តើអ្នកបានធ្វើបាបប្រឆាំងនឹងសកម្មពលរបស់ព្រះទេ?
«មានបាបម្យ៉ាងដែលមានទោសដល់ស្លាប់»។—យ៉ូហានទី១ ៥:១៦
១, ២. តើមានមូលហេតុអ្វីឲ្យយើងដឹងថា មនុស្សអាចធ្វើបាបប្រឆាំងនឹងសកម្មពលរបស់ព្រះ?
ស្ត្រីម្នាក់ដែលជាអ្នកបម្រើព្រះនៅប្រទេសអាឡឺម៉ង់បានសរសេរថា៖ «ចិត្តខ្ញុំចេះតែបន្ទោសខ្លួនថា ខ្ញុំបានធ្វើបាបប្រឆាំងនឹងសកម្មពលរបស់ព្រះ»។ តើគ្រិស្តសាសនិកអាចធ្វើបាបប្រឆាំងនឹងសកម្មពលឬវិញ្ញាណបរិសុទ្ធរបស់ព្រះបានទេ?
២ តាមពិត មនុស្សយើងអាចធ្វើបាបប្រឆាំងនឹងសកម្មពលរបស់ព្រះយេហូវ៉ាបាន។ ព្រះយេស៊ូគ្រិស្តបានពន្យល់ថា៖ «អស់ទាំងបាបហើយពាក្យប្រមាថនឹងអត់ទោសឲ្យមនុស្សលោកបាន តែឯពាក្យប្រមាថដល់ព្រះវិញ្ញាណវិញ នោះមិនដែលបានអត់ទោសដល់មនុស្សឡើយ»។ (ម៉ាថាយ ១២:៣១) ហើយមានការព្រមានថា៖ «ក្រោយដែលយើងបានទទួលស្គាល់សេចក្ដីពិតហើយ បើយើងធ្វើបាបស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណាសំរាប់នឹងលោះបាបទៀតទេ។ មានតែរង់ចាំដោយស្ញែងខ្លាចចំពោះសេចក្ដីជំនុំជំរះ»ប៉ុណ្ណោះ។ (ហេព្រើរ ១០:២៦, ២៧) សាវ័កយ៉ូហានក៏បានសរសេរថា៖ «មានបាបម្យ៉ាងដែលមានទោសដល់ស្លាប់»។ (យ៉ូហានទី១ ៥:១៦) យ៉ាងណាក៏ដោយ អ្នកដែលធ្វើបាបធ្ងន់ធ្ងរត្រូវតែពិនិត្យមើលដោយខ្លួនឯងថា តើខ្លួនបានធ្វើ«បាបម្យ៉ាងដែលមានទោសដល់ស្លាប់»ឬយ៉ាងណា?
លើកលែងទោសព្រោះបានប្រែចិត្ត
៣. បើយើងពិបាកចិត្តយ៉ាងខ្លាំងដោយសារអំពើបាបដែលយើងបានប្រព្រឹត្ត តើនេះទំនងជាបង្ហាញអំពីអ្វី?
៣ នៅទីបំផុត ព្រះយេហូវ៉ានឹងជំនុំជម្រះមនុស្សដែលល្មើសច្បាប់ទ្រង់។ ប្រាកដហើយ យើងរាល់គ្នាត្រូវទទួលខុសត្រូវចំពោះព្រះយេហូវ៉ា ហើយទ្រង់តែងតែប្រព្រឹត្តដោយយុត្ដិធម៌។ (លោកុប្បត្តិ ១៨:២៥; រ៉ូម ១៤:១២) បើព្រះយេហូវ៉ាសម្រេចចិត្តថា យើងបានធ្វើបាបដែលទ្រង់លើកលែងទោសមិនបាននោះ ទ្រង់ក៏អាចដកយកសកម្មពលរបស់ទ្រង់ចេញពីយើងដែរ។ (ទំនុកដំកើង ៥១:១១) យ៉ាងណាក្ដី បើយើងពិបាកចិត្តយ៉ាងខ្លាំងដោយសារអំពើបាបដែលយើងបានប្រព្រឹត្តនោះ នេះទំនងជាបង្ហាញថា យើងបានប្រែចិត្តយ៉ាងស្មោះរួចហើយ។ ប៉ុន្តែ តើការប្រែចិត្តយ៉ាងស្មោះរួមបញ្ចូលអ្វីខ្លះ?
៤. (ក) តើការប្រែចិត្តរួមបញ្ចូលអ្វីខ្លះ? (ខ) តើបទទំនុកទី១០៣:១០-១៤ អាចសម្រាលទុក្ខយើងបានយ៉ាងណា?
៤ ការប្រែចិត្តមានន័យថា យើងប្ដូរទស្សនៈរបស់ខ្លួនចំពោះអ្វីដែលយើងបានធ្វើពីមុន ឬចំពោះអ្វីដែលយើងគិតធ្វើឥឡូវ។ នេះបានសេចក្ដីថា យើងសោកស្ដាយពីមាគ៌ាមិនល្អ ហើយបែរចេញពីផ្លូវនោះវិញ។ បើយើងបានធ្វើបាបធ្ងន់ធ្ងរ តែចាត់វិធានការដើម្បីបង្ហាញពីការប្រែចិត្តយ៉ាងស្មោះ នោះពាក្យរបស់អ្នកតែងបទទំនុកដំកើងអាចសម្រាលទុក្ខយើងបាន។ គាត់សរសេរថា៖ «[ព្រះយេហូវ៉ា]មិនបានប្រព្រឹត្តនឹងយើងតាមអំពើបាបរបស់យើងទេ ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណា សេចក្ដីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះ ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់។ ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ។ ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នកដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថាយើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។—ទំនុកដំកើង ១០៣:១០-១៤
៥, ៦. សូមសរុបសេចក្ដីដែលបានកត់ទុកនៅសៀវភៅយ៉ូហានទី១ ៣:១៩-២២។ សូមពន្យល់អត្ថន័យនៃពាក្យរបស់សាវ័កយ៉ូហាន។
៥ ពាក្យរបស់សាវ័កយ៉ូហានក៏ជួយសម្រាលទុក្ខយើងដែរ។ គាត់មានប្រសាសន៍ថា៖ «គឺយ៉ាងនោះឯងដែលយើងនឹងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយយើងនឹងបានកំឡាចិត្តនៅចំពោះទ្រង់ផង ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង។ ពួកស្ងួនភ្ងាអើយ! បើចិត្តយើងមិនចោទប្រកាន់ចំពោះខ្លួនទេ នោះយើងមានសេចក្ដីក្លាហាននៅចំពោះព្រះ ហើយទោះបើយើងសូមអ្វីពីទ្រង់ក៏ដោយ គង់តែនឹងបានសំរេច ពីព្រោះយើងកាន់តាមបញ្ញត្តទ្រង់ ហើយក៏ប្រព្រឹត្តការដែលគាប់ព្រះហឫទ័យដល់ទ្រង់ដែរ»។—យ៉ូហានទី១ ៣:១៩-២២
៦ យើង«ដឹងថា យើងកើតមកពីសេចក្ដីពិត» ដោយសារយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿ ហើយយើងមិនទម្លាប់ធ្វើបាបម្ដងហើយម្ដងទៀត។ (ទំនុកដំកើង ១១៩:១១) បើមានហេតុណាមួយនាំឲ្យចិត្តយើងចោទប្រកាន់ឬបន្ទោសខ្លួនយ៉ាងខ្លាំង នោះយើងក៏គួរចាំថា «ព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង»។ ព្រះយេហូវ៉ាតែងតែអាណិតមេត្ដាដល់យើងពីព្រោះទ្រង់ជ្រាបថា យើងខំបង្ហាញ«សេចក្ដីស្រឡាញ់ជាបងប្អូនឥតពុតមាយា»។ ព្រះយេហូវ៉ាក៏ជ្រាបថា យើងរមែងព្យាយាមធ្វើតាមបំណងចិត្តទ្រង់ ហើយខំជៀសវាងអំពើបាប។ (ពេត្រុសទី១ ១:២២) បើយើងទុកចិត្តទៅលើព្រះយេហូវ៉ា មានសេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿ ហើយមិនទម្លាប់ធ្វើបាបដោយចេតនាម្ដងហើយម្ដងទៀត នោះចិត្តយើងនឹង«មិនចោទប្រកាន់ចំពោះខ្លួនទេ»។ ជាលទ្ធផល យើងនឹងមាន«សេចក្ដីក្លាហាននៅចំពោះព្រះ»ក្នុងន័យថា យើងអធិស្ឋានចំពោះទ្រង់ដោយឥតស្ទាក់ស្ទើរ ហើយទ្រង់នឹងឆ្លើយតបចំពោះសេចក្ដីអធិស្ឋានទាំងនោះ ពីព្រោះយើងធ្វើតាមបង្គាប់ទ្រង់។
អ្នកខ្លះបានធ្វើបាបប្រឆាំងនឹងសកម្មពលព្រះ
៧. តើការលើកលែងឬមិនលើកលែងទោសច្រើនតែពឹងផ្អែកទៅលើអ្វី?
៧ តើព្រះយេហូវ៉ាមិនលើកលែងទោសចំពោះអំពើបាបបែបណាខ្លះ? ដើម្បីឆ្លើយសំណួរនេះ យើងសូមពិនិត្យមើលគំរូខ្លះក្នុងគម្ពីរ។ បើយើងបានធ្វើបាបធ្ងន់ធ្ងរនិងបានប្រែចិត្តហើយ ប៉ុន្តែនៅតែពិបាកចិត្តយ៉ាងខ្លាំងនៅឡើយ គំរូទាំងនេះនឹងជួយសម្រាលទុក្ខយើងមែន។ យើងនឹងឃើញថា ការលើកលែងឬមិនលើកលែងទោស មិនសូវទាក់ទងនឹងអំពើបាបដែលពួកគេធ្វើទេ តែច្រើនតែពឹងផ្អែកទៅលើបំណងចិត្តនិងសន្ដានចិត្តវិញ ថាតើពួកគេមានផែនការធ្វើបាបនោះដោយចេតនា ឬគ្រាន់តែភ្លាត់ធ្វើខុសប៉ុណ្ណោះ?
៨. នៅសតវត្សរ៍ទីមួយ តើពួកមេដឹកនាំសាសនាយូដាបានធ្វើបាបប្រឆាំងនឹងសកម្មពលរបស់ព្រះយ៉ាងដូចម្ដេច?
៨ ពួកមេដឹកនាំសាសនាយូដានៅសតវត្សរ៍ទីមួយបានប្រព្រឹត្តដោយកាចអាក្រក់ទៅលើព្រះយេស៊ូគ្រិស្ត។ ទង្វើនោះជាអំពើបាបដែលប្រឆាំងនឹងសកម្មពលរបស់ព្រះ។ ពេលពួកគេឃើញព្រះយេស៊ូធ្វើអព្ភូតហេតុដែលលើកតម្កើងព្រះយេហូវ៉ា នេះបង្ហាញថាទ្រង់មានសកម្មពលរបស់ព្រះមែន។ យ៉ាងណាក៏ដោយ អ្នកទាំងនោះដែលជាខ្មាំងរបស់ព្រះគ្រិស្តចេះតែអះអាងថា សាតាំងដែលជាមេកំណាចបានផ្ដល់អំណាចឲ្យទ្រង់ធ្វើអព្ភូតហេតុ។ ព្រះយេស៊ូពន្យល់ថា ពេលអ្នកទាំងនោះប្រមាថដល់សកម្មពលរបស់ព្រះ ពួកគេបានធ្វើបាបដែលព្រះយេហូវ៉ាលើកលែងទោសមិនបាន មិនថា«នៅនាលោកីយនេះឬនៅបរលោកនាយក្ដី»។—ម៉ាថាយ ១២:២២-៣២
៩. តើការប្រមាថរួមបញ្ចូលពាក្យបែបណា? តើព្រះយេស៊ូមានប្រសាសន៍យ៉ាងណាអំពីការប្រមាថសកម្មពលរបស់ព្រះ?
៩ ពាក្យប្រមាថជាការមើលងាយដែលញាំញីហើយធ្វើទុក្ខបុកម្នេញឲ្យអ្នកដទៃលំបាក។ ពេលមនុស្សនិយាយប្រឆាំងនឹងសកម្មពលរបស់ព្រះយេហូវ៉ា នេះគឺស្មើនឹងការនិយាយប្រឆាំងនឹងទ្រង់តែម្ដង ពីព្រោះព្រះយេហូវ៉ាជាប្រភពនៃសកម្មពលនោះ។ ព្រះយេហូវ៉ាមិនលើកលែងទោសមនុស្សដែលនិយាយប្រឆាំងនឹងសកម្មពលទ្រង់ដោយឥតប្រែចិត្តទេ។ អ្វីដែលព្រះយេស៊ូនិយាយស្តីអំពីបាបដែលជាការប្រមាថដល់សកម្មពលរបស់ព្រះ បង្ហាញថាព្រះយេស៊ូនិយាយសំដៅទៅលើមនុស្សដែលមានចេតនាប្រឆាំងនឹងអ្វីដែលសកម្មពលរបស់ព្រះកំពុងសម្រេច។ ព្រះយេស៊ូធ្វើអព្ភូតហេតុដោយសារមានសកម្មពលពីព្រះ ប៉ុន្តែពួកអ្នកដែលប្រឆាំងនឹងទ្រង់បានចោទថា សកម្មពលនោះមកពីសាតាំងវិញ។ យ៉ាងនេះ ពួកគេបានធ្វើបាបដោយប្រមាថដល់សកម្មពលរបស់ព្រះយេហូវ៉ា។ ហេតុនេះហើយបានជាព្រះយេស៊ូមានប្រសាសន៍ថា៖ «អ្នកណាដែលពោលពាក្យប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ នោះមិនដែលបានអត់ទោសឲ្យឡើយ។ អ្នកនោះឯងនឹងត្រូវទោសនៅអស់កល្បជានិច្ច»ជារៀងរហូត។—ម៉ាកុស ៣:២០-២៩
១០. ហេតុអ្វីបានជាព្រះយេស៊ូសំដៅទៅលើយូដាសជា«១នាក់នោះដែលបានដំរូវឲ្យត្រូវវិនាស»?
១០ សូមគិតអំពីបុរសឈ្មោះយូដាស អ៊ីស្ការីយ៉ុត។ គាត់មានទម្លាប់ប្រព្រឹត្តយ៉ាងឥតទៀងត្រង់ដោយលួចលុយពីថង់ប្រាក់ដែលជាបញ្ញើនឹងគាត់។ (យ៉ូហាន ១២:៥, ៦) ក្រោយៗមក យូដាសក៏បានទៅជួបពួកអ្នកដឹកនាំបណ្ដាជនយូដា ហើយគាត់យល់ព្រមក្បត់ព្រះយេស៊ូដើម្បីឲ្យបានប្រាក់៣០ដុំ។ ពេលបានក្បត់ព្រះយេស៊ូហើយ យូដាសមានវិប្បដិសារីមែន តែគាត់នៅតែមិនបានប្រែចិត្តពីបាបដែលគាត់ប្រព្រឹត្តដោយចេតនានោះទេ។ ជាលទ្ធផល ព្រះយេស៊ូសំដៅទៅលើយូដាសជា«១នាក់នោះដែលបានដំរូវឲ្យត្រូវវិនាស» ពីព្រោះគាត់មិនគួរនឹងរស់ពីស្លាប់ឡើងវិញទេ។—យ៉ូហាន ១៧:១២; ម៉ាថាយ ២៦:១៤-១៦
អ្នកខ្លះមិនបានធ្វើបាបប្រឆាំងនឹងសកម្មពលព្រះ
១១-១៣. តើស្តេចដាវីឌបានធ្វើបាបអ្វីជាមួយនាងបាតសេបា? តើរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តទៅលើពួកគេជួយសម្រាលទុក្ខយើងបានយ៉ាងណា?
១១ ម្ដងម្កាលគ្រិស្តសាសនិកខ្លះក៏ធ្វើអំពើបាបធ្ងន់ធ្ងរដែរ តែពួកគេសារភាពប្រាប់ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ ហើយទទួលជំនួយពីពួកគាត់។ ទោះជាយ៉ាងណាក៏ដោយ ជួនកាលអ្នកខ្លះនៅតែបន្ទោសខ្លួនតទៅទៀត ដោយព្រោះបានរំលងច្បាប់របស់ព្រះយេហូវ៉ា។ (យ៉ាកុប ៥:១៤) ចំពោះអស់អ្នកដែលពិបាកចិត្តបែបនេះ ពួកគេពិតជានឹងទទួលប្រយោជន៍ពីការពិនិត្យមើលរឿងក្នុងគម្ពីរ ស្តីអំពីអ្នកខ្លះដែលព្រះយេហូវ៉ាបានលើកលែងទោស។
១២ ស្តេចដាវីឌបានធ្វើបាបធ្ងន់ធ្ងរជាមួយនឹងនាងបាតសេបា ដែលជាភរិយារបស់លោកអ៊ូរី។ ពេលដាវីឌនៅលើដំបូលរាជវាំង លោកឃើញបាតសេបាដែលមានរូបរាងស្អាតកំពុងងូតទឹក។ ដាវីឌបង្គាប់ឲ្យអ្នកបម្រើនាំនាងមកឯគាត់ ហើយគាត់រួមដំណេកជាមួយនឹងនាង។ ក្រោយមក ពេលដាវីឌឮថា នាងមានគភ៌ហើយ គាត់បានចាត់វិធានការភ្លាមដើម្បីបិទបាំងអំពើកំផិតនោះ។ ពេលអ៊ូរីមិនព្រមចូលទៅដេកជាមួយនឹងភរិយារបស់គាត់ ដាវីឌបានរៀបផែនការឲ្យអ៊ូរីស្លាប់នៅឯសមរភូមិ។ រួចមក ដាវីឌបានរៀបការជាមួយបាតសេបា ប៉ុន្តែពេលនាងសម្រាលកូនមក វាបានស្លាប់ភ្លាម។—សាំយូអែលទី២ ១១:១-២៧
១៣ ព្រះយេហូវ៉ាមិនបានធ្វើព្រងើយកន្តើយចំពោះអំពើបាបរបស់ដាវីឌនិងបាតសេបាទេ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានលើកលែងទោសដាវីឌ ដោយផ្អែកទៅលើកត្ដាផ្សេងៗ។ តាមមើលទៅ ព្រះយេហូវ៉ានឹកចាំពីកិច្ចសន្យារបស់ទ្រង់ស្តីអំពីរាជ្យរបស់ដាវីឌ ហើយទ្រង់ក៏ទទួលស្គាល់ថា ដាវីឌបានប្រែចិត្តយ៉ាងស្មោះផង។ (សាំយូអែលទី២ ៧:១១-១៦; ១២:៧-១៤) មើលទៅដូចជាបាតសេបាបានប្រែចិត្តដែរ ពីព្រោះនាងបានបង្កើតកូនឈ្មោះសាឡូម៉ូនដែលស្នងរាជ្យពីបិតា ហើយនាងក៏មានឈ្មោះរួមជាមួយដូនតាឯទៀតរបស់ព្រះយេស៊ូគ្រិស្ត។ (ម៉ាថាយ ១:១, ៦, ១៦) បើយើងធ្វើបាប យើងក៏គួរចាំដែរថា ព្រះយេហូវ៉ាកត់សម្គាល់អាកប្បកិរិយាដែលបង្ហាញពីការប្រែចិត្ត។
១៤. ដោយគិតពីករណីរបស់ស្តេចម៉ាន៉ាសេ តើព្រះយេហូវ៉ាអាចលើកលែងទោសដល់កម្រិតណា?
១៤ កាលៈទេសៈដែលទាក់ទងនឹងស្តេចម៉ាន៉ាសេនៅស្រុកយូដា ក៏បញ្ជាក់ថាព្រះយេហូវ៉ាលើកលែងទោសដល់កម្រិតណាដែរ។ ម៉ាន៉ាសេបានធ្វើអ្វីដែលព្រះយេហូវ៉ាចាត់ទុកជាអំពើអាក្រក់ណាស់! ម៉ាន៉ាសេបានរៀបអាសនៈថ្វាយព្រះបាល ហើយក៏ថ្វាយបង្គំ«ដល់អស់ទាំងពួកពលបរិវារនៅលើមេឃ»ផង។ សូម្បីតែនៅទីលានពីរនៃវិហាររបស់ព្រះយេហូវ៉ា ម៉ាន៉ាសេក៏បានរៀបអាសនៈថ្វាយព្រះមិនពិតផ្សេងៗដែរ។ គាត់បានធ្វើឲ្យបុត្រាឆ្លងកាត់ភ្លើង បានលើកទឹកចិត្តបណ្ដារាស្ត្រឲ្យធ្វើមន្តអាគម ហើយបានញុះញង់ពួកយូដានិងពួកអ្នកក្រុងយេរូសាឡិមឲ្យ«ធ្វើការអាក្រក់លើសជាងសាសន៍ដទៃទាំងប៉ុន្មានទៅទៀត ជាសាសន៍ដែលព្រះយេហូវ៉ាបានបំផ្លាញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ»។ ពេលអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាបានទៅព្រមានម៉ាន៉ាសេ គាត់មិនព្រមស្ដាប់សោះ។ នៅទីបំផុត ស្តេចរបស់សាសន៍អាសស៊ើរបានចាប់យកម៉ាន៉ាសេទៅជាឈ្លើយសឹក។ ពេលជាប់ចំណងនោះ ម៉ាន៉ាសេបានប្រែចិត្តហើយក៏អធិស្ឋានចំពោះព្រះយេហូវ៉ាម្ដងហើយម្ដងទៀតដោយចិត្តរាបទាប។ ព្រះយេហូវ៉ាលើកលែងទោសគាត់ ហើយប្រោសគាត់ឲ្យរួច ដើម្បីឲ្យឡើងសោយរាជ្យនៅឯទីក្រុងយេរូសាឡិមម្ដងទៀត។ ក្រោយមក ម៉ាន៉ាសេបណ្ដុះបណ្ដាលពួកបណ្ដាជនឲ្យថ្វាយបង្គំព្រះយេហូវ៉ា។—របាក្សត្រទី២ ៣៣:២-១៧
១៥. តើសាវ័កពេត្រុសបានធ្វើខុសអ្វី ដែលសឲ្យឃើញថាព្រះយេហូវ៉ាពិតជាអត់ទោសឲ្យមនុស្ស«ជាបរិបូរ»?
១៥ រាប់រយឆ្នាំក្រោយមក សាវ័កពេត្រុសបានធ្វើបាបធ្ងន់ធ្ងរដែរ ដោយបដិសេធថាមិនស្គាល់ព្រះយេស៊ូ។ (ម៉ាកុស ១៤:៣០, ៦៦-៧២) យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាអត់ទោសឲ្យពេត្រុស«ជាបរិបូរ»។ (អេសាយ ៥៥:៧) ហេតុអ្វី? ពីព្រោះពេត្រុសបានប្រែចិត្តយ៉ាងស្មោះ។ (លូកា ២២:៦២) នៅបុណ្យថ្ងៃទី៥០ ដែលពេត្រុសធ្វើ៥០ថ្ងៃក្រោយបានធ្វើបាបនោះ គាត់ក៏មានឯកសិទ្ធិផ្សព្វផ្សាយយ៉ាងអង់អាចអំពីព្រះយេស៊ូ ហើយនេះជាទីសំអាងដែលបង្ហាញយ៉ាងច្បាស់ថា ព្រះយេហូវ៉ាបានលើកលែងទោសគាត់ហើយ។ (កិច្ចការ ២:១៤-៣៦) បើដូច្នេះ ពេលពួកគ្រិស្តសាសនិកនៅសព្វថ្ងៃនេះប្រែចិត្តយ៉ាងស្មោះពីកំហុសរបស់ខ្លួន ព្រះយេហូវ៉ាក៏លើកលែងទោសពួកគេដែរ មែនទេ? អ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «ឱព្រះយេហូវ៉ាអើយ! បើសិនជាទ្រង់កត់ចំណាំអស់ទាំងអំពើទុច្ចរិតនោះ ឱព្រះអម្ចាស់អើយ! តើអ្នកណានឹងធន់នៅបាន? ប៉ុន្តែទ្រង់មានព្រះហឫទ័យអត់ទោសវិញ»។—ទំនុកដំកើង ១៣០:៣, ៤
កុំរហ័សបន្ទោសខ្លួន
១៦. តើយើងត្រូវតែធ្វើអ្វី ដើម្បីឲ្យព្រះយេហូវ៉ាលើកលែងទោសបាន?
១៦ គំរូទាំងប៉ុន្មានខាងលើនេះបង្ហាញឲ្យឃើញថា យើងមិនត្រូវរហ័សបន្ទោសខ្លួនថាបានធ្វើបាបប្រឆាំងនឹងសកម្មពលរបស់ព្រះ។ គំរូទាំងនោះបង្ហាញថា ព្រះយេហូវ៉ារមែងលើកលែងទោសមនុស្សដែលប្រែចិត្ត។ សំខាន់បំផុត អ្នកដែលធ្វើបាបគួរតែអធិស្ឋានចំពោះទ្រង់។ បើយើងបានធ្វើបាប យើងអាចអង្វរសូមព្រះយេហូវ៉ាឲ្យលើកលែងទោសយើងដោយផ្អែកលើការបូជាលោះរបស់ព្រះយេស៊ូ និងចិត្តមេត្ដាករុណារបស់ព្រះយេហូវ៉ា។ យើងក៏អាចសូមព្រះយេហូវ៉ាចាំពីយើង ថាជាមនុស្សដែលមានបាប ហើយធ្លាប់បម្រើទ្រង់ដោយស្មោះត្រង់ពីមុន។ ពេលយើងយល់អំពីគុណដ៏ធ្ងន់ក្រៃលែងដែលព្រះយេហូវ៉ាបង្ហាញចំពោះយើង នេះក៏ពង្រឹងទំនុកចិត្តរបស់យើងថា ពេលយើងសូមទ្រង់អត់ទោសឲ្យយើង ទ្រង់នឹងលើកលែងទោសមែន!—អេភេសូរ ១:៧
១៧. បើយើងបានធ្វើបាបហើយត្រូវការជំនួយដើម្បីឲ្យមានទំនាក់ទំនងជាមួយនឹងព្រះយេហូវ៉ាម្ដងទៀត តើយើងគួរធ្វើអ្វី?
១៧ ចុះយ៉ាងណាបើយើងបានធ្វើបាប តែពិបាកអធិស្ឋានដោយខ្លួនឯង ពីព្រោះចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ាបានចុះខ្សោយ? ក្នុងករណីនេះ យ៉ាកុបបានសរសេរថា៖ «ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំក្នុងពួកជំនុំមកអធិស្ឋានឲ្យចុះ! ព្រមទាំងលាបប្រេងឲ្យដោយនូវព្រះនាមព្រះអម្ចាស់ផង។ នោះពាក្យអធិស្ឋាននៃសេចក្ដីជំនឿនឹងជួយសង្គ្រោះដល់មនុស្សហេវនោះ ហើយព្រះអម្ចាស់ទ្រង់នឹងប្រោសឲ្យគាត់បានជាឡើង។ បើគាត់បានធ្វើបាបអ្វី នោះនឹងបានអត់ទោសឲ្យផង»។—យ៉ាកុប ៥:១៤, ១៥
១៨. ហេតុអ្វីក៏ព្រះយេហូវ៉ាប្រហែលជាលើកលែងទោសអ្នកដែលក្រុមជំនុំបណ្ដាច់មិត្តភាពដោយព្រោះបានធ្វើអំពើបាបតែមិនប្រែចិត្តភ្លាម?
១៨ សូម្បីតែអ្នកដែលក្រុមជំនុំបណ្ដាច់មិត្តភាពដោយព្រោះបានធ្វើអំពើបាបតែមិនប្រែចិត្តភ្លាមក្ដី ព្រះយេហូវ៉ាប្រហែលជាអាចលើកលែងទោសពួកគេផងដែរ។ ជាឧទាហរណ៍ ប៉ុលបានសរសេរអំពីបុរសម្នាក់ដែលក្រុមជំនុំនៅទីក្រុងកូរិនថូសបានបណ្ដាច់មិត្តភាព។ ទោះជាអ្នកនោះធ្លាប់មានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ក៏ដោយ គាត់បានធ្វើបាបធ្ងន់ធ្ងរ។ ប៉ុន្តែក្រោយមក ប៉ុលសរសេរថា៖ «ទោសដែលច្រើនគ្នាបានធ្វើដល់មនុស្សយ៉ាងនោះ នោះល្មមប៉ុណ្ណឹងហើយ បានជាស៊ូឲ្យអត់ទោស ហើយកំសាន្តចិត្តមនុស្សនោះវិញ ក្រែងមនុស្សនោះត្រូវស្រូបបាត់ដោយកើតទុក្ខព្រួយកាន់តែខ្លាំងឡើង»។ (កូរិនថូសទី២ ២:៦-៨; កូរិនថូសទី១ ៥:១-៥) យ៉ាងណាក៏ដោយ អ្នកដែលធ្វើបាបនោះត្រូវតែធ្វើតាមយោបល់ក្នុងគម្ពីរ ដែលអ្នកចាស់ទុំគ្រិស្តសាសនិកផ្ដល់ឲ្យ។ អ្នកនោះក៏ត្រូវផ្ដល់ទីសំអាងដែលបង្ហាញថាពួកគេបានប្រែចិត្តយ៉ាងស្មោះ ទើបពួកគេអាចមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាម្ដងទៀត។ ពួកគេត្រូវតែ«បង្កើតផលដែលសំណំនឹងការប្រែចិត្ត»។—លូកា ៣:៨
១៩. តើអ្វីនឹងជួយយើងរក្សាឲ្យមាន‹ជំនឿត្រឹមត្រូវ›?
១៩ ហេតុអ្វីបានជាអ្នកខ្លះមានអារម្មណ៍ថា ពួកគេបានធ្វើបាបប្រឆាំងនឹងសកម្មពលរបស់ព្រះ? មានកត្ដាផ្សេងៗរួមបញ្ចូលការគិតគូរហួសហេតុពេក និងបញ្ហាសុខភាព ដូចជាបញ្ហាសរសៃប្រសាទជាដើម។ ក្នុងករណីទាំងនេះ ប្រហែលជាការសម្រាកឲ្យបានឆ្អែតបន្ដិច និងការអធិស្ឋានដោយខ្លួនឯងអាចជួយបាន។ ប៉ុន្តែ សំខាន់ណាស់ កុំឲ្យយើងចុះចាញ់សាតាំងដែលចង់ឲ្យយើងធ្លាក់ទឹកចិត្តដល់ម្ល៉េះបានជាយើងឈប់បម្រើព្រះយេហូវ៉ាទៀត។ ព្រះយេហូវ៉ាមិនរីករាយសូម្បីតែចំពោះមនុស្សអាក្រក់ដែលស្លាប់ ដូច្នេះទ្រង់ច្បាស់ជាមិនសប្បាយសោះពេលរាស្ត្រទ្រង់ឈប់បម្រើទ្រង់ទៀត។ ដូច្នេះ បើយើងចាប់ផ្ដើមព្រួយបារម្ភថា យើងបានធ្វើបាបប្រឆាំងនឹងសកម្មពលរបស់ព្រះយេហូវ៉ា ចូរពិនិត្យមើលបណ្ដាំរបស់ទ្រង់ ជាពិសេសបទទំនុកដំកើងផ្សេងៗដែលអាចជួយសម្រាលទុក្ខបាន។ ចូរឲ្យយើងចូលរួមកិច្ចប្រជុំជាមួយក្រុមជំនុំ ហើយផ្សាយសាររាជាណាចក្ររបស់ព្រះដោយឥតឈប់ឈរចុះ! ទង្វើទាំងនេះនឹងជួយយើងរក្សាឲ្យមាន‹ជំនឿត្រឹមត្រូវ› ព្រមទាំងជួយយើងឲ្យជៀសវាងពីគំនិតដែលបន្ទោសខ្លួនហួសហេតុពេកថា យើងបានធ្វើបាបដែលព្រះយេហូវ៉ាមិនលើកលែងទោស។—ទីតុស ២:២
២០. តើបងប្អូនអាចវែកញែកហេតុផលយ៉ាងណា ដើម្បីយល់ថាខ្លួនមិនបានធ្វើបាបប្រឆាំងនឹងសកម្មពលរបស់ព្រះ?
២០ ចំពោះអស់អ្នកដែលព្រួយបារម្ភថា ខ្លួនបានធ្វើបាបប្រឆាំងនឹងសកម្មពលរបស់ព្រះយេហូវ៉ា ពួកគេគួរសួរខ្លួនឯងថា ‹តើខ្ញុំបានប្រមាថដល់សកម្មពលទ្រង់ទេ? តើខ្ញុំបានប្រែចិត្តយ៉ាងស្មោះពីបាបដែលខ្ញុំបានប្រព្រឹត្តនោះទេ? តើខ្ញុំជឿថាព្រះយេហូវ៉ាចង់លើកលែងទោសខ្ញុំទេ? តើខ្ញុំជាអ្នកក្បត់ជំនឿដែលបដិសេធពន្លឺពីព្រះឬទេ?›។ តាមធម្មតា ពេលសួរសំណួរទាំងនេះ អ្នកដែលចេះតែបន្ទោសខ្លួនក៏ច្បាស់ជានឹងទទួលស្គាល់ថា ពួកគេមិនបានប្រមាថដល់សកម្មពលរបស់ព្រះទេ ហើយក៏មិនបានក្លាយជាអ្នកក្បត់ជំនឿឡើយ។ ដោយសារពួកគេបានប្រែចិត្តហើយ ពួកគេក៏មានទំនុកចិត្តថា ព្រះយេហូវ៉ានឹងលើកលែងទោសពួកគេមែន។ បើដូច្នេះ ពួកគេមិនបានធ្វើបាបប្រឆាំងនឹងសកម្មពលរបស់ព្រះទេ។
២១. តើអត្ថបទបន្ទាប់នឹងឆ្លើយសំណួរអ្វីខ្លះ?
២១ ពេលយើងយល់ថា ខ្លួនមិនបានធ្វើបាបប្រឆាំងនឹងសកម្មពលរបស់ព្រះ យើងក៏ច្បាស់ជាមានអារម្មណ៍ធូរស្រាលមែន! ប៉ុន្តែ អត្ថបទបន្ទាប់នឹងឆ្លើយសំណួរឯទៀតដែលទាក់ទងនឹងរឿងនេះដែរ។ ជាឧទាហរណ៍ យើងប្រហែលជាធ្លាប់សួរខ្លួនឯងថា ‹តើខ្ញុំពិតជាអនុញ្ញាតឲ្យសកម្មពលរបស់ព្រះដឹកនាំជីវិតខ្ញុំឬទេ? តើខ្ញុំមានលក្ខណៈស្របទៅតាមសកម្មពលរបស់ព្រះទេ?›។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើមានមូលហេតុអ្វីឲ្យយើងដឹងថា មនុស្សអាចធ្វើបាបប្រឆាំងនឹងសកម្មពលរបស់ព្រះបាន?
• តើការប្រែចិត្តរួមបញ្ចូលអ្វីខ្លះ?
• ពេលព្រះយេស៊ូបានរស់នៅផែនដី តើអ្នកណាខ្លះបានធ្វើបាបប្រឆាំងនឹងសកម្មពលរបស់ព្រះ?
• តើយើងអាចធ្វើអ្វីដើម្បីមិនបន្ទោសខ្លួនហួសហេតុ ពេក ថាយើងបានធ្វើបាបដែលព្រះយេហូវ៉ាលើកលែងទោសមិនបាន?
[រូបភាពនៅទំព័រ១០]
ទោះជាពេត្រុសបដិសេធថាមិនស្គាល់ព្រះយេស៊ូក្ដី គាត់មិនបានធ្វើបាបដែលព្រះយេហូវ៉ាលើកលែងទោសមិនបានទេ