បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៦ ទំ. ២៣-២៧
  • ការបង្កើតផលក្នុងកិច្ចបម្រើព្រះពេលវ័យចំណាស់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបង្កើតផលក្នុងកិច្ចបម្រើព្រះពេលវ័យចំណាស់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តែង​តែ​មាន​វត្តមាន
  • បងៗ​វ័យ​ចំណាស់​មិន​យក​លេស​ថា​ខ្លួន​ចាស់
  • បងៗ​វ័យ​ចំណាស់​មិន​ដេក​ផ្សំ​ដួល​ទេ
  • ព្រះ​យេហូវ៉ា​មិន​ភ្លេច​បងៗ​វ័យ​ចំណាស់​ដែល​បាន​ស៊ូទ្រាំ
  • ការបម្រើព្រះយេហូវ៉ាមុនអស់ទាំងថ្ងៃអាក្រក់មកដល់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • បងប្អូនវ័យចាស់ ជាសមាជិកដែលមានតម្លៃក្នុងភាតរភាពគ្រីស្ទានរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ព្រះយេហូវ៉ាមើលថែរក្សាអ្នកបម្រើដែលមានវ័យចាស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • អត្ថប្រយោជន៍ពីអ្នកបម្រើវ័យចំណាស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៦ ទំ. ២៣-២៧

ការ​បង្កើត​ផល​ក្នុង​កិច្ច​បម្រើ​ព្រះ​ពេល​វ័យ​ចំណាស់

​«[មនុស្ស​សុចរិត]​ត្រូវ​ដាំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​យេហូវ៉ា . . . កាល​ណា​ចាស់​ហើយ នោះ[ពួក​គាត់]​នឹង​នៅ​តែ​កើត​ផល»។ —ទំនុកដំកើង ៩២:១៣, ១៤

១, ២​. (ក) តើ​វ័យ​ចំណាស់​បាន​ត្រូវ​ហៅ​យ៉ាង​ណា? (ខ) តើ​មាន​សេចក្ដី​សន្យា​អ្វី​ខ្លះ​ក្នុង​គម្ពីរ ស្តី​អំពី​ផលវិបាក​ដែល​យើង​មាន​ដោយសារ​ឆ្លង​បាប​ពី​អ័ដាម?

ពេល​ឮ​ពាក្យ វ័យ​ចំណាស់ តើ​អ្នក​ស្រមៃ​ឃើញ​អ្វី? តើ​អ្នក​គិត​ពី​ស្បែក​ជ្រីវជ្រួញ ស្ដាប់​មិន​ឮ រញីរញ័រ ខ្នង​កោង​ជា​ដើម​ឬ? ដូច្នេះ ជា​ការ​សម​ហេតុ​សម​ផល​ដែល​សៀវភៅ​សាស្ដា ១២:១​-​៧ សំដៅ​ទៅ​លើ​វ័យ​ចំណាស់​ជា​«ថ្ងៃ​អាក្រក់»។ ប៉ុន្តែ គប្បី​ឲ្យ​យើង​ចាំ​ថា ជរា​ភាព​ដែល​រៀប​រាប់​ក្នុង​សាស្ដា​ជំពូក​ទី១២​នោះ ជា​លទ្ធផល​ពី​បាប​ដែល​ឆ្លង​មក​ពី​អ័ដាម មិន​មែន​ជា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​មនុស្ស​ទេ។—រ៉ូម ៥:១២

២ ការ​ដែល​មាន​វ័យ​កាន់​តែ​ចម្រើន​ឡើង នោះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ស្អប់​ខ្ពើម​ឡើយ ពីព្រោះ​ការ​រស់​នៅ​តម្រូវ​ឲ្យ​យើង​មាន​អាយុ​កាន់​តែ​កើន​ឡើង​ជា​និច្ច។ តាម​ការ​ពិត អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត​ត្រូវ​តែ​លូត​លាស់​ឡើង​រហូត​ដល់​ធំ​ពេញ​វ័យ។ ប៉ុន្តែ បាប​និង​ភាព​មិន​ល្អ​ឥតខ្ចោះ​បាន​នាំ​ឲ្យ​មនុស្ស​មាន​ទុក្ខ​វេទនា​អស់​ប្រមាណ​៦.០០០​ឆ្នាំ​ហើយ។ យ៉ាង​ណា​ក៏​ដោយ បន្ដិច​ទៀត​លទ្ធផល​អាក្រក់​នោះ​នឹង​កន្លង​ផុត​ទៅ។ មនុស្ស​ទាំង​អស់​ដែល​ស្ដាប់​បង្គាប់​ព្រះ​នឹង​មាន​ជីវិត​សប្បាយ​ដោយ​ព្រោះ​គ្មាន​ការ​ឈឺ​ចាប់ ជរា​ភាព​និង​សេចក្ដី​ស្លាប់​ទៀត​ទេ។ (លោកុប្បត្តិ ១:២៨; វិវរណៈ ២១:៤, ៥) នៅ​គ្រា​នោះ មនុស្ស​ទាំង​ឡាយ​«នឹង​មិន​ថា​៖ ‹ខ្ញុំ​ឈឺ› ទៀត​ឡើយ»។ (អេសាយ ៣៣:២៤) មនុស្ស​វ័យ​ចាស់​នឹង​ប្រែ​ទៅ​«ដូច​កាល​នៅ​ក្មេង»​វិញ ហើយ​សាច់​របស់​ពួក​គាត់​នឹង​បាន​«ស្រស់​ជាង​សាច់​របស់​កូន​ក្មេង»។ (យ៉ូប ៣៣:២៥) ប៉ុន្តែ ទំ​រាំ​ដល់​ពេល​នោះ យើង​រាល់​គ្នា​ត្រូវ​ស៊ូទ្រាំ​នឹង​ផលវិបាក​ផ្សេងៗ​ដោយសារ​យើង​មាន​បាប​ឆ្លង​មក​ពី​អ័ដាម​ទុក​ជា​មត៌ក។ យ៉ាង​ណា​ក៏​ដោយ ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មាន​ពរ​វិសេស​ពេល​មាន​វ័យ​កាន់​តែ​ចាស់​ទៅៗ។

៣​. «កាល​ណា​ចាស់​ហើយ» តើ​ពួក​គ្រិស្ត​សា​សនិក‹នៅ​តែ​អាច​កើត​ផល›បាន​យ៉ាង​ដូច​ម្ដេច?

៣ ស្តី​អំពី​មនុស្ស​សុចរិត​ដែល​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​«ដាំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​យេហូវ៉ា» គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ធានា​ថា ‹កាល​ណា​ពួក​គាត់​ចាស់​ហើយ នោះ​គាត់​នឹង​នៅ​តែ​កើត​ផល›នៅ​ឡើយ។ (ទំនុកដំកើង ៩២:​១៣, ១៤) អ្នក​តែង​បទ​ទំនុកដំកើង​បាន​សរសេរ​ដោយ​ន័យ​ធៀប​ដើម្បី​បញ្ជាក់​ថា ពួក​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់​អាច​លូត​លាស់​និង​មាន​ភាព​ចម្រុងចម្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ សូម្បី​តែ​ពេល​ពួក​គាត់​មាន​សុខភាព​ទ្រុឌទ្រោម​ទៅៗ​ក៏​ដោយ។ ស្តី​អំពី​រឿង​នេះ បងប្អូន​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ រួម​ទាំង​អ្នក​ខ្លះ​ដែល​រៀប​រាប់​ក្នុង​គម្ពីរ​អាច​យក​ជា​គំរូ​បាន។

តែង​តែ​មាន​វត្តមាន

៤​. ពេល​មាន​វ័យ​ចាស់ តើ​លោក​ស្រី​អាណ​បាន​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត? តើ​គាត់​បាន​ទទួល​ពរ​យ៉ាង​វិសេស​អ្វី?

៤ មុន​ដំបូង សូម​គិត​អំពី​លោក​ស្រី​អាណ​ដែល​ជា​អ្នក​ថ្លែង​ទំនាយ។ ទោះ​ជា​គាត់​មាន​អាយុ​៨៤​ឆ្នាំ​ក៏​ដោយ គាត់​«ក៏​នៅ​តែ​ក្នុង​ព្រះ​វិហារ មិន​ដែល​ចេញ​ឡើយ។ គាត់​គោរព​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​ការ​តម​ហើយ​អធិស្ឋាន»។ តាម​ពិត គាត់​មិន​បាន​រស់​នៅ​ឯ​ព្រះ​វិហារ​ទេ ពីព្រោះ​ឪពុក​របស់​គាត់​មិន​មែន​ជា​កូន​ចៅ​របស់​ពួក​លេវី តែ​មក​ពី​«ពូជ​អំបូរ​អេស៊ើរ»​វិញ។ សូម​គិត​ពិចារណា​អំពី​ការ​ប្រឹងប្រែង​របស់​គាត់​ដើម្បី​ឲ្យ​បាន​នៅ​ព្រះ​វិហារ​រៀង​រាល់​ថ្ងៃ​ទាន់​ពេល​ដែល​គេ​ថ្វាយ​តង្វាយ​ពេល​ព្រឹក ហើយ​ឲ្យ​បាន​នៅ​ទី​នោះ​រហូត​ដល់​ពេល​គេ​ថ្វាយ​តង្វាយ​ពេល​ល្ងាច។ យ៉ាង​ណា​ក្ដី ការ​ខ្នះខ្នែង​របស់​លោក​ស្រី​បាន​នាំ​ឲ្យ​គាត់​ទទួល​ពរ​យ៉ាង​វិសេស។ គាត់​ទទួល​ឯកសិទ្ធិ​ពិសេស​មួយ​ពេល​គាត់​មាន​វត្តមាន​នៅ​ឯ​ព្រះ​វិហារ នៅ​ពេល​ដែល​លោក​យ៉ូសែប​និង​នាង​ម៉ារា​បាន​នាំ​យេស៊ូ​ជា​បុត្រ​គាត់​ទៅ​ថ្វាយ​ចំពោះ​ព្រះ​យេហូវ៉ា​ស្រប​ទៅ​តាម​ច្បាប់​ទ្រង់។ ពេល​ឃើញ​បុត្រ​នោះ លោក​ស្រី​«អរ​ព្រះ​គុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះ​ឱរស​ដល់​អស់​អ្នក​ដែល​នៅ​រង់ចាំ​សេចក្ដី​ប្រោស​លោះ​នៅ​ក្រុង​យេរូសាឡិម»។—លូកា ២:២២​-​២៤, ៣៦​-​៣៨; ជនគណនា ១៨:៦, ៧

៥, ៦​. ដូច​លោក​ស្រី​អាណ​ពី​បុរាណ តើ​បងៗ​វ័យ​ចំណាស់​ច្រើន​នាក់​នៅ​សព្វ​ថ្ងៃ​នេះ​មាន​ទស្សនៈ​យ៉ាង​ណា?

៥ ដូច​លោក​ស្រី​អាណ​ពី​បុរាណ​នោះ បងៗ​វ័យ​ចំណាស់​ច្រើន​នាក់​ក៏​រួម​ចំណែក​ជា​ទៀងទាត់​ក្នុង​កម្មវិធី​ប្រជុំ​របស់​យើង​ដែរ។ ពួក​គាត់​តែង​តែ​រវល់​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ ហើយ​ក៏​មិន​ខាន​អធិស្ឋាន​សូម​ឲ្យ​ការ​ថ្វាយ​បង្គំ​ពិត​រីក​ចម្រើន​ជា​និច្ច។ បង​ប្រុស​ម្នាក់​ដែល​មាន​អាយុ​៨០​ប្លាយ​ឆ្នាំ គាត់​ទៅ​កិច្ច​ប្រជុំ​របស់​ពួក​គ្រិស្ត​សា​សនិក​យ៉ាង​ទៀងទាត់​ជា​មួយ​ភរិយា ហើយ​មាន​ប្រសាសន៍​ថា​៖ «យើង​បាន​បណ្ដុះ​ឲ្យ​មាន​ទម្លាប់​ទៅ​ប្រជុំ។ យើង​មិន​ចង់​ទៅ​ឯ​ណា​ទៀត​ទេ។ ទីណា​ដែល​រាស្ត្រ​របស់​ព្រះ​នៅ ទី​នោះ​យើង​ក៏​ចង់​នៅ​ដែរ។ យើង​ពេញ​ចិត្ត​នៅ​ទី​នោះ»។ នេះ​ជា​គំរូ​ល្អ​សម្រាប់​យើង​ទាំង​អស់​គ្នា​មែន!—ហេព្រើរ ១០:២៤, ២៥

៦ បង​ស្រី​ឈ្មោះ​ជី​ន ជា​ស្រី​មេម៉ាយ​គ្រិស្ត​សា​សនិក​ម្នាក់​ដែល​មាន​អាយុ​ជាង​៨០​ឆ្នាំ។ គាត់​មាន​ប្រសាសន៍​ថា​៖ «បើ​មាន​កម្ម​វិធី​ថ្វាយ​បង្គំ​ណា​ដែល​ខ្ញុំ​អាច​ចូល​រួម​បាន ខ្ញុំ​ចង់​ចូល​រួម​ណាស់!»។ គាត់​សារភាព​ថា​៖ «ជួន​កាល​ខ្ញុំ​ព្រួយ​ចិត្ត​បន្ដិច​មែន ប៉ុន្តែ​ខ្ញុំ​មិន​ចូល​ចិត្ត​ធ្វើ​ឲ្យ​អ្នក​ដទៃ​ព្រួយ​ចិត្ត​ជា​មួយ​នឹង​ខ្ញុំ​ឡើយ»។ បង​ស្រី​ជី​ន​មាន​ប្រសាសន៍​ទៀត​អំពី​ពេល​ដែល​គាត់​បាន​ទៅ​លេង​ប្រទេស​ក្រៅ​ដើម្បី​ចូល​រួម​កម្មវិធី​ដែល​ពង្រឹង​ជំនឿ​គាត់។ ពេល​រៀប​រាប់​ពី​បទពិសោធន៍​ទាំង​នោះ បង​ជី​ន​មាន​ទឹក​មុខ​រីករាយ។ ពេល​ថ្មីៗ​នេះ កាល​ដែល​បង​ជី​ន​បាន​ទៅ​លេង​ប្រទេស​ក្រៅ​ជា​មួយ​មិត្តភក្ដិ​គាត់ គាត់​ប្រាប់​ពួក​គេ​ថា​៖ «ខ្ញុំ​មិន​ចង់​មើល​ប្រាសាទ​ណា​ទៀត​ទេ ខ្ញុំ​ចង់​ទៅ​ផ្សព្វផ្សាយ​វិញ!»។ ទោះ​ជា​បង​ជី​ន​មិន​ចេះ​ភាសា​របស់​ប្រជាជន​នៅ​ប្រទេស​នោះ​ក៏​ដោយ គាត់​នៅ​តែ​បាន​និយាយ​បន្ដិច​បន្តួច​ល្មម​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​ចាប់​អារម្មណ៍។ បន្ថែម​ទៅ​ទៀត អស់​ប៉ុន្មាន​ឆ្នាំ​ហើយ បង​ស្រី​បាន​ចូល​រួម​ជា​មួយ​ក្រុម​ជំនុំ​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ថែម​ទៀត ទោះ​ជា​នេះ​តម្រូវ​ឲ្យ​គាត់​រៀន​ភាសា​ថ្មី​និង​ធ្វើ​ដំណើរ​អស់​មួយ​ម៉ោង​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ក្ដី។

បងៗ​វ័យ​ចំណាស់​មិន​យក​លេស​ថា​ខ្លួន​ចាស់

៧​. សូម្បី​តែ​ពេល​ម៉ូសេ​មាន​អាយុ​ច្រើន​ក៏​ដោយ តើ​គាត់​បញ្ជាក់​ថា​គាត់​ចង់​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ជានិច្ច​ដោយ​មាន​ប្រសាសន៍​យ៉ាង​ណា?

៧ មនុស្ស​ដែល​មាន​អាយុ​វែង​តែង​តែ​មាន​បទពិសោធន៍​ច្រើន។ (យ៉ូប ១២:១២) ប៉ុន្តែ អាយុ​វែង​មិន​តែង​តែ​នាំ​ឲ្យ​មនុស្ស​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ទេ។ ដូច្នេះ អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ទ្រង់​តែង​តែ​ព្យាយាម​ដើម្បី​ឲ្យ​បាន​«ចំណេះ​ចំរើន​ឡើង» ជាជាង​ស្កប់​ចិត្ត​ថា​ខ្លួន​បាន​រៀន​ល្មម​ហើយ។ (សុភាសិត ៩:៩) ពេល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​កិច្ចការ​ឲ្យ​លោក​ម៉ូសេ គាត់​មាន​អាយុ​ខ្ទង់​៨០​ឆ្នាំ​ហើយ។ (និក្ខមនំ ៧:៧) បើ​គិត​ពី​អាយុ​មធ្យម​នៅ​សម័យ​ម៉ូសេ មើល​ទៅ​កម្រ​ណាស់​ដែល​មាន​មនុស្ស​រស់​រហូត​ដល់​៨០​ឆ្នាំ។ ម៉ូសេ​បាន​សរសេរ​ថា​៖ «កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម​៧០​ឆ្នាំ​ទេ ឬ​បើ​មាន​កំឡាំង​ច្រើន នោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះ»។ (ទំនុកដំកើង ៩០:​១០) យ៉ាង​ណា​ក៏​ដោយ ម៉ូសេ​មិន​ដែល​គិត​ថា គាត់​ហួស​អាយុ​នឹង​រៀន​អ្វី​ថ្មី​ទេ។ សូម្បី​តែ​ក្រោយ​ម៉ូសេ​បាន​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ឆ្នាំ ទាំង​មាន​ឯកសិទ្ធិ​ពិសេស​និង​ភារកិច្ច​ធ្ងន់​ក្ដី គាត់​នៅ​តែ​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ «សូម​សំដែង​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល​បង្គំ​ផង ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​ស្គាល់​ទ្រង់»។ (និក្ខមនំ ៣៣:១៣) ម៉ូសេ​មាន​បំណង​ពង្រឹង​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា​ជា​និច្ច។

៨​. ពេល​លោក​ដានីយ៉ែល​មាន​អាយុ​ជាង​៩០​ឆ្នាំ ជាជាង​យក​លេស​ថា​ខ្លួន​ចាស់​ហើយ តើ​គាត់​បាន​ធ្វើ​អ្វី? តើ​មាន​លទ្ធផល​យ៉ាង​ណា?

៨ ពេល​លោក​ដានីយ៉ែល​ដែល​ជា​អ្នក​ថ្លែង​ទំនាយ​មាន​អាយុ​ជាង​៩០​ឆ្នាំ គាត់​នៅ​តែ​បាន​អាន​និង​រំពឹង​មើល​ឯកសារ​នានា​ដែល​ឥឡូវ​នេះ​ចង​ក្រង​ជា​គម្ពីរ​ព្រះ។ «គម្ពីរ»​ដែល​គាត់​អាន​នោះ​ប្រហែល​ជា​រួម​បញ្ចូល​សៀវភៅ​លេវីវិន័យ អេសាយ យេរេមា ហូសេ​និង​អេម៉ុស។ អ្វី​ដែល​គាត់​ស្រាវជ្រាវ​ក្នុង​សៀវភៅ​ទាំង​នោះ​បាន​ជំរុញ​គាត់​ឲ្យ​អធិស្ឋាន​អស់​ពី​ចិត្ត​ចំពោះ​ព្រះ​យេហូវ៉ា។ (ដានីយ៉ែល ៩:១, ២) ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ពាក្យ​អង្វរ​នោះ​ដោយ​បណ្ដាល​ឲ្យ​លោក​ដានីយ៉ែល​សរសេរ​ព័ត៌មាន​អំពី​គ្រា​ព្រះ​មេស្ស៊ី​ត្រូវ​លេច​មក ហើយ​អំពី​របៀប​មនុស្ស​នឹង​ថ្វាយ​បង្គំ​ទ្រង់​នៅ​ពេល​អនាគត។—ដានីយ៉ែល ៩:​២០​-​២៧

៩, ១០​. តើ​បងៗ​ខ្លះ​បាន​ធ្វើ​អ្វី​ជា​ជាង​យក​លេស​ថា​ខ្លួន​ចាស់?

៩ យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក​ម៉ូសេ​និង​ដានីយ៉ែល ហើយ​មិន​យក​លេស​ថា​ខ្លួន​ចាស់​ទេ ដោយ​ផ្ដោត​អារម្មណ៍​លើ​ការ​ថ្វាយ​បង្គំ​ព្រះ​ដរាប​ណា​ដែល​យើង​អាច​ធ្វើ​នោះ​បាន។ បងៗ​វ័យ​ចំណាស់​ច្រើន​នាក់​កំពុង​ធ្វើ​ដូច្នេះ​មែន។ បង​ប្រុស​ឈ្មោះ​វើត មាន​អាយុ​៨០​ប្លាយ​ឆ្នាំ ហើយ​គាត់​ខំ​រៀន​ជានិច្ច​ដើម្បី​ឲ្យ​មាន​ការ​យល់​ដឹង​ទាន់​នឹង​ការ​ពន្យល់​ថ្មីៗ​ដែល​ប្រៀប​ដូច​ជា​អាហារ​ពី‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ (ម៉ាថាយ ២៤:៤៥) បង​វើត​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ស្រឡាញ់​ជំនឿ​ពិត​នេះ​ខ្លាំង​ណាស់! ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​រំភើប​ផង​ដែរ ពេល​សេចក្ដី​ពិត​ដែល​ប្រៀប​ដូច​ជា​ពន្លឺ ភ្លឺ​កាន់​តែ​ខ្លាំង​ឡើងៗ»។ (សុភាសិត ៤:១៨) បង​ប្រុស​ឈ្មោះ​ហ្វ្រិដ ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​ជាង​៦០​ឆ្នាំ​ហើយ គាត់​ក៏​មាន​ទស្សនៈ​ដូច​គ្នា​ដែរ។ គាត់​ចូល​ចិត្ត​ជ្រើសរើស​ចំណុច​ផ្សេងៗ​ពី​គម្ពីរ​ព្រះ ទុក​ជា​ប្រធាន​បទ​ដែល​គាត់​អាច​ពិភាក្សា​ជា​មួយ​បងប្អូន​រួម​ជំនឿ។ បង​ហ្វ្រិដ​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ខំ​ធ្វើ​ឲ្យ​គម្ពីរ​មាន​ឥទ្ធិពល​លើ​គំនិត​ខ្ញុំ។ ខ្ញុំ​មិន​គ្រាន់​តែ​អាន​គម្ពីរ​ដើម្បី​ឲ្យ​បាន​ចំណេះ​ប៉ុណ្ណោះ​ទេ តែ​ខ្ញុំ​ព្យាយាម​ធ្វើ​ឲ្យ​គម្ពីរ​មាន​ឥទ្ធិពល​លើ​ចិត្ត​គំនិត​ខ្ញុំ ដោយ​ខំ​យល់​ខ្លឹមសារ​និង​ស្វែង​យល់​ពី​ទំនាក់ទំនង​រវាង​អ្វី​ដែល​ខ្ញុំ​កំពុង​រៀន​និង‹អស់​ទាំង​ពាក្យ​ត្រឹម​ត្រូវ›ក្នុង​គម្ពីរ។ បើ​ដូច្នេះ ចំណុច​នីមួយៗ​ភ្លឺ​ចិញ្ចាច​ចិញ្ចែង»​ដូច​ជា​ត្បូង​ពេជ្រ​ដែល​គេ​រៀប​យ៉ាង​ស្អាត​ក្នុង​គ្រឿង​អលង្ការ។—ធីម៉ូថេទី២ ១:១៣

១០ បើ​យើង​មាន​អាយុ​ច្រើន​ហើយ កុំ​យក​លេស​ថា​យើង​មិន​អាច​រៀន​ឲ្យ​ចេះ​ធ្វើ​អ្វី​ដ៏​ពិបាក​ដែល​យើង​មិន​ធ្លាប់​ធ្វើ​ពី​មុន។ សូម្បី​តែ​បងៗ​ខ្លះ​ដែល​មាន​វ័យ​ខ្ទង់​៦០ ៧០​ឬ​៨០​ឆ្នាំ​ហើយ​នោះ ក៏​បាន​រៀន​អក្សរ​ឬ​រៀន​ភាសា​មួយ​ទៀត​ដែរ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខ្លះ​បាន​ធ្វើ​ដូច្នេះ​ដោយ​មាន​បំណង​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ជន​ជាតិ​ផ្សេង។ (ម៉ាកុស ១៣:១០) បង​ប្រុស​ឈ្មោះ​ហេរី និង​ភរិយា​របស់​គាត់ ទាំង​ពីរ​នាក់​មាន​អាយុ​ជិត​៧០​ឆ្នាំ​ពេល​ពួក​គាត់​បាន​សម្រេច​ចិត្ត​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ដែល​និយាយ​ភាសា​ព័រទុយហ្គាល់។ បង​ប្រុស​មាន​ប្រសាសន៍​ថា​៖ «ពេល​មាន​អាយុ​ច្រើន​បន្ដិច អ្វី​ក៏​ដោយ​គឺ​ពិបាក​ធ្វើ ជា​ជាង​ពេល​យើង​នៅ​ក្មេង»។ យ៉ាង​ណា​ក៏​ដោយ ពួក​គាត់​ទាំង​ពីរ​នាក់​បាន​តស៊ូ​និង​ព្យាយាម​ផង ហើយ​ក្រោយ​មក​ពួក​គាត់​អាច​និយាយ​ភាសា​ព័រទុយហ្គាល់​ល្មម​នឹង​បង្រៀន​សិស្ស​អំពី​គម្ពីរ​ព្រះ​បាន។ បន្ថែម​ទៅ​ទៀត ច្រើន​ឆ្នាំ​ហើយ បង​ហេរី​បាន​ថ្លែង​សុន្ទរកថា​ជា​ភាសា​ព័រទុយហ្គាល់​ក្នុង​កម្មវិធី​មហា​សន្និបាត។

១១​. តើ​ការ​ពិនិត្យ​មើល​គំរូ​របស់​បងៗ​វ័យ​ចំណាស់​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​មាន​ប្រយោជន៍​អ្វី​ខ្លះ?

១១ ប៉ុន្តែ មិន​មែន​បងៗ​វ័យ​ចំណាស់​ទាំង​អស់​ដែល​អាច​មាន​កាលៈទេសៈ​ឬ​សុខភាព​ល្អ​ល្មម​នឹង​ធ្វើ​អ្វីៗ​ដូច​នេះ​ទេ។ បើ​ដូច្នេះ តើ​ការ​ពិនិត្យ​មើល​គំរូ​ទាំង​ប៉ុន្មាន​នេះ​មាន​ប្រយោជន៍​អ្វី? យើង​មិន​រៀប​រាប់​ពី​គំរូ​ទាំង​នេះ​ដើម្បី​បង្ខំ​ឲ្យ​បងៗ​វ័យ​ចំណាស់​ទាំង​អស់​ធ្វើ​ដូច​គ្នា​ទេ។ ផ្ទុយ​ទៅ​វិញ យើង​បាន​ពិនិត្យ​មើល​គំរូ​ទាំង​នេះ​ស្រប​ទៅ​តាម​យោបល់​របស់​ប៉ុល​ចំពោះ​ពួក​គ្រិស្ត​សា​សនិក​ជន​ជាតិ​ហេព្រើរ។ គាត់​លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​នោះ​ឲ្យ‹ពិចារណា​មើល​កិរិយា›របស់​អ្នក​ចាស់​ទុំ​ស្មោះ​ត្រង់​ក្នុង​ក្រុមជំនុំ ហើយ​ដាស់​តឿន​ពួក​គេ​ឲ្យ​«ត្រាប់​តាម​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ»​ចុះ! (ហេព្រើរ ១៣:៧) ពេល​យើង​គិត​អំពី​ការ​ខ្នះខ្នែង​របស់​បងៗ​វ័យ​ចំណាស់​ក្នុង​កិច្ច​បម្រើ​ព្រះ​ដែល​ជា​គំរូ​ល្អ​សម្រាប់​យើង នេះ​ក៏​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​មាន​ជំនឿ​ខ្លាំង​ដូច​ពួក​គាត់​ដែរ។ បង​ប្រុស​ហេរី ដែល​មាន​អាយុ​៨៧​ឆ្នាំ​ហើយ គាត់​ពន្យល់​អំពី​អ្វី​ដែល​ជំរុញ​ចិត្ត​គាត់​ថា​៖ «ខ្ញុំ​មិន​ចង់​ខាត​ពេល​ដែល​នៅ​សល់​នេះ តែ​ខ្ញុំ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​ខ្ញុំ​មាន​លទ្ធភាព»។ បង​ប្រុស​ហ្វ្រិដ ដែល​រៀប​រាប់​នៅ​ខាង​លើ គាត់​ស្កប់​ចិត្ត​ណាស់​ចំពោះ​កិច្ចការ​ដែល​គាត់​ធ្វើ​នៅ​ឯ​ការិយាល័យ​បេតអែល។ គាត់​មាន​ប្រសាសន៍​ថា​៖ «យើង​ត្រូវ​រក​វិធី​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ប្រសើរ​បំផុត ហើយ​កុំ​បោះបង់​ចោល​កិច្ច​បម្រើ​នោះ​ឲ្យ​សោះ»។

បងៗ​វ័យ​ចំណាស់​មិន​ដេក​ផ្សំ​ដួល​ទេ

១២, ១៣​. ថ្វី​បើ​លោក​បារ​ស៊ី​ឡាយ​មាន​វ័យ​ចំណាស់​ក៏​ដោយ តើ​គាត់​រក្សា​ឲ្យ​មាន​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​មិន​ដេក​ផ្សំ​ដួល​ដោយ​ធ្វើ​អ្វី?

១២ ពេល​មាន​កម្លាំង​អន់​ថយ​ដោយសារ​វ័យ​ចំណាស់ មនុស្ស​ខ្លះ​ចេះ​តែ​ផ្ដេក​ផ្ដួល​ទៅ​តាម​កាលៈទេសៈ។ យ៉ាង​ណា​ក្ដី ពេល​ជួប​ប្រទះ​ស្ថានការណ៍​ដ៏​ពិបាក​បែប​នោះ យើង​អាច​រក្សា​ឲ្យ​មាន​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​មិន​ដេក​ផ្សំ​ដួល​ទេ។ ក្នុង​ករណី​នេះ លោក​បារ​ស៊ី​ឡាយ​ពី​កុលសម្ព័ន្ធ​កាឡាត​បាន​តាំង​គំរូ​ល្អ​ឲ្យ​យើង។ ពេល​គាត់​មាន​អាយុ​៨០​ឆ្នាំ គាត់​បាន​ទទួល​ដាវីឌ​និង​ពល​ទ័ព​របស់​គាត់​ដោយ​រាក់ទាក់។ លោក​បាន​ផ្ដល់​អាហារ​និង​ទី​ជម្រក​ដល់​ពួក​គេ​ក្នុង​អំឡុង​ពេល​ដែល​អាប់សាឡំម​បះបោរ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​បិតា​គាត់។ ពេល​ដាវីឌ​និង​ពួក​គ្នីគ្នា​ជា​មួយ​គាត់​បាន​ចេញ​ដំណើរ​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ លោក​បារ​ស៊ី​ឡាយ​បាន​ជូន​ដំណើរ​គាត់​ទៅ​ត្រឹម​ទន្លេ​យ័រដាន់។ ពេល​ដាវីឌ​អញ្ជើញ​គាត់​ឲ្យ​ទៅ​រស់​នៅ​ក្នុង​រាជ​វាំង តើ​គាត់​តប​ឆ្លើយ​យ៉ាង​ណា? គាត់​ថា​៖ «ថ្ងៃ​នេះ ទូល​បង្គំ​មាន​អាយុ​៨០​ឆ្នាំ​ហើយ . . . តើ​ទូល​បង្គំ​ជា​បាវ​បំរើ​នៃ​ទ្រង់​អាច​នឹង​ភ្លក់​រស​នៃ​របស់​ដែល​ទទួល​ទាន ឬ​អាច​ស្ដាប់​សំឡេង​របស់​ពួក​ចំរៀង​ប្រុស​ស្រី​ទៀត​បាន​ឬ​ទេ? . . . តែ​មើល​នេះ គី​មហាំ ជា​អ្នក​បំរើ​ទ្រង់ សូម​ឲ្យ​វា​ឆ្លង​ទៅ​ជា​មួយ​នឹង​ព្រះ​ករុណា​ជា​ព្រះ​អម្ចាស់​នៃ​ទូល​បង្គំ​ចុះ! ហើយ​សូម​ប្រោស​ដល់​វា​តាម​ព្រះ​ទ័យ​ផង»។—សាំយូអែលទី២ ១៧:​២៧​-​២៩; ១៩:៣១​-​៤០

១៣ ថ្វី​បើ​លោក​បារ​ស៊ី​ឡាយ​មាន​វ័យ​ចំណាស់​ក៏​ដោយ គាត់​មិន​ដេក​ផ្សំ​ដួល​ទេ តែ​គាត់​បាន​ធ្វើ​អ្វីៗ​តាម​លទ្ធភាព​ដើម្បី​ជួយ​ស្តេច​ដែល​ព្រះ​យេហូវ៉ា​បាន​តែងតាំង​ឡើង។ ទោះ​បើ​គាត់​មើល​មិន​ច្បាស់​និង​ភ្លក់​រសជាតិ​មិន​សូវ​ឆ្ងាញ់​ក្ដី គាត់​មិន​មាន​អារម្មណ៍​មួម៉ៅ​សោះ។ ផ្ទុយ​ទៅ​វិញ ពេល​គាត់​សូម​ដាវីឌ​ឲ្យ​យក​គី​មហាំ​ទៅ​ជំនួស នេះ​បង្ហាញ​ពី​លក្ខណៈ​ពិត​ក្នុង​ចិត្ត​គាត់។ ដូច​លោក​បារ​ស៊ី​ឡាយ បងៗ​វ័យ​ចំណាស់​ច្រើន​នាក់​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​មាន​ចិត្ត​សទ្ធា​ហើយ​សុខ​ចិត្ត​លះបង់​ប្រយោជន៍​ខ្លួន​ឯង​ដែរ។ ពួក​គាត់​ធ្វើ​អ្វី​ក៏​ដោយ​តាម​លទ្ធភាព ដើម្បី​គាំទ្រ​ការ​ថ្វាយ​បង្គំ​ព្រះ​ពិត ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​«សព្វ​ព្រះ​ហឫទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ»។ យើង​ពិត​ជា​មាន​ពរ​មែន ដោយ​មាន​បងៗ​វ័យ​ចំណាស់​ស្មោះ​ត្រង់​ក្នុង​ចំណោម​យើង​រាល់​គ្នា!—ហេព្រើរ ១៣:១៦

១៤​. ហេតុ​អ្វី​ក៏​បទ​ទំនុក​ទី៣​៧:២៣​-​២៥ មាន​ខ្លឹមសារ​ច្រើន​ជាង ពេល​យើង​ដឹង​ថា​ដាវីឌ​សរសេរ​ពាក្យ​ទាំង​នោះ​ក្នុង​កាល​ដែល​គាត់​មាន​វ័យ​ចំណាស់?

១៤ ទោះ​ជា​កាលៈទេសៈ​ក្នុង​ជីវិត​ដាវីឌ​បាន​ប្រែប្រួល​ម្ដង​ហើយ​ម្ដង​ទៀត​ក្ដី គាត់​ជឿជាក់​ថា ព្រះ​យេហូវ៉ា​មិន​ប្រែប្រួល​ក្នុង​ការ​ថែរក្សា​មនុស្ស​ស្មោះ​ត្រង់​ដែល​ជា​អ្នក​បម្រើ​ទ្រង់​ទេ។ មិន​យូរ​ប៉ុន្មាន​មុន​ដាវីឌ​បាន​ទទួល​មរណភាព គាត់​តែង​បទ​ចម្រៀង​មួយ​ដែល​ឥឡូវ​នេះ​ជា​បទ​ទំនុកដំកើង​ទី៣​៧។ សូម​ស្រមៃ​គិត​អំពី​ដាវីឌ​ដែល​អង្គុយ​ដេញ​ពិណ​ពេល​គាត់​រំពឹង​គិត​ពី​ព្រឹត្ដិការណ៍​ក្នុង​ជីវិត​ទាំង​ច្រៀង​ថា​៖ «គឺ​ព្រះ​យេហូវ៉ា​ដែល​ដំ​រូវ​អស់​ទាំង​ជំហាន​នៃ​មនុស្ស​ល្អ ហើយ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ផ្លូវ​ដែល​គេ​ដើរ​ដែរ។ ទោះ​បើ​គេ​ភ្លាត់​ដួល គង់​តែ​មិន​ត្រូវ​ដួល​ទាំង​ស្រុង​ទេ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​ទ្រ​អ្នក​នោះ​ដោយ​ព្រះ​ហស្ត។ យើង​ពី​ដើម​នៅ​ក្មេង ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវ​លះបង់​ចោល ឬ​ពូជ​ពង្ស​គេ​សូម​ទាន​អាហារ​ឡើយ»។ (ទំនុកដំកើង ៣៧:២៣​-​២៥) ក្នុង​បទ​ទំនុក​នោះ​ដែល​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​ដាវីឌ​សរសេរ គាត់​សំដៅទៅ​លើ​វ័យ​ចំណាស់​របស់​ខ្លួន ហើយ​នេះ​ធ្វើ​ឲ្យ​ពាក្យ​ដែល​គាត់​ច្រៀង​អស់​ពី​ក្រ​អៅបេះដូង មាន​ខ្លឹមសារ​ជ្រៅ​ណាស់​សម្រាប់​យើង!

១៥​. សូម្បី​តែ​ពេល​មាន​វ័យ​ចំណាស់​ក្ដី តើ​សាវ័ក​យ៉ូហាន​ជា​គំរូ​ល្អ​ក្នុង​ការ​រក្សា​ភាព​ស្មោះ​ត្រង់​និង​មិន​ផ្ដេក​ផ្ដួល​ទៅ​តាម​កាលៈទេសៈ​ដ៏​ពិបាក​អ្វី​ខ្លះ?

១៥ សាវ័ក​យ៉ូហាន​ជា​អ្នក​បម្រើ​វ័យ​ចំណាស់​ម្នាក់​ទៀត​ដែល​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ជា​និច្ច​ចំពោះ​ព្រះ ដោយ​មិន​ផ្ដេក​ផ្ដួល​ទៅ​តាម​កាលៈទេសៈ​ទេ។ ពេល​បាន​បម្រើ​ព្រះ​យេហូវ៉ា​ជិត​៧០​ឆ្នាំ​ហើយ គាត់​បាន​បំបរបង់​ចេញ​ទៅ​ឯ​កោះ​ប៉ាត់ម៉ុស ដោយ​ព្រោះ​គាត់​ផ្សាយ‹បន្ទូល​ព្រះ​នឹង​ធ្វើ​បន្ទាល់​ពី​ព្រះ​យេស៊ូ​វ​គ្រីស្ទ›។ (វិវរណៈ ១:៩) នេះ​មិន​មាន​ន័យ​ថា គាត់​ឈប់​ធ្វើ​កិច្ច​បម្រើ​ព្រះ​ទេ។ តាម​ការ​ពិត សំណេរ​ទាំង​អស់​របស់​គាត់​ដែល​មាន​ក្នុង​គម្ពីរ បាន​សរសេរ​មិន​យូរ​ប៉ុន្មាន​មុន​ពេល​គាត់​ស្លាប់។ ពេល​នៅ​កោះ​ប៉ាត់ម៉ុស​នោះ សាវ័ក​យ៉ូហាន​បាន​យល់សប្ដិ​ឃើញ​អ្វី​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង ដែល​គាត់​សរសេរ​ក្នុង​សៀវភៅ​វិវរណៈ។ (វិវរណៈ ១:១, ២) អ្នក​ស្រាវជ្រាវ​យល់​ថា ក្រោយ​គាត់​បាន​សរសេរ​សៀវភៅ​វិវរណៈ​នោះ គេ​បាន​លែង​គាត់​ចេញ​ពី​កោះ​ប៉ាត់ម៉ុស ប្រហែល​ជា​ក្នុង​គ្រា​ដែល​អធិរាជ​ណឺវ៉ា​កំពុង​គ្រប់គ្រង​លើ​ចក្រភព​រ៉ូម។ ក្រោយ​នោះ​មក ប្រហែល​ជា​នៅ​ឆ្នាំ​៩៨ គ.ស. ពេល​សាវ័ក​យ៉ូហាន​មាន​អាយុ​៩០​ឬ​១០០​ឆ្នាំ គាត់​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​និង​សំបុត្រ​ទាំង​បី​ដែល​មាន​ឈ្មោះ​គាត់។

ព្រះ​យេហូវ៉ា​មិន​ភ្លេច​បងៗ​វ័យ​ចំណាស់​ដែល​បាន​ស៊ូទ្រាំ

១៦​. ពេល​បងៗ​វ័យ​ចំណាស់​មាន​បញ្ហា​ក្នុង​ការ​និយាយ តើ​ពួក​គាត់​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្ហាញ​ថា​គាត់​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា?

១៦ បងៗ​វ័យ​ចំណាស់​អាច​មាន​កម្រិត​សមត្ថភាព​ច្រើន​បែប​ច្រើន​យ៉ាង​ខុសៗ​គ្នា។ ជា​ឧទាហរណ៍ បងៗ​ខ្លះ​មាន​បញ្ហា​ក្នុង​ការ​និយាយ។ យ៉ាង​ណា​ក៏​ដោយ ពួក​គាត់​នៅ​តែ​មាន​អនុស្សាវរីយ៍​ល្អ​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​គុណ​ដ៏​វិសេស​លើស​លប់​ចំពោះ​គាត់។ ទោះ​ជា​ពួក​គាត់​លែង​មាន​សមត្ថភាព​និយាយ​ច្បាស់​ក្ដី គាត់​នៅ​តែ​មាន​អារម្មណ៍​ក្នុង​ចិត្ត​ហាក់​ដូច​ជា​លាន់​មាត់​ថា​៖ «ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​[ព្រះ​យេហូវ៉ា]​ណាស់​ហ្ន៎ ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ»។ (ទំនុកដំកើង ១១៩:៩៧) ព្រះ​យេហូវ៉ា​មិន​ភ្លេច​អស់​អ្នក​ដែល​«នឹក​ដល់​ព្រះ​នាម​ទ្រង់» ហើយ​ទ្រង់​ឲ្យ​តម្លៃ​ចំពោះ​ពួក​គេ​ពីព្រោះ​ពួក​គេ​មិន​មាន​លក្ខណៈ​ដូច​មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ​ដែល​មិន​ចាប់​អារម្មណ៍​ចំពោះ​ទ្រង់​សោះ។ (ម៉ាឡាគី ៣:១៦; ទំនុកដំកើង ១០:៤) ត្រូវ​មែន ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​យើង​រំពឹង​គិត​ក្នុង​ចិត្ត ហើយ​នេះ​ក៏​ជួយ​សម្រាល​ទុក្ខ​យើង​ផង​ដែរ!—របាក្សត្រទី១ ២៨:៩; ទំនុកដំកើង ១៩:១៤

១៧​. តើ​បងៗ​វ័យ​ចំណាស់​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​យូរ​ឆ្នាំ​មក​ហើយ​មាន​ឯកសិទ្ធិ​អស្ចារ្យ​អ្វី?

១៧ ណា​មួយ​ទៀត យើង​មិន​គួរ​ភ្លេច​ថា បងៗ​វ័យ​ចំណាស់​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ពួក​គាត់​មាន​ឯកសិទ្ធិ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន ដោយសារ​ពួក​គាត់​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​ស៊ូទ្រាំ​ក្នុង​កិច្ច​បម្រើ​ទ្រង់។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «អ្នក​រាល់​គ្នា​នឹង​បាន​ជីវិត​គង់​នៅ​វិញ ដោយ​មាន​ចិត្ត​ខ្ជាប់ខ្ជួន»។ (លូកា ២១:​១៩) បើ​យើង​ចង់​ទទួល​ជីវិត​គ្មាន​ទីបញ្ចប់ នោះ​គឺ​ចាំបាច់​ណាស់​ឲ្យ​យើង​មាន​ចិត្ត​ខ្ជាប់ខ្ជួន​ហើយ​ស៊ូទ្រាំ​ផង។ ចំពោះ​បងៗ​វ័យ​ចំណាស់​ដែល​បាន​«ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ» ហើយ​បាន​រក្សា​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ទ្រង់ ពួក​គាត់​នឹង​«ទទួល​សេចក្ដី​ដែល​បាន​សន្យា»​ជា​មិន​ខាន។—ហេព្រើរ ១០:៣៦

១៨​. (ក) ពេល​ព្រះ​យេហូវ៉ា​មើល​បងៗ​វ័យ​ចំណាស់ តើ​អ្វី​នាំ​ឲ្យ​ទ្រង់​មាន​ចិត្ត​រីករាយ? (ខ) តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី​ខ្លះ​ក្នុង​អត្ថបទ​បន្ទាប់?

១៨ មិន​ថា​ឥឡូវ​នេះ​បងៗ​វ័យ​ចំណាស់​រួម​ចំណែក​យ៉ាង​ច្រើន​ឬ​តិច​ក្ដី ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ទ្រង់​នៅ​តែ​ឲ្យ​តម្លៃ​ចំពោះ​ពួក​គាត់​ដែល​បម្រើ​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត។ ទោះ​បើ​«មនុស្ស​ខាង​ក្រៅ»​ឬ​«រូប​កាយ»​របស់​យើង​តែង​តែ​ចាស់​ទៅ​ក៏​ដោយ «ជំរៅ​ចិត្ត»​ដែល​សំដៅ​ទៅ​លើ​លក្ខណៈ​ពិត​«នៅ​ខាង​ក្នុង»​យើង នោះ​ចេះ​តែ​មាន​កម្លាំង​ឡើង​រៀង​រាល់​ថ្ងៃ។ (កូរិនថូសទី២ ៤:១៦; ខ.ស.) ព្រះ​យេហូវ៉ា​ពិត​ជា​ចាត់​ទុក​កិច្ច​បម្រើ​យូរ​ឆ្នាំ​របស់​បងៗ​វ័យ​ចំណាស់​ជា​អ្វី​ដែល​មាន​តម្លៃ​មែន! មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ ទ្រង់​ក៏​ទទួល​ស្គាល់​អ្វី​ដែល​បងៗ​វ័យ​ចំណាស់​កំពុង​ធ្វើ​ឥឡូវ​នេះ​ក្នុង​ការ​លើក​តម្កើង​ទ្រង់ ហើយ​ទ្រង់​ចាត់​ទុក​កិច្ច​បម្រើ​នោះ​ជា​អ្វី​ដែល​មាន​តម្លៃ​ផង​ដែរ។ (ហេព្រើរ ៦:១០) ក្នុង​អត្ថបទ​បន្ទាប់​យើង​នឹង​ពិនិត្យ​មើល​ថា ភាព​ស្មោះ​ត្រង់​របស់​អ្នក​បម្រើ​វ័យ​ចំណាស់​អាច​ជះ​ឥទ្ធិពល​ត​កូន​ត​ចៅ​ទៅ​ទៀត។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​លោក​ស្រី​អាណ​បាន​តាំង​គំរូ​ល្អ​អ្វី​សម្រាប់​គ្រិស្ត​សា​សនិក​វ័យ​ចំណាស់​នៅ​សម័យ​នេះ?

• ហេតុ​អ្វី​ក៏​មិន​សម​ហេតុ​សម​ផល​ឲ្យ​បងៗ​វ័យ​ចំណាស់​យក​លេស​ថា​ខ្លួន​ចាស់​ហើយ?

• តើ​បងៗ​វ័យ​ចំណាស់​អាច​បង្ហាញ​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា​ជា​និច្ច​ដោយ​របៀប​ណា​ខ្លះ?

• តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បងៗ​វ័យ​ចំណាស់​ដែល​កំពុង​បម្រើ​ទ្រង់?

[រូបភាព​នៅ​ទំព័រ​២៤]

ពេល​មាន​វ័យ​ចំណាស់ លោក​ដានីយ៉ែល​បាន​មើល​«គម្ពីរ»​ព្រះ​ដើម្បី​ស្វែង​យល់​អំពី​រយៈ​ពេល​ដែល​ពួក​យូដា​ត្រូវ​បំបរបង់​ចោល​នៅ​ប្រទេស​ក្រៅ

[រូបភាព​នៅ​ទំព័រ​២៦]

បងៗ​ជា​ច្រើន​ដែល​មាន​វ័យ​ចំណាស់​នៅ​តែ​ជា​គំរូ​ល្អ​ពីព្រោះ​ពួក​គាត់ ចូល​រួម​កម្មវិធី​ប្រជុំ​ជា​ទៀងទាត់​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ ហើយ​មិន​យក​លេស​ថា ខ្លួន​ផុត​អាយុ​នឹង​រៀន​អ្វី​ថ្មី

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក