ជីវិតដែលមានន័យខ្លឹមសារ!
មនុស្សជាច្រើនចាត់ទុកមាសប្រាក់និងទ្រព្យសម្បត្ដិជាអ្វីដែលសំខាន់បំផុតក្នុងជីវិត។ មនុស្សខ្លះចង់បានតែឈ្មោះល្បី ខ្លះទៀតក៏ចង់ឲ្យស្នាដៃរបស់ខ្លួនទៅជាល្អប្រណីតបំផុត។ គោលដៅចម្បងក្នុងជីវិតរបស់មនុស្សឯទៀត គឺដើម្បីផ្ដល់ជំនួយដល់អស់អ្នកដែលខ្វះខាត។ រីឯមនុស្សមួយចំនួនធំវិញ ពួកគេមិនដឹងថាគួរមានគោលដៅអ្វីក្នុងជីវិតទេ។
ចុះយ៉ាងណាចំពោះលោកអ្នក? តើលោកអ្នកធ្លាប់គិតវែងឆ្ងាយអំពីគោលដៅនៃជីវិតរបស់លោកអ្នកទេ? សូមគិតពិចារណាអំពីគោលដៅផ្សេងៗរបស់មនុស្សជាទូទៅ ដើម្បីឲ្យដឹងថា តើគោលដៅទាំងនោះពិតជានាំឲ្យមានចិត្តស្កប់ស្កល់ឬ? តើជីវិតដែលមានន័យខ្លឹមសារផ្អែកទៅលើអ្វីខ្លះ?
សំខាន់ជាងមាសប្រាក់និងការកម្សាន្ត!
សៀវភៅសាស្ដា ៧:១២ ក្នុងគម្ពីរចែងថា៖ «ប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ។ ប៉ុន្តែ ការដែលវិសេសជាងខាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ»។ ត្រូវហើយ ប្រាក់និងមាសមានប្រយោជន៍មែន! ពីព្រោះយើងត្រូវការប្រាក់ដើម្បីរស់ ជាពិសេសចំពោះអស់អ្នកដែលមានភារកិច្ចចិញ្ចឹមក្រុមគ្រួសាររបស់ខ្លួន។—ធីម៉ូថេទី១ ៥:៨
ក្រៅពីការចិញ្ចឹមជីវិត យើងក៏ត្រូវការលុយខ្លះៗដើម្បីឲ្យបានសប្បាយនឹងជីវិតដែរ មែនទេ? សូម្បីតែព្រះយេស៊ូគ្រិស្តក៏ចូលចិត្តបរិភោគអាហារនិងស្រាល្អៗដែរ ទោះបើជួនកាលលោកគ្មានកន្លែងណានឹងកើយក្បាលក្ដី។ បន្ថែមទៀត ព្រះយេស៊ូក៏ធ្លាប់ពាក់អាវដែលមានតម្លៃថ្លៃផង។—ម៉ាថាយ ៨:២០; យ៉ូហាន ២:១-១១; ១៩:២៣, ២៤
យ៉ាងណាក៏ដោយ ព្រះយេស៊ូមិនដេញតាមការសប្បាយជាគោលបំណងចម្បងក្នុងជីវិតឡើយ។ ព្រះយេស៊ូទទួលស្គាល់ពីអ្វីដែលគួរមានអាទិភាពក្នុងជីវិត ហើយលោកមានប្រសាសន៍ថា៖ «ជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្ដិជាបរិបូរទេ»។ រួចមក ព្រះយេស៊ូរៀបរាប់រឿងប្រៀបប្រដូចមួយ អំពីបុរសអ្នកមានម្នាក់ដែលប្រមូលផលចម្រូតយ៉ាងច្រើនសន្ធឹកដល់ម្ល៉េះបានជាគាត់សួរខ្លួនឯងថា៖ «តើត្រូវឲ្យអញធ្វើដូចម្ដេច? . . . អញគ្មានកន្លែងណានឹងដាក់ផលរបស់អញទាំងនេះទេ។ . . . អញនឹងរុះជង្រុកអញ ពង្រីកឲ្យធំជាងទៅទៀត រួចប្រមូលផលនឹងទ្រព្យសម្បត្ដិទៅផ្ទុកនៅទីនោះ។ នោះអញនឹងប្រាប់ដល់ចិត្តថា៖ ‹ចិត្តអើយ! ឯងមានទ្រព្យសម្បត្ដិជាច្រើនល្មមទុកសំរាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ។ ចូរឯងឈប់សំរាកទៅ ហើយស៊ីផឹកសប្បាយចុះ!›»។ តើបុរសអ្នកមាននោះមានទស្សនៈខុសឆ្គងយ៉ាងណា? ព្រះយេស៊ូរៀបរាប់ទៀតថា ព្រះមានប្រសាសន៍ទៅកាន់អ្នកនោះថា៖ «ឱមនុស្សល្ងីល្ងើអើយ! នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ។ ដូច្នេះ តើទ្រព្យសម្បត្ដិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ?»។ ទោះជាបុរសអ្នកមាននោះបានប្រមូលផលច្រើនក៏ដោយ ពេលស្លាប់ គាត់មិនអាចសប្បាយនឹងទ្រព្យសម្បត្ដិទាំងប៉ុន្មានឡើយ។ ព្រះយេស៊ូបានសរុបសេចក្ដីហើយបកស្រាយមេរៀននេះដោយមានប្រសាសន៍ថា៖ «អ្នកណាដែលប្រមូលទ្រព្យសម្បត្ដិទុកបំរុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ»។—លូកា ១២: ១៣-២១
ពិតណាស់! យើងត្រូវការប្រាក់និងមាសមែន ហើយការកម្សាន្តសប្បាយក៏មានប្រយោជន៍ដែរ។ ប៉ុន្តែ មាសប្រាក់និងការកម្សាន្តមិនមែនជាអ្វីដែលសំខាន់បំផុតទេ។ ការប្រមូលទ្រព្យសម្បត្ដិខាងឯព្រះ ដែលមានន័យថា យើងមានរបៀបរស់នៅស្របទៅតាមបំណងចិត្តរបស់ព្រះ នោះហើយជាអ្វីដែលសំខាន់ជាងគេ។
ឈ្មោះល្បី ឬ កេរ្ដិ៍ឈ្មោះល្អ?
គោលបំណងចម្បងក្នុងជីវិតនៃមនុស្សជាច្រើន គឺឲ្យមានឈ្មោះល្បី។ ការប្រាថ្នាចង់បានឈ្មោះដែលមនុស្សជំនាន់ក្រោយនឹងស្គាល់ផងដែរ មិនតែងតែខុសទេ។ គម្ពីរចែងថា៖ «នាមឈ្មោះល្អ នោះវិសេសជាងប្រេងក្រអូបដ៏មានដំឡៃ ហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃកើតដែរ»។—សាស្ដា ៧:១
នៅថ្ងៃមរណៈ គឺហាក់ដូចជាប្រវត្ដិរូបរបស់មនុស្សម្នាក់ៗបានកត់ទុករួចជាស្រេច។ បើអ្នកនោះបានធ្វើអំពើល្អក្នុងជីវិតរបស់គាត់ ថ្ងៃមរណៈគឺវិសេសជាងថ្ងៃដែលគាត់កើតមកក្នុងន័យថា ពេលកើតមកនោះ គាត់មិនទាន់មានកេរ្ដិ៍ឈ្មោះអ្វីសោះ។
ស្តេចសាឡូម៉ូនជាអ្នកតែងសៀវភៅសាស្ដាដែលជាសៀវភៅមួយក្នុងគម្ពីរ។ បងប្រុសរបស់សាឡូម៉ូន ឈ្មោះអាប់សាឡំម ចង់បានកិត្ដិយសនិងឈ្មោះល្បី។ ក៏ប៉ុន្តែ កូនប្រុសបីនាក់របស់អាប់សាឡំមបានស្លាប់មុនអាយុ ដូច្នេះគាត់គ្មានកូនចៅដែលមាននាមត្រកូលរបស់គាត់សោះ។ បើដូច្នេះ តើអាប់សាឡំមបានធ្វើអ្វីដើម្បីឲ្យមនុស្សចាំឈ្មោះគាត់? គម្ពីរចែងថា៖ «អាប់សាឡំម[បាន]ធ្វើបង្គោលថ្ម១ទុកនៅច្រកភ្នំនៃ[ពួកស្តេច]សំរាប់ជាទីរំឭក ដោយនឹកថា៖ ‹អញគ្មានកូនប្រុសដើម្បីនឹងបន្តឈ្មោះអញទេ›»។ ដូច្នេះ អាប់សាឡំម«ដាក់ឈ្មោះ[លើ]ថ្មនោះតាមនាមរបស់[ខ្លួន]»។ (សាំយូអែលទី២ ១៤:២៧; ១៨:១៨) មកដល់សព្វថ្ងៃនេះ គ្មាននរណាបានរកឃើញថ្មនោះឡើយ។ រីឯអាប់សាឡំមវិញ មានតែអ្នកអានគម្ពីរដែលស្គាល់ឈ្មោះគាត់ជាអ្នកបះបោរដ៏អាក្រក់ម្នាក់ ដែលបានសមគំនិតជាមួយអ្នកឯទៀតដើម្បីដណ្ដើមយករាជ្យពីដាវីឌជាបិតា។
មនុស្សជាច្រើននៅសព្វថ្ងៃនេះក៏សង្ឃឹមថា មនុស្សជំនាន់ក្រោយនឹងស្គាល់ឈ្មោះពួកគេដោយសារស្នាដៃរបស់ខ្លួន។ ពួកគេចង់បានឈ្មោះល្បីឲ្យអ្នកដទៃកោតស្ងើចនឹងខ្លួន ប៉ុន្តែតាមការពិត ទស្សនិកជនស្រឡាញ់បានតែមួយភ្លែត ហើយក្រោយមកក៏ភ្លេចបាត់ទៅ។ បើដូច្នេះ តើឈ្មោះល្បីទៅជាយ៉ាងណា? អ្នកនិពន្ធម្នាក់បានសរសេរអំពីពួកអ្នកដែលចង់បានឈ្មោះល្បីថា៖ «គឺពិបាកណាស់ ឲ្យពួកគេបានឈ្មោះល្បីដែលស្ថិតស្ថេរ ពីព្រោះនៅសម័យនេះ អតិថិជនច្រើនតែស្រឡាញ់អ្នកដែលក្មេងជាង ព្រមទាំងស្អាតសង្ហានិងធ្វើអ្វីដែលប្លែកៗ។ ចំពោះអស់អ្នកដែលមានគេស្រឡាញ់មែន ពួកគាត់ក៏តែងតែភ័យព្រួយ ខ្លាចគេនឹងឈប់ស្រឡាញ់ទៀត» (សៀវភៅ The Culture of Narcissism របស់លោក Christopher Lasch)។ ជាលទ្ធផល ជនល្បីល្បាញជាច្រើនតែងតែប្រើប្រាស់គ្រឿងញៀននិងប្រមឹកស្រា ដែលនាំឲ្យស្លាប់មុនអាយុ។ ត្រូវហើយ ការស្វែងរកឈ្មោះល្បី ពិតជាអសារឥតការមែន!
បើដូច្នេះ តើគប្បីឲ្យយើងខំរកកេរ្ដិ៍ឈ្មោះល្អនៅចំពោះអ្នកណា? តាមរយៈលោកអេសាយដែលជាអ្នកប្រកាសទំនាយ ព្រះយេហូវ៉ាមានប្រសាសន៍អំពីមនុស្សខ្លះដែលធ្វើតាមច្បាប់លោកថា៖ «យើងនឹងចារឈ្មោះគេទុក នៅតាមជញ្ជាំងដំណាក់របស់យើង យើងនឹងអោយគេមានកេរ្ដិ៍ឈ្មោះល្បី . . . ឈ្មោះគេនឹងនៅគង់វង្សរហូតតទៅ គ្មាននរណាលុបបំបាត់បានឡើយ»។ (អេសាយ ៥៦:៤, ៥, ខ.ស.) ដោយសារពួកគេបានស្ដាប់បង្គាប់ព្រះយេហូវ៉ា លោកពេញចិត្តចំពោះពួកគេ ហើយនឹង«ចារឈ្មោះគេទុក . . . អោយគេមានកេរ្ដិ៍ឈ្មោះល្បី»។ ព្រះយេហូវ៉ានឹងចាំឈ្មោះពួកគេ«រហូតតទៅ» ដើម្បីការពារកុំឲ្យនរណាលប់បំបាត់ឈ្មោះឬបំផ្លាញពួកគេឡើយ។ ស្របទៅតាមយោបល់ក្នុងគម្ពីរ នេះហើយជានាមឈ្មោះដែលយើងគួរមាន ពោលគឺ កេរ្ដិ៍ឈ្មោះជាមនុស្សល្អ នៅចំពោះព្រះយេហូវ៉ាដែលជាអ្នកបង្កើតអ្វីៗទាំងអស់។
ទំនាយដែលអេសាយបានសរសេរនោះ សំដៅទៅលើគ្រាដែលមនុស្សស្មោះត្រង់នឹងទទួល«ជីវិតអស់កល្បជានិច្ច»ឬជីវិតគ្មានទីបញ្ចប់នៅលើផែនដី ដែលនឹងរៀបចំឡើងជាសួនមនោរម។ (ធីម៉ូថេទី១ ៦:១២, ១៩) តាំងពីដើមមក ព្រះយេហូវ៉ាមានបំណងឲ្យមនុស្សទទួលជីវិតបែបនេះ។ ដូច្នេះ គប្បីឲ្យយើងខំឈោងចាប់ជីវិតដែលគ្មានទីបញ្ចប់ ជាជាងមានបំណងចង់តែស្កប់ចិត្តនឹងជីវិតដ៏ខ្លីនេះប៉ុណ្ណោះ មែនទេ?
បញ្ចេញស្នាដៃនិងធ្វើទានមិនគ្រប់គ្រាន់ទេ
ជាងគំនូរជាច្រើនមានបំណងចង់បង្កើនសមត្ថភាពគូរគំនូរឲ្យកាន់តែប្រសប់ទៅៗ រហូតដល់ស្កប់ចិត្តថា ចេះគូរបានយ៉ាងល្អប្រណីតហើយ។ ប៉ុន្តែ ពិបាកណាស់ឲ្យពួកគេបំពេញគោលដៅនោះក្នុងជីវិតនេះ។ អត្ថបទមុនបានរៀបរាប់អំពីលោកហ៊ីឌីយ៉ូ ហើយសូម្បីតែពេលដែលគាត់មានអាយុ៩០ប្លាយឆ្នាំ គាត់នៅតែមិនអស់ចិត្តថា បានគូរគំនូរអស់ពីសមត្ថភាពនៅឡើយ។ យ៉ាងណាមិញ បើជាងគំនូរស្កប់ចិត្តថាចេះគូរយ៉ាងល្អហើយ ពេលនោះគាត់ប្រហែលជាមានអាយុចាស់ណាស់ដែរ ដូច្នេះលែងមានកម្លាំងគូរច្រើនដូចកាលពេលនៅក្មេង។ ប៉ុន្តែ ចុះយ៉ាងណាបើគាត់អាចរស់រហូតវិញ? គាត់ច្បាស់ជាអាចគូរគំនូរបានល្អប្រណីតមែន!
ចុះយ៉ាងណាចំពោះមនុស្សដែលមានចិត្តល្អហើយចង់ធ្វើទានដើម្បីជួយអ្នកដែលខ្វះខាត? គួរឲ្យសរសើរណាស់! អស់អ្នកដែលយកចិត្តទុកដាក់ចំពោះមនុស្សក្រីក្រដល់ម្ល៉េះបានជាចង់ប្រើធនធានរបស់ខ្លួនដើម្បីជួយពួកគេ។ គម្ពីរចែងថា៖ «ដែលឲ្យ នោះបានពរជាជាងទទួល»។ (កិច្ចការ ២០:៣៥) ណាមួយទៀត ពេលមនុស្សផ្ដល់ជំនួយនោះ នេះច្បាស់ជានាំឲ្យពួកគេមានចិត្តស្កប់ស្កល់មែន។ ប៉ុន្តែ តើមនុស្សម្នាក់ៗអាចផ្ដល់ជំនួយច្រើនប៉ុណ្ណាបាន? ទោះបើគាត់ចំណាយពេលអស់មួយជីវិតក្នុងការជួយអ្នកក្រីក្រ គាត់មិនអាចរំលែកទុក្ខឲ្យអស់ទេ។ មិនថាសប្បុរសជនផ្ដល់ជំនួយច្រើនប៉ុណ្ណាក៏ដោយ ពួកគេនៅតែមិនអាចបំពេញសេចក្ដីត្រូវការសំខាន់ចម្បងក្នុងជីវិតមនុស្ស ដែលភាគច្រើនមិនអើពើទាល់តែសោះ។ តើមនុស្សត្រូវការអ្វីជាសំខាន់ចម្បង?
ត្រូវការព្រះដើម្បីជីវិតមានន័យខ្លឹមសារ
ពេលព្រះយេស៊ូបានថ្លែងធម្មទាននៅលើភ្នំមួយនាប្រទេសអ៊ីស្រាអែល លោកសំដៅទៅលើសេចក្ដីត្រូវការមួយដែលយើងរាល់គ្នាមានតាំងពីកំណើតមក។ ព្រះយេស៊ូបានសំដៅទៅលើមនុស្សដែល«ដាក់ចិត្តជាអ្នកក្រខ្សត់»ក្នុងន័យថា ពួកគេទទួលស្គាល់ថាគេត្រូវការព្រះ។ យ៉ាងនេះហើយដែលពួកគេអាច«មានសុភមង្គល»បាន។ (ម៉ាថាយ ៥:៣, ខ.ស.) យោងទៅតាមគម្ពីរ សុភមង្គលពិតមិនផ្អែកទៅលើមាសប្រាក់ ឈ្មោះល្បី ការបញ្ចេញស្នាដៃនិងការធ្វើទានទេ។ ផ្ទុយទៅវិញ សុភមង្គលពិតផ្អែកទៅលើការថ្វាយបង្គំព្រះ។
លោកប៉ុលជាសាវ័កម្នាក់របស់ព្រះយេស៊ូ ហើយគាត់បានលើកទឹកចិត្តអស់អ្នកដែលមិនស្គាល់ព្រះដែលបានបង្កើតរបស់សព្វសារពើ ឲ្យខំស្វែងរកលោកភ្លាម។ ប៉ុលមានប្រសាសន៍ថា៖ ‹ព្រះបានបង្កើតមនុស្សគ្រប់ជនជាតិពីឈាមតែ១ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលាដែលបានតាំងជាមុន នឹងព្រំទីលំនៅរបស់គេគ្រប់គ្នា ដើម្បីឲ្យគេស្វែងរកព្រះ ក្រែងគេនឹងរកលោកឃើញដោយខំរាវរកមែននោះទេដឹង ទោះបើព្រះមិនគង់ឆ្ងាយពីយើងនិមួយៗក៏ដោយ។ គឺដោយសារព្រះហើយដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង›។—កិច្ចការ ១៧:២៦-២៨
បើយើងទទួលស្គាល់ថា យើងត្រូវការព្រះ និងខំថ្វាយបង្គំលោក នោះហើយជាគន្លឹះនៃសុភមង្គលពិត។ ណាមួយទៀត ការថ្វាយបង្គំព្រះមិនគ្រាន់តែបំពេញសេចក្ដីត្រូវការរបស់យើងប៉ុណ្ណោះ តែក៏បើកឱកាសឲ្យយើងទទួលជីវិតដែលគ្មានទីបញ្ចប់ផងដែរ។ សូមគិតអំពីគំរូរបស់នាងថេរីសា។ នៅសហរដ្ឋអាម៉េរិក នាងជាតួឯកកុនមុនគេបង្អស់ដែលមានសម្បុរខ្មៅនិងដើរតួសំខាន់បំផុតក្នុងកុនតភាគដែលគេបញ្ចាំងតាមកញ្ចក់ទូរទស្សន៍មួយម៉ោងក្នុងមួយសប្ដាហ៍។ មិនយូរប៉ុន្មានក្រោយមក នាងឈប់ដើរតួក្នុងកុនតភាគនោះ។ ហេតុអ្វី? នាងពន្យល់ថា៖ «ខ្ញុំជឿស៊ប់ថា ពេលយើងធ្វើតាមយោបល់ក្នុងបណ្ដាំរបស់ព្រះ នោះហើយជារបៀបរស់នៅដ៏ប្រសើរបំផុត»។ មុខរបររបស់នាងថេរីសាតម្រូវឲ្យនាងដើរតួក្នុងកុនតភាគដែលលើកតម្កើងការរួមភេទនិងអំពើឃោរឃៅ។ ប៉ុន្តែ នាងមិនចង់ធ្វើអ្វីដែលអាចបង្ខូចចំណងមិត្តភាពរបស់នាងជាមួយនឹងព្រះយេហូវ៉ាទាល់តែសោះ។ ទោះជានាងឈប់ប្រកបមុខរបរដែលនាំឲ្យមានឈ្មោះល្បីក្នុងពិភពលោកនេះក្ដី ជីវិតនាងចាប់ផ្ដើមមានន័យខ្លឹមសារមែន ពីព្រោះនាងបានបម្រើព្រះពេញពេល ដោយផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ និងខំជួយមនុស្សដទៃឲ្យមានចំណងមិត្តភាពល្អជាមួយនឹងព្រះដែរ។
អតីតគូកនរបស់នាងថេរីសាក៏មានប្រសាសន៍អំពីពេលដែលនាងបានសម្រេចចិត្តឈប់ដើរតួក្នុងកុនតភាគនោះថា៖ «ខ្ញុំពិបាកចិត្តយ៉ាងខ្លាំង ពីព្រោះខ្ញុំមិនចង់ឃើញនាងបោះបង់ចោលមុខរបរដែលខ្ញុំចាត់ទុកថា ជាមុខរបរល្អជាងគេ។ ប៉ុន្តែ ខ្ញុំទទួលស្គាល់ថា នាងបានរកឃើញអ្វីដែលប្រសើរនិងសំខាន់ជាងទៅទៀត»។ ប៉ុន្មានឆ្នាំក្រោយមក នាងថេរីសាស្លាប់ហើយ។ ក្រោយមក អតីតគូកនដដែលរបស់នាងបានកត់សម្គាល់ថា៖ «នាងមានសុភមង្គលមែន ហើយគ្មានអ្វីសំខាន់ជាងនោះទេ។ កម្រណាស់ដែលយើងអាចរកសុភមង្គលពិតបាន»។ ទោះបើស្លាប់ក្ដី អស់អ្នកដែលចាត់ទុកកិច្ចបម្រើព្រះជាអ្វីដែលមានអាទិភាពក្នុងជីវិត អាចសង្ឃឹមថាព្រះនឹងប្រោសពួកគេឲ្យរស់ឡើងវិញ ដើម្បីរស់ក្រោមអំណាចនៃរាជាណាចក្ររបស់ព្រះ។—យ៉ូហាន ៥:២៨, ២៩
ព្រះដែលបានបង្កើតរបស់សព្វសារពើក៏មានគោលបំណងជាក់លាក់សម្រាប់ផែនដីនិងមនុស្សជាតិ។ ព្រះយេហូវ៉ាចង់ឲ្យលោកអ្នកយល់អំពីគោលបំណងនោះ ដើម្បីមានឱកាសរស់ជារៀងរហូតក្នុងសួនមនោរមនៅផែនដី។ (ទំនុកដំកើង ៣៧:១០, ១១, ២៩) ឥឡូវនេះ គប្បីឲ្យលោកអ្នករៀនថែមទៀតអំពីព្រះយេហូវ៉ាដ៏ជាព្រះដែលបានបង្កើតអ្វីៗទាំងអស់នៅលើមេឃ ហើយនៅផែនដី ព្រមទាំងរៀនអំពីគោលបំណងរបស់ព្រះយេហូវ៉ាចំពោះលោកអ្នកផ្ទាល់។ ស្មរបន្ទាល់ព្រះយេហូវ៉ានាតំបន់របស់លោកអ្នក ពេញចិត្តចង់ជួយលោកអ្នកឲ្យទទួលចំណេះនេះ។ សូមអញ្ជើញទៅជួបពួកគេផ្ទាល់ ឬមួយក៏សរសេរសំបុត្រជូនចំពោះអង្គការដែលបោះពុម្ពទស្សនាវដ្ដីនេះក៏បាន។
[រូបភាពនៅទំព័រ៥]
តើបុរសអ្នកមានក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូមានទស្សនៈខុសឆ្គងយ៉ាងណា?
[រូបភាពនៅទំព័រ៧]
តើលោកអ្នកចង់បានជីវិតដែលគ្មានទីបញ្ចប់ក្នុងសួនមនោរមនៅផែនដីទេ?