បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៧ ទំ. ១៧-២២
  • បាត់បង់ឪពុក ហើយរកឃើញឪពុកម្នាក់ទៀត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បាត់បង់ឪពុក ហើយរកឃើញឪពុកម្នាក់ទៀត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បទ​ពិសោធន៍​របស់​ខ្ញុំ​ជា​មួយ​នឹង​ក្រុម​ក្មេង​ប្រុស​កាយ​ឫទ្ធិ
  • ការ​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ជា​លើក​ដំបូង
  • បង​ស្រី​ពីរ​នាក់​ដែល​ជា​សាសនទូត​មក​ជួប​ខ្ញុំ
  • ការ​រក​ឃើញ​សេចក្ដី​ពិត​អំពី​បិតា​បរិសុទ្ធ​ដ៏​ពិត​ប្រាកដ
  • ការ​ចាប់​ផ្ដើម​ក្នុង​កិច្ច​បម្រើ​ផ្សាយ
  • ជីវិត​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល
  • ភារកិច្ច​ថែម​ទៀត
  • ទស្សនកិច្ច​ពិសេស​នៅ​ប្រទេស​រ៉ូម៉ានី
  • ការ​រំពឹង​គិត​អំពី​អតីតកាល​និង​ការ​សម្លឹង​មើល​ទៅ​អនាគត
  • ការរៀននិងការបង្រៀនអំពីព្រះយេហូវ៉ាបានធ្វើឲ្យខ្ញុំសប្បាយរីករាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ព្រះយេហូវ៉ាបានបង្រៀនខ្ញុំឲ្យធ្វើតាមបំណងប្រាថ្នារបស់លោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ការធ្វើ«ដូចមនុស្សគ្រប់ប្រភេទ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • របៀបបង្កើនកិច្ចបម្រើផ្សាយរបស់អ្នក
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៧ ទំ. ១៧-២២

ជីវប្រវត្ដិ

បាត់​បង់​ឪពុក ហើយ​រក​ឃើញ​ឪពុក​ម្នាក់​ទៀត

រៀប​រាប់​ដោយ​បង​ហ្គារី​ត ឡឹស

ឪពុក​របស់​ខ្ញុំ​បាន​កើត​នៅ​ក្រុង​ហ្គ្រាស នា​ប្រទេស​អូទ្រីស នៅ​ឆ្នាំ​១៨៩៩ ដូច្នេះ​គាត់​ជា​យុវជន​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១។ ពេល​សង្គ្រាម​លោក​លើក​ទី២​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៣៩ គាត់​បាន​ត្រូវ​គេ​កែន​ឲ្យ​ចូល​កង​ទ័ព​អាឡឺម៉ង់។ នៅ​ឆ្នាំ​១៩៤៣​កាល​ដែល​ឪពុក​របស់​ខ្ញុំ​ប្រយុទ្ធ​គ្នា​នៅ​ប្រទេស​រុស្ស៊ី គាត់​បាន​ស្លាប់។ គួរ​ឲ្យ​ស្ដាយ​ណាស់ ខ្ញុំ​បាន​បាត់​បង់​ឪពុក​របស់​ខ្ញុំ​តាម​របៀប​នេះ​កាល​ដែល​ខ្ញុំ​មាន​អាយុ​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​ខ្ញុំ​មិន​បាន​ស្គាល់​គាត់​ទេ។ ពេល​ដែល​ខ្ញុំ​បាន​ទៅ​សាលា ខ្ញុំ​ពិបាក​ចិត្ត​ណាស់​ពេល​ឃើញ​ក្មេង​ប្រុសៗឯ​ទៀត​មាន​ឪពុក តែ​ខ្ញុំ​កំព្រា​ឪពុក។ កាល​ខ្ញុំ​ជា​ក្មេង​ជំទង់ ខ្ញុំ​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពេល​ខ្ញុំ​បាន​រៀន​អំពី​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​ជា​បុគ្គល​ដែល​មិន​អាច​ស្លាប់។

បទ​ពិសោធន៍​របស់​ខ្ញុំ​ជា​មួយ​នឹង​ក្រុម​ក្មេង​ប្រុស​កាយ​ឫទ្ធិ

កាល​ដែល​ខ្ញុំ​មាន​អាយុ​៧​ឆ្នាំ ខ្ញុំ​បាន​ចូល​ក្រុម​យុវជន​កាយ​ឫទ្ធិ។ នេះ​គឺ​ជា​អង្គការ​ទូ​ទាំង​ពិភព​លោក​មួយ​ដែល​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩០៨​នា​ប្រទេស​អង់គ្លេស​ដោយ​ឧត្តមសេនីយ៍ឯក​នៃ​កង​ទ័ព​អង់គ្លេស ឈ្មោះ​រ៉ូបឺត ស្តេហ្វឺតសុន ស្មាយ បាដិន ផូអិល។ នៅ​ឆ្នាំ​១៩១៦ គាត់​បាន​បង្កើត​កូន​ចចក​កាយ​ឫទ្ធិ (ឬ​កាយ​ឫទ្ធិ​ប្អូន) សម្រាប់​កុមារ​ដែល​មាន​វ័យ​ក្មេង​ជាង។

ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ដំណើរ​បោះជំរំ​នៅ​ជនបទ​នា​ចុង​សប្ដាហ៍។ យើង​បាន​គេង​នៅ​ក្នុង​តង់ ពាក់​ឯកសណ្ឋាន ហើយ​បាន​ដើរ​ហែ​ក្បួន​ដោយ​មាន​សំឡេង​ស្គរ។ ខ្ញុំ​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​ក្មេង​ប្រុស​កាយ​ឫទ្ធិ​ឯ​ទៀត។ យើង​បាន​ច្រៀង​ជុំ​វិញ​ភ្នក់​ភ្លើង​នៅ​ពេល​ល្ងាច ហើយ​បាន​លេង​ល្បែង​ផ្សេងៗនៅ​ក្នុង​ព្រៃ។ យើង​ក៏​បាន​រៀន​យ៉ាង​ច្រើន​ដែរ​អំពី​ធម្មជាតិ នេះ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ស្រឡាញ់​អ្វីៗដែល​ព្រះ​បាន​បង្កើត។

ក្មេង​ប្រុស​កាយ​ឫទ្ធិ​បាន​ត្រូវ​បង្រៀន​ឲ្យ​ធ្វើ​អំពើ​ល្អ​រាល់​ថ្ងៃ ហើយ​ឲ្យ​ទទួល​ស្វាគមន៍​ក្មេង​ប្រុស​កាយ​ឫទ្ធិ​ឯ​ទៀត​ដោយ​ប្រើ​ពាក្យ​ថា៖ «ត្រៀម​ខ្លួន​ជា​និច្ច»។ ខ្ញុំ​ចូល​ចិត្ត​ធ្វើ​បែប​នេះ​ជា​ខ្លាំង។ ក្នុង​ក្រុម​របស់​យើង​មាន​ក្មេង​ប្រុស​ជាង​មួយ​រយ​នាក់ ប្រហែល​ជា​ពាក់​កណ្ដាល​ជា​អ្នក​កាន់​សាសនា​កាតូលិក ពាក់​កណ្ដាល​ទៀត​ជា​អ្នក​កាន់​សាសនា​ប្រូតេស្តង់ ហើយ​មាន​ម្នាក់​កាន់​ពុទ្ធសាសនា។

តាំង​ពី​ឆ្នាំ​១៩២០ ពីរ​បី​ឆ្នាំ​ម្ដង​ក្មេង​ប្រុស​កាយ​ឫទ្ធិ​បាន​ធ្វើ​ការ​ជួប​ជុំ​គ្នា​ជា​អន្តរជាតិ។ ខ្ញុំ​បាន​ចូល​រួម​ការ​ជួប​ជុំ​ទាំង​នេះ​ខ្លះ។ ការ​ជួប​ជុំ​គ្នា​មួយ​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​បាតអ៊ីសអឺល ប្រទេស​អូទ្រីស នៅ​ខែ​សីហា ឆ្នាំ​១៩៥១ ហើយ​មួយ​ទៀត​នៅ​ជិត​ក្រុង​បឺមីងហេម ប្រទេស​អង់គ្លេស នៅ​ខែ​សីហា ឆ្នាំ​១៩៥៧ ដែល​មាន​កាយ​ឫទ្ធិ​ប្រហែល​ជា​៣៣.០០០​នាក់​មក​ពី​៨៥​ប្រទេស​បាន​ចូល​រួម។ មនុស្ស​ប្រហែល​ជា​៧៥០.០០០​នាក់ ក៏​បាន​ចូល​រួម​ការ​ប្រជុំ​នេះ​ដែរ។ បុគ្គល​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង​នេះ​គឺ​ជា​មហាក្សត្រី អេលីសាបិត​នៃ​ប្រទេស​អង់គ្លេស។ សម្រាប់​ខ្ញុំ ការ​ធ្វើ​ជា​ក្មេង​ប្រុស​កាយ​ឫទ្ធិ​គឺ​ដូច​ជា​ខ្ញុំ​ជា​សមាជិក​នៃ​ក្រុម​ដែល​មាន​បង​ប្អូន​ទូ​ទាំង​ពិភព​លោក។ ខ្ញុំ​មិន​បាន​ដឹង​ថា មិន​យូរ​ទៀត​ខ្ញុំ​នឹង​រក​ឃើញ​បង​ប្អូន​ដែល​ល្អ​ជាង ដែល​ជា​មនុស្ស​ស្រឡាញ់​ព្រះ។

ការ​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ជា​លើក​ដំបូង

នៅ​ឆ្នាំ​១៩៥៨ នា​និទាឃ​រដូវ ខ្ញុំ​បាន​បញ្ចប់​ការ​បណ្ដុះ​បណ្ដាល​ជា​អ្នក​រត់​តុ​នៅ​សណ្ឋាគារ​ឈ្មោះ​ហ្គ្រេន​វីសឡឺ នៅ​ក្រុង​ហ្គ្រាស​ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ នា​ប្រទេស​អូទ្រីស។ អ្នក​រួម​ការ​ងារ​ជា​មួយ​ខ្ញុំ​ម្នាក់ ដែល​ជា​មេ​ចុង​ភៅ​ខាង​ធ្វើ​នំ ឈ្មោះ​រូដូហ្វ ឈីកអឺល បាន​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​ដល់​ខ្ញុំ។ នេះ​គឺ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​អំពី​សេចក្ដី​ពិត។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​សេចក្ដី​បង្រៀន​នៃ​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​មិន​មែន​ជា​សេចក្ដី​បង្រៀន​ដែល​មក​ពី​គម្ពីរ​ទេ។ ខ្ញុំ​បាន​និយាយ​តប​ទៅ​វិញ​ថា​សេចក្ដី​បង្រៀន​នេះ​មក​ពី​គម្ពីរ ហើយ​ថា​គាត់​យល់​ខុស។ ខ្ញុំ​ចូល​ចិត្ត​គាត់ ហើយ​ចង់​វែក​ញែក​ហេតុ​ផល​ជា​មួយ​គាត់​ដើម្បី​ឲ្យ​គាត់​ត្រឡប់​មក​សាសនា​កាតូលិក​វិញ។

បង​រូដូហ្វ ដែល​ខ្ញុំ​ហៅ​ថា​បង​រូឌី ចង់​ឲ្យ​គម្ពីរ​មួយ​ក្បាល​ដល់​ខ្ញុំ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ខ្ញុំ​ចង់​បាន​តែ​គម្ពីរ​កាតូលិក​ប៉ុណ្ណោះ។ ដូច្នេះ​គាត់​បាន​ឲ្យ​ខ្ញុំ​គម្ពីរ​កាតូលិក​មួយ ហើយ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​អាន ខ្ញុំ​បាន​រក​ឃើញ​ខិត្តប័ណ្ណ​មួយ​នៅ​ខាង​ក្នុង​ដែល​បាន​បោះពុម្ព​ដោយ​សមាគម​ប៉មយាម។ បង​រូឌី​បាន​ដាក់​នៅ​ក្នុង​គម្ពីរ​នោះ។ ខ្ញុំ​មិន​ចូល​ចិត្ត​ទេ ដោយ​សារ​ខ្ញុំ​មាន​អារម្មណ៍​ថា​ព័ត៌មាន​ក្នុង​ខិត្តប័ណ្ណ​នេះ​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ តែ​ប្រហែល​ជា​មិន​ត្រឹម​ត្រូវ​ទេ។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​ចង់​ពិភាក្សា​គម្ពីរ​ជា​មួយ​គាត់។ ដោយ​មាន​គំនិត​ឈ្លាស​វៃ បង​រូឌី​មិន​បាន​ផ្ដល់​សៀវភៅ​ឬ​ទស្សនាវដ្ដី​ផ្សេង​ទៀត​ឲ្យ​ខ្ញុំ​ទេ។ អស់​រយៈ​ពេល​ប្រហែល​ជា​បី​ខែ យើង​បាន​ពិគ្រោះ​គម្ពីរ​ជា​មួយ​គ្នា​ម្ដង​ម្កាល។ ពេល​ខ្លះ​យើង​និយាយ​ជា​មួយ​គ្នា​រហូត​ដល់​យប់​ជ្រៅ។

ក្រោយ​ពី​ខ្ញុំ​បាន​បញ្ចប់​ការ​បណ្ដុះ​បណ្ដាល​នៅ​សណ្ឋាគារ ម្ដាយ​របស់​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ទៅ​សាលា​គ្រប់​គ្រង​ផ្នែក​សណ្ឋាគារ។ សាលា​នោះ​នៅ​ក្រុង​បាតហូវហ្គាស្ទីន ជា​ក្រុង​មួយ​ដែល​នៅ​ជ្រលង​ភ្នំ​មួយ​នៃ​ជួរ​ភ្នំ​អាល់។ សាលា​នោះ​ជា​ដៃ​គូ​ជា​មួយ​សណ្ឋាគារ​ហ្គ្រេន​នៅ​ក្រុង​បាតហូវហ្គាស្ទីន ដូច្នេះ​ជួនកាល​ខ្ញុំ​ធ្វើ​ការ​នៅ​សណ្ឋាគារ​នោះ​ដើម្បី​បាន​បទ​ពិសោធន៍​ថែម​ទៀត។

បង​ស្រី​ពីរ​នាក់​ដែល​ជា​សាសនទូត​មក​ជួប​ខ្ញុំ

បង​រូឌី​បាន​ផ្ញើ​អាសយដ្ឋាន​ថ្មី​របស់​ខ្ញុំ​ទៅ​ការិយាល័យ​សាខា​នៅ​ក្រុង​វីយ៉ែន ហើយ​ក្រោយ​មក ការិយាល័យ​សាខា​បាន​ចាត់​បង​ស្រី​ពីរ​នាក់​ដែល​ជា​សាសនទូត ឈ្មោះ​អ៊ីលសឺ អ៊ូនតឺដឺហ្វឺ និង​អេលហ្វ្រីដឺ លើ ឲ្យ​មក​លេង​ខ្ញុំ។a ថ្ងៃ​មួយ​អ្នក​ទទួល​ភ្ញៀវ​នៅ​សណ្ឋាគារ​បាន​ប្រាប់​ខ្ញុំ​ថា មាន​ស្ត្រី​ពីរ​នាក់​នៅ​ក្នុង​ឡាន​ខាង​ក្រៅ​ចង់​និយាយ​ជា​មួយ​ខ្ញុំ។ ខ្ញុំ​មិន​ស្គាល់​ពួក​គាត់​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ចេញ​ទៅ​ក្រៅ​ដើម្បី​ដឹង​ថា​ពួក​គាត់​ជា​នរណា។ ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា​បង​អ៊ីលសឺ​និង​បង​អេលហ្វ្រីដឺ​ធ្លាប់​ជា​អ្នក​នាំ​សៀវភៅ​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ប្រទេស​អាឡឺម៉ង់​របប​ពួក​ណាត្ស៊ី ពេល​ដែល​កិច្ច​ផ្សព្វ​ផ្សាយ​បាន​ត្រូវ​គេ​ដាក់​បម្រាម។ មុន​សង្គ្រាម​លោក​លើក​ទី២​បាន​ចាប់​ផ្ដើម ពួក​គាត់​បាន​ត្រូវ​ប៉ូលិស​សម្ងាត់​អាឡឺម៉ង់ (ហ្គេស្ដាប៉ូ) ចាប់​ខ្លួន ហើយ​បាន​បញ្ជូន​ទៅ​ជំរំ​ឃុំ​ឃាំង​លីកតឺនប៊ឺក។ ក្រោយ​មក ក្នុង​អំឡុង​សង្គ្រាម​នោះ ពួក​គាត់​បាន​ត្រូវ​ប្ដូរ​ទៅ​ជំរំ​ឃុំ​ឃាំង​រ៉ាវិនប្រុក​ដែល​នៅ​ជិត​ក្រុង​ប៊ែឡាំង។

បង​ស្រី​ទាំង​នេះ​មាន​អាយុ​ស្រករ​គ្នា​នឹង​ម្ដាយ​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​គោរព​ពួក​គាត់។ ខ្ញុំ​មិន​ចង់​បង្ខាត​ពេល​វេលា​របស់​ពួក​គាត់​ដោយ​ពិភាក្សា​ជា​មួយ​ពួក​គាត់ ហើយ​ក្រោយ​មក​និយាយ​ថា​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ។ ដូច្នេះ​ខ្ញុំ​បាន​សុំ​ពួក​គាត់​ឲ្យ​យក​បញ្ជី​នៃ​ខ​គម្ពីរ​អំពី​សេចក្ដី​បង្រៀន​របស់​សាសនា​កាតូលិក​ដែល​បង្រៀន​ថា​សម្ដេច​ប៉ាប​ទី១​គឺ​ជា​សាវ័ក​ពេត្រុស ហើយ​សម្ដេច​ប៉ាប​ទាំង​អស់​ឯ​ទៀត​បាន​ទទួល​អំណាច​ពី​គាត់ ដែល​គេ​ហៅ​ថា​ជា​ការ​ស្នង​តំណែង​សាវ័ក។ ខ្ញុំ​បាន​ប្រាប់​ពួក​គាត់​ថា​ខ្ញុំ​នឹង​យក​បញ្ជី​នេះ​ទៅ​ឲ្យ​បូជាចារ្យ​នៅ​វិហារ​របស់​ខ្ញុំ ហើយ​ពិភាក្សា​ជា​មួយ​គាត់។ ខ្ញុំ​បាន​គិត​ថា​ដោយ​ធ្វើ​ដូច្នេះ ខ្ញុំ​នឹង​រក​ឃើញ​សេចក្ដី​ពិត។

ការ​រក​ឃើញ​សេចក្ដី​ពិត​អំពី​បិតា​បរិសុទ្ធ​ដ៏​ពិត​ប្រាកដ

សាសនា​កាតូលិក​បក​ស្រាយ​ពាក្យ​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ១៦:១៨, ១៩​ថា​គាំ​ទ្រ​សេចក្ដី​បង្រៀន​នៃ​ការ​ស្នង​តំណែង​សាវ័ក។ សាសនានោះ​ក៏​និយាយ​ដែរ​ថា​សម្ដេច​ប៉ាប ដែល​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​បិតា​បរិសុទ្ធ មិន​អាច​ធ្វើ​ខុស​ពេល​គាត់​និយាយ​អំពី​សេចក្ដី​បង្រៀន​នៃ​សាសនា។ អ្នក​កាន់​សាសនា​កាតូលិក​ជា​ច្រើន​នាក់​ជឿ​សេចក្ដី​បង្រៀន​នេះ ហើយ​ជំនឿ​របស់​ពួក​គេ​ផ្អែក​ទៅ​លើ​សេចក្ដី​បង្រៀន​នេះ។ ខ្ញុំ​ក៏​ជឿ​ដូច្នេះ​ដែរ ហើយ​បាន​គិត​ថា​បើ​សម្ដេច​ប៉ាប​និយាយ​ថា​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​គឺ​ជា​សេចក្ដី​បង្រៀន​ពិត នោះ​ត្រូវ​តែ​ពិត។ ប៉ុន្តែ ខ្ញុំ​បាន​គិត​ថា​បើ​សម្ដេច​ប៉ាប​អាច​ធ្វើ​ខុស នោះ​សេចក្ដី​បង្រៀន​អំពី​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​ប្រហែល​ជា​ខុស​ដែរ។

ពេល​ដែល​ខ្ញុំ​បាន​ទៅ​ជួប​បូជាចារ្យ គាត់​មិន​អាច​ឆ្លើយ​សំណួរ​របស់​ខ្ញុំ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ឲ្យ​ខ្ញុំ​សៀវភៅ​អំពី​ការ​ស្នង​តំណែង​សាវ័ក។ ខ្ញុំ​បាន​យក​សៀវភៅ​នោះ​ទៅ​ផ្ទះ ហើយ​អាន។ ក្រោយ​មក ខ្ញុំ​បាន​ត្រឡប់​ទៅ​ជួប​បូជាចារ្យ​វិញ​ដោយ​មាន​សំណួរ​ជា​ច្រើន​ថែម​ទៀត។ គាត់​មិន​អាច​ឆ្លើយ​សំណួរ​ទាំង​នោះ​បាន​ទេ ហើយ​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់ ហើយ​អ្នក​មិន​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់។ . . . ខ្ញុំ​សូម​ជូន​ពរ​អ្នក!»។ គាត់​មិន​ចង់​ពិភាក្សា​ជា​មួយ​នឹង​ខ្ញុំ​ត​ទៅ​ទៀត​ទេ។

ក្រោយ​ពី​រឿង​នេះ​បាន​កើត​ឡើង ខ្ញុំ​បាន​ត្រៀម​ខ្លួន​ហើយ​ដើម្បី​សិក្សា​គម្ពីរ​ជា​មួយ​បង​អ៊ីលសឺ​និង​បង​អេលហ្វ្រីដឺ។ ពួក​គាត់​បាន​បង្រៀន​ខ្ញុំ​ជា​ច្រើន​អំពី​បិតា​បរិសុទ្ធ​ដ៏​ពិត​ប្រាកដ​ដែល​នៅ​ស្ថាន​សួគ៌ គឺ​ព្រះ​យេហូវ៉ា។ (យ៉ូន. ១៧:១១) បង​ស្រី​ទាំង​ពីរ​នោះ​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​នៅ​ផ្ទះ​នៃ​ក្រុម​គ្រួសារ​មួយ​ដែល​ចាប់​អារម្មណ៍ ពីព្រោះ​គ្មាន​ក្រុម​ជំនុំ​នៅ​តំបន់​នោះ​ទេ។ មាន​មនុស្ស​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​បាន​ចូល​រួម។ គ្មាន​បង​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដើម្បី​ដឹក​នាំ​កិច្ច​ប្រជុំ ដូច្នេះ​បង​អ៊ីលសឺ​និង​បង​អេលហ្វ្រីដឺ​បាន​ពិភាក្សា​ព័ត៌មាន​សម្រាប់​កិច្ច​ប្រជុំ​រវាង​ពួក​គាត់​ទាំង​ពីរ​នាក់។ ជួនកាល​បង​ប្រុស​ម្នាក់​ដែល​មក​ពី​ក្រុង​ផ្សេង​បាន​មក​ថ្លែង​សុន្ទរកថា​សាធារណៈ​នៅ​កន្លែង​ដែល​បាន​ជួល។

ការ​ចាប់​ផ្ដើម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

បង​អ៊ីលសឺ​និង​បង​អេលហ្វ្រីដឺ​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​ខ្ញុំ​នៅ​ខែ​តុលា ឆ្នាំ​១៩៥៨។ បី​ខែ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ខែ​មករា ឆ្នាំ​១៩៥៩។ មុន​ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក ខ្ញុំ​បាន​សុំ​ទៅ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ជា​មួយ​ពួក​គាត់​ដើម្បី​ឃើញ​របៀប​ផ្សព្វ​ផ្សាយ។ (សកម្ម. ២០:២០) ក្រោយ​ពី​ខ្ញុំ​បាន​ទៅ​ជា​មួយ​ពួក​គាត់​ជា​លើក​ដំបូង ខ្ញុំ​បាន​សុំ​ផែនទី​ផ្ទាល់​ខ្លួន។ ពួក​គាត់​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ភូមិ​មួយ ហើយ​ខ្ញុំ​បាន​ទៅ​ទី​នោះ​ម្នាក់​ឯង​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​និង​ត្រឡប់​ទៅ​ជួប​មនុស្ស​ដែល​ចាប់​អារម្មណ៍។ បង​ប្រុស​ដំបូង​ដែល​ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ​ជា​មួយ គឺ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នៅ​ពេល​គាត់​បាន​មក​លេង​យើង។

នៅ​ឆ្នាំ​១៩៦០ បន្ទាប់​ពី​ខ្ញុំ​បាន​បញ្ចប់​ការ​បណ្ដុះ​បណ្ដាល​នៅ​សណ្ឋាគារ ខ្ញុំ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្ញុំ​វិញ​ដើម្បី​ព្យាយាម​បង្រៀន​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដល់​ញាតិ​សន្ដាន​របស់​ខ្ញុំ។ ទោះ​បី​ជា​មិន​ទាន់​មាន​ញាតិ​សន្ដាន​របស់​ខ្ញុំ​ណា​ម្នាក់​ចូល​មក​សេចក្ដី​ពិត​ក៏​ដោយ អ្នក​ខ្លះ​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍។

ជីវិត​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល

នៅ​ឆ្នាំ​១៩៦១ ការិយាល័យ​សាខា​បាន​ផ្ញើ​សំបុត្រ​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​ប្រុស​ស្រី​ឲ្យ​គិត​អំពី​ការ​ត្រួស​ត្រាយ។ ពេល​នោះ​ខ្ញុំ​នៅ​លីវ ហើយ​មាន​សុខភាព​ល្អ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​គួរ​តែ​ចាប់​ផ្ដើម​ត្រួស​ត្រាយ។ ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​ត្រូវ​ការ​ឡាន​ដើម្បី​ត្រួស​ត្រាយ ហើយ​ខ្ញុំ​បាន​សួរ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ឈ្មោះ​ខឺត ឃូន ថា​គាត់​គិត​យ៉ាង​ណា​បើ​ខ្ញុំ​ធ្វើ​ការ​ប៉ុន្មាន​ខែ​ទៀត​ដើម្បី​អាច​ទិញ​ឡាន។ គាត់​បាន​ឆ្លើយ​ថា៖ «តើ​លោក​យេស៊ូ​និង​ពួក​សាវ័ក​ត្រូវ​ការ​ឡាន​ដើម្បី​បំពេញ​កិច្ច​បម្រើ​ពេញ​ពេល​ឬ​ទេ?»។ សំណួរ​របស់​គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​ចិត្ត​ថា​ខ្ញុំ​គួរ​ធ្វើ​អ្វី។ ខ្ញុំ​ចង់​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ឲ្យ​បាន​ឆាប់​បំផុត។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​បាន​ធ្វើ​ការ​៧២​ម៉ោង​រាល់​សប្ដាហ៍​នៅ​ភោជនីយដ្ឋាន​នៃ​សណ្ឋាគារ​មួយ ខ្ញុំ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ខ្លះ។

ខ្ញុំ​បាន​សុំ​ថៅកែ​របស់​ខ្ញុំ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ការ​៦០​ម៉ោង​ជា​ជាង​៧២​ម៉ោង។ គាត់​បាន​យល់​ព្រម ហើយ​ថែម​ទាំង​ឲ្យ​ប្រាក់​ខែ​ដដែល​ដល់​ខ្ញុំ។ បន្ដិច​ក្រោយ​មក ខ្ញុំ​បាន​សុំ​គាត់​ធ្វើ​ការ​៤៨​ម៉ោង​ក្នុង​មួយ​សប្ដាហ៍។ គាត់​បានយល់​ព្រម​ម្ដង​ទៀត ហើយ​គាត់​ក៏​ឲ្យ​ប្រាក់​ខែ​ដដែល​ដល់​ខ្ញុំ​ដែរ។ ក្រោយ​មក​ទៀត ខ្ញុំ​បាន​សុំ​ធ្វើ​ការ​តែ​៣៦​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍ ហើយ​ម្ដង​នេះ​ទៀត​គាត់​បាន​យល់​ព្រម។ ខ្ញុំ​មិន​បាន​ជឿ​សោះ​ថា​ខ្ញុំ​នៅ​តែ​ទទួល​ប្រាក់​ខែ​ដដែល! នេះ​មើល​ទៅ​ដូច​ជា​ថៅកែ​របស់​ខ្ញុំ​មិន​ចង់​ឲ្យ​ខ្ញុំ​ឈប់​ធ្វើ​ការ។ កាល​វិភាគ​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ពេញ​ពេល។ នៅ​ពេល​នោះ អ្នក​ត្រួស​ត្រាយ​ត្រូវ​ផ្សព្វ​ផ្សាយ​១០០​ម៉ោង​ក្នុង​មួយ​ខែ។

បួន​ខែ​ក្រោយ​មក ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស ហើយ​បាន​ទទួល​ភារកិច្ច​ដែល​សព្វ​ថ្ងៃ​នេះ​ជា​ភារកិច្ច​របស់​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុម​ជំនុំ​តូច​មួយ​នា​ក្រុង​ស្ពីតថលអានដេដ្រៅ។ កាល​នោះ អ្នក​ត្រួស​ត្រាយ​ពិសេស​ត្រូវ​ផ្សព្វ​ផ្សាយ​១៥០​ម៉ោង​ក្នុង​មួយ​ខែ។ ខ្ញុំ​មិន​មាន​ដៃ​គូ​ក្នុង​កិច្ច​បម្រើ​ត្រួស​ត្រាយ​ទេ ប៉ុន្តែ​បង​ស្រី​ឈ្មោះ​ហ្គើទ្រូដឺ ឡូបណឺ ដែល​មាន​ភារកិច្ច​ដែល​សព្វ​ថ្ងៃ​នេះ​ជា​ភារកិច្ច​របស់​លេខាធិការ​នៃ​ក្រុម​ជំនុំ បាន​ផ្សព្វ​ផ្សាយ​ជា​មួយ​ខ្ញុំ។

ភារកិច្ច​ថែម​ទៀត

នៅ​ឆ្នាំ​១៩៦៣ ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ ខ្ញុំ​ច្រើន​តែ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ក្រុម​ជំនុំ​មួយ​ទៅ​ក្រុម​ជំនុំ​មួយ ដោយ​យួរ​វ៉ាលិស​យ៉ាង​ធ្ងន់។ បង​ប្អូន​ភាគ​ច្រើន​មិន​មាន​ឡាន​ផ្ទាល់​ខ្លួន​ទេ ដូច្នេះ​គ្មាន​អ្នក​ណា​អាច​មក​ទទួល​ខ្ញុំ​នៅ​ស្ថានីយ​រថភ្លើង​បាន​ឡើយ។ ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​បង​ប្អូន​មាន​អារម្មណ៍​មិន​ស្រួល​ដោយ​ជិះ​ឡាន​តាក់​ស៊ី​ទៅ​ផ្ទះ​របស់​ពួក​គាត់ ដូច្នេះ​ខ្ញុំ​បាន​ដើរ។

នៅ​ឆ្នាំ​១៩៦៥ ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​សាលា​គីលាត​ជំនាន់​ទី​៤១។ បង​ប្អូន​ជា​ច្រើន​នៅ​សាលា​នោះ រួម​ទាំង​ខ្ញុំ គឺ​ជា​អ្នក​នៅ​លីវ។ ខ្ញុំ​ភ្ញាក់​ផ្អើល​មែន ពេល​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​ត្រឡប់​ទៅ​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​នៅ​ប្រទេស​អូទ្រីស​ដែល​ជា​ប្រទេស​កំណើត​របស់​ខ្ញុំ។ ប៉ុន្តែ មុន​ខ្ញុំ​ចាក​ចេញ​ពី​សហរដ្ឋ​អាម៉េរិក ខ្ញុំ​បាន​ត្រូវ​សុំ​ឲ្យ​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​ជា​មួយ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់​ក្នុង​រយៈ​ពេល​បួន​សប្ដាហ៍។ ខ្ញុំ​ពិត​ជា​សប្បាយ​ណាស់​ដែល​បាន​បម្រើ​ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​ជា​មួយ​បង​ប្រុស​អានថូនី ខុនទី។ គាត់​គឺ​ជា​បង​ប្រុស​ម្នាក់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ជា​អ្នក​ដែល​ស្រឡាញ់​កិច្ច​ផ្សព្វ​ផ្សាយ ហើយ​ផ្សព្វ​ផ្សាយ​ដោយ​មាន​ប្រសិទ្ធភាព​ណាស់។ យើង​បាន​បម្រើ​ជា​មួយ​គ្នា​នៅ​ខាង​ជើង​ក្រុង​ញូវ​យ៉ក​ជិត​ភូមិ​ខនវ៉ល។

ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ប្រទេស​អូទ្រីស​វិញ ខ្ញុំ​បាន​ទទួល​ភារកិច្ច​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល ជា​កន្លែង​ដែល​ខ្ញុំ​បាន​ជួប​បង​ស្រី​តូវី មែរិទើ ដែល​ជា​ស្ត្រី​នៅ​លីវ​ដ៏​ស្អាត​ម្នាក់។ គាត់​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​សេចក្ដី​ពិត​ចាប់​ពី​ពេល​ដែល​គាត់​មាន​អាយុ​ប្រាំ​ឆ្នាំ។ ពេល​ដែល​បង​ប្អូន​សួរ​យើង​ថា​តើ​យើង​បាន​ជួប​គ្នា​យ៉ាង​ដូច​ម្ដេច យើង​និយាយ​កំប្លែង​លេង​ថា៖ «ការិយាល័យ​សាខា​ជា​អ្នក​រៀបចំ»។ នៅ​ឆ្នាំ​ក្រោយ​មក នៅ​ខែ​មេសា ឆ្នាំ​១៩៦៧ យើង​បាន​រៀប​ការ ហើយ​យើង​បាន​បន្ត​ក្នុង​កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។

រ៉ូម ៨:១៥​ពន្យល់​របៀប​ដែល​មនុស្ស​ខ្លះ​អាច​មាន​ចំណង​មិត្តភាព​ពិសេស​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​អាច​ក្លាយ​ទៅ​ជា​កូន​របស់​លោក។ ពួក​គាត់​ហៅ​លោក​ដោយ​សេចក្ដី​ស្រឡាញ់​ថា៖ «អប្បា! បិតា​អើយ!» ខ្ញុំ​មាន​អារម្មណ៍​បែប​នេះ​ដែរ​នៅ​ឆ្នាំ​១៩៦៨។ គឺ​ពេល​នេះ​ដែល​ខ្ញុំ​បាន​ដឹង​ថា​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា លោក​បាន​ទទួល​ខ្ញុំ​ជា​កូន​របស់​លោក។ ខ្ញុំ​ក៏​បាន​ទៅ​ជា​សមាជិក​ក្រុម​បង​ប្អូន​រួម​ជំនឿ​ដែល​ជា​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។

មែរិទើ​និង​ខ្ញុំ​បាន​បម្រើ​ជា​មួ​គ្នា​ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​និង​តំបន់​រហូត​ដល់​ឆ្នាំ​១៩៧៦។ ជួនកាល​នៅ​រដូវ​រងា យើង​បាន​គេង​ក្នុង​បន្ទប់​ដែល​គ្មាន​កម្ដៅ ហើយ​មាន​សីតុណ្ហភាព​ត្រជាក់​ក្រោម​សូន្យ​អង្សា​សេ។ នៅ​ពេល​មួយ យើង​បាន​ភ្ញាក់​ពី​គេង ហើយ​បាន​ឃើញ​ថា​ភួយ​ដែល​នៅ​ជិត​មុខ​យើង​បាន​កក! នៅ​ទី​បំផុត យើង​បាន​សម្រេច​ចិត្ត​យក​ម៉ាស៊ីន​កម្ដៅ​តូច​មួយ​មក​ជា​មួយ​ដើម្បី​ជួយ​យើង​ឲ្យ​ទ្រាំ​បាន​នៅ​ពេល​យប់។ នៅ​កន្លែង​ខ្លះ​បើ​យើង​ត្រូវ​ការ​ប្រើ​បន្ទប់​ទឹក​នៅ​ពេល​យប់ យើង​ត្រូវ​ដើរ​កាត់ព្រិល​ទៅ​បន្ទប់​ទឹក​ក្រៅ​ផ្ទះ​ដែល​មាន​ខ្យល់​ចូល។ យើង​មិន​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ឬ​ផ្ទះ​ជួល​ទេ ដូច្នេះ​រាល់​ថ្ងៃ​ច័ន្ទ តាម​ធម្មតា​យើង​បាន​ស្នាក់​នៅ​ផ្ទះ​របស់​បង​ប្អូន​នៅ​ក្រុម​ជំនុំ​ដែល​យើង​បាន​ធ្វើ​ទស្សនកិច្ច​សប្ដាហ៍​មុន។ រួច​មក ពេល​ព្រឹក​ថ្ងៃ​អង្គារ​យើង​បាន​បន្ត​ធ្វើ​ដំណើរ​ទៅ​ក្រុម​ជំនុំ​មួយ​ទៀត។

ខ្ញុំ​សប្បាយ​នឹង​និយាយ​ថា​អស់​ជា​ច្រើន​ឆ្នាំ​នេះ ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ផ្ដល់​ការ​គាំ​ទ្រ​ដល់​ខ្ញុំ​ជា​និច្ច។ គាត់​ស្រឡាញ់​កិច្ច​ផ្សព្វ​ផ្សាយ ហើយ​ខ្ញុំ​មិន​ចាំ​បាច់​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​ទេ។ គាត់​ក៏​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ដែរ ហើយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ឯ​ទៀត។ នេះ​ពិត​ជា​បាន​ជួយ​ខ្ញុំ​យ៉ាង​ខ្លាំង។

នៅ​ឆ្នាំ​១៩៧៦ យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​បម្រើ​នៅ​ការិយាល័យ​សាខាប្រទេស​អូទ្រីស នា​ក្រុង​វីយ៉ែន ហើយ​ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា។ ការិយាល័យ​សាខា​នៅ​ប្រទេស​អូទ្រីស​បាន​មើល​ការ​ខុស​ត្រូវ​លើ​កិច្ច​ការ​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប​ខាង​កើត ហើយ​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​បង​ប្អូន​នៅ​ប្រទេស​ទាំង​នោះ​បាន​ទទួល​សៀវភៅ​ដោយ​សម្ងាត់។ បង​ប្រុស​ឈ្មោះ​យួហ្គិន រុនដល​បាន​ដឹក​នាំ​កិច្ច​ការ​នេះ ហើយ​ខ្ញុំ​មាន​ឯកសិទ្ធិ​ធ្វើ​ការ​ជា​មួយ​គាត់។ ក្រោយ​មក ខ្ញុំ​បាន​ទទួល​ភារកិច្ច​ជា​អ្នក​ត្រួត​ពិនិត្យ​កិច្ច​ការ​បក​ប្រែ​សៀវភៅ​របស់​យើង​ជា​១០​ភាសា​ដែល​គេ​និយាយ​នៅ​ទ្វីប​អឺរ៉ុប​ខាង​កើត។ បង​យួហ្គិន​និង​បង​ហ្គើទ្រូដឺ​ដែល​ជា​ប្រពន្ធ​របស់​គាត់ នៅ​តែ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​ដ៏​ស្មោះ​ត្រង់​នៅ​ប្រទេស​អាឡឺម៉ង់។ នៅ​ឆ្នាំ​១៩៧៨ ការិយាល័យ​សាខា​នៅ​ប្រទេស​អូទ្រីស​បាន​ចាប់​ផ្ដើម​ប្រើ​កម្ម​វិធី​ផ្លាស់​ប្ដូរ​តួ​អក្សរ​ជា​ភាសា​ផ្សេង​និង​បោះពុម្ព​ទស្សនាវដ្ដី​របស់​យើង​ជា​៦​ភាសា​ដោយ​ប្រើ​ម៉ាស៊ីន​បោះពុម្ព​តូច​មួយ។ យើង​ក៏​បាន​បញ្ជូន​ទស្សនាវដ្ដី​ទាំង​នោះ​ទៅ​អ្នក​ដែល​ចង់​អាន​នៅ​ប្រទេស​ផ្សេង​ទៀត​ដែរ។ បង​ប្រុស​ឈ្មោះ​អតូ ឃូគលីច​ជា​អ្នក​ដែល​បាន​មើល​ការ​ខុស​ត្រូវ​លើ​កិច្ច​ការ​ទាំង​នេះ ឥឡូវ​បម្រើ​ជា​មួយ​ប្រពន្ធ​របស់​គាត់​ឈ្មោះ​អ៊ីងគ្រីត​នៅ​ការិយាល័យ​សាខាប្រទេស​អាឡឺម៉ង់។

បង​ប្អូន​នៅ​ទ្វីប​អឺរ៉ុប​ខាង​កើត​ក៏​បាន​បោះពុម្ព​សៀវភៅ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គាត់​ដែរ ដោយ​ប្រើ​ម៉ាស៊ីន​ចម្លង ឬ​ដោយ​បោះពុម្ព​ពី​ហ្វីល។ ប៉ុន្តែ ពួក​គាត់​ត្រូវ​ការ​ជំនួយ​ពី​បង​ប្អូន​ដែល​នៅ​ប្រទេស​ផ្សេង​ទៀត។ ព្រះ​យេហូវ៉ា​បាន​ការពារ​កិច្ច​ការ​របស់​ពួក​គាត់។ នៅ​ការិយាល័យ​សាខា យើង​ស្រឡាញ់​បង​ប្អូន​ទាំង​នេះ​ដែល​បាន​បម្រើ​យ៉ាង​ស្មោះ​ត្រង់​អស់​ជា​ច្រើន​ឆ្នាំ​ទោះ​បី​ជា​គេ​ដាក់​បម្រាម​ក៏​ដោយ។

ទស្សនកិច្ច​ពិសេស​នៅ​ប្រទេស​រ៉ូម៉ានី

នៅ​ឆ្នាំ​១៩៨៩ ខ្ញុំ​មាន​ឯកសិទ្ធិ​ទៅ​ប្រទេស​រ៉ូម៉ានី​ជា​មួយ​បង​ប្រុស​ធីអូឌ័រ ចារ៉ាស ដែល​ជា​សមាជិក​គណៈ​អភិបាល។ គោល​ដៅ​របស់​យើង​គឺ​ដើម្បី​ជួយ​បង​ប្អូន​មួយ​ក្រុម​ធំ​ឲ្យ​ត្រឡប់​មក​អង្គការ​វិញ។ ចាប់​តាំង​ពី​ឆ្នាំ​១៩៤៩ បង​ប្អូន​ទាំង​នេះ​បាន​ដក​ខ្លួន​ចេញ​ពី​អង្គការ ហើយ​បាន​បង្កើត​ក្រុម​ជំនុំ​របស់​ពួក​គាត់។ ប៉ុន្តែ ពួក​គាត់​បាន​បន្ត​ផ្សព្វ​ផ្សាយ ហើយ​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ថ្មី។ ពួក​គាត់​ថែម​ទាំង​បាន​ជាប់​គុក ដោយសារ​ពួក​គាត់​បាន​បដិសេធ​មិន​ព្រម​ចូល​ធ្វើ​ជា​ទាហាន ដូច​បង​ប្អូន​ដែល​នៅ​ជាប់​អង្គការ​បាន​ធ្វើ។ កិច្ច​ការ​របស់​អង្គការ​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ប្រទេស​រ៉ូម៉ានី​នៅ​តែ​ត្រូវ​គេ​ដាក់​បម្រាម ដូច្នេះ​យើង​ត្រូវ​ជួប​ជុំ​គ្នា​ដោយ​សម្ងាត់។ យើង​បាន​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​របស់​បង​ប្រុស​ផាមហ្វីល អាលប៊ូ​ជា​មួយ​អ្នក​ចាស់​ទុំ​បួន​នាក់​ដែល​នាំ​មុខ​ក្នុង​ក្រុម​ដែល​បាន​ដក​ខ្លួន​ចេញ​ពី​អង្គការ​ព្រះ​យេហូវ៉ា ហើយ​នៅ​ទី​នោះ​ក៏​មាន​តំណាង​គណៈ​កម្មាធិការ​ប្រចាំ​ប្រទេស​រ៉ូម៉ានី​ដែល​បាន​ទទួល​ការ​តែង​តាំង​ពី​អង្គការ​ព្រះ​យេហូវ៉ា​ដែរ។ នៅ​ជា​មួយ​យើង​ក៏​មាន​បង​ប្រុស​ឈ្មោះ​រូហ្វ ខេលណឺ​ជា​អ្នក​បក​ប្រែ​ដែល​មក​ពី​ប្រទេស​អូទ្រីស។

នៅ​យប់​ទី​ពីរ​នៃ​ការ​ពិភាក្សា​នោះ បង​អាលប៊ូ​បាន​លើក​ទឹក​ចិត្ត​អ្នក​ចាស់​ទុំ​ទាំង​បួន​នាក់​ដែល​ជា​គ្នី​គ្នា​របស់​គាត់​ឲ្យ​រួប​រួម​ជា​មួយ​យើង។ គាត់​បាន​និយាយ​ថា៖ «បើ​យើង​មិន​ធ្វើ​ឥឡូវ​នេះ​ទេ យើង​ប្រហែល​ជា​គ្មាន​ឱកាស​ទៀត​ទេ»។ បន្ទាប់​ពី​នេះ បង​ប្អូន​ប្រហែល​ជា​៥.០០០​នាក់​បាន​ត្រឡប់​មក​អង្គការ​វិញ។ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ឈ្នះ ហើយ​សាថាន​បាន​បរាជ័យ​មែន!

នៅ​ជិត​ចុង​ឆ្នាំ​១៩៨៩ មុន​របប​កុម្មុយនីស្ត​ដួល​រលំ​នៅ​ទ្វីប​អឺរ៉ុប​ខាង​កើត គណៈ​អភិបាល​បាន​អញ្ជើញ​ប្រពន្ធ​របស់​ខ្ញុំ​និង​ខ្ញុំ​ឲ្យ​ប្ដូរ​មក​មន្ទីរ​ចាត់​ការ​ពិភព​លោក​នៅ​រដ្ឋ​ញូវ​យ៉ក។ នេះ​បាន​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ យើង​បាន​ចាប់​ផ្ដើម​បម្រើ​នៅ​បេតអែល​ក្រុង​ប៊្រុគ្លីន​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩០។ នៅ​ឆ្នាំ​១៩៩២ ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​ជំនួយ​ការ​របស់​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​នៃ​គណៈ​អភិបាល ហើយ​តាំង​ពី​ខែ​កក្កដា ឆ្នាំ​១៩៩៤ ខ្ញុំ​បាន​ទទួល​ឯកសិទ្ធិ​បម្រើ​ជា​សមាជិក​គណៈ​អភិបាល។

ការ​រំពឹង​គិត​អំពី​អតីតកាល​និង​ការ​សម្លឹង​មើល​ទៅ​អនាគត

ថ្ងៃ​ដែល​ខ្ញុំ​ធ្វើ​ជា​អ្នក​ផ្ដល់​ម្ហូប​អាហារ​ឲ្យ​ភ្ញៀវ​នៅ​សណ្ឋាគារ​បាន​កន្លង​ទៅ​ហើយ។ ឥឡូវ​ខ្ញុំ​ចូល​ចិត្ត​ចូល​រួម​ចែក​រំលែក​ជា​មួយ​អ្នក​ឯ​ទៀត​ក្នុង​ការ​រៀបចំ​និង​ការ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​បង​ប្អូន​រួម​ជំនឿ​ទូ​ទាំង​ពិភព​លោក។ (ម៉ាថ. ២៤:៤៥​-​៤៧) ពេល​ដែល​ខ្ញុំ​គិត​អំពី​ពេល​វេលា​ជាង​៥០​ឆ្នាំ​ដែល​ខ្ញុំ​បាន​ចំណាយ​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ពិសេស ខ្ញុំ​មាន​អំណរ​គុណ​យ៉ាង​ខ្លាំង។ ខ្ញុំ​មាន​ចិត្ត​ពេញ​ទៅ​ដោយ​អំណរ ពេល​ខ្ញុំ​ឃើញ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ទៅ​លើ​បង​ប្អូន​រួម​ជំនឿ​ទូ​ទាំង​ពិភព​លោក។ ខ្ញុំ​ចូល​ចិត្ត​យ៉ាង​ខ្លាំង​កាល​ដែល​ខ្ញុំ​អាច​ចូល​រួម​មហា​សន្និបាត​អន្តរជាតិ​របស់​សាក្សី​ព្រះ​យេហូវ៉ា ជា​កន្លែង​ដែល​យើង​រៀន​អំពី​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ គឺ​ព្រះ​យេហូវ៉ា​និង​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ។

ខ្ញុំ​អធិដ្ឋាន​សូម​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ទៀត​នឹង​សិក្សា​គម្ពីរ ទទួល​យក​សេចក្ដី​ពិត ហើយ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​រួប​រួម​ជា​មួយ​នឹង​បង​ប្អូន​គ្រិស្ត​សាសនិក​រួម​ជំនឿ​របស់​យើង​ទូ​ទាំង​ពិភព​លោក។ (១ពេ. ២:១៧) ខ្ញុំ​ទន្ទឹង​រង់​ចាំ​មើល​ពី​ស្ថាន​សួគ៌​នូវ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​លើ​ផែន​ដី ហើយ​ពេល​នោះ​រក​ឃើញ​ឪពុក​បង្កើត​របស់​ខ្ញុំ។ ខ្ញុំ​សង្ឃឹម​ថា​គាត់ ម្ដាយ​របស់​ខ្ញុំ ហើយ​សាច់​ញាតិ​ឯ​ទៀត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ទាំង​អស់​គ្នា​នឹង​ចង់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​សួន​ឧទ្យាន។

ខ្ញុំ​ទន្ទឹង​រង់​ចាំ​មើល​ពី​ស្ថាន​សួគ៌​នូវ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​លើ​ផែន​ដី ហើយ​ពេល​នោះ រក​ឃើញ​ឪពុក​បង្កើត​របស់​ខ្ញុំ

a សូម​មើល​ជីវប្រវត្ដិ​របស់​ពួក​គាត់ ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​១៩៧៩ ជា​ភាសា​អង់គ្លេស។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក