ចូរបង្ហាញការយកចិត្តទុកដាក់ដោយបានរៀបចំជាមុន
១ ការរៀបចំយ៉ាងល្អសម្រាប់កិច្ចបម្រើផ្សាយជួយយើងឲ្យយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ តើដោយរបៀបណា? កាលណាយើងរៀបចំបានល្អ យើងមិនសូវខ្វល់ខ្វាយអំពីពាក្យផ្សាយរបស់យើង ដោយហេតុនេះ យើងអាចបង្ហាញការយកចិត្តទុកដាក់ចំពោះម្ចាស់ផ្ទះបានច្រើនជាង។ ម្យ៉ាងវិញទៀត ការរៀបចំជាមុនជួយយើងឲ្យយកឈ្នះការភ័យខ្លាចហើយអនុញ្ញាតឲ្យយើងនិយាយដោយស្មោះអស់ពីចិត្ត។ ក៏ប៉ុន្តែ តើយើងអាចរៀបចំពាក្យផ្សាយដែលមានប្រសិទ្ធភាពបានយ៉ាងណា?
២ ចូរប្រើពាក្យផ្សាយដែលមានប្រសិទ្ធភាព: ចូរជ្រើសរើសពីកិច្ចបម្រើព្រះរាជាណាចក្រយើងខែមករាឆ្នាំ២០០៦ នូវយោបល់អំពីរបៀបនិយាយដែលមានប្រសិទ្ធភាពក្នុងតំបន់ផ្សាយរបស់អ្នក ហើយពិចារណាអំពីរបៀបដែលយើងអាចនិយាយដោយចេញពីចិត្ត។ ចូរកែសម្រួលយោបល់នោះទៅតាមតំបន់ផ្សាយរបស់អ្នក។ ជាឧទាហរណ៍ បើអ្នកទំនងជាជួបមនុស្សក្នុងសហគមន៍ដែលកាន់សាសនាណាមួយឬជាសាសន៍ផ្សេងណាមួយ សូមគិតអំពីពាក្យផ្សាយដែលធ្វើឲ្យពួកគេចាប់អារម្មណ៍។ ការកែសម្រួលពាក្យផ្សាយរបស់អ្នកឲ្យស្របទៅនឹងបុគ្គលដែលអ្នកនិយាយជាមួយបង្ហាញថាអ្នកយកចិត្តទុកដាក់ដ៏ស្មោះចំពោះពួកគេ។—១កូ. ៩:២២
៣ សូមបន្តកែសម្រួលពាក្យផ្សាយរបស់អ្នកនៅពេលដែលអ្នកចាប់ផ្ដើមនិយាយ។ ដោយហេតុថាពាក្យដំបូងសំខាន់ណាស់ នោះអ្នកគួរកត់សំគាល់ប្រតិកម្មរបស់គេចំពោះពាក្យផ្ដើមរបស់អ្នក។ តើពួកគេចាប់អារម្មណ៍នឹងប្រធានបទនោះឬទេ? តើសំណួរដែលយើងសួរបានទទួលចម្លើយឬប្រតិកម្មឬទេ? បើពុំនោះទេ ចូរកែសម្រួលពាក្យផ្សាយរបស់អ្នករហូតដល់អ្នកឃើញថាមានប្រសិទ្ធភាព។
៤ អ្វីដែលជួយយើងនឹកចាំពាក្យផ្សាយ: បងប្អូនច្រើននាក់មានការពិបាកនឹកចាំពាក្យផ្សាយពេលដែលពួកគាត់និយាយជាមួយម្ចាស់ផ្ទះ។ បើដូច្នេះមែន តើអ្នកបានហាត់និយាយឲ្យឮជាមួយអ្នកណាម្នាក់ទៀតឬទេ? ការហាត់និយាយអាចជួយអ្នកឲ្យនឹកឃើញយ៉ាងច្បាស់អំពីអ្វីដែលអ្នកត្រូវនិយាយហើយនិយាយតាមរបៀបដែលងាយយល់និងសមហេតុសមផល។ នេះក៏អាចជួយអ្នកឲ្យប្រុងប្រៀបខ្លួនជាស្រេចដើម្បីតបឆ្លើយនឹងប្រតិកម្មផ្សេងៗរបស់ម្ចាស់ផ្ទះដែរ។
៥ របៀបមួយទៀតដែលជួយអ្នកឲ្យនឹកចាំពាក្យផ្សាយគឺដោយសរសេរសង្ខេបពាក្យផ្សាយយ៉ាងខ្លីនៅលើក្រដាសតូចមួយហើយចោលភ្នែកមើលកំណត់នោះមុនពេលជួបម្ចាស់ផ្ទះ។ អ្នកខ្លះយល់ឃើញថាកំណត់ខ្លីៗជួយពួកគេឲ្យមានចិត្តស្ងប់ហើយអាចសន្ទនាជាមួយគេបានល្អជាង។ តាមរបៀបនេះ ការរៀបចំដ៏ល្អអាចជួយយើងឲ្យយកចិត្តទុកដាក់ចំពោះអ្នកឯទៀត ហើយធ្វើឲ្យពាក្យផ្សាយដំណឹងល្អរបស់យើងបានកាន់តែប្រសើរឡើង។