ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅកូរិនថូស
សាវ័កប៉ុលខ្វល់ខ្វាយខ្លាំងណាស់ពីបងប្អូនក្នុងក្រុមជំនុំនៅទីក្រុងកូរិនថូស ដោយសារបងប្អូននៅទីនោះមានការទាស់ទែងខ្វែងគំនិតគ្នា ថែមទាំងមានការត្រាប្រណីដល់អស់អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ ប៉ុលក៏បានសរសេរដែរថាពួកគេបានសុំយោបល់ពីគាត់ស្តីអំពីរឿងមួយចំនួន។ ដូច្នេះ នៅឆ្នាំ៥៥ គ.ស. ជាលើកទី១ដែលប៉ុលបានសរសេរសំបុត្រមួយច្បាប់ទៅបងប្អូននៅទីក្រុងកូរិនថូស កាលដែលគាត់ស្នាក់នៅទីក្រុងអេភេសូរពេលធ្វើដំណើរជាលើកទីបីជាសាសនទូត។
ប្រហែលជាពីរបីខែបន្ទាប់មក ទើបប៉ុលសរសេរសំបុត្រមួយច្បាប់ថែមទៀត។ ដោយហេតុថាស្ថានភាពទាំងខាងក្នុងនិងខាងក្រៅក្រុមជំនុំនៅទីក្រុងកូរិនថូសនាសតវត្សរ៍ទី១នោះ មានសភាពដូចគ្នានឹងស្ថានភាពដែលមានសព្វថ្ងៃនេះ ហេតុនេះហើយសារដែលមាននៅក្នុងសំបុត្ររបស់ប៉ុលជូនចំពោះបងប្អូននៅទីក្រុងកូរិនថូសមានតម្លៃណាស់ចំពោះយើង។—ហេ. ៤:១២
‹ចូរចាំយាម ចូរឈរឲ្យមាំមួន ចូរមានកំឡាំងចុះ!›
ប៉ុលបានលើកទឹកចិត្តថា៖ «ចូរនិយាយសេចក្ដីដដែលទាំងអស់គ្នា»។ (១កូ. ១:១០) ពីព្រោះ‹គ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ›។ (១កូ. ៣:១១-១៣) ស្តីពីអ្នកដែលប្រព្រឹត្ដិអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទក្នុងក្រុមជំនុំ ប៉ុលនិយាយថា៖ «[ចូរ]បណ្ដេញមនុស្សអាក្រក់នោះ ពីពួកអ្នករាល់គ្នាចេញ»។ (១កូ. ៥:១៣) គាត់បញ្ជាក់ទៀតថា៖ «ឯរូបកាយ មិនមែនសំរាប់ការកំផិតទេ គឺសំរាប់តែព្រះអម្ចាស់វិញ»។—១កូ. ៦:១៣
ក្នុងការឆ្លើយតបចំពោះ«សេចក្ដីដែល[ពួកគេ]បានផ្ញើទៅសួរ»ប៉ុលបានផ្ដល់ឱវាទល្អៗស្តីអំពីការរៀបការ និងភាពនៅលីវ។ (១កូ. ៧:១) ក្រោយពីបានពិពណ៌នាពីប្រមុខភាពនៃពួកគ្រិស្តសាសនិក របៀបរៀបរយនៅកិច្ចប្រជុំ និងស្តីអំពីភាពប្រាកដប្រជាពីដំណើររស់ឡើងវិញ ប៉ុលបានលើកទឹកចិត្តថា៖ «ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ ចូរប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំងចុះ!»។—១កូ. ១៦:១៣
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:២១—តើព្រះយេហូវ៉ាពិតជាសង្គ្រោះអស់អ្នកដែលជឿដោយសេចក្ដី«ល្ងង់ល្ងើ»ឬ? មិនពិតទេ។ ដោយហេតុថា «មនុស្សលោកនឹងរកស្គាល់ព្រះដោយអាងប្រាជ្ញាខ្លួនមិនបានទេ» ដូចនេះវិធានការណ៍សង្គ្រោះរបស់ព្រះយេហូវ៉ាមើលទៅឃើញដូចជាល្ងង់ល្ងើចំពោះមនុស្សលោកទៅវិញ។—យ៉ូន. ១៧:២៥
៥:៥—តើ«បញ្ជូនមនុស្ស[អាក្រក់]យ៉ាងនោះទៅអារក្សសាតាំង ឲ្យបំផ្លាញនិស្ស័យសាច់ឈាមគេ ប្រយោជន៍ឲ្យព្រលឹងវិញ្ញាណបានសង្គ្រោះ»មានន័យអ្វី? ពេលដែលអ្នកប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរហើយមិនព្រមប្រែចិត្តត្រូវបណ្ដាច់មិត្តភាព ពេលនោះហើយដែលគាត់ត្រឡប់ជាស្ថិតនៅក្រោមឱវាទនៃមេកំណាចម្ដងទៀត។ (១យ៉ូន. ៥:១៩) ដូច្នេះ នេះគឺហាក់បីដូចជាបញ្ជូនទៅឲ្យអារក្សសាតាំងតែម្ដង។ ការបណ្ដេញអ្នកដែលមិនប្រែចិត្តនោះ នាំឲ្យបំផ្លាញចោល ឬដកហូតឥទ្ធិពលអាក្រក់របស់គាត់ចេញពីក្រុមជំនុំ ដើម្បីការពារក្រុមជំនុំឲ្យមានវិញ្ញាណឬចិត្តគំនិតដូចព្រះបន្តទៅទៀត។—២ធី. ៤:២២
៧:៣៣, ៣៤—តើ«ការនៅលោកីយ»ដែលធ្វើឲ្យបុរសឬស្ត្រីដែលបានរៀបការថប់បារម្ភមានន័យយ៉ាងណា? ប៉ុលសំដៅទៅលើរឿងធម្មតាក្នុងជីវិត ចំពោះគ្រិស្តសាសនិកដែលបានរៀបការគួរតែយកចិត្តទុកដាក់។ រឿងទាំងនោះរាប់តាំងពីម្ហូបអាហារ សម្លៀកបំពាក់ ផ្ទះសម្បែង តែមិនរួមបញ្ចូលរបស់ណាដែលមិនល្អនៅក្នុងលោកិយនេះដែលគ្រិស្តសាសនិកត្រូវតែជៀសវាងទេ។—១យ៉ូន. ២:១៥-១៧
១១:២៦—តើ«រាល់វេលា»ញឹកញាប់ប៉ុណ្ណានិង«ដរាប»ដល់កាលណា ដែលយើងត្រូវតែធ្វើបុណ្យរំលឹកពីមរណៈភាពរបស់ព្រះយេស៊ូ? ប៉ុលមិនបាននិយាយថាត្រូវធ្វើបុណ្យរំលឹកពីមរណៈភាពរបស់ព្រះយេស៊ូឲ្យបានញឹកញាប់ទេ។ ភាសាក្រិចពាក្យ«រាល់វេលា»មានន័យថា «ដរាបណាក៏បាន»ឬក៏«រាល់ដងដែល»។ ដូច្នេះហើយ ប៉ុលចង់និយាយថារាល់ដងគឺមួយឆ្នាំម្ដង ពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌បរិភោគវត្ថុតំណាងក្នុងពិធីបុណ្យរំលឹកនៅថ្ងៃទី១៤ ខែណែសាន នោះពួកគាត់«សំដែងពីសេចក្ដីសុគតរបស់ផងព្រះអម្ចាស់»។ ពួកគាត់ប្រារព្ធពិធីនេះ«ដរាបដល់ទ្រង់យាងមក» ពោលគឺរហូតដល់ពេលដែលទ្រង់នឹងទទួលពួកគាត់ ក្រោយពីបានប្រោសឲ្យមានជីវិតនៅឯស្ថានសួគ៌។—១ថែ. ៤:១៤-១៧
១៣:១៣—តើសេចក្ដីស្រឡាញ់វិសេសជាងជំនឿ និងសេចក្ដីសង្ឃឹមយ៉ាងដូចម្ដេច? កាលណា«ចិត្តដែលដឹងជាក់ថា»នឹងសម្រេច«បានដូចសង្ឃឹម»ពិតមែន នោះជំនឿនិងសេចក្ដីសង្ឃឹមលែងមានសារៈសំខាន់ដូចមុនទៀតហើយ។ (ហេ. ១១:១) មានតែសេចក្ដីស្រឡាញ់ទេដែលនៅស្ថិតស្ថេររហូត គឺក្នុងន័យនេះឯងដែលសេចក្ដីស្រឡាញ់វិសេសជាងជំនឿនិងសេចក្ដីសង្ឃឹម។
១៥:២៩—តើ«ទទួលបុណ្យជ្រមុជ ទុកជាគំរូពីសេចក្ដីស្លាប់»មានន័យយ៉ាងណា? ប៉ុលមិនចង់បញ្ជាក់ថាមនុស្សដែលនៅរស់ត្រូវតែជ្រមុជទឹកសម្រាប់មនុស្សដែលបានស្លាប់រួចទៅហើយដែលមិនទាន់បានជ្រមុជទឹកនោះឡើយ។ ទីនេះប៉ុលនិយាយពីការជ្រមុជរបស់គ្រិស្តសាសនិកដែលបានរើសតាំងដោយសកម្មពលរបស់ព្រះ ក្នុងរបៀបរស់នៅដែលពួកគាត់រក្សាចិត្តស្មោះភក្ដីរហូតដល់ស្លាប់ ហើយបន្ទាប់មកនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅឯស្ថានសួគ៌។
មេរៀនសម្រាប់យើង:
១:២៦-៣១; ៣:៣-៩; ៤:៧: បើយើងមិនឲ្យសារៈសំខាន់ទៅលើខ្លួនឯង តែអួតពីព្រះយេហូវ៉ាដោយចិត្តរាបទាបទៅវិញ នោះនឹងបង្កើតឲ្យមានសាមគ្គីភាពនៅក្នុងក្រុមជំនុំ។
២:៣-៥: ពេលប៉ុលធ្វើបន្ទាល់នៅទីក្រុងកូរិនថូសដែលជាមជ្ឈមណ្ឌលទស្សនៈវិជ្ជានិងអប់រំរបស់សាសន៍ក្រិច គាត់ប្រហែលជាខ្វល់ក្នុងចិត្តថាតើគាត់អាចនាំឲ្យអ្នកស្ដាប់មានចិត្តជឿឬក៏អត់។ យ៉ាងណាក៏ដោយ ប៉ុលមិនបណ្ដោយទៅតាមការភ័យខ្លាចដែលគាត់អាចមានមករារាំងដល់ការបំពេញកិច្ចការដែលព្រះប្រគល់ឲ្យឡើយ។ ដូចគ្នាដែរ យើងមិនគួរអនុញ្ញាតឲ្យកាលៈទេសៈដែលលំបាកលំបិនឬក៏មិនដែលធ្លាប់មកធ្វើឲ្យយើងខកខានផ្សព្វផ្សាយដំណឹងល្អពីរាជាណាចក្ររបស់ព្រះឡើយ។ យើងជឿជាក់ថាព្រះយេហូវ៉ាអាចជួយយើងដូចទ្រង់បានជួយប៉ុលដែរ។
២:១៦: ដើម្បីមាន«គំនិតជារបស់ផងព្រះគ្រីស្ទ»យើងត្រូវតែដឹងពីរបៀបនិងពីមូលហេតុដែលបណ្ដាលឲ្យទ្រង់គិតបែបណាមួយ ត្រូវគិតឲ្យដូចទ្រង់ ត្រូវស្គាល់បុគ្គលិកលក្ខណៈរបស់ទ្រង់ឲ្យបានច្បាស់ ព្រមទាំងយកតម្រាប់តាមគំរូរបស់ទ្រង់ផង។ (១ពេ. ២:២១; ៤:១) ការសិក្សាពីជីវិតនិងកិច្ចបម្រើរបស់ព្រះយេស៊ូនាំឲ្យយើងទទួលប្រយោជន៍ច្រើនណាស់!
៣:១០-១៥; ៤:១៧: យើងគួរតែចេះវិភាគនិងធ្វើយ៉ាងណាឲ្យរបៀបដែលយើងបង្រៀន និងបញ្ចុះបញ្ចូលឲ្យមានសិស្សឲ្យបានកាន់តែប្រសើរឡើង។ (ម៉ាថ. ២៨:១៩, ២០) ប្រសិនបើយើងបង្រៀនមិនបានល្អ ពេលជួបការល្បងលសិស្សរបស់យើងប្រហែលជាមិនអាចមានជំនឿរឹងមាំហើយឈប់បម្រើព្រះ។ រីឯយើងក៏មានការឈឺចាប់ដោយសោកស្ដាយខ្លាំងពេក «បែបដូចជាដើរកាត់ភ្លើង»ដើម្បីទទួលសេចក្ដីសង្គ្រោះ។
៦:១៨: ដើម្បី«រត់ពីការសហាយស្មន់ចេញ»គឺត្រូវជៀសវាងពីរូបអាសអាភាស អំពើប្រាសចាកសីលធម៌ គំនិតគិតគូរពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការចែចង់ និងអ្វីក៏ដោយដែលអាចនាំឲ្យយើងប្រព្រឹត្តអំពើប្រាសចាកសីលធម៌។—ម៉ាថ. ៥:២៨; យ៉ា. ៣:១៧
៧:២៩: គូអាពាហ៍ពិពាហ៍ក៏ត្រូវប្រុងប្រយ័ត្នកុំរវល់តែពីខំប្រឹងបំពេញចិត្តគូរបស់ខ្លួនរហូតដល់ថ្នាក់ចាត់ទុកប្រយោជន៍នៃព្រះរាជាណាចក្រទៅជាបន្ទាប់បន្សំក្នុងជីវិតទៅវិញ។
១០:៨-១១: ពេលពួកអ៊ីស្រាអែលរអ៊ូរទាំទាស់នឹងម៉ូសេនិងអ៊ីរ៉ុន ព្រះយេហូវ៉ាអាក់អន់ចិត្តខ្លាំងណាស់។ បើមិនទម្លាប់ឲ្យចេះរអ៊ូរទាំទាស់នឹងបងប្អូនរបស់ខ្លួន នោះឈ្មោះថាមានប្រាជ្ញាហើយ!
១៦:២: បើយើងរៀបចំទុកជាមុននិងតាមលំដាប់លំដោយ នោះយើងនឹងផ្ដល់ប្រាក់វិភាគទានជាទៀងទាត់ដើម្បីគាំទ្រកិច្ចការរាជាណាចក្ររបស់ព្រះនៅទូទាំងពិភពលោក។
‹ចូរបន្តសូមដើម្បីឲ្យបានគ្រប់លក្ខណ៍›
ប៉ុលរៀបរាប់ប្រាប់ពួកកូរិនថូសថា «ស៊ូឲ្យអត់ទោស ហើយកំសាន្តចិត្ត»ចំពោះអ្នកដែលបានទទួលកំហុសហើយប្រែចិត្ត។ ថ្វីបើសំបុត្រទី១បានធ្វើឲ្យពួកគេព្រួយក៏ពិតមែន តែប៉ុលមានអំណរដោយសារពួកគេ«ព្រួយរហូតដល់បានប្រែចិត្ត»។—២កូ. ២:៦, ៧; ៧:៨, ៩
ប៉ុលបានលើកទឹកចិត្តពួកកូរិនថូស‹ធ្វើគុណឲ្យរឹតតែច្រើនឡើង ដូចជាបានចំរើនក្នុងគ្រប់សេចក្ដីឯទៀត›។ ក្រោយពីបានពន្យល់បំភ្លឺដល់អ្នកប្រឆាំងហើយ គាត់បានជូនឱវាទដល់យើងទាំងអស់គ្នាថា៖ «ចូរមានសេចក្ដីអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរឲ្យមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូរនៅដោយមេត្រីនឹងគ្នាចុះ!»។—២កូ. ៨:៧; ១៣:១១
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
២:១៥, ១៦—តើយើងជា«ក្លិនក្រអូបនៃព្រះគ្រីស្ទ»យ៉ាងដូចម្ដេច? គឺដោយស្ដាប់តាមអ្វីដែលគម្ពីរបានចែងនិងនាំដំណឹងនោះទៅប្រាប់ដល់មនុស្សដទៃដែរ។ ក្នុងខណៈដែល«ក្លិន»ប្រហែលជាមិនក្រអូបចំពោះមនុស្សទុច្ចរិតមែន តែវាជាក្លិនពិដោរដ៏ក្រអូបឈ្ងុយឈ្ងប់ចំពោះព្រះយេហូវ៉ានិងអ្នកដែលមានចិត្តស្មោះត្រង់។
៥:១៦—តើតាមរបៀបណាដែលពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌«មិនស្គាល់អ្នកណាខាងឯសាច់ឈាម»? ពួកគាត់មិនមើលអ្នកដទៃតាមបែបមនុស្សរបស់លោកិយនេះទេ ដូចជាការប្រកាន់បក្សពួកដោយផ្អែកទៅលើទ្រព្យសម្បត្ដិ ជនជាតិ វប្បធម៌ឬសាសន៍ណាមួយឡើយ។ អ្វីដែលសំខាន់ចំពោះពួកគាត់គឺទំនាក់ទំនងជាគ្រិស្តសាសនិកជាមួយនឹងអ្នករួមជំនឿគ្នីគ្នាវិញ។
១១:១, ១៦; ១២:១១—តើប៉ុលប្រព្រឹត្តដោយគ្មានហេតុផលជាមួយពួកកូរិនថូសទេ? មិនមែនទេ។ យ៉ាងណាក៏ដោយ អ្នកខ្លះអាចគិតថាគាត់មានអំណួត ឬគ្មានហេតុផល ពីព្រោះអ្វីដែលគាត់បង្ខំចិត្តនិយាយគឺដើម្បីការពារជំហរជាសាវ័កប៉ុណ្ណោះ។
១២:១-៤—តើអ្នកណា«បានលើកឡើងដល់ស្ថានបរមសុខ»? ដោយហេតុថាគម្ពីរមិននិយាយថាមាននរណាម្នាក់ទៀតដែលបានឃើញដូចនេះក្នុងគំនិតទេ ហើយឃ្លានេះគឺបន្ទាប់ពីពេលប៉ុលពន្យល់ពីការតែងតាំងជាសាវ័ករបស់គាត់ ប្រហែលជាគាត់បាននិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ផងដែរ។ អ្វីដែលសាវ័កប៉ុលបានគិតទៅដល់ប្រហែលជាពីស្ថានភាពដែលប្រៀបដូចជាសួនមនោរម ដែលគ្រិស្តសាសនិកទាំងអស់ក្នុងក្រុមជំនុំមានអំណរជាពិសេសនៅ«គ្រាចុងបំផុត»។—ដា. ១២:៤
មេរៀនសម្រាប់យើង:
៣:៥: ជាគោលការណ៍ ខនេះបញ្ជាក់ថាព្រះយេហូវ៉ាជួយពួកគ្រិស្តសាសនិកឲ្យមានគុណសម្បត្ដិគ្រប់គ្រាន់ក្នុងកិច្ចបម្រើទ្រង់តាមរយៈបណ្ដាំ សកម្មពលបរិសុទ្ធ និងអង្គការរបស់ទ្រង់នៅផែនដី។ (យ៉ូន. ១៦:៧; ២ធី. ៣:១៦, ១៧) យកល្អឲ្យយើងសិក្សាគម្ពីរនិងសៀវភៅផ្សេងៗដែលមានមូលដ្ឋានទៅលើគម្ពីរ អធិដ្ឋានព្រះយេហូវ៉ាជានិច្ចដើម្បីសុំសកម្មពលទ្រង់ ព្រមទាំងចូលរួមនិងលើកដៃឆ្លើយនៅកិច្ចប្រជុំ។—ទំនុក. ១:១-៣; លូ. ១១:១០-១៣; ហេ. ១០:២៤, ២៥
៤:១៦: ដោយហេតុថាព្រះយេហូវ៉ាធ្វើឲ្យ‹មនុស្សខាងក្នុងកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ច› នោះយើងគួរតែទទួលសំវិធានការណ៍របស់ទ្រង់។ មានន័យថា យើងនឹងធ្វើឲ្យបានទៀងទាត់ដើម្បីពង្រឹងចំណងមិត្តភាពជាមួយនឹងទ្រង់ដោយមិនធ្វេសប្រហែសសូម្បីតែមួយថ្ងៃឡើយ។
៤:១៧, ១៨: ការនឹកចាំថា «សេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ»អាចជួយយើងឲ្យរក្សាចិត្តស្មោះភក្ដីពេលជួបប្រទះការលំបាកផ្សេងៗ។
៥:១-៥: ប៉ុលរៀបរាប់ពីអារម្មណ៍របស់ពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌បានយ៉ាងល្អមែន!
១០:១៣: យើងគួរផ្សព្វផ្សាយនៅតំបន់ដែលបានប្រគល់ឲ្យក្រុមជំនុំរបស់ខ្លួនតែប៉ុណ្ណោះ។ ឬក៏លុះត្រាតែអង្គការបានប្រគល់ភារកិច្ចឲ្យយើងទៅជួយផ្សាយនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង។
១៣:៥: ដើម្បី‹ពិចារណាមើលខ្លួន តើស្ថិតនៅក្នុងសេចក្ដីជំនឿឬទេ?›។ នោះយើងត្រូវពិនិត្យមើលឲ្យបានប្រាកដថា ការប្រព្រឹត្តរបស់យើងពិតជាត្រឹមត្រូវតាមគោលការណ៍របស់ព្រះដែលមានក្នុងគម្ពីរ។ ដើម្បី‹ល្បងខ្លួនឯងមើល› យើងត្រូវតែពិនិត្យមើលទំនាក់ទំនងរបស់ខ្លួនជាមួយព្រះយេហូវ៉ា រួមបញ្ចូលការបង្កើន«សមត្ថភាពវែកញែក» ព្រមទាំងធ្វើកិច្ចការផ្សេងៗឲ្យបានច្រើនថែមទៀត។ (ហេ. ៥:១៤, ព.ថ.; យ៉ា. ១:២២-២៥) ដោយធ្វើតាមឱវាទដ៏ល្អរបស់ប៉ុល យើងអាចរក្សាខ្លួនដើម្បីដើរតាមផ្លូវនៃសេចក្ដីពិតជាបន្ត។
[រូបភាពនៅទំព័រ៣០]
តើពាក្យថា «រាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំប៉័ងនេះ ហើយផឹកពីពែងនេះ»បង្កប់អត្ថន័យអ្វី?—១កូ. ១១:២៦