«ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក»
«ប្រសិនបើអ្នកណាស្រឡាញ់ព្រះ នោះព្រះស្គាល់អ្នកនោះ»។—១កូ. ៨:៣
១. សូមលើកឧទាហរណ៍មួយដែលបង្ហាញអំពីរបៀបដែលរាស្ត្រខ្លះរបស់ព្រះបានបញ្ឆោតខ្លួន។ (សូមមើលរូបភាពនៅដើមអត្ថបទ)។
បុរសមួយក្រុមកំពុងឈរនៅមុខត្រសាល ត្រៀមខ្លួនជូនគ្រឿងក្រអូបដល់ព្រះយេហូវ៉ា។ នៅម្ខាងមានអេរ៉ុនដែលជាសម្ដេចសង្ឃនៃអ៊ីស្រាអែល ហើយនៅម្ខាងទៀតមានកូរ៉ានិងបុរស២៥០នាក់។ (ជន. ១៦:១៦-១៨) តាមមើលទៅពួកគេទាំងអស់គ្នាមានភក្ដីភាពចំពោះព្រះ។ ប៉ុន្តែ កូរ៉ានិងអ្នកគាំទ្រគាត់មានអំណួត ប្រឆាំងអំណាច ហើយគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ពួកគេព្យាយាមដណ្ដើមយកតំណែងជាសង្ឃពីអេរ៉ុន។ (ជន. ១៦:១-១១) ពួកគេបានបញ្ឆោតខ្លួន ដោយគិតថាព្រះយេហូវ៉ានឹងទទួលយកការគោរពប្រណិប័តន៍របស់ពួកគេ។ ប៉ុន្តែតាមការពិត ពួកគេបានមើលងាយព្រះយេហូវ៉ា ដែលអាចមើលឃើញចិត្តរបស់ពួកគេ។ លោកអាចឃើញថាពួកគេជាមនុស្សលាក់ពុត ហើយចង់បានមុខមាត់សម្រាប់ខ្លួន។—យេ. ១៧:១០
២. តើម៉ូសេបាននិយាយថាអ្វីនឹងកើតឡើង ហើយតើពាក្យរបស់គាត់បានក្លាយទៅជាការពិតយ៉ាងដូចម្ដេច?
២ ម៉ូសេបាននិយាយមុននោះថា៖ «ព្រះយេហូវ៉ានឹងសំដែងឲ្យស្គាល់អ្នកណាដែលជារបស់ផងទ្រង់»។ (ជន. ១៦:៥) តើតាមរបៀបណាព្រះយេហូវ៉ាបានបង្ហាញថាលោកបានដឹងថាអ្នកណាជាពួកអ្នកគោរពប្រណិប័តន៍ពិតរបស់លោក ហើយអ្នកណាជាមនុស្សលាក់ពុត? ព្រះយេហូវ៉ាបានធ្វើឲ្យភ្លើងធ្លាក់ពីលើមេឃ ហើយបានបំផ្លាញកូរ៉ានិងបុរស២៥០នាក់។ (ជន. ១៦:៣៥; ២៦:១០) នៅសល់តែអេរ៉ុនប៉ុណ្ណោះ។ ព្រះយេហូវ៉ាបានបង្ហាញឲ្យឃើញច្បាស់ថាអេរ៉ុនពិតជាសង្ឃនិងជាអ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះ។—សូមអាន កូរិនថូសទី១ ៨:៣
៣. (ក) តើអ្វីបានកើតឡើងនៅក្នុងក្រុមជំនុំគ្រិស្តសាសនិកនៅសម័យប៉ូល? (ខ) តើអ្វីដែលព្រះយេហូវ៉ាបានធ្វើចំពោះពួកអ្នកបះបោរប្រឆាំងនៅសម័យម៉ូសេបង្រៀនយើងអ្វី?
៣ ជាង១.៥០០ឆ្នាំក្រោយមក នៅសម័យប៉ូល អ្វីមួយស្រដៀងនឹងនេះបានកើតឡើងក្នុងក្រុមជំនុំគ្រិស្តសាសនិក។ ប៉ូលបានពន្យល់ថាអ្នកខ្លះដែលបានអះអាងថាខ្លួនជាគ្រិស្តសាសនិក ចាប់ផ្ដើមផ្សាយសេចក្ដីបង្រៀនមិនពិត។ ប៉ុន្តែ ពួកគេនៅតែជាសមាជិកនៃក្រុមជំនុំ។ ពួកអ្នកក្បត់ជំនឿទាំងនេះប្រហែលជាមើលទៅដូចជាអ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ា។ ប៉ុន្តែតាមពិត ពួកគេដូចជាឆ្កែចចកដែលបង្កគ្រោះថ្នាក់ ហើយថែមទាំងបានចាប់ផ្ដើម«បំផ្លាញជំនឿរបស់អ្នកខ្លះ»ទៀតផង។ (២ធី. ២:១៦-១៨) តើព្រះយេហូវ៉ាកំពុងមើលឬ? លោកកំពុងមើលមែន។ ប៉ូលមានទំនុកចិត្តថាព្រះយេហូវ៉ាក៏បានដឹងច្បាស់អំពីស្ថានភាពនោះដែរ ដោយសារគាត់បានដឹងអំពីអ្វីដែលព្រះបានធ្វើចំពោះកូរ៉ានិងអ្នកគាំទ្រគាត់ដែលជាពួកអ្នកបះបោរប្រឆាំង។ យើងក៏អាចមានទំនុកចិត្តលើព្រះយេហូវ៉ាដែរ។ យើងនឹងរៀនអំពីរបៀបដែលយើងអាចមានទំនុកចិត្តលើព្រះយេហូវ៉ាពីពាក្យដែលគួរឲ្យចាប់អារម្មណ៍ដែលប៉ូលបានសរសេរទៅកាន់ធីម៉ូថេ។
«អញគឺយេហូវ៉ា អញមិនប្រែប្រួលឡើយ»
៤. តើប៉ូលបានជឿជាក់ថាព្រះយេហូវ៉ានឹងធ្វើអ្វី? តើប៉ូលបានប្រាប់អ្វីដល់ធីម៉ូថេ?
៤ ប៉ូលបានជឿជាក់ថាព្រះយេហូវ៉ានឹងស្គាល់ការគោរពប្រណិប័តន៍ដោយលាក់ពុត។ ម្យ៉ាងទៀត គាត់ក៏ជឿជាក់ដែរថាព្រះយេហូវ៉ាបានដឹងថាអ្នកណាជាអ្នកគោរពប្រណិប័តន៍ពិតរបស់លោក។ ការជឿជាក់របស់ប៉ូលបានត្រូវសឲ្យឃើញតាមរយៈអ្វីដែលគាត់បានសរសេរទៅកាន់ធីម៉ូថេក្រោមការដឹកនាំរបស់ព្រះ។ ក្រោយពីប៉ូលបានរៀបរាប់អំពីរបៀបដែលអ្នកក្បត់ជំនឿបានបង្ខូចជំនឿរបស់អ្នកខ្លះ នោះគាត់បាននិយាយថា៖ «ទោះជាយ៉ាងនោះក៏ដោយ ក៏គ្រឹះរឹងមាំដែលព្រះបានចាក់នៅស្ថិតស្ថេរនៅឡើយ ហើយគ្រឹះនោះបានត្រូវបិទត្រាដោយពាក្យតទៅនេះ៖ ‹ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក› ហើយ៖ ‹ចូរអស់អ្នកដែលហៅរកនាមព្រះយេហូវ៉ា លះចោលអ្វីដែលមិនសុចរិត›»។—២ធី. ២:១៩
៥, ៦. ហេតុអ្វីពាក្យរបស់ប៉ូលដែលថា«គ្រឹះរឹងមាំដែលព្រះបានចាក់»គួរឲ្យចាប់អារម្មណ៍? តើនេះបានមានឥទ្ធិពលយ៉ាងណាលើធីម៉ូថេ?
៥ គម្ពីរប្រើពាក្យ«ឫសជញ្ជាំង» ឬ«គ្រឹះ»ដើម្បីរៀបរាប់អំពីរបស់ផ្សេងៗ។ នេះរួមបញ្ចូលគ្រឹះនៃវិហារនៅក្រុងយេរូសាឡិមនិងតួនាទីរបស់លោកយេស៊ូក្នុងគោលបំណងរបស់ព្រះ។ (២រប. ៨:១៦; ១កូ. ៣:១១; ១ពេ. ២:៦) ប៉ុន្តែ គម្ពីរបានប្រើពាក្យ«គ្រឹះរឹងមាំដែលព្រះបានចាក់»តែម្ដងគត់។ តើប៉ូលបានសំដៅលើព្រឹត្ដិការណ៍អ្វី ពេលគាត់បានប្រើពាក្យនោះ?
៦ ពេលប៉ូលបានប្រើពាក្យ«គ្រឹះរឹងមាំដែលព្រះបានចាក់» គាត់បានប្រើពាក្យនោះក្នុងខដែលគាត់បានដកស្រង់ពីពាក្យរបស់ម៉ូសេអំពីកូរ៉ានិងពួកអ្នកគាំទ្រគាត់។ (សូមមើល ជនគណនា ១៦:៥) ដោយសរសេរដូច្នេះ ប៉ូលបានរំលឹកធីម៉ូថេថាព្រះយេហូវ៉ាបានជ្រាបអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងក្រុមជំនុំនៅពេលនោះ ហើយលោកនឹងរារាំងពួកអ្នកក្បត់ជំនឿមិនឲ្យបង្កអន្តរាយ។ ព្រះយេហូវ៉ាមិនបានផ្លាស់ប្ដូរគោលបំណងរបស់លោកដោយសារកូរ៉ាទេ ហើយព្រះក៏នឹងមិនផ្លាស់ប្ដូរគោលបំណងរបស់លោកដោយសារពួកអ្នកក្បត់ជំនឿនៅក្នុងក្រុមជំនុំដែរ។ ប៉ូលមិនបានពន្យល់ឲ្យបានល្អិតល្អន់អំពីអត្ថន័យនៃពាក្យ«គ្រឹះរឹងមាំដែលព្រះបានចាក់»ឡើយ។ ប៉ុន្តែ អ្វីដែលប៉ូលបាននិយាយបានជួយធីម៉ូថេឲ្យជឿជាក់លើព្រះយេហូវ៉ា ហើយមានទំនុកចិត្តលើលោក។
៧. ហេតុអ្វីយើងអាចប្រាកដថាព្រះយេហូវ៉ាសុចរិតនិងស្មោះត្រង់ជានិច្ច?
៧ គោលការណ៍របស់ព្រះយេហូវ៉ាមិនផ្លាស់ប្ដូរសោះឡើយ។ ទំនុកតម្កើង ៣៣:១១ ចែងថា៖ «ដំបូន្មានផងព្រះយេហូវ៉ាវិញ នោះនៅជាប់ជានិច្ច ហើយដំរិះក្នុងព្រះហឫទ័យទ្រង់ក៏នៅជាដរាប ដល់អស់ទាំងដំណតទៅ»។ ព្រះយេហូវ៉ាជាស្តេច លោកបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះ ឬសេចក្ដីសប្បុរស ហើយលោកសុចរិតនិងស្មោះត្រង់។ គម្ពីរបង្ហាញថាហេតុការណ៍ពិតទាំងនេះក៏មិនផ្លាស់ប្ដូរដែរ។ (និក្ខ. ១៥:១៨; ទំនុក. ១០០:៥; ១១១:៣) ម៉ាឡាគី ៣:៦ ចែងថា៖ «អញគឺយេហូវ៉ា អញមិនប្រែប្រួលឡើយ»។ ស្រដៀងគ្នាដែរ យ៉ាកុប ១:១៧ ចែងថា ព្រះយេហូវ៉ា«មិនប្រែប្រួលដូចស្រមោលឡើយ»។
អក្សរចារឹកមួយដែលពង្រឹងជំនឿលើព្រះយេហូវ៉ា
៨, ៩. តើអ្វីដែលបានចារឹកលើ«គ្រឹះរឹងមាំដែលព្រះបានចាក់»បង្រៀនយើងនូវមេរៀនអ្វី?
៨ នៅសម័យបុរាណ ធម្មតាគេសរសេរ ឬចារឹកអក្សរនៅលើគ្រឹះនៃអគារមួយ។ គេច្រើនតែធ្វើដូច្នេះដើម្បីបង្ហាញថាអ្នកណាបានសង់ ឬអ្នកណាជាម្ចាស់អគារនោះ។ ក្នុងគម្ពីរ ប៉ូលជាអ្នកសរសេរមុនគេអំពីទម្លាប់នេះ។a «គ្រឹះរឹងមាំដែលព្រះបានចាក់»ដែលប៉ូលបានរៀបរាប់នៅធីម៉ូថេទី២ ២:១៩ មានឃ្លាពីរដែលបានចារឹកលើគ្រឹះនោះ គឺ (១) «ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក» ហើយ(២) «ចូរអស់អ្នកដែលហៅរកនាមព្រះយេហូវ៉ា លះចោលអ្វីដែលមិនសុចរិត»។ នេះរំលឹកយើងអំពីអ្វីដែលយើងអាននៅជនគណនា ១៦:៥ (សូមអាន)។
៩ តើអ្វីដែលបានចារឹកលើ«គ្រឹះរឹងមាំដែលព្រះបានចាក់»បង្រៀនពួកអ្នកដែលជារបស់ព្រះយេហូវ៉ានូវមេរៀនអ្វី? គឺខ្នាតតម្រានិងគោលការណ៍របស់ព្រះយេហូវ៉ាផ្អែកលើសេចក្ដីពិតសំខាន់ចាំបាច់ពីរ។ សេចក្ដីពិតទាំងនោះគឺ (១) ព្រះយេហូវ៉ាស្រឡាញ់ពួកអ្នកដែលស្មោះត្រង់នឹងលោក ហើយ(២) ព្រះយេហូវ៉ាស្អប់ការប្រព្រឹត្តខុសឆ្គង។ តើមេរៀននេះជាប់ទាក់ទងយ៉ាងណានឹងការក្បត់ជំនឿនៅក្នុងក្រុមជំនុំ?
១០. តើការប្រព្រឹត្តរបស់អ្នកក្បត់ជំនឿមានឥទ្ធិពលយ៉ាងណាទៅលើអ្នកស្មោះត្រង់នៅសម័យប៉ូល?
១០ ធីម៉ូថេនិងពួកអ្នកស្មោះត្រង់ឯទៀតខ្វល់ចិត្តជាខ្លាំងដោយសារការប្រព្រឹត្តរបស់អ្នកក្បត់ជំនឿ។ គ្រិស្តសាសនិកខ្លះប្រហែលជាបានឆ្ងល់អំពីមូលហេតុដែលអ្នកក្បត់ជំនឿទាំងនេះបានត្រូវអនុញ្ញាតឲ្យនៅក្នុងក្រុមជំនុំ។ ពួកអ្នកស្មោះត្រង់ប្រហែលជាបានឆ្ងល់ថាតើព្រះយេហូវ៉ាអាចឃើញភាពខុសគ្នារវាងភក្ដីភាពឥតរង្គោះរង្គើរបស់ពួកគេនិងការគោរពប្រណិប័តន៍ដោយលាក់ពុតរបស់អ្នកក្បត់ជំនឿឬទេ?—សកម្ម. ២០:២៩, ៣០
១១, ១២. តើសំបុត្ររបស់ប៉ូលច្បាស់ជាបានពង្រឹងជំនឿរបស់ធីម៉ូថេយ៉ាងដូចម្ដេច?
១១ សំបុត្ររបស់ប៉ូលច្បាស់ជាបានពង្រឹងជំនឿរបស់ធីម៉ូថេ។ គាត់បានរំលឹកធីម៉ូថេថានៅសម័យមុន ព្រះយេហូវ៉ាបានបញ្ជាក់យ៉ាងច្បាស់ថាកូរ៉ានិងពួកអ្នកគាំទ្រគាត់ជាមនុស្សលាក់ពុត។ ព្រះយេហូវ៉ាមិនបានទទួលស្គាល់ពួកគេទេ ហើយបានបំផ្លាញពួកគេចោល ប៉ុន្តែបានបង្ហាញថាលោកពេញចិត្តនឹងអេរ៉ុនវិញ។ ស្រដៀងគ្នាដែរ ទោះជាមានមនុស្សដែលលាក់ពុតធ្វើជាគ្រិស្តសាសនិកនៅសម័យប៉ូលក៏ដោយ ព្រះយេហូវ៉ានឹងបង្ហាញឲ្យឃើញថាអ្នកណាជារបស់លោក។
១២ ព្រះយេហូវ៉ាមិនប្រែប្រួលសោះឡើយ ហេតុនេះយើងអាចទុកចិត្តលោកជានិច្ច។ លោកស្អប់អំពើទុច្ចរិត ហើយលោកនឹងដាក់ទោសពួកអ្នកដែលធ្វើអំពើខុសឆ្គង ដោយមិនកែប្រែចិត្ត។ ប៉ូលបានរំលឹកធីម៉ូថេថាគាត់ត្រូវបដិសេធឥទ្ធិពលអាក្រក់របស់ពួកអ្នកដែលធ្វើពុតជាគ្រិស្តសាសនិក ពីព្រោះ«អស់អ្នកដែលហៅរកនាមព្រះយេហូវ៉ា»ត្រូវបដិសេធអំពើទុច្ចរិត។b
ការគោរពប្រណិប័តន៍យ៉ាងស្មោះនាំឲ្យទទួលពរជានិច្ច
១៣. តើយើងអាចមានទំនុកចិត្តយ៉ាងណា?
១៣ ពាក្យរបស់ប៉ូលទៅកាន់ធីម៉ូថេក៏អាចលើកទឹកចិត្តយើងដែរ។ ហេតុអ្វី? ព្រះយេហូវ៉ាស្គាល់ច្បាស់ណាស់ថាយើងស្មោះត្រង់នឹងលោក។ ព្រះយេហូវ៉ាមិនគ្រាន់តែស្គាល់ពួកអ្នកដែលស្មោះត្រង់នឹងលោកប៉ុណ្ណោះទេ ប៉ុន្តែលោកបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើពួកគេ។ គម្ពីរចែងថា៖ «ព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»។ (២រប. ១៦:៩) ដូច្នេះ យើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងមិនភ្លេចការខំព្យាយាមដ៏ស្មោះរបស់យើងដើម្បីគោរពប្រណិប័តន៍លោកឡើយ។—១កូ. ១៥:៥៨; ១ធី. ១:៥
១៤. តើព្រះយេហូវ៉ាមិនព្រមទទួលការគោរពប្រណិប័តន៍បែបណា?
១៤ ព្រះយេហូវ៉ាស្អប់ការគោរពប្រណិប័តន៍ដោយលាក់ពុត ហើយលោកមិនព្រមទទួលការគោរពប្រណិប័តន៍បែបនេះទេ។ លោកអាចមើលឃើញចិត្តរបស់មនុស្សទាំងអស់ ហើយអាចមើលឃើញចិត្តរបស់អ្នកណាដែលមិន«ស្មោះត្រង់ចំពោះ»លោក។ តាមទស្សនៈរបស់ព្រះយេហូវ៉ា កាលណាបុគ្គលម្នាក់ធ្វើពុតជាមនុស្សស្ដាប់បង្គាប់លោក ប៉ុន្តែកំពុងប្រព្រឹត្តអំពើខុសឆ្គងដោយលួចលាក់ នោះគឺគួរឲ្យស្អប់ខ្ពើម។ (សុភ. ៣:៣២) បុគ្គលបែបនេះអាចបោកបញ្ឆោតមនុស្សបាន ប៉ុន្តែមិនអាចបោកបញ្ឆោតព្រះយេហូវ៉ាបានទេ។ គម្ពីរចែងថា៖ «អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ»។ នេះគឺដោយសារព្រះយេហូវ៉ាមានឫទ្ធានុភាពខ្លាំងក្លាបំផុត និងដោយសារលោកជាព្រះនៃសេចក្ដីសុចរិត។—សុភ. ២៨:១៣; សូមអាន ធីម៉ូថេទី១ ៥:២៤; ហេប្រឺ ៤:១៣
១៥. តើយើងគួរជៀសវាងពីអ្វី ហើយហេតុអ្វី?
១៥ រាស្ត្ររបស់ព្រះយេហូវ៉ាភាគច្រើនស្រឡាញ់លោកអស់ពីចិត្ត។ កម្រមានអ្នកណាព្យាយាមបោកបញ្ឆោតព្រះយេហូវ៉ាដោយធ្វើពុតជាអ្នកគោរពប្រណិប័តន៍លោក។ ប៉ុន្តែ បើនេះបានកើតឡើងនៅសម័យម៉ូសេនិងសម័យគ្រិស្តសាសនិកជំនាន់ដើម នេះអាចកើតឡើងនៅសព្វថ្ងៃនេះដែរ។ (២ធី. ៣:១, ៥) តើនេះមានន័យថាយើងគួរសង្ស័យបងប្អូនយើង ហើយមិនទុកចិត្តថាពួកគាត់ស្មោះត្រង់នឹងព្រះយេហូវ៉ាឬ? មិនមែនទេ។ បើយើងសង្ស័យបងប្អូនប្រុសស្រីរបស់យើងដោយគ្មានភ័ស្តុតាង នោះគឺមិនត្រឹមត្រូវទេ។ (សូមអាន រ៉ូម ១៤:១០-១២; កូរិនថូសទី១ ១៣:៧) ម្យ៉ាងទៀត បើយើងសង្ស័យបងប្អូនយើង នោះនឹងបង្ខូចចំណងមិត្តភាពរវាងយើងនិងព្រះយេហូវ៉ា។
១៦. (ក) តើតាមរបៀបណាអ្នកអាចធ្វើឲ្យប្រាកដថាគ្មានការលាក់ពុតនៅក្នុងចិត្តរបស់អ្នក? (ខ) តើយើងអាចរៀនអ្វីពីប្រអប់ដែលមានចំណងជើងថា ‹ចូរពិនិត្យពិចារណាឥតឈប់ ចូរសឲ្យឃើញជានិច្ច›?
១៦ គ្រិស្តសាសនិកម្នាក់ៗគួរ«ពិសោធឲ្យដឹងថាការរបស់ខ្លួនគឺយ៉ាងណា»។ (កាឡ. ៦:៤) ដោយសារយើងមិនល្អឥតខ្ចោះ ដោយឥតដឹងខ្លួន យើងប្រហែលជាចាប់ផ្ដើមគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយមានបំណងចិត្តមិនត្រឹមត្រូវ ហើយចាប់ផ្ដើមបម្រើលោកដោយលាក់ពុតមិនមែនដោយចិត្តស្មោះដូចពីមុន។ (ហេ. ៣:១២, ១៣) ដូច្នេះ យើងត្រូវសួរខ្លួនយើងថា ‹ហេតុអ្វីខ្ញុំគោរពប្រណិប័តន៍ព្រះយេហូវ៉ា? តើខ្ញុំគោរពប្រណិប័តន៍លោកដោយសារខ្ញុំស្រឡាញ់លោក និងដោយសារខ្ញុំចង់ឲ្យលោកធ្វើជាអ្នកគ្រប់គ្រងរបស់ខ្ញុំឬទេ? ឬតើខ្ញុំគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយសារខ្ញុំចង់មានជីវិតដ៏សប្បាយនៅក្នុងសួនឧទ្យាន?›។ (បប. ៤:១១) ដោយសួរសំណួរទាំងនេះ យើងអាចធ្វើឲ្យប្រាកដថាគ្មានការលាក់ពុតទាល់តែសោះនៅក្នុងចិត្តរបស់យើង។
ភក្ដីភាពនាំឲ្យមានសុភមង្គល
១៧, ១៨. ហេតុអ្វីយើងគួរគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយមានចិត្តស្មោះ?
១៧ យើងនឹងទទួលពរបើយើងខំប្រឹងអស់ពីសមត្ថភាពរបស់យើង ដើម្បីបំបាត់ចោលការលាក់ពុតឲ្យអស់ពីក្នុងចិត្តរបស់យើង។ អ្នកតែងទំនុកតម្កើងពោលថា៖ «មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថា ជាអ្នកមានទោស ជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្តសោះ»។ (ទំនុក. ៣២:២) បើយើងគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយចិត្តស្មោះ យើងនឹងសប្បាយនៅពេលឥឡូវនេះ ហើយនឹងមានសុភមង្គលយ៉ាងពេញលេញនៅពេលអនាគត។
១៨ បន្ដិចទៀត ព្រះយេហូវ៉ានឹងបកអាក្រាតមនុស្សអាក្រក់ដែលមិនព្រមកែប្រែចិត្តឬបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងដោយលួចលាក់។ លោកនឹងបង្ហាញឲ្យឃើញភាពខុសគ្នារវាង‹សេចក្ដីសុចរិតនិងសេចក្ដីអាក្រក់ ហើយនឹងមនុស្សដែលគោរពដល់ព្រះ នឹងមនុស្សដែលមិនគោរព›។ (ម៉ាឡ. ៣:១៨) ទម្រាំដល់ពេលនោះ យើងទទួលការលើកទឹកចិត្តដោយដឹងថា«ភ្នែកព្រះយេហូវ៉ាមើលពួកអ្នកសុចរិត ហើយត្រចៀករបស់លោកស្ដាប់ការអង្វររបស់ពួកគេ»។—១ពេ. ៣:១២
a សៀវភៅការបើកបង្ហាញ ២១:១៤បាននិយាយអំពីទម្លាប់នេះ ដោយចែងថាឈ្មោះរបស់សាវ័កទាំង១២នាក់បានត្រូវចារឹកនៅលើ«ថ្មគ្រឹះដប់ពីរ»។
b អត្ថបទបន្ទាប់នឹងពិចារណាអំពីរបៀបដែលយើងអាចយកតម្រាប់ព្រះយេហូវ៉ា ហើយបដិសេធអំពើទុច្ចរិត។