បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១ ទំ. ២៩-៣២
  • នេះហើយជាគ្រាប្រោសឲ្យ«រស់ឡើងវិញជាន់មុនដំបូង»!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • នេះហើយជាគ្រាប្រោសឲ្យ«រស់ឡើងវិញជាន់មុនដំបូង»!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ពួក​គេ​នឹង​«មាន​រូប​កាយ​ដូច​ម្ដេច»?
  • តើ​នេះ​ជា​គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ?
  • ​«អ្នក​ទាំង​នោះ»​ទទួល​«អាវ​ស​វែង»
  • តើ​នេះ​ទាក់ទង​នឹង​យើង​យ៉ាង​ណា?
  • សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញមានឥទ្ធិពល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ដំណើររស់ឡើងវិញ—សំរាប់ពួកណា ហើយនៅទីណា?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • «ខ្ញុំមានសេចក្ដីសង្ឃឹមលើព្រះ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ‹សេចក្ដីស្លាប់នឹងបានត្រូវបំផ្លាញ›
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១ ទំ. ២៩-៣២

នេះ​ហើយ​ជា​គ្រា​ប្រោស​ឲ្យ«រស់​ឡើង​វិញ​ជាន់​មុន​ដំបូង»!

​«ពួក​ស្លាប់​ក្នុង​ព្រះ​គ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់»។—ថែស្សាឡូនីចទី១ ៤:១៦

១, ២​. (ក) តើ​មាន​សេចក្ដី​សង្ឃឹម​អ្វី​សម្រាប់​មនុស្ស​ស្លាប់? (ខ) ហេតុ​អ្វី​ក៏​អ្នក​ជឿ​ថា​មនុស្ស​ស្លាប់​អាច​រស់​ឡើង​វិញ​បាន? (សូម​មើល​សម្គាល់​ហេតុ​ដែរ)

​«មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន»។ នេះ​ជា​ការ​ពិត​មែន តាំង​ពី​អ័ដាម​បាន​ធ្វើ​បាប។ ទូទាំង​ប្រវត្ដិសាស្ត្រ មនុស្ស​ដែល​កើត​មក​ដឹង​ថា នៅ​ទីបំផុត​ខ្លួន​ត្រូវ​ស្លាប់​ជា​មិន​ខាន។ ដូច្នេះ មនុស្ស​ជា​ច្រើន​ចេះ​តែ​ឆ្ងល់​ថា ‹តើ​អ្វី​កើត​ឡើង​ក្រោយ​យើង​ស្លាប់? តើ​មនុស្ស​ស្លាប់​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា?›។ ព្រះ​គម្ពីរ​ឆ្លើយ​ថា​៖ «មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ»។—សាស្ដា ៩:៥

២ បើ​ដូច្នេះ តើ​មាន​សេចក្ដី​សង្ឃឹម​សម្រាប់​មនុស្ស​ស្លាប់​ឬ​ទេ? ពិត​ជា​មាន​សង្ឃឹម​មែន ដ្បិត​មនុស្ស​ស្លាប់​ត្រូវ​មាន​សេចក្ដី​សង្ឃឹម​ទើប​ព្រះ​យេហូវ៉ា​អាច​សម្រេច​បំណង​ដើម​របស់​ទ្រង់​ចំពោះ​មនុស្ស​ជាតិ។ រាប់​រយ​ឆ្នាំ​ហើយ មនុស្ស​ស្មោះ​ត្រង់​បាន​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ទ្រង់ ថា​មាន​ពូជ​មួយ​ដែល​នឹង​បំផ្លាញ​សាតាំង​ចោល ព្រម​ទាំង​បំបាត់​អំពើ​អាក្រក់​ដែល​បណ្ដាល​មក​ពី​វា​ដែរ។ (លោកុប្បត្តិ ៣:១៥) អ្នក​បម្រើ​ព្រះ​ភាគ​ច្រើន​នោះ​បាន​ស្លាប់​អស់​ហើយ។ ដូច្នេះ ព្រះ​យេហូវ៉ា​ត្រូវ​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ​ទើប​ពួក​គេ​អាច​ឃើញ​នូវ​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​នោះ​និង​សេចក្ដី​សន្យា​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា។ (ហេព្រើរ ១១:១៣) តើ​មនុស្ស​ស្លាប់​ពិត​ជា​អាច​រស់​ឡើង​វិញ​បាន​ទេ? ពួក​គេ​ពិត​ជា​អាច​រស់​ម្ដង​ទៀត​បាន។ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា​៖ «ទាំង​មនុស្ស​សុចរិត​នឹង​មនុស្ស​ទុច្ចរិត​នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា»។ (កិច្ចការ ២៤:១៥) តួ​យ៉ាង​គឺ​ពេល​ប៉ុល​ប្រោស​ក្មេង​ជំទង់​ម្នាក់​ឈ្មោះ​អ៊ើទីកុស​ឲ្យ​រស់​ឡើង​វិញ ដ្បិត​ក្មេង​នោះ​បាន​ធ្លាក់​ពី​បង្អួច​នៅ​ជាន់​ទី​បី ហើយ​ពេល​«គេ​លើក​វា​ឡើង» នោះ​ឃើញ​ថា​ប្អូន​ប្រុស​នោះ​«បាន​ស្លាប់​ហើយ»។ សរុប​ទាំង​អស់ ព្រះ​គម្ពីរ​រៀប​រាប់​អំពី​មនុស្ស​៩​នាក់​ដែល​មាន​ជីវិត​ឡើង​វិញ ហើយ​អ៊ើទីកុស​ជា​មនុស្ស​ទី៩។—កិច្ចការ ២០:៧​-​១២a

៣​. តើ​ពាក្យ​របស់​ព្រះ​យេស៊ូ​នៅ​យ៉ូហាន ៥:២៨, ២៩ បាន​ជួយ​សម្រាល​ទុក្ខ​អ្នក​ផ្ទាល់​យ៉ាង​ណា? ហេតុ​អ្វី​ក៏​នេះ​សម្រាល​ទុក្ខ​អ្នក?

៣ មនុស្ស​៩​នាក់​ដែល​មាន​ជីវិត​ឡើង​វិញ​នោះ ផ្ដល់​ហេតុ​ឲ្យ​យើង​ជឿ​ទៅ​លើ​សំណេរ​របស់​ប៉ុល ហើយ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​អ្វី​ដែល​ព្រះ​យេស៊ូ​ធានា​ពេល​ទ្រង់​មាន​ប្រសាសន៍​ថា​៖ «[នឹង]​មាន​ពេល​វេលា​មក​ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​[ព្រះ​យេស៊ូ]​ហើយ​នឹង​ចេញ​មក»។ (យ៉ូហាន ៥:២៨, ២៩, កំណែ​ជា​អក្សរ​ទ្រេត) ពាក្យ​នោះ​ពិត​ជា​នាំ​ឲ្យ​យើង​មាន​ចិត្ត​រីករាយ ហើយ​សម្រាល​ទុក្ខ​មនុស្ស​រាប់​លាន​នាក់​ដែល​មាន​បងប្អូន​ញាតិ​មិត្ត​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។

៤, ៥​. តើ​ព្រះ​គម្ពីរ​រៀប​រាប់​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ណា​ខ្លះ? ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិភាក្សា​អំពី​គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មួយ​ណា?

៤ មនុស្ស​ភាគ​ច្រើន​ដែល​នឹង​រស់​ឡើង​វិញ​នោះ នឹង​មាន​ជីវិត​នៅ​លើ​ផែនដី​ដែល​មាន​សេចក្ដី​សុខ​ក្រោម​ការ​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (ទំនុកដំកើង ៣៧:១០, ១១, ២៩; អេសាយ ១១:៦​-​៩; ៣៥:៥, ៦; ៦៥:២១​-​២៣) ប៉ុន្តែ មនុស្ស​ខ្លះ​នឹង​រស់​ឡើង​វិញ​មុន​នោះ​ទៅ​ទៀត។ មុន​ដំបូង ព្រះ​យេស៊ូ​គ្រិស្ត​បាន​រស់​ឡើង​វិញ​ដើម្បី​ថ្វាយ​តម្លៃ​នៃ​យញ្ញបូជា​លោះ​របស់​ទ្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្គ្រោះ។ ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​ហើយ​បាន​រស់​ឡើង​វិញ​នៅ​ឆ្នាំ​៣៣ គ.ស.។

៥ ក្រោយ​មក មនុស្ស​មួយ​ក្រុម​គឺ​«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»​ដែល​នឹង​សោយ​រាជ្យ​ជា​មួយ​ព្រះ​យេស៊ូ​គ្រិស្ត ពួក​គេ​នឹង​មាន​សិរី​រុងរឿង​ដូច​ទ្រង់​នៅ​ស្ថានសួគ៌ ហើយ​នឹង​រស់​«នៅ​ជា​មួយ​នឹង​ព្រះ​អម្ចាស់​ជា​ដរាប​ទៅ»។ (កាឡាទី ៦:១៦; ថែស្សាឡូនីចទី១ ៤:១៧) នេះ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​ហៅ​ថា គ្រា​ប្រោស​ឲ្យ​«រស់​ឡើង​វិញ​ជាន់​មុន​ដំបូង»។ (វិវរណៈ ២០:៦) ក្រោយ​ពួក​គេ​ទាំង​អស់​គ្នា​បាន​រស់​ឡើង​វិញ​ហើយ មនុស្ស​រាប់​សិប​លាន​នាក់​ឯ​ទៀត​នឹង​រស់​ឡើង​វិញ​ដែរ។ ពួក​អ្នក​ទាំង​នេះ​នឹង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ ដូច្នេះ មិន​ថា​យើង​មាន​សង្ឃឹម​រស់​នៅ​ស្ថានសួគ៌​ឬ​នៅ​លើ​ផែនដី​ក្ដី យើង​ទាំង​អស់​គ្នា​នៅ​តែ​ចាប់​អារម្មណ៍​ចំពោះ​គ្រា​ប្រោស​ឲ្យ​«រស់​ឡើង​វិញ​ជាន់​មុន​ដំបូង»។ ពេល​អ្នក​ទាំង​នោះ​រស់​ឡើង​វិញ តើ​ពួក​គេ​នឹង​មាន​ជីវិត​បែប​ណា? តើ​ពួក​គេ​នឹង​រស់​ឡើង​វិញ​នៅ​ពេល​ណា?

តើ​ពួក​គេ​នឹង​«មាន​រូប​កាយ​ដូច​ម្ដេច»?

៦, ៧​. (ក) តើ​អ្វី​ត្រូវ​កើត​ឡើង​មុន​ពួក​គ្រិស្ត​សា​សនិក​ដែល​បាន​តែងតាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ​អាច​ឡើង​ទៅ​ស្ថានសួគ៌​បាន? (ខ) តើ​ពួក​គេ​នឹង​មាន​រូប​កាយ​បែប​ណា?

៦ ក្នុង​សំបុត្រ​ទី​មួយ​ដែល​ប៉ុល​សរសេរ​ជូន​បងប្អូន​នៅ​ទី​ក្រុង​កូរិនថូស គាត់​សួរ​អំពី​គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង​ថា​៖ «[តើ]​ពួក​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​យ៉ាង​ណា? តើ​[ពួក​គេ​នឹង]​មក​វិញ​មាន​រូប​កាយ​ដូច​ម្ដេច?»។ រួច​មក គាត់​ឆ្លើយ​ថា​៖ «គ្រាប់​ពូជ​ដែល​អ្នក​ព្រោះ​ទៅ បើ​មិន​ងាប់ នោះ​មិន​ពន្លក​ដុះ​ឡើង​ទេ . . . តែ​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​មាន​ដើម​ទីទៃ​ពី​គ្នា​រៀង​រាល់​ពូជ​តាម​ព្រះ​ហឫទ័យ​ទ្រង់ . . . តែ​សិរី​របស់​រូប​កាយ​នៅ​ស្ថានសួគ៌​នឹង​របស់​រូប​កាយ​នៅ​ផែនដី​នោះ​ទីទៃ​ពី​គ្នា»។—កូរិនថូសទី១ ១៥:៣៥​-​៤០

៧ ពាក្យ​ទាំង​នេះ​របស់​ប៉ុល​បង្ហាញ​ថា ពួក​គ្រិស្ត​សា​សនិក​ដែល​បាន​តែងតាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ​ត្រូវ​ស្លាប់​មុន​ពួក​គេ​អាច​ទទួល​ឯកសិទ្ធិ​រស់​នៅ​ស្ថានសួគ៌។ ពេល​ស្លាប់ រូប​កាយ​របស់​ពួក​គេ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។ (លោកុប្បត្តិ ៣:១៩) តាម​កំណត់​ពេល​របស់​ព្រះ​យេហូវ៉ា ទ្រង់​ប្រោស​ពួក​គេ​ឲ្យ​មាន​ជីវិត​ឡើង​វិញ ឲ្យ​មាន​រូប​កាយ​ផ្សេង​សម្រាប់​រស់​នៅ​ស្ថានសួគ៌។ (យ៉ូហានទី១ ៣:២) ពេល​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​ប្រទាន​ជីវិត​អមតៈ​ដល់​ពួក​គេ។ ជីវិត​អមតៈ​នោះ​មិន​មែន​ជា​អ្វី​ដែល​ពួក​គេ​មាន​តាំង​ពី​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ទេ ហាក់​ដូច​ជា​មាន​ព្រលឹង​អមតៈ​ក្នុង​ខ្លួន​នោះ។ ប៉ុល​មាន​ប្រសាសន៍​ថា​៖ «រូប​កាយ​ដែល​រមែង​ស្លាប់​នេះ ត្រូវ​តែ​បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ចេះ​ស្លាប់​[ឬ​«ភាព​អមតៈ»]​វិញ»។ អស់​អ្នក​ដែល​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង​នោះ ត្រូវ​«ប្រដាប់»​ដោយ​ជីវិត​អមតៈ​ដែល​ជា​អំណោយ​មួយ​ពី​ព្រះ។—កូរិនថូសទី១ ១៥:៥០, ៥៣; ខ.ស.; លោកុប្បត្តិ ២:៧; កូរិនថូសទី២ ៥:១, ២, ៨

៨​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​យេហូវ៉ា​មិន​ជ្រើសរើស​មនុស្ស​១៤៤​.​០០០​នាក់​ពី​សាសនា​ផ្សេងៗ?

៨ មាន​តែ​មនុស្ស​១៤៤.០០០​នាក់​ប៉ុណ្ណោះ​ដែល​នឹង​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង។ ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ជ្រើសរើស​ពួក​គេ​តាំង​ពី​បុណ្យ​ថ្ងៃ​ទី៥០ នា​ឆ្នាំ​៣៣ គ.ស. គឺ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ទ្រង់​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ។ ពួក​គេ​ទាំង​អស់​គ្នា​«មាន​ព្រះ​នាម​[ព្រះ​យេស៊ូ]​នឹង​ព្រះ​នាម​ព្រះ​វរបិតា​ទ្រង់​កត់​លើ​ថ្ងាស»។ (វិវរណៈ ១៤:១, ៣) នេះ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​មិន​ជ្រើសរើស​ពួក​គេ​ពី​សាសនា​ផ្សេងៗ​ទេ ដ្បិត​ពួក​គេ​ទាំង​អស់​គ្នា​ជា​គ្រិស្ត​សា​សនិក​ដែល​មាន​មោទនភាព​ក្នុង​ការ​តំណាង​ព្រះ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​វរបិតា។ ពេល​ព្រះ​យេហូវ៉ា​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ​នោះ ពួក​គេ​នឹង​ទទួល​ភារកិច្ច​ផ្សេងៗ​នៅ​ស្ថានសួគ៌។ ពួក​គេ​រំភើប​ចិត្ត​ណាស់ ដោយ​ដឹង​ថា​អាច​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​នេះ​បាន។

តើ​នេះ​ជា​គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ?

៩​. តើ​វិវរណៈ ១២:៧ និង​១៧:១៤ ជួយ​យើង​ប៉ាន់​ស្មាន​យ៉ាង​ណា​អំពី​ទី​ចាប់​ផ្ដើម​នៃ​គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង?

៩ តើ​គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង​កើត​ឡើង​នៅ​ពេល​ណា? មាន​ទី​សំអាង​ច្បាស់​លាស់​ថា អ្នក​ទាំង​នោះ​កំពុង​តែ​រស់​ឡើង​វិញ​នៅ​ពេល​ឥឡូវ​នេះ។ ជា​ឧទាហរណ៍ សូម​ប្រៀប​មើល​ជំពូក​ពីរ​ក្នុង​សៀវភៅ​វិវរណៈ។ ទី​មួយ សូម​មើល​វិវរណៈ​ជំពូក​ទី១២។ ក្នុង​ជំពូក​នោះ​យើង​អាន​អំពី​ព្រះ​យេស៊ូ​គ្រិស្ត​ដែល​ទើប​តែ​បាន​ទទួល​អំណាច​ជា​ស្តេច គឺ​ទ្រង់​កំពុង​តែ​នាំ​មុខ​ពួក​ទេវតា​ល្អ​ក្នុង​ចម្បាំង​ទាស់​នឹង​សាតាំង​ហើយ​ពួក​ទេវតា​អាក្រក់​របស់​វា។ (វិវរណៈ ១២:៧​-​៩) ទស្សនាវដ្ដី​នេះ​ធ្លាប់​ពន្យល់​ច្រើន​ដង​ថា ចម្បាំង​នោះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤។b ប៉ុន្តែ សូម​កត់​សម្គាល់​ថា កំណត់​ហេតុ​នោះ​មិន​រៀប​រាប់​ថា​ពួក​អ្នក​ដែល​សោយ​រាជ្យ​ជា​មួយ​ព្រះ​យេស៊ូ​គ្រិស្ត​បាន​រួម​ចំណែក​ក្នុង​សង្គ្រាម​នោះ​នៅ​ស្ថានសួគ៌​ទេ។ ឥឡូវ សូម​មើល​វិវរណៈ​ជំពូក​ទី១៧។ យើង​អាន​ថា ក្រោយ​«បាប៊ីឡូន​ដ៏​ជា​ធំ»​ត្រូវ​បំផ្លាញ​អស់​ទៅ នោះ​កូន​ចៀម​នឹង​ឈ្នះ​លើ​អស់​ទាំង​សាសន៍។ ជំពូក​នោះ​រៀប​រាប់​ទៀត​ថា​៖ «ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​[ព្រះ​យេស៊ូ] នោះ​ជា​អ្នក​ដែល​ទ្រង់​បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះ​ត្រង់​ទាំង​អស់​គ្នា»។ (វិវរណៈ ១៧:៥, ១៤) ‹ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ​និង​រើស​ដែល​ជា​អ្នក​ស្មោះ​ត្រង់› ត្រូវ​តែ​រស់​ឡើង​វិញ​ទើប​អាច​នៅ​ជា​មួយ​ព្រះ​យេស៊ូ​ពេល​ទ្រង់​ឈ្នះ​លើ​របប​លោកិយ​របស់​សាតាំង​លើក​ចុង​ក្រោយ​បង្អស់។ បើ​ដូច្នេះ គឺ​សម​ហេតុ​សម​ផល​ដែល​ថា ពួក​អ្នក​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​ដែល​ស្លាប់​មុន​សង្គ្រាម​អើម៉ាគេដូន នឹង​រស់​ឡើង​វិញ​រវាង​ឆ្នាំ​១៩១៤ និង​សង្គ្រាម​អើម៉ាគេដូន។

១០, ១១​. (ក) តើ​ពួក​អ្នក​ចាស់​ទុំ​២៤​នាក់​តំណាង​អ្នក​ណា? តើ​អ្នក​ចាស់​ទុំ​ម្នាក់​ប្រាប់​ឲ្យ​យ៉ូហាន​ដឹង​អ្វី? (ខ) ពេល​មើល​ព័ត៌មាន​នេះ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា?

១០ តើ​យើង​អាច​ដឹង​ច្បាស់​ជាង​នេះ​ទៅ​ទៀត​ទេ ថា​គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង​បាន​ចាប់​ផ្ដើម​នៅ​ពេល​ណា​នោះ? សៀវភៅ​វិវរណៈ ៧:៩​-​១៥ មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។ ក្នុង​ខ​ទាំង​នោះ​សាវ័ក​យ៉ូហាន​រៀប​រាប់​ពី​ចក្ខុនិមិត្ត​ឬ​សុបិន​ដែល​គាត់​ឃើញ​អំពី​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ​ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ»។ អ្នក​ចាស់​ទុំ​ម្នាក់​ពី​ពួក​អ្នក​ចាស់​ទុំ​២៤​នាក់​បាន​ប្រាប់​ឲ្យ​យ៉ូហាន​ដឹង​ថា​មនុស្ស​១​ហ្វូង​យ៉ាង​ធំ​នោះ​ជា​អ្នក​ណា។ អ្នក​ចាស់​ទុំ​២៤​នាក់​នោះ​តំណាង​មនុស្ស​១៤៤.០០០​នាក់​ដែល​មាន​សិរី​រុងរឿង​ក្នុង​ការ​គ្រប់គ្រង​ជា​មួយ​ព្រះ​គ្រិស្ត​នៅ​ស្ថានសួគ៌។c (លូកា ២២:២៨​-​៣០; វិវរណៈ ៤:៤) យ៉ូហាន​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​ដែរ ប៉ុន្តែ​ពេល​ដែល​អ្នក​ចាស់​ទុំ​ម្នាក់​នោះ​បាន​និយាយ​ជា​មួយ​គាត់ គាត់​នៅ​តែ​មាន​ជីវិត​នៅ​លើ​ផែនដី​នៅ​ឡើយ។ ដូច្នេះ​ក្នុង​ចក្ខុនិមិត្ត​នោះ យ៉ូហាន​តំណាង​ពួក​អ្នក​នៅ​លើ​ផែនដី​ដែល​មាន​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ តែ​មិន​ទាន់​ទទួល​ឯកសិទ្ធិ​នោះ​នៅ​ឡើយ។

១១ ពេល​ដឹង​ថា អ្នក​ចាស់​ទុំ​ម្នាក់​ពី​ចំណោម​ពួក​អ្នក​ចាស់​ទុំ​២៤​នាក់​បាន​ប្រាប់​យ៉ូហាន​នូវ​អត្តសញ្ញាណ​នៃ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ​នោះ តើ​នេះ​ជួយ​យើង​សន្និដ្ឋាន​យ៉ាង​ណា? គឺ​មើល​ទៅ​ដូច​ជា​អស់​អ្នក​ដែល​បាន​រស់​ឡើង​វិញ​រួច​ហើយ (ពី​ចំណោម​ក្រុម​អ្នក​ចាស់​ទុំ​២៤​នាក់​នោះ) ប្រហែល​ជា​កំពុង​តែ​ប្រកាស​សារ​របស់​ព្រះ​ដល់​មនុស្ស។ ហេតុ​អ្វី​ក៏​ចំណុច​នេះ​សំខាន់​ម្ល៉េះ? គឺ​ពីព្រោះ​ពួក​អ្នក​បម្រើ​ព្រះ​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​បាន​ទទួល​ការ​យល់​ដឹង​ច្បាស់​លាស់​នៅ​ឆ្នាំ​១៩៣៥ ស្តី​អំពី​មនុស្ស​១​ហ្វូង​យ៉ាង​ធំ។ ដោយសារ​អ្នក​ចាស់​ទុំ​ម្នាក់​បាន​ជូន​ដំណឹង​សំខាន់​នោះ គាត់​ក៏​ត្រូវ​មាន​ជីវិត​នៅ​ស្ថានសួគ៌​មុន​ឆ្នាំ​១៩៣៥។ នេះ​មាន​ន័យ​ថា គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង​បាន​ចាប់​ផ្ដើម​រវាង​ឆ្នាំ​១៩១៤ និង​ឆ្នាំ​១៩៣៥។ តើ​នៅ​មាន​ព័ត៌មាន​ផ្សេង​ទៀត​ដើម្បី​ជួយ​យើង​យល់​ច្បាស់​ជាង​ទេ?

១២​. សូម​ពន្យល់​នូវ​មូលហេតុ​ដែល​យើង​អាច​យល់​ថា គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង​ប្រហែល​ជា​បាន​ចាប់​ផ្ដើម​នៅ​ខែ​មេសា​នា​ឆ្នាំ​១៩១៨។

១២ ឥឡូវ ប្រហែល​ជា​មាន​ប្រយោជន៍​ឲ្យ​យើង​ពិចារណា​ព្រឹត្ដិការណ៍​ក្នុង​ព្រះ​គម្ពីរ​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា។ នៅ​ខែ​តុលា នា​ឆ្នាំ​២៩ គ.ស. ព្រះ​យេស៊ូ​គ្រិស្ត​ត្រូវ​បាន​តែងតាំង​ជា​ស្តេច​ដែល​នឹង​សោយ​រាជ្យ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ពេល​អនាគត។ បី​ឆ្នាំ​កន្លះ​ក្រោយ​មក គឺ​នៅ​ខែ​មេសា នា​ឆ្នាំ​៣៣ គ.ស. ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​អំណាច​ខ្លាំង​ក្លា។ ដូច្នេះ ដោយសារ​ព្រះ​យេស៊ូ​បាន​ឡើង​សោយ​រាជ្យ​នៅ​ខែ​តុលា នា​ឆ្នាំ​១៩១៤ នោះ​ប្រហែល​ជា​យើង​អាច​សន្និដ្ឋាន​ថា បី​ឆ្នាំ​កន្លះ​ក្រោយ​មក គឺ​នៅ​ខែ​មេសា នា​ឆ្នាំ​១៩១៨ ពួក​អ្នក​ស្មោះ​ត្រង់​បាន​ចាប់​ផ្ដើម​ឡើង​ទៅ​ស្ថានសួគ៌។ ទោះ​ជា​គ្មាន​បទ​គម្ពីរ​ណា​បញ្ជាក់​ចំណុច​នេះ​ច្បាស់​លាស់​ក្ដី ទស្សនៈ​នេះ​មិន​ផ្ទុយ​ពី​បទ​គម្ពីរ​ឯ​ទៀត​ទេ​ដែល​បង្ហាញ​ថា​គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង​បាន​ចាប់​ផ្ដើម​មិន​យូរ​ប៉ុន្មាន​ក្រោយ​ព្រះ​គ្រិស្ត​មាន​វត្តមាន​ជា​ស្តេច។

១៣​. តើ​ថែស្សាឡូនីចទី១ ៤:១៥​-​១៧ បង្ហាញ​យ៉ាង​ណា​ថា​គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង​ចាប់​ផ្ដើម​មិន​យូរ​ប៉ុន្មាន​ក្រោយ​ព្រះ​គ្រិស្ត​មាន​វត្តមាន?

១៣ ជា​ឧទាហរណ៍ ប៉ុល​បាន​សរសេរ​ថា​៖ «យើង​ដែល​រស់​នៅ​ជាប់​ដរាប​ដល់​ព្រះ​អម្ចាស់​យាង​មក[គឺ​មិន​មែន​ដល់​ទី​អវសាន​នៃ​ពិភព​លោក​នេះ​ទេ] នោះ​យើង​មិន​ទៅ​មុន​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក​ដោយ​ស្រែក​បង្គាប់​១​ព្រះ​ឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា​នឹង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះ​គ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់ រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ​ក៏​នឹង​បាន​លើក​ឡើង​ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះ​អម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ​យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះ​អម្ចាស់​ជា​ដរាប​ទៅ»។ (ថែស្សាឡូនីចទី១ ៤:១៥​-​១៧) ចំពោះ​ពួក​គ្រិស្ត​សា​សនិក​ដែល​មាន​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​នោះ បទ​គម្ពីរ​នេះ​បង្ហាញ​ថា​ពួក​គាត់​ដែល​បាន​ស្លាប់​មុន​វត្តមាន​របស់​ព្រះ​យេស៊ូ​នឹង​រស់​ឡើង​វិញ​មុន​បងប្អូន​ដែល​កំពុង​តែ​រស់​ក្នុង​អំឡុង​វត្តមាន​របស់​ទ្រង់។ នេះ​មាន​ន័យ​ថា គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង​បាន​ចាប់​ផ្ដើម​មិន​យូរ​ប៉ុន្មាន​ក្រោយ​ព្រះ​យេស៊ូ​មាន​វត្តមាន​ជា​ស្តេច ហើយ​បន្ត​រហូត​«ក្នុង​កាល​ដែល​ទ្រង់​យាង​មក»​ឬ​ក្នុង​អំឡុង​ពេល​នេះ​ដែល​ទ្រង់​មាន​វត្តមាន។ (កូរិនថូសទី១ ១៥:២៣) ច្បាស់​ហើយ គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង មិន​មែន​កើត​ឡើង​មួយ​ដង​ហើយ​រួច​ស្រេច​នោះ​ទេ តែ​កើត​ឡើង​ជា​បណ្ដើរៗ​វិញ។

​«អ្នក​ទាំង​នោះ»​ទទួល​«អាវ​ស​វែង»

១៤​. (ក) តើ​ចក្ខុនិមិត្ត​ក្នុង​វិវរណៈ​ជំពូក​ទី៦ បាន​សម្រេច​នៅ​ពេល​ណា? (ខ) តើ​វិវរណៈ ៦:៩ សំដៅ​ទៅ​លើ​អ្វី?

១៤ សូម​គិត​អំពី​ទី​សំអាង​ក្នុង​វិវរណៈ​ជំពូក​ទី៦​ដែរ។ ជំពូក​នោះ​រៀប​រាប់​អំពី​ព្រះ​យេស៊ូ​ជា​ស្តេច​ដែល​កំពុង​តែ​ជិះ​សេះ​ក្នុង​ការ​យក​ឈ្នះ​លើ​ពួក​ខ្មាំង​សត្រូវ។ (វិវរណៈ ៦:២) មនុស្ស​ពី​គ្រប់​ទាំង​សាសន៍​កំពុង​តែ​ធ្វើ​សង្គ្រាម​ពេញ​ទិស​ទី។ (វិវរណៈ ៦:៤) មាន​ទុរភិក្ស​ទូទៅ។ (វិវរណៈ ៦:៥, ៦) ហើយ​ក៏​មាន​រោគ​រាតត្បាត​យាយី​មនុស្ស​ជាតិ។ (វិវរណៈ ៦:៨) ព្រឹត្ដិការណ៍​ទាំង​នេះ​ដែល​មាន​ទូទាំង​ពិភព​លោក​តាំង​ពី​ឆ្នាំ​១៩១៤ គឺ​ដូច​នឹង​អ្វី​ដែល​បាន​ទាយ​ក្នុង​ព្រះ​គម្ពីរ។ ប៉ុន្តែ នៅ​មាន​អ្វី​ផ្សេង​ទៀត​ដែរ។ ជំពូក​នោះ​ក៏​រៀប​រាប់​អំពី​អាសនៈ​មួយ​សម្រាប់​ការ​ថ្វាយ​យញ្ញ​បូជា។ នៅ​ខាង​ក្រោម​អាសនៈ​នោះ​មាន​«អស់​ទាំង​ព្រលឹង​របស់​មនុស្ស​ដែល​គេ​បាន​សំឡាប់​ដោយ​ព្រោះ​កាន់​តាម​ព្រះ​បន្ទូល​នឹង​[ធ្វើ]​បន្ទាល់»​ពី​ព្រះ។ (វិវរណៈ ៦:​៩) ដោយសារ​«ឈាម​[ឬ​ជីវិត]​នោះ​ឯង​ដែល​ធួន​នឹង​ព្រលឹង» នេះ​បាន​ន័យ​ថា ព្រលឹង​នៅ​ក្រោម​អាសនៈ​តំណាង​ឈាម​នៃ​ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេស៊ូ​ដែល​គេ​បាន​សម្លាប់​ដោយ​ព្រោះ​មាន​ចិត្ត​អង់អាច​ក្នុង​ការ​ផ្សព្វផ្សាយ​ដោយ​ខ្នះខ្នែង។—លេវីវិន័យ ១៧:១១

១៥, ១៦​. សូម​ពន្យល់​ថា តើ​វិវរណៈ ៦:១០, ១១ ទាក់ទង​នឹង​គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង​យ៉ាង​ណា?

១៥ ដូច​ឈាម​នៃ​បុរស​សុចរិត​ឈ្មោះ​អេបិល​នោះ ឈាម​នៃ​ពួក​គ្រិស្ត​សា​សនិក​ដែល​ស៊ូ​ស្លាប់​ដើម្បី​ជំនឿ ក៏​ស្រែក​រក​យុត្ដិធម៌​ដែរ។ (លោកុប្បត្តិ ៤:១០) «ព្រលឹង​ទាំង​នោះ​ក៏​បន្លឺ​សំឡេង​ថា​៖ ‹ឱ​ព្រះ​ដ៏​ជា​ម្ចាស់​ជា​ព្រះ​បរិសុទ្ធ​ហើយ​ពិត​ប្រាកដ​អើយ! តើ​ទ្រង់​ចាំ​ដល់​កាល​ណា​ទៀត​បាន​ជំនុំជំរះ​ហើយ​សងសឹក​ដល់​ពួក​មនុស្ស​នៅ​លើ​ផែនដី​ដោយ​ព្រោះ​ឈាម​យើង​ខ្ញុំ​រាល់​គ្នា?›»។ បន្ទាប់​មក តើ​មាន​អ្វី​កើត​ឡើង? «គេ​ឲ្យ​អាវ​ស​វែង​ដល់​អ្នក​ទាំង​នោះ ហើយ​ក៏​ប្រាប់​ឲ្យ​ឈប់​សំរាក​បន្ដិច​សិន​ទាល់តែ​ពួក​បាវ​បំរើ ជា​គូកន​ហើយ​ជា​បងប្អូន​ដែល​ត្រូវ​សំឡាប់​បែប​ដូច​គ្នា​បាន​គ្រប់​ចំនួន»។—វិវរណៈ ៦:១០, ១១

១៦ ដូច្នេះ តើ​គេ​ឲ្យ​អាវ​ស​វែង​ដល់​អ្នក​ណា? គេ​ឲ្យ​អាវ​ស​វែង​នោះ​ដល់​មនុស្ស​ដែល​ស៊ូ​ស្លាប់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេស៊ូ ដែល​ពួក​គេ​ប្រៀប​ដូច​ជា​យញ្ញបូជា​លើ​អាសនៈ តែ​ឥឡូវ​នេះ​ពួក​គេ​មាន​ជីវិត​នៅ​ស្ថានសួគ៌​វិញ។ ដូច្នេះ ព្រលឹង​ឬ​ឈាម​នៅ​ក្រោម​អាសនៈ​នោះ​តំណាង​បុគ្គល​នីមួយៗ​ក្នុង​ចំណោម​១៤៤​.​០០០​នាក់​ដែល​បាន​ស្លាប់​ទៅ​ហើយ។ ហេតុ​អ្វី​ក៏​យើង​អាច​សន្និដ្ឋាន​ដូច្នេះ? ពីព្រោះ​ជំពូក​មុនៗ​ក្នុង​សៀវភៅ​វិវរណៈ​ពន្យល់​ថា​៖ «អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​ស្លៀក​ពាក់​ស ហើយ​អញ​មិន​ដែល​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​ជីវិត​ឡើយ»។ សូម​នឹក​ចាំ​ដែរ​ថា ពួក​អ្នក​ចាស់​ទុំ​២៤​នាក់​«ស្លៀក​ពាក់​ស​ហើយ​មាន​មកុដ​មាស​នៅ​លើ​ក្បាល»​ដែរ។ (វិវរណៈ ៣:៥; ៤:៤) ដូច្នេះ មុន​ដំបូង​មាន​សង្គ្រាម ទុរភិក្ស​និង​រោគ​រាតត្បាត​យាយី​មនុស្ស​លោក។ ក្រោយ​មក ពេល​មនុស្ស​១៤៤​.​០០០​នាក់​ស្លាប់ ពួក​គេ​ឡើង​ទៅ​ស្ថានសួគ៌​ទាំង​ប្រៀប​ដូច​ជា​ពាក់​អាវ​ស​វែង។

១៧​. ចំពោះ​អស់​អ្នក​ដែល​ទទួល​អាវ​ស​វែង​នោះ តើ​ពួក​គេ​នឹង​«ឈប់​សំរាក​បន្ដិច​សិន»​ក្នុង​ន័យ​អ្វី?

១៧ ពួក​អ្នក​ដែល​ទើប​តែ​បាន​រស់​ឡើង​វិញ​នោះ ត្រូវ​តែ​«ឈប់​សំរាក​បន្ដិច​សិន»។ ពួក​គេ​ត្រូវ​មាន​ចិត្ត​អត់ធ្មត់​ពេល​រង់ចាំ​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​សងសឹក។ ពួក​គ្រិស្ត​សា​សនិក​នៅ​លើ​ផែនដី​ដែល​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ គឺ​ជា​«ពួក​បាវ​បំរើ»​របស់​ព្រះ ហើយ​ក៏​ជា​«គូកន»​របស់​ពួក​អ្នក​ដែល​បាន​ឡើង​ទៅ​ស្ថានសួគ៌​រួច​ហើយ។ ពេល​រង​ទុក្ខ​លំបាក​និង​មាន​ការ​ល្បួង​ផ្សេងៗ​នៅ​លើ​ផែនដី អ្នក​ទាំង​នោះ​ត្រូវ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​រហូត​ដល់​ស្លាប់។ ពេល​គ្រា​ជំនុំ​ជម្រះ​របស់​ព្រះ​យេហូវ៉ា​មក​ដល់​នោះ ពួក​គេ​នឹង​លែង​«ឈប់​សំរាក»​ទៀត។ (វិវរណៈ ៧:៣) នៅ​គ្រា​នោះ ពួក​អ្នក​ដែល​បាន​ឡើង​ទៅ​ស្ថានសួគ៌​ហើយ​នឹង​រួម​ចំណែក​ជា​មួយ​ព្រះ​យេស៊ូ​គ្រិស្ត​ក្នុង​ការ​បំផ្លាញ​មនុស្ស​អាក្រក់​ដែល​រួម​បញ្ចូល​អស់​អ្នក​ដែល​បាន​ប្រហារ​ជីវិត​ពួក​គ្រិស្ត​សា​សនិក​ដោយ​ឥត​ហេតុ។—ថែស្សាឡូនីចទី២ ១:៧​-​១០

តើ​នេះ​ទាក់ទង​នឹង​យើង​យ៉ាង​ណា?

១៨, ១៩​. (ក) ហេតុ​អ្វី​ក៏​អ្នក​សន្និដ្ឋាន​ថា នេះ​ជា​គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង? (ខ) តើ​ការ​យល់​ដឹង​អំពី​គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

១៨ ព្រះ​បន្ទូល​របស់​ព្រះ​មិន​ប្រាប់​ថ្ងៃ​ខែ​ដែល​គ្រា​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ជាន់​មុន​ដំបូង​ចាប់​ផ្ដើម​នោះ​ទេ។ យ៉ាង​ណា​ក្ដី ព្រះ​គម្ពីរ​បង្ហាញ​ថា​ពួក​គេ​នឹង​រស់​ឡើង​វិញ​ក្នុង​អំឡុង​ពេល​វត្តមាន​របស់​ព្រះ​យេស៊ូ។ ចំពោះ​ពួក​គ្រិស្ត​សា​សនិក​ដែល​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ បើ​ពួក​គេ​បាន​ស្លាប់​មុន​វត្តមាន​របស់​ព្រះ​គ្រិស្ត នោះ​ពួក​គេ​នឹង​រស់​ឡើង​វិញ​មុន​បងប្អូន​ឯ​ទៀត។ ជា​បណ្ដើរៗ​ក្នុង​អំឡុង​វត្តមាន​របស់​ព្រះ​គ្រិស្ត ពួក​អ្នក​ឯ​ទៀត​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែល​រក្សា​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់ នឹង​រស់​ឡើង​វិញ​«ក្នុង​១​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ» ហើយ​មាន​អំណាច​ខ្លាំង​ក្លា​នៅ​ស្ថានសួគ៌។ (កូរិនថូសទី១ ១៥:៥២) ក្នុង​ចំណោម​១៤៤​.​០០០​នាក់​នោះ តើ​ពួក​គេ​ទាំង​អស់​គ្នា​នឹង​ទទួល​មុខ​តំណែង​អស្ចារ្យ​នៅ​ស្ថានសួគ៌​មុន​សង្គ្រាម​អើម៉ាគេដូន​ឬ? យើង​មិន​ដឹង​ទេ។ ប៉ុន្តែ​យើង​ដឹង​ប្រាកដ​ថា នៅ​កំណត់​ពេល​របស់​ព្រះ​យេហូវ៉ា មនុស្ស​១៤៤​.​០០០​នាក់​នឹង​ឈរ​នៅ​លើ​ភ្នំ​ស៊ី​យ៉ូន​ដែល​តំណាង​ស្ថានសួគ៌។

១៩ យើង​ក៏​ជ្រាប​ថា បងប្អូន​ភាគ​ច្រើន​ក្នុង​ចំណោម​១៤៤​.​០០០​នាក់​បាន​ឡើង​ទៅ​ស្ថានសួគ៌​ជា​មួយ​ព្រះ​គ្រិស្ត​រួច​ហើយ។ មាន​តែ​ជន​សំណល់​ប៉ុន្មាន​នាក់​ទេ​ដែល​រស់​នៅ​លើ​ផែនដី​នៅ​ឡើយ។ នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្រា​ដែល​ព្រះ​យេហូវ៉ា​នឹង​កាត់​ក្ដី​លើ​មនុស្ស​ជាតិ គឺ​ជិត​ណាស់​ហើយ! មិន​យូរ​ប៉ុន្មាន​ទៀត របប​លោកិយ​ទាំង​មូល​របស់​សាតាំង​នឹង​វិនាស​ទៅ។ សាតាំង​ត្រូវ​ឃុំ​ទុក ហើយ​មនុស្ស​ស្លាប់​ទាំង​ឡាយ​អាច​រស់​ឡើង​វិញ។ រួច​មក មនុស្ស​ស្មោះ​ត្រង់​នឹង​មាន​ភាព​គ្រប់​លក្ខណ៍​ដូច​អ្វី​ដែល​អ័ដាម​បាត់បង់​នោះ ដោយសារ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ។ ត្រូវ​មែន ទំនាយ​របស់​ព្រះ​យេហូវ៉ា​ដែល​កត់​ទុក​ក្នុង​សៀវភៅ​លោកុប្បត្តិ ៣:១៥ កំពុង​តែ​សម្រេច​យ៉ាង​អស្ចារ្យ។ យើង​ពិត​ជា​មាន​ឯកសិទ្ធិ​រស់​នៅ​គ្រា​នេះ​មែន!

[កំណត់​សម្គាល់]

a បើ​ចង់​មើល​កំណត់​ហេតុ​អំពី​៨​នាក់​ទៀត​ដែល​បាន​រស់​ឡើង​វិញ សូម​មើល​សៀវភៅ​ពង្សាវតារក្សត្រទី១ ១៧:២១​-​២៣; ពង្សាវតារក្សត្រទី២ ៤:៣២​-​៣៧; ១៣:២១; ម៉ាកុស ៥:៣៥, ៤១​-​៤៣; លូកា ៧:១១​-​១៧; ២៤:៣៤; យ៉ូហាន ១១:៤៣​-​៤៥; កិច្ចការ ៩:៣៦​-​៤២។

b បើ​ចង់​មើល​ភ័ស្តុតាង​ពី​ព្រះ​គម្ពីរ​ដែល​បង្ហាញ​ថា​វត្តមាន​របស់​ព្រះ​គ្រិស្ត​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤ សូម​មើល​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ទំព័រ​២៤៧​-​២៤៩ បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

c បើ​ចង់​មើល​ព័ត៌មាន​ដែល​ពន្យល់​អំពី​មូលហេតុ​ដែល​យើង​ដឹង​ថា​អ្នក​ចាស់​ទុំ​២៤​នាក់​តំណាង​ពួក​គ្រិស្ត​សា​សនិក​ដែល​ឡើង​សោយ​រាជ្យ​នៅ​ស្ថានសួគ៌ សូម​មើល​សៀវភៅ​ភាសា​អង់គ្លេស​ចំណង​ជើង​ថា វិវរណៈ ការ​សម្រេច​ផ្ដាច់​ព្រាត់​ជិត​មក​ដល់​ហើយ! (Revelation—Its Grand Climax At Hand!) ទំព័រ​៧៧ បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​បទ​គម្ពីរ​ខាង​ក្រោម​នេះ​ជួយ​យើង​យល់​ថា​គ្រា​ប្រោស​ឲ្យ​«រស់​ឡើង​វិញ​ជាន់​មុន​ដំបូង»​គឺ​ចាប់​ផ្ដើម​នៅ​ពេល​ណា?

• វិវរណៈ ១២:៧; ១៧:១៤

• វិវរណៈ ៧:១៣, ១៤

• កូរិនថូសទី១ ១៥:២៣; ថែស្សាឡូនីចទី១ ៤:១៥​-​១៧

• វិវរណៈ ៦:២, ៩​-​១១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក