បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១១ ទំ. ៤-៧
  • ចាំបាច់គិតពីថ្ងៃស្អែក!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចាំបាច់គិតពីថ្ងៃស្អែក!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«កុំ​ឲ្យ​ខ្វល់ខ្វាយ»
  • បិតា​នៅ​ស្ថាន​សួគ៌​ជ្រាប​ពី​អ្វី​ដែល​យើង​ត្រូវ​ការ
  • ‹ចូរ​ស្វែង​រក​នគរ​ព្រះ​ជា​មុន​សិន›
  • ‹សូម​ឲ្យ​រាជ្យ​ព្រះ​មក​ដល់›
  • ចូរ​ប្រមូល​ទ្រព្យ​សម្បត្ដិ​នៅ​ឯ​ស្ថានសួគ៌
  • តើ​យើង​គួរ​ធ្វើ​ដូច​ម្ដេច?
  • កុំខ្វល់ខ្វាយអ្វីឡើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • តើ​ខ្ញុំ​អាច​កាត់​បន្ថយ​ការ​ខ្វល់​ចិត្ត​យ៉ាង​ដូច​ម្ដេច?
    សំណួរពីយុវវ័យ
  • ចូរផ្ទេរកង្វល់ទាំងអស់របស់អ្នកទៅព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នកទៅលើព្រះយេហូវ៉ាចុះ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១១ ទំ. ៤-៧

ចាំបាច់​គិត​ពី​ថ្ងៃ​ស្អែក!

នៅ​ចង្កេះ​ភ្នំ​មួយ​នា​ប្រទេស​អ៊ីស្រាអែល ព្រះ​យេស៊ូ​គ្រិស្ត​បាន​និយាយ​ទៅ​រក​ហ្វូង​មនុស្ស​ថា​៖ «កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ»។ យោង​ទៅ​តាម​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ ព្រះ​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ «ចាំ​ស្អែក​សឹម​គិត​ពី​រឿង​ថ្ងៃ​ស្អែក​ទៅ!»។—ម៉ាថាយ ៦:៣៤

​«ចាំ​ស្អែក​សឹម​គិត​ពី​រឿង​ថ្ងៃ​ស្អែក» តើ​លោក​អ្នក​យល់​ថា​ពាក្យ​ទាំង​នេះ​មាន​ន័យ​អ្វី? តើ​នេះ​បង្កប់​អត្ថន័យ​ថា គប្បី​ឲ្យ​យើង​គិត​តែ​មួយ​រស់​ប៉ុណ្ណោះ ដោយ​មិន​ខ្វល់​ពី​ថ្ងៃ​ស្អែក​ឬ? តើ​ព្រះ​យេស៊ូ​និង​អ្នក​កាន់​តាម​លោក​ពិត​ជា​មាន​គំនិត​ដូច្នេះ​ឬ​ទេ?

​«កុំ​ឲ្យ​ខ្វល់ខ្វាយ»

សូម​អាន​ពាក្យ​ទាំង​ឡាយ​ដែល​ព្រះ​យេស៊ូ​បាន​និយាយ​នៅ​ពេល​នោះ ដែល​មាន​ដូច​ត​ទៅ។ សរុប​សេចក្ដី ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ‹កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូប​កាយ​ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ។ ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប​ព្រោះ មិន​ច្រូត​កាត់​ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​បិតា​នៅ​ស្ថាន​សួគ៌​ចិញ្ចឹម​វា។ ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​[«បង្កើន​អាយុ​របស់​ខ្លួន​អោយ​វែង»] ដោយសារ​សេចក្ដី​ខ្វល់ខ្វាយ​បាន​ឬ​ទេ? ហើយ​ពី​ដំណើរ​សំលៀក​បំពាក់ តើ​អ្នក​រាល់​គ្នា​ខំ​ខ្វល់ខ្វាយ​ធ្វើ​អី? ចូរ​រំពឹង​គិត​តែ​ពី​ផ្កា​ឈូក​នៅ​ក្នុង​បឹង​ដែល​ដុះ​ជា​យ៉ាង​ដូច​ម្ដេច គឺ​វា​មិន​នឿយ​ហត់​នឹង​ធ្វើ​ការ​ឬ​ស្រាវ​រវៃ​ទេ។ ដូច្នេះ កុំ​ឲ្យ​ខ្វល់ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី​ឬ​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ។ គឺ​ជា​សាសន៍​ដទៃ​ទេ​តើ ដែល​ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ។ ឯ​បិតា​នៅ​ស្ថានសួគ៌​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​ទាំង​នោះ​ដែរ›។—ម៉ាថាយ ៦:២៥​-​៣២; ខ.ស.

ពេល​និយាយ​បញ្ចប់ ព្រះ​យេស៊ូ​ជូន​យោបល់​ពីរ​យ៉ាង។ មុន​ដំបូង ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ចូរ​ស្វែង​រក​នគរ​នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។ ទីពីរ ព្រះ​យេស៊ូ​ជូន​យោបល់​ថា​៖ «ដូច្នេះ កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ» តែ​«ចាំ​ស្អែក​សឹម​គិត​ពី​រឿង​ថ្ងៃ​ស្អែក​ទៅ!» ពីព្រោះ​«លំបាក​នៅ​ថ្ងៃ​ណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ»។—ម៉ាថាយ ៦:៣៣, ៣៤; ខ.ស.

បិតា​នៅ​ស្ថាន​សួគ៌​ជ្រាប​ពី​អ្វី​ដែល​យើង​ត្រូវ​ការ

តើ​ពាក្យ​របស់​ព្រះ​យេស៊ូ​ស្ដាប់​ទៅ​ដូច​ជា​អ្នក​កាន់​តាម ដែល​រួម​បញ្ចូល​ពួក​កសិករ​ផង មិន​គួរ‹សាប​ព្រោះ ច្រូត​កាត់​ឬ​ប្រមូល​ផល​ទុក​ក្នុង​ជង្រុក›ឬ? តើ​ស្ដាប់​ទៅ​ដូច​ជា​ព្រះ​យេស៊ូ​មិន​ចង់​ឲ្យ​ពួក​គេ​ធ្វើ​ការ‹នឿយ​ហត់​ក្នុង​ការ​ស្រាវ​រវៃ›ដើម្បី​ឲ្យ​មាន​ក្រណាត់​សម្រាប់​កាត់​ដេរ​ជា​សម្លៀក​បំពាក់​ឬ? (សុភាសិត ២១:៥; ២៤:៣០​-​៣៤; សាស្ដា ១១:៤) ព្រះ​យេស៊ូ​ច្បាស់​ជា​មិន​ឃាត់​ពួក​គេ​ពី​កិច្ចការ​បែប​នោះ​ឡើយ។ បើ​ពួក​គេ​ឈប់​ធ្វើ​ការ​ទាំង​នោះ ពួក​គេ​មុខ​ជា​នឹង​«សុំ​ទាន​ក្នុង​រដូវ​ចំរូត» ពីព្រោះ​មិន​មាន​អ្វី​បរិភោគ និង​គ្មាន​អ្វី​ស្លៀក​ពាក់​ផង។—សុភាសិត ២០:៤

ចុះ​យ៉ាង​ណា​ចំពោះ​ការ​ខ្វល់ខ្វាយ​វិញ? តើ​ព្រះ​យេស៊ូ​ចង់​បញ្ជាក់​ន័យ​ថា អ្នក​ស្ដាប់​ទាំង​នោះ​អាច​ជៀស​ផុត​ទាំង​ស្រុង​ពី​កង្វល់​បាន​ទេ? ពួក​គេ​ជៀស​ទាំង​ស្រុង​មិន​បាន​ទេ។ សូម្បី​តែ​ព្រះ​យេស៊ូ​ក៏​ធ្លាប់​មាន​ចិត្ត​អន្ទះអន្ទែង​ពន់​ប្រមាណ​ដែរ នៅ​រាត្រី​នោះ​ដែល​សត្រូវ​បាន​ចាប់​លោក។—លូកា ២២:៤៤

តាម​ពិត ព្រះ​យេស៊ូ​គ្រាន់​តែ​បាន​លើក​ហេតុ​ផល​ប៉ុណ្ណោះ។ ការ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​យើង​ទេ។ ជា​ឧទាហរណ៍ ដូច​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​នោះ ការ​ខ្វល់ខ្វាយ​មិន​អាច​ជួយ​«បង្កើន​អាយុ​របស់​ខ្លួន​អោយ​វែង . . . សូម្បី​តែ​បន្ដិច​ក៏​មិន​បាន​ផង»។ (ម៉ាថាយ ៦:២៧, ខ.ស.) តាម​ការ​ពិត មនុស្ស​ដែល​ចេះ​តែ​ខ្វល់ខ្វាយ​ច្រើន មិន​អាច​មាន​អាយុ​វែង​ឡើយ។

ដូច្នេះ យោបល់​របស់​ព្រះ​យេស៊ូ​ពិត​ជា​មាន​ប្រយោជន៍​មែន! តាម​ធម្មតា ពេល​ដែល​យើង​ខ្វល់ខ្វាយ​អំពី​រឿង​ណា​មួយ ក្រោយ​មក​យើង​ក៏​យល់​ឃើញ​ថា គ្មាន​ហេតុ​ឲ្យ​យើង​ខ្វល់ខ្វាយ​អ្វី​ឡើយ។ លោក​វិនស្តុន ឆឺឈិល​ដែល​ជា​រដ្ឋ​បុរស​ម្នាក់​នៅ​ប្រទេស​អង់គ្លេស គាត់​ក៏​យល់​ដូច្នេះ​ដែរ។ លោក​ឆឺឈិល បាន​សរសេរ​អំពី​កង្វល់​របស់​គាត់​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទីពីរ ដែល​ជា​គ្រា​អន្ធ​ការ​មែន។ គាត់​សរសេរ​ថា​៖ «ពេល​ដែល​ខ្ញុំ​នឹក​គិត​ពី​ហេតុ​ដែល​នាំ​ឲ្យ​ព្រួយ​បារម្ភ​នោះ ខ្ញុំ​ក៏​នឹក​ចាំ​រឿង​មួយ​អំពី​តា​ម្នាក់​ដែល​មាន​ប្រសាសន៍​មិន​យូរ​ប៉ុន្មាន​មុន​គាត់​ស្លាប់ ថា​គាត់​បាន​ខ្វល់ខ្វាយ​ច្រើន​អស់​មួយ​ជីវិត តែ​តាម​ការ​ពិត កម្រ​ណាស់​ដែល​មាន​រឿង​ធំ​កើត​ឡើង»។ គឺ​ច្បាស់​ហើយ​ថា ការ​សូម​តែ​មួយ​រស់​មាន​ប្រយោជន៍​មែន! ជា​ពិសេស​ពេល​មាន​បញ្ហា​គាប​សង្កត់​លើ​យើង ដែល​អាច​បង្ក​ហេតុ​ឲ្យ​យើង​ខ្វល់ខ្វាយ​ហួស​ល្បត់។

‹ចូរ​ស្វែង​រក​នគរ​ព្រះ​ជា​មុន​សិន›

តាម​ពិត ពេល​ព្រះ​យេស៊ូ​ជូន​យោបល់​ថា កុំ​ឲ្យ​យើង​ខ្វល់ខ្វាយ​នោះ លោក​មិន​បាន​គិត​តែ​ពី​ប្រយោជន៍​ខាង​ផ្លូវ​ចិត្ត​និង​សុខភាព​របស់​យើង​ប៉ុណ្ណោះ​ទេ។ ព្រះ​យេស៊ូ​ជ្រាប​ថា ពេល​មនុស្ស​ខ្វល់ខ្វាយ​អំពី​ការ​ចិញ្ចឹម​ជីវិត ព្រម​ទាំង​គិត​ច្រើន​ពេក​អំពី​ទ្រព្យ​សម្បត្ដិ​និង​ការ​កម្សាន្ត នេះ​អាច​បង្វែរ​ចិត្ត​បំបែរ​អារម្មណ៍​របស់​ពួក​គេ​ចេញ​ពី​អ្វី​ដែល​សំខាន់​ជាង។ (ភីលីព ១:១០) លោក​អ្នក​ប្រហែល​ជា​ប្រកែក​ថា ‹គ្មាន​អ្វី​សំខាន់​ជាង​ការ​ចិញ្ចឹម​ជីវិត​ទេ!›។ ប៉ុន្តែ ការ​ថ្វាយ​បង្គំ​ព្រះ​ជា​អ្វី​ដែល​សំខាន់​ជាង​ទៅ​ទៀត។ ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ថា ‹ការ​ស្វែង​រក​នគរ​និង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន›ជា​អ្វី​ដែល​គួរ​មាន​អាទិ​ភាព​ក្នុង​ជីវិត។—ម៉ាថាយ ៦:៣៣

មនុស្ស​នៅ​សម័យ​ព្រះ​យេស៊ូ​ក៏​ចេះ​ចង់​បាន​វត្ថុ​ទ្រព្យ​ដែរ។ ពួក​គេ​បាន​ចាត់​ទុក​ទ្រព្យ​សម្បត្ដិ​ជា​អ្វី​ដែល​មាន​អាទិ​ភាព​ក្នុង​ជីវិត។ ប៉ុន្តែ ព្រះ​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​អ្នក​ដែល​ស្ដាប់​លោក​ឲ្យ​មាន​ទស្សនៈ​ផ្សេង​វិញ។ អ្នក​ស្ដាប់​ទាំង​នោះ​ជា​ជនជាតិ​យូដា​ដែល​បាន​ថ្វាយ​ខ្លួន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ដូច្នេះ‹ការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ› គឺ​«កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត»​ព្រះ​ផង។—សាស្ដា ១២:១៣; ខ.ស.

ប្រសិន​បើ​អ្នក​ស្ដាប់​ព្រះ​យេស៊ូ​បាន​គិត​ច្រើន​ពេក​ពី​វត្ថុ​ទ្រព្យ នោះ​«សេចក្ដី​ខ្វល់ខ្វាយ​នៅ​ជីវិត​នេះ នឹង​សេចក្ដី​ឆបោក​របស់​ទ្រព្យ​សម្បត្ដិ»​អាច​បង្វែរ​អារម្មណ៍​របស់​ពួក​គេ​ចេញ​ពី​កិច្ច​បម្រើ​ព្រះ។ (ម៉ាថាយ ១៣:​២២) សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង​នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន​ដែល​ផ្ដេសផ្ដាស​ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិនវិនាស»​ផង។ (ធីម៉ូថេទី១ ៦:៩) ដោយ​មាន​បំណង​ចង់​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ជៀស​ផុត​ពី​វត្ថុ​និយម​ដែល​ប្រៀប​ដូច​ជា​«អន្ទាក់»​នោះ ព្រះ​យេស៊ូ​បាន​រំលឹក​ពួក​គេ​ថា បិតា​របស់​ពួក​គេ​នៅ​ស្ថានសួគ៌​ជ្រាប​ពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ ដូច្នេះ​លោក​នឹង​ប្រទាន​អ្វីៗ​ទាំង​នោះ ដូច​លោក​ចិញ្ចឹម​«សត្វ​ស្លាប​នៅ​លើ​អាកាស»​ដែរ។ (ម៉ាថាយ ៦:២៦, ៣២) ជាជាង​អនុញ្ញាត​ឲ្យ​កង្វល់​សង្គ្រុប​ចិត្ត​ទាំង​ស្រុង អ្នក​ដែល​កាន់​តាម​ព្រះ​យេស៊ូ​គួរ​រក​វិធី​ចិញ្ចឹម​ខ្លួន​ឯង​យ៉ាង​អស់​ពី​សមត្ថភាព រួច​មក​ពួក​គេ​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ប្រទាន​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ។—ភីលីព ៤:៦, ៧

ពេល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ចាំ​ស្អែក​សឹម​គិត​ពី​រឿង​ថ្ងៃ​ស្អែក​ទៅ!» លោក​ចង់​បញ្ជាក់​ន័យ​ថា ថ្ងៃ​នេះ​យើង​មាន​កង្វល់​ល្មម​គ្រប់គ្រាន់​ហើយ ដូច្នេះ​កុំ​ឲ្យ​យើង​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក។ គម្ពីរ​មួយ​ទៀត (Today’s English Version) បកប្រែ​ឃ្លា​នេះ​ថា​៖ «កុំ​ខ្វល់ខ្វាយ​អំពី​ថ្ងៃ​ស្អែក ពីព្រោះ​ព្រឹត្ដិការណ៍​នៅ​ថ្ងៃ​ស្អែក​នឹង​ផ្ដល់​ហេតុ​ផ្សេង​ឲ្យ​ខ្វល់ខ្វាយ​ដែរ។ ដោយសារ​យើង​មាន​បញ្ហា​ផ្សេងៗ​រៀង​រាល់​ថ្ងៃ នោះ​គ្មាន​ប្រយោជន៍​ទេ ឲ្យ​យើង​ខ្វល់​អំពី​ថ្ងៃ​ស្អែក»។—ម៉ាថាយ ៦:៣៤

‹សូម​ឲ្យ​រាជ្យ​ព្រះ​មក​ដល់›

ការ​មិន​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​ថ្ងៃ​ស្អែក មិន​បាន​ន័យ​ថា​យើង​មិន​អើពើ​ចំពោះ​ព្រឹត្ដិការណ៍​នៅ​ពេល​អនាគត​ទេ។ ព្រះ​យេស៊ូ​មិន​ដែល​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ថ្ងៃ​ស្អែក​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ខាង​មុខ។ អស់​អ្នក​ដែល​កាន់​តាម​ព្រះ​យេស៊ូ​គួរ​អធិស្ឋាន​សូម​អ្វីៗ​ដែល​ពួក​គេ​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​មែន ដូច​ម្ហូបអាហារ​ជា​ដើម ប៉ុន្តែ​ការ​អធិស្ឋាន​សូម​ឲ្យ​រាជ្យ​ព្រះ​មក​ដល់ និង​ការ​សូម​ឲ្យ​បំណង​របស់​ព្រះ​សម្រេច​នៅ​ផែនដី​នា​ពេល​អនាគត គឺ​ជា​រឿង​សំខាន់​ជាង ហើយ​គួរ​មាន​អាទិ​ភាព។—ម៉ាថាយ ៦:៩​-​១១

កុំ​បី​ឲ្យ​យើង​មាន​លក្ខណៈ​ដូច​មនុស្ស​នៅ​សម័យ​របស់​លោក​ណូអេ។ ពួក​គេ​ចេះ​តែ​ជាប់​រវល់​ក្នុង​ការ​«ស៊ី​ផឹក​ហើយ​រៀប​ការ​ប្ដី​ប្រពន្ធ» ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ‹មិន​បាន​ចាប់​អារម្មណ៍​សោះ› ដល់​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​គេ។ តើ​មាន​លទ្ធផល​អ្វី? «ទឹក​ជន់​ឡើង» ហើយ​«យក​គេ​ទៅ​ទាំង​អស់​គ្នា»។ (ម៉ាថាយ ២៤:៣៦​-​៤២; ខ.ស.) លោក​ពេត្រុស​ដែល​ជា​សាវ័ក​មួយ​របស់​ព្រះ​យេស៊ូ បាន​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ពី​បុរាណ​ទាំង​នោះ ដើម្បី​រំលឹក​យើង​ថា ចាំបាច់​ណាស់​ឲ្យ​យើង​គិត​ពី​ថ្ងៃ​ស្អែក​ដែរ។ ពេត្រុស​បាន​សរសេរ​ថា​៖ «ចុះ​ដែល​របស់​ទាំង​នោះ​នឹង​ត្រូវ​រលាយ​ទៅ នោះ​តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ​នឹង​សេចក្ដី​គោរព​ប្រតិបត្ដិ ទាំង​ទន្ទឹង​ចាំ​ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់​ផង!»។—ពេត្រុសទី២ ៣:៥​-​៧, ១១, ១២

ចូរ​ប្រមូល​ទ្រព្យ​សម្បត្ដិ​នៅ​ឯ​ស្ថានសួគ៌

ចូរ​ឲ្យ​យើង​«ទន្ទឹង​ចាំ»​ថ្ងៃ​ជំនុំ​ជម្រះ​របស់​ព្រះ​យេហូវ៉ា​ចុះ! បើ​យើង​គិត​ជានិច្ច​អំពី​ថ្ងៃ​នោះ នេះ​នឹង​មាន​អានុភាព​ទៅ​លើ​របៀប​ដែល​យើង​ប្រើ​ពេល កម្លាំង សមត្ថភាព លក្ខណៈ​ប៉ិនប្រសប់​និង​ធនធាន​របស់​យើង។ មិន​គួរ​ឲ្យ​យើង​ព្យាយាម​ចិញ្ចឹម​ជីវិត ឬ​រក​វត្ថុ​ទ្រព្យ​ដែល​នាំ​ឲ្យ​បាន​សម្បូរ​សប្បាយ​ដល់​ម្ល៉េះ​បាន​ជា​យើង​លែង​មាន​ពេល​ធ្វើ​កិច្ចការ​ដែល​បង្ហាញ​ថា យើង​ជា​អ្នក​«គោរព​ប្រតិបត្ដិ»​ដល់​ព្រះ។ ជួន​កាល​មនុស្ស​ដែល​មាន​គំនិត​មិន​ខ្វល់​ពី​ថ្ងៃ​ស្អែក មើល​ទៅ​ដូច​ជា​រីក​ចម្រើន​មែន ប៉ុន្តែ​ផល​ប្រយោជន៍​ទាំង​ប៉ុន្មាន​នោះ មិន​ស្ថិតស្ថេរ​យូរ​ប៉ុន្មាន​ទេ។ ព្រះ​យេស៊ូ​បង្រៀន​ថា ការ​«ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សំរាប់​ខ្លួន​នៅ​ឯ​ស្ថានសួគ៌»​ជាជាង​នៅ​ផែនដី នោះ​ហើយ​មាន​ប្រយោជន៍។—ម៉ាថាយ ៦:​១៩, ២០

ព្រះ​យេស៊ូ​បាន​បញ្ជាក់​ចំណុច​នេះ​ដោយ​រៀប​រាប់​រឿង​ប្រៀបប្រដូច​មួយ អំពី​បុរស​ម្នាក់​ដែល​មាន​ផែនការ​បង្កើន​វត្ថុ​ទ្រព្យ​ឲ្យ​បាន​ច្រើន​ឡើង។ ផែនការ​នោះ​មិន​រួម​បញ្ចូល​គំនិត​ចង់​បង្កើត​ឲ្យ​មាន​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ទេ។ ស្រែ​ចម្ការ​របស់​គាត់​បង្កើត​ផល​ជា​បរិបូរ ដូច្នេះ​គាត់​សម្រេច​ចិត្ត​រុះ​ជង្រុក​ចេញ ហើយ​ធ្វើ​ជង្រុក​ធំ​ជាង​ទៅ​ទៀត ដើម្បីឲ្យ​មាន​ជីវិត​ស្រណុក​ស្រួល​និង​ស៊ី​ផឹក​សប្បាយ។ ប៉ុន្តែ មាន​បញ្ហា​មួយ គាត់​ស្លាប់​មុន​គាត់​អាច​សម្រេច​ការ​ទាំង​នោះ​បាន។ ចំណុច​គួរ​ឲ្យ​សោក​ស្ដាយ​ជាង​នោះ​ទៅ​ទៀត គឺ​ថា​គាត់​មិន​បាន​បង្កើត​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​នៅ​ឡើយ។ ដូច្នេះ ព្រះ​យេស៊ូ​បញ្ចប់​រឿង​ដោយ​មាន​ប្រសាសន៍​ថា​៖ «អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ»។—លូកា ១២:១៥​-​២១; សុភាសិត ១៩:២១

តើ​យើង​គួរ​ធ្វើ​ដូច​ម្ដេច?

កុំ​ឲ្យ​យើង​ប្រព្រឹត្ត​ដូច​ម្ចាស់​ស្រែ​ចម្ការ​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ។ ចូរ​ឲ្យ​យើង​ខំ​ស្វែង​យល់​អំពី​គោល​បំណង​របស់​ព្រះ​ចំពោះ​ពេល​អនាគត ហើយ​មាន​របៀប​រស់​នៅ​សម​ស្រប​ទៅ​តាម​បំណង​នោះ។ ព្រះ​យេហូវ៉ា​មិន​លាក់​ទុក​គោល​បំណង​របស់​លោក​ពី​មនុស្ស​ជាតិ​ទេ។ អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​នៅ​សម័យ​បុរាណ ឈ្មោះ​អេម៉ុស បាន​សរសេរ​ថា​៖ ‹ព្រះ​យេហូវ៉ា​មិន​ធ្វើ​អ្វី លើក​តែ​លោក​សំដែង​ឲ្យ​អ្នក​បំរើ​ឃើញ​គំនិត​លាក់​កំបាំង​របស់​លោក​ផង›។ (អេម៉ុស ៣:៧) យើង​ក៏​អាច​រៀន​អំពី​គំនិត​លាក់​កំបាំង​ដែល​ព្រះ​យេហូវ៉ា​បាន​សម្ដែង​ឲ្យ​អ្នក​បម្រើ​នោះ ដោយ​អាន​បណ្ដាំ​របស់​លោក គឺ​គម្ពីរ​ដែល​ព្រះ​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ។—ធីម៉ូថេទី២ ៣:១៦, ១៧

សារ​ក្នុង​គម្ពីរ​រៀប​រាប់​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត ដែល​នឹង​មាន​អានុភាព​ទៅ​លើ​មនុស្ស​ជាតិ​ទាំង​ឡាយ ហើយ​មាន​អានុភាព​ច្រើន​ជាង​អ្វីៗ​ទាំង​អស់​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ‹នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម្ល៉េះ​បាន​ជា​តាំង​ពី​ដើម​កំណើត​ពិភព​លោក ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ›។ (ម៉ាថាយ ២៤:២១) គ្មាន​មនុស្ស​ណា​សោះ អាច​ឃាត់​ព្រឹត្ដិការណ៍​ទាំង​នោះ​បាន​ឡើយ។ តាម​ការ​ពិត អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​ពិត ចេះ​តែ​រង់ចាំ​ឲ្យ​ព្រឹត្ដិការណ៍​ទាំង​នោះ​កើត​ឡើង។ ហេតុ​អ្វី? ពីព្រោះ​ព្រឹត្ដិការណ៍​នោះ​នឹង​បំបាត់​ចោល​អំពើ​កំណាច​អាក្រក់ ទាំង​នាំ​មក​នូវ​«ផ្ទៃ​មេឃ​ថ្មី» ដែល​ជា​រាជ​រដ្ឋាភិបាល​ថ្មី​នៅ​ឯ​ស្ថានសួគ៌ ហើយ​ក៏​នឹង​រៀបចំ​ឲ្យ​មាន​«ផែនដី​ថ្មី»​ផង​ដែរ ដែល​ជា​សង្គម​មនុស្ស​ថ្មី​នៅ​ផែនដី។ នៅ​ក្នុង​ពិភពលោក​ថ្មី​នោះ ព្រះ​យេហូវ៉ា​«នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ពី​ភ្នែក​[មនុស្ស]​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ»។—វិវរណៈ ២១:១​-​៤

បើ​ដូច្នេះ គឺ​សម​ហេតុ​សម​ផល​ណាស់! ឲ្យ​យើង​ឆ្លៀត​ឱកាស​ឥឡូវ​នេះ ដើម្បី​ពិនិត្យ​មើល​សំណេរ​ក្នុង​គម្ពីរ​ស្តី​អំពី​ព្រឹត្ដិការណ៍​ទាំង​នោះ មែន​ទេ? តើ​លោក​អ្នក​ត្រូវ​ការ​ជំនួយ​ដើម្បី​ឲ្យ​យល់​នូវ​សារ​ក្នុង​គម្ពីរ​ឬ​ទេ? បើ​ត្រូវ​ការ​ជំនួយ​មែន សូម​អញ្ជើញ​ស្នើ​សុំ​ជំនួយ​ពី​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឬ​សរសេរ​សំបុត្រ​ស្នើ​សុំ​ជំនួយ​ពី​អង្គការ​ដែល​បោះ​ពុម្ព​ទស្សនាវដ្ដី​នេះ។ សរុប​សេចក្ដី បើ​យើង​ចង់​បាន​អនាគត​ដ៏​ល្អ​អស្ចារ្យ នោះ​ចាំបាច់​ណាស់​ឲ្យ​យើង​គិត​ពី​ថ្ងៃ​ស្អែក​មែន!

[រូបភាព​នៅ​ទំព័រ​៧]

​«កុំ​ឲ្យ​ខ្វល់ខ្វាយ»​ឡើយ! «ចាំ​ស្អែក សឹម​គិត​ពី​រឿង​ថ្ងៃ​ស្អែក​ទៅ!»

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក