បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៩ ទំ. ៦-៨
  • ផែនដីមនោរមជិតណាស់ហើយ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ផែនដីមនោរមជិតណាស់ហើយ!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • រដ្ឋាភិបាល​ពិតប្រាកដ​មួយ
  • ព្រះ​នឹង​«បំផ្លាញ​ពួក​អ្នក​ដែល​បង្ខូច​ផែនដី»
  • សួន​មនោរម​នឹង​ត្រូវ​ស្ថាបនា​ឡើង​វិញ
  • មូលហេតុ​ដែល​គួរ​ឲ្យ​ជឿ
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    សំណួរនិងចម្លើយពីគម្ពីរ
  • តើលោកយេស៊ូបង្រៀនអ្វីខ្លះអំពីរាជាណាចក្ររបស់ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
  • តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៩ ទំ. ៦-៨

ផែនដី​មនោរម​ជិត​ណាស់​ហើយ!

​«ឱ​ព្រះ​វរបិតា​នៃ​យើងខ្ញុំ ដែល​គង់នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ។ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំ​រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។—ម៉ាថាយ ៦:៩, ១០

ការ​អធិដ្ឋាន​ដ៏​ល្បី​នេះ ដែល​ភាគច្រើន​គេ​ស្គាល់​ថា​ជា​ការ​អធិដ្ឋាន​របស់​ព្រះ​អម្ចាស់ នោះ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​ជាតិ។ ហេតុ​អ្វី​បានជា​ដូច្នេះ?

ការ​អធិដ្ឋាន​របស់​ព្រះ​អម្ចាស់​បង្ហាញ​ឲ្យ​ឃើញ​ថា​រាជាណាចក្រ​របស់​ព្រះ នឹង​ធ្វើ​ឲ្យ​ព្រះ​ហឫទ័យ ឬ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ផែនដី​ដូច​នៅ​ស្ថាន​សួគ៌​ដែរ។ ហើយ​នេះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​គឺ​ធ្វើ​ផែនដី​ឲ្យ​ទៅ​ជា​សួន​មនោរម​ឡើង​វិញ។ (វិវរណៈ ២១:១​-​៥) តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី​ទៅ? តើ​នឹង​រៀបចំ​ផែនដី​ឡើង​វិញ​ឲ្យ​ទៅ​ជា​សួន​មនោរម​យ៉ាង​ដូច​ម្ដេច?

រដ្ឋាភិបាល​ពិតប្រាកដ​មួយ

រាជាណាចក្រ​របស់​ព្រះ​ជា​រដ្ឋាភិបាល​ពិត​ប្រាកដ​មួយ។ ដើម្បី​ឲ្យ​រដ្ឋាភិបាល​មួយ​មាន​ដំណើរ​ការ​បាន នោះ​ត្រូវ​តែ​មាន​អ្នក​គ្រប់គ្រង មាន​មាត្រា​ច្បាប់ និង​មាន​រាស្ត្រ​ផង។ តើ​រាជាណាចក្រ​របស់​ព្រះ​បំពេញ​តាម​តម្រូវ​ការ​នេះ​ទេ? សូម​កត់​សម្គាល់​ចម្លើយ​ពី​គម្ពីរ​ចំពោះ​សំណួរ​បី​យ៉ាង​ដូច​ខាង​ក្រោម​នេះ:

តើ​អ្នក​ណា​ជា​អ្នក​គ្រប់គ្រង​ក្នុង​រាជាណាចក្រ​របស់​ព្រះ? (អេសាយ ៣៣:២២) ព្រះ​យេហូវ៉ា​បាន​តែង​តាំង​បុត្រ​របស់​ទ្រង់ ពោល​គឺ​ព្រះ​យេស៊ូគ្រិស្ត ឲ្យ​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​ព្រះ។ (ម៉ាថាយ ២៨:​១៨) ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​យេហូវ៉ា ព្រះ​យេស៊ូ​បាន​ជ្រើស​រើស​មនុស្ស​មួយ​ចំនួន​ពី​«គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយពី​គ្រប់​ទាំង​សាសន៍»​ដែល​នឹង​គ្រប់​គ្រង​ជាមួយ​ទ្រង់​ជា​ស្តេច​«សោយ​រាជ្យ​[មក]​លើ​ផែនដី»។—វិវរណៈ ៥:៩, ១០

តើ​រាជាណាចក្រ​របស់​ព្រះ​រៀបចំ​ឲ្យ​មាន​មាត្រា​ច្បាប់​អ្វីខ្លះ​សម្រាប់​រាស្ត្រ​របស់​ទ្រង់? មាត្រា​ច្បាប់​ខ្លះ​ឬ​សេចក្ដី​បង្គាប់​យ៉ាង​ចំៗ​តម្រូវ​ឲ្យ​រាស្ត្រ​របស់​ព្រះ​ប្រព្រឹត្ត​តាម។ ក្នុង​ចំណោម​មាត្រា​ច្បាប់​ទាំង​នោះ ព្រះ​យេស៊ូ​បាន​សម្គាល់​មាត្រា​ច្បាប់​ដ៏​សំខាន់​បំផុត​ដោយ​មាន​ប្រសាសន៍​ថា​៖ «‹ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង› នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១។ ហើយ​បញ្ញត្ត​ទី​២​ក៏​បែប​ដូច​គ្នា គឺថា ‹ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួនឯង›»។—ម៉ាថាយ ២២:៣៧​-​៣៩

មាត្រា​ច្បាប់​ខ្លះ​ទៀត​តម្រូវ​ឲ្យ​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ​ជៀស​វាង​ពី​អំពើ​ខ្លះៗ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា​៖ «សូម​បង​ប្អូន​កុំ​យល់​ច្រឡំ​អោយ​សោះ អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ ពួក​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ពួក​មាន​សហាយ​ស្មន់ ពួក​ជន​ពាល ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ចោរ​ប្លន់ ពួក​លោភ​លន់​ចង់​បាន​ទ្រព្យ​គេ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​ប្លន់​យក​ទ្រព្យ​គេ ពុំ​អាច​ទទួល​ព្រះ​រាជ្យ​របស់​ព្រះ​ជា​ម្ចាស់​ទុកជា​មត៌ក​បាន​ឡើយ»។—កូរិនថូស​ទី​១ ៦:៩, ១០, ខ.ស.

តើ​អ្នក​ណា​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ? ព្រះ​យេស៊ូ​ប្រដូច​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ​ទៅ​នឹង​សត្វ​ចៀម។ ទ្រង់​មាន​ប្រសាសន៍​ថា​៖ «វា​នឹង​ស្ដាប់​តាម​សំឡេង​ខ្ញុំ នោះ​នឹង​មាន​ហ្វូង​តែ​១ នឹង​អ្នក​គង្វាល​តែ​១​វិញ»។ (យ៉ូហាន ១០:១៦) ដើម្បី​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ បុគ្គល​ម្នាក់​មិន​គ្រាន់តែ​និយាយ​ថា​គាត់​ដើរ​តាម​ព្រះ​យេស៊ូ​ដែល​ជា​អ្នក​គង្វាល​ដ៏​ល្អ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​ទ្រង់​ដែរ។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់តែ​និយាយ​មក​ខ្ញុំ​ថា ‹ឱ​ព្រះ​អម្ចាស់ៗ​អើយ› ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌​នោះ​ទេ គឺជា​អស់អ្នក​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា ដែល​គង់នៅ​ស្ថាន​សួគ៌​វិញ​ទេតើ»។—ម៉ាថាយ ៧:២១

ដូច្នេះ​ហើយ អស់អ្នក​ដែល​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ​ប្រើ​និង​លើក​តម្កើង​នាម​ព្រះ​យេហូវ៉ា​ដូច​ព្រះ​យេស៊ូ​បាន​ធ្វើ​ដែរ។ (យ៉ូហាន ១៧:២៦) ពួក​គាត់​ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត​អំពី​«ដំណឹង​ល្អ​នេះ​ដែល​សំ​ដែង​ពី​នគរ»​ឬ​រាជាណាចក្រ​របស់​ព្រះ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ពួក​គាត់​ក៏​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។—យ៉ូហាន ១៣:៣៥

ព្រះ​នឹង​«បំផ្លាញ​ពួក​អ្នក​ដែល​បង្ខូច​ផែនដី»

ស្ថានភាព​ពិភព​លោក​បច្ចុប្បន្ន​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា រាជាណាចក្រ​របស់​ព្រះ​នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នៅ​ផែនដី។ តើ​យើង​ដឹង​ដោយ​របៀប​ណា? តាំងពី​២.០០០​ឆ្នាំ​មុន​មក​ម្ល៉េះ ព្រះ​យេស៊ូ​បាន​រៀបរាប់​ពី​ទី​សម្គាល់​ដែល​ចែក​ជា​ច្រើន​ផ្នែក​ដើម្បី​បញ្ជាក់​ថា «នគរ​ព្រះ​ជិត​ដល់​ហើយ»។ (លូកា ២១:​៣១) ដូច​បាន​បង្ហាញ​នៅ​អត្ថបទ​មុន យើង​មើល​ឃើញ​ផ្នែក​ផ្សេងៗ​នៃ​ទី​សម្គាល់​នោះ​កាន់តែ​ច្បាស់​នៅ​ទូ​ទាំង​ពិភព​លោក។

តើ​អ្វី​នឹង​កើត​ឡើង​ជា​បន្ទាប់? ព្រះ​យេស៊ូ​ឆ្លើយ​ថា​៖ «នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម្ល៉េះ​បាន​ជា​តាំងពី​ដើម​កំណើត​លោកីយ ដរាប​មក​ដល់​សព្វថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ»។ (ម៉ាថាយ ២៤:២១) នេះ​មិន​មែន​ជា​អ្វី​ដែល​មនុស្ស​អាច​បណ្ដាល​ឲ្យ​កើត​ឡើង​បាន​ឡើយ។ គឺជា​ព្រះ​ទេ​ដែល​នឹង​«បំផ្លាញ​ពួក​អ្នក​ដែល​បង្ខូច​ផែនដី»។ (វិវរណៈ ១១:​១៨) មនុស្ស​អាក្រក់​ដោយ​សារ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន បាន​ធ្វើ​ឲ្យ​ផែនដី​ខូច​ស្ទើរ​តែ​អស់ ហេតុនេះ​ហើយ​ពួក​គេ​«នឹង​ត្រូវ​កាត់​ឲ្យ​សូន្យ​ចេញពី​ផែនដី​វិញ»។ ក៏​ប៉ុន្តែ មនុស្ស​គ្មាន​ទោស​ដែល​បម្រើ​ព្រះ​«នឹង​បាន​នៅ​ជាប់»​នៅ​ផែនដី​ទៅ​វិញ។—សុភាសិត ២:២១, ២២

ព្រះ​យេហូវ៉ា​មាន​មូលហេតុ​ត្រឹមត្រូវ​ក្នុង​ការ​ប្រព្រឹត្ត​យ៉ាង​ម៉ឺងម៉ាត់​ដូច្នេះ។ ហេតុ​អ្វី? សូម​ពិនិត្យ​ការ​ប្រៀប​ធៀប​ដូច​តទៅ​នេះ។ សូម​ស្រមៃ​គិត​ថា អ្នក​មាន​អគារ​ដែល​មាន​ផ្ទះ​ល្វែង​តូចៗ​មួយ​ចំនួន។ អ្នក​ជួល​ខ្លះ​មាន​ចរិត​ល្អ​ហើយ​គួរ​ឲ្យ​សរសើរ ពួក​គេ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​និង​ថែរក្សា​ផ្ទះ​បាន​យ៉ាង​ល្អ​ផង។ យ៉ាង​ណា​ក៏​ដោយ អ្នក​ជួល​ផ្ទះ​ខ្លះ​ទៀត​ចូល​ចិត្ត​ឆាឆៅ​គេ​ហើយ​គិតតែ​ពី​ខ្លួន​ឯង។ ពួក​គេ​មិន​ព្រម​បង់​ថ្លៃ​ឈ្នួល​ផ្ទះ ហើយ​បង្ខូច​ផ្ទះ​ល្វែង​នោះ​ដែរ។ ទោះជា​មានការ​ព្រមាន​ច្រើន​ដង​ហើយ​ក្ដី ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អាក្រក់​បែប​យ៉ាង​នេះ​ដដែល។ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? ក្នុង​នាម​ជា​ម្ចាស់​នៃ​ផ្ទះ​ឈ្នួល អ្នក​ច្បាស់​ជា​ដេញ​ពួក​អាក្រក់​ទាំង​នោះ​ឲ្យ​ចេញ​ជាក់​ជា​មិន​ខាន។

ស្រ​ដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី​និង​របស់​សព្វ​សារពើ​ទាំងអស់ មាន​សិទ្ធ​ដើម្បី​សម្រេច​ថា​អ្នក​ណា​ទ្រង់​នឹង​អនុញ្ញាត​ឲ្យ​រស់នៅ​ផែនដី។ (វិវរណៈ ៤:១១) ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​គោល​បំណង​របស់​ទ្រង់​គឺ​កាត់​ចេញ​មនុស្ស​អាក្រក់​ដែល​ធ្វើ​ព្រងើយ​កន្តើយ​និង​បំពាន​សិទ្ធ​អ្នក​ដទៃ​ពី​ផែនដី។—ទំនុកដំកើង ៣៧:៩​-​១១

សួន​មនោរម​នឹង​ត្រូវ​ស្ថាបនា​ឡើង​វិញ

រាជាណាចក្រ​របស់​ព្រះ​ដែល​មាន​ព្រះ​យេស៊ូ​ដឹកនាំ នឹង​គ្រប់គ្រង​លើ​ផែនដី​ក្នុង​ពេល​ឆាប់ៗ​នេះ។ ព្រះ​យេស៊ូ​ហៅ​ការ​ចាប់​ផ្ដើម​ថ្មី​នេះ​ជា​«គ្រា​កែ​ជា​ថ្មី​ឡើង​វិញ»។ (ម៉ាថាយ ១៩:២៨) តើ​នឹង​មាន​ស្ថានភាព​បែប​ណា? សូម​កត់​សម្គាល់​សេចក្ដី​សន្យា​ដូច​ខាង​ក្រោម​នេះ:

ទំនុកដំកើង ៤៦:៩។ «ទ្រង់​បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំ​ងាប់ រហូត​ដល់​ចុង​ផែនដី»។

អេសាយ ៣៥:១។ «ទី​រហោ​ស្ថាន ហើយ​ទី​ហួតហែង នឹង​មាន​សេចក្ដី​អំណរ ឯ​សមុទ្រ​ខ្សាច់​នឹង​រីករាយ ហើយ​ផ្កា​ឡើង​ដូច​ជា​កុឡាប»។

អេសាយ ៦៥:២១​-​២៣។ «ពួក​រើស​តាំង​របស់​អញ​នឹង​ប្រើប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន​យូរ​ទៅ។ គេ​នឹង​មិន​ខំ​ធ្វើ​ជា​ឥត​ប្រយោជន៍ ឬ​បង្កើត​មក​ឲ្យ​តែ​បាន​ត្រូវ​វិនាស​ទៅ​នោះ​ឡើយ»។

យ៉ូហាន ៥:២៨, ២៩។ «ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ នឹង​ឮ​សំឡេង[ព្រះ​យេស៊ូ] ហើយ​នឹង​ចេញ​មក»។

វិវរណៈ ២១:៤។ «ព្រះ​ទ្រង់​នឹង​ជូត​អស់ទាំង​ទឹកភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ»។

មូលហេតុ​ដែល​គួរ​ឲ្យ​ជឿ

តើ​អ្នក​ជឿ​សេចក្ដី​សន្យា​ទំនាយ​ដែល​មាន​ក្នុង​គម្ពីរ​ទេ? គម្ពីរ​បាន​ទាយ​ទុកជា​មុន​ថា​មនុស្ស​ជា​ច្រើន​មិន​ជឿ​ទេ។ គម្ពីរ​ចែង​ថា​៖ «នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក ដែល​គេ​ដើរ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ . . . ថា​៖ ‹តើ​សេចក្ដី​សន្យា​ពី​ព្រះ​អង្គ​យាង​មក​នៅ​ឯ​ណា? ដ្បិត​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល ដូច​ជា​ពី​កំណើត​លោកីយ​រៀង​មក​ដែរ›»។ (ពេត្រុសទី២ ៣:៣, ៤) ប៉ុន្តែ​មនុស្ស​ចំអក​ទាំងនោះ​យល់​ច្រឡំ​ធំ​ហើយ។ សូម​ពិចារណា​ពី​មូល​ហេតុ​តែ​បួន​ប៉ុណ្ណោះ​ដែល​អ្នក​អាច​ជឿ​ទៅ​លើ​អ្វី​ដែល​គម្ពីរ​បាន​ចែង:

(១) ព្រះ​ធ្លាប់​ចាត់​វិធានការ​ដើម្បី​បំផ្លាញ​មនុស្ស​អាក្រក់​នៅ​សម័យ​បុរាណ។ ទឹក​ជំនន់​សម័យ​លោក​ណូអេ​ជា​ទី​សំ​អាង​ដ៏​ជាក់ស្តែង​មួយ។—ពេត្រុសទី២ ៣:៥​-​៧

(២) បណ្ដាំ​របស់​ព្រះ​បាន​ទាយ​ទុកជា​មុន​យ៉ាង​ត្រឹមត្រូវ​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ពិភព​លោក​នេះ។

(៣) អ្វីៗ​ទាំងអស់​មិនមែន​«នៅ​តែ​ដដែល ដូច​ជា​ពី​កំណើត​លោកីយ​រៀង​មក»​ទេ។ តាម​របៀប​ដែល​មិន​ធ្លាប់​មាន​តាំងពី​មុន​មក​ទេ ផែនដី​ទទួល​រង​គ្រោះ​ដោយ​បញ្ហា​សង្គម សីលធម៌ និង​ការ​ខូច​ខាត​បរិស្ថាន។

(៤) ឥឡូវ​‹ដំណឹង​ល្អ​ដែល​សំ​ដែង​ពី​នគរ›​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ទូ​ទាំង​ផែនដី ហើយ​នេះ​ជា​សញ្ញា​បញ្ជាក់​ប្រាប់​ថា​ទី​បញ្ចប់​ឬ​«ចុង​បំផុត»​គឺ​ជិត​ដល់​ហើយ។—ម៉ាថាយ ២៤:១៤

សាក្សី​ព្រះ​យេហូវ៉ា​អញ្ជើញ​លោក​អ្នក​ឲ្យ​សិក្សា​បណ្ដាំ​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ​ជាមួយ​ពួក​គេ។ ធ្វើ​ដូច​នេះ​អ្នក​អាច​រៀន​ច្រើន​ថែម​ទៀត​អំពី​សេចក្ដី​សង្ឃឹម​ពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ។ (យ៉ូហាន ១៧:៣) ពិតមែន! មនុស្ស​ជាតិ​អាច​មាន​អនាគត​ដ៏​អស្ចារ្យ​មែន។ គ្រា​ដ៏​ល្អ​បំផុត​ខិត​ជិត​ណាស់​ហើយ! តើ​អ្នក​នឹង​រួម​ចំណែក​ក្នុង​អនាគត​នេះ​ទេ?

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ៧]

អស់អ្នក​ដែល​និយាយ​ថា​អ្វីៗ​នឹង​នៅ​តែ​ដដែល​ដូច​ពី​មុន នោះ​ពិតជា​ច្រឡំ​ធំ​ហើយ

[រូបភាព​នៅ​ទំព័រ​៨]

តើ​អ្នក​នឹង​ខំ​ប្រឹង​ឲ្យ​បាន​អនាគត​ដ៏​ល្អ​បែប​នេះ​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក