ការងារដែលធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញ
១ អស់អ្នកដែលព្រមទទួលហើយអនុវត្តតាមសារពីព្រះគម្ពីរនឹងមានកម្លាំងចិត្តឡើងវិញ។ (១ថែ. ២:១៣) សារពីព្រះគម្ពីរជួយពួកគេឲ្យរួចខ្លួនពីការបង្រៀនមិនពិត និងការប្រព្រឹត្តដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ ថែមទាំងផ្ដល់នូវសេចក្ដីសង្ឃឹមដែលអាចទុកចិត្តបានសំរាប់អនាគត។ ប៉ុន្តែ មិនគ្រាន់តែពួកអ្នកទទួលដំណឹងល្អនេះប៉ុណ្ណោះទេ ដែលនឹងបានប្រយោជន៍នោះ។ សូម្បីតែអស់អ្នកដែលចែកសេចក្ដីពិតខាងព្រះគម្ពីរដល់អ្នកដទៃ ក៏ទទួលកម្លាំងចិត្តឡើងវិញដែរ។—សុ. ១១:២៥
២ កិច្ចបំរើអាចពង្រឹងកម្លាំងយើង: ព្រះយេស៊ូមានបន្ទូលថា អស់អ្នកដែលទទួលនឹមជាអត្ថបដិរូប ដោយធ្វើជាសិស្សរបស់ទ្រង់ ដែលរួមបញ្ចូលកិច្ចការផ្សាយហើយការបង្កើតឲ្យមានសិស្ស នឹងទទួលបាននូវ«សេចក្ដីសំរាកដល់ព្រលឹង[ឬ«កម្លាំងចិត្តឡើងវិញ», ព.ថ.]»។ (ម៉ាថ. ១១:២៩) ព្រះយេស៊ូក៏បានចាត់ទុកកិច្ចការផ្សព្វផ្សាយដល់មនុស្សដទៃជាកិច្ចការដែលពង្រឹងកម្លាំងទ្រង់ផ្ទាល់ដែរ។ ការផ្សព្វផ្សាយគឺប្រៀបដូចជាអាហារចំពោះទ្រង់។ (យ៉ូន. ៤:៣៤) ពេលដែលទ្រង់បានចាត់សិស្ស៧០នាក់ឲ្យទៅធ្វើបន្ទាល់ ពួកគេមានអំណរដោយឃើញព្រះយេហូវ៉ាគាំទ្រនូវការខំប្រឹងរបស់គេនោះ។—លូ. ១០:១៧
៣ ដោយពួកគ្រីស្ទានច្រើនសព្វថ្ងៃនេះចូលរួមក្នុងកិច្ចបំរើផ្សាយ ពួកគេក៏ទទួលនូវការពង្រឹងកម្លាំងដែរ។ បងស្រីម្នាក់បាននិយាយថា៖ «កិច្ចបំរើផ្សាយធ្វើឲ្យខ្ញុំមានកម្លាំងចិត្តឡើងវិញ ពីព្រោះផ្ដល់ឲ្យជីវិតរបស់ខ្ញុំមានការណែនាំហើយមានគោលដៅទៀតផង។ នៅពេលខ្ញុំចូលរួមក្នុងកិច្ចការផ្សាយ បញ្ហាផ្ទាល់ខ្លួន និងភាពតានតឹងចិត្តប្រចាំថ្ងៃក៏រសាយបាត់អស់ទៅ»។ អ្នកផ្សព្វផ្សាយដ៏ខ្នះខ្នែងម្នាក់ទៀតប្រាប់ថា៖ «កិច្ចផ្សព្វផ្សាយ . . . រំឭកខ្លួនខ្ញុំជារៀងរាល់ថ្ងៃថា ព្រះយេហូវ៉ាជាព្រះមួយអង្គដ៏ពិតប្រាកដ ហើយធ្វើឲ្យខ្ញុំមានអារម្មណ៍សុខស្រួល និងមានសុភមង្គលដែលមិនអាចទទួលបានពីប្រភពណាផ្សេងទៀតឡើយ»។ យើងមានឯកសិទ្ធិដ៏ល្អមែនហ្ន៎! ដោយយើងជា «អ្នកធ្វើការជាមួយនឹងព្រះ»នោះ។—១កូ. ៣:៩
៤ នឹមរបស់ព្រះយេស៊ូគឺងាយ: ទោះបីជាពួកគ្រីស្ទានបានត្រូវដាស់តឿនឲ្យ «ខំប្រឹងយ៉ាងអស់ពីចិត្ត» ក៏ព្រះយេស៊ូមិនតម្រូវអ្វីដែលហួសពីសមត្ថភាពយើងទេ។ (លូ. ១៣:២៤) ប្រាកដហើយ ទ្រង់សម្ដែងនូវសេចក្ដីស្រឡាញ់ដោយអញ្ជើញយើងឲ្យ ‹ចុះមកក្រោមនឹមជាមួយទ្រង់›។ (ម៉ាថ. ១១:២៩) ចំពោះអ្នកដែលត្រូវស៊ូទ្រាំនឹងកាលៈទេសៈដ៏ពិបាក គាត់អាចមានទំនុកចិត្តថា សូម្បីតែកិច្ចបំរើអស់ពីចិត្តរបស់គាត់មានកំរិតក៏ដោយ ក៏ព្រះយេហូវ៉ានៅតែសព្វព្រះហឫទ័យនឹងគាត់ដែរ។—ម៉ាក. ១៤:៦-៨; កូល. ៣:២៣
៥ យើងមានកម្លាំងចិត្តណាស់ ដោយបំរើព្រះដែលចាត់ទុកកិច្ចការណាដែលយើងធ្វើប្រយោជន៍ឲ្យព្រះនាមទ្រង់គឺមានតម្លៃនោះ! (ហេ. ៦:១០) សូមឲ្យយើងខំប្រឹងបំរើទ្រង់អស់ពីសមត្ថភាពយើង ជារៀងរាល់ដង។