អត្ថបទអំពីក្របទស្សនាវដ្ដី | លោកអ្នកអាចមានមិត្តភាពជាមួយនឹងព្រះ
តើលោកអ្នកមានមិត្តភាពជាមួយនឹងព្រះឬទេ?
គ្រិស្តតូហ្វើដែលជាបុរសវ័យក្មេងម្នាក់មកពីប្រទេសហ្គាណា បាននិយាយថា៖ «ការមានមិត្តភាពជាមួយនឹងព្រះធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមានសុវត្ថិភាព មានចិត្តស្ងប់និងមានគំនិតសមហេតុសមផល។ បន្ថែមទៀត អ្នកមានអារម្មណ៍ថា ព្រះកំពុងយកចិត្តទុកដាក់ចំពោះអ្នក ហើយចង់ឲ្យអ្នកទទួលអ្វីដ៏ល្អបំផុត»។
ហាណាដែលជាក្មេងស្រីអាយុ១៣ឆ្នាំមកពីរដ្ឋអាឡាស្កា សហរដ្ឋអាម៉េរិក បាននិយាយថា៖ «ព្រះឃើញអ្នកនៅពេលអ្នកមានអារម្មណ៍អស់សង្ឃឹមនិងពិបាកចិត្ត ហើយលោកផ្ដល់សេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះអ្នកច្រើនជាងអ្នកគិតស្មានទៅទៀត»។
ជីណាដែលជាស្ត្រីអាយុប្រហែលជា៤៥ឆ្នាំមកពីប្រទេសហ្សាម៉ៃកា បាននិយាយថា៖ «អ្នកនឹងមានអារម្មណ៍ថាខ្លួនមានកិត្ដិយសនិងមានចិត្តស្ងប់បំផុត ពេលដែលអ្នកដឹងថាអ្នកមានមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះ!»។
មនុស្សជាច្រើនទៀតក៏មានអារម្មណ៍ស្រដៀងនឹងគ្រិស្តតូហ្វើ ហាណា និងជីណាដែរ។ ពួកគេជឿជាក់ថា ព្រះចាត់ទុកពួកគេជាមិត្តរបស់លោក។ ចុះលោកអ្នកវិញ? តើលោកអ្នកមានអារម្មណ៍ថាខ្លួនមានមិត្តភាពជាមួយនឹងព្រះទេ? តើលោកអ្នកចង់មានមិត្តភាពជិតស្និទ្ធជាងជាមួយនឹងព្រះឬទេ? លោកអ្នកប្រហែលជាឆ្ងល់ថា ‹តើមនុស្សពិតជាអាចមានមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតមែនឬ? បើមែន តើតាមរបៀបណា?›។
មនុស្សអាចមានមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះ
គម្ពីរប្រាប់ថា មនុស្សអាចមានមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះបាន។ គម្ពីរចែងថា ព្រះបានចាត់ទុកអាប្រាហាំដែលជាបុព្វបុរសរបស់ជនជាតិហេប្រឺថាជា«សំឡាញ់»របស់លោក។ (អេសាយ ៤១:៨) ម្យ៉ាងទៀត សូមកត់សម្គាល់នូវសេចក្ដីអញ្ជើញយ៉ាងកក់ក្ដៅមួយដែលបានត្រូវកត់ទុកនៅយ៉ាកុប ៤:៨ ថា៖ «ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។ ដូច្នេះ នេះបញ្ជាក់យ៉ាងច្បាស់ថា លោកអ្នកពិតជាអាចមានមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះបាន។ ប៉ុន្តែ យើងមើលព្រះមិនឃើញទេ តើលោកអ្នកអាច«ចូលទៅជិត»ព្រះ ហើយមានមិត្តភាពល្អជាមួយនឹងលោកយ៉ាងដូចម្ដេច?
ដើម្បីឆ្លើយសំណួរនេះ សូមលោកអ្នកគិតអំពីរឿងនេះ ដើម្បីឲ្យមនុស្សម្នាក់មានមិត្តភាពជាមួយនឹងមនុស្សម្នាក់ទៀត តើពួកគេត្រូវធ្វើអ្វីខ្លះ? មុនដំបូង ពួកគេត្រូវស្គាល់ឈ្មោះគ្នាសិន។ បន្ទាប់មក ពេលពួកគេប្រស្រ័យទាក់ទងគ្នា ហើយប្រាប់អំពីគំនិតនិងអារម្មណ៍ចំពោះគ្នា នោះមិត្តភាពរបស់ពួកគេនឹងរឹងមាំឡើង។ បន្ថែមទៅទៀត នៅពេលពួកគេធ្វើអ្វីៗសម្រាប់គ្នា នោះមិត្តភាពរបស់ពួកគេនឹងកាន់តែមាំមួន។ ស្រដៀងគ្នាដែរ លោកអ្នកក៏ត្រូវធ្វើដូច្នេះដើម្បីឲ្យមានមិត្តភាពជាមួយនឹងព្រះដែរ។ សូមឲ្យយើងពិចារណាអំពីរបៀបដែលយើងអាចមានមិត្តភាពជាមួយនឹងព្រះ។