«បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្ដេច»?
១ ពេលដែលអ្នកផ្សាយដំណឹងល្អម្នាក់ឈ្មោះភីលីពបានសួរបុរសកំរៀវសាសន៍អេធីយ៉ូពីម្នាក់ ថាតើលោកយល់ពីអ្វីដែលលោកកំពុងតែអានក្នុងព្រះបន្ទូលរបស់ព្រះនោះទេ បុរសនោះបានឆ្លើយតបថា៖ «បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្ដេចឲ្យខ្ញុំយល់បាន»? ភីលីពបានមានអំណរនឹងជួយគាត់ឲ្យយល់នូវដំណឹងល្អអំពីព្រះយេស៊ូ ហើយជាលទ្ធផលបុរសនោះបានទទួលបុណ្យជ្រមុជទឹកភ្លាមៗ។ (កិច្ចការ ៨:២៦-៣៨) ភីលីពបានប្រព្រឹត្តតាមសេចក្ដីបង្គាប់របស់ព្រះគ្រីស្ទ ឲ្យទៅ‹បញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យគេ និងបង្រៀនគេផងដែរ›។—ម៉ាថាយ ២៨:១៩, ២០
២ យើងក៏ត្រូវអនុវត្តតាមសេចក្ដីបង្គាប់ឲ្យធ្វើការបញ្ចុះបញ្ចូលឲ្យមានសិស្ស ដូចជាភីលីពអ៊ីចឹងដែរ។ ក៏ប៉ុន្តែ ការលូតលាស់យ៉ាងឆាប់រហ័សខាងវិញ្ញាណ ដូចជាបុរសកំរៀវសាសន៍អេធីយ៉ូពីបានមាន នោះកម្រឃើញណាស់ក្នុងចំណោមមនុស្សដែលយើងសិក្សាព្រះគម្ពីរជាមួយ។ បុរសនោះជាអ្នកចូលសាសនាយូដាក៏បានស្គាល់បទគម្ពីរយ៉ាងច្បាស់ ហើយគាត់បានមានចិត្តចង់ស្ដាប់ និងត្រូវការទទួលស្គាល់ព្រះយេស៊ូជាព្រះមេស្ស៊ីដែលបានត្រូវសន្យា។ គឺជាការពិបាក បើសិនជាអ្នកដែលយើងសិក្សាជាមួយនោះ មិនសូវស្គាល់ព្រះគម្ពីរ ហើយបានត្រូវនាំឲ្យវង្វេងដោយការបង្រៀនពីសាសនាមិនពិត ឬក៏មានទុក្ខធុរៈដោយសារបញ្ហាពិបាកៗផ្ទាល់ខ្លួន។ តើអ្វីដែលនឹងអាចជួយយើងឲ្យជោគជ័យក្នុងការណែនាំសិស្សព្រះគម្ពីរទៅដល់ការថ្វាយខ្លួននិងការទទួលបុណ្យជ្រមុជទឹកនោះ?
៣ យល់ដឹងពីសេចក្ដីត្រូវការខាងវិញ្ញាណរបស់សិស្សព្រះគម្ពីរ: សន្លឹកបន្ថែមក្នុងឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ពីខែសីហា ឆ្នាំ១៩៩៨ (ជាភាសាអង់គ្លេស) បានពិភាក្សានូវប្រវែងរយៈពេលដែលយើងប្រហែលជាអាចសិក្សាជាមួយមនុស្សដោយប្រើសៀវភៅស្តើងតម្រូវ និងសៀវភៅចំណេះ។ ក្នុងនោះបានណែនាំថា៖ «គឺជាចាំបាច់ដែលយើងកែប្រែល្បឿននៃការសិក្សា សមស្របនឹងកាលៈទេសៈនិងសមត្ថភាពរបស់សិស្សម្នាក់ . . . យើងមិនចង់បោះចោលការយល់ដឹងច្បាស់របស់សិស្ស ដើម្បីឲ្យមានល្បឿនសិក្សាដ៏លឿននោះទេ។ សិស្សនិមួយៗត្រូវការនូវមូលដ្ឋានដ៏មាំមួនសំរាប់ជំនឿថ្មីរបស់គាត់ ទៅលើព្រះបន្ទូលរបស់ព្រះ»។ ដូច្នេះ ការសិក្សាពត៌មានក្នុងសៀវភៅចំណេះយ៉ាងប្រញាប់ប្រញាល់ដោយគិតថា ចង់ខិតខំបង្ហើយសៀវភៅនោះក្នុងរយៈពេលប្រាំមួយខែ នោះមិនគួរនឹងធ្វើទេ។ ប្រហែលជានឹងត្រូវការច្រើនជាងប្រាំមួយខែដើម្បីជួយអ្នកខ្លះលូតលាស់ដល់ជំហានទទួលបុណ្យជ្រមុជទឹក។ ពេលអ្នកដឹកនាំការសិក្សានោះប្រចាំសប្ដាហ៍ ចូរចំណាយរយៈពេលណាដែលជាចាំបាច់ ដើម្បីជួយសិស្សនោះយល់ដឹងនិងទទួលព្រមនូវអ្វីដែលគាត់កំពុងតែរៀនពីព្រះបន្ទូលរបស់ព្រះ។ ក្នុងករណីខ្លះ ប្រហែលជាត្រូវការពីរឬក៏បីសប្ដាហ៍ដើម្បីសិក្សាចប់នូវជំពូកណាមួយក្នុងសៀវភៅចំណេះ។ នេះនឹងអនុញ្ញាតឲ្យមានពេលអាន ហើយបញ្ជាក់ច្បាស់នូវបទគម្ពីរដែលមានក្នុងនោះ។—រ៉ូម ១២:២
៤ ក៏ប៉ុន្តែ ចុះយ៉ាងណាវិញបើសិនជាពេលអ្នកសិក្សាចប់នូវសៀវភៅចំណេះ អ្នកយល់ឃើញថាការយល់ដឹងរបស់សិស្សនោះអំពីសេចក្ដីពិត ត្រូវការនូវការបង្គ្រប់ ឬក៏ដែលគាត់មិនទាន់មានចិត្តជំរុញឲ្យសម្រេចមកខាងសេចក្ដីពិតនិងថ្វាយជីវិតរបស់គាត់ជូនព្រះ? (កូរិនថូសទី១ ១៤:២០) តើអ្នកអាចធ្វើអ្វីទៀត ដើម្បីនាំគាត់ទៅតាមផ្លូវដែលនាំទៅដល់ជីវិត?—ម៉ាថាយ ៧:១៤
៥ បំពេញសេចក្ដីត្រូវការខាងវិញ្ញាណរបស់សិស្សនោះ: បើសិនជាអាចឃើញច្បាស់ថា មនុស្សម្នាក់កំពុងតែលូតលាស់ ទោះបីការលូតលាស់នោះយឺតយូរក៏ដោយ និងអាចឃើញថាគាត់ចាប់ផ្ដើមអបអរនឹងអ្វីដែលគាត់កំពុងតែរៀន នោះចូរបន្តការសិក្សាតាមសៀវភៅមួយទៀតបន្ទាប់ពីសៀវភៅតម្រូវ និង សៀវភៅចំណេះ បានត្រូវសិក្សាចប់ហើយ។ នេះប្រហែលជានឹងមិនជាចាំបាច់ក្នុងគ្រប់ករណីទេ ក៏ប៉ុន្តែ បើសិនជាចាំបាច់ សូមបន្តសិក្សាតាមសៀវភៅសន្ដិភាពពិតប្រាកដ សៀវភៅព្រមព្រៀងគ្នាក្នុងការថ្វាយបង្គំ ឬក៏សៀវភៅព្រះបន្ទូលរបស់ព្រះ។ អ្នកផ្សាយភាគច្រើនមានសៀវភៅទាំងនេះផ្ទាល់ខ្លួន ដើម្បីប្រើបានបើសិនជាក្រុមជំនុំគ្មាន។ សៀវភៅព្រះបន្ទូលរបស់ព្រះ គឺជាសៀវភៅតែមួយគត់ដែលអាចត្រូវសុំពីទីក្រុងប៊្រុគ្លីន។ ក្នុងករណីទាំងអស់ សៀវភៅស្តើងតម្រូវ និង សៀវភៅចំណេះ នឹងត្រូវសិក្សាជាមុន។ ការសិក្សា ការត្រឡប់ទៅជួប និងពេលដែលត្រូវចំណាយក្នុងការបន្តការសិក្សានោះ គួរត្រូវរាប់និងរាយការណ៍ សូម្បីតែសិស្សនោះទទួលបុណ្យជ្រមុជទឹកមុនសិក្សាចប់នូវសៀវភៅទីពីរ។
៦ តើនេះមានន័យថា អ្នកដែលបានទទួលបុណ្យជ្រមុជទឹកនៅពេលថ្មីៗ ក៏ប៉ុន្តែបានសិក្សាសៀវភៅតែមួយ គួរទទួលនៅជំនួយឥឡូវដើម្បីសិក្សាសៀវភៅទីពីរទេ? មិនចាំបាច់អ៊ីចឹងទេ។ ក៏ប៉ុន្តែ ពួកគេប្រហែលជាបានទៅជាឥតសកម្ម ឬក៏មិនបានលូតលាស់ខាងវិញ្ញាណ ហើយគេប្រហែលជាមានអារម្មណ៍ថា ខ្លួនត្រូវការជំនួយដើម្បីអនុវត្តសេចក្ដីពិតក្នុងជីវិតរបស់គេដល់កំរិតច្រើនជាង។ គួរត្រូវទាក់ទងអ្នកត្រួតពិនិត្យកិច្ចបំរើជាមុនសិន មុនដែលសិក្សាឡើងវិញជាមួយអ្នកផ្សាយដែលបានទទួលបុណ្យជ្រមុជទឹកហើយ។ ក៏ប៉ុន្តែ បើសិនជាអ្នកស្គាល់អ្នកណាដែលធ្លាប់សិក្សាសៀវភៅចំណេះនៅអតីតកាល ក៏ប៉ុន្តែមិនបានលូតលាស់ដល់ការថ្វាយខ្លួននិងការទទួលបុណ្យជ្រមុជទឹកទេ នោះអ្នកប្រហែលជាអាចផ្ដើមស៊ើបសួរថា តើគេចង់ចាប់ផ្ដើមសិក្សាម្ដងទៀតឬទេ?
៧ គឺជាសញ្ញាសម្គាល់សេចក្ដីស្រឡាញ់គ្រីស្ទាន ដែលយើងយកចិត្តទុកដាក់យ៉ាងខ្លាំងនិងផ្ទាល់ខ្លួនចំពោះអ្នកចាប់អារម្មណ៍និមួយៗដែលយើងសិក្សាជាមួយនោះ។ គោលបំណងរបស់យើង គឺដើម្បីជួយសិស្សនោះទទួលនូវការយល់ធ្លុះជ្រៅខាងសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះ។ នោះទើបគាត់អាចធ្វើការសម្រេចជាស្រេច ឲ្យមកខាងឯសេចក្ដីពិតដោយមានចំណេះដឹង និងថ្វាយជីវិតរបស់គាត់ទៅព្រះយេហូវ៉ា ទាំងបង្ហាញនូវការថ្វាយខ្លួននោះដោយការទទួលបុណ្យជ្រមុជទឹក។—ទំនុកដំកើង ៤០:៨; អេភេសូរ ៣:១៧-១៩
៨ តើអ្នកនឹកចាំពីអ្វីដែលបានកើតឡើង ក្រោយពីបុរសកំរៀវសាសន៍អេធីយ៉ូពី បានទទួលបុណ្យជ្រមុជទឹកទេ? គាត់បាន«ទៅតាមផ្លូវទៅដោយអរសប្បាយ»ជាសិស្សថ្មីរបស់ព្រះយេស៊ូគ្រីស្ទ។ (កិច្ចការ ៨:៣៩, ៤០) សូមឲ្យយើងព្រមទាំងអស់អ្នកដែលយើងណែនាំដោយជោគជ័យតាមផ្លូវជាសេចក្ដីពិត ជួបនឹងអំណរយ៉ាងក្រៃលែងក្នុងការបំរើព្រះយេហូវ៉ានៅពេលឥឡូវនេះនិងជានិរន្តរ៍ដែរ!