ចូរសប្បាយនឹងជីវិតនៅលើផែនដីដ៏ស្រស់បំព្រង
ផែនដីជាទីលំនៅរបស់យើងគ្រប់រូប។ ប៉ុន្តែពួកតារាវិទូសង្កេតឃើញថា ផែនដីតូចប្រៀបដូចជាលម្អិតធូលីនៅក្នុងសកលលោកដ៏មហាធំធេងដែលគ្មានព្រំដែន។ ពួកវិទ្យាសាស្ត្រក៏មិនបានរកឃើញជីវិតនៅភពផ្សេងទេ ពីព្រោះមានតែផែនដីប៉ុណ្ណោះដែលមានបរិយាកាសទ្រទ្រង់ជីវិត។
បន្ថែមទៅទៀត យើងក៏អាចសប្បាយនឹងជីវិតនៅលើផែនដីដ៏ស្រស់បំព្រងនេះដែរ។ ឧបមាថាពេលខែរងា យើងទៅឈរអាំងថ្ងៃ នោះយើងមានអារម្មណ៍ស្រួលដោយបាត់រងា មែនទេ? ហើយពេលយើងគយគន់មើលថ្ងៃរះឡើងនិងថ្ងៃលិចចុះ សោភ័ណភាពរបស់ព្រះអាទិត្យពិតជាធ្វើឲ្យយើងកោតស្ងើចមែន! យ៉ាងណាក៏ដោយ ព្រះអាទិត្យមិនគ្រាន់តែធ្វើឲ្យកក់ក្ដៅនិងមានសោភ័ណភាពប៉ុណ្ណោះទេ តែជីវិតទាំងឡាយនៅលើផែនដីគឺពឹងផ្អែកទាំងស្រុងទៅលើព្រះអាទិត្យ។
ព្រះអាទិត្យជាផ្កាយធំមួយ។ រាប់សិបលានឆ្នាំហើយ ទំនាញព្រះអាទិត្យបានទាញផែនដីយើង និងភពឯទៀតឲ្យធ្វើចលនាយ៉ាងទៀងទាត់លើគន្លង ជុំវិញព្រះអាទិត្យ។ គ្រូក៏បានបង្រៀនសិស្សនៅឯសាលារៀនថា ប្រព័ន្ធព្រះអាទិត្យនេះធ្វើចលនាលើគន្លងជុំវិញចំណុចកណ្ដាលនៃកាឡាក់ស៊ីមីលគីវ៉េ។ ប៉ុន្តែ នៅកាឡាក់ស៊ីមីលគីវ៉េមានផ្កាយជាង១០០ពាន់លានដែលកំពុងតែធ្វើដំណើរជាមួយគ្នា មិនមែនមានតែព្រះអាទិត្យប៉ុណ្ណោះទេ។
តើជីវិតលើផែនដីនេះបានកើតមកដោយចៃដន្យឬ? តើធម្មជាតិបានផ្ទុះឡើងដោយឯកឯងទេ? ឬមួយក៏ តើមានដើមហេតុណាមួយដែលបណ្ដាលឲ្យមានជីវិតនៅលើភពផែនដីដ៏ស្រស់បំព្រងនេះ?
មនុស្សជាច្រើនបានសន្និដ្ឋានថា ផែនដីដែលជាលំនៅស្ថានរបស់មនុស្សជាតិនេះបានត្រូវរៀបចំឡើងដើម្បីទ្រទ្រង់ជីវិតបាន។a រាប់រយឆ្នាំមុននេះ បុរសជនជាតិហេព្រើរម្នាក់ដែលជាអ្នកតែងកំណាព្យ បានសរសេរអំពីផ្ទៃមេឃនិងផែនដីថា៖ «ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃដែលជាស្នាព្រះហស្តរបស់ព្រះអង្គ ហើយសម្លឹងមើលព្រះច័ន្ទ និងហ្វូងតារាដែលព្រះអង្គដាក់នៅលើមេឃនោះ ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី?»។ (ទំនុកតម្កើង ៨:៤, ៥, ខ.ស. [ទំនុកដំកើង ៨:៣, ៤]) អ្នកតែងកំណាព្យនោះជឿជាក់ថា សកលលោកត្រូវតែមានអ្នកបង្កើត។ នៅសម័យទំនើបនេះដែលមានការរីកចម្រើនខាងវិទ្យាសាស្ត្រ តើជាការសមហេតុសមផលឲ្យយើងជឿថាមានព្រះមួយអង្គជាអ្នកបង្កើតឬទេ?
[កំណត់សម្គាល់]
a សូមមើលសៀវភៅទំនុកដំកើង ជាពិសេសទំនុកទី៨។
[ប្រអប់/រូបភាពនៅទំព័រ៣]
«ពេលមើលឃើញផែនដីពីចម្ងាយដែលស្ថិតក្នុងលំហអាកាសដ៏ងងឹតនោះ ផែនដីបញ្ចេញពន្លឺព្រិចៗដូចជាត្បូងពណ៌ខៀវ»។—The Illustrated Science Encyclopedia—Amazing Planet Earth
[អ្នកផ្ដល់សិទ្ធិ]
Globe: U.S. Fish & Wildlife Service, Washington, D.C./NASA