បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១/១០ ទំ. ៨-៩
  • កង្វល់អំពីគ្រោះថ្នាក់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កង្វល់អំពីគ្រោះថ្នាក់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សារៈសំខាន់​នៃ​ការ​អធិដ្ឋាន
  • សេចក្ដី​សង្ឃឹម​របស់​មនុស្សជាតិ
  • មានកង្វល់គ្រប់បែបយ៉ាងនៅគ្រប់កន្លែង!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចូរផ្ទេរកង្វល់ទាំងអស់របស់អ្នកទៅព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នកទៅលើព្រះយេហូវ៉ាចុះ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • តើ​ខ្ញុំ​អាច​កាត់​បន្ថយ​ការ​ខ្វល់​ចិត្ត​យ៉ាង​ដូច​ម្ដេច?
    សំណួរពីយុវវ័យ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១/១០ ទំ. ៨-៩

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | វិធី​បំបាត់​ទុក្ខ​កង្វល់

កង្វល់​អំពី​គ្រោះ​ថ្នាក់

ស្ត្រី​ម្នាក់​ឈ្មោះ​អឺឡូនណា​រៀប​រាប់​ថា​៖ ​«​ពេល​ខ្ញុំ​ឮ​ស៊ីរ៉ែន​ព្រមាន បេះ​ដូង​ខ្ញុំ​ចាប់​ផ្ដើម​លោត​យ៉ាង​ញាប់ ហើយ​ខ្ញុំ​ក៏​រត់​ចូល​រណ្ដៅ​គេច​គ្រាប់។ ប៉ុន្តែ សូម្បី​តែ​ខ្ញុំ​នៅ​ក្នុង​រណ្ដៅ​នោះ ក៏​ខ្ញុំ​នៅ​តែ​ភ័យ​ខ្វល់​ដែរ។ បើ​ខ្ញុំ​នៅ​ខាង​ក្រៅ​គ្មាន​កន្លែង​ពួន​ខ្លួន ខ្ញុំ​ភ័យ​ខ្វល់​ជាង​នោះ​ទៅ​ទៀត។ ជា​ឧទាហរណ៍ មាន​ពេល​មួយ ខ្ញុំ​កំពុង​ដើរ​តាម​ផ្លូវ ខ្ញុំ​ចាប់​ផ្ដើម​យំ​ហើយ​ដក​ដង្ហើម​មិន​រួច។ អស់​ច្រើន​ម៉ោង​ទើប​ខ្ញុំ​ស្ងប់​អារម្មណ៍​វិញ។ រួច​មក សំឡេង​ស៊ីរ៉ែន​ព្រមាន​ចាប់​ផ្ដើម​ឮ​ម្ដង​ទៀត​»។

ក្រៅ​ពី​សង្គ្រាម​ក៏​មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដែរ។ ជា​ឧទាហរណ៍ ពេល​គ្រូ​ពេទ្យ​រក​ឃើញ​ថា​លោក​អ្នក​ឬ​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​លោក​អ្នក មាន​ជំងឺ​ដែល​គំរាម​កំហែង​ដល់​ជីវិត ដំណឹង​នោះ​អាច​ធ្វើ​ឲ្យ​លោក​អ្នក​តក់​ស្លុត​ជា​ខ្លាំង ប្រៀប​ដូច​ជា​គ្រាប់​បែក​ធ្លាក់​នៅ​ជិត​ខ្លួន​លោក​អ្នក។ ចំពោះ​អ្នក​ខ្លះ​ទៀត ពួក​គេ​ភ័យ​ខ្លាច ពី​ព្រោះ​ពួក​គេ​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​ទេ។ ការ​ខ្លាច​បែប​នោះ​អាច​បណ្ដាល​ឲ្យ​ពួក​គេ​មាន​កង្វល់។ ពួក​គេ​បារម្ភ​ថា ‹តើ​កូន​ចៅ​របស់​យើង​នឹង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​តែ​សង្គ្រាម បទ​ឧក្រិដ្ឋ ការ​បំពុល​បរិស្ថាន អាកាសធាតុ​ប្រែ​ប្រួល និង​រោគ​រាត​ត្បាត​ឬ?›។ ពេល​យើង​មាន​កង្វល់​បែប​នេះ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា?

យើង​ដឹង​ថា​ពេល​ខ្លះ​មាន​អ្វី​អាក្រក់​កើត​ឡើង។ ដូច្នេះ ​«​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន​»។ (​សុភាសិត ២៧:១២​) យើង​មិន​គ្រាន់​តែ​ព្យាយាម​ការពារ​ខ្លួន​កុំ​ឲ្យ​រង​គ្រោះ​ថ្នាក់​ដល់​រូប​កាយ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​អាច​ចាត់​វិធានការ​ខ្លះ​ៗ​ដើម្បី​ការពារ​សុខភាព​ខាង​ផ្លូវ​ចិត្ត​របស់​យើង​ដែរ។ តើ​យើង​ការពារ​យ៉ាង​ដូច​ម្ដេច? ការ​មើល​ព័ត៌មាន​ដែល​បង្ហាញ​ទិដ្ឋភាព​គួរ​ឲ្យ​រន្ធត់ និង​ការ​ទស្សនា​អ្វី​ដែល​មាន​អំពើ​ឃោរ​ឃៅ ធ្វើ​ឲ្យ​យើង​ភ័យ​ខ្វល់​ថែម​ទៀត។ ដូច្នេះ យើង​គួរ​ជៀស​វាង​មើល​អ្វី​បែប​នេះ​ដែលមាន​អំពើ​ឃោរ​ឃៅ ដោយ​មិន​ចាំ​បាច់។ ប៉ុន្តែ នេះ​មិន​បាន​ន័យ​ថា យើង​បិទ​ភ្នែក​បិទ​ត្រចៀក​ចំពោះ​ព្រឹត្ដិការណ៍​ដែល​កំពុង​កើត​ឡើង​ទេ។ ព្រះ​មិន​បាន​បង្កើត​គំនិត​យើង​ដើម្បី​រំពឹង​គិត​អំពី​អ្វី​ដែល​អាក្រក់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​បញ្ចូល​ក្នុង​គំនិត​របស់​យើង​នូវ​«​អ្វី​ៗ​ដែល​ពិត . . . សុចរិត . . . បរិសុទ្ធ . . . គួរ​ឲ្យ​ស្រឡាញ់​»។ បើ​យើង​ធ្វើ​ដូច្នោះ ​«​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​»​នឹង​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​គំនិត។—ភីលីព ៤:៨, ៩

សារៈសំខាន់​នៃ​ការ​អធិដ្ឋាន

ជំនឿ​ពិត​ប្រាកដ​ជួយ​យើង ពេល​យើង​មាន​ទុក្ខ​កង្វល់។ គម្ពីរ​ដាស់​តឿន​យើង​ឲ្យ​«​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​អធិដ្ឋាន​»។ (​ពេត្រុស​ទី១ ៤:៧​) យើង​អាច​សុំ​ជំនួយ​ពី​ព្រះ ព្រម​ទាំង​ប្រាជ្ញា និង​ចិត្ត​ក្លាហាន ដើម្បី​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ក្នុង​ស្ថានភាព​របស់​យើង ហើយ​មាន​ទំនុក​ចិត្ត​ថា​«​ព្រះ​នឹង​ស្ដាប់​នូវ​អ្វី​ក៏​ដោយ​ដែល​យើង​សុំ​»។—យ៉ូហាន​ទី១ ៥:១៥

គម្ពីរ​ប្រាប់​ថា​សាថាន​ជា​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»​ មិន​មែន​ព្រះ​នោះ​ទេ។ គម្ពីរ​ក៏​ប្រាប់​ដែរ​ថា​៖ ​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​»។ (​យ៉ូហាន ១២:៣១; យ៉ូហាន​ទី១ ៥:១៩​) ហេតុ​នេះ ពេល​លោក​យេស៊ូ​បង្រៀន​យើង​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​សូម​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​មេ​កំណាច​»​ នោះ​លោក​ចង់​បញ្ជាក់​ថា​មេ​កំណាច​ជា​បុគ្គល​មែន​ទែន។ (​ម៉ាថាយ ៦:១៣​) អឺឡូនណា​ប្រាប់​បន្ត​ថា​៖ ​«​នៅ​ពេល​ដែល​សំឡេង​ស៊ីរ៉ែន​ព្រមាន​ចាប់​ផ្ដើម​ឮ​ម្ដង​ទៀត ខ្ញុំ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​ទប់​អារម្មណ៍។ ប្ដី​ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​មក​ខ្ញុំ ហើយ​អធិដ្ឋាន​ជា​មួយ​ខ្ញុំ​តាម​ទូរស័ព្ទ។ ការ​អធិដ្ឋាន​នោះ​ពិត​ជា​ជួយ​ខ្ញុំ​មែន​»។ ដូច​បទ​គម្ពីរ​មួយ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់ គឺ​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់​»។—ទំនុក​តម្កើង ១៤៥:១៨

សេចក្ដី​សង្ឃឹម​របស់​មនុស្សជាតិ

នៅ​ក្នុង​សុន្ទរ​ថា​របស់​លោក​យេស៊ូ​ដែល​បាន​ថ្លែង​នៅ​លើ​ភ្នំ លោក​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»។ (​ម៉ាថាយ ៦:១០​) រាជាណាចក្រ​របស់​ព្រះ​នឹង​ដក​ចេញ​ទាំង​ស្រុង​នូវ​ទុក្ខ​កង្វល់​ទាំង​អស់​ជា​រៀង​រហូត។ តាម​រយៈ​លោក​យេស៊ូ​ជា​«​ម្ចាស់​នៃ​មេត្រី​ភាព​»​ ព្រះ​នឹង​បណ្ដាល​ឲ្យ​«​សង្គ្រាម​ស្ងប់​រំ​ងាប់ រហូត​ដល់​ចុង​ផែន​ដី​»។ (​អេសាយ ៩:៦; ទំនុក​តម្កើង ៤៦:៩​) ​«​ទ្រង់[​ព្រះ​]នឹង​ធ្វើ​ជា​ចៅក្រម​ដល់​សាសន៍​ជា​ច្រើន . . . អស់​ទាំង​នគរ​នឹង​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត ក៏​មិន​រៀន​វិជ្ជា​ចំ​បាំង​ទៀត​ត​ទៅ។ . . . ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ​»។ (​មីកា ៤:៣, ៤​) ក្រុម​គ្រួសារ​នានា​នឹង​មាន​សុភមង្គល ហើយ​ពួក​គេ​«​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំ​ការ​ទំពាំង​បាយ​ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ​»។ (​អេសាយ ៦៥:២១​) ​«​ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង គេ​នឹង​មិន​ថា​៖ ‹ខ្ញុំ​ឈឺ›ទៀត​ឡើយ​»។—អេសាយ ៣៣:២៤

នៅ​សព្វ​ថ្ងៃ​នេះ ទោះ​ជា​យើង​ខំ​ប្រយ័ត្ន​យ៉ាង​ណា​ក៏​ដោយ យើង​មិន​អាច​គេច​ផុត​ពី​«​ពេល​វេលា​នឹង​ឱកាស​»​ដែល​យើង​មិន​ដឹង​ទុក​ជា​មុន​ទេ។ ម្យ៉ាង​ទៀត យើង​ក៏​មិន​អាច​ដឹង​ថា​កន្លែង​ណា ឬ​ពេល​ណា​នឹង​មាន​គ្រោះ​ថ្នាក់​នោះ​ដែរ។ (​សាស្ដា ៩:១១​) អស់​ជា​ច្រើន​សតវត្សរ៍​កន្លង​មក​ហើយ សង្គ្រាម អំពើ​ឃោរ​ឃៅ និង​ជំងឺ​ផ្សេង​ៗ​បន្ត​សម្លាប់​មនុស្ស​ល្អ​មិន​ចេះ​ដាច់។ បើ​ដូច្នេះ តើ​មាន​សេចក្ដី​សង្ឃឹម​អ្វី​សម្រាប់​ជន​ស្លូត​ត្រង់​ទាំង​នោះ?

មនុស្ស​រាប់​លាន​នាក់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ចំនួន​នេះ​មាន​តែ​ព្រះ​ទេ​ទើប​ដឹង។ នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​នៅ​ចាំ​ពួក​គេ​មិន​ភ្លេច ហើយ​ពួក​គេ​ប្រៀប​ដូច​ជា​ដេក​លក់ រហូត​ដល់​ថ្ងៃ​ដែល​«​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក នឹង . . . ចេញ​មក​»។ (​យ៉ូហាន ៥:២៨, ២៩​) ស្តី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ គម្ពីរ​ផ្ដល់​ការ​ធានា​ដល់​យើង​ថា​៖ ​«​សេចក្ដី​សង្ឃឹម​នេះ​ជា​យុថ្កា​សម្រាប់​ជីវិត​យើង ក៏​រឹង​មាំ​និង​ពិត​ប្រាកដ​»។ (​ហេប្រឺ ៦:១៩​) បន្ថែម​ទៅ​ទៀត ព្រះ​«​បាន​ផ្ដល់​ការ​ធានា​ដល់​មនុស្ស​គ្រប់​រូប ដោយ​ប្រោស[​លោក​យេស៊ូ​]ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​»។—សកម្មភាព ១៧:៣១

នៅ​សព្វ​ថ្ងៃ​នេះ សូម្បី​តែ​អ្នក​ដែល​ព្យាយាម​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត ក៏​មាន​ទុក្ខ​កង្វល់​ដែរ។ ដោយ​មាន​គំនិត​ឈ្លាស​វៃ ដោយ​ចូល​ទៅ​ជិត​ព្រះ​តាម​រយៈ​សេចក្ដី​អធិដ្ឋាន និង​ដោយ​មាន​ទី​សំអាង​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ថា​នឹង​មាន​អនាគត​ភ្លឺ​ស្វាង​ដូច​គម្ពីរ​រៀប​រាប់ ប៉ូល ជេនណិត និង​អឺឡូនណា​បាន​យក​ឈ្នះ​បញ្ហា​ទាំង​ប៉ុន្មាន ពេល​ពួក​គាត់​មាន​ទុក្ខ​កង្វល់។ ដូច​ដែល​ព្រះ​បាន​ជួយ​ពួក​គាត់ ‹សូម​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម ធ្វើ​ឲ្យ​អ្នក​ពោរ​ពេញ​ទៅ​ដោយ​អំណរ​និង​សេចក្ដី​សុខ​សាន្ត​គ្រប់​ប្រការ ដោយ​សារ​អ្នក​មាន​ជំនឿ​លើ​លោក›។—រ៉ូម ១៥:១៣

តើ​គួរ​សុំ​ជំនួយ​ពី​គ្រូ​ពេទ្យ​ជំនាញ​ឬ​ទេ?

ក្រោយ​ពី​លោក​អ្នក​ធ្វើ​អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​បាន តែ​លោក​អ្នក​នៅ​តែ​ខ្វល់​ចិត្ត​ខ្លាំង​ពេក​រហូត​ដល់​រំខាន​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក ប្រហែល​ជា​ការ​ល្អ​ដែល​លោក​អ្នក​ទៅ​ជួប​គ្រូ​ពេទ្យ។ ពេល​ដែល​បុគ្គល​ម្នាក់​មាន​កង្វល់​ខ្លាំង​ហួស​ពី​បញ្ហា​ដែល​គាត់​មាន នោះ​ប្រហែល​ជា​រោគ​សញ្ញា​នៃ​បញ្ហា​សុខភាព។ គ្រូ​ពេទ្យ​ប្រហែល​ជា​ចាប់​ផ្ដើម​ពិនិត្យ​មើល​សុខភាព​ខាង​រាង​កាយ ដោយ​សារ​ការ​ខ្វល់​ខ្វាយ​ជួន​កាល​មក​ពី​បញ្ហា​សុខភាព​ផ្សេង​ទៀត។ ក្រោយ​ពី​ពិនិត្យ​ហើយ គ្រូ​ពេទ្យ​ប្រហែល​ជួយ​លោក​អ្នក​ឲ្យ​សម្រេច​ចិត្ត​អំពី​វិធី​ព្យាបាល​ដែល​ល្អ​សម្រាប់​លោក​អ្នក។a

a ទស្សនាវដ្ដី​នេះ​មិន​មែន​ជា​ការ​ណែនាំ​អំពី​វិធី​ព្យាបាល​ណា​មួយ​ទេ។ គ្រិស្ត​សាសនិក​គួរ​ប្រាកដ​ថា​វិធី​ព្យាបាល​ដែល​ពួក​គេ​ទទួល មិន​បំពាន​គោល​ការណ៍​គម្ពីរ​ទេ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក