តើអ្នកអាចផ្សព្វផ្សាយនៅពេលល្ងាចបានទេ?
១. យោងទៅតាមសៀវភៅដែលបានរៀបរាប់ខាងលើ តើសាវ័កប៉ូលបានផ្សព្វផ្សាយនៅពេលណា?
១ យោងទៅតាមសៀវភៅជីវិតប្រចាំថ្ងៃនៅសម័យគម្ពីរជាភាសាអង់គ្លេស សាវ័កប៉ូលបានផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ«ចាប់ពីម៉ោង៤រសៀលរហូតដល់យប់ជ្រៅ»។ យើងមិនបានដឹងប្រាកដថានេះជាកាលវិភាគរបស់គាត់ឬក៏អត់ទេ ក៏ប៉ុន្តែ យើងដឹងថាសាវ័កប៉ូលបានស្ម័គ្រចិត្ត«ធ្វើអ្វីៗទាំងអស់ដើម្បីដំណឹងល្អ»។ (១កូ. ៩:១៩-២៣) នេះអាចរួមបញ្ចូល គាត់បានរៀបចំកិច្ចការផ្ទាល់ខ្លួនដើម្បីគាត់អាចទៅផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ពេលដែលគាត់អាចនិយាយជាមួយមនុស្សច្រើនបំផុត។
២. ហេតុអ្វីជាការល្អឲ្យយើងផ្សព្វផ្សាយនៅពេលល្ងាច?
២ នៅកន្លែងជាច្រើនអ្នកផ្សាយមានទម្លាប់ទៅផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនៅពេលព្រឹកចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ ទោះជាយ៉ាងណាក្ដី ក្នុងតំបន់របស់អ្នក តើនេះនៅតែជាពេលល្អបំផុតដើម្បីផ្សព្វផ្សាយទេ? អ្នកផ្សព្វផ្សាយពេញពេលម្នាក់បានប្រាប់អំពីតំបន់ផ្សាយរបស់គាត់ថា៖ «នៅពេលថ្ងៃ កម្រមានមនុស្សនៅផ្ទះណាស់។ ក៏ប៉ុន្តែ មនុស្សភាគច្រើននៅផ្ទះពេលល្ងាចវិញ»។ ការផ្សព្វផ្សាយនៅពេលល្ងាចជាឱកាសល្អបំផុតដើម្បីប្រាប់ដំណឹងល្អ ជាពិសេសដល់មនុស្សប្រុស។ ជាញឹកញយ ម្ចាស់ផ្ទះមានអារម្មណ៍ស្រួលហើយចង់ពិភាក្សាជាមួយយើង។ បើឃើញថាការធ្វើដូច្នេះពិតជាមានប្រយោជន៍ អ្នកចាស់ទុំគួររៀបចំឲ្យមានកិច្ចប្រជុំផ្សព្វផ្សាយនៅពេលល្ងាច។
៣. ពេលផ្សព្វផ្សាយនៅពេលល្ងាច តើយើងអាចបង្ហាញថាយើងចេះវែកញែកយ៉ាងដូចម្ដេច?
៣ ចូរប្រើសមត្ថភាពវែកញែក: ពេលផ្សព្វផ្សាយនៅពេលល្ងាច ការចេះវែកញែកជាអ្វីដែលសំខាន់។ ជាឧទាហរណ៍ បើអ្នកត្រឡប់ទៅជួបនរណាម្នាក់នៅពេលល្ងាច ហើយគាត់កំពុងពិសារបាយ នោះជាការល្អបំផុតបើស្នើសុំត្រឡប់មកវិញពេលក្រោយ។ ពេលចាប់ផ្ដើមងងឹត សូមឈរនៅកន្លែងដែលម្ចាស់ផ្ទះអាចមើលអ្នកឃើញ ហើយដោយមិនបង្អង់ប្រាប់គាត់ឲ្យដឹងថាអ្នកជានរណា និងពីមូលហេតុដែលអ្នកបានមកជួបគាត់។ ជាការដែលមានប្រាជ្ញា បើមានដៃគូផ្សព្វផ្សាយនៅផ្លូវដែលមានពន្លឺ ហើយមិននៅដាច់ឆ្ងាយពីក្រុមផ្សព្វផ្សាយរបស់ខ្លួន។ សូមកុំត្រឡប់ទៅជួបគេយប់ជ្រៅពេកដែលនាំឲ្យរំខានដល់ការចូលសម្រាន្តរបស់ម្ចាស់ផ្ទះ។ (២កូ. ៦:៣) បើតំបន់ណាមួយគ្មានសុវត្ថិភាពនៅពេលយប់ សូមផ្សព្វផ្សាយនៅក្បាលព្រលប់វិញ។—សុភ. ២២:៣
៤. បើយើងផ្សព្វផ្សាយនៅពេលល្ងាច តើយើងនឹងទទួលពរអ្វី?
៤ ទទួលពរ: ក្នុងកិច្ចបម្រើផ្សាយ បើយើងអាចនិយាយជាមួយមនុស្សច្រើននាក់ នោះនាំឲ្យយើងមានអំណរមែន។ បើយើងអាចផ្សព្វផ្សាយបានច្រើន នោះយើងក៏ជួយមនុស្សកាន់តែច្រើនឲ្យ«ទទួលសេចក្ដីសង្គ្រោះ ហើយមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»ដែរ។ (១ធី. ២:៣, ៤) តើអ្នកអាចកែសម្រួលកាលវិភាគរបស់អ្នកដើម្បីផ្សព្វផ្សាយនៅពេលល្ងាចបានទេ?