បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/២ ទំ. ២១-២៥
  • ព្រះយេហូវ៉ាជាមិត្តសម្លាញ់ដ៏ល្អបំផុតរបស់យើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាជាមិត្តសម្លាញ់ដ៏ល្អបំផុតរបស់យើង
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ‹អាប្រាហាំ​ជា​សម្លាញ់​របស់​អញ›
  • ​«​ព្រះ​យេហូវ៉ា​គឺ​ជា​សេចក្ដី​សុខសាន្ត​»​
  • ‹តើ​អ្នក​ណា​នឹង​នៅ​ក្នុង​រោង​ឧបោសថ​របស់​ព្រះ​យេហូវ៉ា›?
  • ចូរ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា
  • សហការ​ជា​មួយ​មិត្ត​ដ៏​ល្អ​បំផុត​របស់​យើង
  • មិត្ត​ភក្ដិ​ប្រាស្រ័យ​ទាក់​ទង​គ្នា
  • អ្នកចាស់ទុំទាំងឡាយ ចូររៀនពីគំរូរបស់គេឌាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • អ្នកអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • គេឌាននិងពួកបុរស៣០០នាក់របស់គាត់
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • គេឌានបានវាយឈ្នះពួកម៉ាឌាន
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/២ ទំ. ២១-២៥

ព្រះ​យេហូវ៉ា​ជា​មិត្ត​សម្លាញ់​ដ៏​ល្អ​បំផុត​របស់​យើង

​«​[​អាប្រាហាំ​]បាន​ត្រូវ​ហៅ​ថា‹សម្លាញ់​របស់​ព្រះ​យេហូវ៉ា›​»។—យ៉ា. ២:២៣

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​មិត្តភាព​រវាង​អ្នក​និង​ព្រះ​យេហូវ៉ា​មាន​មូលដ្ឋាន​លើ​អ្វី?

  • យោង​ទៅ​តាម​ទំនុក​តម្កើង ១៥:៣, ៥ តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង​ដើម្បី​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក?

  • តើ​អ្វី​នឹង​ជួយ​យើង​និយាយ​អំពី​អារម្មណ៍​របស់​យើង​ប្រាប់​ព្រះ​ដែល​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​យើង?

១​. ដោយ​សារ​យើង​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​លក្ខណៈ​ដូច​លោក តើ​យើង​មាន​សមត្ថភាព​អ្វី​ខ្លះ?

​«​ឪពុក​យ៉ាង​ណា កូន​យ៉ាង​នោះ​»​គឺ​ជា​ពាក្យ​ដែល​គេ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត។ ពិត​មែន កូន​ក្មេង​ជា​ច្រើន​ដូច​ឪពុក​ម្ដាយ​របស់​ពួក​គេ​យ៉ាង​ខ្លាំង។ យ៉ាង​ណា​មិញ កូន​ម្នាក់​ៗ​ទទួល​លក្ខណៈ​ពី​ឪពុក​និង​ម្ដាយ​របស់​គាត់។ ព្រះ​យេហូវ៉ា​ជា​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​គឺ​ជា​អ្នក​ផ្ដល់​ជីវិត។ (​ទំនុក. ៣៦:៩​) មនុស្ស​ដែល​ជា​កូន​របស់​លោក​ដែល​រស់​នៅ​ផែន​ដី គឺ​ដូច​លោក​មួយ​កម្រិត។ ដោយ​សារ​យើង​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​លក្ខណៈ​ដូច​លោក យើង​មាន​សមត្ថភាព​ត្រិះរិះ ចេះ​សន្និដ្ឋាន ចេះ​បង្កើត​និង​រក្សា​មិត្តភាព។—លោ. ១:២៦

២​. តើ​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​មាន​មូលដ្ឋាន​លើ​អ្វី?

២ ព្រះ​យេហូវ៉ា​អាច​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​យើង។ មិត្តភាព​បែប​នេះ​មាន​មូលដ្ឋាន​ទៅ​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង​និង​ជំនឿ​របស់​យើង​លើ​លោក​និង​បុត្រ​របស់​លោក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពីព្រោះ​ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។ (​យ៉ូន. ៣:១៦​) មាន​គំរូ​ជា​ច្រើន​របស់​ពួក​អ្នក​ដែល​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ យើង​នឹង​ពិចារណា​គំរូ​ពីរ​ក្នុង​ចំណោម​គំរូ​ទាំង​នេះ។

‹អាប្រាហាំ​ជា​សម្លាញ់​របស់​អញ›

៣, ៤​. តើ​អ្វី​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​រវាង​អាប្រាហាំ​និង​ព្រះ​យេហូវ៉ា​ខុស​គ្នា​ពី​ចំណង​មិត្តភាព​រវាង​ជន​ជាតិ​អ៊ីស្រាអែល​និង​លោក?

៣ ព្រះ​យេហូវ៉ា​បាន​និយាយ​អំពី​បុព្វ​បុរស​របស់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​អ័ប្រាហាំ​ដ៏​ជា​សំ​ឡាញ់​របស់​អញ​»។ (​អេ. ៤១:៨​) របាក្សត្រទី២ ២០:៧ ក៏​ហៅ​អាប្រាហាំ​ថា​ជា​មិត្ត​របស់​ព្រះ​ដែរ។ តើ​អ្វី​ធ្វើ​ឲ្យ​អាប្រាហាំ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​ដែល​ជា​អ្នក​បង្កើត​គាត់? គឺ​ជំនឿ​របស់​អាប្រាហាំ។—លោ. ១៥:៦; សូម​អាន យ៉ាកុប ២:២១​-​២៣

៤ ដើម​ឡើយ កូន​ចៅ​អាប្រាហាំ​ដែល​បាន​ក្លាយ​ទៅ​ជា​ប្រជាជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ​មាន​ព្រះ​យេហូវ៉ា​ជា​បិតា​និង​មិត្ត​របស់​ពួក​គេ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ណាស់​ដែល​ពួក​គេ​បាន​បាត់បង់​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ ហេតុ​អ្វី? ពីព្រោះ​ពួក​គេ​មិន​បាន​បន្ត​បង្ហាញ​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ទេ។

៥, ៦​. (​ក​) តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ក្លាយ​ទៅ​ជា​មិត្ត​របស់​អ្នក? (​ខ​) តើ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សំណួរ​អ្វី​ខ្លះ?

៥ កាល​ណា​អ្នក​កាន់​តែ​រៀន​អំពី​ព្រះ​យេហូវ៉ា ជំនឿ​របស់​អ្នក​គឺ​កាន់​តែ​មាំ​មួន ហើយ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​លោក​គឺ​កាន់​តែ​ជ្រាល​ជ្រៅ។ សូម​គិត​អំពី​ពេល​ដែល​អ្នក​បាន​ស្វែង​យល់​ថា​ព្រះ​ជា​បុគ្គល​ពិត​ប្រាកដ​មួយ​រូប ដែល​អ្នក​អាច​បណ្ដុះ​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ អ្នក​ក៏​បាន​រៀន​ដែរ​ថា​យើង​ទាំង​អស់​គ្នា​បាន​កើត​មក​ដោយ​មាន​ភាព​ខុស​ឆ្គង ដោយ​សារ​អាដាម​មិន​ស្ដាប់​បង្គាប់​ព្រះ។ អ្នក​បាន​យល់​ថា​មនុស្សជាតិ​ទាំង​មូល​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ។ (​កូឡ. ១:២១​) ក្រោយ​មក អ្នក​បាន​យល់​ថា​បិតា​របស់​យើង​ដែល​មាន​សេចក្ដី​ស្រឡាញ់ ដែល​នៅ​ស្ថាន​សួគ៌​មិន​មែន​ជា​បុគ្គល​ដែល​នៅ​ឆ្ងាយ​ពី​យើង ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​នោះ​ឡើយ។ ពេល​យើង​បាន​រៀន​អំពី​ការ​រៀបចំ​ឲ្យ​មាន​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ ហើយ​បង្ហាញ​ជំនឿ​លើ​ការ​រៀបចំ​នោះ យើង​បាន​ចាប់​ផ្ដើម​បង្កើត​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។

៦ ឥឡូវ​នេះ​កាល​ដែល​យើង​គិត​អំពី​អតីតកាល យើង​គួរ​សួរ​ខ្លួន​យើង​ថា ‹តើ​មិត្តភាព​រវាង​ខ្ញុំ​និង​ព្រះ​កំពុង​ជឿន​ទៅ​មុខ​ឬ​ទេ? តើ​ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​លោក​យ៉ាង​ខ្លាំង ហើយ​តើ​សេចក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​មាន​ចំពោះ​ព្រះ​យេហូវ៉ា​ជា​មិត្ត​របស់​ខ្ញុំ​កាន់​តែ​ខ្លាំង​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ឬ​ទេ?›។ បុគ្គល​ម្នាក់​ទៀត​នៅ​សម័យ​បុរាណ​ដែល​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​គឺ​គេឌាន។ ចូរ​យើង​ពិចារណា​អំពី​គំរូ​ដ៏​ប្រសើរ​របស់​គាត់ ហើយ​ធ្វើ​តាម​គំរូ​នោះ។

​«​ព្រះ​យេហូវ៉ា​គឺ​ជា​សេចក្ដី​សុខសាន្ត​»​

៧​-​៩​. (​ក​) តើ​គេឌាន​មាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​អ្វី ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា? (​សូម​មើល​រូបភាព​នៅ​ដើម​អត្ថបទ​)។ (​ខ​) តើ​តាម​របៀប​ណា​យើង​អាច​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

៧ គេឌាន​ដែល​ជា​ចៅ​ក្រម​បាន​បម្រើ​ព្រះ​យេហូវ៉ា​នៅ​គ្រា​ដ៏​ច្របូក​ច្របល់​មួយ​ក្នុង​ប្រវត្ដិសាស្ត្រ​អ៊ីស្រាអែល​ក្រោយ​ពី​ប្រជាជាតិ​នោះ​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា។ សៀវភៅ​ចៅហ្វាយ ជំពូក​ទី​៦​រៀប​រាប់​ថា​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​មក​ជួប​គេឌាន​នៅ​អូប្រា។ នៅ​ពេល​នោះ ជន​ជាតិ​ម៉ាឌាន​ដែល​ជា​ជន​ជាតិ​ជិត​ខាង​ពិត​ជា​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ៊ីស្រាអែល​មែន។ អាស្រ័យ​ហេតុ​នេះ គេឌាន​មិន​បាន​បោក​ស្រូវ​សាលី​នៅ​វាល​ទេ តែ​បោក​នៅ​កន្លែង​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​ដើម្បី​ធ្វើ​ស្រា ជា​កន្លែង​ដែល​គាត់​អាច​លាក់​យ៉ាង​លឿន​នូវ​គ្រាប់​ស្រូវ​ដ៏​មាន​តម្លៃ​បាន។ គេឌាន​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​ទេវតា​នោះ​បាន​លេច​មក ហើយ​បាន​ហៅ​គាត់​ថា​ជា​«​អ្នក​ពូកែ​ក្លាហាន​»។ ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីប​ក៏​ដោយ គេឌាន​មិន​ជឿ​ថា​លោក​នឹង​ជួយ​ពួក​គេ​នៅ​ពេល​នេះ​ទេ។ ដោយ​និយាយ​តាង​នាម​នៃ​ព្រះ​ដែល​ជា​អ្នក​បង្កើត ទេវតា​នោះ​ពង្រឹង​ទំនុក​ចិត្ត​របស់​គេឌាន​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​គាំ​ទ្រ​គាត់។

៨ គេឌាន​បាន​ឆ្ងល់​ថា​គាត់​នឹង​«​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រាអែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ម៉ាឌាន​»​តាម​របៀប​ណា។ គាត់​បាន​ទទួល​ចម្លើយ​យ៉ាង​ចំ​ៗ​គឺ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ឯង​នឹង​វាយ​សាសន៍​ម៉ាឌាន​ដូច​ជា​វាយ​ដល់​មនុស្ស​តែ​ម្នាក់​»។ (​ចៅ. ៦:១១​-​១៦​) ដោយ​សារ​គេឌាន​ទំនង​ជា​សង្ស័យ​អំពី​របៀប​ដែល​នេះ​នឹង​កើត​ឡើង នោះ​គាត់​បាន​សុំ​សញ្ញា​សម្គាល់​មួយ​ពី​ព្រះ។ សូម​កត់​សម្គាល់​នៅ​ក្នុង​ការ​សន្ទនា​នេះ​ថា គេឌាន​ច្បាស់​ជា​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ពិត​មួយ​រូប។

៩ អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​មក​បាន​ពង្រឹង​ជំនឿ​របស់​គេឌាន ហើយ​បាន​នាំ​ឲ្យ​គាត់​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះ។ គេឌាន​បាន​រៀបចំ​ម្ហូប​អាហារ ហើយ​ជូន​ទេវតា​នោះ​ពិសា។ បន្ទាប់​មក​ទេវតា​នោះ​បាន​ធ្វើ​ឲ្យ​អាហារ​ឆេះ​អស់​រលីង​ដោយ​អព្ភូតហេតុ ដោយ​លូក​ចុង​ដំបង​ទៅ​ប៉ះ​នឹង​អាហារ​នោះ។ ពេល​គេឌាន​យល់​ថា​ទេវតា​នោះ​ពិត​ជា​តំណាង​ព្រះ​យេហូវ៉ា​មែន គាត់​ចាប់​ផ្ដើម​ភិត​ភ័យ។ គេឌាន​បាន​បន្លឺ​សម្លេង​ថា​៖ ​«​វរហើយ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​អម្ចាស់​អើយ ដ្បិត​ទូល​បង្គំ​បាន​ឃើញ​ទេវតា​នៃ​ព្រះ​យេហូវ៉ា​នៅ​ប្រទល់​មុខ!​»។ (​ចៅ. ៦:១៧​-​២២​) តើ​បទ​ពិសោធន៍​នោះ​បាន​បង្ខូច​ចំណង​មិត្តភាព​រវាង​គេឌាន​និង​ព្រះ​យេហូវ៉ា​ឬ? មិន​មែន​ទាល់​តែ​សោះ! គេឌាន​មាន​សេចក្ដី​សុខសាន្ត​ជា​មួយ​នឹង​ព្រះ។ យើង​ដឹង​រឿង​នេះ​ដោយ​សារ​ទី​បូជា​ដែល​គេឌាន​បាន​សង់​នៅ​កន្លែង​នោះ​មាន​ឈ្មោះ​ថា​«​យេហូវ៉ា​-​សាឡិម​»។ ឈ្មោះ​នោះ​ជា​ភាសា​ហេប្រឺ​មាន​ន័យ​ថា ​«​ព្រះ​យេហូវ៉ា​គឺ​ជា​សេចក្ដី​សុខសាន្ត​»។ (​សូម​អាន ពួកចៅហ្វាយ ៦:២៣, ២៤​) ពេល​យើង​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ដើម្បី​យើង​ជា​រៀង​រាល់​ថ្ងៃ យើង​ដឹង​ថា​លោក​ជា​មិត្ត​ពិត​ប្រាកដ។ ការ​អធិដ្ឋាន​ជា​ទៀង​ទាត់​ទៅ​ព្រះ ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​អារម្មណ៍​សុខសាន្ត ហើយ​ចំណង​មិត្តភាព​រវាង​យើង​និង​លោក​គឺ​កាន់​តែ​មាំ​មួន។

‹តើ​អ្នក​ណា​នឹង​នៅ​ក្នុង​រោង​ឧបោសថ​របស់​ព្រះ​យេហូវ៉ា›?

១០​. យោង​ទៅ​តាម​ទំនុក​តម្កើង ១៥:៣, ៥ តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​យើង បើ​យើង​ចង់​ធ្វើ​ជា​មិត្ត​របស់​លោក?

១០ ព្រះ​យេហូវ៉ា​មាន​តម្រូវ​ការ​ជាក់​លាក់​ចំពោះ​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​មិត្ត​របស់​លោក។ ដូច​បាន​កត់​ទុក​នៅ​ទំនុក​ទី​១៥ ដាវីឌ​បាន​ច្រៀង​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​យើង​អាច‹នៅ​ក្នុង​រោង​ឧបោសថ​របស់​ព្រះ​យេហូវ៉ា› ដែល​មាន​ន័យ​ថា​យើង​ធ្វើ​ជា​មិត្ត​របស់​ព្រះ។ (​ទំនុក. ១៥:១​) ឥឡូវ​ចូរ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​តម្រូវ​ការ​ពីរ​យ៉ាង គឺ​ការ​ជៀស​វាង​បង្កាច់​បង្ខូច​និង​ការ​ប្រព្រឹត្ត​ទៀង​ត្រង់។ ស្តី​អំពី​រឿង​នេះ ដាវីឌ​បាន​និយាយ​អំពី​មនុស្ស​ម្នាក់​ដែល​នៅ​ក្នុង​រោង​ឧបោសថ​របស់​ព្រះ​យេហូវ៉ា​ថា​៖ ​«​ជា​អ្នក​ដែល​មិន​ពោល​បង្កាច់​ដោយ​អណ្ដាត . . . ក៏​មិន​ទទួល​សំណូក​ទាស់​នឹង​មនុស្ស​ឥត​មាន​ទោស​»។—ទំនុក. ១៥:៣, ៥

១១​. ហេតុ​អ្វី​យើង​ត្រូវ​ជៀស​វាង​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត?

១១ នៅ​ទំនុក​មួយ​ទៀត ដាវីឌ​បាន​ព្រមាន​ថា​៖ ​«​ត្រូវ​ឲ្យ​រក្សា​អណ្ដាត​ខ្លួន​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​»។ (​ទំនុក. ៣៤:១៣​) ការ​មិន​ធ្វើ​តាម​ឱវាទ​នេះ​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សរសេរ​នឹង​ធ្វើ​ឲ្យ​យើង​នៅ​ដាច់​ឆ្ងាយ​ពី​បិតា​ដ៏​សុចរិត​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌។ តាម​ការ​ពិត ការ​បង្កាច់​បង្ខូច​គឺ​ជា​លក្ខណៈ​សម្គាល់​នៃ​សាថាន​ដែល​ជា​សត្រូវ​ធំ​របស់​ព្រះ​យេហូវ៉ា។ ពាក្យ​ថា​«​មេកំណាច​»​គឺ​មក​ពី​ពាក្យ​ភាសា​ក្រិច​ដែល​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»។ កាល​ណា​យើង​គ្រប់​គ្រង​ពាក្យ​សម្ដី​របស់​យើង​ពេល​យើង​និយាយ​ទៅ​កាន់​អ្នក​ឯ​ទៀត​និង​ពេល​យើង​និយាយ​អំពី​ពួក​គេ នេះ​ជួយ​យើង​រក្សា​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ជា​ពិសេស​យើង​ក៏​ត្រូវ​គ្រប់​គ្រង​ចិត្ត​គំនិត​របស់​យើង​ចំពោះ​បុរស​ដែល​បាន​ត្រូវ​តែង​តាំង​នៅ​ក្នុង​ក្រុម​ជំនុំ​ដែរ។—សូម​អាន ហេប្រឺ ១៣:១៧; យូដាស ៨

១២, ១៣​. (​ក​) ហេតុ​អ្វី​យើង​គួរ​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់? (​ខ​) តើ​ការ​ប្រព្រឹត្ត​ទៀង​ត្រង់​របស់​យើង​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ឯ​ទៀត?

១២ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​មនុស្ស​ដែល​ប្រព្រឹត្ត​ទៀង​ត្រង់។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​បន្ត​អធិដ្ឋាន​ឲ្យ​យើង ព្រោះ​យើង​ជឿ​ជាក់​ថា​ចិត្ត​របស់​យើង​នឹង​វិនិច្ឆ័យ​យើង​ថា​គ្មាន​ទោស ព្រោះ​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។ (​ហេ. ១៣:១៨​) ដោយ​សារ​យើង​តាំង​ចិត្ត​«​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»​ យើង​ជៀស​វាង​ទាញ​យក​ប្រយោជន៍​ពី​បង​ប្អូន​គ្រិស្ត​សាសនិក។ ជា​ឧទាហរណ៍ ប្រសិនបើ​ពួក​គាត់​ធ្វើ​ការ​ងារ​ឲ្យ​យើង យើង​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រាកដ​ថា​យើង​ប្រព្រឹត្ត​ទៅ​លើ​ពួក​គាត់​ដោយ​យុត្ដិធម៌ ហើយ​បាន​បើក​ប្រាក់​ឲ្យ​ពួក​គាត់​ស្រប​តាម​កិច្ច​ព្រមព្រៀង​ដែល​យើង​បាន​ធ្វើ​ជា​មួយ​នឹង​ពួក​គាត់។ ជា​គ្រិស្ត​សាសនិក យើង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ទៅ​លើ​និយោជិត​របស់​យើង​និង​ទៅ​លើ​អ្នក​ឯ​ទៀត។ បើ​យើង​ធ្វើ​ការ​ឲ្យ​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់ យើង​ប្រុង​ប្រយ័ត្ន​មិន​ទាញ​យក​ប្រយោជន៍​ពី​គាត់​ដោយ​សុំ​ឯកសិទ្ធិ​ពិសេស​ឡើយ។

១៣ មនុស្ស​ក្នុង​ពិភព​លោក​ច្រើន​តែ​សរសើរ​សាក្សី​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ប្រព្រឹត្ត​ទៀង​ត្រង់​របស់​ពួក​គេ។ ជា​ឧទាហរណ៍ នាយក​ក្រុម​ហ៊ុន​ដ៏​ធំ​មួយ​ខាង​កិច្ច​ការ​សាងសង់​បាន​កត់​សម្គាល់​ថា​សាក្សី​ព្រះ​យេហូវ៉ា​រក្សា​ពាក្យ​សម្ដី​របស់​ពួក​គេ។ គាត់​បាន​និយាយ​ថា​៖ ​«​សាក្សី​ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​បាន​ព្រមព្រៀង​ធ្វើ​»។ (​ទំនុក. ១៥:៤​) ការ​ប្រព្រឹត្ត​បែប​នេះ​ជួយ​យើង​រក្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត នេះ​នាំ​ឲ្យ​បិតា​របស់​យើង​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​នៅ​ស្ថាន​សួគ៌​ទទួល​ការ​សរសើរ។

ចូរ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា

១៤, ១៥​. ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង តើ​តាម​របៀប​ណា​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​ក្លាយ​ទៅ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា?

១៤ ទោះ​ជា​មនុស្ស​ជា​ច្រើន​ដែល​យើង​ជួប​នៅ​កិច្ច​បម្រើ​ផ្សាយ ប្រហែលជា​ជឿ​ថា​មាន​ព្រះ​ក៏​ដោយ ពួក​គេ​មិន​ចាត់​ទុក​លោក​ជា​មិត្ត​ដ៏​ប្រសើរ​បំផុត​របស់​ពួក​គេ​ឡើយ។ តើ​យើង​អាច​ជួយ​ពួក​គេ​យ៉ាង​ដូចម្ដេច? សូម​ពិចារណា​ការ​ណែនាំ​ដែល​លោក​យេស៊ូ​បាន​ឲ្យ​ដល់​អ្នក​កាន់​តាម​លោក​៧០​នាក់ ពេល​លោក​ចាត់​ពួក​គេ​ជា​គូ​ៗ​ដើម្បី​ផ្សព្វ​ផ្សាយ​ថា​៖ ​«​ពេល​ដែល​អ្នក​ចូល​ក្នុង​ផ្ទះ​ណា​មួយ ចូរ​ជូន​ពរ​ជា​មុន​ថា​៖ ‹សូម​ឲ្យ​ផ្ទះ​នេះ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ›។ ប្រសិនបើ​គ្មាន​អ្នក​ណា​ដែល​ចង់​បាន​សេចក្ដី​សុខ​នៅ​ទី​នោះ​ទេ សេចក្ដី​សុខ​ដែល​អ្នក​រាល់​គ្នា​បាន​ជូន​ពរ​នឹង​វិល​មក​ឯ​អ្នក​វិញ។ ប៉ុន្តែ​បើ​អ្នក​ដែល​ចង់​បាន​សេចក្ដី​សុខ​នៅ​ទី​នោះ សេចក្ដី​សុខ​ដែល​អ្នក​រាល់​គ្នា​បាន​ជូន​ពរ​នឹង​កើត​មាន​ដល់​អ្នក​នោះ​»។ (​លូក. ១០:៥, ៦​) យើង​អាច​ទាក់​ទាញ​មនុស្ស​ឲ្យ​មក​សេចក្ដី​ពិត ដោយ​និយាយ​រាក់​ទាក់។ បើ​យើង​និយាយ​បែប​នេះ​ចំពោះ​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​យើង​ដោយ​មាន​ចិត្ត​ខឹង នេះ​ប្រហែលជា​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ស្ងប់ ហើយ​ពួក​គេ​ប្រហែលជា​សុខ​ចិត្ត​ស្ដាប់​សេចក្ដី​ពិត​នៅ​លើក​ក្រោយ។

១៥ ពេល​យើង​ជួប​មនុស្ស​ដែល​មាន​ជំនឿ​យ៉ាង​ខ្លាំង​លើ​សាសនា​មិន​ពិត ឬ​ដែល​ធ្វើ​តាម​ទំនៀម​ទម្លាប់​ដែល​មិន​ស្រប​តាម​បទ​គម្ពីរ យើង​បន្ត​បង្ហាញ​ចិត្ត​សប្បុរស​និង​ចិត្ត​ស្ងប់។ យើង​អញ្ជើញ​មនុស្ស​ទាំង​អស់​យ៉ាង​កក់​ក្ដៅ​ឲ្យ​មក​កិច្ច​ប្រជុំ​របស់​យើង ជា​ពិសេស​មនុស្ស​ដែល​ខក​ចិត្ត​នឹង​ពិភព​លោក​នេះ ហើយ​ដែល​ចង់​រៀន​ថែម​ទៀត​អំពី​ព្រះ​ដែល​យើង​គោរព​ប្រណិប័តន៍។ អត្ថបទ​ដែល​មាន​ជា​បន្ត​បន្ទាប់​ដែល​មាន​ចំណង​ជើង​ថា ​«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»​ផ្ដល់​ឲ្យ​យើង​នូវ​គំរូ​ដ៏​ល្អ​ៗ​ជា​ច្រើន។

សហការ​ជា​មួយ​មិត្ត​ដ៏​ល្អ​បំផុត​របស់​យើង

១៦​. តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា​ផង​និង​ធ្វើ​ជា​«​អ្នក​រួម​ការ​ងារ​»​ជា​មួយ​នឹង​លោក​ផង​ដែរ?

១៦ មនុស្ស​ដែល​សហការ​គ្នា​ច្រើន​តែ​បណ្ដុះ​ចំណង​មិត្តភាព​ជិត​ស្និទ្ធ។ អស់​អ្នក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​មាន​ឯកសិទ្ធិ​ធ្វើ​ជា​មិត្ត​របស់​លោក​ផង​និង​ធ្វើ​ជា​«​អ្នក​រួម​ការ​ងារ​»​ជា​មួយ​នឹង​លោក​ផង​ដែរ។ (​សូម​អាន កូរិនថូសទី១ ៣:៩​) កាល​ដែល​យើង​ផ្សព្វ​ផ្សាយ ហើយ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ យើង​មាន​ការ​យល់​ធ្លុះ​ជ្រៅ​ច្រើន​ជាង​អំពី​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​នៃ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌។ យើង​ឃើញ​របៀប​ដែល​សកម្មពល​បរិសុទ្ធ​របស់​លោក​ជួយ​យើង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។

១៧​. តើ​តាម​របៀប​ណា​សន្និបាត​និង​មហាសន្និបាត​របស់​យើង​បង្ហាញ​យើង​ថា​ព្រះ​យេហូវ៉ា​ជា​មិត្ត​របស់​យើង?

១៧ កាល​ណា​យើង​កាន់​តែ​ចូល​រួម​កិច្ច​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ នោះ​យើង​កាន់​តែ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ យើង​សង្កេត​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​រារាំង​ពួក​អ្នក​ប្រឆាំង​មិន​ឲ្យ​បញ្ឈប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ លោក​ច្បាស់​ជា​ណែនាំ​យើង ហើយ​យើង​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​របៀប​ដែល​លោក​បន្ត​បង្រៀន​យើង​តាម​រយៈ​កិច្ច​ប្រជុំ​និង​សៀវភៅ​របស់​យើង។ នៅ​មហាសន្និបាត​និង​សន្និបាត យើង​ឃើញ​ថា ព្រះ​យេហូវ៉ា​យល់​អំពី​បញ្ហា​និង​សេចក្ដី​ត្រូវ​ការ​របស់​យើង។ ក្នុង​សំបុត្រ​ដែល​សម្ដែង​អំណរ​គុណ​ចំពោះ​មហាសន្និបាត​មួយ ក្រុម​គ្រួសារ​មួយ​បាន​សរសេរ​ថា​៖ ​«​កម្ម​វិធី​នោះ​ពិត​ជា​មាន​ឥទ្ធិពល​មក​លើ​ចិត្ត​របស់​យើង​មែន។ យើង​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ម្នាក់​ៗ​ខ្លាំង​ណាស់ ហើយ​ចង់​ឲ្យ​យើង​មាន​ជោគជ័យ​»។ ក្រោយ​ពី​បាន​ចូល​រួម​មហាសន្និបាត​ពិសេស​នៅ​ប្រទេស​អៀឡង់ ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​មក​ពី​ប្រទេស​អាឡឺម៉ង់​បាន​សម្ដែង​ចិត្ត​កតញ្ញូ​ចំពោះ​របៀប​ដែល​បង​ប្អូន​ទទួល​ស្វាគមន៍​ពួក​គាត់​យ៉ាង​កក់​ក្ដៅ និង​ថែ​រក្សា​ពួក​គាត់ ហើយ​បាន​បន្ថែម​ថា​៖ ​«​ប៉ុន្តែ យើង​ដឹង​គុណ​ខ្លាំង​បំផុត​ចំពោះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​របស់​លោក។ លោក​ទាំង​ពីរ​បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ជា​សមាជិក​នៃ​ប្រជាជាតិ​ដែល​មាន​សាមគ្គី​ភាព​ពិត​ប្រាកដ។ យើង​មិន​ត្រឹម​តែ​និយាយអំពី​សាមគ្គី​ភាព​ប៉ុណ្ណោះ​ទេ តែ​យើង​មាន​សាមគ្គី​ភាព​ជា​រៀង​រាល់​ថ្ងៃ។ បទ​ពិសោធន៍​របស់​យើង​ស្តី​អំពី​មហាសន្និបាត​ពិសេស​នៅ​ក្រុង​ដាប្លិន​នឹង​រំលឹក​យើង​ជា​និច្ច​អំពី​ឯកសិទ្ធិ​ដ៏​មាន​តម្លៃ​ដែល​យើង​មាន​ក្នុង​ការ​បម្រើ​ព្រះ​ដ៏​ឧត្តម​របស់​យើង​ជា​មួយ​នឹង​បង​ប្អូន​ទាំង​អស់​គ្នា​»។

មិត្ត​ភក្ដិ​ប្រាស្រ័យ​ទាក់​ទង​គ្នា

១៨​. ស្តី​អំពី​ការ​ប្រាស្រ័យ​ទាក់​ទង​រវាង​យើង​និង​ព្រះ​យេហូវ៉ា តើ​យើង​គួរ​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី?

១៨ មិត្ត​ភក្ដិ​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា ពេល​ពួក​គេ​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ល្អ។ បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា​និង​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​កំពុង​ពេញ​និយម​នៅ​សម័យ​អ៊ីនធឺណិត​និង​បច្ចេកវិជ្ជា​ទូរគមនាគមន៍។ ប៉ុន្តែ បើ​ប្រៀប​ធៀប​អ្វី​នោះ​ទៅ​នឹង​ការ​ប្រាស្រ័យ​ទាក់​ទង​រវាង​យើង​និង​ព្រះ​យេហូវ៉ា​ដែល​ជា​មិត្ត​ដ៏​ប្រសើរ​បំផុត តើ​យ៉ាង​ណា​ដែរ? ពិត​មែន លោក​ជា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​»។ (​ទំនុក. ៦៥:២​) ប៉ុន្តែ តើ​យើង​ចំណាយ​ពេល​និយាយ​ទៅ​លោក​ញឹក​ញាប់​យ៉ាង​ណា?

១៩​. បើ​យើង​ពិបាក​និយាយ​អំពី​អារម្មណ៍​របស់​យើង​ក្នុង​សេចក្ដី​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា តើ​អ្វី​អាច​ជួយ​យើង?

១៩ អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​មាន​ការ​ពិបាក​ក្នុង​ការ​បើក​ចិត្ត​របស់​ពួក​គេ​និង​ក្នុង​ការ​បង្ហាញ​អារម្មណ៍​ជ្រាល​ជ្រៅ​របស់​ខ្លួន។ ប៉ុន្តែ នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ ពេល​យើង​អធិដ្ឋាន។ (​ទំនុក. ១១៩:១៤៥; បរិ. ៣:៤១​) បើ​យើង​ពិបាក​រក​ពាក្យ​ដើម្បី​រៀប​រាប់​អំពី​អារម្មណ៍​របស់​យើង នោះ​យើង​មាន​ជំនួយ។ ប៉ូល​បាន​សរសេរ​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម​ថា​៖ ​«​ពេល​ដែល​យើង​ត្រូវ​អធិដ្ឋាន យើង​មិន​ដឹង​ថា​គួរ​អធិដ្ឋាន​អំពី​អ្វី​ទេ ប៉ុន្តែ​សកម្មពល​អង្វរ​ឲ្យ​យើង​ដែល​ថ្ងូរ​ក្នុង​ចិត្ត។ តែ​លោក​ដែល​ស្ទង់​មើល​ចិត្ត ជ្រាប​យល់​អំពី​អត្ថ​ន័យ​នៃ​សកម្មពល ពីព្រោះ​សកម្មពល​នោះ​អង្វរ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក ដើម្បី​ពួក​អ្នក​បរិសុទ្ធ​»។ (​រ៉ូម ៨:២៦, ២៧​) ការ​រំពឹង​គិត​អំពី​ពាក្យ​ដែល​បាន​កត់​ទុក​នៅ​សៀវភៅ​គម្ពីរ​ដូច​ជា​សៀវភៅ​យ៉ូប ទំនុក​តម្កើង​និង​សុភាសិត​ជា​ដើម នឹង​ជួយ​យើង​ឲ្យ​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​ជ្រៅ​ក្នុង​ចិត្ត​របស់​យើង។

២០, ២១​. តើ​ពាក្យ​របស់​ប៉ូល​នៅ​ភីលីព ៤:៦, ៧​ផ្ដល់​ឲ្យ​យើង​នូវ​ការ​សម្រាល​ទុក្ខ​អ្វី?

២០ ពេល​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ពិបាក ចូរ​យើង​នឹក​ចាំ​ពាក្យ​របស់​ប៉ូល​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព​ថា​៖ ​«​កុំ​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ តែ​ដោយ​អធិដ្ឋាន អង្វរ​សុំ ព្រម​ទាំង​ថ្លែង​អំណរ​គុណ ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់​»។ ការ​ប្រាស្រ័យ​ទាក់​ទង​បែប​នេះ​ជា​មួយ​នឹង​ព្រះ​ដែល​ជា​មិត្ត​ដ៏​ប្រសើរ​បំផុត​របស់​យើង ប្រាកដជា​នាំ​ឲ្យ​យើង​ទទួល​នូវ​ការ​សម្រាល​ទុក្ខ ពីព្រោះ​ប៉ូល​បន្ថែម​ថា​៖ ​«​សេចក្ដី​សុខសាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា តាម​រយៈ​គ្រិស្ត​យេស៊ូ​»។ (​ភី. ៤:៦, ៧​) យើង​គួរ​ដឹង​គុណ​ជា​និច្ច​ចំពោះ​«​សេចក្ដី​សុខសាន្ត​របស់​ព្រះ​»​ដែល​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន ដែល​ពិត​ជា​ការពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​យើង។

២១ សេចក្ដី​អធិដ្ឋាន​ជួយ​យើង​បណ្ដុះ​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ​យេហូវ៉ា។ ហេតុ​នេះ ចូរ​យើង​«​អធិដ្ឋាន​ឥត​ឈប់​»។ (​១ថែ. ៥:១៧​) សូម​ឲ្យ​ការ​សិក្សា​នេះ​ពង្រឹង​ចំណង​មិត្តភាព​ដ៏​មាន​តម្លៃ​រវាង​យើង​និង​ព្រះ និង​ការ​តាំង​ចិត្ត​របស់​យើង​ដើម្បី​ធ្វើ​តាម​តម្រូវ​ការ​ដ៏​សុចរិត​របស់​លោក។ ចូរ​យើង​ចំណាយ​ពេល​រំពឹង​គិត​អំពី​ពរ​ដែល​យើង​ទទួល ដោយ​សារ​ព្រះ​យេហូវ៉ា​ពិត​ជា​បិតា ជា​ព្រះ​និង​ជា​មិត្ត​របស់​យើង​មែន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក