បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp16 លេខ ២ ទំ. ៦-៨
  • តើទីបញ្ចប់ជិតមកដល់ឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើទីបញ្ចប់ជិតមកដល់ឬ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គ្រា​ដ៏​សំខាន់​ក្នុង​ប្រវត្ដិសាស្ត្រ​ពិភព​លោក
  • តើទីបញ្ចប់នៃពិភពលោកនេះនឹងកើតឡើងនៅពេលណា?
    The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
  • គោលបំណងនៃព្រះនឹងបានសម្រេចឡើងក្នុងពេលឆាប់ៗនេះ
    តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • ដំណឹងល្អដែលពួកគេចង់ឲ្យលោកអ្នកដឹងឮ
    ស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ?
  • ចម្លើយចំពោះសំណួរបួនស្តីអំពីទីបញ្ចប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
wp16 លេខ ២ ទំ. ៦-៨

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី

តើ​ទី​បញ្ចប់​ជិត​មក​ដល់​ឬ?

តើ​ព្រះ​នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​បន្ត​គ្រប់​គ្រង​លើ​មនុស្ស​ឯ​ទៀត​ហើយ​នាំ​ឲ្យ​មាន​ការ​ហិន​វិនាស​មក​លើ​មនុស្សជាតិ​ឬ? មិន​មែន​ទេ។ ដូច​ដែល​យើង​បាន​រៀន​ហើយ​ថា ព្រះ​នឹង​ចាត់​វិធានការ​ដើម្បី​បំបាត់​ចោល​ទុក្ខ​វេទនា​និង​ការ​សង្កត់​សង្កិន​ដែល​មាន​អស់​រាប់​សតវត្សរ៍​មក​ហើយ។ ព្រះ​ដែល​ជា​អ្នក​បង្កើត​មនុស្សជាតិ​និង​ផែន​ដី​ចង់​ឲ្យ​លោក​អ្នក​ដឹង​ថា​គ្រា​នោះ​គឺ​ជិត​មក​ដល់​ហើយ។ តើ​តាម​របៀប​ណា​លោក​បាន​បើក​បង្ហាញ​អំពី​ព័ត៌មាន​ដ៏​សំខាន់​នេះ?

សូម​ពិចារណា​អំពី​ឧទាហរណ៍​នេះ: ពេល​អ្នក​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​មួយ មុន​ដំបូង​អ្នក​ប្រហែល​ជា​រក​មើល​ព័ត៌មាន​តាម​អ៊ីនធឺណិត មើល​ផែន​ទី និង​មើល​ការ​ណែនាំ​ផ្សេង​ៗ​ដែល​អ្នក​បាន​ទទួល។ បន្ទាប់​មក កាល​ដែល​អ្នក​កំពុង​ធ្វើ​ដំណើរ​ហើយ​ឃើញ​ទី​តាំង​ផ្សេង​ៗ​ស្រប​តាម​ការ​ណែនាំ​ដែល​អ្នក​បាន​ទទួល អ្នក​ច្បាស់​ជា​មាន​ទំនុក​ចិត្ត​ថា​អ្នក​កំពុង​ជិត​ទៅ​ដល់​គោល​ដៅ​របស់​អ្នក​ហើយ។ ស្រដៀង​គ្នា​ដែរ ព្រះ​បាន​ឲ្យ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក​មក​យើង ហើយ​ក្នុង​គម្ពីរ​បាន​រៀប​រាប់​យ៉ាង​ច្បាស់​អំពី​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ដែល​កើត​ឡើង​ទូ​ទាំង​ពិភព​លោក។ ពេល​ដែល​យើង​ឃើញ​ព្រឹត្ដិការណ៍​ទាំង​នោះ យើង​ជឿ​ជាក់​កាន់​តែ​ខ្លាំង​ថា​យើង​កំពុង​រស់​នៅ​គ្រា​ដែល​ទី​បញ្ចប់​ជិត​មក​ដល់។

គម្ពីរ​ពន្យល់​ថា​ប្រវត្ដិសាស្ត្រ​មនុស្សជាតិ​នឹង​មក​ដល់​គ្រា​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​មា​នទី​បញ្ចប់។ គ្រា​នោះ​នឹង​កើត​មាន​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ទូ​ទាំង​ពិភព​លោក​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្សជាតិ។ សូម​ពិចារណា​ព្រឹត្ដិការណ៍​ខ្លះ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​បណ្ដាំ​របស់​ព្រះ។

១​. ភាព​ចលាចល​ទូ​ទាំង​ពិភព​លោក ទំនាយ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ម៉ាថាយ ជំពូក​ទី​២៤ បាន​ប្រាប់​អំពី​ព្រឹត្ដិការណ៍​ផ្សេង​ៗ​នៅ​ផែន​ដី​ដែល​ជា​ផ្នែក​នៃ​សញ្ញា​សម្គាល់​យ៉ាង​ច្បាស់។ នោះ​គឺ​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»​ ហើយ​នាំ​ឲ្យ​«​ទី​បញ្ចប់​នឹង​មក​ដល់​»។ (​ខ​៣, ១៤​) ព្រឹត្ដិការណ៍​ទាំង​នេះ​រួម​មាន​សង្គ្រាម​ធំ​ៗ ការ​អត់​ឃ្លាន ការ​រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ការ​ប្រឆាំង​ច្បាប់​មាន​កាន់​តែ​ច្រើន​ឡើង មនុស្ស​គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ ហើយ​មនុស្ស​នឹង​ត្រូវ​បំភាន់​ដោយ​ពួក​អ្នក​ដឹក​នាំ​សាសនា។ (​ខ​៦​-​២៦​) ពិត​មែន​ថា​ព្រឹត្ដិការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ក្នុង​មួយ​កម្រិត​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ តែ​កាល​ដែល​ទី​បញ្ចប់​ជិត​មក​ដល់ ព្រឹត្ដិការណ៍​ទាំង​អស់​នោះ​នឹង​កើត​ឡើង​នៅ​ពេល​ដំណាល​គ្នា​ទូ​ទាំង​ផែន​ដី។ ម្យ៉ាង​ទៀត ព្រឹត្ដិការណ៍​ទាំង​នេះ​ក៏​កើត​ឡើង​ដំណាល​គ្នា​នឹង​ការ​ព្រមាន​បី​ខាង​ក្រោម​នេះ​ដែរ។

២​. ការ​ប្រព្រឹត្ត​និង​ចិត្ត​គំនិត​របស់​មនុស្ស គម្ពីរ​ចែង​ថា​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ឬ​គ្រា​ដែល​ទី​បញ្ចប់​ជិត​មក​ដល់ នោះ​ការ​ប្រព្រឹត្ត​និង​ចិត្ត​គំនិត​របស់​មនុស្ស​នឹង​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង។ យើង​អាន​បទ​គម្ពីរ​ទាំង​នោះ​ថា​៖ ​«​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​បំប៉ោង ក្រអឺត​ក្រទម ជា​អ្នក​ជេរ​ប្រមាថ មិន​ស្ដាប់​បង្គាប់​ឪ​ពុក​ម្ដាយ រមិល​គុណ មិន​ស្មោះ​ត្រង់ គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស មិន​ព្រម​ស្រុះ​ស្រួល​គ្នា ជា​អ្នក​បង្កាច់​បង្ខូច មិន​ចេះ​ទប់​ចិត្ត កាច​សាហាវ មិន​ស្រឡាញ់​គុណធម៌ ជា​អ្នក​ក្បត់ ធ្វើ​តាម​ទំនើង​ចិត្ត មាន​មោទនភាព​ហួស​ហេតុ​ពេក ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ​»។ (​ធីម៉ូថេ​ទី២ ៣:១​-​៤​) ទោះ​បី​ជា​ការ​ដែល​មនុស្ស​មិន​ចេះ​គោរព​មនុស្ស​ឯ​ទៀត ធ្លាប់​កើត​មាន​ជា​យូរ​មក​ហើយ​ក្ដី ប៉ុន្តែ​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ចិត្ត​គំនិត​បែប​នោះ​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​នៅ​គ្រប់​ទី​កន្លែង រហូត​ដល់​យើង​អាច​និយាយ​ថា​«​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​លំបាក​ណាស់​»។ នៅ​សព្វ​ថ្ងៃ​នេះ តើ​លោក​អ្នក​បាន​កត់​សម្គាល់​ថា​មនុស្ស​ទូ​ទៅ​កំពុង​មាន​ការ​ប្រព្រឹត្ត​និង​ចិត្ត​គំនិត​បែប​នេះ​ឬ​ទេ?

៣​. ផែន​ដី​កំពុង​ត្រូវ​បង្ខូច គម្ពីរ​បញ្ជាក់​ថា​ព្រះ​នឹង​«​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែន​ដី​»។ (​ការ​បើក​បង្ហាញ ១១:១៨​) តើ​មនុស្ស​កំពុង​បំផ្លាញ​ផែន​ដី​យ៉ាង​ណា? នៅ​សម័យ​បុរាណ គ្រា​ដែល​ណូអេ​រស់​នៅ គម្ពីរ​បាន​រៀប​រាប់​ថា​៖ ​«​ផែន​ដី នោះ​បាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ក៏​មាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ផង ហើយ​ព្រះ​ទ្រង់​ទត​មើល​ផែន​ដី ឃើញ​ថា​ខូច​អាក្រក់​»។ ស្តី​អំពី​សង្គម​មនុស្ស​អាក្រក់​នេះ ព្រះ​បាន​មាន​ប្រសាសន៍​ថា​«​អញ​នឹង​បំផ្លាញ​គេ​ទៅ​»។ (​លោកុប្បត្តិ ៦:១១​-​១៣​) តើ​លោក​អ្នក​បាន​កត់​សម្គាល់​ឃើញ​ភ័ស្តុតាង​កាន់​តែ​ច្រើន​ដែល​បញ្ជាក់​ថា​ផែន​ដី​កំពុង​ពោរ​ពេញ​ទៅ​ដោយ​អំពើ​សាហាវ​ឃោរ​ឃៅ​ឬ​ទេ? បន្ថែម​ទៅ​ទៀត មនុស្សជាតិ​បាន​មក​ដល់​គ្រា​មួយ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្ដិសាស្ត្រ។ តើ​នេះ​មាន​ន័យ​អ្វី? នៅ​សព្វ​ថ្ងៃ​នេះ មនុស្សជាតិ​មាន​សមត្ថភាព​បំផ្លាញ​ផែន​ដី​និង​ជីវិត​មនុស្ស​ទាំង​ឡាយ​តាម​រយៈ​គ្រឿង​សស្ដ្រាវុធ​ផ្សេង​ៗ​ដែល​ពួក​គេ​បាន​បង្កើត។ ម្យ៉ាង​ទៀត ផែន​ដី​កំពុង​ត្រូវ​បំផ្លាញ​តាម​វិធី​មួយ​ទៀត ពោល​គឺ​ប្រព័ន្ធ​ទ្រ​ទ្រង់​ជីវិត​នៅ​ផែន​ដី​ដូច​ជា ខ្យល់​អុកស៊ីហ៊្សែន ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់សត្វ ព្រៃ​ឈើ និង​សមុទ្រ​ជា​ដើម កំពុង​ត្រូវ​បង្ខូច​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​ការ​គ្រប់​គ្រង​មិន​ល្អ​របស់​មនុស្ស។

សូម​សួរ​ខ្លួន​អ្នក​ថា ‹ជាង​មួយ​សតវត្សរ៍​មុន​នេះ តើ​មនុស្សជាតិ​មាន​សមត្ថភាព​បំផ្លាញ​ផែន​ដី​ឬ​ទេ?›។ នៅ​សព្វ​ថ្ងៃ​នេះ មនុស្សជាតិ​កំពុង​ព្យាយាម​បង្កើត​គ្រឿង​សព្វាវុធ​ទំនើប​ៗ​ដែល​អាច​បំផ្លាញ​ផែន​ដី​បាន ថែម​ទាំង​ពួក​គេ​កំពុង​បំផ្លាញ​បរិស្ថាន​ទៀត​ផង។ ម្យ៉ាង​ទៀត មនុស្ស​កំពុង​បង្កើត​បច្ចេកទេស​ថ្មី​ៗ​លឿន​ជាង​ពួក​គេ​អាច​យល់​អំពី​ផល​វិបាក ឬ​ដោះ​ស្រាយ​បញ្ហា​ដែល​មក​ពី​បច្ចេកទេស​ទាំង​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អនាគត​របស់​ផែន​ដី​មិន​អាស្រ័យ​ទៅ​លើ​មនុស្ស​ទេ។ មុន​ពេល​ដែល​ជីវិត​ទាំង​ឡាយ​នៅ​ផែន​ដី​បាន​ត្រូវ​បំផ្លាញ​ចោល​ដោយ​ស្នា​ដៃ​របស់​មនុស្ស ព្រះ​នឹង​ចាត់​វិធានការ​បំផ្លាញ​ចោល​ពួក​អ្នក​ដែល​បង្ខូច​ផែន​ដី។ នេះ​គឺ​ជា​សេចក្ដី​សន្យា​របស់​លោក!

៤​. កិច្ច​ការ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក ផ្នែក​មួយ​ទៀត​ដែល​ជា​សញ្ញា​សម្គាល់​នៃ​ទី​បញ្ចប់ បាន​ត្រូវ​ប្រាប់​ទុក​ជា​មុន​ក្នុង​គម្ពីរ​ថា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នឹង​រីក​ចម្រើន​ដល់​កម្រិត​ដែល​មិន​ធ្លាប់​មាន​ពី​មុន ពោល​គឺ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។ (​ម៉ាថាយ ២៤:១៤​) កិច្ច​ការ​ផ្សព្វ​ផ្សាយ​នេះ​ច្បាស់​ជា​ខុស​គ្នា​ពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​សាសនា​ភាគ​ច្រើន​ដែល​បាន​ធ្វើ​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​»​នឹង​ត្រូវ​ប្រកាស​ផ្សាយ។ តើ​លោក​អ្នក​ស្គាល់​សាសនា​មួយ​ណា​ដែល​ប្រកាស​ប្រាប់​អំពី​ដំណឹង​ល្អ​នេះ​ឬ​ទេ? ទោះ​ជា​សាសនា​ខ្លះ​ហាក់​ដូច​ជា​កំពុង​ផ្សាយ​ដំណឹង​ដូច​នោះ​ក្ដី តើ​ពួក​គេ​កំពុង​ផ្សាយ​អំពី​ដំណឹង​ល្អ​នេះ​ដល់​«​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ​»​ឬ​ទេ?

សាក្សីព្រះយេហូវ៉ាពីរនាក់កំពុងផ្សព្វផ្សាយនៅឆ្នេរសមុទ្រ។ ពួកគេបើកគម្ពីរឲ្យបុរសម្នាក់អាន

រាជាណាចក្រ​ព្រះ​កំពុង​ត្រូវ​ប្រកាស​ផ្សាយ​ជា​រាប់​រយ​ភាសា​នៅ​ទូ​ទាំង​ពិភព​លោក

គេហទំព័រ​www.jw.org ផ្ដោត​ទៅ​លើ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​»។ ក្នុង​គេហទំព័រ​នេះ​មាន​សៀវភៅ​ផ្សេង​ៗ​ដែល​ពន្យល់​អំពី​ដំណឹង​ល្អ​នោះ​ជាង​៧០០​ភាសា។ តើ​លោក​អ្នក​ស្គាល់​អង្គ​ការ​ណា​ផ្សេង​ទៀត​ដែល​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ទូ​ទាំង​ផែន​ដី​ដូច​នេះ​ឬ​ទេ? មុន​មាន​ប្រព័ន្ធ​អ៊ីនធឺណិត សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​ពួក​អ្នក​ដែល​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ ចាប់​តាំង​ពី​ឆ្នាំ​១៩៣៩ ក្រប​ទស្សនាវដ្ដី​ប៉ម​យាម​លេខ​នីមួយ​ៗ​តែង​តែ​សរសេរ​ថា​«​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​»។ សៀវភៅ​មួយ​ដែល​រៀប​រាប់​អំពី​សាសនា​ផ្សេង​ៗ​បាន​ប្រាប់​ថា កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​សាក្សី​ព្រះ​យេហូវ៉ា​«​គឺ​បាន​ត្រូវ​ធ្វើ​ឡើង​យ៉ាង​សកម្ម​និង​ទូ​ទាំង​ផែន​ដី​ដែល​ស្ទើរតែ​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ​»។ កិច្ច​ការ​ផ្សព្វ​ផ្សាយ​នេះ​លើក​បញ្ជាក់​អំពី​ដំណឹង​ល្អ​ដែល​ថា​បន្ដិច​ទៀត​«​ទី​បញ្ចប់​នឹង​មក​ដល់​»​តាម​រយៈ​រាជាណាចក្រ​របស់​ព្រះ។

គ្រា​ដ៏​សំខាន់​ក្នុង​ប្រវត្ដិសាស្ត្រ​ពិភព​លោក

ក្នុង​អត្ថបទ​នេះ​បាន​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ទាំង​បួន​ដែល​ជា​ផ្នែក​សញ្ញា​សម្គាល់​នៃ​ការ​ព្រមាន​ក្នុង​គម្ពីរ តើ​លោក​អ្នក​បាន​សម្គាល់​ឃើញ​ព្រឹត្ដិការណ៍​ទាំង​នេះ​ក្នុង​ជីវិត​របស់​លោក​អ្នក​ឬ​ទេ? អស់​ជាង​១០០​ឆ្នាំ​មក​ហើយ ទស្សនាវដ្ដី​នេះ​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ទូ​ទាំង​ពិភព​លោក ដើម្បី​ជួយ​លោក​អ្នក​ឲ្យ​យល់​ច្បាស់​ថា​យើង​កំពុង​រស់​នៅ​គ្រា​ដែល​ទី​បញ្ចប់​ជិត​មក​ដល់។ ប៉ុន្តែ អ្នក​ខ្លះ​ដែល​មិន​ជឿ​បាន​រិះ​គន់​ហើយ​អះអាង​ថា​របាយការណ៍​នោះ​គឺ​គ្រាន់​តែ​ជា​គំនិត​របស់​មនុស្ស​ប៉ុណ្ណោះ ហើយ​ថា​ព័ត៌មាន​នោះ​ប្រហែល​ជា​រឿង​មិន​ពិត​ទេ។ ម្យ៉ាង​ទៀត ពួក​អ្នក​មិន​ជឿ​ទាំង​នោះ​អះអាង​ថា​ស្ថានភាព​ពិភព​លោក​មិន​មែន​កាន់​តែ​អាក្រក់​ទៅ​ៗ​ទេ តែ​យើង​គ្រាន់​តែ​ឮ​ព័ត៌មាន​ច្រើន​ជាង​មុន​ប៉ុណ្ណោះ​តាម​រយៈ​បណ្ដាញ​ព័ត៌មាន​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​មនុស្ស​គិត​ថា​ពិភព​លោក​កាន់​តែ​អាក្រក់​ទៅ​ៗ។ យ៉ាង​ណា​ក៏​ដោយ នៅ​សព្វ​ថ្ងៃ​នេះ​មាន​ភ័ស្តុតាង​កាន់​តែ​ច្រើន​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​កំពុង​រស់​នៅ​គ្រា​ចុង​បញ្ចប់​ដែល​ជា​សម័យ​ដ៏​សំខាន់​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្សជាតិ។

អ្នក​ជំនាញ​ការ​ខ្លះ​គិត​ថា​យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០១៤ ពួក​អ្នក​វិទ្យា​សាស្ត្រ​ខ្លះ​បាន​ព្រមាន​ក្រុម​ប្រឹក្សា​សន្ដិ​សុខ​សហប្រជាជាតិ​អំពី​ព្រឹត្ដិការណ៍​ធំ​ៗ​ដែល​កំពុង​គំរាម​កំហែង​ដល់​ជីវិត​មនុស្សជាតិ។ ពួក​អ្នក​វិទ្យា​សាស្ត្រ​ទាំង​នោះ​បញ្ជាក់​ថា​៖ ​«​ការ​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់​អំពី​ព្រឹត្ដិការណ៍​ទាំង​នេះ ធ្វើ​ឲ្យ​យើង​សន្និដ្ឋាន​ថា​សង្គម​មនុស្ស​នៅ​តែ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​មក​ពី​ការ​រីក​ចម្រើន​ខ្លាំង​ខាង​បច្ចេកវិទ្យា​»។ មនុស្ស​ជា​ច្រើន​ជឿ​ជាក់​កាន់​តែ​ខ្លាំង​ថា​យើង​កំពុង​មក​ដល់​គ្រា​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្ដិសាស្ត្រ​ពិភព​លោក។ អ្នក​បោះ​ពុម្ព​ទស្សនាវដ្ដី​នេះ​និង​អ្នក​អាន​ជា​ច្រើន​ជឿ​ទាំង​ស្រុង​ថា គ្រា​ដ៏​សំខាន់​នេះ​គឺ​ពិត​ជា​គ្រា​ចុង​ក្រោយ​បង្អស់ ហើយ​ថា​ទី​បញ្ចប់​គឺ​ជិត​មក​ដល់​ហើយ។ ប៉ុន្តែ ជា​ជាង​ភ័យ​ខ្លាច​អំពី​អនាគត លោក​អ្នក​អាច​មាន​អំណរ​វិញ។ ហេតុ​អ្វី​ដូច្នេះ? ពី​ព្រោះ​លោក​អ្នក​អាច​រួច​រស់​ជីវិត​ពី​ទី​បញ្ចប់​បាន!

តើ​សាក្សី​ព្រះ​យេហូវ៉ា​ប្រកាស​អំពី​ការ​បំផ្លាញ​ផែន​ដី​ឬ?

មិន​មែន​ទេ។ អស់​ជាង​១០០​ឆ្នាំ​មក​នេះ ពួក​គេ​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​អនាគត​របស់​មនុស្សជាតិ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩៥៨ សុន្ទរកថា​នៃ​មហា​សន្និបាត​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​រាជាណាចក្រ​របស់​ព្រះ​កំពុង​គ្រប់​គ្រង​ហើយ តើ​ទី​បញ្ចប់​ជិត​មក​ដល់​ឬ?​»​ បាន​ពន្យល់​ថា​៖ ​«​រាជាណាចក្រ​របស់​ព្រះ​មក​ដល់ មិន​មែន​ដើម្បី​បំផ្លាញ​ផែន​ដី​ទេ តែ​ដើម្បី​បំផ្លាញ​ពិភព​លោក​របស់​សាថាន​វិញ។ ម្យ៉ាង​ទៀត រាជាណាចក្រ​របស់​ព្រះ​មក​ដល់ មិន​មែន​ដើម្បី​ដុត​បំផ្លាញ​ផែន​ដី​ទេ តែ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​ព្រះ​នៅ​ផែន​ដី​ដូច​នៅ​ស្ថាន​សួគ៌​ដែរ។ យ៉ាង​នេះ ព្រះ​ដែល​ជា​អ្នក​បង្កើត​នឹង​ការពារ​ផែន​ដី ហើយ​លោក​នឹង​រក្សា​ផែន​ដី​ឲ្យ​នៅ​ជា​រៀង​រហូត​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក