ពរដែលមកពីការបង្ហាញ អំណរគុណចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា—ភាគទី១
១ សាវ័កយ៉ូហានបានសរសេរថា៖ ‹ឯយើងរាល់គ្នា យើងចេះស្រឡាញ់ ពីព្រោះព្រះយេហូវ៉ាបានស្រឡាញ់យើងជាមុន›។ (យ៉ូហានទី១ ៤:១៩) បើយើងគិតអំពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យ យើងមានចិត្តជំរុញឲ្យបង្ហាញកតញ្ញូធម៌យ៉ាងជ្រាលជ្រៅតបចំពោះទ្រង់វិញ។ ព្រះយេស៊ូបានតាំងគំរូក្នុងការបង្ហាញកតញ្ញូធម៌ចំពោះព្រះ ដោយការស្ដាប់បង្គាប់ឲ្យផ្សព្វផ្សាយអំពីព្រះនាមនិងព្រះរាជាណាចក្ររបស់ទ្រង់។ (យ៉ូហាន ១៤:៣១) បើពិចារណាអំពីរបៀបដែលយើងអាចបង្ហាញអំណរគុណចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា និងពរដែលយើងទទួល នេះពិតជាមានប្រយោជន៍មែន!
២ ពីផ្ទះមួយទៅផ្ទះមួយ: ព្រះយេស៊ូបានបង្រៀនសិស្សទ្រង់នូវរបៀបផ្សព្វផ្សាយអំពីព្រះរាជាណាចក្រ។ ដោយអានពាក្យណែនាំរបស់ទ្រង់ នោះយើងដឹងថាគេបានផ្សាយដំណឹងល្អពីផ្ទះមួយទៅផ្ទះមួយ។ (លូកា ៩:១-៦; ១០:១-៧) យើងត្រូវតែមានសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាង ដើម្បីបន្តផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ពេលយើងជួបប្រទះនូវភាពកន្តើយនិងការប្រឆាំង។ ប៉ុន្តែដំណាលគ្នានោះ យើងទទួលប្រយោជន៍ផ្ទាល់ខ្លួនពីព្រោះយើងមានជំនឿកាន់តែស៊ប់ឡើង និងសេចក្ដីសង្ឃឹមកាន់តែភ្លឺស្វាងដែរ។
៣ ដោយធ្វើការនេះក្រោមការដឹកនាំពីទេវតា នោះយើងបានជួបមនុស្សច្រើននាក់ដែលស្រេកឃ្លានសេចក្ដីពិត។ (វិវរណៈ ១៤:៦) ម្ចាស់ផ្ទះខ្លះប្រាប់ថា កំពុងដែលគេអធិស្ឋានសុំជំនួយ នោះស្មរបន្ទាល់បានមកដល់ខាងមុខផ្ទះរបស់គេ។ ស្មរបន្ទាល់ពីរនាក់និងក្មេងតូចម្នាក់បានដើរពីផ្ទះមួយទៅផ្ទះមួយនៅកោះការ៉ាអ៊ីបមួយ។ នៅពេលដែលស្មរបន្ទាល់ពេញវ័យពីរនាក់នោះបានសម្រេចចិត្តផ្អាកសិន ក្មេងនោះបានទៅគោះទ្វារផ្ទះមួយទៀតម្នាក់ឯង។ នារីម្នាក់បានបើកទ្វារ។ ពេលស្មរបន្ទាល់ពេញវ័យពីរនាក់ឃើញដូចនោះ គេបានទៅនិយាយជាមួយនារីនោះ។ នារីនោះបានអញ្ជើញគេឲ្យចូលផ្ទះ ហើយក៏បានប្រាប់ថា នាងទើបតែបានអធិស្ឋានសុំឲ្យព្រះចាត់ឲ្យស្មរបន្ទាល់មកបង្រៀនគាត់ពីព្រះគម្ពីរ!
៤ ការផ្សព្វផ្សាយតាមផ្លូវថ្នល់: ដោយព្រោះមានការពិបាកជួបមនុស្សនៅតាមផ្ទះតាមតំបន់ខ្លះៗ កិច្ចការផ្សព្វផ្សាយតាមផ្លូវថ្នល់ជារបៀបធ្វើបន្ទាល់ដល់មនុស្ស ដែលមានប្រសិទ្ធិភាព។ ម្យ៉ាងទៀត មនុស្សច្រើនរស់នៅក្នុងសហគមន៍ដែលហ៊ុមព័ទ្ធដោយរបង ឬក្នុងអាគារមានសន្ដិសុខរឹងមាំ ដែលយើងមិនអាចចូលផ្សាយពីផ្ទះមួយទៅផ្ទះមួយបានទេ។ ទោះជាដូចនោះមែន អំណរគុណរបស់យើងចំពោះសេចក្ដីស្រឡាញ់នៃព្រះយេហូវ៉ា តែងជំរុញចិត្តយើងឆ្លៀតគ្រប់ឱកាសឲ្យប្រាប់សារព្រះរាជាណាចក្រដល់មនុស្ស ដែលក្នុងនោះរួមបញ្ចូលការផ្សព្វផ្សាយតាមផ្លូវថ្នល់ផងដែរ។—សុភាសិត ១:២០, ២១
៥ ការត្រឡប់ទៅជួប: ដោយព្រោះយើងកំពុងតែស្វែងរកអស់អ្នកដែល«ទទួលស្គាល់ថាខ្លួនមានសេចក្ដីត្រូវការខាងវិញ្ញាណ» នោះយើងខំអស់ពីសមត្ថភាពដើម្បីបំពេញសេចក្ដីត្រូវការនោះ។ (ម៉ាថាយ ៥:៣, ព.ថ.) នេះតម្រូវឲ្យយើងត្រឡប់ទៅស្រោចទឹកដល់ពូជខាងឯសេចក្ដីពិតដែលយើងបានដាំនោះ។ (កូរិនថូសទី១ ៣:៦-៨) បងស្រីម្នាក់នៅប្រទេសអូស្ដ្រាលី បានចែកខិត្តប័ណ្ណឲ្យស្ត្រីម្នាក់ដែលមើលទៅដូចជាមិនសូវចាប់អារម្មណ៍ប៉ុន្មានទេ។ ទោះជាដូចនោះក្ដី បងស្រីបានខំព្យាយាមទៅជួបស្ត្រីនោះម្ដងទៀតនៅផ្ទះរបស់គាត់។ ពេលទៅជួបជាបន្តបន្ទាប់មក បងស្រីរបស់យើងបានឃើញថា ក្រោយពីបានជួបគ្នានៅលើកដំបូងនោះ ស្ត្រីនោះក៏បានទិញព្រះគម្ពីរដ៏ថ្លៃមួយក្បាល។ បងស្រីបានចាប់ផ្ដើមសិក្សាជាមួយគាត់!
៦ ការដឹកនាំការសិក្សាព្រះគម្ពីរ: កិច្ចការនេះអាចជាលក្ខណៈមួយនៃកិច្ចបំរើផ្សាយរបស់យើងដែលមានផលច្រើនបំផុត និងធ្វើឲ្យយើងសប្បាយចិត្តផងដែរ។ ការជួយមនុស្សឯទៀតរៀនអំពីព្រះយេហូវ៉ា និងក្រោយមកឃើញគេផ្លាស់ប្រែជីវភាពរស់នៅដើម្បីផ្គាប់ព្រះហឫទ័យរបស់ទ្រង់ ព្រមទាំងឃើញគេទទួលបុណ្យជ្រមុជទឹកជាគ្រីស្ទាន តាមការឧទ្ទិសថ្វាយខ្លួនដល់ព្រះ នោះជាពរដ៏ប្រសើរណាស់ហ្ន៎!—ថែស្សាឡូនីចទី១ ២:២០; យ៉ូហានទី៣ ៤
៧ ក្នុងឯកសារជាបន្ទាប់យើងនឹងពិនិត្យមើលរបៀបផ្សេងទៀត ដែលយើងទទួលពរដោយបង្ហាញអំណរគុណចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។