តើនរណាអាចដឹងអំពីអនាគត?
«អញនេះហើយជាព្រះ . . . តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត ហើយតាំងពីចាស់បុរាណ ក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ»។—អេសាយ ៤៦:៩, ១០
ក្នុងសម័យនេះដែលគ្មានស្ថិរភាព ពួកអ្នកជំនាញខាងសង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយ ខំវិភាគមើលស្ថានការណ៍ដែលបានកើតឡើងពីអតីតកាល ដើម្បីអាចដឹងអំពីអនាគត។ អ្នកខ្លះរសាប់រសល់ចង់ដឹងខ្លាំងណាស់អំពីអនាគតរបស់ខ្លួន ក៏ទៅរកហោរាសាស្ត្រ ឬគ្រូមន្តអាគម ហើយច្រើនដងពួកគេតែងតែជួបការខកចិត្ត។ តើយើងមិនអាចដឹងទាល់តែសោះអំពីអ្វីដែលនឹងកើតឡើងដល់ពិភពលោក ក្រុមគ្រួសាររបស់យើង និងខ្លួនយើងទេឬ? បើនិយាយឲ្យចំ តើមាននរណាម្នាក់អាចដឹងអំពីអនាគតបានទេ?
ព្រះយេហូវ៉ាដែលមានអំណាចខ្លាំងក្លាបំផុត បានបង្ហាញពីសមត្ថភាពរបស់ទ្រង់ចំពោះការទាយអំពីអនាគត តាមរយៈពាក្យរបស់ទ្រង់ដែលបានដកស្រង់នៅដើមអត្ថបទនេះ ជូនលោកអេសាយដែលជាអ្នកប្រកាសទំនាយ។ តាមរយៈលោកអេសាយ ព្រះបានទាយស្តីអំពីការរំដោះអ៊ីស្រាអែលពីបុរាណពីកណ្ដាប់ដៃជនជាតិបាប៊ីឡូន និងប្រាប់អំពីការសាងសង់ក្រុងយេរូសាឡិមនិងវិហារឡើងវិញ។ តើទំនាយនេះបានសម្រេចយ៉ាងត្រឹមត្រូវទេ? ប្រមាណ២០០ឆ្នាំមុន អេសាយបានប្រាប់អំពីឈ្មោះស៊ីរូស ជាអ្នកដែលនឹងដណ្ដើមយកស្រុកបាប៊ីឡូននៅថ្ងៃមុខ ហើយការនេះបានកើតឡើងពិតមែន។ ម្យ៉ាងវិញទៀត លោកអេសាយបានរៀបរាប់យ៉ាងត្រឹមត្រូវអំពីយុទ្ធសាស្ត្ររបស់ស្តេចស៊ីរូសក្នុងការធ្វើឲ្យទឹកទន្លេអ៊ើប្រាត ដែលទុកសម្រាប់ការពារក្រុងនោះឲ្យហូរទៅកន្លែងផ្សេង។ លោកអេសាយថែមទាំងប្រកាសថាស៊ីរូសប្រទះឃើញទ្វារកំពែងក្រុងបើកចំហដោយធ្វេសប្រហែស ដែលនឹងជួយលោកឲ្យដណ្ដើមយកជ័យជម្នះបានយ៉ាងងាយ។—អេសាយ ៤៤:២៤–៤៥:៧
បើប្រៀបធៀបនឹងព្រះយេហូវ៉ា មនុស្សគ្មានសមត្ថភាពទាយអំពីអនាគតបានឡើយ។ ស្តេចសាឡូម៉ូនជាអ្នកប្រាជ្ញម្នាក់នៅស្រុកអ៊ីស្រាអែលសម័យបុរាណ បានសរសេរថា៖ «កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ»។ (សុភាសិត ២៧:១) ពាក្យរបស់គាត់នៅតែត្រឹមត្រូវរហូតដល់សព្វថ្ងៃនេះ។ គ្មានមនុស្សណាម្នាក់អាចដឹង សូម្បីតែពីអនាគតរបស់ខ្លួន។ តើហេតុអ្វីបានជាមនុស្សខុសពីព្រះ? ពីព្រោះព្រះយេហូវ៉ាដឹងសព្វគ្រប់ពីអ្វីៗដែលទ្រង់បង្កើតមក សូម្បីតែលក្ខណៈសម្បត្ដិរបស់មនុស្ស។ បើព្រះសម្រេចចង់ដឹង ទ្រង់នឹងអាចដឹងថាមានអ្វីកើតឡើងដល់បុគ្គលណាម្នាក់ ឬជាតិសាសន៍ទាំងមូលបាន។ មិនតែប៉ុណ្ណោះ ទ្រង់មានសមត្ថភាពធ្វើឲ្យព្រឹត្ដិការណ៍ផ្សេងៗកើតឡើងតាមបំណងរបស់ទ្រង់ ហើយដឹងថានឹងមានលទ្ធផលយ៉ាងណាផងដែរ។ ពេលព្រះយេហូវ៉ាទាយតាមរយៈអ្នកប្រកាសទំនាយរបស់ទ្រង់ ទ្រង់បញ្ជាក់ថានឹងសម្រេចតាម«ពាក្យសំដីដែលនិយាយនឹងអ្នកបំរើអញ ហើយសំរេចតាមសេចក្ដីប្រឹក្សារបស់ពួកអ្នកដែលអញចាត់ប្រើ»។ (អេសាយ ៤៤:២៦) មែនហើយ! មានតែព្រះយេហូវ៉ាទេដែលអាចនិយាយបែបនេះបាន។
អេសាយបានរស់នៅ៧០០ឆ្នាំមុនព្រះយេស៊ូ អ្នកដែលជាមេស្ស៊ី។ ប៉ុន្តែ អេសាយបានទាយពីការយាងមករបស់អ្នកដែលជាមេស្ស៊ីនោះ។ យ៉ាងណាក៏ដោយ តាំងពីសតវត្សរ៍ទី១៨ ពួករិះគន់គម្ពីរបានមើលងាយចំពោះភាពត្រឹមត្រូវនៃសៀវភៅអេសាយ។ ពួកគេបានចោទប្រកាន់ថាទំនាយរបស់អេសាយបានសរសេរបន្ទាប់ពីព្រឹត្ដិការណ៍ដែលបានកើតឡើង។ តើនេះពិតទេ? នៅឆ្នាំ១៩៤៧ គេបានរកឃើញឯកសារចម្លងមួយច្បាប់ពីសៀវភៅអេសាយក្នុងរូងថ្មនៅសមុទ្រស្លាប់ រួមទាំងក្រាំងពីបុរាណផ្សេងទៀត។ ពួកអ្នកប្រាជ្ញបានដឹងថា ឯកសារមួយច្បាប់ពីសៀវភៅអេសាយនេះ បានសរសេរជាង១០០ឆ្នាំមុនកំណើតរបស់អ្នកដែលជាមេស្ស៊ីឬគ្រិស្តទៅទៀត។ មែនហើយ គម្ពីរបានបើកសម្ដែងពីអនាគត!
អេសាយនិងអ្នកឯទៀតដែលសរសេរគម្ពីរ មិនអាចប្រាប់អំពីព្រឹត្ដិការណ៍នៅថ្ងៃមុខដោយប្រាជ្ញាផ្ទាល់ខ្លួនបានទេ។ ផ្ទុយទៅវិញ ពួកគេ«បានទាយដោយសារព្រះវិញ្ញាណ[ឬ«សកម្មពល»]បរិសុទ្ធ . . . បណ្ដាលវិញ»។ (ពេត្រុសទី២ ១:២១; ព.ថ.) នៅក្នុងអត្ថបទជាបន្ទាប់ យើងនឹងពិនិត្យមើលអំពីជីវិតព្រះយេស៊ូ ដែលបានទាយមកតាមរយៈអេសាយ។ រួចមក យើងនឹងពិនិត្យមើលព្រឹត្ដិការណ៍ដែលព្រះយេស៊ូនិងសិស្សរបស់ទ្រង់បានទាយចំពោះសម័យយើងនេះ និងអំពីថ្ងៃមុខទៀត។