ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ
១ «អស់អ្នកដែលធ្លាប់បានពិសោធន៍តាមរបៀបផ្សេងៗក្នុងការផ្សាយសេចក្ដីពិត នឹងយល់ស្របថាយុទ្ធនាការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយដោយប្រើសៀវភៅដែលមានចំណងជើងថា ទីចាប់ផ្ដើមនៃរាជ្យមួយពាន់ឆ្នាំ (ភាសាអង់គ្លេស) គឺជាវិធីដែលមានប្រសិទ្ធភាពជាងគេបំផុតក្នុងការផ្សាយសេចក្ដីពិតនៅពេលឥឡូវនេះ»។ នោះជាសេចក្ដីពណ៌នារបស់ទស្សនាវដ្ដីប៉មយាមនៃភ្នំស៊ីយ៉ូន (ភាសាអង់គ្លេស) ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ១៨៩៣ បានសរសេរបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ឥឡូវនេះមនុស្សទូទាំងផែនដីយល់ឃើញថាកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយជាលក្ខណៈពិសេសរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ ដោយហេតុថា នៅប្រទេសខ្លះៗយើងកាន់តែពិបាកជួបមនុស្សនៅតាមផ្ទះ តើវិធីនេះនៅតែមានប្រសិទ្ធភាពទេ?
២ មានមូលដ្ឋានលើព្រះគម្ពីរនិងមានសារៈសំខាន់: ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយមានមូលដ្ឋានលើព្រះគម្ពីរ។ ព្រះយេស៊ូបានបង្គាប់សិស្សទ្រង់៧០នាក់ ឲ្យទៅជាគូៗដើម្បីជួបមនុស្សនៅតាមផ្ទះ។ (លូ. ១០:៥-៧) មិនយូរប៉ុន្មានក្រោយពីការសោយទិវង្គតរបស់ព្រះយេស៊ូ ព្រះគម្ពីរសរសេរពីសិស្សទ្រង់ថា៖ «អ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច»។ (កិច្ច. ៥:៤២) សាវ័កប៉ុលក៏បានបង្រៀនដោយចិត្តខ្នះខ្នែងពីផ្ទះមួយទៅផ្ទះមួយដែរ។—កិច្ច. ២០:២០
៣ បច្ចុប្បន្ននេះ ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនៅតែជាវិធីមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយដំណឹងល្អ។ ការផ្សព្វផ្សាយបែបនេះផ្ដល់ឱកាសឲ្យយើង«សួររក»អស់អ្នកដែលសមនឹងទទួលតាមបែបផែនត្រឹមត្រូវនិងដោយរបៀបរៀបរយ។ (ម៉ាថ. ១០:១១) មនុស្សជាទូទៅ បើនៅផ្ទះរបស់ខ្លួន ពួកគេមានអារម្មណ៍ស្រួលជាង។ ដោយការនិយាយទល់មុខគ្នាយើងអាចឃើញទឹកមុខ ឮសំឡេង និងឃើញស្ថានភាពនៅជុំវិញគាត់ នោះយើងអាចយល់ពីអ្វីដែលធ្វើឲ្យគាត់ចាប់អារម្មណ៍និងពីអ្វីដែលគាត់កំពុងតែខ្វល់ខ្វាយ។ តាមធម្មតានាំឲ្យយើងមានឱកាសល្អបំផុតដើម្បីបន្តការពិភាក្សា។
៤ ចូរកែសម្រួលកាលវិភាគ: សាវ័កប៉ុលស្ម័គ្រពីចិត្តធ្វើការកែសម្រួលកាលវិភាគរបស់គាត់«ដោយយល់ដល់តែដំណឹងល្អ»។ (១កូ. ៩:២៣) ប្រហែលជាយើងអាចកែសម្រួលកាលវិភាគរបស់យើង ដើម្បីផ្សព្វផ្សាយនៅពេលដែលមនុស្សទំនងជានៅផ្ទះច្រើនជាង ដូចជាពេលល្ងាច ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬក៏ថ្ងៃឈប់សម្រាក។ ចូរកត់សរសេរអាសយដ្ឋានផ្ទះដែលគ្មានមនុស្សនៅ និងព្យាយាមត្រឡប់មកវិញម្ដងទៀតនៅថ្ងៃផ្សេងឬក៏ថ្ងៃដដែលតែម៉ោងខុសគ្នា។
៥ សូម្បីតែអ្នកដែលមានបញ្ហាសុខភាពក៏អាចចូលរួមក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយបានដែរ។ ប្រហែលជាយើងអាចយកបងប្អូនណាម្នាក់ដែលមានបញ្ហាសុខភាពទៅផ្ទះជិតៗ ដោយទុកឲ្យគាត់ចូលរួមផ្សព្វផ្សាយទៅតាមសមត្ថភាពរបស់គាត់។ មានបងស្រីម្នាក់មានបញ្ហាក្នុងការដកដង្ហើម ដោយគាត់ឆាប់ហត់ ក្នុងកន្លះម៉ោងគាត់អាចផ្សព្វផ្សាយបានតែមួយផ្ទះប៉ុណ្ណោះ។ សូម្បីតែយ៉ាងនេះក្ដី បងស្រីនោះពិតជាសប្បាយចិត្តណាស់ ដោយគាត់បានចូលរួមក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។
៦ យើងនៅតែជួបមនុស្សដែលមានលក្ខណៈដូចចៀមក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ អ្នកផ្សព្វផ្សាយម្នាក់បានគោះទ្វារផ្ទះមួយ ស្រាប់តែឮសំឡេងថា៖ «អញ្ជើញចូល ខ្ញុំដឹងថាអ្នកជាអ្នកណាហើយ! ខ្ញុំបានអធិស្ឋានសុំព្រះឲ្យទ្រង់បញ្ជូននរណាម្នាក់មកជួយខ្ញុំ រួចមកខ្ញុំឮសំឡេងគោះទ្វារ។ ព្រះទ្រង់បានសណ្ដាប់សេចក្ដីអធិស្ឋានរបស់ខ្ញុំនិងបញ្ជូនអ្នកមក»។ នេះជាហេតុបញ្ជាក់ឲ្យយើងឃើញថាព្រះយេហូវ៉ាគាំទ្រវិធីផ្សព្វផ្សាយបែបនេះ។ (ម៉ាថ. ១១:១៩) ចូរប្ដេជ្ញាចិត្តចូលរួមផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយឲ្យបានទៀងទាត់។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើយើងអាចសួរសំណួរអ្វីដែលទាក់ទងនឹងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ? ហើយហេតុអ្វី?
២. តើមានបទគម្ពីរអ្វីខ្លះជាមូលដ្ឋានដើម្បីផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ?
៣. តើការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?
៤. តើតាមរបៀបណាដែលយើងអាចបង្កើនផលច្រើនជាងក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ?
៥. តើតាមរបៀបណាអស់អ្នកដែលមានបញ្ហាសុខភាពអាចចូលរួមផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ?
៦. ហេតុអ្វីយើងគួរចូលរួមផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយឲ្យបានទៀងទាត់?