បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៤ ទំ. ២១-២៥
  • អាហ៍ពិហ៍និងកូន នៅគ្រាចុងបំផុតនេះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អាហ៍ពិហ៍និងកូន នៅគ្រាចុងបំផុតនេះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ករណីយកិច្ច​របស់​គូ​អាពាហ៍ពិពាហ៍
  • ករណីយកិច្ច​របស់​មាតាបិតា
  • សុខចិត្ត​នៅ​លីវ និង​អត់​មានកូន ដើម្បី​សម្រេច​គោលដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ
  • ‹មានទុក្ខ​ព្រួយ›
  • ​«នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់!»
  • អាពាហ៍ពិពាហ៍ជាអំណោយមួយពីព្រះដែលមានសេចក្ដីស្រឡាញ់
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • តើគ្រិស្តសាសនិកអាចធ្វើអ្វីខ្លះដើម្បីទទួលជោគជ័យក្នុងអាពាហ៍ពិពាហ៍?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • បើអាពាហ៍ពិពាហ៍ជិតបែកបាក់
    គន្លឹះនៃសុភមង្គលគ្រួសារ
  • ចំណងអាហ៍ពិហ៍ដែលនាំឲ្យមានអំណរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៤ ទំ. ២១-២៥

អាពាហ៍ពិពាហ៍​និង​កូន នៅ​គ្រា​ចុង​បំផុត​នេះ

​«ពេលវេលា​ចង្អៀត​ណាស់​ហើយ»។—១កូ. ៧:២៩

១​. (ក) តើ​ការ​ប្រែប្រួល​បែប​ណាខ្លះ កំពុង​នាំ​ឲ្យ​មាន​ស្ថានភាព​«លំបាក​ណាស់!»? (ខ) ហេតុ​អ្វី​ក៏​យើង​គួរ​គិត​អំពី​ការ​ប្រែប្រួល​ក្នុង​រង្វង់​គ្រួសារ?

ទំនាយ​ក្នុង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បញ្ជាក់​ថា​សង្គ្រាម រញ្ជួយ​ផែនដី ទុរ្ភិក្ស​និង​រោគ​រាតត្បាត​នឹង​យាយី​មនុស្ស​ជាតិ​ក្នុង​«គ្រា​ចុង​បំផុត»​នេះ។ (ដា. ៨:១៧, ១៩; លូ. ២១:១០, ១១) គម្ពីរ​ក៏​ព្រមាន​ថា សង្គម​មនុស្ស​នឹង​ប្រែប្រួល​ច្រើន​ណាស់ ក្នុង​អំឡុង​គ្រា​ដ៏​សំខាន់​នេះ។ ស្ថានភាព​ក្នុង​រង្វង់​គ្រួសារ​មាន​ការ​ប្រែប្រួល​ក្រឡាប់ចាក់​តែ​ម្ដង ដែល​ចាត់​ទុក​ជា​បញ្ហា​ម្យ៉ាង​ដែល​នាំ​ឲ្យ​មាន​ការ‹លំបាក​ណាស់​នៅ​ជាន់​ក្រោយ​បង្អស់›នេះ។ (២ធី. ៣:១​-​៤) ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ឲ្យ​យើង​គិត​អំពី​ការ​ប្រែប្រួល​ក្នុង​រង្វង់​គ្រួសារ? គប្បី​ឲ្យ​យើង​គិត​អំពី​បញ្ហា​នេះ ពីព្រោះ​ការ​ប្រែប្រួល​នោះ​អាច​មាន​ឥទ្ធិពល​មក​លើ​ទស្សនៈ​របស់​ពួក​គ្រិស្ត​សាសនិក ស្តី​អំពី​អាពាហ៍ពិពាហ៍​និង​កូន។ តើ​ភាព​ចលាចល​ក្នុង​រង្វង់​គ្រួសារ​អាច​មាន​ឥទ្ធិពល​បែប​ណា​មក​លើ​យើង?

២​. បើ​និយាយ​ជា​ទូទៅ តើ​មនុស្ស​ក្នុង​ពិភព​លោក​នេះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អាពាហ៍ពិពាហ៍​និង​ការ​លែង​លះ​គ្នា?

២ នៅ​សព្វថ្ងៃ​នេះ គឺជា​ការ​ងាយ​ស្រួល​ណាស់​ឲ្យ​ស្វាមី​ភរិយា​លែង​លះ​គ្នា ហើយ​អត្រា​នៃ​ការ​លែង​លះ​គ្នា​ដែល​ចេះ​តែ​កើន​ឡើងៗ​ជា​និច្ច​នៅ​ប្រទេស​ជា​ច្រើន បង្ហាញ​ថា​នេះ​ជា​បញ្ហា​ដែល​មាន​ជា​ទូទៅ​ផង។ រីឯ​យើង​វិញ គប្បី​ឲ្យ​យើង​ចាំ​ថា ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អាពាហ៍ពិពាហ៍​និង​ការ​លែង​លះ គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ទស្សនៈ​ដែល​គេ​និយម​ក្នុង​ពិភព​លោក​នេះ។ បើ​ដូច្នេះ តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អាពាហ៍ពិពាហ៍​និង​ការ​លែង​លះ​គ្នា?

៣​. តើ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រិស្ត​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ចំណង​អាពាហ៍ពិពាហ៍?

៣ ចំពោះ​អស់​អ្នក​ដែល​បាន​រៀប​ការ​ហើយ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​តាម​ពាក្យ​សម្បថ​ដោយ​ស្មោះ​ត្រង់ ជា​ពាក្យ​ដែល​គេ​បាន​ស្បថ​នៅ​ថ្ងៃ​ការ។ ពេល​ព្រះ​យេហូវ៉ា​បាន​ផ្សំផ្គុំ​បុរស​និង​ស្ត្រី​ដំបូង​ជា​ស្វាមីភរិយា ទ្រង់​មាន​ប្រសាសន៍​ថា​៖ «មនុស្ស​ប្រុស​នឹង . . . នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ»។ រាប់​ពាន់​ឆ្នាំ​ក្រោយមក ព្រះ​យេស៊ូ​គ្រិស្ត​មាន​ប្រសាសន៍​ដូច​គ្នា​ដែរ ហើយ​បាន​បន្ថែម​ចំណុច​ថា​៖ «កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​ផ្សំផ្គុំ​គ្នា​ឡើយ»។ ព្រះ​យេស៊ូ​ក៏​មាន​ប្រសាសន៍​ទៀត​ថា​៖ «អ្នក​ណា​ដែល​លែង​ប្រពន្ធ មិន​មែន​ដោយ​ព្រោះ​នាង​នោះ​ផិត ហើយ​ទៅ​យក​ប្រពន្ធ​មួយ​ទៀត អ្នក​នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​សេចក្ដី​កំផិត​ហើយ»។ (លោ. ២:​២៤; ម៉ាថ. ១៩:៣​-​៦, ៩) យ៉ាង​នេះ យើង​ឃើញ​ថា ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​ចាត់​ទុក​ចំណង​អាពាហ៍ពិពាហ៍​ជា​ចំណង​ដែល​ធ្វើ​ឲ្យ​ស្វាមី​និង​ភរិយា​ផ្សារ​ភ្ជាប់​គ្នា​អស់​មួយ​ជីវិត។ បើ​ស្វាមី​ឬ​ភរិយា​ស្លាប់ នោះ​ចំណង​អាពាហ៍ពិពាហ៍​ក៏​ផ្ដាច់​ដែរ។ (១កូ. ៧:៣៩) ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ឆន្ទៈ​ឲ្យ​មនុស្ស​ប្រុស​ស្រី​រៀប​អាពាហ៍ពិពាហ៍ នោះ​មិន​គប្បី​ឲ្យ​យើង​ចាត់​ទុក​ការ​លែង​លះ​គ្នា​ជា​រឿង​ស្រាល​ទេ។ តាម​ការ​ពិត បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​ថា បើ​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​តាម​គោលការណ៍​ក្នុង​គម្ពីរ នោះ​ទ្រង់​ស្អប់​ការ​លះ​លែង​គ្នា​ណាស់!—សូម​អាន ម៉ាឡាគី ២:​១៣​-​១៦; ៣:៦

ករណីយកិច្ច​របស់​គូ​អាពាហ៍ពិពាហ៍

៤​. ចំពោះ​យុវវ័យ​គ្រិស្ត​សាសនិក​ដែល​បាន​រៀប​ការ​ពេល​នៅ​ក្មេង ហេតុ​អ្វី​បានជា​ពួក​គេ​ខ្លះ​ស្ដាយ​ក្រោយ​វិញ?

៤ មនុស្ស​ក្នុង​ពិភព​លោក​នេះ​ចេះ​តែ​វីវក់​នឹង​កាម។ រៀង​រាល់​ថ្ងៃ យើង​ប្រឈម​មុខ​នឹង​រូប​ភាព​ដែល​ផ្សាយ​មក​ដើម្បី​បង្កើត​ឲ្យ​មាន​ចិត្ត​ស្រើប​ស្រាល។ យើង​មិន​គួរ​ធ្វើ​ព្រងើយ​កន្តើយ​នឹង​រូប​ភាព​បែប​នេះ ថា​គ្មាន​ឥទ្ធិពល​មក​លើ​យើង​ទេ។ ជា​ពិសេស យើង​ត្រូវ​តែ​គិត​អំពី​អានុភាព​ដែល​រូប​ភាព​ទាំង​នោះ​មាន​ទៅ​លើ​ប្អូនៗ​ជា​ទី​ស្រឡាញ់​ក្នុង​ក្រុម​ជំនុំ។ តាម​ការ​ពិត សូម្បី​តែ​ពេល​ដែល​យើង​តាំង​ចិត្ត​ដើម្បី​បដិសេធ​នឹង​អារម្មណ៍​ស្រើប​ស្រាល​ក៏​ដោយ រូប​ភាព​បែប​នោះ​នៅ​តែ​អាច​បណ្ដុះ​បណ្ដាល​ឲ្យ​យើង​កើត​មាន​កាមតណ្ហា។ ដូច្នេះ តើ​ប្អូនៗ​យុវជន​យុវនារី​ដែល​ជា​គ្រិស្ត​សាសនិក​គួរ​ធ្វើ​យ៉ាង​ណា ពេល​មាន​ឥទ្ធិពល​អាក្រក់​បែប​នេះ​ជះ​មក​លើ​ពួក​គេ? ពួក​យុវវ័យ​ខ្លះ​មាន​គំនិត​ថា បើ​រៀប​ការ​ពេល​នៅ​ក្មេង នោះ​អាច​បំពេញ​តម្រេក​របស់​ខ្លួន​ភ្លាម។ យ៉ាង​នេះ ពួក​គេ​គិត​ថា នេះ​នឹង​ជួយ​កុំ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ដែល​ប្រាស​ចាក​សីលធម៌។ ក៏​ប៉ុន្តែ មិន​យូរ​មិន​ឆាប់ យុវវ័យ​ខ្លះ​ដែល​បាន​ធ្វើ​ដូច្នេះ ក៏​ស្ដាយ​ក្រោយ​ផង​ដែរ។ ហេតុ​អ្វី? ពីព្រោះ​ពេល​បាន​រៀប​ការ​មួយ​រយៈ ពួក​គេ​លែង​មាន​ចិត្ត​សប្បាយ​ដូច​ដើម​វិញ ដោយ​សារ​ពួក​គេ​ចាប់​ផ្ដើម​ទទួល​ស្គាល់​ថា ពួក​គេ​ទាំង​ពីរ​នាក់​មិន​សូវ​ស៊ីគ្នា​ប៉ុន្មាន​ទេ។ អាស្រ័យ​ហេតុ​នេះ គូ​ស្វាមី​ភរិយា​ខ្លះ​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​ពិបាក​ណាស់!

៥​. តើ​អ្វី​នឹង​ជួយ​គូ​ស្វាមី​ភរិយា​ឲ្យ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​គេ​បាន​ស្បថ​ចំពោះ​គ្នា​នៅ​ថ្ងៃ​ការ? (សូម​មើល​អត្ថបទ​ដែល​បាន​បញ្ជាក់​ក្នុង​សម្គាល់​ហេតុ​ដែរ)

៥ ប្រសិនបើ​យើង​រៀប​ការ​ជា​មួយ​ម្នាក់​ដែល​ជា​អ្នក​ជឿ​គ្នីគ្នា​ក្ដី ហើយ​ក្រោយ​មក​គាត់​មិន​មាន​បុគ្គលិក​លក្ខណៈ​តាម​ដែល​យើង​បាន​នឹក​ស្មាន​នោះ ការ​រស់​នៅ​ជា​មួយ​នឹង​គាត់​តទៅ​ទៀត ពិតជា​ពិបាក​ណាស់! (១កូ. ៧:​២៨) ប៉ុន្តែ មិន​ថា​ស្ថានភាព​នោះ​ពិបាក​ប៉ុណ្ណា​ក៏​ដោយ គ្រិស្ត​សាសនិក​ពិត​ដឹង​ថា បើ​គូ​ស្វាមី​ភរិយា​មិន​បាន​ផិត​គ្នា នោះ​ពួក​គេ​មិន​អាច​លែង​លះ​គ្នា​ដោយ​ព្រោះតែ​មិន​ចូល​ចិត្ត​រស់​នៅ​ជា​មួយ​គ្នា​ទៀត​ទេ។ ដូច្នេះ ពេល​គូ​ស្វាមី​ភរិយា​បែប​នេះ​ព្យាយាម​រស់​នៅ​ជា​មួយ​គ្នា​តទៅ​ទៀត ដោយ​ព្រោះ​ចង់​ធ្វើ​តាម​ពាក្យ​ដែល​ពួក​គេ​បាន​ស្បថ​ចំពោះ​គ្នា​នៅ​ថ្ងៃ​ការ នោះ​គប្បី​ឲ្យ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឲ្យ​តម្លៃ​ចំពោះ​ពួក​គេ ព្រម​ទាំង​ផ្ដល់​ជំនួយ​ដែល​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់។a

៦​. តើ​ប្អូនៗ​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​រៀប​អាពាហ៍ពិពាហ៍?

៦ ចុះ​យ៉ាង​ណា​ចំពោះ​ពួក​ក្រមុំ​កំលោះ​ដែល​មិន​ទាន់​រៀប​ការ? តើ​ប្អូនៗ​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​រៀប​អាពាហ៍ពិពាហ៍? ប្អូនៗ​អាច​ជៀស​វាង​ពី​ទុក្ខ​លំបាក​ជា​ច្រើន ដោយ​មិន​រហ័ស​រក​គូ​ស្នេហ៍។ គប្បី​ឲ្យ​ប្អូនៗ​ចាំ​ទម្រាំ​ដល់​ពេល​ដែល​រូប​កាយ​បាន​ធំ​លូត​លាស់​ហើយ ជា​ពេល​ដែល​ប្អូនៗ​មាន​គំនិត​ចាស់ទុំ ព្រម​ទាំង​មាន​ចំណង​មិត្តភាព​ល្អជា​មួយ​នឹង​ព្រះ​យេហូវ៉ា ទើប​រក​គ្រិស្ត​សាសនិក​ម្នាក់​ជា​ដៃ​គូ។ ទោះជា​គ្មាន​បទ​គម្ពីរ​ណា​ដែល​កំណត់​អាយុ​ថា ល្មម​នឹង​រៀប​ការ​ក៏​ដោយ យោបល់​ក្នុង​គម្ពីរ​បង្ហាញ​ថា យក​ល្អ​ឲ្យ​ប្អូនៗ​ចាំ​ទម្រាំ​ដល់​ពេល​ដែល​កាម​តណ្ហា​លែង​ឆាប​ឆួល​ឡើងជា​ខ្លាំង​ក្នុង​ចិត្ត។b ហេតុ​អ្វី? ពីព្រោះ​ចិត្ត​ស្រើប​ស្រាល​រារាំង​សមត្ថភាព​វិនិច្ឆ័យ​ខុស​ត្រូវ ហើយ​ក៏​អាច​បណ្ដាល​ឲ្យ​ប្អូនៗ​ធ្វើការ​សម្រេច​ចិត្ត​មិន​ល្អ​វិញ ដែល​ក្រោយ​មក​នាំ​ឲ្យ​ប្អូនៗ​ពិបាក​ចិត្ត​ផង។ ចូរ​ឲ្យ​ប្អូនៗ​ចង​ចាំ​ថា ព្រះ​យេហូវ៉ា​បាន​ឲ្យ​គេ​សរសេរ​យោបល់​ល្អៗ​ក្នុង​គម្ពីរ ស្តី​អំពី​ការ​រៀប​អាពាហ៍ពិពាហ៍ ដើម្បី​ឲ្យ​ប្អូនៗ​ទទួល​ប្រយោជន៍​និង​មាន​សុភមង្គល។—សូម​អាន អេសាយ ៤៨:​១៧, ១៨

ករណីយកិច្ច​របស់​មាតាបិតា

៧​. ពេល​ទើប​តែ​បាន​រៀប​ការ តើ​គូ​ស្វាមី​ភរិយា​ខ្លះ​ជួប​ប្រទះ​កាលៈទេសៈ​បែប​ណា? តើ​ស្ថានភាព​បែប​នេះ​អាច​នាំ​ឲ្យ​មាន​ចិត្ត​តាន​តឹង​យ៉ាង​ដូច​ម្ដេច?

៧ ជួនកាល កូន​ក្រមុំ​កូន​កំលោះ​ទើបតែ​បាន​រៀប​ការ ស្រាប់តែ​នាង​មាន​គភ៌! ពួក​គាត់​ទាំង​ពីរ​នាក់​នៅ​ក្មេង​នៅ​ឡើយ ហើយ​មិន​ទាន់​ស្គាល់​គ្នា​ច្បាស់​ពីព្រោះ​ទើប​តែ​បាន​រៀប​ការ ស្រាប់​តែ​មាន​កូន​ខ្ចី​ដែល​ពួក​គាត់​ត្រូវ​បីបាច់​ថែរក្សា​២៤​ទល់​២៤​ម៉ោង។ មិនជា​ការ​ចម្លែក​អ្វី​ឡើយ​ដែល​ម្ដាយ​ដែល​ទើបតែ​មាន​កូន​ជា​លើក​ដំបូង​ចាប់​ផ្ដើម​ប្រមូល​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​កូនង៉ែត ដល់​ម្ល៉េះ​បាន​ជា​ស្វាមី​របស់​នាង​មាន​ចិត្ត​ច្រណែន​វិញ។ ណា​មួយ​ទៀត ដោយ​សារ​មាន​កូន​ខ្ចី មាតា​បិតា​ដេក​ក៏​មិន​ឆ្អែត ហើយ​បែរ​ជា​មាន​ចិត្ត​តាន​តឹង ដែល​អាច​បង្ក​ហេតុ​ឲ្យ​ពួក​គាត់​ទាំង​ពីរ​នាក់​ប្រខាំ​គ្នា។ មួយ​រំពេច​នោះ ពួក​គាត់​ជ្រាប​ថា​ខ្លួន​លែង​មាន​សេរីភាព​ដូច​មុន​ហើយ។ ពួក​គាត់​មិន​អាច​ដើរ​លេង​និង​ធ្វើ​អ្វីៗ​តាមតែ​ចិត្ត​ដូច​មុន​ឡើយ។ ដូច្នេះ តើ​ពួក​គាត់​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ស្ថានភាព​ថ្មី​នេះ?

៨​. តើ​មាតា​បិតា​ទាំង​ឡាយ​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ករណីយកិច្ច​របស់​ខ្លួន? ហេតុ​អ្វី​បានជា​មាតា​បិតា​ទាំង​ឡាយ​គួរ​មាន​ទស្សនៈ​បែប​នេះ?

៨ គូ​ស្វាមី​ភរិយា​និង​មាតា​បិតា​ទាំង​ឡាយ​មាន​ករណីយកិច្ច​ធ្ងន់ធ្ងរ​មែន! ពួក​គាត់​គួរ​ចាត់​ទុក​ករណីយកិច្ច​ទាំង​នោះ ជា​ភារកិច្ច​និង​ឯកសិទ្ធិ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ។ ពេល​គូ​ស្វាមី​ភរិយា​គ្រិស្ត​សាសនិក​មាន​កូន ពួក​គាត់​ត្រូវ​តែ​ខិតខំ​បំពេញ​ភារកិច្ច​ជា​មាតា​បិតា​យ៉ាង​អស់ពី​សមត្ថភាព ទោះ​ជា​ស្ថានភាព​ថ្មី​នោះ​នាំ​ឲ្យ​មាន​ភាព​ច្រ​បូក​ច្របល់​បន្ដិច​ក្ដី។ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​សមត្ថភាព​បង្កើត​កូន មាតា​បិតា​ទាំង​ឡាយ​ត្រូវ​តែ​ចាត់​ទុក​កូន​ជា​«មរ​ដក​មក​ពី​ព្រះ​យេហូវ៉ា»។ (ទំនុក. ១២៧:៣) អស់ទាំង​មាតា​បិតា​ដែល​ជា​គ្រិស្ត​សាសនិក នឹង​ព្យាយាម​បំពេញ​ករណីយកិច្ច​របស់​ខ្លួន​ជា‹មាតា​បិតា​ក្នុង​ព្រះ​អម្ចាស់› ក្នុង​ឋានៈ​ជា​អ្នក​ជឿ​ទៅ​លើ​លោក​ម្ចាស់។—អេភ. ៦:១

៩​. (ក) តើ​ការ​ចិញ្ចឹម​អប់រំ​កូន​តម្រូវ​ឲ្យ​មាតា​បិតា​ស៊ូ​ធ្វើ​អ្វីខ្លះ? (ខ) តើ​ស្វាមី​ល្អ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​ភរិយា​រក្សា​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

៩ មាតា​បិតា​ទាំង​ឡាយ​ស៊ូ​លះបង់​អ្វីៗ​ជា​ច្រើន ហើយ​អស់​ច្រើន​ឆ្នាំ​ដែរ​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន។ ពួក​គាត់​ចំណាយ​ពេល​និង​កម្លាំង​ច្រើន​ណាស់​ដើម្បី​កូន។ ស្វាមី​ដែល​ជា​គ្រិស្ត​សាសនិក​ត្រូវ​តែ​យល់​ថា ចាប់​តាំងពី​ពេល​ដែល​មាន​កូន​មក ឃើញ​ថា​មិនសូវ​ស្រួល​ប៉ុន្មាន​ទេ ឲ្យ​ភរិយា​របស់​ខ្លួន​យក​ចិត្ត​ទុក​ដាក់​នឹង​កម្មវិធី​ប្រជុំ។ ណាមួយ​ទៀត អស់​ច្រើន​ឆ្នាំ​ក៏​មាន នាង​ប្រហែល​ជា​មិនសូវ​បាន​សិក្សា​គម្ពីរ​និង​ពិចារណា​អ្វី​ដែល​គាត់​បាន​អាន​ទេ។ ស្ថានភាព​បែប​នេះ​អាច​មាន​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​ចំណង​មិត្តភាព​របស់​នាង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ការ​បំពេញ​ករណីយកិច្ច​របស់​ខ្លួន​ជា​បិតា​ម្នាក់ តម្រូវ​ឲ្យ​ស្វាមី​ធ្វើ​អ្វីៗ​ក៏​ដោយ​ដែល​គាត់​អាច​ធ្វើ​ទៅ​បាន ក្នុង​ការ​ជួយ​មើល​កូន។ ដោយ​យល់​ថា ជួនកាល​ភរិយា​មិន​បាន​ស្ដាប់​កម្មវិធី​ប្រជុំ​ទាំង​អស់ ស្វាមី​ល្អ​អាច​ឆ្លៀត​ពេល​ក្រោយ ប្រហែល​ជា​ពេល​ទៅ​ផ្ទះ​វិញ ដើម្បី​ប្រាប់​នាង​នូវ​ចំណុច​សំខាន់ៗ​ដែល​មាន​ក្នុង​កម្មវិធី​នោះ។ បិតា​ល្អ​ក៏​ជួយ​មើល​ថែ​កូន​ម្ដង​ម្កាល ដើម្បី​ហុច​ឱកាស​ឲ្យ​ភរិយា​របស់​ខ្លួន​រួម​ចំណែក​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ផង​ដែរ។—សូម​អាន ភីលីព ២:៣, ៤

១០, ១១​. (ក) តើ​កូន​អាច​ទទួល​ការ​«ដាស់តឿន​របស់​ព្រះ​អម្ចាស់»​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​ក៏​គួរ​នឹង​សរសើរ​ដល់​ម្ល៉េះ ចំពោះ​មាតា​បិតា​ជា​ច្រើន​ដែល​ជា​គ្រិស្ត​សាសនិក?

១០ ករណីយកិច្ច​របស់​មាតា​បិតា​រួម​បញ្ចូល​អ្វីៗ​ជា​ច្រើន មិន​គ្រាន់​តែ​ការ​ថែទាំ​សុខភាព​កូន ទាំង​ផ្ដល់​អាហារ សម្លៀក​បំពាក់​និង​ទី​ជម្រក​ប៉ុណ្ណោះ​ឡើយ។ ជា​ពិសេស ដោយ​សារ​យើង​រស់​នៅ​គ្រា​ចុងបញ្ចប់​នេះ ដែល​មាន​គ្រោះ​ថ្នាក់​ជា​ច្រើន កូនៗ​ត្រូវ​តែ​រៀន​តាំងពី​តូច​មក​នូវ​គោលការណ៍​សីលធម៌​ដែល​ជួយ​ណែនាំ​ជីវិត។ មាតា​បិតា​គួរតែ​អប់រំ​កូន​«តាម​ដំបូន្មាន​នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់»។ (អេភ. ៦:៤) មាតា​បិតា​គួរ​«ដាស់​តឿន»​កូន​ដោយ​បញ្ចូល​គំនិត​របស់​ព្រះ​យេហូវ៉ា​ទៅ​ក្នុង​ចិត្ត​គំនិត​របស់​គេ។ មាតា​បិតា​គួរ​ធ្វើ​ដូច្នេះ​តាំងពី​តូច​មក ហើយ​ជា​ពិសេស​ក្នុង​អំឡុង​ពេល​ដែល​ពិបាក​ជាង​គេ គឺ​ពេល​កូន​នៅ​ជំទង់​នៅ​ឡើយ។—២ធី. ៣:១៤, ១៥

១១ ពេល​ព្រះ​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​«បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍» ទ្រង់​ច្បាស់​ជា​មាន​បំណង​ឲ្យ​មាតា​បិតា​ជួយ​កូន​ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​របស់​ទ្រង់​ដែរ។ (ម៉ាថ. ២៨:១៩, ២០) ការ​បញ្ចុះ​បញ្ចូល​កូន​ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ គឺ​ពិបាក​ណាស់! ជា​ពិសេស ដោយ​សារ​ពិភព​លោក​នេះ​ចេះ​តែ​បង្ខិត​បង្ខំ​ពួក​យុវវ័យ​ឲ្យ​ប្រព្រឹត្ត​ផ្សេង។ ហេតុ​នេះ​ហើយ គួរ​ឲ្យ​សរសើរ​ណាស់! អស់​ទាំង​មាតា​បិតា​ដែល​បាន​ជួយ​កូន​ឲ្យ​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា។ មាតា​បិតា​ទាំង​នោះ​បាន​«ឈ្នះ»​ពិភព​លោក​នេះ ដោយ​មាន​ជំនឿ​មុត​មាំ និង​ដោយ​បំពេញ​ករណីយកិច្ច​របស់​ខ្លួន​ជា​មាតា​បិតា។—១យ៉ូន. ៥:៤

សុខចិត្ត​នៅ​លីវ និង​អត់​មានកូន ដើម្បី​សម្រេច​គោលដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ

១២​. ហេតុ​អ្វី​បានជា​គ្រិស្ត​សាសនិក​ខ្លះ​សម្រេច​ចិត្ត​ចង់​នៅ​លីវ​អស់​រយៈ​ពេល​យូរ​បន្ដិច?

១២ ដោយ​សារ​«ពេល​វេលា​ចង្អៀត​ណាស់!» ហើយ​«គំរូ​នៃ​លោកីយ​នេះ​តែងតែ​ផ្លាស់​ទៅ» បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​លើក​ទឹកចិត្ត​យើង​ឲ្យ​គិត​អំពី​ប្រយោជន៍​ដែល​យើង​អាច​ទទួល​ពេល​នៅ​លីវ។ (១កូ. ៧:២៩​-​៣១) ជា​លទ្ធផល គ្រិស្ត​សាសនិក​ខ្លះ​សុខចិត្ត​នៅ​លីវ​រហូត​អស់​មួយ​ជីវិត ហើយ​អ្នក​ខ្លះ​សម្រេច​ចិត្ត​ចង់​នៅ​លីវ​អស់​រយៈ​ពេល​យូរ​បន្ដិច មុន​រៀប​ការ។ បង​ប្អូន​ទាំង​នេះ​គួរ​ឲ្យ​សរសើរ​មែន! ពីព្រោះ​ពួក​គេ​មិន​ចង់​នៅ​លីវ​ដើម្បី​ស្វែងរក​តែ​ប្រយោជន៍​ខ្លួន​ទេ តែ​មាន​បំណង​នៅ​លីវ​ដើម្បី​«ឥត​មាន​សេចក្ដី​ណា​នាំ​ឲ្យ​ទាស់ចិត្ត»​ខ្លួន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ (សូម​អាន កូរិនថូសទី១ ៧:៣២​-​៣៥) ពេល​នៅ​លីវ គ្រិស្ត​សាសនិក​ខ្លះ​ចុះ​ឈ្មោះ​ជា​អ្នកត្រួសត្រាយ ហើយ​ខ្លះ​បម្រើ​ការ​នៅ​ឯ​ការិយាល័យ​បេតអែល។ បង​ប្អូន​ខ្លះ​ក៏​ចង់​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ដូច្នេះ​ពួក​គេ​ខំ​បំពេញ​លក្ខណៈ​ដើម្បី​ចូល​សាលា​បង្ហាត់​ខាង​កិច្ច​បម្រើ។ រីឯ​អ្នក​ខ្លះ​ដែល​បាន​ធ្វើ​កិច្ច​បម្រើ​ពេញ​ពេល​កាល​ដែល​ពួក​គេ​នៅ​លីវ ក្រោយ​រៀប​ការ​រួច​យល់​ថា អ្វី​ដែល​គេ​បាន​រៀន​ពេល​នៅ​លីវ​នោះ ក៏​ជួយ​ពួក​គេ​ក្នុង​ពេល​ដែល​មាន​គ្រួសារ​ដែរ។

១៣​. ក្នុង​ចំណោម​ពួក​គ្រិស្ត​សាសនិក ហេតុ​អ្វី​បានជា​គូ​ស្វាមី​ភរិយា​ខ្លះ​សម្រេច​ចិត្ត​មិន​ចង់​បាន​កូន?

១៣ នៅ​ប្រទេស​ខ្លះ ស្ថានភាព​ក្នុង​រង្វង់​គ្រួសារ​មាន​លក្ខណៈ​ខុស​គ្នា​ពី​មុន​ដែរ ពីព្រោះ​ស្វាមី​ភរិយា​ជា​ច្រើន​សម្រេច​ចិត្ត​មិន​ចង់​បាន​កូន។ អ្នក​ខ្លះ​ធ្វើ​ដូច្នេះ​ពីព្រោះ​ខ្វះ​ថវិកា​ដើម្បី​ចិញ្ចឹម​កូន។ អ្នក​ឯ​ទៀត​ធ្វើ​ដូច្នេះ ពីព្រោះ​ស្រឡាញ់​អាជីព​របស់​ខ្លួន ហើយ​មិន​ចង់​មាន​អ្វី​មក​រំខាន​នោះ​ទេ។ ក្នុង​ចំណោម​ពួក​គ្រិស្ត​សាសនិក​វិញ គូ​ស្វាមី​ភរិយា​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​មិន​ចង់​បាន​កូន​ដែរ។ តាម​ធម្មតា ពួក​គេ​ធ្វើ​ដូច្នេះ ពីព្រោះ​ចង់​ធ្វើ​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​ជាង។ នេះ​មិន​មាន​ន័យ​ថា គូ​ស្វាមី​ភរិយា​ដែល​អត់​មាន​កូន មិន​មាន​សុភមង្គល​ទេ។ តាម​ពិត ពួក​គេ​នៅ​តែ​មាន​សុភមង្គល។ ប៉ុន្តែ ពួក​គេ​ស៊ូ​លះបង់​ឯកសិទ្ធិ​បង្កើត​កូន ដោយ​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ជា​អាទិភាព​ក្នុង​ជីវិត។ (១កូ. ៧:៣​-​៥) គូ​ស្វាមី​ភរិយា​បែប​នេះ​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​ទាំង​ឡាយ ដោយ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ​នានា​ក្នុង​មណ្ឌល​និង​តំបន់​ផ្សេងៗ ឬ​បម្រើ​ការ​នៅ​ឯ​ការិយាល័យ​បេតអែល​ក៏​មាន។ គូ​ស្វាមី​ភរិយា​ឯ​ទៀត​ដែល​អត់​មាន​កូន​ក៏​ជា​អ្នក​ត្រួសត្រាយ​និង​ជា​សាសនទូត​ផង។ ព្រះ​យេហូវ៉ា​មិន​ភ្លេច​ការ​ដែល​ពួក​គេ​ធ្វើ និង​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​សម្ដែង​ដល់​នាម​ទ្រង់​ឡើយ។—ហេ. ៦:១០

‹មានទុក្ខ​ព្រួយ›

១៤, ១៥​. តើ​អ្វី​អាច​បណ្ដាល​ឲ្យ​មាតា​បិតា​ដែល​ជា​គ្រិស្ត​សាសនិក​កើត​មាន​«ទុក្ខ​ព្រួយ»?

១៤ សាវ័ក​ប៉ុល​បាន​ជម្រាប​ជូន​គ្រិស្ត​សាសនិក​ដែល​ជា​ស្វាមី​ភរិយា​ថា ពួក​គេ​នឹង​«មាន​សេចក្ដី​ទុក្ខ​ព្រួយ»​ដែរ។ (១កូ. ៧:២៨) ទុក្ខ​ព្រួយ​ទាំង​នោះ​អាច​រួម​បញ្ចូល​បញ្ហា​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​មាន បញ្ហា​ដែល​កូន​ជួប​ប្រទះ និង​បញ្ហា​ក្នុង​ការ​ជួយ​មើល​ថែរក្សា​មាតា​បិតា​របស់​ខ្លួន​ដែល​មាន​វ័យ​ចាស់។ ទុក្ខ​ព្រួយ​ទាំង​នោះ​ក៏​អាច​បណ្ដាល​មក​ពី​ការ​ពិបាក​និង​ការ​ធ្លាក់​ទឹក​ចិត្ត​ដែល​ពួក​គេ​មាន​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន។ ដូច​បាន​បញ្ជាក់​នៅ​ដើម​អត្ថបទ​នេះ ទំនាយ​ក្នុង​គម្ពីរ​បញ្ជាក់​ថា នៅ​«ជាន់ក្រោយ​បង្អស់»​នឹង​មាន​ការ​«លំបាក​ណាស់!»។ អ្វីៗ​ដែល​នាំ​ឲ្យ​លំបាក​នោះ អាច​រួម​បញ្ចូល​កូន​ដែល​«មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ»។—២ធី. ៣:១​-​៣

១៥ ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន មាតា​បិតា​ដែល​ជា​គ្រិស្ត​សាសនិក​មាន​ករណីយកិច្ច​ពិបាក​មែន! ស្ថានភាព​ដ៏​«លំបាក​ណាស់»​ក្នុង​ពិភព​លោក​នេះ ក៏​អាច​ជះ​ឥទ្ធិពល​មក​លើ​យើង​ដែរ។ ហេតុនេះ​ហើយ​បានជា​មាតា​បិតា​ដែល​ជា​គ្រិស្ត​សាសនិក​ត្រូវ​តែ​ទប់​ទល់​ជា​និច្ច នឹង​ឥទ្ធិពល​ដ៏​អាក្រក់​ដែល​«លោកីយ​នេះ»​អាច​មាន​មក​លើ​កូន។ (អេភ. ២:២, ៣) ប៉ុន្តែ ជួនកាល​មាតា​បិតា​ទប់ទល់​នឹង​ឥទ្ធិពល​នោះ​មិន​បាន​ទេ! ក្នុង​រង្វង់​គ្រួសារ​ដែល​ជា​គ្រិស្ត​សាសនិក ពេល​កូន​ឈប់​បម្រើ​ព្រះ​យេហូវ៉ា មាតា​បិតា​ដែល​បាន​ចិញ្ចឹម​កូន​ស្រប​ទៅ​តាម​សេចក្ដី​ពិត​អំពី​ព្រះ ពិតជា​កើត​មាន​«ទុក្ខ​ព្រួយ»​ជា​ខ្លាំង​មែន!—សុ. ១៧:២៥

​«នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់!»

១៦​. តើ​ព្រះ​យេស៊ូ​បាន​ទាយ​អំពី​ទុក្ខ​«វេទនា»​បែប​ណា?

១៦ នៅ​ខាង​មុខ មនុស្ស​យើង​នឹង​រង​ទុក្ខវេទនា​ខ្លាំង​ជាង​«ទុក្ខ​ព្រួយ»​ណា​ក៏​ដោយ ដែល​យើង​អាច​មាន​ជា​គូ​ស្វាមី​ភរិយា​ឬ​មាតា​បិតា។ ក្នុង​ទំនាយ​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​បំផុត​កល្ប​ឬ​គ្រា​ចុងបញ្ចប់​នៃ​របៀប​របប​ពិភព​លោក ទ្រង់​មាន​ប្រសាសន៍​ថា​៖ «នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់! ដល់​ម្ល៉េះ​បានជា​តាំងពី​ដើម​កំណើត​លោកីយ ដរាប​មក​ដល់​សព្វថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ»។ (ម៉ាថ. ២៤:៣, ២១) ក្រោយ​មក ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​នឹង​រួច​រស់​ជីវិត​ពី​«សេចក្ដី​វេទនា​ជា​ខ្លាំង»​នោះ។ ប៉ុន្តែ របៀប​របប​ពិភព​លោក​របស់​សាតាំង​នឹង​ពាធា​យ៉ាង​ខ្លាំង​ទៅ​លើ​សាក្សី​របស់​ព្រះ​យេហូវ៉ា មួយ​ដង​ជាស​ម្រេច ទោះជា​ពួក​គេ​ជា​មនុស្ស​ស្លូត​ក៏​ដោយ។ នៅ​គ្រា​នោះ យើង​រាល់​គ្នា​មិន​ថា​មាន​វ័យ​ចាស់​ឬ​ក្មេង​ក្ដី នឹង​រង​ទុក្ខ​យ៉ាង​ខ្លាំង​ជា​មិន​ខាន។

១៧​. (ក) ម្ដេច​ក៏​យើង​មិន​ភ័យ​ព្រួយ​ច្រើន​ពេក​អំពី​ព្រឹត្ដិការណ៍​ដែល​ស្ថិត​នៅ​ខាង​មុខ​យើង? (ខ) តើ​អ្វីខ្លះ​គួរ​មាន​អានុភាព​ទៅ​លើ​ទស្សនៈ​របស់​យើង​ចំពោះ​អាពាហ៍ពិពាហ៍​និង​កូន?

១៧ ទោះជា​យ៉ាង​ណា​ក៏​ដោយ កុំ​ឲ្យ​យើង​ភ័យ​ព្រួយ​ច្រើន​ពេក​អំពី​ព្រឹត្ដិ​ការណ៍​ទាំង​នោះ​ដែល​ស្ថិត​នៅ​ខាង​មុខ​យើង។ មាតា​បិតា​ទាំង​ឡាយ​ដែល​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា អាច​មាន​ទំនុកចិត្ត​ថា ទ្រង់​នឹង​ការពារ​ពួក​គាត់​និង​កូន​តូច​របស់​គាត់​ដែរ។ (សូម​អាន អេសាយ ២៦:២០, ២១; សេផា. ២:២, ៣; ១កូ. ៧:១៤) ប៉ុន្តែ​ឥឡូវ ដោយ​ដឹង​ថា​នេះ​ជា​គ្រា​ចុង​បំផុត​ដែល​ជា​គ្រា​លំបាក​ណាស់! គប្បី​ឲ្យ​យើង​គិត​វែង​ឆ្ងាយ​អំពី​ករណីយកិច្ច​របស់​អ្នក​ដែល​រៀប​អាពាហ៍ពិពាហ៍​និង​មាន​កូន។ (២ពេ. ៣:​១០​-​១៣) បើ​ដូច្នេះ មិន​ថា​យើង​នៅ​លីវ​ឬ​បាន​រៀប​ការ​ក្ដី ហើយ​មាន​កូន​ឬ​អត់​មាន​កូន​ក៏​ដោយ របៀប​រស់​នៅ​របស់​យើង​នឹង​លើក​កិត្ដិយស ហើយ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​ទ្រង់។

[កំណត់​សម្គាល់]

a គូ​ស្វាមីភរិយា​ដែល​មាន​បញ្ហា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ អាច​ទទួល​ប្រយោជន៍​ពី​ការ​ពិនិត្យ​មើល​អត្ថបទ​ផ្សេងៗ​អំពី​ចំណង​អាពាហ៍ពិពាហ៍ ដូច​ជា​អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ចុះ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០០៣។

b សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ចុះ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​១៩៩៩ ក្រោម​ចំណងជើង «ការ​ពិនិត្យ​មើល​ខ្លួន​អ្នក» នៅ​ទំព័រ​៥។

ការ​សើរើ​ឡើង​វិញ

• ចំពោះ​យុវវ័យ​ដែល​ជា​គ្រិស្ត​សាសនិក ម្ដេច​ក៏​មិន​គប្បី​ឲ្យ​ពួក​គេ​រៀប​ការ​ពេល​នៅ​ក្មេង​ពេក?

• តើ​ការ​ចិញ្ចឹម​អប់រំ​កូន​រួម​បញ្ចូល​អ្វីខ្លះ?

• ហេតុ​អ្វី​បានជា​គ្រិស្ត​សាសនិក​ខ្លះ​សម្រេច​ចិត្ត​ចង់​នៅ​លីវ? ហេតុ​អ្វី​បានជា​គូ​ស្វាមី​ភរិយា​ខ្លះ​សម្រេច​ចិត្ត​មិន​ចង់​បាន​កូន?

• តើ​មាតា​បិតា​ដែល​ជា​គ្រិស្ត​សាសនិក​អាច​កើត​មាន​«ទុក្ខ​ព្រួយ»​ដោយ​សារ​អ្វី?

[រូបភាព​នៅ​ទំព័រ​២២]

ចំពោះ​យុវវ័យ​ដែល​ជា​គ្រិស្ត​សាសនិក ហេតុ​អ្វី​ក៏​មាន​ប្រយោជន៍​ឲ្យ​ពួក​គេ​ចាំ​បន្ដិច​សិន​ទើប​រៀប​ការ?

[រូបភាព​នៅ​ទំព័រ​២៣]

ស្វាមី​ល្អ​អាច​ជួយ​ភរិយា​យ៉ាង​ច្រើន​បាន ដើម្បី​ឲ្យ​នាង​រួម​ចំណែក​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា

[រូបភាព​នៅ​ទំព័រ​២៤]

ក្នុង​ចំណោម​ពួក​គ្រិស្ត​សាសនិក ហេតុ​អ្វី​បានជា​គូ​ស្វាមី​ភរិយា​ខ្លះ​សម្រេច​ចិត្ត​មិន​ចង់​បាន​កូន?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក