កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌល
១ ដើម្បីកាន់ជំហរមាំមួនក្នុងជំនឿនៅក្នុងពិភពលោកដែលគ្មានស្ថិរភាព យើងត្រូវតែទុកចិត្តលើព្រះយេហូវ៉ា។ តើយើងអាចសម្ដែងនូវទំនុកចិត្តនេះក្នុងជីវិតប្រចាំថ្ងៃរបស់យើងយ៉ាងដូចម្ដេច? តើទំនុកចិត្តលើព្រះយេហូវ៉ាមានអានុភាពលើជីវិតយើងនិងក្រុមគ្រួសាររបស់យើងយ៉ាងដូចម្ដេច? តើទំនុកចិត្តនេះជួយយើងឲ្យតទល់នឹងអានុភាពនៃលោកីយ៍របស់សាតាំងបានយ៉ាងណា? កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌលក្នុងកំឡុងឆ្នាំ ២០០៣នឹងឆ្លើយសំនួរទាំងនេះ។ សន្និបាតនេះមានប្រធានថា៖ «ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ!»។—ទំនុក. ៣៧:៣
២ ទំនុកចិត្តរបស់យើងលើព្រះយេហូវ៉ា មិនមែនគ្រាន់តែសម្ដែងក្នុងគ្រាពិសេស ឬក្នុងគ្រាដែលត្រូវការជាខ្លាំងនោះទេ។ ទំនុកចិត្តនេះគឺគួរមានក្នុងគ្រប់ផ្នែកនៃជីវិតរបស់យើង។ ចំណុចនេះគឺត្រូវបញ្ជាក់ក្នុងសុន្ទរកថាបើកកម្មវិធីដែលមានប្រធានថា «ចូរទុកចិត្តនឹង[ព្រះយេហូវ៉ា]ជានិច្ច»។ (ទំនុក. ៦២:៨) សុន្ទរកថាដែលចែកជាបួនផ្នែក ដែលមានប្រធានថា «ការបង្ហាញទំនុកចិត្តលើព្រះយេហូវ៉ា» នឹងបង្ហាញយើងនូវរបៀបស្វែងរកនិងអនុវត្តតាមពត៌មានដែលមានមូលដ្ឋានក្នុងព្រះគម្ពីរ ដែលជួយយើងឲ្យស្ថាបនាជីវិតអាពាហ៍ពិពាហ៍ឲ្យបានសុភមង្គល និងជួយយើងឲ្យដោះស្រាយបញ្ហាផ្សេងៗក្នុងក្រុមគ្រួសារ និងបំពេញនូវសេចក្ដីត្រូវការខាងរាងកាយ។
៣ ពិភពលោករបស់សាតាំងខំប្រឹងធ្វើឲ្យយើងមានទស្សនៈដ៏ខុសស្តីអំពីអ្វីដែលត្រឹមត្រូវនិងអ្វីដែលមិនត្រឹមត្រូវ និងនាំឲ្យមានការវង្វេងវង្វាន់ចំពោះអ្វីដែលសំខាន់និងអ្វីដែលមិនសំខាន់។ (អេសា. ៥:២០) សុន្ទរកថាដែលមានប្រធានថា«ចូរជៀសវាងរបស់ឥតប្រយោជន៍ក្នុងជីវិត» និង«ចូរជៀសវាងអំពើអាក្រក់ តែចូរធ្វើអំពើល្អវិញ» សុន្ទរកថានេះនឹងពង្រឹងការតាំងចិត្តរបស់យើងឲ្យលើកដំកើងខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា។—អេម៉ុស ៥:១៤
៤ នៅពេលព្រះយេហូវ៉ានាំឲ្យមានទីបញ្ចប់ដល់របបលោកីយ៍ដ៏អាក្រក់នេះ នោះជាពេលដែលអ្នកបំរើរបស់ទ្រង់ ត្រូវទុកចិត្តលើទ្រង់ទាំងស្រុង។ នេះគឺត្រូវបញ្ជាក់ក្នុងសុន្ទរកថាសាធារណៈ ដែលមានប្រធានថា «ការរំដោះចេញពីសេចក្ដីវេទនាក្នុងលោកីយ៍នេះជិតមកដល់ហើយ»។ ក្រោយពីនោះ យើងនឹងត្រូវអញ្ជើញឲ្យពិនិត្យមើលខ្លួនយើង ក្នុងសុន្ទរកថាដែលមានប្រធានថា៖ «តើអ្នកនឹងត្រូវរាប់ទុកថាជាអ្នកដែលសមនឹងទទួលព្រះរាជាណាចក្ររបស់ព្រះឬទេ?»។ កម្មវិធីនេះនឹងត្រូវបញ្ចប់ដោយមានសេចក្ដីដាស់តឿនថា«ចូរទុកចិត្តលើសេចក្ដីសន្យាទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា»។
៥ ផ្នែកដ៏សំខាន់ដែលមានរៀងរាល់សន្និបាត គឺជាសុន្ទរកថាអំពីពិធីបុណ្យជ្រមុជទឹក។ អ្នកណាដែលចង់ទទួលបុណ្យជ្រមុជទឹក គួរតែប្រាប់ប្រធានត្រួតពិនិត្យឲ្យបានឆាប់រហ័ស ដើម្បីចាត់ចែងនូវរបៀបរៀបចំផ្សេងៗសំរាប់ការទាំងនេះ។
៦ នៅក្នុងគ្រាដែលឥតមានស្ថិរភាព ព្រះយេហូវ៉ាគឺជាប្រភពតែមួយគត់នៃទំនុកចិត្តនិងស្ថិរភាព។ (ទំនុក. ១១៨:៨, ៩) សូមឲ្យយើងគ្រប់គ្នាពង្រឹងទំនុកចិត្តរបស់យើងលើទ្រង់ ហើយបង្ហាញនេះដោយមានវត្តមានក្នុងគ្រប់ផ្នែកទាំងអស់នៃកម្មវិធីសន្និបាតតាមមណ្ឌល។