ផ្សព្វផ្សាយក្នុងលោកីយ៍ដែលចេះតែប្រែប្រួល
១ ស្ថានការណ៍គឺអាចប្រែប្រួលក្នុងមួយរំពេចបាន! ក្នុងពេលតែមួយយប់ប៉ុណ្ណោះ មហន្តរាយធម្មជាតិ វិបត្ដិខាងសេដ្ឋកិច្ច ចលាចលខាងនយោបាយ ឬរឿងខ្លោចផ្សាដែលបានផ្សាយជាសាធារណៈ ក៏អាចជារឿងដែលមនុស្សនិយាយទូទៅ។ ប៉ុន្តែ ក្នុងតែមួយរំពេចដែរ មនុស្សអាចបែរអារម្មណ៍ទៅលើរឿងផ្សេងទៀត។ (កិច្ច. ១៧:២១; ១កូ. ៧:៣១) សូម្បីតែក្នុងលោកីយ៍នេះដែលចេះតែប្រែប្រួល តើយើងអាចធ្វើអ្វីឲ្យមនុស្សចាប់អារម្មណ៍ ដើម្បីប្រាប់គេពីសារព្រះរាជាណាចក្រ?
២ ស្វែងយល់នូវកង្វល់របស់អ្នកឯទៀត: វិធីមួយដើម្បីធ្វើឲ្យមនុស្សចាប់អារម្មណ៍ គឺដោយនិយាយអំពីព្រឹត្ដិការណ៍ថ្មីៗ។ មានគ្រាមួយ ដែលព្រះយេស៊ូកំពុងតែដាស់តឿនឲ្យពួកអ្នកស្ដាប់ទ្រង់គិតអំពីទំនាក់ទំនងរវាងពួកគេនឹងព្រះយេហូវ៉ា ដោយព្រះយេស៊ូមានបន្ទូលប្រាប់ពីរឿងខ្លោចផ្សាដែលបានកើតឡើងថ្មីៗ ដែលស្ថិតនៅក្នុងគំនិតរបស់ពួកគេ។ (លូ. ១៣:១-៥) ស្រដៀងគ្នាដែរ ពេលយើងប្រាប់ពីដំណឹងល្អ គឺជាការល្អបើយើងនិយាយអំពីព្រឹត្ដិការណ៍ថ្មីៗ ឬក៏រឿងដែលនាំឲ្យមនុស្សនៅតំបន់ផ្សាយរបស់យើងចាប់អារម្មណ៍។ ប៉ុន្តែ នៅពេលដែលយើងនិយាយអំពីរឿងទាំងនេះ យើងត្រូវប្រយ័ត្នកុំឲ្យពាក្យសំដីរបស់យើងបង្ហាញការគាំទ្រខាងរឿងនយោបាយឬរឿងរបស់សង្គមណាក៏ដោយ។—យ៉ូន. ១៧:១៦
៣ តើយើងអាចដឹងយ៉ាងដូចម្ដេចនូវគំនិតរបស់មនុស្សដែលគេគិតនៅពេលឥឡូវនេះ? ប្រហែលវិធីល្អបំផុត គឺដោយសួរសំនួរ ហើយបន្ទាប់មកត្រូវស្ដាប់គេ។ (ម៉ាថ. ១២:៣៤) ការយកចិត្តទុកដាក់ទៅលើមនុស្ស នឹងជំរុញចិត្តយើងឲ្យកត់សម្គាល់នូវទស្សនៈរបស់គេ ហើយក្រោយមក សួរសំនួរបន្ថែមដោយនិយាយតាមរបៀបដែលគួរសម។ ប្រហែលម្ចាស់ផ្ទះនិយាយពីរឿងណាមួយ ដែលសម្ដែងពីកង្វល់របស់ម្ចាស់ផ្ទះឯទៀតជាច្រើននៅម្ដុំនោះ ហើយក៏អាចបើកឱកាសឲ្យធ្វើបន្ទាល់តទៅទៀតដែរ។
៤ ការរៀបចំពាក្យផ្សាយ: ពេលដែលរៀបចំសំរាប់កិច្ចបំរើផ្សាយក្នុងលោកីយ៍ដែលចេះតែប្រែប្រួល យើងអាចប្រើកូនសៀវភៅ របៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ។ យោបល់ដ៏ល្អអំពីរបៀបបញ្ចូលនូវព្រឹត្ដិការណ៍ថ្មីៗក្នុងពាក្យផ្សាយរបស់យើង គឺមាននៅទំព័រ៣ក្រោមចំណងជើងថា «បទឧក្រិដ្ឋ/សន្ដិសុខ» និង«ព្រឹត្ដិការណ៍ថ្មីៗ»។ ពត៌មានស្រដៀងគ្នានេះអាចរកបានក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ឆ្នាំ២០០០ ខែកញ្ញា ទំព័រ៤។ ពេលអ្នករៀបចំពាក្យផ្សាយ កុំភ្លេចប្រើខគម្ពីរដែលទាក់ទងនឹងរឿងនោះផងដែរ។
៥ កាលដែលយើងយកចិត្តទុកដាក់ទៅលើកង្វល់ដែលតែងតែផ្លាស់ប្ដូរជានិច្ចរបស់មនុស្សនៅក្នុងតំបន់ផ្សាយរបស់យើងនោះ គឺយើងត្រូវតែចេះកែប្រែនូវវិធីផ្សាយដំណឹងល្អដើម្បីឲ្យសមស្របទៅតាមតម្រូវការរបស់ពួកគេ។ តាមវិធីនេះ យើងនិយាយជាមួយនឹងមនុស្សអំពីរឿងដែលប៉ះពាល់ដល់ជីវិតរបស់គេផ្ទាល់។ បើធ្វើដូច្នេះ យើងអាចជួយមនុស្សជាច្រើនទៀតឲ្យស្គាល់បុគ្គលមួយអង្គ ដែលគុណសម្បត្ដិនិងខ្នាតតម្រារបស់ទ្រង់មិនផ្លាស់ប្រែសោះឡើយ។—យ៉ា. ១:១៧