បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w12 ១/៣ ទំ. ២៥-២៩
  • កុំបែរទៅមើល«អ្វីនៅខាងក្រោយ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កុំបែរទៅមើល«អ្វីនៅខាងក្រោយ»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទស្សនៈ​ដែល​ថា​នៅ​អតីតកាល​ល្អ​ជាង​បច្ចុប្បន្ន
  • អ្វី​ៗ​ដែល​យើង​លះ​បង់​នៅ​អតីតកាល
  • បទ​ពិសោធន៍​អាក្រក់​នៅ​អតីតកាល
  • ចូរ«មើលចំទៅ»ពេលអនាគត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • សូមធ្វើជាអ្នកកាន់តាមខ្ញុំ តើមានតម្រូវការអ្វីខ្លះ?
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • ចូរនឹកចាំអំពីប្រពន្ធរបស់ឡុត
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ចូរអ្នករាល់គ្នានឹកចាំពីប្រពន្ធរបស់ឡុត
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
w12 ១/៣ ទំ. ២៥-២៩

កុំ​បែរ​ទៅ​មើល​«​អ្វី​នៅ​ខាង​ក្រោយ​»​

​«​អ្នក​ណា​ដែល​ចាប់​កាន់​នង្គ័ល តែ​បែរ​ទៅ​មើល​អ្វី​នៅ​ខាង​ក្រោយ អ្នក​នោះ​មិន​សម​នឹង​រាជាណាចក្រ របស់​ព្រះ​ឡើយ​»។—លូក. ៩:៦២

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

ហេតុ​អ្វី​យើង​គួរ​«​នឹក​ចាំ​ពី​ប្រពន្ធ​របស់​ឡុត​»​?

តើ​យើង​មិន​គួរ​គិត​ច្រើន​ពេក​អំពី​ចំណុច​បី​យ៉ាង​អ្វី?

តើ​យើង​អាច​ដើរ​ឲ្យ​ទាន់​អង្គការ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១​. តើ​លោក​យេស៊ូ​បាន​ព្រមាន​អ្វី? ហើយ​តើ​មាន​សំណួរ​អ្វី​ចោទ​ឡើង?

​«​ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ប្រពន្ធ​របស់​ឡុត​»។ (​លូក. ១៧:៣២​) ការ​ព្រមាន​ដែល​លោក​យេស៊ូ​គ្រិស្ត​បាន​ប្រាប់​ជិត​២.០០០​ឆ្នាំ​មុន​នោះ ឥឡូវ​គឺ​សំខាន់​ជាង​ពេល​មុន​ៗ​ទៅ​ទៀត។ ប៉ុន្តែ តើ​លោក​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា? អ្នក​ស្ដាប់​ដែល​ជា​ជន​ជាតិ​យូដា​មិន​ត្រូវ​ការ​ឲ្យ​លោក​យេស៊ូ​ពន្យល់​ពួក​គេ​ថែម​ទៀត​នោះ​ទេ ពី​ព្រោះ​ពួក​គេ​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ប្រពន្ធ​របស់​ឡុត​រួច​ហើយ។ ពេល​ប្រពន្ធ​ឡុត​កំពុង​រត់​ចេញ​ពី​ក្រុង​សូដុម​ជា​មួយ​នឹង​ក្រុម​គ្រួសារ នាង​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​ទេ​ដោយ​បែរ​ទៅ​មើល​ក្រោយ ហើយ​ក៏​ក្លាយ​ទៅ​ជា​បង្គោល​អំបិល។—សូម​អាន លោកុប្បត្តិ ១៩:១៧, ២៦

២​. ហេតុ​អ្វី​ប្រពន្ធ​របស់​ឡុត​បែរ​ទៅ​មើល​ក្រោយ? តើ​ការ​មិន​ស្ដាប់​បង្គាប់​ព្រះ​ធ្វើ​ឲ្យ​នាង​បាត់​បង់​អ្វី?

២ ហេតុ​អ្វី​បាន​ជា​ប្រពន្ធ​ឡុត​បែរ​ទៅ​មើល​ក្រោយ? តើ​នាង​ចង់​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​ក្រុង​នោះ​ឬ? តើ​នាង​បែរ​ទៅ​មើល​ក្រោយ​ដោយ​សារ​នាង​មិន​ជឿ​ឬ​ក៏​ខ្វះ​ជំនឿ​ឬ? ឬ​មួយ​ក៏​នាង​បែរ​ទៅ​មើល​ដោយ​ស្ដាយ​អ្វី​ៗ​ទាំង​អស់​ដែល​នាង​បាន​ទុក​ចោល​នៅ​ទី​ក្រុង​សូដុម​នោះ​វិញ? (​លូក ១៧:៣១​) មិន​ថា​នាង​បែរ​ទៅ​មើល​ក្រោយ​ដោយ​សារ​មូលហេតុ​អ្វី​ក៏​ដោយ ការ​មិន​ស្ដាប់​បង្គាប់​ព្រះ​បាន​ធ្វើ​ឲ្យ​នាង​បាត់បង់​ជីវិត។ សូម​គិត​អំពី​ករណី​នេះ! នាង​បាន​ស្លាប់​នៅ​ថ្ងៃ​តែ​មួយ​នឹង​មនុស្ស​អាក្រក់​ក្នុង​ទី​ក្រុង​សូដុម​និង​កូម៉ូរ៉ា។ គ្មាន​អ្វី​ចម្លែក​ទេ​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ប្រពន្ធ​របស់​ឡុត​»​!

៣​. តើ​លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ណា​ថា​យើង​មិន​គួរ​មើល​ក្រោយ​ក្នុង​ន័យ​ធៀប?

៣ ដូច​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ ជា​ការ​សំខាន់​ណាស់​ដែល​យើង​មិន​បែរ​ទៅ​មើល​ក្រោយ​ក្នុង​ន័យ​ធៀប។ លោក​យេស៊ូ​បាន​បញ្ជាក់​ចំណុច​នេះ ពេល​លោក​តប​ទៅ​បុរស​ម្នាក់​ដែល​បាន​សុំ​លោក​ទៅ​លា​ក្រុម​គ្រួសារ​របស់​គាត់ មុន​គាត់​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​ចាប់​កាន់​នង្គ័ល តែ​បែរ​ទៅ​មើល​អ្វី​នៅ​ខាង​ក្រោយ អ្នក​នោះ​មិន​សម​នឹង​រាជាណាចក្រ​របស់​ព្រះ​ឡើយ​»។ (​លូក. ៩:៦២​) តើ​សម្ដី​របស់​លោក​យេស៊ូ​ខ្លាំង​ពេក​ឬ​ក៏​មិន​ចេះ​យោគ​យល់​ឬ? មិន​មែន​ទេ! លោក​ដឹង​ថា​សំណូម​ពរ​របស់​បុរស​នោះ​គ្រាន់តែ​ជា​លេស​មួយ​ដើម្បី​គាត់​អាច​រួច​ពី​ការ​បំពេញ​ភារកិច្ច​ជា​អ្នក​កាន់​តាម​លោក​ប៉ុណ្ណោះ។ លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ការ​បង្អែ​បង្អង់​បែប​នេះ​ក្នុង​ការ​បំពេញ​ភារកិច្ច​ចំពោះ​ព្រះ គឺជា​ការ​មើល​«​អ្វី​នៅ​ខាង​ក្រោយ​»។ ពេល​មនុស្ស​ម្នាក់​កំពុង​ភ្ជួរ​ស្រែ​ដោយ​ប្រើ​នង្គ័ល គាត់​អាច​ងាក​ទៅ​មើល​ក្រោយ ឬ​ក៏​គាត់​អាច​ទម្លាក់​នង្គ័ល​នោះ​ចោល ហើយ​បែរ​ទៅ​មើល​ក្រោយ​តែ​ម្ដង។ ក្នុង​ករណី​ទាំង​ពីរ​នេះ គាត់​បាន​ឲ្យ​អ្វី​មួយ​មក​បង្វែរ​អារម្មណ៍​របស់​គាត់​ពី​កិច្ចការ​ដែល​គាត់​កំពុង​ធ្វើ ហើយ​គាត់​នឹង​មិន​អាច​បំពេញ​កិច្ចការ​នោះ​បាន​ត្រឹម​ត្រូវ​ទេ។

៤​. តើ​យើង​ត្រូវ​តែ​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី?

៤ ជា​ជាង​ប្រមូល​អារម្មណ៍​ទៅ​លើ​រឿង​ពី​អតីតកាល យើង​ត្រូវ​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ដែល​នៅ​ខាង​មុខ​វិញ។ សុភាសិត ៤:២៥​បាន​ស​ឲ្យ​ឃើញ​ចំណុច​នេះ​យ៉ាង​ច្បាស់​ដោយ​ថា​៖ ​«​ចូរ​ឲ្យ​ភ្នែក​ឯង​មើល​ចំ​ទៅ​មុខ ហើយ​ត្របក​ភ្នែក​ឯង​ត្រង់​ទៅ​មុខ​ដែរ​»។

៥​. តើ​មាន​មូលហេតុ​អ្វី​ដែល​យើង​មិន​គួរ​មើល​អ្វី​ៗ​នៅ​ខាង​ក្រោយ?

៥ យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​យើង​មិន​គួរ​បែរ​ទៅ​មើល​ក្រោយ។ តើ​មាន​មូលហេតុ​អ្វី? គឺ​ដោយ​សារ​គ្រា​នេះ​ជា​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​២ធី. ៣:១​) បន្ដិច​ទៀត ព្រះ​មិន​គ្រាន់តែ​បំផ្លាញ​ចោល​ទី​ក្រុង​ពីរ​ដែល​មាន​មនុស្ស​អាក្រក់​ប៉ុណ្ណោះ​ទេ តែ​លោក​នឹង​បំផ្លាញ​ចោល​របៀប​របប​ពិភព​លោក​នេះ​ទាំង​មូល។ តើ​អ្វី​នឹង​ជួយ​យើង​កុំ​ឲ្យ​ត្រូវ​បង្វែរ​អារម្មណ៍​ដូច​ប្រពន្ធ​ឡុត? មុន​ដំបូង យើង​ត្រូវ​ដឹង​ថា​មាន​អ្វី​ខ្លះ​នៅ​ពី​ក្រោយ​យើង​ដែល​អាច​ទាក់​ទាញ​យើង​ឲ្យ​បែរ​មើល​ទៅ​ក្រោយ។ (​២កូ. ២:១១​) សូម​យើង​ពិចារណា​អ្វី​ៗ​ដែល​អាច​ទាក់​ទាញ​យើង​ឲ្យ​បែរ​ទៅ​មើល​ក្រោយ និង​របៀប​បង្ការ​កុំ​ឲ្យ​យើង​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ទាំង​នោះ។

ទស្សនៈ​ដែល​ថា​នៅ​អតីតកាល​ល្អ​ជាង​បច្ចុប្បន្ន

៦​. ហេតុ​អ្វី​យើង​មិន​គួរ​ទុក​ចិត្ត​ការ​ចង​ចាំ​របស់​យើង​ហួស​ហេតុ​ពេក?

៦ យើង​អាច​មាន​ទស្សនៈ​ខុស​ថា​ជីវិត​នៅ​អតីតកាល​ល្អ​ជាង​បច្ចុប្បន្ន។ ការ​ចង​ចាំ​របស់​យើង​អំពី​អតីតកាល​មិន​តែង​តែ​អាច​ទុក​ចិត្ត​បាន​ទេ។ ដោយ​មិន​បាន​ចាប់​ភ្លឹក យើង​អាច​ចាប់​ផ្ដើម​គិត​ថា​កាល​ពី​មុន យើង​មិន​សូវ​មាន​បញ្ហា​ដូច​នៅ​ឥឡូវ​នេះ​ទេ ហើយ​ពី​មុន​យើង​មាន​សុភមង្គល​ច្រើន​ជាង។ បើ​និយាយ​ឲ្យ​ចំ​ទៅ យើង​អាច​ចាប់​ផ្ដើម​គិត​ខុស​ពី​ការ​ពិត​ថា កាល​ពី​មុន​ស្ថានភាព​របស់​យើង​គឺ​ល្អ​ជាង។ បើ​យើង​ចាប់​ផ្ដើម​គិត​ខុស​បែប​នេះ នោះ​អាច​បណ្ដាល​ឲ្យ​យើង​ចង់​ឲ្យ​អ្វី​ៗ​ត្រឡប់​ទៅ​ដូច​ជា​នៅ​អតីតកាល​វិញ។ ប៉ុន្តែ គម្ពីរ​បាន​ព្រមាន​យើង​ថា​៖ ​«​កុំ​ឲ្យ​សួរ​ថា​៖ ហេតុ​អ្វី​បាន​ជា[​«​អតីតកាល​»​]ល្អ​ជាង​សម័យ​សព្វ​ថ្ងៃ​នេះ? ដ្បិត​ដែល​សួរ​ដូច្នេះ នោះ​មិន​មែន​ដោយ​ប្រាជ្ញា​ទេ​»។ (​សាស្ដ. ៧:១០; ព.ថ.​) ហេតុ​អ្វី​គំនិត​ខុស​បែប​នេះ​អាច​នាំ​ឲ្យ​យើង​មាន​បញ្ហា?

៧​-​៩​. ​(​ក​) តើ​មាន​អ្វី​កើត​ឡើង​ដល់​ពួក​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីប? (​ខ​) តើ​ពួក​គេ​មាន​ហេតុ​ត្រេក​អរ​ដោយ​សារ​អ្វី​ខ្លះ? (​គ​)​ តើ​ពួក​អ៊ីស្រាអែល​ចាប់​ផ្ដើម​ត្អូញត្អែរ និង​រអ៊ូ​រទាំ​អំពី​អ្វី?

៧ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ពួក​អ៊ីស្រាអែល​នៅ​សម័យ​ម៉ូសេ។ ទោះ​ជា​ពួក​អ៊ីស្រាអែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ភ្ញៀវ​ក្នុង​ស្រុក​អេស៊ីប​ក៏​ដោយ តែ​បន្ទាប់​ពី​សម័យ​យ៉ូសែប​មក ​«​គេ​ក៏​ដាក់​ឲ្យ​មាន​នាយ​ដំ​រួត​សំ​រាប់​នឹង​ធ្វើ​ទុក្ខ​ដល់​ពួក​អ៊ីស្រាអែល​ដោយ​ការ​នឿយ​លំបាក​ជា​ច្រើន​»។ (​និក្ខ. ១:១១​) ក្រោយ​មក ផារ៉ូ​បាន​ប៉ុនប៉ង​សម្លាប់​ទារក​របស់​ពួក​អ៊ីស្រាអែល​ដើម្បី​កុំ​ឲ្យ​ចំនួន​ពួក​គេ​កើន​ឡើង។ (​និក្ខ. ១:១៥, ១៦, ២២​) ហេតុ​នេះ​ហើយ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​ថា​៖ ​«​អញ​បាន​ឃើញ​សេចក្ដី​វេទនា​របស់​រាស្ត្រ​អញ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​បាន​ឮ​ពាក្យ​គេ​អំពាវ​នាវ​ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់​សង្កិន​ដែរ ពីព្រោះ​អញ​ស្គាល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ​»។—និក្ខ. ៣:៧

៨ តើ​អ្នក​អាច​ស្រមៃ​ឃើញ​អំណរ​ដែល​ពួក​អ៊ីស្រាអែល​មាន ពេល​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​មាន​សេរីភាព ហើយ​លែង​ធ្វើ​ជា​ខ្ញុំ​បម្រើ​ទៀត​ឬ​ទេ? តាម​របៀប​ដ៏​អស្ចារ្យ ពួក​គេ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា កាល​ដែល​លោក​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ទាំង​១០​មក​លើ​ផារ៉ូ​ដែល​ក្រអឺតក្រទម​និង​រាស្ត្រ​របស់​គាត់។ (​សូម​អាន និក្ខមនំ ៦:១, ៦, ៧​) តាម​ពិត ពួក​អេស៊ីប​មិន​គ្រាន់តែ​ចង់​ឲ្យ​ពួក​អ៊ីស្រាអែល​ចាក​ចេញ​ទេ តែ​ពួក​អេស៊ីប​បាន​អង្វរ​ពួក​គេ​ឲ្យ​ចេញ ហើយ​ថែម​ទាំង​ឲ្យ​មាស ប្រាក់​ជា​ច្រើន រហូត​ដល់​អាច​និយាយ​បាន​ថា​រាស្ត្រ​របស់​ព្រះ​បាន​«​បង្ហិន​បង្ហោច​ដល់​ពួក​សាសន៍​អេស៊ីព្ទ​»។ (​និក្ខ. ១២:៣៣​-​៣៦​) ពួក​អ៊ីស្រាអែល​ក៏​បាន​ត្រេក​អរ​យ៉ាង​ខ្លាំង ពេល​ពួក​គេ​ឃើញ​ផារ៉ូ​និង​កង​ទ័ព​របស់​គាត់​ស្លាប់​នៅ​ក្នុង​សមុទ្រក្រហម។ (​និក្ខ. ១៤:៣០, ៣១​) ដោយ​សារ​ពួក​អ៊ីស្រាអែល​បាន​ឃើញ​ហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នេះ នោះ​បាន​ពង្រឹង​ជំនឿ​របស់​ពួក​គេ​មែន!

៩ មិន​គួរ​ឲ្យ​ជឿ​សោះ​ថា មិន​យូរ​ក្រោយ​ពី​ពួក​គេ​បាន​ត្រូវ​សង្គ្រោះ​ដោយ​ការ​អស្ចារ្យ​នោះ ពួក​គេ​បាន​ចាប់​ផ្ដើម​រអ៊ូ​រទាំ​និង​ត្អូញត្អែរ។ តើ​ពួក​គេ​រអ៊ូ​រទាំ​អំពី​អ្វី? រឿង​ម្ហូប។ ពួក​គេ​បាន​ចាប់​ផ្ដើម​មិន​ស្កប់​ចិត្ត​នឹង​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្គត់​ផ្គង់​ពួក​គេ ហើយ​បាន​ត្អូញត្អែរ​ថា​៖ ​«​យើង​នឹក​រំឭក​ពី​ត្រី​ដែល​យើង​បាន​បរិភោគ​នៅ​ស្រុក​អេស៊ីប​ជា​ឥត​ថ្លៃ ហើយ​ពី​ត្រសក់ ឱឡឹក ខ្ទឹម​ខ្យល់ ខ្ទឹម​សំឡ នឹង​ខ្ទឹម​សផង តែ​ឥឡូវ​នេះ យើង​រីង​ស្លាប់​ហើយ ដ្បិត​គ្មាន​អ្វី​សោះ មាន​តែ​នំម៉ាន៉ា​ដែល​នៅ​ចំពោះ​ភ្នែក​យើង​នេះ​ប៉ុណ្ណោះ​»។ (​ជន. ១១:៥, ៦​) ពួក​គេ​ចាប់​ផ្ដើម​មាន​ទស្សនៈ​ខុស​ពី​ការ​ពិត​រហូត​ដល់​ពួក​គេ​ចង់​ត្រឡប់​ទៅ​ស្រុក​ដែល​គេ​បម្រើ​ជា​ទាសករ​វិញ! (​ជន. ១៤:២​-​៤​) ពួក​អ៊ីស្រាអែល​បាន​បែរ​ទៅ​មើល​អ្វី​នៅ​ខាង​ក្រោយ ហើយ​ព្រះ​យេហូវ៉ា​លែង​ពេញ​ចិត្ត​នឹង​ពួក​គេ​ទៀត។—ជន. ១១:១០

១០​. តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​ពួក​អ៊ីស្រាអែល?

១០ នៅ​សព្វ​ថ្ងៃ តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​កំណត់​ហេតុ​នេះ? ពេល​យើង​ឆ្លង​កាត់​ការ​ពិបាក​និង​មាន​បញ្ហា យើង​មិន​គួរ​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​គិត​ថា​ល្អ​ជាង​នៅ​អតីតកាល ឬ​មុន​ពេល​យើង​ស្គាល់​សេចក្ដី​ពិត។ ពិត​មែន​តែ​មិន​មែន​ជា​ការ​ខុស​ដែល​យើង​គិត​អំពី​មេរៀន​ដែល​យើង​បាន​រៀន​ពី​បទ​ពិសោធន៍​នៅ​អតីតកាល ឬ​គិត​អំពី​ពេល​សប្បាយ​ដែល​យើង​ធ្លាប់​មាន​ពី​មុន ប៉ុន្តែ​យើង​ត្រូវ​មាន​តុល្យ​ភាព ហើយ​ចេះ​ទទួល​ស្គាល់​ការ​ពិត​អំពី​អតីតកាល។ ពុំ​នោះ​ទេ នេះ​នឹង​ធ្វើ​ឲ្យ​យើង​រឹត​តែ​មិន​ស្កប់​ចិត្ត​នឹង​ជីវិត​របស់​យើង​នៅ​ពេល​បច្ចុប្បន្ន ហើយ​ធ្វើ​ឲ្យ​យើង​ចង់​មាន​របៀប​រស់​នៅ​ដូច​ពី​មុន។—សូម​អាន ពេត្រុសទី២ ២:២០​-​២២

អ្វី​ៗ​ដែល​យើង​លះ​បង់​នៅ​អតីតកាល

១១​. តើ​បង​ប្អូន​ខ្លះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្វី​ៗ​ដែល​ពួក​គេ​បាន​លះ​បង់​នៅ​អតីតកាល?

១១ គួរ​ឲ្យ​សោកស្ដាយ​មែន បង​ប្អូន​ខ្លះ​បាន​បែរ​ទៅ​មើល​អ្វី​ៗ​ដែល​ពួក​គេ​បាន​លះ​បង់​នៅ​អតីតកាល ហើយ​ចាត់​ទុក​ថា​ខ្លួន​បាន​បាត់បង់​ឱកាស​ដ៏​ល្អ​មួយ។ អ្នក​ប្រហែលជា​មាន​ឱកាស​ទទួល​ការ​អប់រំ​ខ្ពស់ មាន​មុខ​មាត់​ធំ​ដុំ ឬ​ប្រមូល​ទ្រព្យ​សម្បត្ដិ តែ​អ្នក​បាន​សម្រេច​ចិត្ត​មិន​ស្វែងរក​អ្វី​ៗ​ទាំង​នោះ​ទេ។ បង​ប្អូន​របស់​យើង​ជា​ច្រើន​បាន​លះ​បង់​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ក្នុង​វិស័យ​ពាណិជ្ជកម្ម សិល្បៈ ការ​អប់រំ ឬ​កីឡា។ ឥឡូវ​ពេល​វេលា​ជា​ច្រើន​បាន​កន្លង​ផុត​ទៅ តែ​ទី​បញ្ចប់​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ តើ​អ្នក​ស្រមៃ​គិត​ថា​ជីវិត​របស់​អ្នក​អាច​ទៅ​ជា​យ៉ាង​ណា បើ​អ្នក​មិន​បាន​លះ​បង់​អ្វី​ៗ​ទាំង​នោះ?

១២​. តើ​ប៉ូល​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ៗ​ដែល​គាត់​បាន​លះ​បង់?

១២ សាវ័ក​ប៉ូល​បាន​លះ​បង់​អ្វី​ៗ​ជា​ច្រើន​ដើម្បី​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ (​ភី. ៣:៤​-​៦​) តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ៗ​ដែល​គាត់​បាន​លះ​បង់? គាត់​រៀប​រាប់​ថា​៖ ​«​អ្វី​ៗ​ដែល​ធ្លាប់​មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ ខ្ញុំ​ចាត់​ទុក​ថា​ខាត​ដោយ​សារ​គ្រិស្ត​»។ ហេតុ​អ្វី​គាត់​និយាយ​ដូច្នេះ? គាត់​បាន​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​ចាត់​ទុក​អ្វី​ៗ​ទាំង​អស់​ថា​ខាត ដោយ​សារ​តម្លៃ​លើស​លប់​នៃ​ចំណេះ​អំពី​គ្រិស្ត​យេស៊ូ​ជា​ម្ចាស់​របស់​ខ្ញុំ។ ដោយ​សារ​លោក ខ្ញុំ​បាន​សុខ​ចិត្ត​ខាត​បង់​អ្វី​ៗ​ទាំង​អស់ ហើយ​ក៏​ចាត់​ទុក​ជា​សំរាម​ដើម្បី​ខ្ញុំ​អាច​បាន​គ្រិស្ត​»។a (​ភី. ៣:៧, ៨​) កាល​ដែល​មនុស្ស​ម្នាក់​ចោល​សំរាម​ឬ​របស់​គ្មាន​ប្រយោជន៍ គាត់​មិន​ស្ដាយ​របស់​ដែល​គាត់​បោះចោល​ទេ។ ដូច​គ្នា​ដែរ ប៉ូល​មិន​ស្ដាយ​ឱកាស​ក្នុង​ពិភព​លោក​នេះ​ដែល​គាត់​បាន​បោះបង់​ចោល​ឡើយ។ គាត់​មាន​អារម្មណ៍​ថា​ឱកាស​ទាំង​នោះ​គ្មាន​តម្លៃ​សោះ។

១៣, ១៤​. តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ប៉ូល​យ៉ាង​ដូច​ម្ដេច?

១៣ បើ​យើង​ចាប់​ផ្ដើម​គិត​អំពី​ឱកាស​ដែល​យើង​បោះបង់​ចោល តើ​អ្វី​អាច​ជួយ​យើង​បាន? សូម​យក​តម្រាប់​តាម​គំរូ​របស់​ប៉ូល។ តើ​តាម​របៀប​ណា? សូម​គិត​អំពី​តម្លៃ​នៃ​អ្វី​ៗ​ដែល​អ្នក​មាន​នៅ​ឥឡូវ​នេះ។ អ្នក​មាន​ចំណង​មិត្តភាព​ដ៏​មាន​តម្លៃ​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​លោក​ចាត់​ទុក​អ្នក​ថា​ជា​មនុស្ស​ស្មោះ​ត្រង់​ម្នាក់។ (​ហេ. ៦:១០​) អ្វី​ៗ​ដែល​ពិភព​លោក​នេះ​ផ្ដល់​ឲ្យ​យើង គឺ​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​នៅ​ឥឡូវ​នេះ ហើយ​នឹង​ឲ្យ​នៅ​អនាគត​ឡើយ។—សូម​អាន ម៉ាកុស ១០:២៨​-​៣០

១៤ ប៉ូល​ក៏​បាន​បញ្ជាក់​អំពី​អ្វី​មួយ​ទៀត​ដែល​នឹង​ជួយ​យើង​ឲ្យ​នៅ​តែ​ស្មោះ​ត្រង់​ជា​និច្ច។ គាត់​ប្រាប់​ថា​គាត់​បាន​«​បំភ្លេច​អ្វី​ៗ​ដែល​នៅ​ខាង​ក្រោយ ហើយ​កំពុង​ប្រឹង​រត់​សំដៅ​ទៅ​អ្វី​ៗ​នៅ​ខាង​មុខ​»។ (​ភី. ៣:១៣​) សូម​កត់​សម្គាល់​ថា​ប៉ូល​បាន​គូស​បញ្ជាក់​កត្ដា​ពីរ​ដែល​ចាំ​បាច់។ កត្ដា​ទី​១ យើង​ត្រូវ​បំភ្លេច​អ្វី​ៗ​ដែល​យើង​បាន​បោះបង់​ចោល ដោយ​មិន​ប្រើ​ពេល​វេលា​និង​កម្លាំង​ដែល​មាន​តម្លៃ​របស់​យើង​ដើម្បី​គិត​អំពី​វា​ទៀត​ទេ។ កត្ដា​ទី​២ ដូច​អ្នក​រត់​ប្រណាំង​ដែល​រត់​ដល់​ទី​ផ្ដាច់​ព្រ័ត្រ យើង​ត្រូវ​ប្រឹង​រត់​សំដៅ​ទៅ​មុខ​ដោយ​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ដែល​នៅ​ខាង​មុខ។

១៥​. តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ពេល​យើង​រំពឹង​គិត​អំពី​គំរូ​របស់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ?

១៥ ពេល​យើង​រំពឹង​គិត​អំពី​គំរូ​របស់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ពី​សម័យ​មុន​ឬ​នៅ​សម័យ​នេះ យើង​អាច​បន្ត​ឈាន​ទៅ​មុខ​ជា​ជាង​បែរ​ទៅ​មើល​ក្រោយ។ ជា​ឧទាហរណ៍ បើ​អាប្រាហាំ​និង​សារ៉ា​នៅ​តែ​នឹកនា​ដល់​ក្រុង​អ៊ើរ ​«​ពួក​គេ​នឹង​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​»។ (​ហេ. ១១:​១៣​-​១៥​) ប៉ុន្តែ​ពួក​គាត់​មិន​បាន​ត្រឡប់​ទៅ​ទី​ក្រុង​នោះ​វិញ​ទេ។ ពេល​ម៉ូសេ​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ជា​លើក​ដំបូង គាត់​បាន​លះ​បង់​ចោល​អ្វី​ៗ​ជា​ច្រើន គឺ​ច្រើន​ជាង​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​បាន​លះ​បង់​ទៅ​ទៀត។ ប៉ុន្តែ គម្ពីរ​មិន​បាន​ចែង​ថា​ម៉ូសេ​នឹកនា​អ្វី​ៗ​ដែល​គាត់​លះ​បង់​ចោល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​បាន​ចែង​ប្រាប់​យើង​ថា​៖ ​«​គាត់​ចាត់​ទុក​ការ​រង​ការ​ជេរ​ប្រមាថ​ក្នុង​នាម​ជា​គ្រិស្ត​ថា​ជា​ទ្រព្យ​វិសេស​ជាង​ទ្រព្យ​ទាំង​អស់​ក្នុង​ស្រុក​អេស៊ីប ព្រោះ​គាត់​សម្លឹង​ចំ​ទៅ​រង្វាន់​»។—ហេ. ១១:២៦

បទ​ពិសោធន៍​អាក្រក់​នៅ​អតីតកាល

១៦​. តើ​បទ​ពិសោធន៍​នៅ​អតីតកាល​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

១៦ មិន​មែន​បទ​ពិសោធន៍​ទាំង​អស់​នៅ​អតីតកាល​សុទ្ធតែ​ល្អ​នោះ​ទេ។ យើង​ប្រហែលជា​ខ្វល់ខ្វាយ​យ៉ាង​ច្រើន​អំពី​អំពើ​ខុស​ឆ្គង​និង​កំហុស​ដែល​យើង​បាន​ធ្វើ​កាល​ពី​មុន។ (​ទំនុក. ៥១:៣​) យើង​ប្រហែល​ជា​នៅ​តែ​ឈឺ​ផ្សា​ដោយ​សារ​ឱវាទ​ចំ​ៗ​ដែល​យើង​បាន​ទទួល។ (​ហេ. ១២:១១​) យើង​ប្រហែលជា​មិន​អាច​ឈប់​គិត​អំពី​ពេល​ដែល​យើង​រង​ទុក្ខ​ដោយ​សារ​អំពើ​អយុត្ដិធម៌ ឬ​អ្វី​ៗ​ដែល​យើង​គិត​ថា​អយុត្ដិធម៌។ (​ទំនុក. ៥៥:២​) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​យើង​មិន​ឲ្យ​បទ​ពិសោធន៍​ទាំង​នេះ​នាំ​ឲ្យ​យើង​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ដែល​នៅ​អតីតកាល? សូម​ពិចារណា​អំពី​ឧទាហរណ៍​បី​យ៉ាង។

១៧​. ​(​ក​) ហេតុ​អ្វី​ប៉ូល​ពណ៌​នា​ខ្លួន​គាត់​ជា​«​អ្នក​តូច​ជាង​អ្នក​តូច​បំផុត​ក្នុង​ចំណោម​ពួក​អ្នក​បរិសុទ្ធ​»​? (​ខ​)​ តើ​អ្វី​បាន​ជួយ​ប៉ូល​មិន​ឲ្យ​មាន​គំនិត​ដែល​នាំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​មក​គ្រប​ដណ្ដប់​លើ​គាត់?

១៧ កំហុស​នៅ​អតីតកាល។ សាវ័ក​ប៉ូល​បាន​ពណ៌​នា​អំពី​ខ្លួន​គាត់​ថា​ជា​«​អ្នក​តូច​ជាង​អ្នក​តូច​បំផុត​ក្នុង​ចំណោម​ពួក​អ្នក​បរិសុទ្ធ​»។ (​អេភ. ៣:៨​) ហេតុ​អ្វី​គាត់​មាន​អារម្មណ៍​បែប​នេះ? គាត់​បាន​និយាយ​ថា​៖ ​«​ពីព្រោះ​ខ្ញុំ​បាន​បៀតបៀន​ក្រុម​ជំនុំ​របស់​ព្រះ​»។ (​១កូ. ១៥:៩​) តើ​អ្នក​អាច​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់​ប៉ូល ពេល​គាត់​ជួប​អ្នក​ខ្លះ​ដែល​គាត់​ធ្លាប់​បៀតបៀន​ពី​មុន​ឬ​ទេ? ក៏​ប៉ុន្តែ ជា​ជាង​អនុញ្ញាត​ឲ្យ​គំនិត​ដែល​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​គ្រប​ដណ្ដប់​លើ​ប៉ូល​និង​រារាំង​គាត់​ពី​ការ​បម្រើ​ព្រះ គាត់​បាន​ផ្ចង់​អារម្មណ៍​ទៅ​លើ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដែល​គាត់​បាន​ទទួល​ពី​លោក​វិញ។ (​១ធី. ១:១២​-​១៦​) ជា​លទ្ធផល ប៉ូល​ដឹង​គុណ​ព្រះ ហើយ​នេះ​បាន​ជំរុញ​គាត់​ឲ្យ​បន្ត​បំពេញ​កិច្ច​បម្រើ។ ក្នុង​ចំណោម​អ្វី​ៗ​ដែល​នៅ​ខាង​ក្រោយ​ដែល​គាត់​បាន​តាំង​ចិត្ត​បំភ្លេច ក៏​មាន​អំពើ​ខុស​ឆ្គង​ដែល​គាត់​ធ្លាប់​ធ្វើ​កាល​ពី​មុន​ដែរ។ ដូច​គ្នា​ដែរ បើ​យើង​ផ្ចង់​អារម្មណ៍​ទៅ​លើ​សេចក្ដី​មេត្ដា​ករុណា​ដែល​ព្រះ​បាន​បង្ហាញ នោះ​យើង​នឹង​មិន​នាំ​ឲ្យ​ខ្លួន​អស់​កម្លាំង​ចិត្ត​ដោយ​គិត​អំពី​ព្រឹត្ដិការណ៍​នៅ​អតីតកាល​ដែល​យើង​មិន​អាច​កែប្រែ​បាន។ យើង​អាច​ប្រើ​កម្លាំង​របស់​យើង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ​វិញ។

១៨​. ​(​ក​) បើ​យើង​មើល​ទៅ​ក្រោយ​ដោយ​គិត​អំពី​ឱវាទ​ដែល​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត តើ​អាច​មាន​អ្វី​កើត​ឡើង? (​ខ​)​ ស្តី​អំពី​ការ​ទទួល​ឱវាទ តើ​យើង​អាច​ធ្វើ​តាម​ពាក្យ​របស់​សាឡូម៉ូន​យ៉ាង​ដូច​ម្ដេច?

១៨ ឱវាទ​ដែល​នាំ​ឲ្យ​ឈឺ​ចិត្ត។ ចុះ​យ៉ាង​ណា​បើ​យើង​បាន​ត្រូវ​ទាក់​ទាញ​ឲ្យ​មើល​ទៅ​ក្រោយ​ដោយ​គិត​អំពី​ឱវាទ​ខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត? នេះ​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ខឹង​រហូត​ដល់​«​អស់​កម្លាំង​ចិត្ត​»​ផង​ដែរ។ (​ហេ. ១២:៥​) ទោះ​ជា​យើង​«​មើល​ងាយ​»​ឱវាទ​នោះ​ដោយ​មិន​ព្រម​ធ្វើ​តាម ឬ​«​អស់​កម្លាំង​ចិត្ត​»​ដោយ​ព្រម​ទទួល តែ​ក្រោយ​មក​ឈប់​ធ្វើ​តាម​វិញ នោះ​យើង​នឹង​ទទួល​លទ្ធផល​ដូច​គ្នា គឺ​យើង​មិន​ទទួល​ប្រយោជន៍​ពី​ឱវាទ​នោះ​ទេ ហើយ​ក៏​មិន​ឲ្យ​ឱវាទ​នោះ​ធ្វើ​ឲ្យ​យើង​មាន​គុណ​សម្បត្ដិ​ថែម​ទៀត​ដែរ។ គឺជា​ការ​ល្អ​ជាង បើ​យើង​ធ្វើ​តាម​ពាក្យ​របស់​សាឡូម៉ូន​ដែល​ថា​៖ ​«​ចូរ​តោង​ជាប់​តាម​សេចក្ដី​ដំបូន្មាន​កុំ​លែង​ឲ្យ​សោះ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្ដី​នោះ​ជា​ជីវិត​របស់​ឯង​»។ (​សុភ. ៤:១៣​) ដូច​អ្នក​បើក​បរ​ដែល​បើក​បរ​តាម​ផ្លាក​សញ្ញា​នៅ​តាម​ផ្លូវ នោះ​យើង​ក៏​ចង់​ទទួល​យក​ឱវាទ អនុវត្ត​ឱវាទ និង​ឈាន​ទៅ​មុខ។—សុភ. ៤:​២៦, ២៧; សូម​អាន ហេប្រឺ ១២:១២, ១៣

១៩​. តើ​យើង​អាចយ​ក​តម្រាប់​តាម​ជំនឿ​របស់​ហាបាគុក​និង​យេរេមា​យ៉ាង​ដូច​ម្ដេច?

១៩ ភាព​អយុត្ដិធម៌​ឬ​អ្វី​ដែល​មើល​ទៅ​ដូច​ជា​អយុត្ដិធម៌។ ជួនកាល យើង​អាច​មាន​អារម្មណ៍​ដូច​អ្នក​ប្រកាស​ទំនាយ​ហាបាគុក​ដែល​សុំ​ព្រះ​យេហូវ៉ា​រក​យុត្ដិធម៌​ឲ្យ​គាត់ ដោយ​សារ​គាត់​មិន​បាន​យល់​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​មាន​រឿង​អយុត្ដិធម៌​កើត​ឡើង។ (​ហាប. ១:២, ៣​) ជា​ការ​សំខាន់​ណាស់​ឲ្យ​យើង​យក​តម្រាប់​តាម​ជំនឿ​របស់​អ្នក​ប្រកាស​ទំនាយ​នេះ​ដែល​គាត់​បាន​និយាយ​ថា​៖ ​«​គង់តែ​ខ្ញុំ​នឹង​រីករាយ​ដោយ​សារ​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ​»។ (​ហាប. ៣:១៨​) ដូច​យេរេមា​នៅ​សម័យ​បុរាណ បើ​យើង​«​សង្ឃឹម​»​ជា​និច្ច​ដោយ​មាន​ជំនឿ​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​យុត្ដិធម៌ នោះ​យើង​អាច​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​កែប្រែ​អ្វី​ៗ​ទាំង​អស់​នៅ​ពេល​ដែល​ត្រឹម​ត្រូវ។—បរិ. ៣:១៩​-​២៤

២០​. តើ​យើង​អាច​បង្ហាញ​ថា​យើង​«​នឹក​ចាំ​ពី​ប្រពន្ធ​របស់​ឡុត​»​យ៉ាង​ដូច​ម្ដេច?

២០ យើង​រស់​នៅ​គ្រា​មួយ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត។ ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ជា​ច្រើន​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​នឹង​កើត​ឡើង​ច្រើន​ថែម​ទៀត​នៅ​អនាគត។ សូម​ឲ្យ​យើង​ម្នាក់​ៗ​ដើរ​ឲ្យ​ទាន់​អង្គការ​របស់​ព្រះ​យេហូវ៉ា​ជា​និច្ច។ សូម​ឲ្យ​យើង​ធ្វើ​តាម​ឱវាទ​ពី​គម្ពីរ​ដែល​ឲ្យ​យើង​មើល​ទៅ​មុខ ហើយ​កុំ​ឲ្យ​យើង​បែរ​ទៅ​មើល​អ្វី​នៅ​ខាង​ក្រោយ​ឡើយ។ បើ​ធ្វើ​ដូច្នេះ យើង​នឹង​បង្ហាញ​ថា​យើង​«​នឹក​ចាំ​ពី​ប្រពន្ធ​របស់​ឡុត​»​!

[​កំណត់​សម្គាល់​]

a តាម​ភាសា​ដើម​ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​សំរាម​»​ មាន​ន័យ​ថា​របស់​ដែល​គេ​«​ចោល​ឲ្យ​ឆ្កែ​»​ ​«​លាមក​»​ ​«​អាចម៍​»។ បណ្ឌិត​ខាង​គម្ពីរ​ម្នាក់​បញ្ជាក់​ថា​ពាក្យ​ដែល​ប៉ូល​ប្រើ គឺ​សំដៅ​ទៅ​ការ​«​បដិសេធ​ទាំង​ស្រុង​ចំពោះ​របស់​គ្មាន​ប្រយោជន៍ និង​ការ​ស្អប់ខ្ពើម​របស់​ទាំង​នោះ​ដោយ​មិន​ចង់​ឃើញ​វា​ម្ដង​ទៀត​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក