តើអ្នកកំពុងតែអនុវត្តតាមអ្វីដែលអ្នកបានរៀននៅឯមហាសន្និបាតតាមតំបន់ ដែលមានចំណងជើងថា «អ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះ»ឬទេ?
១ មនុស្សណាដែលបានចូលរួមមហាសន្និបាតតាមតំបន់នាឆ្នាំមុននេះ អាចឃើញថារាស្ត្ររបស់ព្រះយេហូវ៉ាបានតាំងចិត្តចង់បំពេញកិច្ចការដែលបានត្រូវប្រគល់ឲ្យគេ គឺជាកិច្ចការបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះ។ (ម៉ាថ. ២៨:១៩, ២០) ពេលអ្នកបានត្រឡប់ទៅឯផ្ទះអ្នកវិញ តើមានចំណុចណាខ្លះពីពាក្យណែនាំទាំងនោះដែលអ្នកប្ដេជ្ញាចង់អនុវត្តតាមក្នុងជីវិតរបស់អ្នក និងក្នុងកិច្ចបំរើផ្សាយរបស់អ្នកផងដែរ?
២ គ្រប់ទាំងបទគម្ពីរដែលព្រះបានបណ្ដាលឲ្យតែង នោះមានប្រយោជន៍សំរាប់ការបង្ហាត់បង្រៀន: ផ្ទៃរឿងនៃពត៌មាននៅថ្ងៃទីមួយបានលើកបញ្ជាក់អំពីធីម៉ូថេទី២ ៣:១៦។ សុន្ទរកថាជាមូលដ្ឋានបានបង្ហាញថា ដើម្បីធ្វើជា‹អ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះដែលមានគ្រប់លក្ខណៈដែលត្រូវការ› នោះយើងត្រូវគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះបន្ទូលរបស់ព្រះ គឺថាគោរពព្រះបន្ទូលនោះជាជាងទស្សនៈឬទម្លាប់ណារបស់មនុស្សជាតិទៅទៀត ហើយត្រូវប្រើព្រះបន្ទូលនោះជានិច្ចផងដែរ។ យើងថែមទាំងត្រូវអធិស្ឋានជារៀងរាល់ថ្ងៃសុំវិញ្ញាណបរិសុទ្ធរបស់ព្រះ ដើម្បីជួយយើងក្នុងកិច្ចបំរើផ្សាយរបស់យើង ហើយក៏ត្រូវខិតខំបណ្ដុះឲ្យមានផលផ្លែចំបងរបស់វិញ្ញាណនោះ គឺជាសេចក្ដីស្រឡាញ់។ យើងក៏ត្រូវអនុញ្ញាតឲ្យអង្គការរបស់ព្រះយេហូវ៉ានៅលើផែនដីនេះ បង្វឹកបង្វឺនយើងឲ្យក្លាយជាអ្នកផ្សព្វផ្សាយ តាមរយៈកិច្ចប្រជុំទាំងឡាយតាមក្រុមជំនុំ។
៣ សុន្ទរកថាដែលចែកជាផ្នែកៗនៅថ្ងៃសុក្រមានចំណងជើងថា «ការបង្ហាត់បង្រៀនខ្លួនពេលយើងបង្រៀនអ្នកដទៃទៀត» បានពន្យល់ថាយើងត្រូវតាំងគំរូដ៏ល្អ (១) ក្នុងការកាន់តាមក្រិត្យវិន័យរបស់ព្រះក្នុងគ្រប់លក្ខណៈនៃសីលធម៌គ្រីស្ទាន (២) ក្នុងការរក្សាឲ្យមានទម្លាប់សិក្សាដ៏ល្អ និង (៣) ការដកចេញនូវអាកប្បកិរិយានិងសភាពនៃចិត្តគំនិតរបស់យើងដែលអារក្សអាចបំពានលើបាន។ បន្ទាប់មកយើងបានរៀននូវរបៀបដែលយើងអាចការពារក្រុមគ្រួសាររបស់យើង ពីបញ្ហាធំដែលកំពុងតែញាំញីពិភពលោក គឺជារូបអាសអាភាស។ តើអ្នកបានធ្វើតាមយោបល់ណាខ្លះ? មាតាបិតាទាំងឡាយបានត្រូវជំរុញឲ្យតាំងគំរូសំរាប់កូន កុំមើលឲ្យសោះ សូម្បីតែមើលនូវឆុតឆាករួមដំណេកតែមួយភ្លែតប៉ុណ្ណោះក៏មិនត្រូវក្រឡេកមើលដែរ ហើយត្រូវពិនិត្យមើលអ្វីដែលកូនមើលតាមអ៊ិនថឺណិតនិងកម្មវិធីទូរទស្សន៍។
៤ សុន្ទរកថាចុងក្រោយបង្អស់នៅថ្ងៃសុក្រនោះ បានពង្រឹងនូវការតាំងចិត្តរបស់យើងឲ្យចាត់ទុកពន្លឺពីព្រះយេហូវ៉ាជាអ្វីដែលមានតម្លៃ ទាំងកាន់ជំហរនិងរក្សាភាពជិតស្និទ្ធជាមួយសាសន៍អ៊ីស្រាអែលនៃព្រះជានិច្ច ថែមទាំងចង់ធ្វើអ្វីៗដែលជួយចំរើនឲ្យរាស្ត្ររបស់ព្រះយេហូវ៉ាមានសន្ដិភាព។ តើអ្នកបានអានសៀវភៅថ្មីៗហើយឬនៅ?
៥ មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្ហាត់បង្រៀនអ្នកដទៃ: ប្រធានបទគម្ពីរសំរាប់ថ្ងៃទីពីរនោះ គឺធីម៉ូថេទី២ ២:២។ កាលដែលបងប្អូនបានស្ដាប់សុន្ទរកថាដែលចែកជាផ្នែកៗនាព្រឹកថ្ងៃសៅរ៍ តើអ្នកបានកត់សម្គាល់នូវយោបល់អំពីរបៀប (១) ស្វែងរកអស់អ្នកណាដែលសមគួរ (២) បណ្ដុះបណ្ដាលឲ្យគេមានចំណាប់អារម្មណ៍ថែមទៀត និង (៣) បង្ហាត់បង្រៀនគេឲ្យធ្វើតាមអ្វីៗទាំងអស់ដែលព្រះគ្រីស្ទបានបង្គាប់? តើអ្នកកំពុងតែអនុវត្តតាមអ្វីៗដែលអ្នកបានរៀនរួចហើយនោះ ដោយចង់បង្ហាញឲ្យម្ចាស់ផ្ទះមើលយ៉ាងហោចណាស់នូវចំណុចមួយពីព្រះគម្ពីរ និងចង់រៀបចំមូលដ្ឋានដើម្បីទៅជួបគាត់ម្ដងទៀតឬទេ?
៦ កម្មវិធីពេលរសៀលបានបញ្ជាក់នូវសារៈសំខាន់នៃការយកតម្រាប់តាមព្រះយេស៊ូគ្រីស្ទ ដែលជាអ្នកបង្រៀនដ៏ឧត្តម។ តើអ្នកកំពុងតែព្យាយាមធ្វើតំរាប់តាមទ្រង់តាមរបៀបណាខ្លះ? ស្របទៅតាមអ្វីដែលអ្នកបានរៀនពីសុន្ទរកថាទីពីរដែលចែកជាផ្នែកៗនាថ្ងៃសៅរ៍ តើអ្នកគិតថាអ្នកអាច«ទទួលប្រយោជន៍រឹតតែច្រើនឡើងដោយការអប់រំពីព្រះ»បានទេ? តើអ្នកបានធ្វើតាមយោបល់ណាខ្លះហើយ ស្តីអំពីការបង្កើនរយៈពេលផ្ចង់អារម្មណ៍របស់អ្នកក្នុងការសិក្សាផ្ទាល់ខ្លួន និងនៅកំឡុងកិច្ចប្រជុំតាមក្រុមជំនុំ?
៧ សំវិធានការថ្មីជាសៀវភៅចំណងជើងថា ចូរទទួលប្រយោជន៍ពីការអប់រំក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ ច្បាស់ជានឹងជួយយើងលូតលាស់ឡើងខាងសមត្ថភាពរបស់យើងជាអ្នកថ្លែងសុន្ទរកថា និងជាអ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះ។ គឺនឹងមានការប្រុងស្មារតីច្រើនជាងទៅលើលក្ខណៈនិយាយដែលបានសម្គាល់អ្នកបំរើស្មោះត្រង់របស់ព្រះពីសម័យព្រះគម្ពីរ។ មេរៀននិមួយៗក្នុងសៀវភៅថ្មីនេះមានប្រអប់ផ្សេងៗ ដែលបង្ហាញដោយសង្ខេបនូវអ្វីដែលអ្នកត្រូវធ្វើ និងមានមូលហេតុដ៏សំខាន់ដែលអ្នកគួរធ្វើដូច្នេះ ហើយនូវរបៀបធ្វើតាមផងដែរ។ សៀវភៅនេះក៏មានលំហាត់ដែរ។ ក៏មានលំដាប់រៀបចំ២៩ផ្សេងៗដែលបងប្អូនស្រីៗ អាចជ្រើសរើសប្រើពេលថ្លែងសុន្ទរកថារបស់គេ។ នៅពេលខាងមុខនឹងមានការកែប្រែកម្មវិធីសាលានេះថែមទៀតដែរ។ តើអ្នកមានកាលវិភាគល្អដើម្បីទទួលប្រយោជន៍យ៉ាងពេញលេញពីសាលាកិច្ចបំរើព្រះធិបតេយ្យ ដោយទៅប្រជុំមួយនេះទាំងរួមចំណែកជារៀងរាល់សប្ដាហ៍ផងដែរទេ?
៨ ចូរធ្វើជាអ្នកបង្ហាត់បង្រៀនដោយព្រោះជឿជាយូរមកហើយ: សៀវភៅហេព្រើរ ៥:១២បានជួយអ្នកស្ដាប់ឲ្យត្រៀមគំនិតសំរាប់កម្មវិធីថ្ងៃអាទិត្យនោះ។ សុន្ទរកថាចែកជាផ្នែកៗនៅពេលព្រឹកនោះដែលមានចំណងជើងថា «បទទំនាយរបស់ព្យាការីម៉ាឡាគី ជួយយើងប្រុងប្រៀបសំរាប់ថ្ងៃនៃព្រះយេហូវ៉ា» បានដាស់តឿនយើងឲ្យថ្វាយបង្គំព្រះយេហូវ៉ាអស់ពីសមត្ថភាព និងស្អប់ការក្បត់គ្រប់បែបយ៉ាង ដើម្បីឲ្យយើងអាចរួចរស់ជីវិតពីថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ា។ ឈុតសម្ដែងមានចំណងជើងថា «គោរពអំណាចរបស់ព្រះយេហូវ៉ា» បានបង្ហាញយ៉ាងច្បាស់ថា អំនួត មហិច្ឆតា ចិត្តច្រណែន និងភក្ដីភាពខុសទំនងរបស់លោកកូរេពីបុរាណនោះនិងសហការីរបស់គាត់ បាននាំឲ្យប្រព្រឹត្តអំពើដែលជាការប្រឆាំងនឹងព្រះយេហូវ៉ា។ សុន្ទរកថាបន្ទាប់ពីឈុតសម្ដែងនោះបានដៅបញ្ជាក់អំពីតម្រូវការនៅសម័យយើងនេះ ឲ្យគ្រប់គ្នាក្នុងក្រុមគ្រួសារនិងក្នុងក្រុមជំនុំនានាត្រូវ«ចុះចូលយ៉ាងស្មោះត្រង់នឹងអំណាចរបស់ព្រះ»។ សុន្ទរកថាសាធារណៈមានចំណងជើងថា «តើអ្នកណាកំពុងតែបង្ហាត់បង្រៀនសេចក្ដីពិតដល់អស់ទាំងសាសន៍?» បានឲ្យទីសំអាងថាស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែធ្វើដូច្នោះដែលខុសស្រឡះពីពិភពគ្រីស្ទសាសនាដែលគេគ្រាន់តែអះអាងប៉ុណ្ណោះថា ខ្លួនគេបង្ហាត់បង្រៀនសេចក្ដីពិតពីព្រះគម្ពីរ។
៩ ព្រះយេហូវ៉ាច្បាស់ជាកំពុងតែបង្វឹកបង្វឺនយើងឲ្យបានប្រសើរឡើងៗ ដើម្បីបង្ហាត់បង្រៀនព្រះបន្ទូលរបស់ទ្រង់។ ចូរឲ្យយើងអនុវត្តតាមអ្វីដែលយើងបានរៀន ដោយ‹ប្រុងប្រយ័ត្ននឹងខ្លួនយើង ហើយនិងសេចក្ដីបង្រៀនរបស់យើងជានិច្ច ដើម្បីនឹងសង្គ្រោះខ្លួនយើងបាន ព្រមទាំងពួកអ្នកដែលស្ដាប់យើងផងដែរ›។—១ធី. ៤:១៦