ចូររៀបចំសិស្សព្រះគម្ពីរសំរាប់កិច្ចបំរើផ្សាយ
១ គោលដៅដ៏ចំបងក្នុងការសិក្សាជាមួយសិស្សព្រះគម្ពីរ គឺដើម្បីបង្កើតឲ្យមានសិស្សថ្មី ពោលគឺពួកអ្នកបំរើដែលនឹងចូលរួមជាមួយយើងក្នុងការបង្រៀនអ្នកដទៃទៀត។ (ម៉ាថ. ២៨:១៩, ២០) ដូច្នេះគោលបំណងនៃការសិក្សា គឺមិនគ្រាន់តែផ្ដល់ចំណេះដឹងទេ តែត្រូវបណ្ដុះឲ្យមានជំនឿចេញពីចិត្តសិស្សរបស់យើង និងរៀបចំពួកគេដើម្បីឲ្យគេប្រាប់សេចក្ដីសង្ឃឹមរបស់ខ្លួនដល់អ្នកដទៃផងដែរ។ (២កូ. ៤:១៣) តើមានរបៀបដ៏មានប្រយោជន៍ណា ដែលយើងអាចជួយសិស្សព្រះគម្ពីររបស់យើងឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀនអ្នកដទៃ?—២ធី. ២:២
២ ចូររៀបចំកិច្ចបំរើផ្សាយជាគោលដៅមួយ: តាំងពីដើមដំបូង ចូរធ្វើឲ្យពួកគេដឹងច្បាស់ថា សាសនាពិតរួមបញ្ចូលការ«ប្រកាសជំនឿ» ដែលនាំឲ្យ«ទទួលការសង្គ្រោះ»។ (រ៉ូម ១០:១០, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ឈ្មោះរបស់យើងគឺស្មរបន្ទាល់ព្រះយេហូវ៉ា បង្ហាញឲ្យឃើញថាយើងត្រូវប្រាប់អ្នកដទៃ។ ចូរជួយសិស្សព្រះគម្ពីរឲ្យយល់ដឹងថា ពួកគេទទួលការបង្រៀននេះ មិនមែនគ្រាន់តែដើម្បីខ្លួនគេអាចទទួលសេចក្ដីសង្គ្រោះប៉ុណ្ណោះទេ។ ពេលពួកគេក្លាយទៅជាគ្រូបង្រៀន នោះអស់អ្នកដែលស្ដាប់គេក៏មានឱកាសទទួលសេចក្ដីសង្គ្រោះដែរ។—១ធី. ៤:១៦
៣ ចូរមើលសាឡើងវិញនូវអ្វីដែលបានរៀន: ការមើលសាឡើងវិញយូរៗម្ដងនូវពត៌មានដែលបានរៀន ក៏ជាជំនួយសំរាប់ការបង្រៀនដ៏មានតម្លៃដែរ។ ទង្វើនេះជួយសិស្សព្រះគម្ពីរឲ្យរីកចំរើនខាងវិញ្ញាណ កាលដែលចំណេះដឹងដែលទើបនឹងរៀនថ្មីៗបានជ្រួតជ្រាបក្នុងចិត្តគំនិតរបស់ពួកគេ។ យើងបានពិសោធន៍ដោយខ្លួនផ្ទាល់ ពេលយើងឆ្លើយសំនួរសាឡើងវិញក្នុងអត្ថបទសិក្សាទស្សនាវដ្ដីប៉មយាម។ ចូររៀបចំសំនួរស្រួលយល់និងចំៗសំរាប់ឲ្យសិស្សឆ្លើយចេញពីចិត្ត។
៤ ការមើលសាឡើងវិញនូវអ្វីដែលបានរៀន អាចមានលំនាំដូចជាអ្នកកំពុងតែស្ថិតនៅកន្លែងផ្សាយ។ ចូរសួរសំនួរមួយឬរៀបរាប់ស្ថានការណ៍មួយដែលជួបប្រទះជាញឹកញយ ពេលធ្វើបន្ទាល់ដល់អ្នកដទៃ។ ចូរអនុញ្ញាតឲ្យសិស្សព្រះគម្ពីរធ្វើការសម្ដែងពីអ្វីដែលគាត់នឹងនិយាយ ដោយអ្នកធ្វើជាម្ចាស់ផ្ទះ។ ចូរសរសើរគាត់ចំពោះអ្វីដែលគាត់បានធ្វើល្អ និងផ្ដល់នូវយោបល់ដែលមានប្រយោជន៍ ដែលនឹងជួយគាត់ឲ្យនិយាយដោយមានប្រសិទ្ធភាពខ្ពស់នៅពេលក្រោយ។ ការអប់រំនេះនឹងបង្រៀនគាត់នូវរបៀបដែលគាត់អាចប្រើអ្វីដែលបានរៀន និងបណ្ដុះបណ្ដាលឲ្យមានបំនិនក្នុងការប្រើព្រះគម្ពីរ។
៥ ចូរអប់រំដោយប្រើប្រកាសនវត្ថុ: ចូរធ្វើឲ្យប្រាកដថា សិស្សព្រះគម្ពីររបស់អ្នកមានកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ និងប្រធានបទគម្ពីរសំរាប់ការពិគ្រោះមួយក្បាល ហើយបង្ហាត់បង្រៀនគាត់ឲ្យចេះប្រើផងដែរ។ ចូរបង្ហាញនូវរបៀបដែលកូនសៀវភៅនេះផ្ដល់នូវយោបល់ចំពោះការចាប់ផ្ដើមការសន្ទនា ឆ្លើយសំនួរព្រះគម្ពីរ និងប្រឈមមុខដោះស្រាយការជំទាស់ជាដើម។ ចូរប្រើកូនសៀវភៅនេះ ដើម្បីបង្ហាញនូវវិធីនិយាយជាមួយអ្នកដទៃតាមរបៀបដែលគួរឲ្យជឿ។ កូនសៀវភៅទាំងនេះអាចស្ថាបនាឲ្យមានទំនុកចិត្ត និងបង្កើននូវចិត្តក្លាហាន ដើម្បីប្រកាសសារព្រះរាជាណាចក្រ។
៦ ចូរបញ្ជាក់នូវសារៈសំខាន់នៃកិច្ចប្រជុំ: កិច្ចប្រជុំក្រុមជំនុំ ជាពិសេសការប្រជុំអប់រំកិច្ចបំរើនិងសាលាកិច្ចបំរើព្រះធិបតេយ្យ គឺបានរៀបចំឡើងដោយមានបំណងដើម្បីជួយយើងសំរាប់កិច្ចបំរើផ្សាយ។ ចំណុចសំខាន់ៗទាំងអស់ចំពោះការធ្វើបន្ទាល់ឲ្យមានប្រសិទ្ធភាពខ្ពស់ គឺត្រូវពិនិត្យមើលឡើងវិញ និងសម្ដែងឲ្យឃើញ ដោយអស់អ្នកដែលមានបទពិសោធន៍និងមានបំនិន។ ចូរបញ្ជាក់នូវសារៈសំខាន់នៃកិច្ចប្រជុំ និងខំប្រឹងជួយគាត់ឲ្យទៅប្រជុំ។ ការទៅប្រជុំជាទៀងទាត់អាចជំរុញចិត្តសិស្សព្រះគម្ពីរឲ្យក្លាយទៅជាសិស្សដ៏ពិតរបស់ព្រះយេស៊ូ។
៧ គំរូរបស់អ្នកផ្ទាល់គឺសំខាន់ណាស់។ ការស្ម័គ្រចិត្តនិងភាពទៀងទាត់ក្នុងកិច្ចផ្សព្វផ្សាយ បង្ហាញថាអ្នកមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្ដីពិត។ ការមានទឹកចិត្តបែបនេះនឹងលើកទឹកចិត្តសិស្សរបស់អ្នកឲ្យខំប្រឹងបង្ហាញជំនឿរបស់គាត់ដែរ។ (លូកា ៦:៤០) ទង្វើទាំងនេះអាចជួយសិស្សឲ្យចាត់ទុកកិច្ចបំរើផ្សាយជាឯកសិទ្ធិមួយ និងមានអំណរគុណក្នុងការចូលរួមកិច្ចផ្សព្វផ្សាយ។—១ធី. ១:១២