ព្រះយេហូវ៉ាជួយអស់អ្នកដែលមានទំនុកចិត្តទៅលើទ្រង់
១ មនុស្សជាច្រើនមានទស្សនៈថា លុយ អំណាច ហើយនិងសមត្ថភាពរបស់មនុស្សគឺជាកត្ដាចាំបាច់ទទួលឲ្យបានជោគជ័យ។ (ទំនុក. ១២:៤; ៣៣:១៦, ១៧; ៤៩:៦) ក៏ប៉ុន្តែ អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាហើយមានទំនុកចិត្តទៅលើទ្រង់ មានការធានាពីព្រះគម្ពីរដែលថា៖ «ទ្រង់ជាអ្នកជួយនឹងជាខែលរបស់[គេ]»។ (ទំនុក. ១១៥:១១) សូមឲ្យយើងពិចារណាទិដ្ឋភាពពីរដែលយើងត្រូវសម្ដែងទំនុកចិត្តទៅលើព្រះយេហូវ៉ា។
២ ជាអ្នកបំរើគ្រីស្ទាន: នៅពេលដែលយើងថ្លែងសុន្ទរកថាតាមក្រុមជំនុំឬបង្រៀនក្នុងកិច្ចបំរើផ្សាយនោះ យើងត្រូវពឹងទៅលើព្រះរបស់យើង។ សូមគិតអំពីគំរូរបស់ព្រះយេស៊ូ។ ទោះបីទ្រង់ជារាជបុត្ររបស់ព្រះក៏ដោយ ទ្រង់មិនទុកចិត្តលើប្រាជ្ញាឬសមត្ថភាពផ្ទាល់ខ្លួនឡើយ តែទ្រង់ពឹងទៅលើព្រះវរបិតានៅស្ថានសួគ៌ទាំងស្រុង។ (យ៉ូន. ១២:៤៩; ១៤:១០) គួរគប្បីឲ្យយើងពឹងផ្អែកលើព្រះយេហូវ៉ាជាងអម្បាលម៉ានទៅទៀត! (សុ. ៣:៥-៧) មានតែការគ្រាំទ្រពីព្រះយេហូវ៉ាប៉ុណ្ណោះ ទើបការខិតខំរបស់យើងដោយចិត្តរាបទាបនឹងថ្វាយកិត្ដិយសចំពោះទ្រង់ហើយផ្ដល់ប្រយោជន៍ដល់អ្នកឯទៀត។—ទំនុក. ១២៧:១, ២
៣ យើងបង្ហាញថាយើងពឹងពាក់ទៅលើព្រះយេហូវ៉ាដោយអធិស្ឋានសូមការណែនាំហើយនិងសូមជំនួយពីវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ (ទំនុក. ១០៥:៤; លូ. ១១:១៣) បន្ថែមទៅទៀត យើងបង្ហាញនូវទំនុកចិត្តរបស់យើងទៅលើព្រះតាមរយៈសេចក្ដីបង្រៀនរបស់យើងដែលមានមូលដ្ឋានលើព្រះបន្ទូលរបស់ទ្រង់គឺព្រះគម្ពីរ។ សារព្រះគម្ពីរមានឥទ្ធិពលជំរុញចិត្តមនុស្សហើយអាចកែប្រែជីវិតរបស់មនុស្សបាន។ (ហេ. ៤:១២) នៅពេលដែលយើង«បំរើដោយកំឡាំងដែលព្រះប្រទានឲ្យ» នោះព្រះយេហូវ៉ាត្រូវបានថ្កើងឡើង។—១ពេ. ៤:១១
៤ ក្នុងការដោះស្រាយបញ្ហា: យើងក៏ត្រូវរកជំនួយពីព្រះយេហូវ៉ាដែរនៅពេលដែលយើងជួបប្រទះការគាបសង្កត់និងបញ្ហា។ (ទំនុក. ៤៦:១) ជាឧទាហរណ៍ និយោជកម្នាក់ប្រហែលមានចិត្តស្ទាក់ស្ទើរឲ្យយើងឈប់ធ្វើការដើម្បីចូលរួមសន្និបាត ឬយើងប្រហែលជាជួបប្រទះស្ថានភាពដ៏ពិបាកក្នុងជីវភាពគ្រួសារយើង។ យើងបង្ហាញទំនុកចិត្តទៅលើព្រះយេហូវ៉ាដោយអធិស្ឋានថ្វាយទ្រង់អស់ពីចិត្ត ហើយអនុវត្តតាមការណែនាំដែលទ្រង់ផ្ដល់ឲ្យតាមរយៈព្រះបន្ទូលរបស់ទ្រង់ហើយនិងអង្គការទ្រង់។ (ទំនុក. ៦២:៨; ១១៩:១៤៣, ១៧៣) បើធ្វើដូច្នេះ អ្នកបំរើរបស់ព្រះយេហូវ៉ានឹងទទួលជំនួយពីទ្រង់ក្នុងជីវិតរបស់គេ។—ទំនុក. ៣៧:៥; ១១៨:១៣, ១៦
៥ ព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់ធានាយើងថា«មានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ាហើយដែលទុកចិត្តនឹងទ្រង់»។ (យេ. ១៧:៧) សូមឲ្យយើងបង្ហាញនូវទំនុកចិត្តទៅលើទ្រង់ក្នុងគ្រប់ការដែលយើងធ្វើនោះ!—ទំនុក. ១៤៦:៥