បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/២ ទំ. ១២-១៧
  • ចូរដើរតាមផ្លូវរបស់ព្រះយេហូវ៉ាចុះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរដើរតាមផ្លូវរបស់ព្រះយេហូវ៉ាចុះ!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គួរ​ឲ្យ​ទុក​ចិត្ត
  • ‹សុភាព​រាបសា›
  • កម្លាំង​និង​ចិត្ត​ក្លាហាន
  • ស្វែង​រក​ប្រយោជន៍​អ្នក​ដទៃ
  • ចូរ​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ជា​ដរាប​ចុះ!
  • អ្នកអាចទៅជា‹ជំនួយនិងអ្នកពង្រឹងកម្លាំង›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ចិត្តក្លាហាននិងភក្ដីភាពរបស់យ៉ូណាថាន
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ‹ចូរមានកម្លាំងនិងចិត្ដក្លាហាន›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ចូរបង្ហាញថាអ្នកមានភក្ដីភាពចំពោះព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/២ ទំ. ១២-១៧

ចូរ​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ចុះ!

​«មាន​ពរ[ឬ​«សុភមង្គល»]​ហើយ អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ទ្រង់»។—ទំនុក. [ទំន.] ១២៨:១; ខ.ស.

១, ២​. តើ​អ្វី​បង្ហាញ​ថា យើង​ពិត​ជា​អាច​រក​ឃើញ​សុភមង្គល​មែន?

មនុស្ស​គ្រប់​រូប​ចង់​បាន​សុភមង្គល។ ក៏​ប៉ុន្តែ ទោះ​ជា​យើង​ប្រាថ្នា​ចង់​បាន​សុភមង្គល​យ៉ាង​ខ្លាំង និង​ខំ​រក​សុភមង្គល​យ៉ាង​អស់​ពី​សមត្ថភាព​ក៏​ដោយ នេះ​មិន​ធានា​ថា យើង​នឹង​រក​ឃើញ​សុភមង្គល​ឡើយ។

២ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ពិត​ជា​អាច​រក​ឃើញ​សុភមង្គល​មែន! បទ​ទំនុកដំកើង​ចែង​ថា​៖ «មាន​ពរ​[ឬ​«សុភមង្គល»]​ហើយ អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ទ្រង់»។ (ទំនុក. [ទំន.] ១២៨:១; ខ.ស.) យើង​អាច​មាន​សុភមង្គល ពេល​យើង​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា ព្រម​ទាំង​ដើរ​តាម​ផ្លូវ​របស់​ទ្រង់​ដោយ​ធ្វើ​តាម​ឆន្ទៈ​ទ្រង់។ តើ​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ការ​ប្រព្រឹត្ត​និង​លក្ខណៈ​សម្បត្ដិ​របស់​យើង?

គួរ​ឲ្យ​ទុក​ចិត្ត

៣​. តើ​លក្ខណៈ​ជា​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ជាប់​ទាក់ទង​នឹង​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​យ៉ាង​ដូច​ម្ដេច?

៣ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា ជា​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ដូច​ទ្រង់​ដែរ។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​គ្រប់​ទាំង​ពាក្យ​ដែល​ទ្រង់​សន្យា​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ។ (១ពង្ស. ៨:៥៦) ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​ជា​សម្បថ​សំខាន់​បំផុត​ដែល​យើង​អាច​ធ្វើ​បាន ហើយ​ការ​អធិស្ឋាន​ជា​រឿយៗ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​សម្បថ​នោះ។ យើង​អាច​អធិស្ឋាន​ដូច​លោក​ដាវីឌ​ដែល​ជា​អ្នក​តែង​បទ​ទំនុកដំកើង​ថា​៖ «ឱ​ព្រះ​អង្គ​អើយ! ទ្រង់​បាន​ឮ​សេចក្ដី​ដែល​ទូល​បង្គំ​បន់​ហើយ។ . . . ទូល​បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នាម​ទ្រង់​ជា​ដរាប ដើម្បី​ឲ្យ​បាន​លា​បំណន់​របស់​ទូល​បង្គំ​រាល់​តែ​ថ្ងៃ»។ (ទំនុក. ៦១:៥, ៨; សាស. ៥:៤​-​៦) បើ​យើង​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​មាន​លក្ខណៈ​ជា​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។—ទំនុក. ១៥:១, ៤

៤​. ស្តី​អំពី​សម្បថ​របស់​យែបថា​ចំពោះ​ព្រះ​យេហូវ៉ា តើ​ពីរ​នាក់​គាត់​និង​កូន​ស្រី​បាន​ធ្វើ​យ៉ាង​ណា?

៤ នៅ​សម័យ​ដែល​ពួក​ចៅហ្វាយ​បាន​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល លោក​យែបថា​បាន​ស្បថ​ថា បើ​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​ឈ្នះ​លើ​ពួក​អាំម៉ូន គាត់​នឹង​ថ្វាយ​អ្នក​ទី​មួយ​ដែល​ចេញ​ពី​ផ្ទះ​មក​ជួប​គាត់ ទុក​ដូច​ជា​«ដង្វាយ​ដុត»​ចំពោះ​ទ្រង់ ពេល​គាត់​ចេញ​ពី​សមរភូមិ​ហើយ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ។ លំដាប់​មក អ្នក​នោះ​ជា​កូន​តែ​មួយ​គត់​របស់​យែបថា ពោល​គឺ កូន​ស្រី​របស់​គាត់។ ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា ពីរ​នាក់​យែបថា​និង​កូន​ក្រមុំ​របស់​គាត់ បាន​ធ្វើ​តាម​សម្បថ​ដែល​គាត់​បាន​ស្បថ។ នៅ​ប្រទេស​អ៊ីស្រាអែល គេ​ចាត់​ទុក​ការ​រៀប​អាពាហ៍ពិពាហ៍​និង​ការ​បង្កើត​កូន​ជា​អ្វី​ដែល​មាន​តម្លៃ​ពិសេស​ណាស់! ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កូន​ស្រី​របស់​យែបថា​សុខ​ចិត្ត​នៅ​ក្រមុំ​រហូត ហើយ​មាន​ឯកសិទ្ធិ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ឯ​រោង​ថ្វាយ​បង្គំ។—ចៅ. ១១:​២៨​-​៤០

៥​. តើ​ហាណា​បាន​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​នាង​ជា​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត?

៥ នាង​ហាណា​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា ហើយ​គាត់​ក៏​ជា​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ដែរ។ ហាណា​រស់​នៅ​ជា​មួយ​ស្វាមី​នាង ឈ្មោះ​អែលកាណា ដែល​មក​ពី​កុលសម្ព័ន្ធ​លេវី។ អែលកាណា​ក៏​មាន​ភរិយា​មួយ​ទៀត ឈ្មោះ​ពេនីណា ហើយ​ពួក​គេ​ទាំង​អស់​គ្នា​បាន​រស់​នៅ​តំបន់​ភ្នំ​នា​ស្រុក​អេប្រាអិម។ ដោយសារ​ពេនីណា​មាន​កូន​ប៉ុន្មាន​នាក់​ហើយ គាត់​បាន​ចំអក​ដាក់​ហាណា ពីព្រោះ​នាង​ជា​ស្រី​អារ។ ពេនីណា​បាន​រំអុក​ឲ្យ​ហាណា​ខ្លាំង​ជាង​គេ ពេល​ពួក​គេ​ទាំង​អស់​គ្នា​បាន​ទៅ​ឯ​រោង​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ មាន​ម្ដង​នោះ​ដែល​ហាណា​ស្បថ​ថា បើ​នាង​អាច​បង្កើត​បាន​កូន​ប្រុស​មួយ នាង​នឹង​ថ្វាយ​កូន​នោះ​ចំពោះ​ព្រះ​យេហូវ៉ា។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ហាណា​មាន​ផ្ទៃពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​ពួក​គាត់​ដាក់​ឈ្មោះ​ថា សាំយូអែល។ ក្រោយ​បាន​ផ្ដាច់​ដោះ ហាណា​ថ្វាយ​សាំយូអែល​ចំពោះ​ព្រះ​យេហូវ៉ា​នៅ​រោង​ថ្វាយ​បង្គំ​នាទី​ក្រុង​ស៊ីឡូរ។ យ៉ាង​នេះ ហាណា​បាន​ប្រគល់​សាំយូអែល​ដល់​ព្រះ​យេហូវ៉ា​«គ្រប់​១​ជីវិត»។ (១សាំ. ១:១១) ទោះបី​ជា​ហាណា​មិន​ដឹង​ថា​នាង​នឹង​បង្កើត​កូន​ឯ​ទៀត​ក្ដី នាង​នៅ​តែ​បាន​ធ្វើ​តាម​សម្បថ​របស់​ខ្លួន។—១សាំ. ២:២០, ២១

៦​. តើ​អ្វី​បង្ហាញ​ថា ទីឃីកុស​ជា​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត?

៦ គ្រិស្ត​សាសនិក​ម្នាក់​នៅ​សតវត្សរ៍​ទី​មួយ ឈ្មោះ​ទីឃីកុស ក៏​ជា​«អ្នក​ជំនួយ​ដ៏​ស្មោះ​ត្រង់»​ហើយ​គួរ​ឲ្យ​ទុក​ចិត្ត​ផង។ (កូល. ៤:៧) ទីឃីកុស​បាន​ធ្វើ​ដំណើរ​ជា​មួយ​សាវ័ក​ប៉ុល ពេល​គាត់​ចេញ​ពី​ប្រទេស​ក្រិច ឆ្លង​កាត់​ស្រុក​ម៉ាសេដូន​និង​ស្រុក​អាស៊ី​ដែល​សព្វ​ថ្ងៃ​នេះ​ជា​ទឹក​ដី​របស់​ប្រទេស​តួគី ហើយ​ប្រហែល​ជា​រហូត​ដល់​ទី​ក្រុង​យេរូសាឡិម។ (កិច្ច. ២០:២​-​៤) ប្រហែល​ជា​ទីឃីកុស​ជា​«បង​ប្អូន​ម្នាក់»​ដែល​បាន​ជួយ​លោក​ទីតុស​ឲ្យ​យក​អំណោយ​ទាន​ទៅ​ចែក​ជូន​ដល់​បង​ប្អូន​រួម​ជំនឿ​ដែល​ខ្វះ​ខាត​នៅ​ស្រុក​យូដា។ (២កូ. ៨:១៨, ១៩; ១២:១៨) ពេល​ប៉ុល​ជាប់​គុក​នៅ​ទី​ក្រុង​រ៉ូម​ជា​លើក​ទី​មួយ គាត់​បាន​ចាត់​ទីឃីកុស​ដែល​គាត់​ទុក​ចិត្ត​នោះ ឲ្យ​យក​សំបុត្រ​របស់​គាត់​ទៅ​ជូន​ចំពោះ​ពួក​អ្នក​រួម​ជំនឿ​នៅ​ទី​ក្រុង​អេភេសូរ​និង​ក្រុង​កូល៉ុស។ (អេភ. ៦:២១, ២២; កូល. ៤:៨, ៩) ពេល​ប៉ុល​ជាប់​គុក​នៅ​ទី​ក្រុង​រ៉ូម​ជា​លើក​ទី​ពីរ​វិញ គាត់​ក៏​បាន​ចាត់​ទីឃីកុស​ឲ្យ​ទៅ​ទី​ក្រុង​អេភេសូរ។ (២ធី. ៤:១២) បើ​យើង​ជា​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត យើង​ក៏​នឹង​ទទួល​ឯកសិទ្ធិ​ផ្សេងៗ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ដែរ។

៧, ៨​. តើ​អ្វី​បង្ហាញ​ថា ដាវីឌ​និង​យ៉ូណាថាន​ពិត​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា?

៧ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ធ្វើ​ជា​មិត្ត​សម្លាញ់​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត។ (សុ. ១៧:១៧) បុត្រ​របស់​ស្តេច​សូល ឈ្មោះ​យ៉ូណាថាន ជា​មិត្ត​ម្នាក់​របស់​ដាវីឌ។ ពេល​យ៉ូណាថាន​ឮ​ថា ដាវីឌ​បាន​សម្លាប់​កូលីយ៉ាត «ចិត្ត​យ៉ូណាថាន​ក៏​មូល​ជាប់​នឹង​ចិត្ត​[ដាវីឌ] ហើយ​យ៉ូណាថាន​បាន​ស្រឡាញ់​ដាវីឌ​ទុក​ដូច​ជា​ខ្លួន​លោក​ដែរ»។ (១សាំ. ១៨:១, ៣) ពេល​សូល​រក​សម្លាប់​ដាវីឌ យ៉ូណាថាន​ក៏​បាន​ជួយ​ព្រមាន​គាត់។ ក្រោយ​ដាវីឌ​បាន​រត់​គេច​ហើយ យ៉ូណាថាន​បាន​ទៅ​ជួប​គាត់ ព្រម​ទាំង​តាំង​សញ្ញា​ឬ​ចង​សម្ព័ន្ធ​មេត្រី​ជា​មួយ​នឹង​គាត់។ យ៉ូណាថាន​ក៏​បាន​ប្រថុយ​ជីវិត​ដើម្បី​ដាវីឌ ពេល​គាត់​ខំ​ធ្វើ​អន្តរាគមន៍​ដោយ​និយាយ​ជា​មួយ​សូល។ យ៉ាង​ណា​ក្ដី ដោយសារ​យ៉ូណាថាន​និង​ដាវីឌ​ជា​មិត្ត​សម្លាញ់ ពួក​គាត់​បាន​ជួប​គ្នា​ម្ដង​ទៀត​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ដែល​ពួក​គាត់​មាន​ចំពោះ​គ្នា។ (១សាំ. ២០:២៤​-​៤១) ពេល​យ៉ូណាថាន​និង​ដាវីឌ​បាន​ជួប​គ្នា​ជា​លើក​ចុង​ក្រោយ​បង្អស់​នោះ យ៉ូណាថាន​បាន​ជួយ​ឲ្យ​ដាវីឌ​«មាន​សេចក្ដី​សង្ឃឹម​ក្នុង​ព្រះ​ឡើង»។—១សាំ. ២៣:១៦​-​១៨

៨ ពេល​កំពុង​ច្បាំង​នឹង​ពួក​ភីលីស្ទីន យ៉ូណាថាន​បាន​បាត់បង់​ជីវិត​ទៅ។ (១សាំ. ៣១:៦) រួច​មក ដាវីឌ​សោយ​សោក​ហើយ​ច្រៀង​ថា​៖ «ឱ​យ៉ូណាថាន បង​អើយ! ខ្ញុំ​មាន​សេចក្ដី​ទុក្ខ​ចំពោះ​បង ដោយ​ព្រោះ​បង​ជា​ទី​ពេញ​ចិត្ត​ដល់​ខ្ញុំ​ណាស់! ហើយ​ដែល​បង​ស្រឡាញ់​ដល់​ខ្ញុំ នោះ​ជា​ទី​អស្ចារ្យ ក៏​លើស​ជាង​សេចក្ដី​ស្រឡាញ់​របស់​ស្រីៗ​ផង»។ (២សាំ. ១:២៦) ពីរ​នាក់​ដាវីឌ​និង​យ៉ូណាថាន​ពិត​ជា​មិត្ត​សម្លាញ់ ជា​ក្លើ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា​មែន!

‹សុភាព​រាបសា›

៩​. តើ​សៀវភៅ​ពួក​ចៅហ្វាយ​ជំពូក​៩ បង្ហាញ​យ៉ាង​ណា​ថា គប្បី​ឲ្យ​យើង​មាន​ចិត្ត​រាប​ទាប?

៩ បើ​យើង​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​មាន​លក្ខណៈ‹សុភាព​រាបសា›។ (១ពេ. ៣:៨; ទំនុក. ១៣៨:៦) សៀវភៅ​ពួក​ចៅហ្វាយ ជំពូក​៩ បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ចិត្ត​រាប​ទាប។ កូន​ប្រុស​របស់​លោក​គេឌាន ឈ្មោះ​យ៉ូថាម បាន​ប្រាប់​រឿង​មួយ​ថា​៖ «មាន​កាល​១​ថ្ងៃ​ពួក​ដើម​ឈើ​ចង់​ធ្វើ​បុណ្យ​ចាក់​ប្រេង​តាំង​ឲ្យ​មាន​ស្តេច​ឡើង»។ ក្នុង​រឿង​នោះ គាត់​រៀប​រាប់​អំពី​ដើម​អូលីវ ដើម​ល្វា​និង​ដើម​ទំពាំង​បាយ​ជូរ។ ដើម​ទាំង​នោះ​តំណាង​មនុស្ស​ល្អ​ដែល​គ្មាន​ចេតនា​ចង់​កាន់​អំណាច​លើ​ជន​ជាតិ​អ៊ីស្រាអែល​គ្នីគ្នា​ទេ។ រួច​មក គាត់​រៀប​រាប់​អំពី​គុម្ព​បន្លា ដែល​គ្មាន​ប្រយោជន៍​អ្វី​សោះ ក្រៅ​ពី​យក​ធ្វើ​ជា​ឧស​ដុត​តែ​ប៉ុណ្ណោះ។ គុម្ព​បន្លា​នោះ​តំណាង​ស្តេច​អ័ប៊ីម្ម៉ាឡិច ជា​អ្នក​សម្លាប់​គេ​ដែល​មាន​អំណួត​និង​បំណង​ចង់​តែ​កាន់​អំណាច​លើ​បណ្ដា​ជន។ ទោះ​បី​ជា​អ័ប៊ីម្ម៉ាឡិច​បាន​«ជែង​គ្រប់គ្រង​លើ​ពួក​អ៊ីស្រាអែល​អស់​៣​ឆ្នាំ»​ក្ដី ក្រោយ​មក គាត់​ស្លាប់​មុន​អាយុ​ផង។ (ចៅ. ៩:៨​-​១៥, ២២, ៥០​-​៥៤) ការ​បង្ហាញ​ចិត្ត‹សុភាព​រាបសា›ច្បាស់​ជា​មាន​ប្រយោជន៍​ច្រើន​ទៅ​វិញ!

១០​. តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​កាល​ដែល​ស្តេច​ហេរ៉ូឌ‹មិន​បាន​ផ្ទេរ​សេចក្ដី​សរសើរ​ថ្វាយ​ដល់​ព្រះ›?

១០ ស្តេច​ស្រុក​យូដា​នៅ​សតវត្សរ៍​ទី​មួយ គ.ស. ឈ្មោះ​ហេរ៉ូឌ​អ័គ្រីប៉ា ជា​អ្នក​ដែល​មាន​ចិត្ត​ក្រអឺត​ក្រទម។ នៅ​ពេល​នោះ មាន​រឿង​រ៉ាវ​រវាង​ស្តេច​ហេរ៉ូឌ​និង​ពួក​អ្នក​នៅ​ក្រុង​ទី​រ៉ុស​និង​ក្រុង​ស៊ី​ដូន។ ដោយ​សារ​ពួក​គេ​មាន​បំណង​ចង​ស្ពាន​មេត្រី​ជា​មួយ​នឹង​ស្តេច​ហេរ៉ូឌ​ម្ដង​ទៀត ពេល​គាត់​ថ្លែង​សុន្ទរកថា​ម្ដង​នោះ ពួក​គេ​និយាយ​បញ្ជើច​ថា​៖ «នេះ​ជា​សំឡេង​ព្រះ​ទេ​វ៉ឺយ មិន​មែន​ជា​សំឡេង​មនុស្ស​ទេ!»។ ដោយ​សារ​ស្តេច​ហេរ៉ូឌ​មិន​បដិសេធ​នឹង​ពាក្យ​បញ្ជោរ​នោះ ទេវតា​ពិឃាត​របស់​ព្រះ​យេហូវ៉ា​បាន​ប្រហារ​ជីវិត​គាត់ ឲ្យ​ស្លាប់​របៀប​អាក្រក់​មួយ «ពីព្រោះ​ស្តេច​មិន​បាន​ផ្ទេរ​សេចក្ដី​សរសើរ​នោះ​ថ្វាយ​ដល់​ព្រះ​វិញ»។ (កិច្ច. ១២:២០​-​២៣) ចុះ​យ៉ាង​ណា​បើ​យើង​មាន​ទេពកោសល្យ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ឬ​ការ​បង្រៀន​សេចក្ដី​ពិត​ពី​គម្ពីរ? បើ​ដូច្នេះ ចូរ​ឲ្យ​យើង​លើក​សរសើរ​ព្រះ​យេហូវ៉ា​ដែល​អនុញ្ញាត​ឲ្យ​យើង​មាន​ឯកសិទ្ធិ​ផ្សេងៗ​ទាំង​នេះ។—១កូ. ៤:៦, ៧; យ៉ា. ៤:៦

កម្លាំង​និង​ចិត្ត​ក្លាហាន

១១, ១២​. តើ​បទ​ពិសោធន៍​របស់​ហេណុក​បង្ហាញ​យ៉ាង​ណា ថា​ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​និង​ចិត្ត​ក្លាហាន​ឲ្យ​រាស្ត្រ​ទ្រង់?

១១ បើ​យើង​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ដោយ​មាន​ចិត្ត​សុភាព​រាបសា ទ្រង់​នឹង​ផ្ដល់​កម្លាំង​ហើយ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន​ផង។ (ចោទិ. ៣១:៦​-​៨, ២៣) លោក​ហេណុក​ជា​តំណ​ទី​៧​ពី​លោក​អ័ដាម ហើយ​គាត់​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដោយ​ព្យាយាម​រក្សា​ឲ្យ​មាន​លក្ខណៈ​ទៀងត្រង់​ក្នុង​ចំណោម​មនុស្ស​អាក្រក់​នា​សម័យ​គាត់។ (លោ. ៥:២១​-​២៤) ព្រះ​យេហូវ៉ា​បាន​បន្ថែម​កម្លាំង​ឲ្យ​ហេណុក ដើម្បី​ឲ្យ​គាត់​មាន​សមត្ថភាព​ប្រកាស​ផ្សាយ​សារ​ដែល​ថ្កោល​ទោស​យ៉ាង​ខ្លាំង ដល់​មនុស្ស​ទមិឡ​ល្មើស​ដែល​ពោល​ពាក្យ​និង​ប្រព្រឹត្ត​រំលង​នឹង​គោលការណ៍​របស់​ព្រះ។ (សូម​អាន យូដាស ១៤, ១៥) តើ​យើង​មាន​ចិត្ត​ក្លាហាន​ដើម្បី​ផ្សាយ​សារ​របស់​ព្រះ​យេហូវ៉ា​ដែល​កាត់​ទោស​មនុស្ស​អាក្រក់​ទេ?

១២ នៅ​សម័យ​លោក​ណូអេ ព្រះ​យេហូវ៉ា​បាន​កាត់​ទោស​មនុស្ស​ទមិឡ​ល្មើស​ទាំង​នោះ​មែន! ដូច្នេះ ទំនាយ​របស់​ហេណុក​គួរ​លើក​ទឹក​ចិត្ត​យើង ពីព្រោះ​បន្ដិច​ទៀត​ពល​ទ័ព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ចោល​មនុស្ស​ទមិឡ​ល្មើស​នៅ​សម័យ​នេះ​ដែរ។ (វិវរ. ១៦:​១៤​-​១៦; ១៩:១១​-​១៦) ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​តាម​សំណូម​ពរ​របស់​យើង ដោយ​ផ្ដល់​ឲ្យ​យើង​នូវ​ចិត្ត​ក្លាហាន​ដើម្បី​ប្រកាស​សារ​របស់​ទ្រង់ មិន​ថា​សារ​នោះ​ទាក់ទង​នឹង​ការ​វិនិច្ឆ័យ​ឬ​ការ​ប្រទាន​ពរ​ឲ្យ​មនុស្ស​ដែល​ស្ថិត​ក្រោម​អំណាច​នៃ​រាជាណាចក្រ​របស់​ទ្រង់​ក្ដី។

១៣​. ពេល​ខ្វល់ខ្វាយ​អំពី​បញ្ហា​ផ្សេងៗ ម្ដេច​ក៏​យើង​អាច​ជឿជាក់​ថា ព្រះ​យេហូវ៉ា​អាច​ផ្ដល់​កម្លាំង​និង​ចិត្ត​ក្លាហាន​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូទ្រាំ?

១៣ យើង​ត្រូវ​ការ​កម្លាំង​និង​ចិត្ត​ក្លាហាន​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ស៊ូទ្រាំ​បញ្ហា​ផ្សេងៗ​ដែល​បង្ក​ហេតុ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត។ ពេល​លោក​អេសាវ​បាន​យក​ស្ត្រី​ជន​ជាតិ​ហេត​ពីរ​នាក់​មក​ធ្វើ​ជា​ភរិយា «នាង​ទាំង​២​នោះ​ក៏​នាំ​ឲ្យ​[មាតា​បិតា​របស់​អេសាវ ឈ្មោះ]​អ៊ីសាក​ហើយ​នឹង​រេបិកា​ពិបាក​ចិត្ត​ណាស់!»។ រេបិកា​ក៏​បាន​នឹក​ស្ដាយ​ថា​៖ «ខ្ញុំ​មិន​ចង់​រស់​នៅ​ទៀត​ទេ ដោយ​ព្រោះ​កូន​ស្រី​នៃ​សាសន៍​ហេត​ទាំង​នេះ។ បើ​កាល​ណា​យ៉ាកុប​[ដែល​ជា​ប្អូន​អេសាវ]​យក​ប្រពន្ធ​ក្នុង​ពួក​កូន​ស្រី​សាសន៍​ហេត ដូច​ជា​ពួក​កូន​ស្រី​ស្រុក​នេះ​ដែរ នោះ​តើ​ឲ្យ​ខ្ញុំ​នៅ​រស់​ធ្វើ​អ្វី​ទៀត?»។ (លោ. ២៦:​៣៤, ៣៥; ២៧:៤៦) អ៊ី​សាក​បាន​ចាត់​វិធានការ​ដោយ​បញ្ជូន​យ៉ាកុប​ទៅ​រក​ភរិយា​ពី​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ទោះ​ជា​អ៊ី​សាក​និង​រេបិកា​មិន​អាច​កែ​ប្រែ​កាលៈទេសៈ​ដែល​ទាក់ទង​នឹង​ជម្រើស​ភរិយា​របស់​អេសាវ​ក្ដី ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ពួក​គាត់​មាន​ប្រាជ្ញា ចិត្ត​ក្លាហាន​និង​កម្លាំង​ចិត្ត​ដើម្បី​ឲ្យ​នៅ​ស្មោះ​ត្រង់​នឹង​ទ្រង់។ ដូច​គ្នា​ដែរ បើ​យើង​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះ​យេហូវ៉ា ទ្រង់​នឹង​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ។—ទំនុក. ១១៨:៥

១៤​. តើ​ក្មេង​ស្រី​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​បាន​បង្ហាញ​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

១៤ រាប់​រយ​ឆ្នាំ​ក្រោយ​មក ពេល​ពួក​ស៊ីរី​បាន​ទន្ទ្រាន​ចូល​ទឹក​ដី​អ៊ីស្រាអែល​ដើម្បី​រឹប​ជាន់​បណ្ដា​ជន ពួក​គេ​បាន​ចាប់​ក្មេង​ស្រី​ម្នាក់​ដែល​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​ក្នុង​ផ្ទះ​របស់​មេទ័ព​ពួក​ស៊ីរី ឈ្មោះ​ណាម៉ាន ដែល​មាន​រោគ​ឃ្លង់។ នាង​ជន​ជាតិ​អ៊ីស្រាអែល​នោះ​ធ្លាប់​ឮ​ថា លោក​អេលីសេ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា មាន​សមត្ថភាព​ធ្វើ​អព្ភូតហេតុ​ដោយ​អាង​អំណាច​ទ្រង់។ ដូច្នេះ នាង​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​បាន​ប្រាប់​ភរិយា​របស់​ណាម៉ាន​ថា​៖ ‹បើ​លោក​ចៅហ្វាយ​របស់​នាង​ខ្ញុំ​សុខ​ចិត្ត​ទៅ​ស្រុក​អ៊ីស្រាអែល នោះ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នឹង​មើល​រោគ​ឃ្លង់​នេះ​ឲ្យ​ជា›។ ក្រោយ​មក ណាម៉ាន​បាន​ទៅ​ស្រុក​អ៊ីស្រាអែល ហើយ​បាន​ជា​ពី​រោគ​ឃ្លង់​មែន។ (២ពង្ស. ៥:១​-​៣) ក្មេង​ស្រី​នោះ​ពិត​ជា​បាន​តាំង​គំរូ​ល្អ​ឲ្យ​យុវជន​យុវនារី​ទាំង​ឡាយ ដែល​ពឹង​ទៅ​លើ​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​ផ្សព្វផ្សាយ​ដល់​គ្រូ​បង្រៀន​និង​មិត្ត​រួម​ថ្នាក់​ជា​ដើម!

១៥​. តើ​ឧកញ៉ា​វាំង​នៅ​សម័យ​អ័ហាប់ ឈ្មោះ​អូបាឌា បាន​បង្ហាញ​ចិត្ត​ក្លាហាន​ដោយ​ចាត់​វិធានការ​អ្វី?

១៥ ពេល​ព្រះ​យេហូវ៉ា​ផ្ដល់​ចិត្ត​ក្លាហាន នេះ​ក៏​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​ពេល​មាន​គេ​បៀតបៀន​យើង​ដែរ។ សូម​គិត​អំពី​លោក​អូបាឌា​ដែល​ជា​ឧកញ៉ា​វាំង​នៅ​សម័យ​ស្តេច​អ័ហាប់។ នៅ​គ្រា​នោះ អេលីយ៉ា​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា ហើយ​យេសិបិល​ជា​មហាក្សត្រី​ដែល​បាន​បង្គាប់​ឲ្យ​គេ​សម្លាប់​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ចោល។ រីឯ​អូបាឌា គាត់​បាន​ជួយ​លាក់​ទុក​អ្នក​ប្រកាស​ទំនាយ​១០០​នាក់​«នៅ​ក្នុង​រអាង​ភ្នំ ក្នុង​១​ពួកៗ​៥០​នាក់»។ (១ពង្ស. ១៨:១៣; ១៩:១៨) នៅ​សព្វ​ថ្ងៃ​នេះ បើ​គេ​បៀតបៀន​គ្រិស្ត​សាសនិក​គ្នីគ្នា​របស់​យើង តើ​យើង​នឹង​មាន​ចិត្ត​ក្លាហាន ហើយ​សុខ​ចិត្ត​ជួយ​បង​ប្អូន​យើង​ដូច​អូបាឌា​បាន​ធ្វើ​នោះ​ឬ​ទេ?

១៦, ១៧​. ពេល​មហា​ជន​បៀតបៀន​អើរីស្ដាក​និង​កៃយុស តើ​ពួក​គាត់​មាន​ទឹក​ចិត្ត​បែប​ណា?

១៦ បើ​យើង​រង​ទុក្ខ​បុក​ម្នេញ យើង​អាច​ជឿ​ស៊ប់​ថា ព្រះ​យេហូវ៉ា​នឹង​មិន​លះ​ចោល​យើង​ឡើយ។ (រ៉ូម ៨:៣៥​-​៣៩) លោក​អើរីស្ដាក​និង​កៃយុស​ជា​អ្នក​ដែល​ផ្សព្វផ្សាយ​ជា​មួយ​សាវ័ក​ប៉ុល ហើយ​មាន​ពេល​មួយ​ដែល​មនុស្ស​សន្ធឹក​ណាស់ ប្រហែល​ជា​រាប់​ពាន់​នាក់ បាន​ប្រជ្រៀត​គ្នា​ចង់​ធ្វើ​បាប​ពួក​គាត់​នៅ​ក្នុង​រោង​ជំនុំ​ដែល​ជា​ស្ដាត​មួយ​នាទី​ក្រុង​អេភេសូរ។ ជាង​ប្រាក់​ម្នាក់ ឈ្មោះ​ដេមេទ្រាស បាន​ញុះញង់​មហា​ជន​ឲ្យ​ធ្វើ​កុបកម្ម។ ដេមេទ្រាស​និង​ជាង​ឯ​ទៀត​ជា​អ្នក​ធ្វើ​អាស្រម​ឬ​រូប​វិហារ​តូចៗ​ពី​ប្រាក់ សម្រាប់​ដាក់​រូប​ព្រះ​នាង​ឌីអាន។ បើ​អ្នក​ទី​ក្រុង​ឈប់​ថ្វាយ​បង្គំ​រូប​ព្រះ ដោយ​ធ្វើ​តាម​សារ​ដែល​ប៉ុល​ផ្សព្វផ្សាយ​នៅ​ទី​នោះ ជាង​ទាំង​នេះ​មិន​អាច​លក់​ដាច់​ទៀត​ទេ។ ក្រុម​មនុស្ស​យ៉ាង​សន្ធឹក​បាន​ចាប់​អូស​អើរីស្ដាក​និង​កៃយុស​ឲ្យ​ចូល​ទៅ​ក្នុង​ស្ដាត ថែម​ទាំង​ស្រែក​ឡើង​ថា​៖ «ព្រះ​ឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស!»។ អើរីស្ដាក​និង​កៃយុស​ច្បាស់​ជា​សន្មត​ថា ពួក​គេ​នឹង​ស្លាប់​ជា​ពុំ​ខាន។ ប៉ុន្តែ លោក​ភូឈួយ​ឬ​លេខាធិការ​ក្រុង​បាន​ជួយ​ឃាត់​បណ្ដា​ជន​ឲ្យ​នៅ​ស្ងៀម​វិញ។—កិច្ច. ១៩:២៣​-​៤១

១៧ បើ​អ្នក​ឆ្លង​កាត់​កាលៈទេសៈ​បែប​នោះ តើ​អ្នក​នឹង​សម្រេច​ចិត្ត​រក​វិថី​ជីវិត​ដែល​មិន​ផ្សង​គ្រោះថ្នាក់​ទៅ​វិញ​ឬ? តាម​មើល​ទៅ អើរីស្ដាក​និង​កៃយុស​នៅ​តែ​មាន​ចិត្ត​ក្លាហាន​នៅ​ឡើយ។ អើរីស្ដាក​មក​ពី​ទី​ក្រុង​ថែស្សាឡូនីច ដូច្នេះ​គាត់​ដឹង​ថា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អាច​ទទួល​ការ​បៀតបៀន​មែន ពីព្រោះ​មិន​យូរ​ប៉ុន្មាន​មុន​នេះ ពួក​អ្នក​ក្រុង​ថែស្សាឡូនីច​បាន​ធ្វើ​កុបកម្ម​ដែរ ពេល​ប៉ុល​ផ្សព្វផ្សាយ​ដល់​ពួក​គេ។ (កិច្ច. ១៧:​៥; ២០:៤) យ៉ាង​ណា​ក្ដី ដោយសារ​អើរីស្ដាក​និង​កៃយុស​បាន​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា ទ្រង់​ផ្ដល់​កម្លាំង​និង​ចិត្ត​ក្លាហាន​ឲ្យ​ពួក​គាត់​ដើម្បី​ស៊ូទ្រាំ​នូវ​ទុក្ខ​បៀតបៀន​នោះ។

ស្វែង​រក​ប្រយោជន៍​អ្នក​ដទៃ

១៨​. តើ​អ័គីឡា​និង​ព្រីស៊ីល​បាន‹ស្វែង​រក​ប្រយោជន៍›អ្នក​ដទៃ​យ៉ាង​ដូច​ម្ដេច?

១៨ មិន​ថា​មាន​គេ​បៀតបៀន​យើង​ឥឡូវ​ឬ​ក៏​អត់​មាន​ក្ដី យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្រិស្ត​សាសនិក​គ្នីគ្នា​របស់​យើង។ លោក​អ័គីឡា​និង​ភរិយា​របស់​គាត់ ឈ្មោះ​ព្រីស៊ីល បាន‹ស្វែង​រក​ប្រយោជន៍›អ្នក​ដទៃ។ (សូម​អាន ភីលីព ២:៤) ពេល​នៅ​ទី​ក្រុង​អេភេសូរ ប្រហែល​ជា​ប៉ុល​បាន​ស្នាក់​នៅ​ជា​មួយ​ស្វាមី​ភរិយា​ល្អ​មួយ​គូ​នេះ កាល​ដែល​ជាង​ប្រាក់ ឈ្មោះ​ដេមេទ្រាស បាន​ញុះញង់​មហា​ជន​ឲ្យ​ធ្វើ​កុបកម្ម​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ។ អ័គីឡា​និង​ព្រីស៊ីល​សុខ​ចិត្ត​«ប្រថុយ​ជីវិត»​ដើម្បី​ជួយ​ប៉ុល ប្រហែល​ជា​ពេល​ដែល​មាន​ស្ថានភាព​ជ្រួលច្របល់​នោះ។ (រ៉ូម ១៦:៣, ៤; ២កូ. ១:៨) ដោយសារ​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ដែល​កំពុង​ទទួល​ទុក្ខ​បៀតបៀន​នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​មាន​លក្ខណៈ​«ឆ្លាត​[ឬ​«ចេះ​ប្រយ័ត្ន»]​ដូច​ជា​ពស់»​ដែរ។ (ម៉ាថ.​[មថ.] ១០:១៦​-​១៨; ខ.ស.) យើង​នៅ​តែ​ធ្វើ​កិច្ច​បម្រើ​របស់​យើង​ដោយ​ប្រយ័ត្នប្រយែង ហើយ​មិន​ព្រម​ប្រាប់​ឈ្មោះ​បង​ប្អូន​របស់​យើង ឬ​ព័ត៌មាន​អ្វី​ទៀត​ដល់​អ្នក​បៀតបៀន​ទេ។

១៩​. តើ​តេប៊ីថា​បាន​ធ្វើ​ល្អ​អ្វី​ខ្លះ​ដល់​អ្នក​ដទៃ?

១៩ យើង​អាច​ស្វែង​រក​ប្រយោជន៍​អ្នក​ដទៃ​តាម​របៀប​ផ្សេងៗ។ គ្រិស្ត​សាសនិក​គ្នីគ្នា​ខ្លះ​មាន​កង្វះ​ខាត​ដែល​យើង​អាច​ជួយ​បំពេញ​បាន។ (អេភ. ៤:២៨; យ៉ា. ២:១៤​-​១៧) នៅ​សតវត្សរ៍​ទី​មួយ នាង​ក្ដាន់ (ហៅ​ថា​តេប៊ីថា​ក៏​បាន) ជា​អ្នក​ចិត្ត​សទ្ធា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​យ៉ុបប៉េ។ (សូម​អាន កិច្ចការ ៩:៣៦​-​៤២) តេប៊ីថា​ជា​អ្នក​ដែល​«បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន»។ តាម​មើល​ទៅ វិធី​ម្យ៉ាង​ដែល​គាត់​ធ្វើ​ដូច្នេះ គឺ​ដោយ​កាត់​ដេរ​សម្លៀក​បំពាក់​ឲ្យ​ពួក​ស្ត្រី​មេម៉ាយ​ដែល​ខ្វះ​ខាត។ ពេល​តេប៊ីថា​ស្លាប់​នៅ​ឆ្នាំ​៣៦ គ.ស. ស្ត្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​នោះ​ក្រៀម​ក្រំ​ចិត្ត​ណាស់! ព្រះ​យេហូវ៉ា​ឲ្យ​សាវ័ក​ពេត្រុស​ប្រោស​តេប៊ីថា​ឲ្យ​រស់​ឡើង​វិញ ហើយ​យើង​អាច​ស្មាន​ថា គាត់​ប្រាកដ​ជា​បាន​ធ្វើ​អំពើ​ល្អ​ដើម្បី​ជួយ​អ្នក​ដទៃ ព្រម​ទាំង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដោយ​អំណរ​អស់​មួយ​ជីវិត​ត​ទៅ​ទៀត។ យើង​ក៏​ត្រេកអរ​ណាស់! ចំពោះ​ស្ត្រី​គ្រិស្ត​សាសនិក​ល្អៗ​ដូច​តេប៊ីថា ដែល​លះបង់​ប្រយោជន៍​ខ្លួន​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។

២០, ២១​. (ក) តើ​ការ​លើក​ទឹក​ចិត្ត​ទាក់ទង​នឹង​ការ​រក​ប្រយោជន៍​អ្នក​ដទៃ​យ៉ាង​ណា? (ខ) តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដទៃ?

២០ យើង​គិត​ពី​ប្រយោជន៍​អ្នក​ដទៃ​ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ។ (រ៉ូម ១:១១, ១២) លោក​ស៊ីឡាស​ដែល​ផ្សព្វផ្សាយ​ជា​មួយ​ប៉ុល ក៏​បាន​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ដែរ។ នៅ​ឆ្នាំ​៤៩ គ.ស. គណៈ​អភិបាល​នៅ​ទី​ក្រុង​យេរូសាឡិម​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​បញ្ហា​កាត់​ស្បែក ហើយ​ក្រោយ​មក​បាន​ចាត់​អ្នក​តំណាង​ឲ្យ​យក​សំបុត្រ​ទៅ​ជូន​ចំពោះ​អ្នក​ជឿ​គ្នីគ្នា​នៅ​តំបន់​ផ្សេងៗ។ ស៊ីឡាស យូដាស បាណាបាស​និង​ប៉ុល​បាន​ជូន​សំបុត្រ​ទៅ​បង​ប្អូន​នៅ​ទី​ក្រុង​អាន់ទីយ៉ូក។ ស៊ីឡាស​និង​យូដាស​«មាន​ប្រសាសន៍​ជា​ច្រើន​ដើម្បី​លើក​ទឹក​ចិត្ត​និង​ពង្រឹង​ជំនឿ​របស់​បង​ប្អូន»​នៅ​ទី​នោះ។—កក. [កិច្ច.] ១៥:៣២, ខ.ស.

២១ ក្រោយ​មក ប៉ុល​និង​ស៊ីឡាស​បាន​ជាប់​គុក​នៅ​ទី​ក្រុង​ភីលីព។ ប៉ុន្តែ ដោយ​សារ​រញ្ជួយ​ផែនដី ប៉ុល​និង​ស៊ីឡាស​មាន​ឱកាស​ផ្សព្វ​ផ្សាយ​ដល់​អ្នក​យាម​គុក ហើយ​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ក្លាយ​ទៅ​ជា​អ្នក​ជឿ។ មុន​ប៉ុល​និង​ស៊ីឡាស​បាន​ចេញ​ពី​ក្រុង​ភីលីព ពួក​គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​នៅ​ទី​នោះ​ផង​ដែរ។ (កក. [កិច្ច.] ១៦:​១២, ៤០, ខ.ស.) ចូរ​ឲ្យ​យើង​ធ្វើ​ដូច​ប៉ុល​និង​ស៊ីឡាស​ដោយ​រក​ឱកាស​លើក​ទឹក​ចិត្ត​អ្នក​ដទៃ មិន​ថា​ដោយ​ថ្លែង​សុន្ទរកថា ឆ្លើយ​សំណួរ​នៅ​ឯ​កិច្ច​ប្រជុំ ឬ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ។ បើ​កាល​ណា​យើង​«មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ត» ចូរ​ឲ្យ​យើង​«មាន​ប្រសាសន៍​មក​ចុះ!»។—កក. [កិច្ច.] ១៣:១៥, ខ.ស.

ចូរ​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ជា​ដរាប​ចុះ!

២២, ២៣​. តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​ប្រយោជន៍​ពី​កំណត់​ហេតុ​ផ្សេងៗ​ក្នុង​គម្ពីរ?

២២ យើង​គួរ​មាន​អំណរ​គុណ​ជា​ខ្លាំង​ណាស់! ដោយ​មាន​កំណត់​ហេតុ​ក្នុង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ដែល​រៀប​រាប់​អំពី​មនុស្ស​ល្អៗ​នៅ​សម័យ​បុរាណ។ ព្រះ​យេហូវ៉ា​ពិត​ជា​«ព្រះ​ដែល​លើក​ទឹក​ចិត្ត»​យើង​មែន! (២កូ. ១:៣, Byington) បើ​យើង​ចង់​ទទួល​ប្រយោជន៍​ពី​គំរូ​របស់​អ្នក​ទាំង​នោះ យើង​ត្រូវ​តែ​ធ្វើ​តាម​មេ​រៀន​ដែល​មាន​ក្នុង​គម្ពីរ ហើយ​អនុញ្ញាត​ឲ្យ​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​ជួយ​ណែនាំ​យើង​ផង។—កា. ៥:២២​-​២៥

២៣ ពេល​យើង​រំពឹង​គិត​អំពី​កំណត់​ហេតុ​ផ្សេងៗ​ក្នុង​គម្ពីរ នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​យេហូវ៉ា ហើយ​អាច​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ទ្រង់ ជា​ព្រះ​ដែល​ប្រទាន​«ប្រាជ្ញា ដំ​រិះ​នឹង​សេចក្ដី​រីករាយ»​ឲ្យ​រាស្ត្រ​ទ្រង់។ (សាស. ២:២៦) ជា​លទ្ធផល យើង​អាច​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រីករាយ​ដែរ។ (សុ. ២៧:១១) ដូច្នេះ ចូរ​ឲ្យ​យើង​មាន​បំណង​ចង់​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា ដោយ​ដើរ​តាម​ផ្លូវ​របស់​ទ្រង់​ជា​ដរាប​ចុះ!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ជា​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត?

• ម្ដេច​ក៏​យើង​ត្រូវ​តែ​មាន​ចិត្ត‹សុភាព​រាបសា›?

• តើ​កំណត់​ហេតុ​ក្នុង​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

• តើ​យើង​អាច​ស្វែង​រក​ប្រយោជន៍​អ្នក​ដទៃ​តាម​របៀប​ណា​ខ្លះ?

[រូបភាព​នៅ​ទំព័រ​១៣]

ដោយ​ធ្វើ​តាម​សម្បថ លោក​យែបថា​និង​កូន​ស្រី​របស់​គាត់​បង្ហាញ​ថា ពួក​គាត់​ជា​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​មែន!

[រូបភាព​នៅ​ទំព័រ​១៥]

តើ​ប្អូនៗ​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​ក្មេង​ស្រី​ជន​ជាតិ​អ៊ីស្រាអែល?

[រូបភាព​នៅ​ទំព័រ​១៦]

តើ​នាង​ក្ដាន់​បាន​ជួយ​បំពេញ​កង្វះ​ខាត​របស់​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ដូច​ម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក