ចូរ«ប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ»
១ មុនពេលលោកយេស៊ូចាប់ផ្ដើមផ្សព្វផ្សាយ លោកបានចំណាយពេលដើម្បីជួយសិស្សឲ្យត្រៀមខ្លួន។ (ម៉ាថ. ១០:៥-១៤) ទោះបីយើងគ្រប់គ្នាមានការរវល់ក៏ពិតមែន តែបើយើងឆ្លៀតពេលគ្រាន់តែពីរបីនាទីដើម្បីត្រៀមខ្លួនមុនចេញទៅផ្សាយ នោះយើងនឹងបង្កើតបានផលល្អ។—២កូ. ៩:៦
២ របៀបត្រៀមខ្លួន : ការត្រៀមខ្លួនយ៉ាងល្អតម្រូវឲ្យយើងស្គាល់ព័ត៌មានក្នុងសៀវភៅដែលយើងនឹងប្រើក្នុងកិច្ចបម្រើផ្សាយ។ យើងក៏គួរគិតអំពីមនុស្សក្នុងតំបន់ផ្សាយដែរ។ តើពួកគេមានកង្វល់អ្វីខ្លះ? តើពួកគេកាន់តាមសាសនាអ្វី? យើងអាចទាញយកគំនិតពីពាក្យផ្សាយនៅក្នុងកិច្ចបម្រើព្រះ ហើយពីកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ។
៣ ការយកចិត្តទុកដាក់ស្ដាប់ការសម្ដែងដែលមាននៅប្រជុំអប់រំកិច្ចបម្រើក៏នឹងជួយយើងដែរ។ នៅពេលដែលយើងប្រើពាក្យផ្សាយកាន់តែច្រើនទៅ នោះយើងនឹងលែងត្រូវការចំណាយពេលច្រើនដើម្បីត្រៀមខ្លួនទៀត។ យ៉ាងណាក៏ដោយ ប្រសិនបើយើងគិតគូរអំពីពាក្យផ្សាយ និងបន្តកែលម្អពាក្យទាំងនោះរាល់ដងមុនពេលទៅផ្សាយ នោះយើងនឹងមានប្រសិទ្ធភាពច្រើនជាង។ យើងត្រូវប្រាកដថា តើកាតាបផ្សាយរបស់យើងមានសៀវភៅទាំងអស់ដែលយើងត្រូវការហើយឬនៅ?
៤ តើអ្វីនឹងជួយយើងឲ្យចាំពាក្យផ្សាយរបស់យើង? វិធីមួយដើម្បីឲ្យពាក្យផ្សាយដិតជាប់ក្នុងគំនិត គឺដោយហាត់និយាយពាក្យផ្សាយនោះយ៉ាងឮៗ។ បងប្អូនខ្លះចូលចិត្តហាត់ពាក្យផ្សាយក្នុងអំឡុងការសិក្សាជាក្រុមគ្រួសារ។ អ្វីដែលមានប្រយោជន៍ចំពោះបងប្អូនផ្សេងទៀត គឺការសរសេរពាក្យផ្សាយយ៉ាងសង្ខេបនៅលើក្រដាសតូចមួយ ហើយឆ្លៀតមើលក្រដាសនោះមុនជួបម្ចាស់ផ្ទះ។
៥ ផលប្រយោជន៍ : ការត្រៀមខ្លួនយ៉ាងល្អនាំឲ្យយើងមានប្រសិទ្ធភាពនិងអំណររឹតតែខ្លាំងទៀតក្នុងកិច្ចបម្រើផ្សាយ។ ណាមួយទៀត ការត្រៀមខ្លួននឹងនាំឲ្យយើងមានអារម្មណ៍ស្រួល ហើយមិនសូវភ័យពេកពេលផ្សាយ។ យើងអាចយកចិត្តទុកដាក់ច្រើនជាងទៅលើអ្វីដែលម្ចាស់ផ្ទះនិយាយ ជាជាងគ្រាន់តែគិតអំពីពាក្យផ្សាយរបស់យើង។ បន្ថែមទៅទៀត ដោយស្គាល់ព័ត៌មានក្នុងសៀវភៅដែលយើងប្រើ នោះនឹងជួយយើងឲ្យមានចិត្តរំភើបពេលផ្ដល់សៀវភៅទាំងនោះ។
៦ បទគម្ពីរដាស់តឿនយើងឲ្យ«ប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ»។ (ទីត. ៣:១) គ្មានការងារណាប្រសើរជាងការផ្សាយដំណឹងល្អទេ។ ដោយត្រៀមខ្លួនយ៉ាងល្អ យើងបង្ហាញការគោរពចំពោះម្ចាស់ផ្ទះដែលព្រមស្ដាប់ ហើយចំពោះព្រះយេហូវ៉ាជាព្រះដែលយើងតំណាង។—អេសា. ៤៣:១០