កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌល
យើងដឹងថា ព្រះយេហូវ៉ាគឺគួរនឹងទទួលនូវសេចក្ដីស្រឡាញ់និងភក្ដីភាពដាច់មុខពីយើង។ ក៏ប៉ុន្តែ លោកីយ៍ខិតខំទាញយើងចេញពីការរក្សានូវទំនាក់ទំនងជិតស្និទ្ធជាមួយនឹងទ្រង់។ (យ៉ូហាន ១៧:១៤) ដើម្បីធ្វើឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាមាំឡើង ហើយដើម្បីចំរើនកម្លាំងរបស់យើងឲ្យទប់ទល់នឹងអ្វីៗក្នុងលោកីយ៍នេះ ដែលគំរាមកំហែងដល់ភាពខាងវិញ្ញាណរបស់យើង នោះកម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌលសំរាប់ឆ្នាំកិច្ចបំរើ២០០១នឹងមានប្រធានថា«ចូរស្រឡាញ់ព្រះមិនមែនរបស់របរខាងលោកីយ៍ទេ»។—យ៉ូហានទី១ ២:១៥-១៧
សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះយេហូវ៉ាជំរុញយើងផ្សព្វផ្សាយធ្វើបន្ទាល់អំពីទ្រង់។ យ៉ាងណាក៏ដោយ កិច្ចផ្សាយបំរើគឺមិនជាការងាយស្រួលទេ សំរាប់រាស្ត្រជាច្រើននាក់របស់ព្រះ។ ក្នុងផ្នែកដែលមានប្រធាន«សេចក្ដីស្រឡាញ់ចំពោះព្រះជំរុញចិត្តយើងក្នុងកិច្ចបំរើរបស់យើង» អ្នកនឹងរៀននូវរបៀបដែលមនុស្សច្រើននាក់បានឈ្នះលើការអៀនខ្មាសនិងឧបសគ្គផ្សេងៗទៀត ដើម្បីចូលរួមពេញលេញក្នុងកិច្ចបំរើនេះ។
តើខ្នាតតម្រាដែលកំពុងតែចុះអន់ថយរបស់លោកីយ៍នេះមានអានុភាពអ្វីទៅលើយើង? ការប្រព្រឹត្តដែលពីមុនត្រូវចាត់ទុកជាអាក្រក់ ឥឡូវត្រូវចាត់ទុកជាការប្រព្រឹត្តធម្មតា។ សុន្ទរកថាដែលមានប្រធាន«អ្នកដែលស្រឡាញ់ព្រះយេហូវ៉ា ចូរស្អប់អំពើអាក្រក់» និងអត្ថាធិប្បាយដែលចែកជាផ្នែកៗ មានប្រធាន«អ្វីៗក្នុងលោកីយ៍នេះ—តើយើងមានទស្សនៈយ៉ាងណាចំពោះរបស់ទាំងនោះ?» នឹងជួយពង្រឹងចិត្តប្ដេជ្ញារបស់យើងដើម្បីបដិសេធសេចក្ដីប៉ងប្រាថ្នាអាក្រក់។
ក្នុងកម្មវិធីនោះក៏មានសាលាកិច្ចបំរើព្រះធិបតេយ្យនិងការប្រជុំអប់រំកិច្ចបំរើជាគំរូ ព្រមទាំងការសង្ខេបនូវអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាមសំរាប់សប្ដាហ៍នោះ។ សុន្ទរកថាសាធារណៈដែលមានប្រធាន«របៀបដែលសេចក្ដីស្រឡាញ់និងជំនឿឈ្នះលើលោកីយ៍» នឹងជួយលើកទឹកចិត្តយើងឲ្យធ្វើតម្រាប់តាមព្រះយេស៊ូក្នុងការទប់ទល់នឹងការបង្ខិតបង្ខំពីលោកីយ៍។ (យ៉ូហាន ១៦:៣៣) កុំភ្លេចអញ្ជើញអ្នកសិក្សាព្រះគម្ពីរជាមួយអ្នកឲ្យចូលរួមដែរ។ អ្នកណាដែលចង់ទទួលបុណ្យជ្រមុជទឹកគួរប្រាប់ប្រធានត្រួតពិនិត្យកាន់តែឆាប់កាន់តែល្អ ដើម្បីឲ្យគាត់អាចធ្វើការរៀបចំបាន។
សន្និបាតតាមមណ្ឌលនេះ នឹងជួយប្រមូលស្មារតីរបស់យើងឲ្យផ្ចង់ទៅលើទីណាដែលសេចក្ដីស្រឡាញ់របស់យើងគួរត្រូវសំដៅទៅ ដើម្បីអរសប្បាយនឹងពរជាច្រើនពីព្រះយេហូវ៉ា។ កុំខានទទួលផ្នែកណាមួយឲ្យសោះ!