ការបង្កើតឲ្យមានភាពស្និទ្ធស្នាលជាមួយព្រះយេហូវ៉ា
១ បងស្រីគ្រីស្ទានម្នាក់សារភាពថា៖ «អស់ជាង២០ឆ្នាំហើយ ខ្ញុំគ្រាន់តែទៅកិច្ចប្រជុំនិងទៅផ្សព្វផ្សាយដើម្បីបង្គ្រប់កិច្ចក្នុងសេចក្ដីពិតតែប៉ុណ្ណោះ»។ ក៏ប៉ុន្តែ គាត់ពោលបន្តថា៖«ឥឡូវនេះ ខ្ញុំបានសន្និដ្ឋានថា ទោះជាកិច្ចប្រជុំនិងកិច្ចផ្សព្វផ្សាយគឺសំខាន់ក៏ពិតមែន ប៉ុន្តែបើធ្វើតែប៉ុណ្ណឹង គឺមិនគ្រប់គ្រាន់ដើម្បីជួយខ្ញុំតស៊ូពេលដែលមានការពិបាកទេ។ ... ឥឡូវខ្ញុំទទួលស្គាល់ថា ខ្ញុំត្រូវកែប្រែគំនិត និងចាប់ផ្ដើមមានកម្មវិធីសិក្សាដែលផ្ដល់ប្រយោជន៍ ដើម្បីខ្ញុំអាចស្គាល់ព្រះយេហូវ៉ាយ៉ាងពិតប្រាកដ និងដើម្បីមានសេចក្ដីស្រឡាញ់ចំពោះទ្រង់ ហើយដឹងគុណនូវអ្វីដែលព្រះរាជបុត្រារបស់ទ្រង់បានប្រទានដល់យើង»។
២ យើងត្រូវតែខំព្យាយាម ទើបអាចបង្កើតឲ្យមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ការមានទម្លាប់ធ្វើនូវអ្វីដែលជាសកម្មភាពគ្រីស្ទានគឺមិនគ្រប់គ្រាន់ទេ។ បើយើងមិនទូលព្រះយេហូវ៉ាជាទៀងទាត់នោះ ក្រោយមក យើងអាចមានអារម្មណ៍មួយថា ទ្រង់ហាក់បីដូចជាមិត្តភក្ដិជិតស្និទ្ធម្នាក់ដែលយើងធ្លាប់មាន តែឥឡូវនៅឆ្ងាយមិនសូវទាក់ទងគ្នា។ (វិវរ. ២:៤) សូមយើងពិចារណារបៀបសិក្សាព្រះគម្ពីរដោយខ្លួនឯង និងការអធិស្ឋានដែលអាចជួយយើងបង្កើតឲ្យមានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។—ទំនុក. ២៥:១៤
៣ សេចក្ដីអធិស្ឋាននិងការរំពឹងគិតគឺពិតជាចាំបាច់: ការសិក្សាផ្ទាល់ខ្លួនដែលមានឥទ្ធិពលទៅលើចិត្ត មិនគ្រាន់តែជាការគូសចំណុចសំខាន់ៗក្នុងពត៌មានដែលនឹងសិក្សាហើយបើកមើលបទគម្ពីរនោះទេ។ ការសិក្សាផ្ទាល់ខ្លួនមានន័យថាយើងរំពឹងគិតអំពីអ្វីដែលពត៌មាននោះបញ្ជាក់អំពីការប្រព្រឹត្ត ខ្នាតតម្រា និងបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា។ (និក្ខ. ៣៣:១៣) ការយល់នូវរឿងខាងវិញ្ញាណមានឥទ្ធិពលមកលើចិត្តរបស់យើង ហើយជំរុញយើងឲ្យគិតពិចារណាអំពីជីវិតខ្លួន។ (ទំនុក. ១១៩:៣៥, ១១១) យើងគួរសិក្សាផ្ទាល់ខ្លួនក្នុងបំណងចូលទៅជិតព្រះយេហូវ៉ា។ (យ៉ា. ៤:៨) ដើម្បីសិក្សាយ៉ាងស៊ីជំរៅ យើងត្រូវចំណាយពេល និងក៏ត្រូវស្ថិតក្នុងបរិយាកាសដ៏សមរម្យសំរាប់សិក្សាផងដែរ។ ដើម្បីសិក្សាជាទៀងទាត់យើងក៏ត្រូវចេះលត់ដំខ្លួនដែរ។ (ដា. ៦:១០) ទោះបើអ្នកតែងតែរវល់យ៉ាងណាក៏ដោយ តើអ្នកនៅតែឆ្លៀតពេលជារៀងរាល់ថ្ងៃដើម្បីរំពឹងគិតអំពីគុណសម្បត្ដិដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាឬទេ?—ទំនុក. ១១៩:១៤៧, ១៤៨; ១៤៣:៥
៤ ការអធិស្ឋានចេញពីចិត្តក៏ជាផ្នែកសំខាន់នៃការសិក្សាផ្ទាល់ខ្លួនដែលផ្ដល់ប្រយោជន៍។ យើងត្រូវការវិញ្ញាណបរិសុទ្ធរបស់ព្រះ ទើបសេចក្ដីពិតក្នុងព្រះគម្ពីរនឹងជំរុញទឹកចិត្តរបស់យើងឲ្យ«បំរើព្រះ . . . ទាំងមានចិត្តគោរពប្រតិបត្ដិហើយកោតខ្លាចដល់ទ្រង់»។ (ហេ. ១២:២៨) ដូច្នេះ ពេលយើងចាប់ផ្ដើមសិក្សាជារៀងរាល់ដងគួរអធិស្ឋានអង្វរសុំព្រះយេហូវ៉ាប្រទានវិញ្ញាណរបស់ទ្រង់។ (ម៉ាថ. ៥:៣) ពេលដែលយើងជញ្ជឹងគិតអំពីបទគម្ពីរនិងប្រើប្រកាសនវត្ថុជាជំនួយសិក្សាដែលអង្គការរបស់ព្រះយេហូវ៉ាផ្គត់ផ្គង់ នោះយើងឲ្យព្រះយេហូវ៉ាមានឥទ្ធិពលមកលើចិត្តរបស់យើង។ (ទំនុក. ៦២:៨) ការសិក្សាបែបនេះជាការថ្វាយបង្គំ ដែលបង្ហាញពីភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ា និងក៏ជាវិធីពង្រឹងចំណងមិត្តភាពជាមួយនឹងទ្រង់។—យូ. ២០, ២១
៥ ចំណងមិត្តភាពដែលយើងមានជាមួយនឹងព្រះយេហូវ៉ាក៏ដូចជាចំណងមិត្តភាពឯទៀតដែរ ដ្បិតយើងត្រូវពង្រឹងចំណងមិត្តភាពជាមួយទ្រង់ជានិច្ច ទើបចំណងនោះនឹងកាន់តែជិតស្និទ្ធទៅៗពេញមួយជីវិតយើង។ ហេតុនេះ ចូរយើងឆ្លៀតពេលជារៀងរាល់ថ្ងៃដើម្បីចូលទៅជិតព្រះ ដោយដឹងថាទ្រង់នឹងចូលមកជិតយើងវិញដែរ។—ទំនុក. ១:២, ៣; អេភ. ៥:១៥, ១៦
[Study Questions]
១. តើបងស្រីម្នាក់បានទទួលស្គាល់អ្វីអំពីសកម្មភាពខាងវិញ្ញាណរបស់គាត់?
២. ហេតុអ្វីគឺសំខាន់ដែលយើងបង្កើតឲ្យមានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា?
៣. ដើម្បីចូលទៅជិតព្រះ តើយើងត្រូវសិក្សាយ៉ាងដូចម្ដេច?
៤. តើសេចក្ដីអធិស្ឋានក្នុងពេលសិក្សាផ្ទាល់ខ្លួនជួយយើងបង្កើតឲ្យមានភាពស្និទ្ធស្នាលជាមួយនឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៥. ហេតុអ្វីគឺជាការសំខាន់ដែលយើងរំពឹងគិតអំពីព្រះបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃ?