អ្នករាល់គ្នាជាសាក្សីរបស់ខ្ញុំ
«ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹ឯងរាល់គ្នាជាស្មរបន្ទាល់[សាក្សី]របស់អញ›»។—អេ. ៤៣:១០
១, ២. (ក) តើពាក្យសាក្សីមានអត្ថន័យយ៉ាងណា ហើយតើប្រព័ន្ធផ្សាយព័ត៌មានរបស់ពិភពលោកនេះមិនបានប្រាប់មនុស្សអំពីអ្វី? (ខ) ហេតុអ្វីព្រះយេហូវ៉ាមិនពឹងផ្អែកលើប្រព័ន្ធផ្សាយព័ត៌មានរបស់ពិភពលោកនេះ?
តើពាក្យសាក្សីមានអត្ថន័យយ៉ាងណា? វចនានុក្រមមួយពន្យល់ថា សាក្សីជា«បុគ្គលដែលឃើញព្រឹត្ដិការណ៍មួយហើយរាយការណ៍អំពីអ្វីដែលបានកើតឡើង»។ នៅប្រទេសអាហ្វ្រិកខាងត្បូង កាសែតមួយដែលគេបោះពុម្ពអស់ជាង១៦០ឆ្នាំមានឈ្មោះថាសាក្សី។ ឈ្មោះនេះគឺសមនឹងកាសែត ពីព្រោះគោលបំណងនៃកាសែតគឺដើម្បីរាយការណ៍យ៉ាងត្រឹមត្រូវអំពីព្រឹត្ដិការណ៍ផ្សេងៗដែលកើតឡើង។ អ្នកទទួលខុសត្រូវផ្នែកខាងបោះពុម្ពផ្សាយដែលបានចាប់ផ្ដើមកាសែតនេះ បានសន្យាថាវានឹងប្រាប់«សេចក្ដីពិត សេចក្ដីពិតទាំងអស់ ហើយគ្មានអ្វីទៀតក្រៅពីសេចក្ដីពិតទេ»។
២ គួរឲ្យស្ដាយណាស់ ប្រព័ន្ធផ្សាយព័ត៌មានរបស់ពិភពលោកមិនបានរាយការណ៍អំពីព្រឹត្ដិការណ៍ជាច្រើនយ៉ាងត្រឹមត្រូវទេ។ ប្រព័ន្ធផ្សាយព័ត៌មានច្បាស់ជាមិនបានប្រាប់សេចក្ដីពិតអំពីព្រះនិងអ្វីដែលលោកបានធ្វើឡើយ។ ប៉ុន្តែ ព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងលើសកលលោកទាំងមូលដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត លោកមិនពឹងផ្អែកលើប្រព័ន្ធផ្សាយព័ត៌មានរបស់ពិភពលោកទេ។ ព្រះបានមានប្រសាសន៍តាមរយៈអ្នកប្រកាសទំនាយរបស់លោកឈ្មោះអេសេគាលថា៖ «អស់ទាំងសាសន៍នឹងដឹងថា អញជាព្រះយេហូវ៉ា»។ (អេស. ៣៩:៧) ព្រះយេហូវ៉ាមានសាក្សីរបស់លោកប្រហែលជា៨លាននាក់ ជាអ្នកដែលប្រាប់មនុស្សទូទាំងពិភពលោកអំពីលោក។ ក្រុមសាក្សីដ៏ធំនេះ ប្រាប់អ្នកឯទៀតអំពីអ្វីដែលព្រះបានធ្វើនៅអតីតកាល ហើយអ្វីដែលលោកកំពុងធ្វើឥឡូវនេះ។ ពួកគាត់ក៏ប្រាប់អំពីអ្វីដ៏អស្ចារ្យដែលលោកនឹងធ្វើនៅពេលអនាគតដែរ។ យើងអាននៅអេសាយ ៤៣:១០ថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹ឯងរាល់គ្នាជាស្មរបន្ទាល់[សាក្សី]របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង›»។ ពេលយើងចាត់ទុកកិច្ចផ្សព្វផ្សាយជាកិច្ចការសំខាន់បំផុតក្នុងជីវិតរបស់យើង យើងបង្ហាញថាយើងពិតជាសាក្សីរបស់ព្រះយេហូវ៉ា។
៣, ៤. (ក) តើនិស្សិតគម្ពីរបានចាប់ផ្ដើមប្រើឈ្មោះសាក្សីព្រះយេហូវ៉ានៅពេលណា ហើយតើពួកគាត់មានអារម្មណ៍យ៉ាងណាអំពីឈ្មោះថ្មីនេះ? (សូមមើលរូបភាពនៅដើមអត្ថបទ)។ (ខ) តើយើងនឹងពិគ្រោះសំណួរអ្វីខ្លះ?
៣ នាមព្រះយេហូវ៉ានឹងស្ថិតស្ថេរជារៀងរហូតដោយសារលោកជា«ស្តេចដែលរស់ជារៀងរហូត»។ លោកបានមានប្រសាសន៍ថា៖ «នោះជាឈ្មោះអញនៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្ដីរំឭកពីអញ ដល់គ្រប់ទាំងដំណរៀងរាបតទៅ»។ (១ធី. ១:១៧; និក្ខ. ៣:១៥; សូមពិនិត្យបន្ថែម សាស្ដា ២:១៦) គឺជាឯកសិទ្ធិខ្ពង់ខ្ពស់បំផុតដែលយើងបានត្រូវហៅដោយនាមព្រះយេហូវ៉ា។ នៅឆ្នាំ១៩៣១ និស្សិតគម្ពីរមានចិត្តរំភើបពេលដែលពួកគាត់បានចាប់ផ្ដើមប្រើឈ្មោះសាក្សីព្រះយេហូវ៉ា។ ពួកគាត់ជាច្រើននាក់បានសរសេរសំបុត្រដើម្បីបង្ហាញថាពួកគាត់មានចិត្តដឹងគុណចំពោះការផ្លាស់ប្ដូរនេះ។ ក្រុមជំនុំមួយនៅប្រទេសកាណាដាបានសរសេរថា ឈ្មោះថ្មីនេះបានធ្វើឲ្យពួកគាត់តាំងចិត្តកាន់តែខ្លាំងដើម្បីមានរបៀបរស់នៅដែលនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរ។
៤ តើតាមរបៀបណាអ្នកអាចបង្ហាញថាអ្នកមានចិត្តដឹងគុណចំពោះឯកសិទ្ធិដែលអ្នកបានត្រូវហៅជាសាក្សីរបស់ព្រះយេហូវ៉ា? ម្យ៉ាងទៀត តើអ្នកអាចពន្យល់អំពីមូលហេតុដែលព្រះយេហូវ៉ាហៅយើងជាសាក្សីរបស់លោក ដូចយើងអានក្នុងសៀវភៅអេសាយឬទេ?
សាក្សីរបស់ព្រះនៅសម័យបុរាណ
៥, ៦. (ក) តើតាមរបៀបណាឪពុកម្ដាយជនជាតិអ៊ីស្រាអែលបានធ្វើជាសាក្សីបញ្ជាក់អំពីព្រះយេហូវ៉ា? (ខ) តើឪពុកម្ដាយជនជាតិអ៊ីស្រាអែលត្រូវធ្វើអ្វីទៀត ហើយហេតុអ្វីឪពុកម្ដាយសព្វថ្ងៃនេះត្រូវធ្វើដូច្នេះដែរ?
៥ ព្រះយេហូវ៉ាបានជ្រើសរើសជនជាតិអ៊ីស្រាអែលឲ្យធ្វើជាសាក្សីរបស់លោក។ ជនជាតិអ៊ីស្រាអែលម្នាក់ៗមានភារកិច្ចធ្វើជាសាក្សីបញ្ជាក់អំពីលោក។ (អេ. ៤៣:១០) ជាឧទាហរណ៍ ឪពុកម្ដាយបានធ្វើជាសាក្សីដោយបង្រៀនកូនរបស់ពួកគេអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើនៅអតីតកាល។ ព្រះយេហូវ៉ាបានបង្គាប់ឪពុកម្ដាយឲ្យបង្រៀនកូនរបស់ពួកគេអំពីបុណ្យរំលង។ លោកបានប្រាប់ពួកគេថា៖ «កាលណាកូនចៅអ្នករាល់គ្នាសួរថា ‹តើរបៀបនេះមានន័យដូចម្ដេច?› នោះត្រូវឆ្លើយថា ‹នេះគឺជាយញ្ញបូជានៃបុណ្យរំលងថ្វាយដល់ព្រះយេហូវ៉ា ដែលទ្រង់បានយាងរំលងផ្ទះពួកកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលទ្រង់បានវាយពួកសាសន៍អេស៊ីព្ទ ហើយបានប្រោសឲ្យពួកផ្ទះយើងរាល់គ្នារួច›»។ (និក្ខ. ១២:២៦, ២៧) ឪពុកម្ដាយបានពន្យល់ថាផារ៉ូមិនព្រមឲ្យជនជាតិអ៊ីស្រាអែលទៅតំបន់ស្ងាត់ជ្រងំដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាទេ។ ផារ៉ូបានសួរថា៖ «តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្ដាប់តាមទ្រង់ នឹងឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ?»។ (និក្ខ. ៥:២) ឪពុកម្ដាយបានប្រាប់កូនរបស់ពួកគេអំពីរបៀបដែលព្រះយេហូវ៉ាបានឆ្លើយសំណួររបស់ផារ៉ូនិងរបៀបដែលលោកបង្ហាញថាលោកជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ លោកបានធ្វើឲ្យមានសេចក្ដីវេទនា១០ប្រការមកលើស្រុកអេស៊ីប ហើយបានសង្គ្រោះជនជាតិអ៊ីស្រាអែលពីកងទ័ពអេស៊ីបនៅសមុទ្រក្រហម។ ជនជាតិអ៊ីស្រាអែលបានឃើញថាព្រះយេហូវ៉ាជាព្រះពិត ហើយលោកតែងតែធ្វើអ្វីដែលលោកសន្យា។
៦ ជនជាតិអ៊ីស្រាអែលបានយល់ថាការធ្វើជាសាក្សីរបស់ព្រះយេហូវ៉ាគឺជាឯកសិទ្ធិ។ ពួកគេបានប្រាប់កូនៗរបស់ពួកគេនិងខ្ញុំបម្រើណាដែលធ្វើការក្នុងផ្ទះរបស់ពួកគេ អំពីអ្វីៗដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានធ្វើ។ ជនជាតិអ៊ីស្រាអែលក៏ដឹងថាពួកគេត្រូវរក្សាការប្រព្រឹត្តបរិសុទ្ធ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញនេះដែលជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា អញបរិសុទ្ធ»។ ឪពុកម្ដាយជនជាតិអ៊ីស្រាអែលត្រូវបង្ហាត់បង្រៀនកូនរបស់ពួកគេធ្វើជាមនុស្សបរិសុទ្ធ ពោលគឺត្រូវមានរបៀបរស់នៅដែលសមស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។ (លេវី. ១៩:២; ចោ. ៦:៦, ៧) ឪពុកម្ដាយសព្វថ្ងៃនេះក៏ត្រូវធ្វើដូច្នេះដែរ។ ពួកគាត់ត្រូវបង្ហាត់បង្រៀនកូនឲ្យមានរបៀបរស់នៅដែលនាំឲ្យនាមដ៏រុងរឿងរបស់ព្រះយេហូវ៉ាទទួលការសរសើរ។—សូមអាន សុភាសិត ១:៨; អេភេសូរ ៦:៤
៧. (ក) ពេលជនជាតិអ៊ីស្រាអែលបានស្ដាប់បង្គាប់ព្រះយេហូវ៉ា តើប្រជាជាតិដែលនៅជុំវិញពួកគេអាចឃើញអ្វី? (ខ) តើអស់អ្នកដែលជាតំណាងព្រះយេហូវ៉ាមានភារកិច្ចអ្វី?
៧ កាលណាជនជាតិអ៊ីស្រាអែលស្ដាប់បង្គាប់ព្រះយេហូវ៉ា លោកផ្ដល់ពរដល់ពួកគេ។ ជាលទ្ធផល ប្រជាជាតិជុំវិញពួកគេអាចឃើញថាព្រះយេហូវ៉ាកំពុងការពាររាស្ត្ររបស់លោក។ (ចោ. ២៨:១០) ប៉ុន្តែ គួរឲ្យស្ដាយណាស់ ក្នុងប្រវត្ដិសាស្ត្រភាគច្រើនរបស់ជនជាតិអ៊ីស្រាអែល ពួកគេមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ាទេ។ ពួកគេបានគោរពបូជារូបព្រះ ជាព្រះរបស់ជនជាតិកាណាន។ ដូចព្រះទាំងនោះ ជនជាតិអ៊ីស្រាអែលបានទៅជាមនុស្សឃោរឃៅ។ ពួកគេបានបូជាកូនខ្លួនឯង ហើយបានប្រព្រឹត្តដោយគ្មានមេត្ដាទៅលើមនុស្សក្រីក្រ។ គំរូដ៏អាក្រក់របស់ពួកគេបង្រៀនយើងនូវមេរៀនសំខាន់មួយ។ យើងត្រូវយកតម្រាប់ព្រះយេហូវ៉ា ហើយធ្វើជាមនុស្សបរិសុទ្ធ ដោយសារយើងជាតំណាងលោកដែលជាព្រះដ៏បរិសុទ្ធបំផុត។
«មើល! អញនឹងធ្វើការ១ថ្មី»
៨. តើព្រះយេហូវ៉ាបានប្រាប់អេសាយឲ្យធ្វើអ្វី ហើយតើអេសាយបានឆ្លើយតបយ៉ាងណា?
៨ ព្រះយេហូវ៉ាបានប្រើអេសាយដើម្បីព្រមានជនជាតិអ៊ីស្រាអែលថាលោកនឹងបំផ្លាញក្រុងយេរូសាឡិមដែលជារាជធានីរបស់ពួកគេ ហើយអនុញ្ញាតឲ្យគេចាប់រាស្ត្ររបស់លោកទៅជាឈ្លើយ។ ព្រះយេហូវ៉ាក៏បានប្រកាសទុកជាមុនថា លោកនឹង«ធ្វើការ១ថ្មី» ដោយរំដោះរាស្ត្ររបស់លោកតាមរបៀបដ៏អស្ចារ្យមួយ។ (អេ. ៤៣:១៩) ព្រះយេហូវ៉ាដឹងថាជនជាតិអ៊ីស្រាអែលនឹងមិនកែប្រែចិត្តទេ ប៉ុន្តែលោកនៅតែបានប្រាប់អេសាយឲ្យបន្តព្រមានពួកគេ។ ប្រាំមួយជំពូកដំបូងនៃសៀវភៅអេសាយច្រើនតែជាការព្រមានអំពីការបំផ្លាញក្រុងយេរូសាឡិម។ អេសាយចង់ដឹងថាតើប្រជាជាតិនោះនឹងមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាតទៅទៀតអស់រយៈពេលប៉ុន្មាន។ ព្រះបានឆ្លើយថា៖ «គឺដរាបដល់កាលណាទីក្រុងទាំងប៉ុន្មានត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ ហើយផ្ទះទាំងប៉ុន្មានផង ឥតមានមនុស្សដរាបដល់ស្រុកនេះបានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ»។—សូមអាន អេសាយ ៦:៨-១១
៩. (ក) តើទំនាយរបស់អេសាយអំពីក្រុងយេរូសាឡិមបានសម្រេចនៅពេលណា? (ខ) នៅសព្វថ្ងៃនេះ តើយើងត្រូវយកចិត្តទុកដាក់ចំពោះការព្រមានអ្វី?
៩ អស់ជាង៤៥ឆ្នាំ អេសាយបានព្រមានជនជាតិអ៊ីស្រាអែលអំពីការបំផ្លាញដែលនឹងមកដល់។ គាត់បានចាប់ផ្ដើមប្រកាសទំនាយក្នុងឆ្នាំ៧៧៨ មុនគ.ស.នៅឆ្នាំចុងក្រោយនៃការគ្រប់គ្រងរបស់ស្តេចអូសៀស ហើយបានបន្តរហូតដល់ប្រហែលជាឆ្នាំ៧៣២ មុនគ.ស. ក្នុងការគ្រប់គ្រងរបស់ស្តេចហេសេគា។ ក្រោយមក ព្រះយេហូវ៉ាបានបន្តព្រមានរាស្ត្ររបស់លោករហូតដល់ពេលដែលក្រុងយេរូសាឡិមបានត្រូវបំផ្លាញនៅឆ្នាំ៦០៧ មុនគ.ស.។ ដូច្នេះជនជាតិអ៊ីស្រាអែលបានទទួលការព្រមានទុកជាមុនសម្រាប់រយៈពេលជាច្រើនឆ្នាំអំពីអ្វីដែលនឹងកើតឡើង។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាបានប្រើរាស្ត្ររបស់លោកដើម្បីព្រមានអ្នកឯទៀតអំពីអ្វីដែលនឹងកើតឡើងនៅពេលអនាគត។ អស់ជាច្រើនឆ្នាំមកហើយ ទស្សនាវដ្ដីប៉មយាមបានប្រាប់មនុស្សថាមិនយូរទៀតការគ្រប់គ្រងរបស់សាថានលើផែនដីនឹងលែងមានទៀត ហើយគ្រិស្តនឹងចាប់ផ្ដើមគ្រប់គ្រងលើផែនដីជំនួសការគ្រប់គ្រងរបស់សាថាន។—បប. ២០:១-៣, ៦
១០, ១១. តើជនជាតិអ៊ីស្រាអែលនៅក្រុងបាប៊ីឡូនបានឃើញទំនាយរបស់អេសាយសម្រេចយ៉ាងដូចម្ដេច?
១០ ជនជាតិយូដាខ្លះបានរួចជីវិតពីការបំផ្លាញក្រុងយេរូសាឡិម។ ពួកគេបានធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាដោយចុះចាញ់ជនជាតិបាប៊ីឡូន ហើយបានត្រូវគេចាប់ជាឈ្លើយទៅក្រុងបាប៊ីឡូន។ (យេ. ២៧:១១, ១២) ចិតសិបឆ្នាំក្រោយមក ពួកគេខ្លះបានធ្វើជាសាក្សីបញ្ជាក់អំពីការសម្រេចមួយទៀតនៃទំនាយរបស់អេសាយដែលថា៖ «ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះឯងរាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា៖ ‹ដោយយល់ដល់ឯងរាល់គ្នា នោះអញចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនឹងទំលាក់គេទាំងអស់គ្នា គេនឹងរត់រតាត់រតាយទៅ›»។—អេ. ៤៣:១៤
១១ ព្រះយេហូវ៉ាបានធ្វើឲ្យទំនាយនេះសម្រេចតាមរបៀបដែលគួរឲ្យកោតស្ងើច។ នៅយប់មួយក្នុងខែតុលា ឆ្នាំ៥៣៩ មុនគ.ស. ស្តេចរបស់បាប៊ីឡូននិងពួកអ្នកធំរបស់គាត់បានធ្វើពិធីជប់លៀងដើម្បីសរសើរព្រះផ្សេងៗរបស់ពួកគេ។ ពួកគេថែមទាំងផឹកពីពែងដែលពួកគេបានប្លន់យកពីវិហាររបស់ព្រះយេហូវ៉ា។ ប៉ុន្តែនៅយប់នោះ ស្តេចស៊ីរូសនិងកងទ័ពរបស់គាត់បានលុកលុយក្រុងបាប៊ីឡូន។ ពួកគេបានកាន់កាប់ក្រុងនោះ ហើយចក្រភពបាប៊ីឡូនក៏បានបរាជ័យ។ នៅឆ្នាំ៥៣៨ឬ៥៣៧មុនគ.ស. ស្តេចស៊ីរូសបានបង្គាប់ឲ្យជនជាតិយូដាត្រឡប់ទៅក្រុងយេរូសាឡិម ហើយសាងសង់វិហាររបស់ព្រះឡើងវិញ។ ម្យ៉ាងទៀត កាលដែលពួកគេធ្វើដំណើរត្រឡប់ទៅវិញ ព្រះយេហូវ៉ាបានធ្វើឲ្យប្រាកដថាពួកគេមានសុវត្ថិភាព។ ទាំងអស់នេះបានកើតឡើងដូចអេសាយបានទាយ។ ពេលដែលរាស្ត្ររបស់ព្រះបានឃើញថាវិហារនៅក្រុងយេរូសាឡិមបានត្រូវសង់ឡើងវិញ ពួកគេបានធ្វើជាសាក្សីបញ្ជាក់អំពីការពិតដែលថាព្រះយេហូវ៉ាជាព្រះពិត ហើយលោកតែងតែធ្វើអ្វីដែលលោកសន្យា។ ព្រះបានហៅជនជាតិយូដាដែលបានត្រឡប់មកក្រុងយេរូសាឡិមវិញថា៖ «ជារាស្ត្រដែលអញបានជបសូនសំរាប់តែខ្លួនអញ ដើម្បីឲ្យគេបានសំដែងចេញជាសេចក្ដីសរសើររបស់អញផង»។—អេ. ៤៣:២១; ៤៤:២៦-២៨
១២, ១៣. (ក) ពេលជនជាតិអ៊ីស្រាអែលបានត្រឡប់ទៅក្រុងយេរូសាឡិមដើម្បីសង់វិហារឡើងវិញ តើអ្នកណាបានចូលរួមជាមួយពួកគេ? (ខ) តើឥឡូវនេះ«ចៀមឯទៀត»ត្រូវធ្វើអ្វី ហើយតើពួកគេអាចទន្ទឹងរង់ចាំអ្វី?
១២ ពេលដែលជនជាតិអ៊ីស្រាអែលត្រឡប់ទៅក្រុងយេរូសាឡិមដើម្បីសង់វិហារឡើងវិញ ជនបរទេសរាប់ពាន់នាក់បានចូលរួមជាមួយពួកគេក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ក្រោយមក ជនបរទេសច្រើនថែមទៀតបានចូលរួមជាមួយពួកគេ។ (អែស. ២:៥៨, ៦៤, ៦៥; អេធ. ៨:១៧) សព្វថ្ងៃនេះ គ្រិស្តសាសនិកដែលបានត្រូវរើសតាំងគឺជាប្រជាជាតិរបស់ព្រះ ពោលគឺ«អ៊ីស្រាអែលនៃព្រះ»។ «មនុស្សមួយក្រុមធំ»នៃ«ចៀមឯទៀត»បានចូលរួមជាមួយពួកគេក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (កាឡ. ៦:១៦; បប. ៧:៩, ១០; យ៉ូន. ១០:១៦) ទាំងអ្នករើសតាំងទាំងចៀមឯទៀត មានឯកសិទ្ធិហៅជាសាក្សីព្រះយេហូវ៉ា។
១៣ ក្នុងពិភពលោកថ្មី មនុស្សមួយក្រុមធំនឹងមានឱកាសដ៏អស្ចារ្យមួយ។ ពួកគេនឹងប្រាប់អ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញថាការធ្វើជាសាក្សីព្រះយេហូវ៉ាគឺយ៉ាងណាក្នុងគ្រាចុងក្រោយបង្អស់នៃពិភពលោករបស់សាថាន។ ដើម្បីមានឯកសិទ្ធិនេះនៅពេលអនាគត យើងត្រូវរក្សាខ្លួនឲ្យនៅបរិសុទ្ធ។ ទោះបីជាយើងព្យាយាមរស់នៅតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាក៏ដោយ យើងនៅតែធ្វើខុសរាល់ថ្ងៃ។ ដូច្នេះ យើងត្រូវសុំព្រះយេហូវ៉ាអភ័យទោសឲ្យយើងជារៀងរាល់ថ្ងៃ។ បើយើងរក្សាខ្លួនឲ្យនៅបរិសុទ្ធ យើងបង្ហាញថាយើងមានចិត្តដឹងគុណចំពោះព្រះយេហូវ៉ាដែលបានឲ្យយើងធ្វើជាតំណាងលោក។—សូមអាន យ៉ូហានទី១ ១:៨, ៩
អត្ថន័យនៃនាមរបស់ព្រះ
១៤. តើនាមរបស់ព្រះយេហូវ៉ាមានអត្ថន័យយ៉ាងណា?
១៤ ដើម្បីយល់ច្បាស់ជាងថាការហៅដោយនាមព្រះយេហូវ៉ាជាឯកសិទ្ធិខ្ពង់ខ្ពស់យ៉ាងណា យើងត្រូវយល់អត្ថន័យនៃនាមរបស់លោក។ នាមព្រះយេហូវ៉ាមកពីពាក្យភាសាហេប្រឺដែលអាចបកប្រែថា«ក្លាយជា» ហើយអាចបញ្ជាក់អំពីសកម្មភាព។ ដូច្នេះ តាមមើលទៅ នាមរបស់ព្រះមានន័យថា«លោកធ្វើឲ្យក្លាយជា»។ នាមរបស់ព្រះយេហូវ៉ាជួយយើងឲ្យយល់ថាលោកជាអ្នកដែលបានបង្កើតអ្វីៗទាំងអស់ ហើយថា ពេលដែលលោកមានប្រសាសន៍ថាលោកនឹងធ្វើអ្វីមួយ គ្មានអ្នកណាអាចរារាំងលោកមិនឲ្យធ្វើអ្វីនោះបានទេ សូម្បីតែសាថានក៏ដោយ។
១៥. តាមរយៈអ្វីដែលព្រះយេហូវ៉ាបានប្រាប់ម៉ូសេ តើយើងអាចរៀនអ្វីអំពីនាមរបស់លោក? (សូមមើលប្រអប់ដែលមានចំណងជើងថា«យេហូវ៉ា នាមដែលមានអត្ថន័យជ្រាលជ្រៅ»)។
១៥ ព្រះយេហូវ៉ាបានពន្យល់ម៉ូសេថែមទៀតអំពីអត្ថន័យនៃនាមរបស់លោក។ កាលដែលព្រះយេហូវ៉ាបានចាត់គាត់ឲ្យទៅរំដោះរាស្ត្ររបស់លោកពីស្រុកអេស៊ីប លោកបានប្រាប់ម៉ូសេថា៖ «អញជាព្រះដ៏ជាព្រះ[ឬ«ខ្ញុំនឹងក្លាយទៅជាអ្វីដែលខ្ញុំចង់ក្លាយទៅជា»]»។ ព្រះយេហូវ៉ាបានបន្ថែមថា៖ «ឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ‹ព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា›»។ (និក្ខ. ៣:១៤; ព.ថ. សូមមើលសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ជំពូក១ វគ្គ៨) ដូច្នេះព្រះយេហូវ៉ានឹងក្លាយទៅជាអ្វីក៏ដោយដែលចាំបាច់ដើម្បីសម្រេចគោលបំណងរបស់លោក។ ចំពោះជនជាតិអ៊ីស្រាអែល ព្រះយេហូវ៉ាបានធ្វើអ្វីក៏ដោយដែលចាំបាច់ដើម្បីឲ្យលោកធ្វើជាអ្នកសង្គ្រោះ អ្នកការពារ អ្នកនាំមុខ និងអ្នកដែលផ្ដល់អ្វីទាំងអស់ដែលពួកគេត្រូវការ។
របៀបដែលយើងបង្ហាញថា យើងមានចិត្តដឹងគុណ
១៦, ១៧. (ក) តើតាមរបៀបណាយើងអាចបង្ហាញថាយើងមានចិត្តដឹងគុណចំពោះឯកសិទ្ធិដែលយើងបានត្រូវហៅដោយនាមរបស់ព្រះ? (ខ) តើយើងនឹងពិគ្រោះអ្វីក្នុងអត្ថបទបន្ទាប់?
១៦ សព្វថ្ងៃនេះ ព្រះយេហូវ៉ាមិនបានផ្លាស់ប្ដូរទេ។ នាមរបស់លោករំលឹកយើងថាព្រះយេហូវ៉ានឹងក្លាយទៅជាអ្វីណាក៏ដោយដែលចាំបាច់ដើម្បីថែរក្សារាស្ត្ររបស់លោក។ ជាឧទាហរណ៍ ជារៀងរាល់ថ្ងៃលោកផ្ដល់អ្វីទាំងអស់ដែលយើងត្រូវការដើម្បីរស់និងដើម្បីរក្សាជំនឿឲ្យបានមាំមួន។ នាមរបស់ព្រះយេហូវ៉ាបង្រៀនយើងអ្វីមួយទៀតអំពីលោក។ តើនេះជាអ្វី? ព្រះយេហូវ៉ាអាចបណ្ដាលឲ្យអ្វីដែលលោកបានបង្កើត ធ្វើអ្វីដែលចាំបាច់ដើម្បីសម្រេចគោលបំណងរបស់លោក។ ជាឧទាហរណ៍ លោកប្រើសាក្សីរបស់លោកដើម្បីសម្រេចកិច្ចការរបស់លោក។ ការដឹងដូច្នេះ គួរតែជំរុញយើងឲ្យធ្វើជាតំណាងលោកយ៉ាងល្អ។ បងប្រុសខូរើដែលមកពីប្រទេសន័រវ៉េ ជាសាក្សីព្រះយេហូវ៉ាដ៏ខ្នះខ្នែងអស់៧០ឆ្នាំហើយ បាននិយាយថា៖ «ខ្ញុំគិតថា ការបម្រើព្រះយេហូវ៉ាដែលជាស្តេចដែលរស់ជារៀងរហូតនិងការធ្វើជាសមាជិកក្រុមមនុស្សដែលបានត្រូវហៅដោយនាមដ៏បរិសុទ្ធរបស់លោក គឺជាឯកសិទ្ធិដ៏ខ្ពង់ខ្ពស់។ ការពន្យល់សេចក្ដីពិតពីគម្ពីរនិងការឃើញមុខមនុស្សអរសប្បាយដោយសារគាត់យល់សេចក្ដីពិតពីគម្ពីរ តែងតែជាឯកសិទ្ធិដ៏ខ្ពង់ខ្ពស់។ ជាឧទាហរណ៍ ខ្ញុំស្កប់ចិត្តយ៉ាងខ្លាំងពេលខ្ញុំបង្រៀនពួកគេថាគ្រឿងបូជាលោះរបស់គ្រិស្តសង្គ្រោះមនុស្សយ៉ាងដូចម្ដេច ហើយតាមរយៈគ្រឿងបូជាលោះនោះពួកគេអាចទទួលជីវិតជារៀងរហូតនៅពិភពលោកថ្មីដែលមានសេចក្ដីសុខសាន្តនិងសេចក្ដីសុចរិត»។
១៧ នៅកន្លែងខ្លះក្នុងពិភពលោកនេះ គឺពិបាករកមនុស្សដែលចង់រៀនអំពីព្រះយេហូវ៉ា។ ប៉ុន្តែដូចបងខូរើ យើងសប្បាយចិត្តជាខ្លាំងពេលយើងជួបមនុស្សតែម្នាក់ដែលចង់រៀនអំពីនាមព្រះយេហូវ៉ា។ តើតាមរបៀបណាយើងអាចធ្វើជាសាក្សីព្រះយេហូវ៉ា ហើយនៅពេលដំណាលគ្នាធ្វើជាសាក្សីនៃលោកយេស៊ូ? អត្ថបទបន្ទាប់នឹងពិគ្រោះចម្លើយចំពោះសំណួរនេះ។