អត្ថបទសិក្សា ៣៧
ចូរចុះចូលនឹងព្រះយេហូវ៉ាស្មោះពីចិត្ត
‹យើងត្រូវចុះចូលនឹងលោកជាងនោះទៅទៀត មែនទេ?›។—ហេ. ១២:៩
ចម្រៀងលេខ៩ ព្រះយេហូវ៉ាជាស្តេចរបស់យើង!
សេចក្ដីសង្ខេបa
១. ហេតុអ្វីយើងគួរចុះចូលនឹងព្រះយេហូវ៉ា?
យើងគួរចុះចូលbនឹងព្រះយេហូវ៉ាដោយសារលោកជាព្រះដែលបង្កើតយើង។ ហេតុនេះហើយ លោកមានសិទ្ធិប្រាប់យើងអំពីអ្វីដែលយើងគួរធ្វើ។ (បប. ៤:១១) មូលហេតុល្អមួយទៀតដែលយើងស្ដាប់បង្គាប់ព្រះយេហូវ៉ា គឺដោយសាររបៀបគ្រប់គ្រងរបស់លោកគឺល្អបំផុត។ ក្នុងប្រវត្ដិសាស្ត្ររបស់មនុស្សជាតិ មនុស្សជាច្រើនមានអំណាចគ្រប់គ្រងលើអ្នកឯទៀត។ ប៉ុន្តែ ពេលយើងប្រៀបធៀបការគ្រប់គ្រងរបស់ពួកគេទៅនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា យើងឃើញថាព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងដែលមានប្រាជ្ញា សេចក្ដីស្រឡាញ់ មេត្ដាករុណា និងសន្ដោសប្រណីជាងគេបំផុត។—និក្ខ. ៣៤:៦; រ៉ូម ១៦:២៧; ១យ៉ូន. ៤:៨
២. តើហេប្រឺ ១២:៩-១១ ផ្ដល់មូលហេតុអ្វីខ្លះឲ្យយើងចុះចូលនឹងព្រះយេហូវ៉ា?
២ ព្រះយេហូវ៉ាចង់ឲ្យយើងស្ដាប់បង្គាប់លោក មិនគ្រាន់តែដោយសារយើងកោតខ្លាចលោកប៉ុណ្ណោះទេ តែក៏ដោយសារយើងស្រឡាញ់លោក ហើយចាត់ទុកលោកថាជាបិតាដែលស្រឡាញ់យើង។ ក្នុងសំបុត្ររបស់ប៉ូលទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ គាត់ពន្យល់ថាយើងគួរ«ចុះចូលនឹងលោក»ដែលជាបិតា ដោយសារលោកបង្ហាត់បង្រៀនយើងដើម្បី«ជាប្រយោជន៍ដល់យើង»។—សូមអាន ហេប្រឺ ១២:៩-១១
៣. (ក) តើយើងបង្ហាញថាយើងចុះចូលនឹងព្រះយេហូវ៉ាតាមរបៀបណា? (ខ) តើយើងនឹងឆ្លើយសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
៣ យើងចុះចូលនឹងព្រះយេហូវ៉ាដោយព្យាយាមស្ដាប់បង្គាប់លោកក្នុងគ្រប់ការទាំងអស់ និងដោយតយុទ្ធនឹងបំណងចិត្តដែលចង់ពឹងផ្អែកលើការយល់ដឹងរបស់ខ្លួន។ (សុភ. ៣:៥) យើងស្រួលចុះចូលនឹងព្រះយេហូវ៉ាជាង កាលដែលយើងរៀនអំពីគុណសម្បត្ដិដ៏ថ្លៃថ្លារបស់លោក ដោយសារគុណសម្បត្ដិទាំងនេះបានត្រូវសឲ្យឃើញតាមរយៈការប្រព្រឹត្តទាំងអស់របស់លោក។ (ទំនុក. ១៤៥:៩) កាលដែលយើងរៀនច្រើនជាងអំពីព្រះយេហូវ៉ា នោះយើងកាន់តែស្រឡាញ់លោក។ ម្យ៉ាងទៀត ពេលដែលយើងស្រឡាញ់ព្រះយេហូវ៉ា យើងមិនត្រូវការច្បាប់ជាច្រើនអំពីអ្វីដែលយើងគួរធ្វើ និងអ្វីដែលយើងមិនគួរធ្វើទេ។ យើងព្យាយាមរៀនឲ្យមានរបៀបគិតគូរនិងអារម្មណ៍ដូចដែលព្រះយេហូវ៉ាចង់ឲ្យយើងមាន ហើយជៀសវាងពីអ្វីដែលអាក្រក់។ (ទំនុក. ៩៧:១០) ប៉ុន្តែពេលខ្លះ ការស្ដាប់បង្គាប់ព្រះយេហូវ៉ាប្រហែលជាពិបាកចំពោះយើង។ ហេតុអ្វី? ម្យ៉ាងទៀត តើពួកអ្នកចាស់ទុំ ឪពុក និងម្ដាយអាចរៀនអ្វីពីគំរូរបស់អភិបាលនេហេមា ស្តេចដាវីឌ និងម៉ារៀដែលជាម្ដាយរបស់លោកយេស៊ូ? អត្ថបទនេះនឹងផ្ដល់ចម្លើយចំពោះសំណួរទាំងនេះ។
មូលហេតុដែលការចុះចូលនឹងព្រះយេហូវ៉ាប្រហែលជាពិបាកសម្រាប់យើង
៤-៥. យោងទៅតាមរ៉ូម ៧:២១-២៣ ហេតុអ្វីការចុះចូលនឹងព្រះយេហូវ៉ាប្រហែលជាពិបាកសម្រាប់យើង?
៤ មូលហេតុមួយដែលយើងប្រហែលជាពិបាកចុះចូលនឹងព្រះយេហូវ៉ា គឺដោយសារយើងទាំងអស់គ្នាមានភាពខុសឆ្គងនិងជាមនុស្សមិនល្អឥតខ្ចោះ។ ដូច្នេះ យើងមិនតែងតែចង់ស្ដាប់បង្គាប់ព្រះទេ។ ពេលដែលអាដាមនិងអេវ៉ាបានបះបោរប្រឆាំងព្រះដោយបរិភោគផ្លែដែលលោកបានហាម ពួកគេបានសម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ (លោ. ៣:២២) នៅសព្វថ្ងៃនេះ ដូចអាដាមនិងអេវ៉ា មនុស្សភាគច្រើនមិនអើពើនឹងព្រះយេហូវ៉ា ហើយសម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។
៥ សូម្បីតែពួកអ្នកដែលស្គាល់និងស្រឡាញ់ព្រះយេហូវ៉ា ក៏ប្រហែលជាពិបាកចុះចូលនឹងលោកទាំងស្រុងដែរ។ សាវ័កប៉ូលមានបញ្ហានេះ។ (សូមអាន រ៉ូម ៧:២១-២៣) ដូចប៉ូល យើងចង់ធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះយេហូវ៉ា។ ប៉ុន្តែ យើងត្រូវតយុទ្ធជានិច្ចនឹងបំណងចិត្តដែលចង់ធ្វើអ្វីដែលមិនត្រឹមត្រូវ។
៦-៧. តើអ្វីជាមូលហេតុមួយទៀតដែលការចុះចូលនឹងព្រះយេហូវ៉ាប្រហែលជាពិបាកសម្រាប់យើង? សូមលើកឧទាហរណ៍មួយ។
៦ មូលហេតុមួយទៀតដែលការចុះចូលនឹងព្រះយេហូវ៉ាប្រហែលជាពិបាកចំពោះយើង គឺដោយសារយើងទទួលឥទ្ធិពលពីវប្បធម៌ក្នុងតំបន់ដែលយើងធំឡើង។ គំនិតរបស់មនុស្សជាច្រើនខុសពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ហេតុនេះហើយយើងត្រូវខំប្រឹងជានិច្ចដើម្បីមិនមានរបៀបគិតគូរដូចពួកគេ។ សូមពិចារណាអំពីឧទាហរណ៍មួយ។
៧ នៅតំបន់ខ្លះ តាមធម្មតាមនុស្សវ័យក្មេងទទួលការបង្ខិតបង្ខំឲ្យរកលុយឲ្យបានច្រើន។ បងស្រីម្នាក់ឈ្មោះមេរីcបានជួបការពិបាកនេះ។ មុនគាត់រៀនអំពីព្រះយេហូវ៉ា គាត់បានចូលរៀននៅសាលាដ៏ល្អបំផុតមួយក្នុងប្រទេសរបស់គាត់។ ក្រុមគ្រួសាររបស់បងមេរីបានព្យាយាមបង្ខំគាត់ឲ្យទទួលការងារដែលមានប្រាក់ខែខ្ពស់ ហើយដែលធ្វើឲ្យគាត់មានមុខមានមាត់។ គាត់ក៏ចង់បានការងារបែបនោះដែរ។ ប៉ុន្តែ ក្រោយពីគាត់បានរៀនអំពីព្រះយេហូវ៉ា ហើយស្រឡាញ់លោក គាត់បានផ្លាស់ប្ដូរគោលដៅរបស់គាត់។ ទោះជាយ៉ាងនេះក្ដី គាត់និយាយថា៖ «ជួនកាល ខ្ញុំឃើញឱកាសការងារដែលអាចឲ្យខ្ញុំរកលុយបានច្រើន តែខ្ញុំដឹងថាការងារនោះនឹងរារាំងខ្ញុំពីការបម្រើព្រះយេហូវ៉ាដូចខ្ញុំកំពុងធ្វើនៅឥឡូវនេះ។ ដោយសាររបៀបដែលខ្ញុំបានត្រូវចិញ្ចឹមអប់រំ ខ្ញុំនៅតែពិបាកមានទស្សនៈត្រឹមត្រូវ។ ខ្ញុំត្រូវអង្វរសុំព្រះយេហូវ៉ាឲ្យជួយខ្ញុំទប់ទល់នឹងការល្បួងឲ្យទទួលយកការងារ ដែលអាចរារាំងខ្ញុំពីការខំអស់ពីសមត្ថភាពក្នុងកិច្ចបម្រើលោក»។—ម៉ាថ. ៦:២៤
៨. តើយើងនឹងពិចារណាអ្វី?
៨ ការចុះចូលនឹងព្រះយេហូវ៉ានាំឲ្យយើងទទួលប្រយោជន៍។ ពួកអ្នកដែលមានអំណាចមួយកម្រិតដូចជា ពួកអ្នកចាស់ទុំ ឪពុក និងម្ដាយកាន់តែមានមូលហេតុដើម្បីធ្វើតាមការណែនាំពីព្រះ ពីព្រោះនោះផ្ដល់ឱកាសឲ្យពួកគេជួយអ្នកឯទៀត។ សូមយើងពិចារណាគំរូខ្លះក្នុងគម្ពីរដែលបង្រៀនយើងអំពីការប្រើអំណាចតាមរបៀបដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។
អ្វីដែលពួកអ្នកចាស់ទុំអាចរៀនពីនេហេមា
ពួកអ្នកចាស់ទុំជួយធ្វើកិច្ចការនៅសាលប្រជុំ ដូចដែលនេហេមាបានចូលរួមក្នុងការសាងសង់ក្រុងយេរូសាឡិមឡើងវិញ (សូមមើលវគ្គ៩-១១)d
៩. តើនេហេមាមានការពិបាកអ្វីខ្លះ?
៩ ព្រះយេហូវ៉ាបានប្រគល់ភារកិច្ចដ៏សំខាន់ដល់ពួកអ្នកចាស់ទុំក្នុងការថែទាំរាស្ត្ររបស់លោក។ (១ពេ. ៥:២) អ្នកចាស់ទុំអាចរៀនច្រើនពេលពិចារណាអំពីរបៀបដែលនេហេមាប្រព្រឹត្តចំពោះរាស្ត្ររបស់ព្រះយេហូវ៉ា។ ក្នុងនាមជាអភិបាលស្រុកយូដា នេហេមាមានអំណាចច្រើន។ (នេហ. ១:១១; ២:៧, ៨; ៥:១៤) សូមស្រមៃគិតអំពីការពិបាកខ្លះដែលនេហេមាជួបប្រទះ។ គាត់បានដឹងថាបណ្ដាជនធ្វើអ្វីដែលមិនស្អាតបរិសុទ្ធនៅវិហាររបស់ព្រះ ហើយពួកគេមិនផ្គត់ផ្គង់ពួកលេវីដូចដែលច្បាប់របស់ព្រះបានតម្រូវឡើយ។ ជនជាតិយូដាបានបំពានច្បាប់ថ្ងៃឈប់សម្រាក ហើយបុរសខ្លះបានរៀបការជាមួយស្ត្រីពីប្រជាជាតិដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ អភិបាលនេហេមាត្រូវដោះស្រាយបញ្ហាទាំងនេះ។—នេហ. ១៣:៤-៣០
១០. តើនេហេមាបានប្រព្រឹត្តយ៉ាងណាពេលមានបញ្ហា?
១០ នេហេមាមិនបានប្រើអំណាចរបស់គាត់ដើម្បីបង្ខំរាស្ត្រព្រះឲ្យធ្វើតាមគំនិតរបស់គាត់ទេ។ ផ្ទុយទៅវិញ គាត់បានអធិដ្ឋានយ៉ាងស្មោះអស់ពីចិត្តសុំការណែនាំពីព្រះយេហូវ៉ា ហើយគាត់បានបង្រៀនច្បាប់លោកដល់បណ្ដាជន។ (នេហ. ១:៤-១០; ១៣:១-៣) នេហេមាក៏រួមការងារជាមួយនឹងបណ្ដាជនក្នុងការសាងសង់កំពែងក្រុងយេរូសាឡិមឡើងវិញ។—នេហ. ៤:១៥
១១. យោងទៅតាមថែស្សាឡូនិចទី១ ២:៧, ៨ តើពួកអ្នកចាស់ទុំគួរប្រព្រឹត្តយ៉ាងណាចំពោះពួកអ្នកដែលនៅក្នុងក្រុមជំនុំ?
១១ ពួកអ្នកចាស់ទុំប្រហែលជាមិនមានបញ្ហាដូចនេហេមាទេ ប៉ុន្តែពួកគេអាចយកតម្រាប់គាត់ក្នុងរឿងផ្សេងៗ។ ជាឧទាហរណ៍ ពួកគេខំប្រឹងយ៉ាងខ្លាំងដើម្បីជាប្រយោជន៍ដល់បងប្អូន។ ម្យ៉ាងទៀត ពួកគេមិនមានអារម្មណ៍ថាពួកគេល្អប្រសើរជាងអ្នកឯទៀត ដោយសារអំណាចដែលពួកគេបានទទួលនោះទេ។ តែពួកគេប្រព្រឹត្តដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះក្រុមជំនុំ។ (សូមអាន ថែស្សាឡូនិចទី១ ២:៧, ៨) សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅនិងចិត្តរាបទាបរបស់ពួកគេ គឺសឲ្យឃើញតាមរយៈរបៀបដែលពួកគេនិយាយជាមួយនឹងអ្នកឯទៀត។ បងអេនទ្រូដែលជាអ្នកចាស់ទុំអស់ជាច្រើនឆ្នាំនិយាយថា៖ «ខ្ញុំឃើញថា ពេលអ្នកចាស់ទុំបង្ហាញសេចក្ដីសប្បុរសនិងរួសរាយរាក់ទាក់ នោះមានឥទ្ធិពលលើចិត្តរបស់បងប្អូន។ គុណសម្បត្ដិទាំងនេះជំរុញចិត្តបងប្អូនក្នុងក្រុមជំនុំឲ្យសហការជាមួយនឹងពួកអ្នកចាស់ទុំ»។ បងថូនីដែលបម្រើជាអ្នកចាស់ទុំអស់ជាច្រើនឆ្នាំដែរ និយាយថា៖ «ខ្ញុំខំធ្វើតាមយោបល់នៅភីលីព ២:៣ ហើយតែងតែព្យាយាមចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្ញុំ។ នេះជួយខ្ញុំមិនឲ្យប្រព្រឹត្តដូចជាអ្នកដែលមានអំណាចផ្ដាច់ការ»។
១២. ហេតុអ្វីជាការសំខាន់ដែលពួកអ្នកចាស់ទុំមានចិត្តរាបទាប?
១២ ពួកអ្នកចាស់ទុំត្រូវមានចិត្តរាបទាបដូចព្រះយេហូវ៉ា។ ទោះជាព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុតលើសកលលោកក្ដី លោក«ឱន»ដើម្បី«លើកមនុស្សទន់ខ្សោយឡើងពីធូលីដី»។ (ទំនុក. ១៨:៣៥; ១១៣:៦; ទំន. [ទំនុក.] ១១៣:៧, ខ.ស.) គម្ពីរក៏បញ្ជាក់ថា ព្រះយេហូវ៉ាស្អប់ខ្ពើមពួកអ្នកដែលមានអំណួតនិងក្រអឺតក្រទម។—សុភ. ១៦:៥
១៣. ហេតុអ្វីអ្នកចាស់ទុំត្រូវចេះ«ទប់អណ្ដាតខ្លួន»?
១៣ អ្នកចាស់ទុំដែលចុះចូលនឹងព្រះយេហូវ៉ាត្រូវចេះ«ទប់អណ្ដាតខ្លួន»។ ពុំនោះសោត បើបុគ្គលណាម្នាក់មិនបង្ហាញការគោរពចំពោះគាត់ នោះគាត់ប្រហែលជានិយាយមិនសប្បុរសតបទៅវិញ។ (យ៉ា. ១:២៦; កាឡ. ៥:១៤, ១៥) បងអេនទ្រូដែលបានត្រូវរៀបរាប់នៅខាងលើ និយាយថា៖ «នៅពេលខ្លះ ខ្ញុំចង់ឆ្លើយដោយមិនសប្បុរសទៅបងប្អូនដែលមើលទៅមិនបង្ហាញការគោរព។ ប៉ុន្តែ ខ្ញុំបានរំពឹងគិតអំពីបុរសស្មោះត្រង់ក្នុងគម្ពីរ ហើយនេះបានជួយខ្ញុំឲ្យយល់ថាការមានចិត្តរាបទាបនិងចិត្តសុភាពគឺសំខាន់»។ ពួកអ្នកចាស់ទុំបង្ហាញការចុះចូលនឹងព្រះយេហូវ៉ា ដោយមានសេចក្ដីស្រឡាញ់និងចិត្តសប្បុរស ពេលនិយាយជាមួយនឹងបងប្អូនក្នុងក្រុមជំនុំ រួមទាំងពួកអ្នកចាស់ទុំឯទៀតដែរ។—កូឡ. ៤:៦
អ្វីដែលឪពុកអាចរៀនពីស្តេចដាវីឌ
១៤. តើព្រះយេហូវ៉ាបានឲ្យឪពុកមានតួនាទីអ្វី ហើយតើលោកតម្រូវអ្វីពីពួកគេ?
១៤ ព្រះយេហូវ៉ាបានឲ្យឪពុកមានតួនាទីធ្វើជាប្រមុខគ្រួសារ ហើយតម្រូវឲ្យគាត់បង្ហាត់បង្រៀននិងប្រៀនប្រដៅកូន។ (១កូ. ១១:៣; អេភ. ៦:៤) ប៉ុន្តែ អំណាចរបស់ឪពុកមានកម្រិត ដោយសារគាត់ត្រូវទទួលខុសត្រូវចំពោះព្រះយេហូវ៉ាស្តីអំពីរបៀបដែលគាត់ប្រើអំណាចនោះ។ ហេតុអ្វី? ពីព្រោះគ្រប់គ្រួសារមាននាមត្រកូលពីលោក។ (អេភ. ៣:១៤, ១៥) ឪពុកបង្ហាញការចុះចូលនឹងព្រះយេហូវ៉ា ដោយប្រើអំណាចរបស់ខ្លួនតាមរបៀបដែលព្រះពេញចិត្ត។ ពួកគេអាចរៀនច្រើនដោយសិក្សាអំពីជីវិតរបស់ស្តេចដាវីឌ។
សេចក្ដីអធិដ្ឋានរបស់ឪពុកដែលជាគ្រិស្តសាសនិក គួរបង្ហាញថាគាត់មានចិត្តរាបទាប (សូមមើលវគ្គ១៥-១៦)e
១៥. ហេតុអ្វីស្តេចដាវីឌជាគំរូល្អសម្រាប់ឪពុក?
១៥ ព្រះយេហូវ៉ាបានតែងតាំងដាវីឌ មិនគ្រាន់តែឲ្យធ្វើជាប្រមុខគ្រួសារប៉ុណ្ណោះទេ តែក៏ឲ្យធ្វើជាអ្នកនាំមុខប្រជាជាតិអ៊ីស្រាអែលទាំងមូលដែរ។ ក្នុងនាមជាស្តេច ដាវីឌមានអំណាចច្រើន។ ពេលខ្លះ គាត់បានប្រើអំណាចរបស់គាត់តាមរបៀបមិនត្រឹមត្រូវ ហើយបានធ្វើខុសធ្ងន់ធ្ងរ។ (២សាំ. ១១:១៤, ១៥) ប៉ុន្តែ គាត់បានបង្ហាញការចុះចូលនឹងព្រះយេហូវ៉ា ដោយព្រមទទួលការប្រដៅតម្រង់ពីលោក។ គាត់បានអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ា។ ម្យ៉ាងទៀត គាត់បានព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើតាមឱវាទពីលោក។ (ទំនុក. ៥១:១-៤) បន្ថែមទៅទៀត គាត់បង្ហាញចិត្តរាបទាបដោយទទួលយោបល់ល្អពីបុរសនិងស្ត្រី។ (១សាំ. ១៩:១១, ១២; ២៥:៣២, ៣៣) ដាវីឌបានរៀនពីកំហុសរបស់គាត់ ហើយបានចាត់ទុកថាការបម្រើព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុតក្នុងជីវិត។
១៦. តើឪពុកអាចទាញយកមេរៀនអ្វីពីដាវីឌ?
១៦ សូមពិចារណាអំពីមេរៀនដែលឪពុកអាចរៀនពីស្តេចដាវីឌ៖ សូមកុំប្រើអំណាចដែលអ្នកបានទទួលពីព្រះយេហូវ៉ាក្នុងផ្លូវខុស។ សូមទទួលស្គាល់កំហុសរបស់អ្នក ហើយទទួលយកឱវាទដែលមានមូលដ្ឋានលើគម្ពីរពីអ្នកឯទៀត។ បើអ្នកធ្វើដូច្នេះ ក្រុមគ្រួសាររបស់អ្នកនឹងគោរពអ្នក ដោយសារអ្នកមានចិត្តរាបទាប។ ពេលអ្នកអធិដ្ឋានជាមួយនឹងក្រុមគ្រួសារ សូមអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ា យ៉ាងនេះពួកគេនឹងដឹងថាអ្នកពឹងផ្អែកលើព្រះយេហូវ៉ាខ្លាំងយ៉ាងណា។ លើសពីនេះទៅទៀត សូមចាត់ទុកថាការបម្រើព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុតក្នុងជីវិតអ្នក។ (ចោ. ៦:៦-៩) អំណោយដ៏វិសេសបំផុតមួយដែលអ្នកអាចឲ្យក្រុមគ្រួសារអ្នកគឺ គំរូល្អរបស់អ្នក។
អ្វីដែលម្ដាយអាចរៀនពីម៉ារៀ
១៧. តើព្រះយេហូវ៉ាបានប្រគល់តួនាទីអ្វីឲ្យម្ដាយ?
១៧ ព្រះយេហូវ៉ាបានប្រគល់ឲ្យម្ដាយនូវតួនាទីដ៏មានកិត្ដិយសក្នុងក្រុមគ្រួសារ ហើយលោកបានឲ្យគាត់មានអំណាចមួយកម្រិតលើកូន។ (សុភ. ៦:២០) តាមការពិត ពាក្យសម្ដីនិងការប្រព្រឹត្តរបស់ម្ដាយអាចមានឥទ្ធិពលលើកូនអស់មួយជីវិត។ (សុភ. ២២:៦) សូមកត់សម្គាល់អំពីអ្វីដែលម្ដាយអាចរៀនពីម៉ារៀដែលជាម្ដាយរបស់លោកយេស៊ូ។
១៨-១៩. តើម្ដាយអាចទាញយកមេរៀនអ្វីពីគំរូរបស់ម៉ារៀ?
១៨ ម៉ារៀស្គាល់បទគម្ពីរយ៉ាងច្បាស់។ គាត់គោរពព្រះយេហូវ៉ាយ៉ាងជ្រាលជ្រៅ ហើយមានចំណងមិត្តភាពដ៏រឹងមាំជាមួយនឹងលោក។ គាត់សុខចិត្តចុះចូលតាមការណែនាំពីព្រះយេហូវ៉ា ទោះជានេះមានន័យថាជីវិតរបស់គាត់នឹងផ្លាស់ប្ដូរទាំងស្រុងក៏ដោយ។—លូក. ១:៣៥-៣៨, ៤៦-៥៥
បើម្ដាយអស់កម្លាំងឬមានអារម្មណ៍ថាតឹងទ្រូង គាត់ប្រហែលជាត្រូវខំព្យាយាមខ្លាំងជាងដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះសមាជិកក្រុមគ្រួសារ (សូមមើលវគ្គ១៩)f
១៩ ក្នុងនាមជាម្ដាយ អ្នកអាចយកតម្រាប់ម៉ារៀតាមរបៀបផ្សេងៗ។ តើអ្នកអាចធ្វើអ្វីខ្លះ? ទី១ អ្នកអាចរក្សាចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ាដោយសិក្សាគម្ពីរផ្ទាល់ខ្លួននិងអធិដ្ឋានម្នាក់ឯង។ ទី២ អ្នកអាចសុខចិត្តធ្វើការផ្លាស់ប្ដូរផ្សេងៗក្នុងជីវិតដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ ជាឧទាហរណ៍ ប្រហែលជាពេលអ្នកនៅក្មេង ឪពុកម្ដាយរបស់អ្នកជាមនុស្សឆាប់ខឹង ហើយនិយាយទ្រគោះបោះបោកដាក់កូន។ ដូច្នេះ អ្នកប្រហែលជាធំឡើងដោយគិតថានេះជារបៀបប្រព្រឹត្តធម្មតាក្នុងក្រុមគ្រួសារ។ អ្នកប្រហែលជានៅតែពិបាកស្ងប់អារម្មណ៍និងអត់ធ្មត់ចំពោះកូន ជាពិសេសបើកូនធ្វើខុសពេលដែលអ្នកអស់កម្លាំង ទោះជាអ្នកបានរៀនអំពីខ្នាតតម្រារបស់ព្រះយេហូវ៉ារួចហើយក្ដី។ (អេភ. ៤:៣១) ពេលអ្នកមានអារម្មណ៍បែបនេះ គឺសំខាន់ណាស់ដែលអ្នកអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យជួយអ្នក។ ម្ដាយម្នាក់ឈ្មោះលីឌា និយាយថា៖ «ជួនកាល ខ្ញុំត្រូវខំអធិដ្ឋានអង្វរព្រះអស់ពីចិត្តដើម្បីជួយខ្ញុំមិនឲ្យនិយាយដោយកំហឹង ពេលដែលកូនប្រុសខ្ញុំមិនស្ដាប់បង្គាប់ខ្ញុំ។ ពេលខ្លះ ខ្ញុំបាននិយាយមិនទាន់ដល់ចប់ផង ខ្ញុំត្រូវឈប់សិន ហើយអធិដ្ឋានក្នុងចិត្តសុំព្រះយេហូវ៉ាឲ្យជួយ ទើបខ្ញុំនិយាយតទៀត។ ការអធិដ្ឋានជួយខ្ញុំឲ្យស្ងប់អារម្មណ៍»។—ទំនុក. ៣៧:៥
២០. តើម្ដាយខ្លះជួបប្រទះការពិបាកអ្វី ហើយតើពួកគេអាចយកឈ្នះការពិបាកនេះយ៉ាងដូចម្ដេច?
២០ ម្ដាយខ្លះមានការពិបាកមួយទៀត គឺពួកគេពិបាកបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូន។ (ទីត. ២:៣, ៤) ស្ត្រីខ្លះបានធំឡើងក្នុងគ្រួសារដែលឪពុកម្ដាយមិនបង្ហាញភាពកក់ក្ដៅចំពោះកូន។ បើអ្នកធំឡើងក្នុងក្រុមគ្រួសារបែបនោះ នេះមិនមានន័យថាអ្នកត្រូវធ្វើដូចឪពុកម្ដាយរបស់អ្នកទេ។ ម្ដាយដែលចុះចូលតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ប្រហែលជាត្រូវរៀនអំពីរបៀបបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូន។ គាត់ប្រហែលជាពិបាកកែប្រែរបៀបគិតគូរ អារម្មណ៍ និងការប្រព្រឹត្តរបស់គាត់។ ប៉ុន្តែគាត់អាចធ្វើបាន ហើយការផ្លាស់ប្ដូរទាំងនោះនឹងមានប្រយោជន៍ចំពោះគាត់និងក្រុមគ្រួសាររបស់គាត់។
ចូរបន្តចុះចូលនឹងព្រះយេហូវ៉ា
២១-២២. យោងទៅតាមអេសាយ ៦៥:១៣, ១៤ តើការចុះចូលនឹងព្រះយេហូវ៉ានាំឲ្យយើងទទួលប្រយោជន៍អ្វីខ្លះ?
២១ ស្តេចដាវីឌដឹងថាការចុះចូលនឹងព្រះយេហូវ៉ានាំឲ្យទទួលប្រយោជន៍។ គាត់បានសរសេរថា៖ «សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ក៏បណ្ដាលឲ្យចិត្តរីករាយសប្បាយ។ ក្រិត្យក្រមនៃព្រះយេហូវ៉ាជាសុទ្ធសាធ ក៏បំភ្លឺភ្នែក។ មួយទៀត ទូលបង្គំជាអ្នកបំរើទ្រង់ក៏ចេះប្រយ័ត ដោយសារសេចក្ដីទាំងនោះដែរ ហើយដែលកាន់តាម នោះក៏មានរង្វាន់យ៉ាងធំ»។ (ទំនុក. ១៩:៨, ១១) នៅសព្វថ្ងៃនេះ យើងអាចឃើញភាពខុសគ្នារវាងពួកអ្នកដែលចុះចូលនឹងព្រះយេហូវ៉ានិងពួកអ្នកដែលមិនព្រមទទួលការណែនាំដែលប្រកបដោយសេចក្ដីស្រឡាញ់ពីលោក។ ពួកអ្នកដែលចុះចូលនឹងព្រះយេហូវ៉ា«ច្រៀងដោយមានចិត្តអំណរ»។—សូមអាន អេសាយ ៦៥:១៣, ១៤
២២ ពេលពួកអ្នកចាស់ទុំ ឪពុក និងម្ដាយចុះចូលនឹងព្រះយេហូវ៉ាស្មោះពីចិត្ត នោះជីវិតរបស់ពួកគេកាន់តែល្អប្រសើរ ក្រុមគ្រួសាររបស់ពួកគេកាន់តែមានសុភមង្គល ហើយសមាជិកទាំងអស់ក្នុងក្រុមជំនុំកាន់តែមានសាមគ្គីភាព។ សំខាន់បំផុត ពួកគេធ្វើឲ្យព្រះយេហូវ៉ារីករាយ។ (សុភ. ២៧:១១) គ្មានអ្វីធ្វើឲ្យយើងសប្បាយជាងនេះឡើយ មែនទេ?
ចម្រៀងលេខ១២៣ ចុះចូលដោយស្មោះក្រោមការរៀបចំរបស់ព្រះ
a នៅអត្ថបទនេះ យើងនឹងពិចារណាអំពីមូលហេតុដែលយើងគួរចុះចូលនឹងព្រះយេហូវ៉ា។ យើងក៏នឹងពិចារណាដែរថាពួកអ្នកដែលមានអំណាចមួយកម្រិត ដូចជាពួកអ្នកចាស់ទុំ ឪពុក និងម្ដាយ អាចទាញយកមេរៀនអ្វីខ្លះពីគំរូរបស់អភិបាលនេហេមា ស្តេចដាវីឌ និងម៉ារៀដែលជាម្ដាយរបស់លោកយេស៊ូ។
b ការពន្យល់ពាក្យ: ពាក្យចុះចូលមានអត្ថន័យមិនល្អចំពោះពួកអ្នកដែលបានត្រូវគេបង្ខំឲ្យស្ដាប់បង្គាប់អ្នកណាម្នាក់។ ក៏ប៉ុន្តែ រាស្ត្ររបស់ព្រះសម្រេចចិត្តស្ដាប់បង្គាប់លោក ដូច្នេះពួកគេមិនគិតថាការចុះចូលនឹងព្រះគឺជាអ្វីដែលមិនល្អនោះទេ។
c ឈ្មោះខ្លះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។
d ការពណ៌នាអំពីរូបភាព: អ្នកចាស់ទុំម្នាក់ថែទាំសាលប្រជុំជាមួយនឹងកូនប្រុសរបស់គាត់ ដូចនេហេមាបានចូលរួមជួយសាងសង់កំពែងក្រុងយេរូសាឡិមឡើងវិញ។
e ការពណ៌នាអំពីរូបភាព: ឪពុកម្នាក់អធិដ្ឋានជាតំណាងក្រុមគ្រួសារដោយស្មោះអស់ពីចិត្ត។
f ការពណ៌នាអំពីរូបភាព: ក្មេងប្រុសម្នាក់លេងហ្គេមអស់ជាច្រើនម៉ោង ហើយមិនបានធ្វើកិច្ចការផ្ទះឬលំហាត់ពីសាលាទេ។ ទោះជាម្ដាយអស់កម្លាំងក៏ដោយ គាត់ប្រដៅកូនដោយចេះទប់កំហឹង និងដោយមិនប្រើពាក្យសម្ដីទ្រគោះបោះបោក។