ចូរកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ
១ ពេលលោកភីលីពធ្វើបន្ទាល់ដល់មន្ត្រីរាជការម្នាក់ ភីលីព«បើកមាត់សំដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរ»។ (កិច្ច. ៨:៣៥) ភីលីពបាន«កាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។ (២ធី. ២:១៥) ក៏ប៉ុន្តែ ពួកអ្នកធ្វើដំណើរត្រួតពិនិត្យបានកត់សម្គាល់ឃើញថា នៅបច្ចុប្បន្ននេះអ្នកផ្សាយជាច្រើននាក់កម្រប្រើព្រះគម្ពីរពេលផ្សព្វផ្សាយណាស់។ តើអ្នកប្រើព្រះគម្ពីរក្នុងកិច្ចបំរើផ្សាយរបស់អ្នកឬទេ?
២ ព្រះបន្ទូលរបស់ព្រះជាមូលដ្ឋានគ្រឹះនៃជំនឿទាំងឡាយរបស់យើង ព្រមទាំងអ្វីដែលយើងបង្រៀនគេផងដែរ។ (២ធី. ៣:១៦, ១៧) ព្រះគម្ពីរជាអ្វីដែលទាក់ចិត្តទាញអារម្មណ៍របស់មនុស្សឲ្យស្គាល់ព្រះយេហូវ៉ា ក៏ជាអ្វីដែលអប់រំពួកគេអំពីរបៀបរស់នៅដែរ។ ហេតុនេះហើយពិតជាមានសារៈសំខាន់ណាស់ ឲ្យយើងប្រើព្រះគម្ពីរក្នុងកិច្ចបំរើផ្សាយរបស់យើង ជាជាងគ្រាន់តែសន្ទនាតាមប្រធានណាដែលយើងចាប់អារម្មណ៍នោះ។ (ហេ. ៤:១២) ដោយសារមនុស្សភាគច្រើនមិនសូវស្គាល់ព្រះគម្ពីរទេ យើងត្រូវអានព្រះគម្ពីរជូនគេស្ដាប់ ដើម្បីបង្ហាញឲ្យគេដឹងអំពីការណែនាំដ៏មានប្រយោជន៍ និងអនាគតដែលព្រះគម្ពីររៀបរាប់បញ្ជាក់សំរាប់មនុស្សជាតិ។
៣ ចូរអានចេញពីព្រះគម្ពីរ: អ្នកអាចសាកផ្សព្វផ្សាយដោយមិនកាន់កាតាបទៅជាមួយ។ អ្នកអាចដាក់ឧបករណ៍ផ្សាយដែលអ្នកចង់ផ្ដល់ឲ្យទៅក្នុងស្រោមធំមួយ និងកាន់ព្រះគម្ពីរក្នុងដៃតែម្ដង។ រួចមក ពេលពិភាក្សាជាមួយមនុស្សម្នាក់ អ្នកអាចបើកមើលព្រះគម្ពីរដោយមិនបណ្ដាលឲ្យគេមានអារម្មណ៍ថា អ្នកកំពុងតែឃោសនាសាសនាឡើយ។ ចូរឈរបែបណាដែលអ្នកស្ដាប់អាចមើលតាមអ្វីដែលអ្នកអានពីព្រះគម្ពីរ។ អ្នកក៏អាចសុំគាត់អានខនោះឲ្យឮដែរ។ ការមើលអ្វីដែលព្រះគម្ពីរចែងទុកនោះ នឹងមានឥទ្ធិពលខ្លាំងជាងការអានជូនគាត់ស្ដាប់ទៅទៀត។ តាមពិត អ្នកត្រូវសង្កត់ឲ្យបានជាក់នូវពាក្យណាដែលជាគោលសំខាន់ ដើម្បីជួយឲ្យគាត់យល់ចំណុចសំខាន់។
៤ របៀបនិយាយដោយបង្ហាញបទគម្ពីរតែមួយ: ពេលពោលពាក្យគំនាប់រួចហើយ អ្នកអាចនិយាយថា៖ «មនុស្សតែងរិះរកវិធីផ្សេងៗដើម្បីទទួលការណែនាំសំរាប់ជីវិត។ តើអ្នកគិតយ៉ាងណា? តើយើងអាចទទួលការណែនាំដែលមានប្រយោជន៍ពីណាមក? [អនុញ្ញាតឲ្យឆ្លើយ] តើអ្នកមានទស្សនៈយ៉ាងណាអំពីសុភាសិតនេះ? [សូមអាន សុភាសិត ២:៦, ៧ និងអនុញ្ញាតឲ្យឆ្លើយ] ប្រាជ្ញារបស់មនុស្សត្រូវបានសឲ្យឃើញថា កម្រមានប្រយោជន៍ណាស់ ហើយក៏នាំឲ្យមនុស្សជាច្រើនធ្លាក់ទឹកចិត្តដែរ។ ក៏ប៉ុន្តែ ប្រាជ្ញារបស់ព្រះតែងតែមានប្រយោជន៍ ក៏គួរនឹងទុកចិត្តបាន»។ រួចមក បង្ហាញប្រកាសនវត្ថុដែលអ្នកចង់ផ្ដល់ឲ្យ ហើយលើកគោលចំណុចមួយដែលបញ្ជាក់អំពីប្រាជ្ញារបស់ព្រះដែលមានប្រយោជន៍។
៥ ព្រះយេស៊ូបានប្រើបទគម្ពីរដើម្បីជួយមនុស្សដែលមានចិត្តស្មោះស។ (លូ. ២៤:៣២) ប៉ុលក៏បានបង្ហាញទីសំអាងពីបទគម្ពីរ ដែលគាំទ្រអ្វីដែលគាត់បង្រៀននោះ។ (កិច្ច. ១៧:២, ៣) យើងនឹងមានចិត្តក្លាហាននិងអំណរកាន់តែច្រើនឡើង ពេលយើងបណ្ដុះឲ្យមានបំនិនក្នុងការកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។