ពរដែលមកពីការបង្ហាញអំណរគុណចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា—ភាគទី២
១ ក្នុងផ្នែកនៃប្រធាននេះនៅខែមុន យើងបានបញ្ជាក់អំពីរបៀបបួនយ៉ាង ដែលយើងអាចបង្ហាញអំណរគុណចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា ក្នុងកាលដែលចូលរួមកិច្ចបំរើផ្សាយ។ (១យ៉ូន. ៤:៩-១១) ក្នុងអត្ថបទនេះយើងនឹងពិនិត្យមើលបន្ថែមនូវរបៀបប្រាំទៀតដែលយើងអាចធ្វើបាន។ ពេលដែលយើងរួមចំណែកយ៉ាងពេញលេញក្នុងការជួយអ្នកដទៃខាងវិញ្ញាណ នោះយើងទទួលពរដែរ។
២ ការធ្វើបន្ទាល់ក្រៅផ្លូវការ: នេះជារបៀបមួយដែលមានប្រសិទ្ធិភាព ក្នុងការរកជួបមនុស្សដែលស្រេកឃ្លានចង់បានសេចក្ដីសុចរិត និងការចែកប្រកាសនវត្ថុដែលមានប្រយោជន៍ចំពោះគេ។ បើយើង‹ឆ្លៀតឱកាស›ធ្វើបន្ទាល់គ្រប់កាលៈទេសៈ និងចំពោះអ្នកណាក៏បានដែលយើងជួប នោះពិតជាបានទទួលប្រយោជន៍មែន។ (អេភ. ៥:១៦) យើងប្រហែលជាត្រូវបណ្ដុះឲ្យមានចិត្តក្លាហានដើម្បីធ្វើបន្ទាល់បែបនេះ តែបើយើងមានអំណរគុណចំពោះសេចក្ដីស្រឡាញ់របស់ព្រះ ទាំងយល់ដឹងអំពីតម្រូវការរបស់មនុស្សនានា នោះយើងនឹងធ្វើបន្ទាល់នៅគ្រប់ឱកាសទាំងអស់។—២ធី. ១:៧, ៨
៣ សាសនទូតម្នាក់បានទទួលពរយ៉ាងវិសេស ដោយព្រោះគាត់បានចាប់ផ្ដើមសន្ទនាជាមួយអ្នកជិះឡានតាក់ស៊ីជាមួយគាត់។ បុរសម្នាក់នោះបានបង្ហាញចំណាប់អារម្មណ៍។ ក្រោយពីការត្រឡប់ទៅជួបគាត់ប៉ុន្មានដង នោះគាត់ចាប់ផ្ដើមសិក្សាព្រះគម្ពីរ។ បុរសម្នាក់នោះបានទទួលយកសេចក្ដីពិត និងបានរីកចំរើនរហូតដល់បានទទួលតំណែងជាអ្នកចាស់ទុំក្នុងក្រុមជំនុំ!
៤ ការសរសេរសំបុត្រ: ប្រហែលជាយើងមិនអាចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយដោយព្រោះតែភាពពិការ ឬដោយធាតុអាកាសមិនល្អបានទេ។ យើងអាចសរសេរសំបុត្របាន និងធ្វើបន្ទាល់ខ្លីៗដល់មនុស្សដែលយើងស្គាល់ និងដល់មនុស្សដែលមានមិត្តសំឡាញ់បានស្លាប់ទៅ ឬដល់មនុស្សក្នុងតំបន់ផ្សាយរបស់យើងដែលមិននៅផ្ទះ។ យើងអាចរួមបញ្ចូលខិត្តប័ណ្ណមួយរបស់យើង ដែលមានសារគួរឲ្យចាប់អារម្មណ៍មានមូលដ្ឋានលើព្រះគម្ពីរ និងលើកទឹកចិត្តឲ្យអ្នកទទួលនោះសរសេរតបវិញបើគាត់មានសំនួរ។ សូមកត់អាស័យដ្ឋានឲ្យគាត់សរសេរមកវិញ គឺអាស័យដ្ឋានរបស់អ្នកផ្ទាល់ឬរបស់សាលព្រះរាជាណាចក្រ តែសូមកុំដាក់អាស័យដ្ឋានរបស់ការិយាល័យសាខាឡើយ។
៥ ការធ្វើបន្ទាល់តាមទូរស័ព្ទ: នេះជារបៀបដ៏ល្អមួយដើម្បីជួបមនុស្សដែលយើងមិនអាចជួបតាមផ្ទះ។ បើធ្វើបន្ទាល់បែបនេះដោយប៉ិនប្រសប់ មានវិនិច្ឆ័យល្អ ចិត្តសប្បុរស និងយោគយល់ នោះយើងអាចទទួលផលដ៏ល្អ។ ឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ជាភាសាអង់គ្លេស ពីខែកុម្ភៈ ឆ្នាំ២០០១ ទំព័រ៥-៦ ជូនយោបល់ដែលស្រួលធ្វើតាមអំពីរបៀបទទួលប្រយោជន៍ច្រើនបំផុត។
៦ ពេលបងស្រីម្នាក់បានផ្សព្វផ្សាយតាមទូរស័ព្ទ គាត់បានសួរស្ត្រីម្នាក់នោះថា តើអ្នកស្រីធ្លាប់គិតអំពីអនាគតរបស់ខ្លួននិងក្រុមគ្រួសាររបស់អ្នកទេ? ស្ត្រីនោះប្រាប់ថា គាត់ធ្លាប់គិត។ ស្ត្រីនោះបានប្រាប់ទៀតថា គាត់រស់នៅដាច់ពីអ្នកឯទៀតដោយសារគាត់ក្រៀមក្រំចិត្ត។ ស្ត្រីនោះបានចាប់អារម្មណ៍ដោយព្រោះបងស្រីរបស់យើងបានយកចិត្តទុកដាក់ដូចនេះ ហើយក៏បានយល់ព្រមជួបបងស្រីរបស់យើងនៅឯផ្សារក្បែរៗនោះដែរ។ ជាលទ្ធផល ស្ត្រីនោះបានយល់ព្រមសិក្សាព្រះគម្ពីរ!
៧ ការទទួលស្វាគមន៍អ្នកថ្មី: បើយើងស្រឡាញ់អ្នកជិតខាងរបស់យើង នោះយើងនឹងកត់សម្គាល់ភ្លាមៗនូវមនុស្សថ្មីដែលមកលេងកន្លែងប្រជុំរបស់យើង យើងក៏ទទួលស្វាគមន៍គាត់ផងដែរ។ (រ៉ូម ១៥:៧) សូមបង្ហាញទីសំអាងឲ្យគាត់យល់ឃើញថា គាត់កំពុងតែនៅក្នុងចំណោមមនុស្សដែលយកចិត្តទុកដាក់នឹងសុខុមាលភាពខាងវិញ្ញាណរបស់គាត់យ៉ាងស្មោះអស់ពីចិត្ត។ ការយកចិត្តទុកដាក់ចំពោះគាត់យ៉ាងស្មោះ ទាំងអញ្ជើញឲ្យគាត់សិក្សាព្រះគម្ពីរផងនោះ អាចជំរុញចិត្តគាត់ឲ្យយល់ព្រមទទួលជំនួយពីយើង។
៨ ចរិយាដ៏ល្អរបស់យើង: យើងអាចតាក់តែងសេចក្ដីពិតនេះដោយចរិយាដ៏ល្អរបស់យើង។ (ទីត. ២:១០) នៅពេលដែលមនុស្សក្នុងលោកីយ៍សរសើរយើងជាស្មរបន្ទាល់ព្រះយេហូវ៉ា នោះគេលើកកិត្ដិយសចំពោះព្រះរបស់យើងវិញ។ (១ពេ. ២:១២) នេះក៏អាចជួយមនុស្សឯទៀតចាប់ផ្ដើមដើរតាមមាគ៌ាឆ្ពោះទៅរកជីវិតដែរ។
៩ សូមអញ្ជើញមើលរបៀបទាំងប្រាំនេះសាឡើងវិញ ដែលជារបៀបបង្ហាញអំណរគុណចំពោះសេចក្ដីស្រឡាញ់ដ៏ស្មោះរបស់ព្រះយេហូវ៉ាដល់យើង និងចូរឲ្យយើងអនុវត្តតាមរបៀបទាំងនេះចុះ! (១យ៉ូន. ៤:១៦) កាលដែលអ្នកធ្វើដូច្នេះ អ្នកនឹងទទួលពរដ៏បរិបូរពុំខាន។