ចូរប្រើពេលវេលាក្នុងកិច្ចបម្រើផ្សាយឲ្យកើតប្រយោជន៍ច្រើនបំផុត
ក្នុងអំឡុងឆ្នាំកិច្ចបម្រើ២០១៤ សាក្សីព្រះយេហូវ៉ាបានចំណាយពេលជាង១.៩៤៥.៤៨៧.៦០៤ម៉ោងក្នុងកិច្ចបម្រើផ្សាយ។ នេះបញ្ជាក់យ៉ាងច្បាស់ថា យើងបានតាំងចិត្តជាប់រវល់ជានិច្ចក្នុងការបម្រើព្រះយេហូវ៉ា! (ទំនុក. ១១០:៣; ១កូ. ១៥:៥៨) ដោយសារ«នៅសល់ពេលវេលាតែបន្ដិច» តើយើងអាចប្រើពេលវេលាដ៏មានតម្លៃរបស់យើងក្នុងកិច្ចបម្រើផ្សាយដើម្បីជួបមនុស្សឲ្យបានច្រើនជាងឬទេ?—១កូ. ៧:២៩
ដើម្បីប្រើពេលវេលាក្នុងកិច្ចបម្រើផ្សាយឲ្យបានប្រយោជន៍ច្រើនបំផុត យើងត្រូវចេះប្រែប្រួលទៅតាមកាលៈទេសៈ។ ជាឧទាហរណ៍ បើអ្នកតែងតែចំណាយពេលមួយម៉ោងឬលើសពីនោះក្នុងកិច្ចបម្រើផ្សាយផ្នែកណាមួយដោយមិនបានជួបអ្នកណាម្នាក់សោះ តើអ្នកអាចធ្វើការកែសម្រួលដើម្បីផ្សព្វផ្សាយដល់មនុស្សច្រើនជាងឬទេ? ទោះជាកាលៈទេសៈខុសគ្នាពីកន្លែងមួយទៅកន្លែងមួយក៏ដោយ យោបល់ដែលមានជាបន្តបន្ទាប់នេះអាចជួយអ្នកប្រើពេលវេលាឲ្យបានប្រយោជន៍ច្រើនជាង ដើម្បីកុំឲ្យអ្នកខាតបង់ពេលវេលាដែលប្រៀបដូចជា«ដាល់ខ្យល់»។—១កូ. ៩:២៦
• ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ: អស់ជាច្រើនទសវត្សរ៍មកហើយ អ្នកផ្សាយមានទម្លាប់ចាប់ផ្ដើមកិច្ចបម្រើផ្សាយរបស់ពួកគាត់ដោយផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ប៉ុន្តែ ដោយសារមនុស្សជាច្រើនធ្វើការនៅពេលថ្ងៃ ដូច្នេះសូមសាកល្បងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនៅពេលល្ងាច ព្រោះនោះជាពេលដែលពួកគេនៅផ្ទះ និងមានអារម្មណ៍ស្រួល។ យ៉ាងណាមិញ នៅពេលថ្ងៃយើងអាចផ្សព្វផ្សាយតាមផ្លូវនិងនៅតំបន់ពាណិជ្ជកម្ម ដែលប្រហែលជាមានលទ្ធផលល្អជាង។
• ការផ្សព្វផ្សាយជាសាធារណៈ: តុឬរទេះរុញដែលមានដាក់តាំងសៀវភៅផ្សេងៗ គួរតែដាក់នៅកន្លែងមួយក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំដែលមានមនុស្សជាច្រើនដើរឆ្លងកាត់ (សូមមើលកិច្ចបម្រើព្រះ ខែកក្កដា ឆ្នាំ២០១៣ ទំ. ៥)។ បើកន្លែងដាក់តាំងនោះមានមនុស្សដើរឆ្លងកាត់កាន់តែតិចទៅៗ គណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំអាចសម្រេចចិត្តថា គួររើតុឬរទេះរុញនោះទៅកន្លែងផ្សេងដែលមានមនុស្សច្រើនជាងឬយ៉ាងណា។
• ការត្រឡប់ទៅជួបនិងការបង្រៀនគម្ពីរ: ក្នុងអំឡុងពេលដែលកិច្ចបម្រើផ្សាយផ្នែកផ្សេងទៀតមិនសូវទទួលលទ្ធផលល្អ តើអ្នកអាចយកពេលនោះដើម្បីត្រឡប់ទៅជួបនិងបង្រៀនគម្ពីរឬទេ? ជាឧទាហរណ៍ បើការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយមានលទ្ធផលល្អនៅពេលព្រឹកថ្ងៃសៅរ៍ តើនៅថ្ងៃនោះអ្នកអាចរៀបចំកាលវិភាគបង្រៀនគម្ពីរនៅពេលរសៀលឬពេលល្ងាចបានទេ? ពេលអ្នកផ្សាយរៀបចំត្រឡប់ទៅជួប តើពួកគាត់អាចត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ដែលរស់នៅម្ដុំជិតៗគ្នាក្នុងតំបន់តែមួយ ដើម្បីពួកគាត់អាចបំពេញកិច្ចបម្រើផ្សាយឲ្យបានច្រើនជាងឬទេ?
ទោះជាយើងអាចរាប់ចំនួនម៉ោងដែលយើងចូលរួមកិច្ចបម្រើផ្សាយក៏ពិតមែន ប៉ុន្តែយើងនឹងមានអំណរថែមទៀត ពេលដែលកិច្ចបម្រើផ្សាយរបស់យើងទទួលលទ្ធផលល្អ។ បើអ្នកឃើញថាកិច្ចបម្រើផ្សាយផ្នែកណាមួយដែលអ្នកកំពុងធ្វើមិនមានប្រសិទ្ធភាពនៅពេលនោះទេ សូមសាកល្បងធ្វើកិច្ចបម្រើផ្សាយផ្នែកផ្សេងទៀត។ សូមអធិដ្ឋានសុំការណែនាំពីព្រះយេហូវ៉ាដែលជា«ម្ចាស់នៃកិច្ចការប្រមូលផលដំណាំ» ដើម្បីឲ្យអ្នកអាចប្រើពេលវេលាក្នុងកិច្ចបម្រើផ្សាយឲ្យបានប្រយោជន៍ច្រើនបំផុត។—ម៉ាថ. ៩:៣៨