តើអ្នកចេះកែប្រែកាលវិភាគឬទេ?
១ ជាគ្រីស្ទានពិត យើងបានយល់ព្រមធ្វើ«ជាអ្នកនេសាទមនុស្ស»។ (ម៉ាថ. ៤:១៩) ដូចអ្នកនេសាទត្រី យើងជាអ្នកនេសាទមនុស្សវិញ ទំនងជានឹងមានលទ្ធផលល្អជាងប្រសិនបើយើងកំណត់ពេលផ្សព្វផ្សាយនៅពេលដែលមនុស្សនៅឯផ្ទះ។ មនុស្សភាគច្រើនគឺនៅឯផ្ទះពេលរសៀលនិងនៅពេលព្រលប់។ តាមធម្មតា នៅពេលនោះមនុស្សមិនសូវរវល់ ហើយពួកគេនឹងសុខចិត្តស្ដាប់យើងពេលដែលមកជួបគេនៅផ្ទះ។ តើអ្នកចេះកែប្រែកាលវិភាគដើម្បីផ្សព្វផ្សាយនៅពេលរសៀលនិងនៅពេលល្ងាចទេ?—១កូ. ៩:២៣
២ ការផ្សព្វផ្សាយនៅពេលល្ងាច: យើងប្រហែលអាចពន្យល់អំពីដំណឹងល្អដល់មនុស្សច្រើនជាង បើយើងត្រៀមខ្លួនទុកជាមុនដើម្បីផ្សព្វផ្សាយនៅពេលល្ងាច។ (សុ. ២១:៥) យុវជនក៏អាចផ្សព្វផ្សាយក្រៅពីម៉ោងរៀន។ បងប្អូនឯទៀតអាចផ្សព្វផ្សាយពេលធ្វើការចប់។ ក្រុមសិក្សាខ្លះអាចមានការរៀបចំប្រចាំសប្ដាហ៍ឲ្យផ្សព្វផ្សាយសម្រាប់មួយម៉ោងមុនការសិក្សាសៀវភៅតាមក្រុម។
៣ ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនៅពេលរសៀលនិងនៅពេលព្រលប់ ប្រហែលមានលទ្ធផល ពោលគឺ យើងអាចជួបមនុស្សដែលតាមធម្មតាមិនសូវនៅផ្ទះ។ នៅតំបន់ផ្សាយភាគច្រើន យើងក៏អាចផ្សព្វផ្សាយតាមផ្លូវថ្នល់ហើយកន្លែងសាធារណៈនៅពេលល្ងាចក៏បានដែរ។ បងប្អូនជាច្រើនមានទស្សនៈថា ពេលល្ងាចគឺពេលល្អបំផុតឲ្យត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ និងចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។
៤ ចូរគិតពីម្ចាស់ផ្ទះនិងសុវត្ថិភាពខ្លួន: នៅពេលដែលយើងផ្សព្វផ្សាយពេលល្ងាច យើងត្រូវចេះគិតមុខគិតក្រោយ។ តាមធម្មតា យកល្អឲ្យយើងផ្សព្វផ្សាយតែពេលព្រលប់ ជាជាងម៉ោងដែលម្ចាស់ផ្ទះហៀបចូលសម្រាន្ត។ (ភី. ២:៤) នៅពេលដែលអ្នកគោះទ្វារ សូមឈរនៅកន្លែងដែលម្ចាស់ផ្ទះងាយឃើញអ្នក ហើយសម្គាល់ថាខ្លួនជាអ្នកណា។ កុំបង្អង់ប្រាប់ពីហេតុដែលអ្នកមកផ្ទះគាត់។ ប្រសិនបើអ្នកមកផ្សព្វផ្សាយនៅពេលដ៏មិនសមរម្យ ដូចជាក្រុមគ្រួសារកំពុងតែបរិភោគអាហារ សូមសួរគាត់បើអ្នកអាចមកវិញលើកក្រោយបាន។ ចូរយកចិត្តទុកដាក់ជានិច្ច។—ម៉ាថ. ៧:១២
៥ យើងក៏ត្រូវជ្រាបពីកាលៈទេសៈដែលអាចនាំឲ្យមានគ្រោះថ្នាក់ដែរ។ បើសិនជាអ្នកកំពុងតែផ្សព្វផ្សាយនៅពេលព្រលប់ឬក្រោយថ្ងៃលេចហើយ យកល្អដែលយើងដើរមួយគូៗឬជាក្រុម។ ចូរដើរកាត់ផ្លូវដែលភ្លឺ ជាកន្លែងដ៏មិនដាច់ស្រយាល។ ចូរផ្សព្វផ្សាយតែនៅកន្លែងដែលអ្នកមិនមានអារម្មណ៍ខ្លាចឬព្រួយបារម្ភ។ ចូរជៀសវាងតំបន់ដែលគ្មានសុវត្ថិភាពនៅពេលយប់។—សុ. ២២:៣
៦ ការផ្សព្វផ្សាយនៅពេលព្រលប់និងពេលល្ងាចបើកឱកាសឲ្យយើងដើរផ្សាយជាមួយនឹងបងប្អូនជាអ្នកត្រួសត្រាយជំនួយនិងពេញពេលក្នុងក្រុមជំនុំដែរ។ (រ៉ូម ១:១២) តើអ្នកចេះកែប្រែកាលវិភាគដើម្បីផ្សព្វផ្សាយនៅពេលនោះទេ?
[សំណួរសម្រាប់អត្ថបទសិក្សា]
១. ហេតុអ្វីបានជាយើងគួរកែប្រែកាលវិភាគផ្សព្វផ្សាយរបស់យើង?
២. តើយើងអាចធ្វើអ្វីដើម្បីពន្យល់អំពីដំណឹងល្អដល់មនុស្សបានច្រើនជាង?
៣. នៅតំបន់ផ្សាយរបស់អ្នក តើមានវិធីផ្សព្វផ្សាយណាខ្លះដែលអ្នកអាចចូលរួមនៅពេលរសៀលនិងពេលព្រលប់?
៤. ហេតុអ្វីបានជាយើងត្រូវបង្ហាញការយកចិត្តទុកដាក់នៅពេលដែលយើងផ្សព្វផ្សាយនៅពេលល្ងាច?
៥. តើយើងអាចជៀសវាងពីគ្រោះថ្នាក់នៅពេលដែលយើងផ្សព្វផ្សាយយ៉ាងណា?
៦. តើផលប្រយោជន៍អ្វីមកពីការផ្សព្វផ្សាយនៅពេលព្រលប់និងពេលល្ងាច?