ចូរទទួលប្រយោជន៍ពេញលេញពីការអានគម្ពីរ
«ខ្ញុំពិតជាត្រេកអរនឹងច្បាប់របស់ព្រះ»។—រ៉ូម ៧:២២
១-៣. តើយើងអាចទទួលប្រយោជន៍អ្វីខ្លះពីការអានគម្ពីរ ហើយធ្វើតាមសេចក្ដីបង្រៀនក្នុងគម្ពីរ?
បងស្រីវ័យចាស់ម្នាក់បាននិយាយថា៖ «ខ្ញុំអរគុណព្រះយេហូវ៉ារាល់ព្រឹក ដោយសារលោកបានជួយខ្ញុំឲ្យយល់បទគម្ពីរ»។ បងស្រីនេះបានអានគម្ពីរទាំងមូលចប់ជាង៤០ដងហើយ ហើយគាត់ចង់បន្តធ្វើបែបនេះតទៅទៀត។ ប្អូនស្រីវ័យក្មេងម្នាក់បានសរសេរថា ការអានគម្ពីរបានជួយនាងឲ្យដឹងថាព្រះយេហូវ៉ាជាបុគ្គលដ៏ពិត។ ជាលទ្ធផល នាងបានចូលទៅកាន់តែជិតបិតារបស់នាងដែលនៅស្ថានសួគ៌។ នាងនិយាយថា៖ «ខ្ញុំមិនធ្លាប់សប្បាយចិត្តជាងនេះទេក្នុងជីវិតរបស់ខ្ញុំ!»។
២ សាវ័កពេត្រុសបានលើកទឹកចិត្តយើងទាំងអស់គ្នាឲ្យ«ស្រេកឃ្លានចង់បានទឹកដោះសុទ្ធដែលមកពីបណ្ដាំរបស់ព្រះ»។ (១ពេ. ២:២) ពួកអ្នកដែលបំពេញការស្រេកឃ្លាននេះដោយសិក្សាគម្ពីរ និងពួកអ្នកដែលអនុវត្តសេចក្ដីបង្រៀនក្នុងគម្ពីរ មានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសនិងមានជីវិតដែលមានន័យខ្លឹមសារ។ ពួកគេមានមិត្តភាពដ៏ស្ថិតស្ថេរជាមួយអ្នកឯទៀតដែលស្រឡាញ់ ហើយបម្រើព្រះពិតដែរ។ អ្វីៗទាំងអស់នេះជាមូលហេតុត្រឹមត្រូវដើម្បីឲ្យយើង«ត្រេកអរនឹងច្បាប់របស់ព្រះ»។ (រ៉ូម ៧:២២) តើការសិក្សាគម្ពីរអាចជួយយើងតាមរបៀបណាទៀត?
៣ កាលដែលអ្នករៀនកាន់តែច្រើនអំពីព្រះយេហូវ៉ានិងបុត្ររបស់លោក អ្នកនឹងកាន់តែស្រឡាញ់លោកទាំងពីរ ហើយស្រឡាញ់មនុស្សឯទៀត។ ការមានចំណេះត្រឹមត្រូវក្នុងបទគម្ពីរជួយអ្នកឲ្យឃើញនូវរបៀបដែលមិនយូរទៀតព្រះយេហូវ៉ានឹងសង្គ្រោះមនុស្សដែលស្ដាប់បង្គាប់លោក ពីរបៀបរបបពិភពលោកនេះដែលជិតដល់ទីបញ្ចប់។ ក្នុងកិច្ចបម្រើផ្សាយរបស់អ្នក អ្នកមានដំណឹងដែលលើកទឹកចិត្តដើម្បីប្រាប់ដល់មនុស្ស។ ព្រះយេហូវ៉ានឹងប្រទានពរដល់អ្នក កាលដែលអ្នកបង្រៀនអ្នកឯទៀតអំពីអ្វីដែលអ្នកបានរៀនពីការអានបណ្ដាំរបស់ព្រះ។
ចូរអាននិងរំពឹងគិត
៤. តើការ«អាន[គម្ពីរ]ដោយសំឡេងតិចៗ»មានន័យយ៉ាងណា?
៤ ព្រះយេហូវ៉ាមិនចង់ឲ្យអ្នកបម្រើលោកអានបណ្ដាំរបស់លោកដោយប្រញាប់ប្រញាល់ឡើយ។ លោកបានប្រាប់យ៉ូស្វេនៅសម័យបុរាណថា៖ «កុំឲ្យគម្ពីរក្រិត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹង[ឬ«អានដោយសំឡេងតិចៗ»]ទាំងយប់ទាំងថ្ងៃវិញ»។ (យ៉ូស. ១:៨; ព.ថ.; ទំនុក. ១:២) តើនេះមានន័យថាយើងត្រូវអានគម្ពីរទាំងមូលឮៗឬអានដោយសំឡេងតិចៗឬទេ? មិនមែនទេ នេះមានន័យថាអ្នកគួរអានយឺតៗល្មមដែលអ្នកអាចរំពឹងគិតអំពីអ្វីដែលអ្នកកំពុងអាន។ ពេលអ្នក«អាន[គម្ពីរ]ដោយសំឡេងតិចៗ» នេះនឹងជួយអ្នកឲ្យផ្ដោតអារម្មណ៍ទៅលើខដែលមានប្រយោជន៍និងដែលលើកទឹកចិត្តអ្នកនៅពេលនោះ។ ពេលអ្នករកឃើញឃ្លា ខ ឬកំណត់ហេតុបែបនេះ សូមអានយឺតៗ ហើយប្រហែលជានិយាយពាក្យទាំងនោះយ៉ាងស្ងៀមស្ងាត់ពេលដែលអ្នកអាន។ បន្ទាប់មកអ្វីដែលអ្នកអានអាចជ្រួតជ្រាបចូលទៅក្នុងចិត្តរបស់អ្នក។ ហេតុអ្វីការធ្វើបែបនេះគឺសំខាន់? ដោយសារការយល់អំពីឱវាទរបស់ព្រះជួយជំរុញចិត្តអ្នកឲ្យចង់ធ្វើតាមឱវាទនោះ។
៥-៧ សូមឲ្យឧទាហរណ៍អំពីរបៀបដែលការអានគម្ពីរដោយសំឡេងតិចៗអាចជួយអ្នកឲ្យ (ក) រក្សាភាពស្អាតស្អំខាងសីលធម៌ (ខ) ប្រព្រឹត្តចំពោះអ្នកឯទៀតដោយអត់ធ្មត់និងដោយសប្បុរស (គ) ពង្រឹងទំនុកចិត្តលើព្រះយេហូវ៉ាទោះជាក្នុងអំឡុងគ្រាលំបាកក៏ដោយ។
៥ ការអានគម្ពីរដោយសំឡេងតិចៗគឺមានប្រយោជន៍ ពេលអ្នកអានសៀវភៅណាមួយក្នុងគម្ពីរដែលអ្នកមិនស្គាល់។ ជាឧទាហរណ៍ សូមពិចារណាអំពីកាលៈទេសៈបីយ៉ាង។ ទី១ សូមគិតអំពីប្អូនប្រុសគ្រិស្តសាសនិកវ័យក្មេងម្នាក់ដែលកំពុងអានដល់ទំនាយនៅសៀវភៅហូសេ តាមកម្មវិធីអានគម្ពីរផ្ទាល់ខ្លួនរបស់គាត់។ នៅជំពូកទី៤ គាត់បានផ្អាកបន្ទាប់ពីអានដោយសំឡេងតិចៗនៅខ១១ដល់១៣។ (សូមអាន ហូសេ ៤:១១-១៣) ហេតុអ្វី? ខទាំងនោះធ្វើឲ្យគាត់ចាប់អារម្មណ៍ ពីព្រោះគាត់កំពុងខំប្រឹងបដិសេធមិនធ្វើតាមការបង្ខិតបង្ខំនៅសាលាឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ គាត់បានរំពឹងគិតអំពីខទាំងនោះថា ‹ព្រះយេហូវ៉ាមើលឃើញអំពើអាក្រក់ដែលមនុស្សប្រព្រឹត្ត ទោះជាពេលដែលពួកគេនៅម្នាក់ឯងក៏ដោយ។ ខ្ញុំមិនចង់ធ្វើឲ្យលោកទាស់ចិត្តទេ›។ ប្អូនប្រុសនេះតាំងចិត្តរក្សាសីលធម៌ស្អាតស្អំចំពោះព្រះ។
៦ ក្នុងកាលៈទេសៈទី២ បងស្រីគ្រិស្តសាសនិកម្នាក់កំពុងអានទំនាយនៅសៀវភៅយ៉ូអែលដល់ជំពូកទី២ ខ១៣។ (សូមអាន យ៉ូអែល ២:១៣) ពេលនាងអានខនោះដោយសំឡេងតិចៗ នាងរំពឹងគិតអំពីរបៀបដែលនាងគួរយកតម្រាប់ព្រះយេហូវ៉ា ជាព្រះដែល«ប្រកបដោយព្រះគុណ នឹងសេចក្ដីមេត្ដាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្ដីសប្បុរសជាបរិបូរ»។ នាងសម្រេចចិត្តថានាងព្យាយាមឈប់ចំអកនិងឈប់ប្រើពាក្យគំរោះគំរើយដែលជួនកាលនាងប្រើ ពេលនិយាយទៅកាន់ប្ដីរបស់នាងនិងអ្នកឯទៀត។
៧ កាលៈទេសៈទី៣គឺ សូមស្រមៃគិតអំពីឪពុកម្នាក់ដែលជាគ្រិស្តសាសនិកដែលបានបាត់បង់ការងារ ហើយគាត់បារម្ភថាគាត់មិនដឹងជានឹងចិញ្ចឹមក្រុមគ្រួសាររបស់គាត់តាមរបៀបណាទេ។ គាត់បានអានណាហ៊ុម ១:៧ ដោយសំឡេងតិចៗថាព្រះយេហូវ៉ា«ស្គាល់អស់អ្នកដែលយកទ្រង់ជាទីពឹងផ្អែក» ហើយការពារពួកគេដូចជា«ទីពឹងមាំមួននៅគ្រាលំបាក»។ ខនេះបានសម្រាលទុក្ខគាត់។ គាត់ដឹងថាព្រះយេហូវ៉ាថែទាំគាត់ដោយសេចក្ដីស្រឡាញ់ ហើយគាត់ឈប់បារម្ភហួសហេតុពេក។ បន្ទាប់មកគាត់អានខ១៥ដោយសំឡេងតិចៗ។ (សូមអាន ណាហ៊ុម ១:១៥) បងប្រុសយើងឃើញថា ការផ្សព្វផ្សាយដំណឹងល្អនៅគ្រាលំបាក បង្ហាញថាគាត់ពិតជាចាត់ទុកព្រះយេហូវ៉ាជាទីពឹងពំនាក់។ ដូច្នេះក្នុងអំឡុងពេលដែលគាត់ស្វែងរកការងារថ្មី គាត់នឹងប្រើពេលថែមទៀតដើម្បីផ្សព្វផ្សាយក្នុងអំឡុងពេលពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។
៨. សូមពន្យល់យ៉ាងខ្លីអំពីអ្វីដែលអ្នកបានរៀនពេលអ្នកអានគម្ពីរ។
៨ ចំណុចដ៏មានប្រយោជន៍ខ្លះដែលយើងទើបតែបានពិចារណាគឺមកពីសៀវភៅក្នុងគម្ពីរដែលមនុស្សខ្លះប្រហែលជាគិតថាពិបាកយល់។ ពេលអ្នកពិចារណាអំពីសៀវភៅហូសេ យ៉ូអែលនិងណាហ៊ុមដោយមានបំណងចង់រៀន នោះអ្នកនឹងចង់អានដោយសំឡេងតិចៗនូវខខ្លះទៀតពីសៀវភៅទាំងនេះ។ សូមស្រមៃគិតថា អ្នកនឹងទទួលប្រាជ្ញានិងការសម្រាលទុក្ខច្រើនណាស់ ពេលអ្នកអានសំណេររបស់អ្នកប្រកាសទំនាយទាំងនោះ! ចុះយ៉ាងណាចំពោះសៀវភៅឯទៀតក្នុងគម្ពីរ? បណ្ដាំរបស់ព្រះគឺប្រៀបដូចជាដីមួយកន្លែងដែលមានគ្រាប់ពេជ្រជាច្រើនកប់យ៉ាងជ្រៅនៅក្នុងដីនោះ។ ពេលដែលអ្នកអានគម្ពីរទាំងមូល សូមព្យាយាមរកការណែនាំនិងការលើកទឹកចិត្តដែលប្រៀបដូចជា«គ្រាប់ពេជ្រ»!
ចូរព្យាយាមដើម្បីយល់អំពីអ្វីដែលអ្នកអាន
៩. តើយើងអាចយល់កាន់តែច្បាស់អំពីគោលបំណងរបស់ព្រះយ៉ាងដូចម្ដេច?
៩ ពិតមែនតែការអានមួយផ្នែកនៃគម្ពីរជារៀងរាល់ថ្ងៃគឺជាការសំខាន់ ប៉ុន្តែអ្នកក៏ចង់យល់អំពីអ្វីដែលអ្នកកំពុងអានផងដែរ។ ដូច្នេះ សូមប្រើសៀវភៅផ្សេងៗរបស់អង្គការរបស់ព្រះយេហូវ៉ាដើម្បីស្រាវជ្រាវអំពីជីវប្រវត្ដិរបស់មនុស្ស ទីកន្លែងនិងព្រឹត្ដិការណ៍ដែលអ្នកអាន ឬប្រសិនបើអ្នកឆ្ងល់អំពីសេចក្ដីបង្រៀនណាមួយក្នុងគម្ពីរដែលប្រហែលជាមានឥទ្ធិពលលើជីវិតរបស់អ្នក អ្នកអាចសួរអ្នកចាស់ទុំក្នុងក្រុមជំនុំឬគ្រិស្តសាសនិកឯទៀតដែលមានភាពចាស់ទុំដើម្បីជួយអ្នក។ គ្រិស្តសាសនិកម្នាក់នៅសម័យគម្ពីរត្រូវការជំនួយដើម្បីយល់សេចក្ដីពិតកាន់តែត្រឹមត្រូវ។ គាត់ឈ្មោះអាប៉ូឡុស។
១០, ១១. (ក) តើជំនួយដែលអាប៉ូឡុសបានទទួលធ្វើឲ្យគាត់ក្លាយជាអ្នកផ្សាយដំណឹងល្អកាន់តែប្រសើរជាងយ៉ាងដូចម្ដេច? (ខ) តើយើងរៀនអ្វីពីកំណត់ហេតុអំពីអាប៉ូឡុស? (សូមមើលប្រអប់ដែលមានចំណងជើងថា «តើសេចក្ដីបង្រៀនរបស់អ្នកគឺថ្មីបំផុតឬទេ?»)
១០ អាប៉ូឡុសគឺជាគ្រិស្តសាសនិកម្នាក់ដែលជាជនជាតិយូដាដែលបាន«ស្គាល់បទគម្ពីរច្បាស់»ហើយ«មានចិត្តខ្នះខ្នែង»។ សៀវភៅសកម្មភាពចែងអំពីគាត់ថា៖ «គាត់មានចិត្តខ្នះខ្នែងដោយក្ដីរំភើប ក៏បាននិយាយនិងបង្រៀនយ៉ាងត្រឹមត្រូវអំពីលោកយេស៊ូ ប៉ុន្តែគាត់ស្គាល់តែការជ្រមុជទឹករបស់យ៉ូហានប៉ុណ្ណោះ»។ ដោយមិនដឹងខ្លួន អាប៉ូឡុសបានបង្រៀនសេចក្ដីបង្រៀនចាស់អំពីការជ្រមុជទឹក។ ក្រោយពីបានឮអ្វីដែលគាត់បង្រៀននៅក្រុងអេភេសូរ ប្ដីប្រពន្ធគ្រិស្តសាសនិកមួយគូឈ្មោះព្រីស៊ីលនិងអាគីឡាបានពន្យល់គាត់អំពី«ផ្លូវរបស់ព្រះឲ្យគាត់យល់បានត្រឹមត្រូវជាង»។ (សកម្ម. ១៨:២៤-២៦) តើអាប៉ូឡុសបានទទួលប្រយោជន៍អ្វីខ្លះ?
១១ ក្រោយពីបានផ្សព្វផ្សាយនៅក្រុងអេភេសូរ អាប៉ូឡុសបានទៅខេត្តអាខេយ៉ា។ «ពេលដែលគាត់ទៅដល់[ទីនោះ] គាត់បានជួយយ៉ាងច្រើនដល់អស់អ្នកដែលបានជឿដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ ព្រោះដោយចិត្តខ្នះខ្នែង គាត់បញ្ជាក់យ៉ាងសព្វគ្រប់ជាសាធារណៈថា ជនជាតិយូដាគឺខុស ក៏បង្ហាញពីបទគម្ពីរថាលោកយេស៊ូគឺជាគ្រិស្ត»។ (សកម្ម. ១៨:២៧, ២៨) តាំងពីពេលនោះមក អាប៉ូឡុសអាចពន្យល់យ៉ាងត្រឹមត្រូវនូវអត្ថន័យនៃការជ្រមុជទឹកដើម្បីក្លាយជាគ្រិស្តសាសនិក។ ដោយមានការយល់ដឹងកាន់តែច្រើន គាត់បានជួយអ្នកថ្មី«យ៉ាងច្រើន»ឲ្យរីកចម្រើនក្នុងការគោរពប្រណិប័តន៍ពិត។ តើយើងអាចរៀនអ្វីពីកំណត់ហេតុនេះ? ដូចអាប៉ូឡុស យើងខំប្រឹងយល់អ្វីដែលយើងអានក្នុងគម្ពីរ។ ប៉ុន្តែ ពេលដែលបងប្អូនរួមជំនឿដែលមានបទពិសោធន៍ច្រើនជូនយោបល់អំពីរបៀបបង្រៀនដែលមានប្រសិទ្ធភាពច្រើនជាង យើងចង់ទទួលជំនួយនោះដោយចិត្តរាបទាបនិងដោយការដឹងគុណ។ ប្រសិនបើយើងធ្វើដូច្នេះ យើងនឹងបំពេញកិច្ចបម្រើពិសិដ្ឋរបស់យើងកាន់តែមានប្រសិទ្ធភាព។
ចូរប្រើអ្វីដែលអ្នកបានរៀនដើម្បីជួយអ្នកឯទៀត
១២, ១៣. តើតាមរបៀបណាយើងអាចប្រើបទគម្ពីរតាមរបៀបដ៏សប្បុរសដើម្បីជួយសិស្សគម្ពីរឲ្យជឿនទៅមុខ?
១២ ដូចព្រីស៊ីល អាគីឡា អាប៉ូឡុស យើងអាចជួយអ្នកឯទៀត។ ពេលដែលអ្នកជួយលើកទឹកចិត្តអ្នកចាប់អារម្មណ៍ឲ្យយកឈ្នះឧបសគ្គផ្សេងៗដើម្បីឲ្យគាត់ជឿនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ តើអ្នកមានអារម្មណ៍យ៉ាងណា? ឬបើអ្នកជាអ្នកចាស់ទុំម្នាក់ តើអ្នកមានអារម្មណ៍យ៉ាងណាពេលបងប្អូនរួមជំនឿអរគុណអ្នកចំពោះឱវាទរបស់អ្នកដែលមានមូលដ្ឋានលើបទគម្ពីរដែលបានជួយគាត់ក្នុងគ្រាលំបាក? ការប្រើបណ្ដាំរបស់ព្រះដើម្បីជួយអ្នកឯទៀតឲ្យមានជីវិតកាន់តែប្រសើរ ច្បាស់ជាធ្វើឲ្យយើងស្កប់ចិត្តនិងមានអំណរ។a សូមកត់សម្គាល់នូវរបៀបដែលអ្នកអាចសម្រេចគោលដៅនោះ។
១៣ ស្តីអំពីការគោរពប្រណិប័តន៍ពិតនិងការគោរពប្រណិប័តន៍មិនពិត ជនជាតិអ៊ីស្រាអែលភាគច្រើននៅសម័យអេលីយ៉ាមានចិត្តស្ទាក់ស្ទើរ។ ឱវាទដែលអេលីយ៉ាបានឲ្យចំពោះមនុស្សទាំងនោះអាចជួយសិស្សគម្ពីរដែលមានចិត្តស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ដែលអាចនាំឲ្យពួកគេមិនជឿនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ។ (សូមអាន ពង្សាវតារក្សត្រទី១ ១៨:២១) សូមពិចារណាអំពីស្ថានភាពមួយទៀត: ប្រសិនបើអ្នកចាប់អារម្មណ៍ខ្លាចមិត្តភក្ដិនិងក្រុមគ្រួសាររបស់ពួកគេរិះគន់ដោយសារពួកគេរៀនគម្ពីរ អ្នកប្រហែលជាអាចលើកទឹកចិត្តពួកគេឲ្យតាំងចិត្តបម្រើព្រះយេហូវ៉ាដោយពិចារណាបទគម្ពីរនៅអេសាយ ៥១:១២, ១៣ (សូមអាន)។
១៤. តើអ្វីនឹងជួយអ្នកឲ្យចាំបទគម្ពីរ ពេលដែលអ្នកត្រូវការប្រើបទគម្ពីរទាំងនោះដើម្បីជួយអ្នកឯទៀត?
១៤ យើងអាចឃើញច្បាស់ថា គម្ពីរមានពាក្យជាច្រើនដែលអាចលើកទឹកចិត្ត កែតម្រង់ ឬពង្រឹងកម្លាំងចិត្តអ្នកអាន។ ប៉ុន្តែអ្នកប្រហែលជាឆ្ងល់ថា តើតាមរបៀបណាអ្នកអាចដឹងថាត្រូវប្រើបទគម្ពីរណា ពេលអ្នកត្រូវការបទគម្ពីរនោះ។ សូមអានគម្ពីរ ហើយរំពឹងគិតអំពីគំនិតរបស់ព្រះជារៀងរាល់ថ្ងៃ។ ដោយធ្វើដូច្នេះ បន្ដិចម្ដងៗអ្នកនឹងស្គាល់បទគម្ពីរ ហើយព្រះយេហូវ៉ាអាចប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីជួយអ្នកឲ្យចាំអ្វីដែលបទគម្ពីរចែង។—ម៉ាកុស ១៣:១១; សូមអាន យ៉ូហាន ១៤:២៦b
១៥. តើអ្វីនឹងជួយអ្នកឲ្យយល់បណ្ដាំរបស់ព្រះកាន់តែច្បាស់?
១៥ ដូចស្តេចសាឡូម៉ូន សូមអធិដ្ឋានសុំប្រាជ្ញាពីព្រះយេហូវ៉ាដើម្បីបំពេញភារកិច្ចផ្សេងៗខាងការគោរពប្រណិប័តន៍ព្រះ។ (២រប. ១:៧-១០) ដូចអ្នកប្រកាសទំនាយសម័យបុរាណបានធ្វើ សូម«ព្យាយាមសួរឲ្យដឹង ហើយ . . . ស្រាវជ្រាវយ៉ាងហ្មត់ចត់»អំពីបណ្ដាំរបស់ព្រះដើម្បីមានចំណេះត្រឹមត្រូវអំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោក។ (១ពេ. ១:១០-១២) សាវ័កប៉ូលបានលើកទឹកចិត្តធីម៉ូថេឲ្យបំពាក់បំប៉នខ្លួនដោយ«ពាក្យនៃជំនឿ . . . និងនៃសេចក្ដីបង្រៀនដ៏ល្អប្រសើរ»។ (១ធី. ៤:៦) ប្រសិនបើអ្នកបន្តសិក្សាគម្ពីរ អ្នកនឹងកាន់តែយល់ច្បាស់ជាង ហើយអ្នកនឹងចេះប្រើគម្ពីរដើម្បីជួយអ្នកឯទៀត។ នៅដំណាលគ្នានោះ អ្នកនឹងពង្រឹងជំនឿរបស់អ្នក។
ការអានគម្ពីរជួយការពារយើង
១៦. (ក) តើជនជាតិយូដានៅក្រុងបេរៀទទួលប្រយោជន៍អ្វីខ្លះពីការ«ពិនិត្យមើលបទគម្ពីររាល់ថ្ងៃ»? (ខ) សព្វថ្ងៃនេះ ហេតុអ្វីការពិនិត្យមើលបទគម្ពីររាល់ថ្ងៃគឺសំខាន់ចាំបាច់សម្រាប់យើង?
១៦ ជនជាតិយូដានៅក្រុងបេរៀនៃស្រុកម៉ាសេដូន មានទម្លាប់«ពិនិត្យមើលបទគម្ពីររាល់ថ្ងៃ»។ ពេលដែលប៉ូលផ្សព្វផ្សាយដំណឹងល្អដល់ជនជាតិយូដាទាំងនោះ ពួកគេបានប្រៀបធៀបពាក្យរបស់គាត់នឹងចំណេះពីបទគម្ពីរដែលពួកគេមាន។ តើមានលទ្ធផលយ៉ាងណា? ជនជាតិយូដាជាច្រើននាក់បានជឿថាប៉ូលបង្រៀនសេចក្ដីពិត ហើយពួកគេ«បានទៅជាអ្នកជឿ»។ (សកម្ម. ១៧:១០-១២) នេះបង្ហាញថា ការអានគម្ពីរជួយឲ្យមានជំនឿរឹងមាំលើព្រះយេហូវ៉ា។ ជំនឿបែបនេះដែលជា«ការទុកចិត្តដោយមានទីសំអាងមាំមួន»គឺសំខាន់ចាំបាច់ដើម្បីឲ្យយើងអាចរួចជីវិត ហើយចូលក្នុងពិភពលោកថ្មីរបស់ព្រះ។—ហេ. ១១:១
១៧, ១៨. (ក) តើជំនឿរឹងមាំនិងសេចក្ដីស្រឡាញ់អាចជួយការពារចិត្តរបស់គ្រិស្តសាសនិកម្នាក់យ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាសេចក្ដីសង្ឃឹមជួយការពារយើងពីគ្រោះថ្នាក់?
១៧ ដោយមានមូលហេតុត្រឹមត្រូវ ប៉ូលសរសេរថា៖ «ចំណែកយើងដែលនៅខាងថ្ងៃវិញ ចូរឲ្យយើងដឹងខ្លួនជានិច្ច ហើយពាក់ជំនឿនិងសេចក្ដីស្រឡាញ់ជាអាវការពារដើមទ្រូង ថែមទាំងពាក់សេចក្ដីសង្ឃឹមលើសេចក្ដីសង្គ្រោះជាមួកការពារក្បាល»។ (១ថែ. ៥:៨) ទាហានត្រូវការពារបេះដូងរបស់គាត់ពីពួកសត្រូវ។ ស្រដៀងគ្នាដែរ គ្រិស្តសាសនិកត្រូវការពារចិត្តរបស់ពួកគាត់ពីឥទ្ធិពលនៃភាពខុសឆ្គង។ ពេលគ្រិស្តសាសនិកម្នាក់ពង្រឹងជំនឿរឹងមាំលើសេចក្ដីសន្យារបស់ព្រះ ហើយមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះលោកនិងអ្នកឯទៀត នោះគាត់អាចការពារចិត្តរបស់គាត់។ គាត់នឹងធ្វើអ្វីៗទាំងអស់ដែលគាត់អាចធ្វើបានដើម្បីនៅតែទទួលការពេញចិត្តពីព្រះ។
១៨ ប៉ូលក៏បានរៀបរាប់ដែរអំពី«សេចក្ដីសង្ឃឹមលើសេចក្ដីសង្គ្រោះ»ជាមួកការពារក្បាល។ ទាហាននៅសម័យគម្ពីរអាចស្លាប់យ៉ាងងាយក្នុងចម្បាំង បើគាត់គ្មានអ្វីការពារក្បាល។ ពេលដែលយើងបណ្ដុះសេចក្ដីសង្ឃឹមរឹងមាំលើព្រះយេហូវ៉ាថាលោកមានសមត្ថភាពសង្គ្រោះយើង សេចក្ដីសង្ឃឹមនេះអាចជួយការពារគំនិតរបស់យើង។ សេចក្ដីសង្ឃឹមដ៏រឹងមាំជួយយើងឲ្យបដិសេធអ្នកក្បត់ជំនឿនិង«សម្ដីអសារឥតការ»របស់ពួកគេ ដែលអាចរាលដាលក្នុងក្រុមជំនុំប្រៀបដូចជាជំងឺ។ (២ធី. ២:១៦-១៩) សេចក្ដីសង្ឃឹមរបស់យើងក៏នឹងជួយយើងឲ្យបដិសេធពួកអ្នកដែលអាចនាំឲ្យយើងប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាផ្ដន្ទាទោស។
ការអានគម្ពីរនឹងជួយយើងឲ្យរួចជីវិតនៅគ្រាចុងក្រោយបង្អស់
១៩, ២០. ហេតុអ្វីយើងឲ្យតម្លៃយ៉ាងខ្លាំងចំពោះបណ្ដាំរបស់ព្រះ ហើយតើយើងបង្ហាញថាយើងដឹងគុណព្រះចំពោះបណ្ដាំរបស់លោកយ៉ាងដូចម្ដេច? (សូមមើលប្រអប់ដែលមានចំណងជើងថា «ព្រះយេហូវ៉ាឲ្យខ្ញុំនូវអ្វីដែលខ្ញុំត្រូវការ»)
១៩ កាលដែលទីបញ្ចប់កាន់តែជិតមកដល់ នោះយើងកាន់តែត្រូវពឹងលើបណ្ដាំរបស់ព្រះយេហូវ៉ា។ ឱវាទដែលយើងទទួលពីបណ្ដាំរបស់ព្រះអាចជួយយើងឲ្យកែប្រែទម្លាប់អាក្រក់ និងគ្រប់គ្រងទំនោរចិត្តរបស់យើងទៅធ្វើអំពើខុសឆ្គង។ ដោយមានការលើកទឹកចិត្តនិងការសម្រាលទុក្ខពីបទគម្ពីរ យើងនឹងអាចឆ្លងផុតការសាកល្បងទាំងឡាយរបស់សាថាននិងពិភពលោករបស់វា។ ដោយមានការណែនាំដែលព្រះយេហូវ៉ាផ្ដល់ឲ្យក្នុងបណ្ដាំរបស់លោក យើងនឹងស្ថិតក្នុងផ្លូវដែលនាំទៅដល់ជីវិត។
២០ សូមចាំថា បំណងប្រាថ្នារបស់ព្រះគឺឲ្យ«មនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ»។ នេះរួមបញ្ចូលអ្នកបម្រើរបស់លោកទាំងអស់ ព្រមទាំងពួកអ្នកដែលសុខចិត្តស្ដាប់ដំណឹងល្អ ពេលយើងផ្សព្វផ្សាយនិងបង្រៀនដល់ពួកគេ។ ប៉ុន្តែអស់អ្នកដែលចង់ទទួលសេចក្ដីសង្គ្រោះ ត្រូវមាន«ចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។ (១ធី. ២:៤) យើងត្រូវអានគម្ពីរនិងធ្វើតាមការណែនាំក្នុងគម្ពីរ ប្រសិនបើយើងចង់រួចជីវិត។ ការអានគម្ពីរជារៀងរាល់ថ្ងៃបង្ហាញថាយើងឲ្យតម្លៃយ៉ាងខ្លាំងចំពោះបណ្ដាំរបស់ព្រះយេហូវ៉ាដែលជាសេចក្ដីពិត។—យ៉ូន. ១៧:១៧
a យើងមិនប្រើឱវាទពីគម្ពីរដើម្បីបង្ខិតបង្ខំឬផ្ដន្ទាទោសអ្នកឯទៀតឡើយ។ យើងគួរបង្ហាញចិត្តអត់ធ្មត់និងចិត្តសប្បុរសចំពោះសិស្សគម្ពីរដូចដែលព្រះយេហូវ៉ាបានបង្ហាញចំពោះយើងដែរ។—ទំនុក. ១០៣:៨
b ចុះយ៉ាងណាបើអ្នកចាំពាក្យសំខាន់នៃបទគម្ពីរណាមួយ ប៉ុន្តែអ្នកមិនចាំឈ្មោះសៀវភៅ ជំពូក និងខ? អ្នកអាចមើលពាក្យទាំងនោះក្នុងលិបិក្រមពាក្យសំខាន់ៗក្នុងគម្ពីរដែលនៅខាងក្រោយគម្ពីរ។