បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១/៧ ទំ. ៣-៤
  • ហេតុអ្វីគួររៀនគម្ពីរ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីគួររៀនគម្ពីរ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • អត្ថបទស្រដៀងគ្នា
  • វគ្គសិក្សាគម្ពីរសម្រាប់មនុស្សទាំងអស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើព្រះគម្ពីរពិតជាមកពីព្រះមែនឬ?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • សេចក្ដីបង្រៀនពិតដែលព្រះទ្រង់សព្វព្រះហឫទ័យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • តើ​គម្ពីរ​ជា​សៀវភៅ​បែប​ណា?
    សំណួរនិងចម្លើយពីគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១/៧ ទំ. ៣-៤

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​លោក​អ្នក​ចង់​រៀន​គម្ពីរ​ឬ​ទេ?

ហេតុ​អ្វី​គួរ​រៀន​គម្ពីរ?

  • តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត?

  • ហេតុ​អ្វី​មនុស្ស​រង​ទុក្ខ​វេទនា​និង​ស្លាប់?

  • តើ​អនាគត​របស់​មនុស្សជាតិ​នឹង​ទៅ​ជា​យ៉ាង​ណា?

  • តើ​ព្រះ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ឬ​ទេ?

តើ​លោក​អ្នក​ធ្លាប់​សួរ​សំណួរ​ស្រដៀង​នេះ​ឬ​ទេ? បើ​ធ្លាប់​មែន លោក​អ្នក​ក៏​ដូច​មនុស្ស​ទូ​ទៅ​ដែរ។ មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក​កំពុង​ឆ្ងល់​អំពី​សំណួរ​សំខាន់​ៗ​ដែល​ទាក់​ទង​នឹង​ជីវិត។ តើ​លោក​អ្នក​អាច​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ​បាន​ឬ​ទេ?

មនុស្ស​រាប់​លាន​នាក់​នឹង​ឆ្លើយ​ថា​៖ ​«​បាន!​»។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​បាន​រក​ឃើញ​ចម្លើយ​ក្នុង​គម្ពីរ ហើយ​ចម្លើយ​ទាំង​នោះ​ធ្វើ​ឲ្យ​ពួក​គេ​អស់​ចិត្ត។ តើ​លោក​អ្នក​ចង់​ដឹង​ទេ​ថា​គម្ពីរ​ផ្ដល់​ចម្លើយ​អ្វី​ខ្លះ? បើ​ចង់​ដឹង លោក​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​វគ្គ​សិក្សា​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ។ សាក្សី​ព្រះ​យេហូវ៉ា​ស្នើ​សុំ​បង្រៀន​គម្ពីរ​ដល់​លោក​អ្នក។a

ពេល​មនុស្ស​ឮ​អំពី​ការ​រៀន​គម្ពីរ អ្នក​ខ្លះ​ប្រាប់​ថា​៖ ​«​ខ្ញុំ​រវល់​ណាស់​»។ អ្នក​ខ្លះ​ទៀត​ប្រាប់​ថា​៖ ​«​ការ​សិក្សា​ពិបាក​ពេក​»​ ឬ​ថា​«​ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា​នឹង​រៀន​ទេ​»។ ប៉ុន្តែ អ្នក​ខ្លះ​ទៀត​មិន​បាន​គិត​ដូច្នោះ​ទេ។ ពួក​គេ​សប្បាយ​ចិត្ត​ដែល​មាន​ឱកាស​រៀន​អ្វី​ដែល​គម្ពីរ​បង្រៀន។ សូម​ពិចារណា​ពាក្យ​សម្ដី​របស់​បុគ្គល​ខ្លះ​ដែល​បាន​រៀន​គម្ពីរ។

  • ស្ត្រី​ម្នាក់​ឈ្មោះ​ហ្គៀល​រស់​នៅ​ប្រទេស​អង់គ្លេស​បាន​ប្រាប់​ថា​៖ ​«​ខ្ញុំ​ធ្លាប់​ទៅ​វិហារ​កាតូលិក​និង​ប្រូតេស្តង់ ព្រះ​វិហារ​សាសនា​ព្រះ​ពុទ្ធ និង​សាសនា​ឥណ្ឌា។ នៅ​សកល​វិទ្យាល័យ ខ្ញុំ​បាន​រៀន​មុខ​វិជ្ជា​អំពី​ជំនឿ​និង​សាសនា។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​នៅ​តែ​មិន​អាច​រក​ចម្លើយ​ចំពោះ​សំណួរ​ជា​ច្រើន​អំពី​ព្រះ​បាន​ឡើយ។ ក្រោយ​មក សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​បាន​មក​លេង​ផ្ទះ​ខ្ញុំ ហើយ​គាត់​បាន​បង្ហាញ​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ​ពី​គម្ពីរ។ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​កោត​ស្ងើច​ណាស់ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​ព្រម​រៀន​គម្ពីរ​ទៅ​»។

  • បុរស​ម្នាក់​ឈ្មោះ​ខឺហ្វី​រស់​នៅ​ប្រទេស​បេណាំង​ប្រាប់​ថា​៖ ​«​ខ្ញុំ​មាន​សំណួរ​ជា​ច្រើន​អំពី​ជីវិត តែ​ចម្លើយ​របស់​គ្រូ​គង្វាល​នៅ​វិហារ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មិន​អស់​ចិត្ត​សោះ។ ប៉ុន្តែ សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​បាន​ឆ្លើយ​សំណួរ​របស់​ខ្ញុំ​ដោយ​ប្រើ​តែ​គម្ពីរ​ប៉ុណ្ណោះ។ ពេល​គាត់​បាន​សួរ​ថា​តើ​ខ្ញុំ​ចង់​រៀន​ថែម​ទៀត​ឬ​យ៉ាង​ណា ខ្ញុំ​ឆ្លើយ​ថា​ខ្ញុំ​ពេញ​ចិត្ត​នឹង​រៀន​»។

  • បុរស​ម្នាក់​ឈ្មោះ​ហ្សូស៊េ​រស់​នៅ​ប្រទេស​ប្រេស៊ីល​និយាយ​ថា​៖ ​«​ខ្ញុំ​ឆ្ងល់​ថា​ក្រោយ​មនុស្ស​ស្លាប់​ទៅ​មាន​អ្វី​កើត​ឡើង។ ខ្ញុំ​ជឿ​ថា​មនុស្ស​ស្លាប់​អាច​ធ្វើ​បាប​អ្នក​ដែល​នៅ​រស់ ប៉ុន្តែ ខ្ញុំ​ចង់​ដឹង​ថា​គម្ពីរ​បង្រៀន​យ៉ាង​ណា​អំពី​រឿង​នោះ។ ដូច្នេះ ខ្ញុំ​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​នឹង​មិត្ត​ម្នាក់​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​»។

  • ស្ត្រី​ម្នាក់​ឈ្មោះ​ឌេននីហ្ស​រស់​នៅ​ប្រទេស​ម៉ិកស៊ិក​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​បាន​ព្យាយាម​អាន​គម្ពីរ តែ​មិន​យល់​អត្ថន័យ​សោះ។ ក្រោយ​មក សាក្សី​ព្រះ​យេហូវ៉ា​បាន​មក​ជួប​ខ្ញុំ ហើយ​ពន្យល់​យ៉ាង​ច្បាស់​នូវ​ទំនាយ​ខ្លះ​ៗ​ក្នុង​គម្ពីរ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​រៀន​ថែម​ទៀត​»។

  • ស្ត្រី​ម្នាក់​ឈ្មោះ​អឺនជូ​រស់​នៅ​ប្រទេស​នេប៉ាល់​ប្រាប់​ថា​៖ ​«​ខ្ញុំ​ឆ្ងល់​ថា​តើ​ព្រះ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ឬ​យ៉ាង​ណា។ ដូច្នេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​អធិដ្ឋាន​ទៅ​ព្រះ ដែល​គម្ពីរ​ចែង​ថា​ជា​ព្រះ​ពិត។ នៅ​ថ្ងៃ​បន្ទាប់ សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​បាន​គោះ​ទ្វារ​ផ្ទះ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យល់​ព្រម​រៀន​គម្ពីរ​»។

បទ​ពិសោធន៍​របស់​ពួក​គាត់​រំលឹក​យើង​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ ដែល​ថា​៖ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ!​»។ (​ម៉ាថាយ ៥:៣​) មែន​ហើយ លក្ខណៈ​ធម្មជាតិ​របស់​មនុស្ស គឺ​ត្រូវ​ការ​ការ​ណែ​នាំ​ពី​ព្រះ។ ហេតុ​នេះ មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​បំពេញ​ការ​ស្រេក​ឃ្លាន​នោះ ហើយ​លោក​ធ្វើ​ដូច្នេះ​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។

ដូច្នេះ តើ​ការ​រៀន​គម្ពីរ​រួម​បញ្ចូល​អ្វី​ខ្លះ? តើ​លោក​អ្នក​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​រៀន​គម្ពីរ? អត្ថបទ​បន្ទាប់​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ។

a យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ។

ព័ត៌មាន​អំពី​គម្ពីរ

  • ឈ្មោះ: មក​ពី​ពាក្យ​ភាសា​ក្រិច​ប៊ីព្លីអា ដែល​មាន​ន័យ​ថា​«​សៀវភៅ​តូច​ៗ​»​

  • ការ​ចង​ក្រង: គម្ពីរ​មាន​សៀវភៅ​តូច​ៗ​៦៦​ក្បាល​ផ្គុំ​ចូល​គ្នា។ សៀវភៅ​៣៩​ក្បាល​ជា​ភាសា​ហេប្រឺ (​ដែល​ចំណែក​ខ្លះ​ជា​ភាសា​អារ៉ាម​) ហើយ​សៀវភៅ​២៧​ក្បាល​ជា​ភាសា​ក្រិច

  • អ្នក​សរសេរ: មនុស្ស​៤០​នាក់​សរសេរ​ក្នុង​រយៈ​ពេល​ជាង​១.៦០០​ឆ្នាំ ចាប់​ពី​ឆ្នាំ​១៥១៣ មុន​គ.ស. រហូត​ដល់​ឆ្នាំ​៩៨ គ.ស.b

  • ភាសា: គម្ពីរ​ទាំង​មូល​ឬ​ផ្នែក​ខ្លះ​បាន​ត្រូវ​បក​ប្រែ​ជាង​២.៥០០​ភាសា

  • ការ​ចែក​ចាយ: ប្រមាណ​៥.០០០​លាន​ក្បាល។ ដូច្នេះ គម្ពីរ​ជា​សៀវភៅ​ដែល​បាន​ត្រូវ​ចែក​ចាយ​ច្រើន​ជាង​គេ​លើ​ពិភព​លោក

b អក្សរ​កាត់​គ.ស. មាន​ន័យ​ថា​«​គ្រិស្ត​សករាជ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក