៀង​ខាង​ក្រឹត្យ​វិន័យ​មាន​សុពល​ភាព តើ​រឿង​ផ្សេងៗ​បាន​ត្រូវ​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ដើម្បី​ប្រជាជន​តាម​របៀប​ណា?

៨ ក្រោយ​ព្រះ​យេហូវ៉ា​បាន​រំដោះ​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ទ្រង់​ក៏​ធ្វើ​កិច្ច​ព្រម​ព្រៀង​ខាង​ក្រឹត្យ​វិន័យ​ជា​មួយ​ពួក​គេ។ ក្រឹត្យ​វិន័យ​នោះ​ពន្យល់​តម្រូវ​ការ​សម្រាប់​ការ​ចូល​ទៅ​ជិត​ព្រះ​តាម​រយៈ​គណៈ​សង្ឃ។ បុរស​ខ្លះ​ពី​កុលសម្ព័ន្ធ​លេវី​ត្រូវ​បម្រើ​ជា​សង្ឃ​ដើម្បី​ប្រជាជន។ នៅ​ពេល​មាន​រឿង​សំខាន់​កើត​ឡើង​ដែល​ទាក់ទង​នឹង​ប្រទេស​ជាតិ មាន​មនុស្ស​ម្នាក់​ដែល​តំណាង​សាសន៍​ទាំង​មូល​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​អំពី​រឿង​នោះ។ ជួន​កាល​អ្នក​តំណាង​នោះ​ជា​ស្តេច​ឬ​ក៏​អ្នក​សំណ​ព្វ​របស់​ព្រះ​មួយ​រូប។ (សាំយូអែលទី១ ៨:២១, ២២; ១៤:៣៦​-​៤១; យេរេមា ៤២:១​-​៣) ជា​ឧទាហរណ៍ នៅ​ឯ​ពិធី​សម្ពោធ​ព្រះ​វិហារ ស្តេច​សាឡូម៉ូន​បាន​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់​ពី​ព្រះទ័យ។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​សេចក្ដី​អធិស្ឋាន​របស់​សាឡូម៉ូន ដោយ​ធ្វើ​ឲ្យ​សិរី​រុងរឿង​របស់​ទ្រង់​ភ្លឺ​ត្រចះ​នៅ​ក្នុង​ព្រះ​វិហារ ហើយ​ដោយ​មាន​បន្ទូល​ថា​៖ ‹ត្រចៀក​អញ នឹង​ផ្ទៀង​ស្ដាប់​សេចក្ដី ដែល​គេ​អធិស្ឋាន​នៅ​ទី​នេះ›។—របាក្សត្រទី២ ៦:១២​–​៧:៣, ១៥

៩​. ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​យ៉ាង​ត្រឹម​ត្រូវ​នៅ​ឯ​ព្រះ​វិហារ តើ​ក្រឹត្យ​វិន័យ​តម្រូវ​ឲ្យ​ធ្វើ​អ្វី?

៩ ក្រឹត្យ​វិន័យ​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ប្រជាជន​អ៊ីស្រាអែល​បាន​ពន្យល់​តម្រូវ​ការ​មួយ សម្រាប់​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​តាម​របៀប​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នៅ​ឯ​ព្រះ​វិហារ។ តើ​តម្រូវ​ការ​នោះ​ជា​អ្វី? រៀង​រាល់​ព្រឹក​រៀង​រាល់​ល្ងាច បន្ថែម​នឹង​ការ​ថ្វាយ​សត្វ​ជា​តង្វាយ​នោះ សម្ដេច​សង្ឃ​ត្រូវ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​យេហូវ៉ា​ដែរ។ នៅ​សម័យ​ក្រោយ​មក សង្ឃ​ដែល​មាន​ឋានៈ​ទាប​ជាង​សម្ដេច​សង្ឃ​បាន​បំពេញ​កិច្ច​បម្រើ​នេះ លើក​លែង​តែ​នៅ​ថ្ងៃ​បុណ្យ​ធួន​នឹង​បាប។ ប្រសិន​បើ​ពួក​សង្ឃ​មិន​បាន​បង្ហាញ​ការ​កោត​គោរព​យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​កិច្ច​បម្រើ​របស់​ពួក​គេ​ឡើយ។—និក្ខមនំ ៣០:៧, ៨; របាក្សត្រទី២ ១៣:១១

១០, ១១​. តើ​មាន​ភ័ស្តុតាង​អ្វី​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ធ្លាប់​សព្វ​ព្រះ​ហឫទ័យ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​បុគ្គល​ម្នាក់ៗ?

១០ នៅ​ស្រុក​អ៊ីស្រាអែល​នា​សម័យ​បុរាណ តើ​តែង​តែ​ត្រូវ​ការ​អ្នក​តំណាង ទើប​អាច​ចូល​ទៅ​ជិត​ព្រះ​ឬ​ទេ? មិន​មែន​ទេ ដ្បិត​បទ​គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​ម្នាក់ៗ​ដែរ។ ពេល​សាឡូម៉ូន​អធិស្ឋាន​សម្ពោធ​ព្រះ​វិហារ ទ្រង់​បាន​ទូល​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ «ទោះ​បើ​មនុស្ស​ណា ឬ​បណ្ដា​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​ទ្រង់ . . . លើក​ដៃ​ប្រ​ទូល​ដំ​រង់​មក​ឯ​ព្រះ​វិហារ​នេះ ហើយ​អធិស្ឋាន​ឬ​ទូល​សូម​អ្វី​ក៏​ដោយ នោះ​សូម​ទ្រង់​ប្រោស​ស្ដាប់​ពី​លើ​ស្ថានសួគ៌»។ (របាក្សត្រទី២ ៦:២៩, ៣០) កំណត់​ហេតុ​របស់​លូកា​រៀប​រាប់​ថា អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​មួយ​ហ្វូង​ដែល​មិន​មែន​ជា​សង្ឃ​បាន​«នៅ​ខាង​ក្រៅ​កំពុង​តែ​អធិស្ឋាន» នៅ​ពេល​សាការី ដែល​ជា​ឪពុក​យ៉ូហាន​បាទីស្ទ​កំពុង​តែ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ព្រះ​វិហារ។ តាម​មើល​ទៅ ពួក​គេ​ចាប់​ផ្ដើម​មាន​ទម្លាប់​មូល​គ្នា​នៅ​ខាង​ក្រៅ​ព្រះ​វិហារ ដើម្បី​អធិស្ឋាន​ពេល​ដែល​គ្រឿង​ក្រអូប​ត្រូវ​ដុត​ថ្វាយ​ព្រះ​យេហូវ៉ា​នៅ​លើ​អាសនៈ​មាស។—លូកា ១:៨​-​១០

១១ អាស្រ័យ​ហេតុ​នេះ​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ដែល​តំណាង​សាសន៍​អ៊ីស្រាអែល​ទាំង​មូល ហើយ​ក៏​សព្វ​ព្រះ​ហឫទ័យ​សណ្ដាប់​បុគ្គល​ម្នាក់ៗ​ដែល​ចង់​ទូល​ថ្វាយ​ទ្រង់​ដោយ​ផ្ទាល់ ពេល​ដែល​ពួក​គេ​ខំ​ចូល​ទៅ​ជិត​ទ្រង់​តាម​របៀប​ត្រឹម​ត្រូវ។ សព្វ​ថ្ងៃ​នេះ កិច្ច​ព្រម​ព្រៀង​ខាង​ក្រឹត្យ​វិន័យ​មិន​មាន​សុពល​ភាព​ទៀត​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី យើង​អាច​ទាញ​យក​មេ​រៀន​សំខាន់​ស្តី​អំពី​របៀប​អធិស្ឋាន ដោយ​មើល​របៀប​សាសន៍​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​ធ្លាប់​ចូល​ទៅ​ជិត​ព្រះ។

របៀប​ចូល​ទៅ​ជិត​ព្រះ​តាម​រយៈ​ព្រះ​គ្រិស្ត

១២​. តើ​មាន​ការ​រៀបចំ​បែប​ណា​សម្រាប់​ឲ្យ​គ្រិស្ត​សា​សនិក​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា?

១២ សព្វ​ថ្ងៃ​នេះ យើង​ត្រូវ​កាន់​តាម​របៀប​រៀបចំ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គ្រិស្ត។ លែង​មាន​ព្រះ​វិហារ​សម្រាប់​បែរ​មុខ​ទៅ​រក​ពេល​ចង់​អធិស្ឋាន ហើយ​ក៏​លែង​មាន​សង្ឃ​ដើម្បី​តំណាង​រាស្ត្រ​ព្រះ​ទៀត។ ទោះ​ជា​យ៉ាង​នេះ​ក៏​ពិត​មែន ក៏​ព្រះ​យេហូវ៉ា​នៅ​តែ​មាន​របៀប​រៀបចំ​មួយ ដើម្បី​ឲ្យ​យើង​ចូល​ទៅ​ជិត​ទ្រង់។ តើ​នោះ​ជា​អ្វី? នៅ​ឆ្នាំ​២៩​គ.ស. ពេល​ព្រះ​យេស៊ូ​បាន​ត្រូវ​ចាក់​ប្រេង​តាំង ហើយ​តែងតាំង​ជា​សម្ដេច​សង្ឃ​នោះ ព្រះ​វិហារ​ខាង​វិញ្ញាណ​ចាប់​ផ្ដើម​មាន​ដំណើរ​ការ។a ព្រះ​វិហារ​ខាង​វិញ្ញាណ​នេះ​ជា​ការ​រៀបចំ​ថ្មី​សម្រាប់​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ដោយ​ផ្អែក​មូលដ្ឋាន​លើ​យញ្ញបូជា​របស់​ព្រះ​គ្រិស្ត​យេស៊ូ​ដែល​ជា​តង្វាយ​មេត្រី​ធួន​បាប​របស់​យើង។—ហេព្រើរ ៩:១១, ១២

១៣​. ស្តី​អំពី​សេចក្ដី​អធិស្ឋាន តើ​ព្រះ​វិហារ​នៅ​ទី​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ​ខាង​វិញ្ញាណ​មាន​លក្ខណៈ​អ្វី​ស្រដៀង​នឹង​គ្នា?

១៣ លក្ខណៈ​ជា​ច្រើន​នៃ​ព្រះ​វិហារ​នៅ​ទី​ក្រុង​យេរូសាឡិម ជា​និមិត្តរូប​សមរម្យ​សម្រាប់​ព្រះ​វិហារ​ខាង​វិញ្ញាណ រួម​ទាំង​អ្វីៗ​ដែល​ទាក់ទង​នឹង​សេចក្ដី​អធិស្ឋាន​ដែរ។ (ហេព្រើរ ៩:១​-​១០) ជា​ឧទាហរណ៍ តើ​គ្រឿង​ក្រអូប​ដែល​ត្រូវ​ថ្វាយ​ព្រឹក​ល្ងាច​លើ​អាសនៈ​ក្នុង​ទី​បរិសុទ្ធ​នៃ​ព្រះ​វិហារ​តំណាង​អ្វី? យោង​ទៅ​តាម​សៀវភៅ​វិវរណៈ «គ្រឿង​ក្រអូប​នោះ​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ»។ (វិវរណៈ ៥:៨; ៨:៣, ៤) ព្រះ​វិញ្ញាណ​បាន​បណ្ដាល​ឲ្យ​ដាវីឌ​សរសេរ​ថា​៖ «សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូល​បង្គំ​បាន​ផ្សាយ​ឡើង ដូច​ជា​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់»។ (ទំនុកដំកើង ១៤១:២) ហេតុ​នេះ​ហើយ តាម​របៀប​រៀបចំ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គ្រិស្ត គ្រឿង​ក្រអូប​នោះ​ជា​តំណាង​យ៉ាង​ត្រឹម​ត្រូវ​អំពី​សេចក្ដី​អធិស្ឋាន​និង​សេចក្ដី​សរសើរ​ដែល​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​សណ្ដាប់។—ថែស្សាឡូនីចទី១ ៣:១០

១៤, ១៥​. សូម​ពន្យល់​អំពី​ការ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដោយ (ក) គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង។ (ខ) ចុះ​«ចៀម​ឯ​ទៀត»?

១៤ តើ​អ្នក​ណា​អាច​ចូល​ទៅ​ជិត​ព្រះ​នៅ​ព្រះ​វិហារ​ខាង​វិញ្ញាណ​នេះ? នា​ព្រះ​វិហារ​នៅ​ទី​ក្រុង​យេរូសាឡិម ពួក​សង្ឃ​និង​ពួក​លេវី​មាន​ឯកសិទ្ធិ​បម្រើ​នៅ​ទីលាន​ក្នុង ប៉ុន្តែ​មាន​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ​អាច​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ។ គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ ស្ថិត​ក្នុង​ស្ថានភាព​ខាង​វិញ្ញាណ​ដ៏​ពិសេស​មួយ ដែល​តំណាង​ដោយ​ទីលាន​ក្នុង​និង​ទី​បរិសុទ្ធ។ នោះ​ផ្ដល់​លទ្ធភាព​ឲ្យ​ពួក​គេ​អធិស្ឋាន​និង​សរសើរ​ព្រះ។

១៥ ចុះ​«ចៀម​ឯ​ទៀត»​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី? (យ៉ូហាន ១០:១៦) អេសាយ​បាន​បញ្ជាក់​ថា មនុស្ស​ពី​សាសន៍​ជា​ច្រើន​នឹង​មក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​«នៅ​ជាន់​ក្រោយ​បង្អស់»។ (អេសាយ ២:២, ៣) គាត់​ក៏​បាន​សរសេរ​ថា «ពួក​សាសន៍​ដទៃ»​ទាំង​នោះ​នឹង​នៅ​ជាប់​នឹង​ព្រះ​យេហូវ៉ា។ ព្រះ​បាន​បញ្ជាក់​ថា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ពួក​គេ​ចូល​មក​ជិត​ទ្រង់ ដោយ​មាន​បន្ទូល​ថា​៖ «អញ​នឹង . . . ឲ្យ​គេ​បាន​អរ​សប្បាយ នៅ​ក្នុង​ដំណាក់​របស់​អញ ដែល​សំរាប់​ជា​ទី​អធិស្ឋាន»។ (អេសាយ ៥៦:៦, ៧) វិវរណៈ ៧:៩​-​១៥​ពន្យល់​ថែម​ទៀត ដោយ​សរសេរ​អំពី​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ» ពី​«គ្រប់​ទាំង​សាសន៍»​ដែល​មូល​គ្នា​ថ្វាយ​បង្គំ​និង​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​«ទាំង​យប់​ទាំង​ថ្ងៃ»​ក្នុង​ទីលាន​ក្រៅ​របស់​ព្រះ​វិហារ​ខាង​វិញ្ញាណ។ យើង​ពិត​ជា​សប្បាយ​ណាស់! ដែល​ដឹង​ថា​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ អាច​ទូល​ថ្វាយ​ទ្រង់​ដោយ​សេរី ហើយ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​ទ្រង់​នឹង​ព្រះ​សណ្ដាប់​ពួក​គេ។

តើ​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​បែប​ណា?

១៦​. តើ​យើង​អាច​រៀន​អ្វី​ស្តី​អំពី​សេចក្ដី​អធិស្ឋាន​ដោយ​មើល​គំរូ​របស់​បណ្ដា​គ្រិស្ត​សា​សនិក​នៅ​សម័យ​ដើម?

១៦ បណ្ដា​គ្រិស្ត​សា​សនិក​នៅ​សម័យ​ដើម ឧស្សាហ៍​អធិស្ឋាន​ណាស់។ តើ​ពួក​គេ​ធ្លាប់​អធិស្ឋាន​អំពី​រឿង​អ្វី​ខ្លះ? អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​ធ្លាប់​សុំ​ការ​ណែនាំ​ដើម្បី​អាច​ជ្រើសរើស​បុរស​ឲ្យ​កាន់​ភារកិច្ច​ផ្សេងៗ​ក្នុង​អង្គការ​របស់​ព្រះ។ (កិច្ចការ ១:២៤, ២៥; ៦:៥, ៦) អេប៉ាប្រាស​ធ្លាប់​អធិស្ឋាន​ដើម្បី​អ្នក​ជឿ​គ្នីគ្នា។ (កូល៉ុស ៤:១២) សមាជិក​ក្រុមជំនុំ​នៅ​ទី​ក្រុង​យេរូសាឡិម​ធ្លាប់​អធិស្ឋាន​ដើម្បី​ពេត្រុស ពេល​ដែល​គាត់​ជាប់​គុក។ (កិច្ចការ ១២:៥) គ្រិស្ត​សា​សនិក​ទាំង​ឡាយ​នៅ​សម័យ​ដើម​ធ្លាប់​សុំ​ព្រះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ក្លាហាន​នៅ​ចំពោះ​មុខ​ការ​បៀតបៀន ដោយ​ប្រាប់​ថា «ឱ​ព្រះ​អម្ចាស់​អើយ! សូម​ទត​មើល​សេចក្ដី​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់ បាន​ផ្សាយ​ព្រះ​បន្ទូល ដោយ​សេចក្ដី​ក្លាហាន​ដ៏​ពេញលេញ»។ (កិច្ចការ ៤:២៣​-​៣០) យ៉ាកុប​ធ្លាប់​លើក​ទឹក​ចិត្ត​គ្រិស្ត​សា​សនិក​ទាំង​ឡាយ​ឲ្យ​អធិស្ឋាន​សុំ​ប្រាជ្ញា​ពី​ព្រះ ពេល​ដែល​កំពុង​តែ​ឆ្លង​កាត់​ការ​ល្បងល។ (យ៉ាកុប ១:៥) តើ​អ្នក​អធិស្ឋាន​អំពី​រឿង​បែប​នេះ​ដែរ​ឬ​ទេ?

១៧​. តើ​ព្រះ​យេហូវ៉ា​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ណា​ខ្លះ?

១៧ ព្រះ​មិន​មាន​សណ្ដាប់​សេចក្ដី​អធិស្ឋាន​ទាំង​អស់​ឡើយ។ បើ​ដូច្នេះ តើ​យើង​អាច​អធិស្ឋាន​យ៉ាង​ដូច​ម្ដេច​ដើម្បី​ប្រាកដ​ថា​ទ្រង់​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង? នៅ​សម័យ​បុរាណ មនុស្ស​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​សណ្ដាប់ ធ្លាប់​ទូល​ថ្វាយ​ទ្រង់​ដោយ​ស្មោះ និង​ដោយ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ ពួក​គេ​បាន​បង្ហាញ​ថា​ខ្លួន​មាន​ជំនឿ ហើយ​បាន​បញ្ជាក់​ជំនឿ​នោះ​ដោយ​ការ​ប្រព្រឹត្ត​ដ៏​ល្អ។ សព្វ​ថ្ងៃ​នេះ​ដែរ យើង​អាច​ជឿជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​សណ្ដាប់​អស់​អ្នក​ដែល​ទូល​ថ្វាយ​ទ្រង់​តាម​របៀប​នោះ។

១៨​. ដើម្បី​ឲ្យ​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង តើ​យើង​ត្រូវ​បំពេញ​តម្រូវ​ការ​អ្វី?

១៨ មាន​តម្រូវ​ការ​មួយ​ទៀត។ សាវ័ក​ប៉ុល​បាន​ពន្យល់​អំពី​តម្រូវ​ការ​នេះ ដោយ​មាន​ប្រសាសន៍​ថា​៖ «ដោយសារ​ទ្រង់ នោះ​យើង . . . មាន​ផ្លូវ​ចូល​ទៅ​ដល់​ព្រះ​វរបិតា ដោយ​ព្រះ​វិញ្ញាណ​តែ​១»។ តើ​ប៉ុល​ចង់​សំដៅ​ទៅ​លើ​អ្នក​ណា​ពេល​គាត់​សរសេរ​ថា​«ដោយសារ​ទ្រង់»​នោះ? នោះ​គឺ​ព្រះ​យេស៊ូ​គ្រិស្ត។ (អេភេសូរ ២:​១៣, ១៨) ដូច្នេះ​យើង​អាច​ទូល​ថ្វាយ​ព្រះ​វរបិតា​ដោយ​សេរី តាម​រយៈ​ព្រះ​យេស៊ូ​ប៉ុណ្ណោះ។—យ៉ូហាន ១៤:៦; ១៥:១៦; ១៦:២៣, ២៤

១៩​. (ក) តើ​នៅ​ពេល​ណា​ដែល​ការ​ថ្វាយ​គ្រឿង​ក្រអូប​នៅ​អ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទាស់​ព្រះ​ហឫទ័យ? (ខ) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​សេចក្ដី​អធិស្ឋាន​របស់​យើង​គឺ​ដូច​ជា​គ្រឿង​ក្រអូប​ចំពោះ​ព្រះ​យេហូវ៉ា?

១៩ ដូច​បាន​បញ្ជាក់​រួច​ហើយ គ្រឿង​ក្រអូប​ដែល​បាន​ត្រូវ​ថ្វាយ​ដោយ​ពួក​សង្ឃ​នៅ​អ៊ីស្រាអែល តំណាង​សេចក្ដី​អធិស្ឋាន​នៃ​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​សណ្ដាប់។ ក៏​ប៉ុន្តែ ជួន​កាល​គ្រឿង​ក្រអូប​ដែល​សាសន៍​អ៊ីស្រាអែល​បាន​ថ្វាយ​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​គឺ​ពេល​ដែល​ពួក​គេ​ថ្វាយ​គ្រឿង​ក្រអូប តែ​ក៏​ក្រាប​ថ្វាយ​រូប​ព្រះ​ទៀត។ (អេសេគាល ៨:១០, ១១) ស្រដៀង​គ្នា​ដែរ​សព្វ​ថ្ងៃ​នេះ អ្នក​ណា​ដែល​រាប់​ខ្លួន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា តែ​នៅ​ប្រព្រឹត្ត​អ្វី​ដែល​ខុស​បញ្ញត្ដិ​ទ្រង់ នោះ​សេចក្ដី​អធិស្ឋាន​របស់​ពួក​គេ​គឺ​ដូច​ជា​ក្លិន​អសោចិ៍​ចំពោះ​ទ្រង់​វិញ។ (សុភាសិត ១៥:៨) បើ​ដូច្នេះ ចូរ​យើង​បន្ត​រក្សា​ឲ្យ​មាន​ភាព​ស្អាត​ស្អំ​ក្នុង​រឿង​ទាំង​អស់ ដើម្បី​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​យើង​បាន​ដូច​ជា​គ្រឿង​ក្រអូប​ចំពោះ​ព្រះ។ ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ដែល​កាន់​តាម​ផ្លូវ​សុចរិត​របស់​ទ្រង់។ (យ៉ូហាន ៩:៣១) ក៏​ប៉ុន្តែ នៅ​មាន​សំណួរ​ខ្លះ​ទៀត​ដែល​ត្រូវ​ឆ្លើយ។ តើ​យើង​គួរ​អធិស្ឋាន​ដូច​ម្ដេច? តើ​យើង​អាច​អធិស្ឋាន​អំពី​រឿង​អ្វី​ខ្លះ? តើ​ព្រះ​សម្រេច​តាម​សេចក្ដី​អធិស្ឋាន​របស់​យើង​យ៉ាង​ដូច​ម្ដេច? អត្ថបទ​បន្ទាប់​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ និង​សំណួរ​ឯ​ទៀត។

[កំណត់​សម្គាល់]

a សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​២០០១ ទំព័រ​២៧ (ភាសា​អង់គ្លេស)។

តើ​អ្នក​អាច​ពន្យល់​ទេ?

• តើ​មនុស្ស​ឥត​គ្រប់​លក្ខណ៍​អាច​ចូល​ទៅ​ជិត​ព្រះ​យ៉ាង​ដូច​ម្ដេច?

• ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង តើ​យើង​អាច​យក​តម្រាប់​តាម​បុព្វ​បុរស​របស់​សាសន៍​អ៊ីស្រាអែល​យ៉ាង​ដូច​ម្ដេច?

• តើ​យើង​អាច​រៀន​អ្វី​ពី​សេចក្ដី​អធិស្ឋាន​របស់​បណ្ដា​គ្រិស្ត​សា​សនិក​នៅ​សម័យ​ដើម?

• តើ​នៅ​ពេល​ណា​ដែល​សេចក្ដី​អធិស្ឋាន​របស់​យើង​គឺ​ដូច​ជា​គ្រឿង​ក្រអូប​ចំពោះ​ព្រះ?

[រូបភាព​នៅ​ទំព័រ​២៣]

ហេតុ​អ្វី​ព្រះ​បាន​សព្វ​ព្រះ​ហឫទ័យ​នឹង​តង្វាយ​របស់​អេបិល តែ​មិន​បាន​សព្វ​ព្រះ​ហឫទ័យ នឹង​តង្វាយ​របស់​កាអ៊ីន?

[រូបភាព​នៅ​ទំព័រ​២៤]

​«ទូល​បង្គំ​ជា​ធូលីដី ហើយ​ជា​ផែះ​ទទេ»

[រូបភាព​នៅ​ទំព័រ​២៥]

​«ទូល​បង្គំ​នឹង​ថ្វាយ​ទ្រង់ ១​ភាគ​ក្នុង​១០»

[រូបភាព​នៅ​ទំព័រ​២៦]

តើ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ដូច​ជា​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​យេហូវ៉ា​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក