បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/២ ទំ. ៤-៧
  • ហេតុដែលយើងគួរនិយាយពិតជានិច្ច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុដែលយើងគួរនិយាយពិតជានិច្ច
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • និយាយ​ពិត​ឬ​កុហក ជា​រឿង​ដែល​មាន​តាំង​ពី​ដើម
  • ហេតុ​ដែល​មនុស្ស​ចេះ​តែ​ភូត​កុហក
  • យក​តម្រាប់​តាម​ព្រះ​ដែល​ស្រឡាញ់​សេចក្ដី​ពិត
  • តើ​ការ​និយាយ​មិន​ពិត​តែង​តែ​ជា​ការ​កុហក​ទេ?
  • សេចក្ដី​ពិត​នឹង​ជាប់​នៅ​ជានិច្ច
  • ចូរនិយាយការពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចុះយ៉ាងណាបើគេកុហកយើង?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • តើសេចក្ដីពិតនៅតែសំខាន់ទេ?
    ប្រធានបទឯទៀត
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/២ ទំ. ៤-៧

ហេតុ​ដែល​យើង​គួរ​និយាយ​ពិត​ជា​និច្ច

ពេល​ប្រុស​មាន​អាយុ​តែ​១៨​ឆ្នាំ គាត់​កំពុង​តែ​រៀន​ធ្វើ​ការ​ក្នុង​ការិយាល័យ​ក្រុម​ហ៊ុន​មួយ។a ពីរ​ថ្ងៃ​រាល់​សប្ដាហ៍ ក្រុម​ហ៊ុន​ចាត់​ប្រុស​និង​បុគ្គលិក​ថ្មី​ប៉ុន្មាន​នាក់​ទៀត​ឲ្យ​ទទួល​ការ​បង្វឹក​បង្វឺន​បំប៉ន​នៅ​វិទ្យា​ស្ថាន​មួយ។ បើ​គ្រូ​ឲ្យ​បុគ្គលិក​ចេញ​មុន​ម៉ោង ក្រុម​ហ៊ុន​តម្រូវ​ឲ្យ​ពួក​គេ​ចូល​ធ្វើ​ការ​វិញ។ នៅ​ថ្ងៃ​មួយ គ្រូ​ឲ្យ​បុគ្គលិក​ចេញ​មុន​ម៉ោង​មែន ហើយ​ពួក​គេ​ទាំង​អស់​គ្នា​បាន​ទៅ​ដើរ​លេង លើក​លែង​តែ​ប្រុស​ដែល​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ។ ដោយ​ចៃដន្យ ចៅហ្វាយ​បាន​ចូល​ទៅ​ក្នុង​ការិយាល័យ​ហើយ​ឃើញ​ប្រុស​កំពុង​តែ​ធ្វើ​ការ។ គាត់​សួរ​ប្រុស​ថា​៖ «ម្ដេច​ក៏​មិន​ទៅ​រៀន​ថ្ងៃ​នេះ? តើ​បុគ្គលិក​ថ្មី​ឯ​ទៀត​នៅ​ឯ​ណា?»។ តើ​ប្រុស​គួរ​ឆ្លើយ​យ៉ាង​ណា?

ប្រុស​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​ម្ដងម្កាល​ដែរ ពោល​គឺ តើ​គាត់​ត្រូវ​ប្រាប់​ការ​ពិត​ឬ​គួរ​និយាយ​កុហក​ដើម្បី​រក​លេស​ឲ្យ​បុគ្គលិក​ឯ​ទៀត? បើ​ប្រុស​និយាយ​ពិត អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស​ហើយ​ស្អប់​គាត់។ ដូច្នេះ​ក្នុង​ករណី​នេះ​ប្រហែល​ជា​មិន​ខុស​ឲ្យ​គាត់​និយាយ​កុហក​មែន​ទេ? តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? ក្រោយ​មក​យើង​នឹង​មើល​របៀប​ប្រុស​បាន​ឆ្លើយ​សំណួរ​ដែល​ចៅហ្វាយ​សួរ​នោះ ប៉ុន្តែ​ឥឡូវ​នេះ​យើង​សូម​គិត​ពិចារណា​សិន ថា​តើ​ការ​និយាយ​ពិត​ឬ​និយាយ​កុហក​នោះ​ជាប់​ទាក់ទង​នឹង​អ្វី​ខ្លះ?

និយាយ​ពិត​ឬ​កុហក ជា​រឿង​ដែល​មាន​តាំង​ពី​ដើម

អ្វីៗ​ទាំង​អស់​នៅ​ដើម​កំណើត​មនុស្ស​ជាតិ សុទ្ធតែ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ពិត។ គ្រា​នោះ គ្មាន​នរណា​និយាយ​មួល​បង្កាច់​ឬ​ក្លែង​បន្លំ​ទេ ដ្បិត​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​អ្វីៗ​ទាំង​អស់ គឺ​ជា​«ព្រះ​នៃ​សេចក្ដី​ពិត»។ ព្រះ​យេហូវ៉ា​តែង​តែ​និយាយ​ពិត។ ព្រះ​អង្គ​មិន​ចេះ​ភូត​កុហក​ទេ ហើយ​ក៏​ស្អប់​ការ​កុហក​និង​ពួក​អ្នក​ដែល​ភូត​កុហក​ដែរ។—ទំនុកដំកើង ៣១:៥; យ៉ូហាន ១៧:១៧; ទីតុស ១:២

បើ​ដូច្នេះ តើ​ពាក្យ​កំភូត​ផ្ដើម​ចេញ​ពី​ណា​មក? ព្រះ​យេស៊ូ​គ្រិស្ត​បាន​ឆ្លើយ​សំណួរ​នេះ​យ៉ាង​ជាក់​ច្បាស់​ពេល​និយាយ​ជា​មួយ​អ្នក​ដឹក​នាំ​សាសនា​ដែល​ប្រឆាំង​និង​ចង់​សម្លាប់​លោក។ ព្រះ​យេស៊ូ​និយាយ​ថា​៖ «អ្នក​រាល់​គ្នា​មាន​អារក្ស​សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា​ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក។ វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត​ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​វា​ទេ។ កាល​ណា​វា​ពោល​ពាក្យ​ភូតភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត​ហើយ​ជា​ឪពុក​នៃ​សេចក្ដី​នោះ​ឯង»។ (យ៉ូហាន ៨:៤៤) ព្រះ​យេស៊ូ​បាន​និយាយ​អំពី​អ្វី​ដែល​កើត​ឡើង​ក្នុង​សួនច្បារ​អេដែន ពេល​សាតាំង​ញុះញង់​មនុស្ស​ពីរ​នាក់​ដំបូង​ដែល​រស់​នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​ខុស​ច្បាប់​ព្រះ​យេហូវ៉ា។ យ៉ាង​នោះ ពួក​គេ​បាន​ក្លាយ​ជា​អ្នក​ដែល​ធ្វើ​អំពើ​បាប ហើយ​ជា​លទ្ធផល​បាន​ស្លាប់​ផង​ដែរ។—លោកុប្បត្តិ ៣:១​-​៥; រ៉ូម ៥:១២

ពាក្យ​របស់​ព្រះ​យេស៊ូ​បង្ហាញ​យ៉ាង​ច្បាស់​ថា សាតាំង​ជា‹ឪពុក​នៃ​សេចក្ដី​កំភូត›។ នេះ​មាន​ន័យ​ថា សាតាំង​ជា​អ្នក​កុហក​ដែល​និយាយ​មិន​ពិត​មុន​គេ​បង្អស់។ ហើយ​សាតាំង​នៅ​តែ​ស្រឡាញ់​អ្វី​ដែល​មិន​ពិត​ដល់​ម្ល៉េះ​បាន​ជា​វា​ចេះ​តែ​«នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង»។ សាតាំង​ពិត​ជា​មាន​កំហុស​ធ្ងន់​មែន​ចំពោះ​ទុក្ខ​វេទនា​ដែល​មក​ពី​ការ​ភូត​កុហក​ដែល​មាន​ទូទៅ​នៅ​សព្វ​ថ្ងៃ​នេះ។—វិវរណៈ ១២:៩

តាំង​ពី​ដើម​កំណើត​មនុស្ស​រហូត​មក​ដល់​សម័យ​នេះ មនុស្ស​ទាំង​ឡាយ​ក្នុង​គ្រប់​មជ្ឈដ្ឋាន​ត្រូវ​សម្រេច​ចិត្ត​ថា​និយាយ​ពិត​ឬ​និយាយ​កុហក​ដូច​សាតាំង។ របៀប​រស់​នៅ​របស់​យើង​ម្នាក់ៗ​បង្ហាញ​ថា​យើង​ចូល​ចិត្ត​និយាយ​ពិត​ឬ​ភូត​កុហក។ មនុស្ស​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​តែង​មាន​របៀប​រស់​នៅ​ស្រប​ទៅ​តាម​សេចក្ដី​ពិត​ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ។ មិន​ថា​មនុស្ស​ដឹង​ឬ​អត់​ក្ដី បើ​គេ​មិន​ធ្វើ​អ្វីៗ​ដោយ​ពិត​ត្រង់ នេះ​មាន​ន័យ​ថា​គេ​ស្ថិត​ក្រោម​អំណាច​សាតាំង​ដែល​ជា​មេ​កំណាច ពីព្រោះ​«លោកីយ​ទាំង​មូល»​កំពុង​តែ​ធ្វើ​តាម​«ឱវាទ​នៃ​មេ​កំណាច»​នោះ។—យ៉ូហានទី១ ៥:១៩; ម៉ាថាយ ៧:១៣, ១៤

ហេតុ​ដែល​មនុស្ស​ចេះ​តែ​ភូត​កុហក

មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​ចេះ​តែ​ភូត​កុហក គឺ​ដោយសារ​«លោកីយ​ទាំង​មូល»​ស្ថិត​ក្រោម​អំណាច​សាតាំង។ ប៉ុន្តែ យើង​ប្រហែល​ជា​ឆ្ងល់​អំពី​សាតាំង​ដែល​ជា‹ឪពុក​នៃ​សេចក្ដី​កំភូត›នោះ​ថា ហេតុ​អ្វី​បាន​ជា​វា​ភូត​កុហក​នៅ​ដើម​ដំបូង​នោះ? នេះ​គឺ​ដោយសារ​សាតាំង​ដឹង​ថា ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​អង្គ​បាន​បង្កើត​មក ដែល​រួម​បញ្ចូល​មនុស្ស​មួយ​គូ​ដំបូង​នោះ​ដែរ។ ហើយ​ទោះបី​ជា​សាតាំង​គ្មាន​សិទ្ធិ​ក្ដី វា​ចង់​បាន​ឋានៈ​ខ្ពស់​ពិសេស​នោះ​សម្រាប់​តែ​ខ្លួន​វា។ ដោយសារ​សាតាំង​មាន​មហិច្ឆតា​និង​ចិត្ត​លោភ​នោះ វា​បាន​រក​មធ្យោបាយ​ដណ្ដើម​យក​ឋានៈ​របស់​ព្រះ​យេហូវ៉ា។ សាតាំង​បាន​និយាយ​កុហក​ហើយ​បាន​បោក​បញ្ឆោត​មនុស្ស​ដើម្បី​សម្រេច​ផែនការ​វា។—ធីម៉ូថេទី១ ៣:៦

ចុះ​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ? មនុស្ស​ជា​ច្រើន​និយាយ​កុហក​ដោយ​ព្រោះ​មាន​មហិច្ឆតា​និង​ចិត្ត​លោភ​លន់​ដូច​គ្នា​ដែរ មែន​ទេ? ពួក​ពាណិជ្ជកម្ម​ដែល​លោភ​ចង់​បាន អ្នក​នយោបាយ​ដែល​ពុក​រលួយ​និង​អ្នក​ដឹក​នាំ​សាសនា​មិន​ពិត​សុទ្ធតែ​ពូកែ​បោកប្រាស់​មនុស្ស​ដោយ​លួច​បន្លំ និយាយ​មិន​ពិត​និង​កេង​ប្រវ័ញ្ច​ផង។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ធ្វើ​ដូច្នេះ? ធម្មតា​ទង្វើ​នោះ​ជំរុញ​ដោយ​មហិច្ឆតា​និង​ចិត្ត​លោភ​ចង់​បាន​អ្វី​ដែល​គេ​គ្មាន​សិទ្ធិ​ទទួល ឬ​ដោយ​ព្រោះ​គេ​មាន​បំណង​កាន់​អំណាច ចង់​បាន​មុខ​មាត់​ធំដុំ​និង​ចង់​ក្លាយ​ជា​អ្នក​មាន។ ស្តេច​សាឡូម៉ូន​នៅ​ប្រទេស​អ៊ីស្រាអែល​សម័យ​បុរាណ​ជា​អ្នក​មាន​ប្រាជ្ញា​បាន​ព្រមាន​ថា​៖ «អ្នក​ណា​ដែល​ប្រញាប់ប្រញាល់​ឲ្យ​បាន​ជា​អ្នក​មាន នោះ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ»។ (សុភាសិត ២៨:២០) ហើយ​លោក​ប៉ុល​ដែល​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​បាន​សរសេរ​ថា​៖ «ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង»។ (ធីម៉ូថេទី១ ៦:១០) ការ​ចង់​បាន​ឋានៈ​ខ្ពស់​និង​អំណាច​ក៏​អាច​ក្លាយ​ជា​មេ​ឫស​ឬ​ដើម​ហេតុ​មួយ​ទៀត​ដែល​ជំរុញ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។

មូលហេតុ​មួយ​ទៀត​ដែល​មនុស្ស​ច្រើន​តែ​ភូត​កុហក គឺ​ដោយសារ​ខ្លាច​អ្នក​ដទៃ​តូច​ចិត្ត​ពេល​យើង​និយាយ​ពិត។ គឺ​ជា​ការ​ធម្មតា​ដែល​យើង​ចង់​ឲ្យ​អ្នក​ដទៃ​ស្រឡាញ់​យើង។ ប៉ុន្តែ ជួន​កាល​មនុស្ស​ដែល​ចង់​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត​ចំពោះ​ខ្លួន​នោះ សុខ​ចិត្ត​និយាយ​មិន​ពិត​បន្ដិច​បន្តួច។ ប្រហែល​ជា​ពួក​គេ​លាក់​រឿង​ខ្លះ កុំ​ឲ្យ​អ្នក​ដទៃ​ដឹង​កំហុស​ឬ​ចំណុច​ខ្សោយ​របស់​ខ្លួន។ ឬ​ពួក​គេ​ក៏​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​អ្នក​ដទៃ​កោត​ស្ងើច។ ស្តេច​សាឡូម៉ូន​បាន​សរសេរ​អំពី​ទស្សនៈ​បែប​នេះ​ថា​៖ «ការ​ដែល​ខ្លាច​ចំពោះ​មនុស្ស នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់។ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា​ពិត នោះ​នឹង​បាន​សុខ​វិញ»។—សុភាសិត ២៩:២៥

យក​តម្រាប់​តាម​ព្រះ​ដែល​ស្រឡាញ់​សេចក្ដី​ពិត

ចុះ​យ៉ាង​ណា​ចំពោះ​ប្រុស​វិញ? ពេល​ចៅហ្វាយ​សួរ​ថា​៖ «តើ​បុគ្គលិក​ឯ​ទៀត​នៅ​ឯ​ណា?» តើ​គាត់​ឆ្លើយ​យ៉ាង​ណា? ក្នុង​ករណី​នេះ ប្រុស​បាន​និយាយ​ពិត។ គាត់​ប្រាប់​ថា​៖ «លោក​គ្រូ​ឲ្យ​យើង​ឈប់​មុន​ម៉ោង ដូច្នេះ​ខ្ញុំ​បាន​មក​ធ្វើ​ការ​វិញ។ រីឯ​បុគ្គលិក​ឯ​ទៀត ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ។ ប្រហែល​ជា​លោក​អាច​សួរ​គេ​ផ្ទាល់»។

តាម​ពិត ប្រុស​អាច​ប្រាប់​ចៅហ្វាយ​អ្វី​ដែល​មិន​មែន​ជា​ការ​ពិត​ដើម្បី​ធ្វើ​ឲ្យ​បុគ្គលិក​ឯ​ទៀត​ស្រឡាញ់​គាត់។ ប៉ុន្តែ ប្រុស​បាន​និយាយ​ពិត​វិញ ពីព្រោះ​គាត់​ជា​អ្នក​ដែល​គោរព​ព្រះ​យេហូវ៉ា។ ដោយសារ​ប្រុស​និយាយ​ពិត​ត្រង់​នោះ គាត់​មិន​មាន​វិប្បដិសារី​ទេ ហើយ​ថៅកែ​ក្រុម​ហ៊ុន​ក៏​មាន​ហេតុ​ទុក​ចិត្ត​ប្រុស​ដែរ។ ប្រុស​ក៏​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ខាង​ផ្នែក​គ្រឿង​អលង្ការ​ក្នុង​ក្រុម​ហ៊ុន​នោះ ដែល​ធម្មតា​គេ​មិន​ឲ្យ​បុគ្គលិក​ថ្មី​ចូល​ធ្វើ​ទេ។ ប្រមាណ​១៥​ឆ្នាំ​ក្រោយ​មក ពេល​ប្រុស​ឡើង​ដល់​ឋានៈ​ខ្ពស់​ក្នុង​ក្រុម​ហ៊ុន​នោះ ចៅហ្វាយ​បាន​ទូរស័ព្ទ​ជូន​ពរ​គាត់ ទាំង​ប្រាប់​ម្ដង​ទៀត​អំពី​លើក​មុន​នោះ​ដែល​ប្រុស​បាន​ប្រាប់​ការ​ពិត​ដល់​គាត់។

ដោយសារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ពិត អស់​អ្នក​ដែល​ចង់​បាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​អង្គ​ត្រូវ​«ដោះ​សេចក្ដី​កំភូត​ចេញ»​ហើយ​«និយាយ​សេចក្ដី​ពិត»​វិញ។ ពួក​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ស្រឡាញ់​សេចក្ដី​ពិត។ ស្តេច​សាឡូម៉ូន​បាន​សរសេរ​ថា​៖ «សាក្សី​ស្មោះ​ត្រង់​នឹង​មិន​កុហក​ឡើយ»។ ប៉ុន្តែ តើ​ការ​និយាយ​មិន​ពិត​តែង​តែ​ជា​ការ​កុហក​ទេ?—អេភេសូរ ៤:២៥; សុភាសិត ១៤:៥

តើ​ការ​និយាយ​មិន​ពិត​តែង​តែ​ជា​ការ​កុហក​ទេ?

រៀង​រាល់​ដង​ដែល​មនុស្ស​និយាយ​កុហក នោះ​ជា​ការ​និយាយ​មិន​ពិត។ ប៉ុន្តែ ការ​និយាយ​មិន​ពិត​វិញ មិន​តែង​តែ​ជា​ការ​កុហក​ទេ។ ហេតុ​អ្វី? ពីព្រោះ​វចនានុក្រម​មួយ​ប្រាប់​ថា ការ​កុហក​ជា​«ការ​និយាយ​សេចក្ដី​មិន​ពិត​ដោយ​ដឹង​ខ្លួន ដូច្នេះ​ជា​អ្វី​ដែល​និយាយ​ដោយ​មាន​បំណង​បោកប្រាស់​អ្នក​ដទៃ»។ មែន​ហើយ អ្នក​ដែល​ភូត​កុហក​មាន​គំនិត​ចង់​បញ្ឆោត​អ្នក​ស្ដាប់។ ដូច្នេះ ការ​និយាយ​មិន​ពិត​ដោយ​មិន​ដឹង​ថា​ខ្លួន​និយាយ​ខុស (ដូច​ពេល​ប្រាប់​រឿង​ឬ​ស្ថិតិ​លេខ​ខុស) នោះ​ខុស​គ្នា​ពី​ការ​ភូត​កុហក។

ម្យ៉ាង​ទៀត យើង​ក៏​ត្រូវ​គិត​ជា​មុន​ថា តើ​អ្នក​ដែល​សួរ​សំណួរ​យើង​មាន​សិទ្ធិ​ដឹង​រឿង​ទាំង​មូល​ទេ? ឧបមា​ថា បើ​ថៅកែ​ក្រុម​ហ៊ុន​ផ្សេង​ទៀត​មក​សួរ​ប្រុស​អំពី​បុគ្គលិក​ឯ​ទៀត​នោះ តើ​ប្រុស​ត្រូវ​ប្រាប់​គាត់​ហេតុ​ការណ៍​ទាំង​អស់​ទេ? មិន​មែន​ទេ ពីព្រោះ​ថៅកែ​ក្រុម​ហ៊ុន​ផ្សេង​គ្មាន​សិទ្ធិ​ដឹង​រឿង​ប្រុស​ទេ ហើយ​ប្រុស​ក៏​មិន​ចាំបាច់​ប្រាប់​គាត់​ដែរ។ យ៉ាង​ណា​ក៏​ដោយ សូម្បី​តែ​ក្នុង​ករណី​នោះ​ក៏​មិន​គួរ​គប្បី​ឲ្យ​ប្រុស​ភូត​កុហក​ទេ។

តើ​ព្រះ​យេស៊ូ​គ្រិស្ត​តាំង​គំរូ​អ្វី​ស្តី​អំពី​ការ​និយាយ​ពិត? ម្ដង​នោះ​ព្រះ​យេស៊ូ​កំពុង​តែ​និយាយ​ជា​មួយ​អ្នក​ខ្លះ​ដែល​មិន​មែន​ជា​សិស្ស​លោក តែ​ពួក​គេ​ចង់​ដឹង​ថា តើ​ព្រះ​យេស៊ូ​នឹង​ធ្វើ​ដំណើរ​ទៅ​ណា? ពួក​គេ​បាន​ជូន​យោបល់​ថា​៖ «ចូរ​ចេញ​ពី​ទី​នេះ​ទៅ​ឯ​ស្រុក​យូដា​ទៅ»។ តើ​ព្រះ​យេស៊ូ​បាន​ឆ្លើយ​យ៉ាង​ណា? លោក​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​នេះ​ចុះ! ឯ​ខ្ញុំ​មិន​ទាន់​ទៅ​ទេ ព្រោះ​កំណត់​ខ្ញុំ​មិន​ទាន់​សំ​រេ​ច​នៅ​ឡើយ›។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ព្រះ​យេស៊ូ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​សម្រាប់​បុណ្យ​នោះ​មែន! បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​មិន​ប្រាប់​ត្រង់​ពេល​គេ​សួរ​សំណួរ​នោះ? តាម​ពិត មិន​ចាំបាច់​ឲ្យ​ពួក​គេ​ដឹង​ថា​ព្រះ​យេស៊ូ​ទៅ​ណា​ឬ​មក​ពី​ណា​នោះ​ទេ។ ដូច្នេះ ព្រះ​យេស៊ូ​មិន​កុហក​គេ​ទេ តែ​ក៏​មិន​ប្រាប់​ចំៗ​ដែរ។ យ៉ាង​នេះ ព្រះ​យេស៊ូ​អាច​ជៀស​កុំ​ឲ្យ​អ្នក​ទាំង​នោះ​មាន​ឱកាស​ធ្វើ​បាប​លោក​និង​ពួក​អ្នក​ដែល​ដើរ​ជា​មួយ​លោក។ យើង​ដឹង​ថា​ព្រះ​យេស៊ូ​មិន​បាន​កុហក​អ្នក​ទាំង​នោះ​ទេ ពីព្រោះ​ពេត្រុស​ដែល​ជា​អ្នក​កាន់​តាម​លោក​បាន​សរសេរ​អំពី​ព្រះ​គ្រិស្ត​ថា​៖ «[លោក]​មិន​បាន​ធ្វើ​បាប​អ្វី​សោះ ក៏​មិន​ឃើញ​មាន​កិច្ច​កល​អ្វី»​ចេញ​ពី​មាត់​លោក​ឡើយ។—យ៉ូហាន ៧:១​-​១៣; ពេត្រុសទី១ ២:២២

ចុះ​យ៉ាង​ណា​ពេត្រុស​វិញ? ដ្បិត​នៅ​យប់​នោះ​ដែល​គេ​ចាប់​ព្រះ​យេស៊ូ ពេត្រុស​បាន​និយាយ​កុហក​បី​ដង​ថា​គាត់​មិន​ស្គាល់​ព្រះ​យេស៊ូ មែន​ទេ? ត្រូវ​ហើយ ពេត្រុស​បាន​ភូត​កុហក​មែន​ដោយ​ព្រោះ​គាត់​ខ្លាច​អ្នក​ទាំង​នោះ។ ប៉ុន្តែ ភ្លាមៗ​នោះ ពេត្រុស​ក៏​«យំ​ក្ដួល»​តែ​ម្ដង ព្រម​ទាំង​ប្រែ​ចិត្ត​ហើយ​បាន​ត្រូវ​អត់​ឱន​ទោស​ដែរ។ ម្យ៉ាង​ទៀត ពេត្រុស​បាន​ទាញ​យក​មេ​រៀន​ពី​កំហុស​របស់​គាត់ ពីព្រោះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ពេត្រុស​បាន​និយាយ​អំពី​ព្រះ​យេស៊ូ​នៅ​មុខ​មនុស្ស​ជា​ច្រើន ហើយ​ពេល​ពួក​អាជ្ញាធរ​សាសន៍​យូដា​នៅ​ទី​ក្រុង​យេរូសាឡិម​បាន​គំរាម​កំហែង​ពេត្រុស គាត់​ប្រាប់​គេ​ថា គាត់​មិន​ព្រម​ឈប់​ផ្សព្វផ្សាយ​ជា​ដាច់ខាត។ រឿង​នេះ​ច្បាស់​ជា​លើក​ទឹក​ចិត្ត​យើង​មែន ពីព្រោះ​ជា​ការ​ងាយ​ស្រួល​ណាស់​ឲ្យ​យើង​ភ្លាត់​មាត់​ឬ​ជំពប់​ធ្វើ​ខុស​ម្ដងម្កាល តែ​យើង​អាច​កែ​ប្រែ​ភ្លាម​ដូច​ពេត្រុស​បាន​ធ្វើ​នោះ​ដែរ។—ម៉ាថាយ ២៦:៦៩​-​៧៥; កិច្ចការ ៤:១៨​-​២០; ៥:២៧​-​៣២; យ៉ាកុប ៣:២

សេចក្ដី​ពិត​នឹង​ជាប់​នៅ​ជានិច្ច

សុភាសិត ១២:១៩ ពន្យល់​ថា​៖ «បបូរ​មាត់​ដែល​បញ្ចេញ​សេចក្ដី​ពិត នោះ​នឹង​បាន​តាំង​ជាប់​នៅ​ជានិច្ច តែ​អណ្ដាត​ភូតភរ នោះ​នៅ​តែ​១​ភ្លែត​ទេ»។ មែន​ហើយ មនុស្ស​ដែល​និយាយ​ពិត​អាច​ស្ថិតស្ថេរ​នៅ​ជា​យូរ​អង្វែង។ ណា​មួយ​ទៀត មនុស្ស​ដែល​ព្យាយាម​និយាយ​ពិត​ជានិច្ច​ហើយ​ខំ​ធ្វើ​តាម​ពាក្យ​នោះ ពួក​គេ​អាច​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​គ្នា​ទៀត​ផង។ ប្រាកដ​មែន យើង​ទទួល​ប្រយោជន៍​ភ្លាមៗ​ពេល​និយាយ​ពិត។ ប្រយោជន៍​ទាំង​នេះ​រួម​បញ្ចូល​ចំណង​មិត្តភាព​ល្អ​ក្នុង​ក្រុម​គ្រួសារ​ហើយ​ជា​មួយ​ស្វាមី​ភរិយា​និង​មិត្ត​ជិត​ស្និទ្ធ។ យើង​ក៏​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ហើយ​មិន​មាន​វិប្បដិសារី​ដោយសារ​កុហក​គេ។ សូម្បី​តែ​ពេល​ធ្វើ​ការ​ផង នោះ​ការ​និយាយ​ពិត​នាំ​ឲ្យ​យើង​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​អ្នក​ដទៃ។

ផ្ទុយ​ទៅ​វិញ អ្នក​ដែល​និយាយ​កុហក​មិន​ស្ថិតស្ថេរ​នៅ​យូរ​ទេ។ មនុស្ស​ដែល​និយាយ​មិន​ពិត​ប្រហែល​ជា​អាច​បោក​បញ្ឆោត​អ្នក​ដទៃ​បាន​មួយ​រយៈ​មែន ប៉ុន្តែ​នៅ​ទីបំផុត​ពួក​គេ​នឹង​បរាជ័យ​វិញ។ ម្យ៉ាង​ទៀត ចំពោះ​មនុស្ស​ដែល​និយាយ​កុហក​ហើយ​ពោល​ពាក្យ​មិន​ពិត នោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ពិត​នឹង​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​នៅ​ជា​រៀង​រហូត​ទេ។ ចំពោះ​ឪពុក​នៃ​សេចក្ដី​កំភូត គឺ​សាតាំង​ជា​មេ​កំណាច​ដែល​នាំ​មនុស្ស​លោក​ទាំង​ឡាយ​ឲ្យ​វង្វេង​នោះ ព្រះ​យេហូវ៉ា​សន្យា​ក្នុង​ព្រះ​គម្ពីរ​ថា ព្រះ​អង្គ​នឹង​លុប​បំបាត់​ឥទ្ធិពល​របស់​វា។ ឆាប់ៗ​ខាង​មុខ​នេះ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​លែង​មាន​មនុស្ស​កំភូត​និង​ពាក្យ​កុហក​ផង​ដែរ។—វិវរណៈ ២១:៨

គ្រា​ដែល​មនុស្ស​នឹង‹មាន​បបូរ​មាត់​បញ្ចេញ​តែ​សេចក្ដី​ពិត​ជា​និច្ច›នោះ ពិត​ជា​គ្រា​ដ៏​គួរ​ឲ្យ​ចង់​បាន​ណាស់!

[កំណត់​សម្គាល់]

a នេះ​មិន​មែន​ជា​ឈ្មោះ​ពិត។

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ៥]

មនុស្ស​ជា​ច្រើន​និយាយ​កុហក ដោយ​ព្រោះ​មាន​មហិច្ឆតា​និង​ចិត្ត​លោភ​លន់

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ៦]

រៀង​រាល់​ដង​ដែល​មនុស្ស​និយាយ​កុហក នោះ​ជា​ការ​និយាយ​មិន​ពិត ប៉ុន្តែ​ការ​និយាយ មិន​ពិត​វិញ មិន​តែង​តែ​ជា​ការ​កុហក​ទេ

[រូបភាព​នៅ​ទំព័រ​៦]

តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី ពី​កាល​ដែល​ពេត្រុស​និយាយ​ថា គាត់​មិន​ស្គាល់​ព្រះ​យេស៊ូ?

[រូបភាព​នៅ​ទំព័រ​៧]

មនុស្ស​ដែល​និយាយ​ពិត​ជានិច្ច ពួក​គេ​អាច​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​គ្នា​ផង​ដែរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក