រៀបចំទុកជាមុនដើម្បីអ្វី?
១ យើងទាំងអស់គ្នាគិតគូរអំពីអ្វីដែលយើងនឹងធ្វើនៅពេលអនាគត។ អ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី ក៏ទន្ទឹងទៅដល់ពេលដែលគេនឹងរស់ជារៀងរហូតក្នុងពិភពលោកថ្មីរបស់ព្រះដែលប្រកបទៅដោយសេចក្ដីសុចរិត។ ក៏ប៉ុន្តែ នៅមានអានុភាពខ្លះៗដែលអាចដកហូតសេចក្ដីសង្ឃឹមនោះចេញពីចិត្តរបស់យើងអស់ទៅ។ គឺជាការចាំបាច់ដែលយើងខិតខំរក្សាទុកជាអាទិភាពនូវអ្វីៗដែលទាក់ទងនឹងព្រះរាជាណាចក្រ ហើយមិនត្រូវបង្វែរដោយសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមទេ។—យ៉ូហានទី១ ២:១៥-១៧
២ លោកីយ៍មិនអាចយល់សោះអំពីគោលដៅរបស់មនុស្សដែលមានជីវិតប្រមូលផ្ដុំទៅលើអ្វីខាងវិញ្ញាណ។ ពេលដែលមនុស្សឯទៀតព្យាយាមចង់ល្បីឈ្មោះ មានអំណាច ឬក៏មានទ្រព្យសម្បត្ដិក៏ដោយ តែចំណែកយើងវិញ គឺយើងខិតខំស្វះស្វែងរកទ្រព្យខាងវិញ្ញាណ។ (ម៉ាថាយ ៦:១៩-២១) បើសិនជាយើងកែប្រែគំនិតរបស់យើងឲ្យសមស្របទៅតាមទស្សនៈដូចជាលោកីយ៍នេះមានចំពោះអនាគតនោះ តើយើងនឹងអាចសម្រេចនៅគោលដៅខាងវិញ្ញាណរបស់យើងទេ? មិនយូរទេក្រោយមក ចិត្តរបស់យើងនឹងមានការងប់ងល់នឹងអ្វីដែលមិនសំខាន់នោះទេ។ តើយើងអាចទប់ទល់មិនឲ្យនេះកើតឡើងយ៉ាងដូចម្ដេច?
៣ «ប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ»: វិធីមួយដែលយើងអាចលមើលឲ្យដឹង ថាបើសិនជាយើងកំពុងតែរៀបចំអនាគតរបស់យើងដោយទុកអ្វីខាងព្រះរាជាណាចក្រជាអាទិភាព នោះគឺដោយពិចារណានូវរឿងដែលយើងនិយាយជាមួយអ្នកឯទៀត។ តើយើងនិយាយជារៀងរហូតអំពីទ្រព្យសម្បត្ដិនិងអ្វីដែលមិនសំខាន់ឬ? បើដូច្នោះ យើងត្រូវពិចារណា ថាតើចិត្តរបស់យើងកំពុងតែលែងចាត់ទុកគោលការណ៍ខាងវិញ្ញាណជាអ្វីដ៏សំខាន់ឬក៏យ៉ាងណា?។ ប្រហែលជាយើងត្រូវប្រមូលអារម្មណ៍ទៅលើការ‹ប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ជាជាងផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្ដីប៉ងប្រាថ្នា ខាងឯសាច់ឈាមប៉ុណ្ណោះ›។—រ៉ូម ១៣:១៤
៤ ពួកយុវជនអាច‹ប្រដាប់ខ្លួន ដោយព្រះគ្រីស្ទ›ដោយរៀបចំសំរាប់ពេលដែលគេនឹងចូលកិច្ចបំរើពេញពេល។ យុវបុរសម្នាក់ដែលចង់ត្រួសត្រាយពេញពេល បានត្រូវចិញ្ចឹមអប់រំក្នុងវប្បធម៌មួយដែលមានទំនៀមទំលាប់ឲ្យប្រុសៗរកការងារធ្វើដ៏ធំដុំ។ ហេតុនេះហើយ គាត់បានជក់ធ្វើពាណិជ្ជកម្មខ្លាំងដល់ម្ល៉េះបានជាការចូលរួមកិច្ចប្រជុំ និងកិច្ចផ្សព្វផ្សាយជាអ្វីដែលគាត់ធ្វើដោយមិនសូវយកចិត្តទុកដាក់ប៉ុន្មានទេ។ ក្រោយពីគាត់ចាប់ផ្ដើមទុកចិត្តទៅលើបន្ទូលរបស់ព្រះយេស៊ូនៅម៉ាថាយ ៦:៣៣ និងបានលះចោលនូវផ្លូវជីវិតដ៏នឿយហត់ទាំងឥតមានសារៈប្រយោជន៍ទេ នោះគាត់បានចាប់ផ្ដើមបំរើក្នុងកិច្ចផ្សព្វផ្សាយពេញពេលជាអាជីពរបស់គាត់។ ឥឡូវគាត់និយាយថា គាត់កំពុងតែបំរើព្រះយេហូវ៉ា‹អស់ពីសមត្ថភាព›ជាមួយនឹងការមានមនសិការដ៏ជ្រះថ្លា។
៥ ព្រះគម្ពីរប្រាប់ថា ការរៀបចំសំរាប់អនាគតគឺជាអ្វីដែលប្រកបទៅដោយប្រាជ្ញា។ (សុភាសិត ២១:៥) សូមឲ្យយើងទាំងអស់គ្នាធ្វើដូច្នេះ ដោយគិតអំពីព្រះហឫទ័យរបស់ព្រះជាចំបង។—អេភេសូរ ៥:១៥-១៧