តើអ្នកគាំទ្រព្រះបន្ទូលរបស់ព្រះទេ?
១ ក្នុងពិភពលោកដែលធ្វើឲ្យមនុស្សលែងជឿព្រះគម្ពីរជាសេចក្ដីពិត គ្រិស្តសាសនិកពិតគាំទ្រព្រះបន្ទូលរបស់ព្រះដោយចិត្តខ្នះខ្នែង។ ដោយជឿជាក់ថា «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង» យើងឯកភាពជាមួយនឹងព្រះយេស៊ូគ្រិស្ត ពេលទ្រង់បានបញ្ជាក់ពីសេចក្ដីអធិស្ឋានទូលព្រះយេហូវ៉ាថា៖ «សេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់»។ (២ធី. ៣:១៦; យ៉ូន. ១៧:១៧) តើយើងអាចគាំទ្រព្រះបន្ទូលរបស់ព្រះដោយប្រសិទ្ធភាពយ៉ាងដូចម្ដេច?
២ ចូរស្គាល់បទគម្ពីរផ្សេងៗ: ជាពិតប្រាកដ ព្រះយេស៊ូច្បាស់ជាបានព្យាយាមរៀនសូតព្រះគម្ពីរយ៉ាងហ្មត់ចត់។ នេះអនុញ្ញាតឲ្យទ្រង់បង្រៀនពីបទគម្ពីរក្នុងកិច្ចបម្រើផ្សាយរបស់ទ្រង់។ (លូ. ៤:១៦-២១; ២៤:៤៤-៤៦) តើយើងអាចចាំបទគម្ពីរមួយចំនួនយ៉ាងដូចម្ដេច? គឺដោយការអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយរំពឹងគិតពីខមួយដែលលើកទឹកចិត្តយើង ឬអាចជួយយើងប្រើក្នុងកិច្ចបម្រើផ្សាយ។ នៅពេលរៀបចំសម្រាប់កិច្ចប្រជុំ យើងគួរតែបើកមើលនិងអានបទគម្ពីរពីព្រះគម្ពីរ ហើយប្រហែលរៀបចំចម្លើយសម្រាប់ខនោះ។ ពេលចូលរួមកិច្ចប្រជុំ យើងគួរតែមើលផ្ទៀងតាម ពេលអ្នកថ្លែងអានបទគម្ពីរ។ ការរៀនបទគម្ពីរផ្សេងៗ នឹងជួយយើងឲ្យត្រៀមខ្លួនដើម្បី«កាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។—២ធី. ២:១៥
៣ ចូរអានពីព្រះគម្ពីរ: ពេលចូលរួមក្នុងកិច្ចបម្រើផ្សាយយើងគួរតែអានពីព្រះគម្ពីរ។ ជាឧទាហរណ៍ ប្រសិនបើកាលៈទេសៈអនុញ្ញាត យើងគួរតែព្យាយាមអានខគម្ពីរនិងពិភាក្សាខនោះជាមួយម្ចាស់ផ្ទះ។ ប្រសិនបើគាត់សួរសំណួរឬលើកការជំទាស់មួយ វិធីល្អបំផុតគឺឲ្យយើងប្រើព្រះគម្ពីរដើម្បីឆ្លើយសំណួរនោះ។ ពេលម្ចាស់ផ្ទះជាប់រវល់ យើងនៅតែអាចលើកចំណុចពីព្រះគម្ពីរដោយពោលថា៖ «មុនដែលខ្ញុំលា ខ្ញុំសូមអានខគម្ពីរមួយនេះជូនអ្នក»។ នៅពេលណាដែលអាចធ្វើបាន សូមអានព្រះគម្ពីរ ហើយឲ្យអ្នកស្ដាប់មើលឃើញខគម្ពីរនោះដោយផ្ទាល់។
៤ ក្រោយពីបានអានខគម្ពីរខ្លះៗដែលបញ្ជក់ថាព្រះឯកត្រីអង្គជាសេចក្ដីបង្រៀនខុស ម្ចាស់ផ្ទះម្នាក់បានឧទានថា៖ «ខ្ញុំបានទៅព្រះវិហារអស់មួយជីវិត តែខ្ញុំមិនបានដឹងថាព្រះគម្ពីរបង្រៀនយ៉ាងនេះទេ!»។ គាត់បានចាប់ផ្ដើមសិក្សាព្រះគម្ពីរភ្លាមៗ។ ព្រះយេស៊ូបានមានបន្ទូលថា ចៀមរបស់ទ្រង់នឹងស្ដាប់តាមសំឡេងរបស់ទ្រង់។ (យ៉ូន. ១០:១៦, ២៧) វិធីដ៏ល្អបំផុតដើម្បីឲ្យអ្នកដែលមានចិត្តស្មោះត្រង់ស្គាល់សេចក្ដីពិត គឺឲ្យគេមើលដោយផ្ទាល់ពីព្រះគម្ពីរ។ ដូច្នេះ ចូរឲ្យយើងគាំទ្រព្រះបន្ទូលនៃសេចក្ដីពិតរបស់ព្រះ!