«តើខ្ញុំអាចឆ្លៀតពេលពីណាមក?»
១ យើងជាច្រើននាក់តែងត្អូញត្អែរដូចនេះ ដោយព្រោះជីវិតរបស់យើងរវល់ទៅដោយសកម្មភាពផ្សេងៗ។ មនុស្សតែងដំណាលថា ពេលវេលាជាអ្វីដ៏មានតម្លៃបំផុត ប៉ុន្តែក៏ឆាប់កន្លងទៅយ៉ាងលឿនដែរ។ បើដូច្នេះមែន តើយើងអាចឆ្លៀតពេលយ៉ាងណាបាន ដើម្បីធ្វើអ្វីៗដែលពិតជាសំខាន់ ដូចជាការអាននិងការសិក្សាព្រះបន្ទូលរបស់ព្រះនោះ?—ភីលីព ១:១០
២ យើងមិនចាំបាច់រកពេលវេលាបន្ថែមទេ តែគួរសម្រេចចិត្តអំពីអ្វីដែលយើងចង់ធ្វើក្នុងកំឡុងពេលដែលយើងមានហើយនោះ។ យើងគ្រប់គ្នាមាន១៦៨ម៉ោងជារៀងរាល់សប្ដាហ៍ ក៏ចំណាយប្រមាណ១០០ម៉ោងក្នុងការសំរាន និងប្រកបការងារ។ បើដូច្នេះ ធ្វើដូចម្ដេចឲ្យយើងអាចចំណាយចំនួនម៉ោងដែលនៅសល់នោះ តាមរបៀបដែលមានប្រយោជន៍ច្រើនបំផុតបាន? អេភេសូរ ៥:១៥-១៧ ជូនយោបល់ថា៖ «កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ ទាំងលៃយកឱកាសឲ្យទាន់ពេលផង . . . ត្រូវខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ»។ យោបល់នេះបញ្ជាក់ពីភាពចាំបាច់ឲ្យយើងឆ្លៀតយកប្រយោជន៍ឲ្យបានពេញលេញ ពីគ្រប់ឱកាសទាំងអស់ដើម្បីធ្វើតាមអ្វីៗដែលព្រះយេហូវ៉ាចាត់ទុកជាការសំខាន់បំផុត។
៣ ព្រះយេស៊ូបានប្រដូចសម័យយើងនេះទៅនឹងសម័យរបស់លោកណូអេ។ (លូកា ១៧:២៦, ២៧) បណ្ដាជននៅគ្រានោះបានជាប់រវល់នឹងកិច្ចការក្នុងជីវិតប្រចាំថ្ងៃរបស់គេ។ ក៏ប៉ុន្តែ ណូអេបានឆ្លៀតពេលកសាងទូកដ៏ធំមួយ និងបានផ្សព្វផ្សាយផងដែរ។ (ហេព្រើរ ១១:៧; ពេត្រុសទី២ ២:៥) តើគាត់អាចឆ្លៀតពេលបានដោយដូចម្ដេច? ដោយធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ ព្រមទាំងបានស្ដាប់បង្គាប់ទ្រង់ ដោយធ្វើកិច្ចការនោះ«សំរេចទាំងអស់»។—លោកុប្បត្តិ ៦:២២
៤ តើអ្វីត្រូវជាអាទិភាព? ព្រះយេស៊ូបានមានបន្ទូលថា៖ «មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ»។ (ម៉ាថាយ ៤:៤) ជារៀងរាល់សប្ដាហ៍យើងតែងទទួល«អាហារ[ខាងវិញ្ញាណ]តាមត្រូវពេល»។ (លូកា ១២:៤២) នេះតម្រូវឲ្យយើងមានកាលវិភាគអាននិងសិក្សាផ្ទាល់ខ្លួនជាទៀងទាត់ ដើម្បីធ្វើឲ្យពត៌មានទាំងអស់នោះជ្រួតជ្រាបចូលទៅក្នុងចិត្តសំរាប់ជាប្រយោជន៍ដល់យើង។ ដោយព្រោះយើងមានអំណរគុណចំពោះអាហារខាងវិញ្ញាណនោះ យើងមិនចង់ចាត់ទុកអាហារខាងវិញ្ញាណប្រៀបដូចជាម្ហូបស្រាប់ដែលយើងបរិភោគយ៉ាងលឿននោះទេ។ ផ្ទុយទៅវិញ ការអបអរយ៉ាងស្មោះតែងជំរុញចិត្តយើងឲ្យឆ្លៀតពេល ដើម្បីសិក្សានិងក្រេបឱជារសម្ហូបអាហារខាងវិញ្ញាណ។
៥ ការស្រស់ស្រូបអាហារខាងវិញ្ញាណ អាចនាំឲ្យយើងទទួលជីវិតជារៀងរហូតបាន។ (យ៉ូហាន ១៧:៣) ក្នុងកាលវិភាគប្រចាំថ្ងៃរបស់យើង យើងគួរចាត់ទុកការទទួលអាហារខាងវិញ្ញាណជាអាទិភាពចំបង។ តើយើងអាចឆ្លៀតពេលអានព្រះគម្ពីរប្រចាំថ្ងៃ និងរៀបចំសំរាប់កិច្ចប្រជុំគ្រីស្ទាននិមួយៗបានឬទេ? យើងពិតជាអាចធ្វើបាន។ ដូច្នេះយើងនឹងទទួល«រង្វាន់យ៉ាងធំ»ដែលមកពីការស្គាល់និងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។—ទំនុកដំកើង ១៩:៧-១១