យើងត្រូវតែត្រឡប់ទៅជួបម្ដងហើយម្ដងទៀត
១ តើអ្នកបានតបឆ្លើយដោយយល់ព្រមទេនៅលើកទីមួយ ដែលបុគ្គលម្នាក់បាននិយាយប្រាប់អ្នកអំពីដំណឹងល្អនោះ? បើអត់ទេ នោះអ្នកច្បាស់ជាអរគុណណាស់ ដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រឡប់មកជួបអ្នកម្ដងហើយម្ដងទៀត ទំរាំអ្នកបានសុខចិត្តសិក្សាព្រះគម្ពីរ។ គឺជាការល្អដើម្បីគិតអំពីរឿងនេះ នៅពេលដែលផ្សព្វផ្សាយម្ដងហើយម្ដងទៀត ក្នុងតំបន់ផ្សាយរបស់អ្នកនោះ។
២ ជីវិតរបស់មនុស្សតែងតែប្រែប្រួលជានិច្ច។ គេជួបប្រទះបញ្ហាឬក៏ស្ថានការណ៍ថ្មី ឮអំពីព្រឹត្ដិការណ៍ដែលធ្វើឲ្យពិបាកចិត្តក្នុងសង្គមឬក្នុងពិភពលោក រងការថយក្រោយខាងសេដ្ឋកិច្ច ឬពិសោធន៍ការឈឺចាប់ឬសេចក្ដីស្លាប់ក្នុងគ្រួសារ។ រឿងបែបនេះប្រហែលបណ្ដាលឲ្យគេចង់ដឹងនូវមូលហេតុ ចំពោះសេចក្ដីទុក្ខព្រួយទាំងនេះ។ យើងត្រូវតែយល់នូវកត្ដាដែលធ្វើឲ្យមនុស្សមានបារម្ភ ហើយរួចមកតបឆ្លើយដោយប្រាប់អំពីសារដ៏សម្រាលទុក្ខ។
៣ នេះជាកិច្ចការសង្គ្រោះ: ចូរគិតអំពីពួកអ្នកធ្វើការសង្គ្រោះនៅឯកន្លែងមហន្តរាយមួយ។ ទោះជាអ្នកខ្លះប្រហែលជាកំពុងតែស្វែងរកនៅទីកន្លែង ដែលមានអ្នករួចពីគ្រោះថ្នាក់តែតិចតួចក៏ដោយ តែគេមិនបន្ថយល្បឿនហើយឈប់នោះទេ ដោយសារពួកអ្នកធ្វើការគ្នីគ្នារបស់គេ រកឃើញពួកអ្នកដែលនៅរស់នៅកន្លែងផ្សេងទៀតនោះ។ កិច្ចការសង្គ្រោះរបស់យើងមិនទាន់ចប់ទេ។ រៀងរាល់ឆ្នាំ មនុស្សរាប់សែននាក់ ដែលចង់រួចរស់ជីវិតពី«សេចក្ដីវេទនាជាខ្លាំង» ត្រូវគេរកឃើញ។—វិវរណៈ ៧:៩, ១៤
៤ «អស់អ្នកណា ដែលអំពាវនាវដល់ព្រះនាម[ព្រះយេហូវ៉ា] នោះនឹងបានសង្គ្រោះ»។ (រ៉ូម ១០:១៣-១៥) ពាក្យទាំងនេះត្រូវដិតជាប់ចូលក្នុងគំនិតយើងរាល់គ្នា អំពីភាពចាំបាច់នៃការព្យាយាមផ្សព្វផ្សាយ។ តាំងពីកន្លែងផ្សាយរបស់យើងបានចាប់ផ្ដើមផ្សាយពេញទីហើយនោះ កូនៗបានធំឡើង ហើយឥឡូវនេះអាចគិតយ៉ាងខ្លាំងអំពីអនាគតរបស់គេនិងគោលបំណងនៃជីវិត។ យើងឥតដឹងថានៅទីបំផុតតើអ្នកណានឹងស្ដាប់នោះទេ។ (សាស្ដា ១១:៦) អតីតពួកអ្នកជំទាស់ជាច្រើន បានទទួលយកសេចក្ដីពិត។ កិច្ចការរបស់យើង មិនមែនដើម្បីវិនិច្ឆ័យមនុស្សទេ ប៉ុន្តែដើម្បីឲ្យគេនូវឱកាសឲ្យឮ និងឲ្យបានសង្គ្រោះពីលោកីយ៍នេះ។ ដូចពួកសិស្សពីដើមរបស់ព្រះយេស៊ូ យើងត្រូវតែ‹ទៅឥតដាច់›ស្វែងរកមនុស្ស ហើយខំធ្វើឲ្យគេចាប់អារម្មណ៍នឹងសារព្រះរាជាណាចក្រ។—ម៉ាថាយ ១០:៦, ៧
៥ ហេតុការណ៍ដែលផ្លូវនៅមានបើកឲ្យយើងផ្សាយ នោះគឺជាសេចក្ដីសម្ដែងនៃសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា។ (ពេត្រុសទី២ ៣:៩) កាលដែលយើងឲ្យអ្នកឯទៀតឮម្ដងហើយម្ដងទៀតនោះ យើងបញ្ជាក់នូវសេចក្ដីស្រឡាញ់របស់ព្រះ ហើយនេះជារបៀបដែលយើងសរសើរទ្រង់។