បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៧ ទំ. ១២-១៦
  • រាស្ត្ររបស់ព្រះយេហូវ៉ា«លះចោលអ្វីដែលមិនសុចរិត»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រាស្ត្ររបស់ព្រះយេហូវ៉ា«លះចោលអ្វីដែលមិនសុចរិត»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ«ថយ​ចេញ»ពី​សេចក្ដី​អាក្រក់
  • «ចូរ​បដិសេធ​សំណួរ​ផ្ដេសផ្ដាស និង​ល្ងង់​ខ្លៅ»
  • ចូរ​ជៀស​វាង​ការ​សេពគប់​អាក្រក់!
  • ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ចំពោះ​ភក្ដីភាព​របស់​យើង
  • «ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • សេចក្ដីស្រឡាញ់ជាលក្ខណៈសម្គាល់នៃគ្រិស្តសាសនិកពិត ពោលគឺដោយអរសប្បាយអំពីសេចក្ដីពិត
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • ពួកគេបះបោរប្រឆាំងនឹងព្រះយេហូវ៉ា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • «សេចក្ដីស្រឡាញ់មិនអរសប្បាយអំពីអ្វីដែលមិនសុចរិតឡើយ»
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៧ ទំ. ១២-១៦

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា«លះ​ចោល​អ្វី​ដែល​មិន​សុចរិត»

«ចូរ​អស់​អ្នក​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា លះ​ចោល​អ្វី​ដែល​មិន​សុចរិត»។—២ធី. ២:១៩

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​អ្វី​អាច​បណ្ដាល​ឲ្យ​មាន«សំណួរ​ផ្ដេសផ្ដាស និង​ល្ងង់​ខ្លៅ» ហើយ​តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​សំណួរ​ទាំង​នោះ?

  • ស្តី​អំពី​ការ​សេពគប់​អាក្រក់ តើ​តាម​របៀប​ណា​យើង«លះ​ចោល​អ្វី​ដែល​មិន​សុចរិត»?

  • តើ​តាម​របៀប​ណា​យើង​អាច​ចាត់​វិធានការ​ម៉ឺង​ម៉ាត់​ដើម្បី«លះ​ចោល​អ្វី​ដែល​មិន​សុចរិត»?

១​. តើ​អ្វី​មាន​តួនាទី​ពិសេស​ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​យើង?

នៅ​ទូ​ទាំង​ពិភព​លោក នាម​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ឃើញ​ចារឹក​នៅ​លើ​អគារ​ជា​ច្រើន និង​នៅ​លើ​វត្ថុ​ផ្សេងៗក្នុង​សារមន្ទីរ។ បើ​អ្នក​ធ្លាប់​ឃើញ​នាម​នេះ​នៅ​កន្លែង​ទាំង​នោះ អ្នក​ច្បាស់​ជា​រំភើប​ចិត្ត។ ចំពោះ​យើង​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា នាម​របស់​ព្រះ​មាន​តួនាទី​ពិសេស​ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ គ្មាន​មនុស្ស​ណា​ទៀត​ប្រើ​នាម​របស់​ព្រះ​ដូច​យើង​ទេ។ ប៉ុន្តែ បើ​យើង​គ្រាន់តែ​ប្រើ​នាម​របស់​លោក​ប៉ុណ្ណោះ គឺ​មិន​គ្រប់​គ្រាន់​ទេ។ ដោយ​សារ​យើង​មាន​ឯកសិទ្ធិ​ធ្វើ​ជា​សាក្សី​របស់​លោក នោះ​យើង​មាន​ភារកិច្ច​ប្រព្រឹត្ត​តាម​របៀប​ដែល​នឹង​លើក​កិត្ដិយស​លោក។

២​. ដោយ​សារ​យើង​មាន​ឯកសិទ្ធិ​ធ្វើ​ជា​តំណាង​នាម​របស់​ព្រះ តើ​យើង​មាន​ភារកិច្ច​អ្វី?

២ ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ យើង​មិន​គ្រាន់តែ​ប្រើ​នាម​របស់​លោក​ប៉ុណ្ណោះ​ទេ យើង​ក៏​ត្រូវ​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​របស់​លោក ហើយ«ថយ​ចេញ​ពី​ការ​អាក្រក់»ដែរ។ (ទំនុក. ៣៤:១៤) ប៉ូល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ភារកិច្ច​នេះ ពេល​គាត់​បាន​សរសេរ​ថា៖ «ចូរ​អស់​អ្នក​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា លះ​ចោល​អ្វី​ដែល​មិន​សុចរិត»។ (សូម​អាន ធីម៉ូថេ​ទី២ ២:១៩) ហេតុ​នេះ ក្នុង​នាម​ជា​រាស្ត្រ​របស់​ព្រះ តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង«លះ​ចោល​អ្វី​ដែល​មិន​សុចរិត» ពោល​គឺ​បដិសេធ​អំពើ​អាក្រក់?

ចូរ«ថយ​ចេញ»ពី​សេចក្ដី​អាក្រក់

៣, ៤​. តើ​អ្នក​ខ្លះ​ពិបាក​យល់​ពាក្យ​ណាខ្លះ ហើយ​ហេតុ​អ្វី?

៣ នៅ​ធីម៉ូថេ​ទី២ ២:១៩ ប៉ូល​និយាយ​អំពី«គ្រឹះ​រឹង​មាំ​ដែល​ព្រះ​បាន​ចាក់»។ ពាក្យ​ពីរ​ឃ្លា​បាន​ត្រូវ​ចារឹក​លើ​គ្រឹះ​នោះ។ ឃ្លា​ទី១​ដែល​ថា«ព្រះ​យេហូវ៉ា​ស្គាល់​ពួក​អ្នក​ដែល​ជា​របស់​លោក»គឺ​បាន​ដក​ស្រង់​ពី​ជនគណនា ១៦:៥។ (សូម​មើល​អត្ថបទ​មុន) ប៉ុន្តែ​ចុះ​យ៉ាង​ណា​ឃ្លា​ទី២​ដែល​ថា«ចូរ​អស់​អ្នក​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា លះ​ចោល​អ្វី​ដែល​មិន​សុចរិត»? អ្នក​ខ្លះ​ពិបាក​យល់​ពាក្យ​ទាំង​នេះ។ ហេតុ​អ្វី?

៤ ពាក្យ​របស់​ប៉ូល​បង្ហើប​ឲ្យ​ដឹង​ថា​គាត់​ដក​ស្រង់​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ។ ប៉ុន្តែ មើល​ទៅ​ដូច​ជា​គ្មាន​ខ​គម្ពីរ​ណា​មួយ​ដែល​ស៊ី​គ្នា​នឹង​ឃ្លា​នេះ​ទេ។ ដូច្នេះ តើ​សាវ័ក​ប៉ូល​សំដៅ​លើ​អ្វី ពេល​គាត់​និយាយ​ថា៖ «ចូរ​អស់​អ្នក​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា លះ​ចោល​អ្វី​ដែល​មិន​សុចរិត»? ឃ្លា​ទី១​របស់​ប៉ូល​គឺ​ដក​ស្រង់​ពី​ជនគណនា ជំពូក​ទី​១៦ ហើយ​ឃ្លា​នេះ​សំដៅ​លើ​ការ​បះបោរ​ប្រឆាំង​របស់​កូរ៉ា។ តើ​ឃ្លា​ទី២​អាច​សំដៅ​លើ​ព្រឹត្ដិការណ៍​ដដែល​នោះ​ឬ?

៥​-​៧​. នៅ​ធីម៉ូថេ​ទី២ ២:១៩ តើ​ប៉ូល​បាន​សំដៅ​លើ​ព្រឹត្ដិការណ៍​អ្វី​នៅ​សម័យ​ម៉ូសេ? (សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ)។

៥ ដាថាន​និង​អ័ប៊ីរ៉ាម​បាន​ចូល​រួម​ជា​មួយ​នឹង​កូរ៉ា​ដើម្បី​ធ្វើ​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​បះបោរ​ប្រឆាំង។ (ជន. ១៦:១​-​៥) ពួក​គេ​មិន​បាន​គោរព​ម៉ូសេ ហើយ​មិន​បាន​ទទួល​ស្គាល់​អំណាច​ដែល​ម៉ូសេ​បាន​ទទួល​ពី​ព្រះ​ទេ។ ពួក​គេ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជន​ជាតិ​អ៊ីស្រាអែល ពីព្រោះ​ពួក​គេ​នៅ​តែ​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ឡើយ។ មុន​ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ថា​អ្នក​ណា​ជា​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក នោះ​លោក​បាន​ឲ្យ​បង្គាប់​ដ៏​សាមញ្ញ​មួយ។

៦ គម្ពីរ​ចែង​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា៖ ‹ចូរ​ប្រាប់​ដល់​ក្រុម​ជំនុំ ឲ្យ​គេ​ថយ​ចេញ​ពី​ត្រសាល​របស់​កូរេ[កូរ៉ា] ដាថាន​នឹង​អ័ប៊ីរ៉ាម​ទៅ!›។ រួច​ម៉ូសេ​ក៏​ក្រោក​ឡើង​ទៅ​ឯ​ដាថាន​និង​អ័ប៊ីរ៉ាម មាន​ទាំង​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ដើរ​តាម​ទៅ​ដែរ។ លោក​អង្វរ​ពួក​ជំនុំ​ដោយ​ពាក្យ​ថា៖ ‹សូម​ឲ្យ​អ្នក​រាល់​គ្នា​ថយ​ចេញ​ពី​ត្រសាល​របស់​មនុស្ស​អាក្រក់​ទាំង​នេះ​ទៅ កុំ​ពាល់​របស់​អ្វី​ផង​គេ​ឲ្យ​សោះ ក្រែង​ត្រូវ​វិនាស​ទៅ​ក្នុង​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ›។ ដូច្នេះ គេ​ក៏​ថយ​ចេញ​ពី​កន្លែង​ជុំ​វិញ​ត្រសាល​របស់​កូរេ ដាថាន នឹង​អ័ប៊ីរ៉ាម​ទៅ»។ (ជន. ១៦:២៣​-​២៧) បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​អ្នក​បះបោរ​ទាំង​អស់។ ប៉ុន្តែ ពួក​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​បាន​រួច​ជីវិត។ តើ​តាម​របៀប​ណា? ពួក​គេ​បាន«លះ​ចោល​អ្វី​ដែល​មិន​សុចរិត»ដោយ​ថយ​ចេញ​ពី​ពួក​អ្នក​បះបោរ។

៧ ពេល​ប៉ូល​បាន​សរសេរ​ឃ្លា​ដែល​ថា៖ «ព្រះ​យេហូវ៉ា​ស្គាល់​ពួក​អ្នក​ដែល​ជា​របស់​លោក» គាត់​បាន​ដក​ស្រង់​ពី​ជនគណនា ១៦:៥។ ពេល​គាត់​សរសេរ​ថា៖ «ចូរ​អស់​អ្នក​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា លះ​ចោល​អ្វី​ដែល​មិន​សុចរិត» គាត់​ប្រហែល​ជា​សំដៅ​លើ​ព្រឹត្ដិការណ៍​ដែល​បាន​កត់​ទុក​នៅ​ជនគណនា ១៦:៥, ២៣​-​២៧។ ដូច្នេះ គឺ​សម​ហេតុ​សម​ផល​ឲ្យ​សន្និដ្ឋាន​ថា​នៅ​ធីម៉ូថេ​ទី២ ២:១៩ ឃ្លា​ទាំង​ពីរ​នេះ​សំដៅ​លើ​ព្រឹត្ដិការណ៍​ដដែល។ តើ​យើង​រៀន​អ្វី​ពី​ឃ្លា​ទាំង​នេះ? យើង​រៀន​ថា ព្រះ​យេហូវ៉ា​ដឹង​អំពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​មនុស្ស។ លោក​ស្គាល់​អ្នក​ណា​ដែល​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក ហើយ​លោក​តម្រូវ​ឲ្យ​ពួក​គេ​ញែក​ខ្លួន​ចេញ​ពី​មនុស្ស​អាក្រក់។

«ចូរ​បដិសេធ​សំណួរ​ផ្ដេសផ្ដាស និង​ល្ងង់​ខ្លៅ»

៨​. ក្រៅ​ពី​ប្រើ​នាម​របស់​ព្រះ និង​ធ្វើ​ជា​សមាជិក​ក្រុម​ជំនុំ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៀត?

៨ ប៉ូល​ក៏​បាន​និយាយ​អំពី​ព្រឹត្ដិការណ៍​នៅ​សម័យ​ម៉ូសេ​ដែរ ដើម្បី​រំលឹក​ធីម៉ូថេ​ថា​គាត់​ត្រូវ​ការពារ​ចំណង​មិត្តភាព​រវាង​គាត់​និង​ព្រះ​យេហូវ៉ា។ ចំពោះ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​នៅ​សម័យ​ម៉ូសេ ការ​ប្រើ​នាម​របស់​ព្រះ​យេហូវ៉ា គឺ​មិន​គ្រប់​គ្រាន់​ទេ។ ដូច​គ្នា​ដែរ ចំពោះ​គ្រិស្ត​សាសនិក ការ​ធ្វើ​ជា​សមាជិក​ក្រុម​ជំនុំ​គឺ​មិន​គ្រប់​គ្រាន់​ឡើយ។ អ្នក​បម្រើ​ស្មោះ​ត្រង់​ទាំង​អស់​របស់​ព្រះ​ត្រូវ​បដិសេធ​អំពើ​អាក្រក់។ ចំពោះ​ធីម៉ូថេ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​ឱវាទ​របស់​ប៉ូល?

៩​. តើ«សំណួរ​ផ្ដេសផ្ដាស និង​ល្ងង់​ខ្លៅ»មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​សម័យ​ដើម?

៩ ក្នុង​សំបុត្រ​របស់​ប៉ូល​ទៅ​កាន់​ធីម៉ូថេ គាត់​បាន​ជូន​ឱវាទ​ដ៏​ឈ្លាស​វៃ​ស្តី​អំពី​របៀប​បដិសេធ​អំពើ​អាក្រក់។ ជា​ឧទាហរណ៍ ប៉ូល​ប្រាប់​ធីម៉ូថេ«កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​អំពី​ពាក្យ» ហើយ​ឲ្យ«បដិសេធ​សម្ដី​អសារ​ឥត​ការ»។ (សូម​អាន ធីម៉ូថេ​ទី២ ២:១៤, ១៦, ២៣) តើ​ពាក្យ​ទាំង​នេះ​មាន​ន័យ​យ៉ាង​ណា? នៅ​ពេល​នោះ អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ​កំពុង​បង្រៀន​តាម​សេចក្ដី​បង្រៀន​របស់​អ្នក​ក្បត់​ជំនឿ។ រីឯ​អ្នក​ខ្លះ​ទៀត​កំពុង​ផ្សាយ​ទស្សនៈ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា។ គំនិត​ទាំង​នេះ​ខ្លះ​មិន​ប្រឆាំង​ចំៗនឹង​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ទេ ប៉ុន្តែ​អាច​បំផ្លាញ​សាមគ្គី​ភាព​នៃ​ក្រុម​ជំនុំ។ ហេតុ​នេះ​ហើយ​បាន​ជា​ប៉ូល​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ«បដិសេធ​សំណួរ​ផ្ដេសផ្ដាស និង​ល្ងង់​ខ្លៅ»។

១០​. បើ​យើង​ជួប​ប្រទះ​គំនិត​របស់​អ្នក​ក្បត់​ជំនឿ តើ​យើង​គួរ​ធ្វើ​អ្វី?

១០ សព្វ​ថ្ងៃ​នេះ មិន​សូវ​មាន​អ្នក​ក្បត់​ជំនឿ​នៅ​ក្នុង​ក្រុម​ជំនុំ​ទេ។ ប៉ុន្តែ យើង​នៅ​តែ​អាច​ជួប​ប្រទះ​គំនិត​ដែល​ប្រឆាំង​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ ទោះ​ជា​គំនិត​បែប​នេះ​មក​ពី​ប្រភព​ណា​ក៏​ដោយ យើង​ត្រូវ​តាំង​ចិត្ត​បដិសេធ​គំនិត​ទាំង​នេះ។ ការ​ប្រាស្រ័យ​ទាក់​ទង​នឹង​អ្នក​ក្បត់​ជំនឿ មិន​មែន​ជា​ការ​ប្រព្រឹត្ត​ដ៏​ឈ្លាស​វៃ​ទេ សូម្បី​តែ​ទាក់​ទង​ដោយ​ផ្ទាល់ តាម​អ៊ីនធឺណិត ឬ​តាម​វិធី​ផ្សេង​ទៀត​ក្ដី។ ទោះ​ជា​យើង​ប្រហែល​ជា​ចង់​ជួយ​បុគ្គល​នោះ​ក៏​ដោយ បើ​យើង​មាន​ការ​សន្ទនា​ជា​មួយ​បុគ្គល​បែប​នេះ នេះ​មាន​ន័យ​ថា​យើង​មិន​ស្ដាប់​បង្គាប់​ព្រះ​ឡើយ។ លោក​បាន​បង្គាប់​យើង​ឲ្យ​បដិសេធ ពោល​គឺ​ឲ្យ​ជៀស​វាង​ជា​ដាច់​ខាត​ការ​ក្បត់​ជំនឿ។

១១​. តើ​អ្វី​អាច​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​បែកបាក់​គ្នា ហើយ​តើ​តាម​របៀប​ណា​អ្នក​ចាស់​ទុំ​អាច​ទុក​គំរូ​ល្អ?

១១ ក្រៅ​ពី​គំនិត​របស់​អ្នក​ក្បត់​ជំនឿ មាន​អ្វី​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​បែកបាក់​គ្នា។ ជា​ឧទាហរណ៍ ប្រហែល​ជា​មាន​មតិ​ខុស​គ្នា​ស្តី​អំពី​ការ​កម្សាន្ត​ដែល​សមរម្យ​សម្រាប់​គ្រិស្ត​សាសនិក។ បើ​អ្នក​ណា​ព្យាយាម​បង្ខំ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​យក​មតិ​របស់​ខ្លួន នេះ​អាច​បណ្ដាល​ឲ្យ​មាន«សំណួរ​ផ្ដេសផ្ដាស និង​ល្ងង់​ខ្លៅ»។ ចុះ​យ៉ាង​ណា​បើ​បុគ្គល​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​កំពុង​គាំ​ទ្រ​ការ​កម្សាន្ត​ដែល​ប្រឆាំង​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ? អ្នក​ចាស់​ទុំ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បែប​នេះ​ទេ ដើម្បី​ជៀស​វាង​ការ​ឈ្លោះ​ប្រកែក​គ្នា។ (ទំនុក. ១១:៥; អេភ. ៥:៣​-​៥) ប៉ុន្តែ អ្នក​ចាស់​ទុំ​ប្រុង​ប្រយ័ត្ន​មិន​លើក​ស្ទួយ​គំនិត​របស់​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​ធ្វើ​តាម​ឱវាទ​គម្ពីរ​ដែល​ថា៖ «ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​អ្នក​រាល់​គ្នា . . . មិន​មែន​ដោយ​ធ្វើ​ជា​ចៅហ្វាយ​លើ​ពួក​អ្នក​ដែល​ជា​មត៌ក​របស់​ព្រះ​.​.​.​តែ​ដោយ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម»។—១ពេ. ៥:២, ៣; សូម​អាន កូរិនថូស​ទី២ ១:២៤

១២, ១៣​. (ក) តើ​សាក្សី​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​យ៉ាង​ណា​អំពី​ការ​ជ្រើស​រើស​ការ​កម្សាន្ត ហើយ​តើ​មាន​គោល​ការណ៍​គម្ពីរ​អ្វី​ខ្លះ​ដែល​ទាក់​ទង​នឹង​រឿង​នេះ? (ខ) តើ​គោល​ការណ៍​ដែល​បាន​រៀប​រាប់​នៅ​វគ្គ​១២​ជាប់​ទាក់​ទង​នឹង​រឿង​ផ្ទាល់​ខ្លួន​យ៉ាង​ដូច​ម្ដេច?

១២ អង្គការ​របស់​យើង​មិន​ប្រាប់​ថា​យើង​គួរ​ជៀស​វាង​រឿង​ភាពយន្ត ហ្គេម សៀវភៅ ឬ​ចម្រៀង​ណាខ្លះ​ឡើយ។ ហេតុ​អ្វី? ពីព្រោះ​គម្ពីរ​ប្រាប់​បុគ្គល​ម្នាក់ៗឲ្យ​បង្វឹក​បង្ហាត់​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្លួន «ដើម្បី​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ»។ (ហេ. ៥:១៤) យើង​អាច​ប្រើ​គោល​ការណ៍​គម្ពីរ​ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​ស្តី​អំពី​ការ​កម្សាន្ត។ ក្នុង​ការ​សម្រេច​ចិត្ត​ទាំង​នេះ យើង​ត្រូវ«ពិចារណា​ជា​និច្ច​ដើម្បី​ឲ្យ​ដឹង​ប្រាកដ​អំពី​អ្វី​ដែល​លោក​ម្ចាស់​ពេញ​ចិត្ត»។ (អេភ. ៥:១០) គម្ពីរ​ក៏​បង្រៀន​យើង​ដែរ​ថា​ប្រមុខ​ក្រុម​គ្រួសារ​មាន​អំណាច ដូច្នេះ​គាត់​អាច​សម្រេច​ចិត្ត​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​កម្សាន្ត​ណា​មួយ​នៅ​ក្នុង​ផ្ទះ​របស់​គាត់។a—១កូ. ១១:៣; អេភ. ៦:១​-​៤

១៣ គោល​ការណ៍​គម្ពីរ​ដែល​បាន​រៀប​រាប់​ខាង​លើ អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​ចំពោះ​រឿង​ផ្សេង​ទៀត​ក្នុង​ជីវិត។ ជា​ឧទាហរណ៍ មាន​មតិ​ខុស​គ្នា​ស្តី​អំពី​ការ​ស្លៀក​ពាក់ ការ​សម្អិតសម្អាង​ខ្លួន ការ​ថែ​ទាំ​សុខភាព​និង​ចំណី​អាហារ ព្រម​ទាំង​រឿង​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត។ អ្នកខ្លះ​ប្រហែល​ជា​ចង់​បង្ខំ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​យក​មតិ​របស់​ខ្លួន​ស្តី​អំពី​រឿង​បែប​នេះ ហើយ​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា។ ប៉ុន្តែ បើ​មិន​ខុស​គោល​ការណ៍​គម្ពីរ​ទេ នោះ​គ្មាន​ហេតុ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​អំពី​អ្វី​ដែល​គ្រិស្ត​សាសនិក​ម្នាក់ៗគួរ​ធ្វើ​ឡើយ។ គម្ពីរ​ចែង​ថា៖ «ខ្ញុំ​បម្រើ​របស់​លោក​ម្ចាស់​មិន​ចាំ​បាច់​ឈ្លោះ​ប្រកែក​ទេ តែ​ត្រូវ​ប្រព្រឹត្ត​ដោយ​សុភាព​ចំពោះ​មនុស្ស​ទាំង​អស់»។—២ធី. ២:២៤

ចូរ​ជៀស​វាង​ការ​សេពគប់​អាក្រក់!

១៤​. តើ​ប៉ូល​បាន​ប្រើ​ឧទាហរណ៍​អ្វី​ដើម្បី​បញ្ជាក់​ថា​ត្រូវ​ជៀស​វាង​ការ​សេពគប់​អាក្រក់?

១៤ ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ តើ​មាន​របៀប​ផ្សេង​ទៀត​អ្វី​ដែល​យើង​អាច«លះ​ចោល​អ្វី​ដែល​មិន​សុចរិត»? គឺ​ដោយ​ជៀស​វាង​ការ​សេពគប់​អាក្រក់។ តើ​ប៉ូល​បាន​ប្រើ​ឧទាហរណ៍​អ្វី​ដើម្បី​បញ្ជាក់​អំពី​រឿង​នេះ? បន្ទាប់​ពី​គាត់​និយាយ​អំពី«គ្រឹះ​រឹង​មាំ​ដែល​ព្រះ​បាន​ចាក់» គាត់​បាន​សរសេរ​អំពី«ផ្ទះ​ធំ​មួយ»។ ក្នុង​ផ្ទះ​នេះ​មាន«ភាជនៈ»ពោល​គឺ​វត្ថុ​ដែល​ធ្វើ​ពី«មាស​ឬ​ប្រាក់ ហើយ​ក៏​មាន​ភាជនៈ​ធ្វើ​ពី​ឈើ​ឬ​ដី។ ភាជនៈ​ខ្លះ​សម្រាប់​ការ​ដែល​ប្រកប​ដោយ​កិត្ដិយស ឯ​ភាជនៈ​ខ្លះ​ទៀត​សម្រាប់​ការ​ដែល​មិន​ប្រកប​ដោយ​កិត្ដិយស»។ (២ធី. ២:២០, ២១) ក្រោយ​មក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​ជៀស​ឆ្ងាយ​ពី«ភាជនៈ»ដែល​ត្រូវ​បាន​ប្រើ​សម្រាប់«ការ​ដែល​មិន​ប្រកប​ដោយ​កិត្ដិយស»។

១៥, ១៦​. តើ​យើង​អាច​រៀន​អ្វី​ពី​ឧទាហរណ៍​អំពី«ផ្ទះ​ធំ​មួយ»?

១៥ តើ​ឧទាហរណ៍​របស់​ប៉ូល​មាន​ន័យ​យ៉ាង​ណា? «ផ្ទះ​ធំ»នោះ​អាច​ប្រៀប​ដូច​ជា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ «ភាជនៈ»នៅ​ក្នុង​ផ្ទះ​អាច​ប្រៀប​ដូច​ជា​សមាជិក​ម្នាក់ៗក្នុង​ក្រុម​ជំនុំ។ នៅ​ក្នុង​ផ្ទះ​មួយ មាន​វត្ថុ​ខ្លះ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​បើ​របស់​នោះ​ទៅ​ជា​កខ្វក់ ឬ​មិន​ស្អាត។ ពេល​ដែល​នេះ​កើត​ឡើង ម្ចាស់​ផ្ទះ​ត្រូវ​ញែក​វត្ថុ​មិន​ស្អាត​ចេញ​ពី​វត្ថុ​ស្អាត ដូច​ជា​វត្ថុ​ដែល​គាត់​ប្រើ​សម្រាប់​ធ្វើ​ម្ហូប​ជា​ដើម។

១៦ ចំពោះ​អ្នក​បម្រើ​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ ក៏​ស្រដៀង​គ្នា​ដែរ។ បើ​យើង​ចង់​ឲ្យ​ជីវិត​របស់​យើង​ស្អាត​ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​ត្រូវ​ញែក​ខ្លួន​ចេញ​ពី​បុគ្គល​ក្នុង​ក្រុម​ជំនុំ​ដែល​មិន​ព្រម​ធ្វើ​តាម​ជា​និច្ច​នូវ​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា។ (សូម​អាន កូរិនថូស​ទី១ ១៥:៣៣) ក្នុង​ក្រុម​ជំនុំ បើ​យើង​ត្រូវ​ជៀស​វាង​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ព្រះ យើង​ច្បាស់​ជា​ត្រូវជៀស​វាង​ការ​សេពគប់​ជិត​ស្និទ្ធ​ជា​មួយ​បុគ្គល​ដែល​នៅ​ក្រៅ​ក្រុម​ជំនុំ។ យើង​ធ្វើ​ដូច្នេះ ដោយ​សារ​មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​ក្រៅ​ក្រុម​ជំនុំ​ជា​បុគ្គល​ដែល​ស្រឡាញ់​ប្រាក់ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ មិន​ស្មោះ​ត្រង់ ជា​អ្នក​ភូតភរ កាច​សាហាវ មិន​ស្រឡាញ់​គុណធម៌ ជា​អ្នក​ក្បត់ ហើយ​ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ។—២ធី. ៣:១​-​៥

ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ចំពោះ​ភក្ដីភាព​របស់​យើង

១៧​. តើ​ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ស្មោះ​ត្រង់​បាន​ធ្វើ​អ្វី​ដើម្បី«លះ​ចោល​អ្វី​ដែល​មិន​សុចរិត»?

១៧ ពេល​ដែល​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ«ថយ​ចេញ​ពី​ត្រសាល​របស់​កូរេ ដាថាន នឹង​អ័ប៊ីរ៉ាម​ទៅ» ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ស្មោះ​ត្រង់​បាន«ថយ​ចេញ»ភ្លាមៗ។ (ជន. ១៦:២៤, ២៧) ពេល​ពួក​គេ​ត្រូវ​ញែក​ខ្លួន​ចេញ​ពី​អ្នក​បះបោរ​ប្រឆាំង នោះ​ពួក​គេ​មិន​បាន​បង្អែ​បង្អង់ ឬ​ក៏​មិន​បាន​ស្ទាក់​ស្ទើរ​ឡើយ។ ពួក​គេ​បាន«ថយ​ចេញ​ពី​កន្លែង​ជុំ​វិញ​ត្រសាល»។ ជន​ជាតិ​អ៊ីស្រាអែល​ស្មោះ​ត្រង់​ចង់​ស្ដាប់​បង្គាប់​អស់​ពី​ចិត្ត។ ពួក​គេ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ពួក​គេ​គាំ​ទ្រ​ព្រះ​យេហូវ៉ា ហើយ​ប្រឆាំង​អ្វី​ដែល​មិន​សុចរិត។ តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​នេះ?

១៨​. តើ​ពាក្យ​របស់​ប៉ូល​មាន​អត្ថ​ន័យ​យ៉ាង​ណា ពេល​គាត់​ប្រាប់​ធីម៉ូថេ​ថា៖ «ចូរ​រត់​ចេញ​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​កើត​មាន​ក្នុង​ភាព​ជា​យុវវ័យ»?

១៨ ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​មាន​តម្លៃ​ចំពោះ​យើង។ យើង​ត្រូវ​ចាត់​វិធានការ​ភ្លាម​ដើម្បី​ការពារ​ចំណង​មិត្តភាព​នេះ។ នេះ​ជា​អត្ថ​ន័យ​នៃ​ពាក្យ​របស់​ប៉ូល​ពេល​គាត់​បាន​ប្រាប់​ធីម៉ូថេ​ថា៖ «ចូរ​រត់​ចេញ​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​កើត​មាន​ក្នុង​ភាព​ជា​យុវវ័យ»។ (២ធី. ២:២២) នៅ​ពេល​នោះ ធីម៉ូថេ​ទំនង​ជា​មាន​អាយុ​ជាង​៣០​ឆ្នាំ។ ប៉ុន្តែ សូម្បី​តែ​មនុស្ស​ពេញ​វ័យ​ក៏​អាច​មាន«សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​កើត​មាន​ក្នុង​ភាព​ជា​យុវវ័យ»ដែល​ល្ងង់​ខ្លៅ​ដែរ។ ពេល​ធីម៉ូថេ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​បែប​នេះ គាត់​ត្រូវ«រត់​ចេញ»ពី​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​នេះ។ គាត់​ត្រូវ«លះ​ចោល​អ្វី​ដែល​មិន​សុចរិត»។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​អ្វី​មួយ​ស្រដៀង​គ្នា គឺ«ប្រសិនបើ​ភ្នែក​ម្ខាង​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះចោល​ឲ្យ​ឆ្ងាយ​ទៅ»។ (ម៉ាថ. ១៨:៩) គ្រិស្ត​សាសនិក​ដែល​ចង់​ស្ដាប់​បង្គាប់​ឱវាទ​នេះ ហើយ​ចង់​ការពារ​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ ត្រូវ​តាំង​ចិត្ត​ហើយ​ចាត់​វិធានការ​ភ្លាមៗ។

១៩​. តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​ខ្លះ​បាន​ការពារ​ចំណង​មិត្តភាព​រវាង​ពួក​គាត់​និង​ព្រះ​យេហូវ៉ា?

១៩ តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​ខ្លះ​បាន​ការពារ​ចំណង​មិត្តភាព​របស់​ពួក​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា? បុគ្គល​ខ្លះ​ដែល​ធ្លាប់​មាន​បញ្ហា​ស្តី​អំពី​ការ​ពិសា​ស្រា បាន​សម្រេច​ចិត្ត​មិន​ពិសា​ស្រា​ទាល់​តែ​សោះ។ អ្នក​ឯ​ទៀត​ដែល​មាន​ភាព​ទន់​ខ្សោយ​ណា​មួយ ជៀស​វាង​ការ​កម្សាន្ត​ណា​ដែល​ធ្វើ​ឲ្យ​គាត់​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ។ (ទំនុក. ១០១:៣) ជា​ឧទាហរណ៍ មុន​គាត់​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា បង​ប្រុស​ម្នាក់​ចូល​ចិត្ត​ទៅ​ពិធី​ជប់​លៀង​ដែល​មាន​ការ​រាំ​រែក ហើយ​ដែល​មាន​មនុស្ស​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌។ ក្រោយ​ពី​គាត់​បាន​រៀន​សេចក្ដី​ពិត គាត់​បាន​សម្រេច​ចិត្ត​ថា​គាត់​មិន​រាំ​ទាល់​តែ​សោះ សូម្បី​តែ​នៅ​ពិធី​ជប់​លៀង​របស់​សាក្សី​ព្រះ​យេហូវ៉ា​ក៏​ដោយ។ គាត់​មិន​ចង់​មាន​ឡើង​វិញ​នូវ​គំនិត​និង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ដែល​គាត់​ធ្លាប់​មាន​ពី​មុន​ទេ។ នេះ​មិន​មាន​ន័យ​ថា​គ្រិស្ត​សាសនិក​ទាំង​អស់​ត្រូវ​ជៀស​វាង​ស្រា ការ​រាំ​រែក ឬ​អ្វី​ផ្សេង​ទៀត​ដែល​មិន​ខុស​នោះ​ទេ។ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​គួរ​ប្រុង​ប្រយ័ត្ន ហើយ​គួរ​ការពារ​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ​យេហូវ៉ា។

២០​. ទោះ​បី​ប្រហែល​ជា​មិន​ស្រួល​ឲ្យ​យើង«លះ​ចោល​អ្វី​ដែល​មិន​សុចរិត»ក៏​ដោយ តើ​អ្វី​សម្រាល​ទុក្ខ​យើង?

២០ គឺ​ជា​ឯកសិទ្ធិ​ដែល​យើង​បាន​ត្រូវ​ហៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។ ប៉ុន្តែ ឯកសិទ្ធិ​នេះ​ក៏​នាំ​ឲ្យ​មាន​ភារកិច្ច​ដែរ។ យើង​ត្រូវ«លះ​ចោល​អ្វី​ដែល​មិន​សុចរិត» ហើយ«ថយ​ចេញ​ពី​ការ​អាក្រក់»។ (ទំនុក. ៣៤:១៤) ការ​ធ្វើ​ដូច្នេះ​មិន​តែង​តែ​ស្រួល​ទេ។ ប៉ុន្តែ យើង​ពិត​ជា​ទទួល​ការ​សម្រាល​ទុក្ខ​មែន​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ស្រឡាញ់«ពួក​អ្នក​ដែល​ជា​របស់​លោក» ហើយ​ស្ដាប់​បង្គាប់​លោក​ជា​និច្ច។—២ធី. ២:១៩; សូម​អាន របា​ក្សត្រ​ទី២ ១៦:៩​ក

a សូម​មើល​អត្ថបទ​នៅ​គេហ​ទំព័រ​jw.org/km ដែល​មាន​ចំណង​ជើង​ថា«តើ​អ្នក​ហាមឃាត់​ភាពយន្ត សៀវភៅ ឬ​ចម្រៀង​ណា​មួយ​ទេ?» ក្រោម​ពាក្យ«អំពី​យើង» បន្ទាប់​មក​ចុច«សំណួរ​ដែល​មនុស្ស​ជា​ច្រើន​សួរ»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក